បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 ទំ. ៧២៨-៧៣០
  • ៨ «ហ្គេហេណា» ជាតំណាងការបំផ្លាញឲ្យសាបសូន្យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ៨ «ហ្គេហេណា» ជាតំណាងការបំផ្លាញឲ្យសាបសូន្យ
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
៨ «ហ្គេហេណា» ជាតំណាងការបំផ្លាញឲ្យសាបសូន្យ

៨ ​«​ហ្គេហេណា​»​ ជា​តំណាង​ការ​បំផ្លាញ​ឲ្យ​សាប​សូន្យ

ភាសា​ក្រិច γέεννα (​ហ្គេអេណា​) ភាសា​ឡាតាំង ge·henʹna (​ហ្គេហេណា​) ភាសា​ហេប្រឺ גי הנם (​ហ្គេហ៊ីណុំ ​«​ជ្រលង​ភ្នំ​ហ៊ីណុំ​»​) ​«​នរក​»​មិន​មែន​ជា​ការ​បក​ប្រែ​ត្រឹម​ត្រូវ

ហ្គេហេណា​មាន​ន័យ​ថា​«​ជ្រលង​ភ្នំ​ហ៊ីណុំ​»​ ព្រោះ​ពាក្យ​នោះ​ជា​ភាសា​ក្រិច​ដែល​បក​ប្រែ​ពី​ពាក្យ​ភាសា​ហេប្រឺ ហ្គេហ៊ីណុំ។ នៅ​យ៉ូស្វេ ១៨:១៦ ដែល​មាន​ពាក្យ​«​ច្រក​ភ្នំ​ហ៊ីណុំ​»​ សេបធួជីន​មាន​ពាក្យ​«​ហ្គេហេណា​»។ ពាក្យ​នេះ​មាន​១២​ដង​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ហើយ​មាន​ជា​លើក​ដំបូង​នៅ​ម៉ាថាយ ៥:២២។ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី បក​ប្រែ​ពាក្យ​នេះ​ថា​«​ជ្រលង​ភ្នំ​ហ៊ីណុំ​»​ នៅ​គ្រប់​កន្លែង​ទាំង​អស់ ពោល​គឺ​នៅ ម៉ាថាយ ៥:២២, ២៩, ៣០; ១០:២៨; ១៨:៩; ២៣:១៥, ៣៣; ម៉ាកុស ៩:៤៣, ៤៥, ៤៧; លូកា ១២:៥; យ៉ាកុប ៣:៦។

ជ្រលង​ភ្នំ​ហ៊ីណុំ​ស្ថិត​នៅ​ខាង​លិច​ឆៀង​ខាង​ត្បូង​ក្រុង​យេរូសាឡិម​នៅ​សម័យ​បុរាណ (​យ៉ូស្វេ ១៥:៨; ១៨:១៦; យេរេមា ១៩:២, ៦​) ក្នុង​រជ្ជកាល​ស្តេច​ស្រុក​យូដា​នៅ​សម័យ​ក្រោយ​ៗ​មក ជ្រលង​ភ្នំ​នោះ​បាន​ត្រូវ​គេ​ប្រើ​ជា​កន្លែង​គោរព​បូជា​រូប​ព្រះ​ម៉ូឡិច​ដែល​ជា​ព្រះ​របស់​ជន​ជាតិ​ដទៃ ដោយ​ដុត​មនុស្ស​ធ្វើ​ជា​គ្រឿង​បូជា។ (​របាក្សត្រទី២ ២៨:៣; ៣៣:៦; យេរេមា ៧:៣១, ៣២; ៣២:៣៥​) ដើម្បី​ការពារ​កុំ​ឲ្យ​គេ​ប្រើ​កន្លែង​នោះ​សម្រាប់​ការ​គោរព​បូជា​បែប​នេះ​ម្ដង​ទៀត យ៉ូសៀស​ជា​ស្តេច​ដ៏​ស្មោះ​ត្រង់​បាន​ធ្វើ​ឲ្យ​ជ្រលង​នោះ​ទៅ​ជា​កន្លែង​ស្មោកគ្រោក ជា​ពិសេស​កន្លែង​ដែល​ហៅ​ថា​តូផែត។—ពង្សាវតារ​ក្សត្រ​ទី​២ ២៣:១០

អ្នក​អត្ថាធិប្បាយ​ជន​ជាតិ​យូដា​ម្នាក់​ឈ្មោះ​ដាវីឌ គឹមហ៊ី (​១១៦០?-​១២៣៥?​) បាន​បញ្ចេញ​យោបល់​បញ្ជាក់​អំពី​ប្រវត្ដិ​នៃ​«​ហ្គេហ៊ីណុំ​»​ ពេល​ដែល​គាត់​ពន្យល់​អំពី​ទំនុក​តម្កើង ២៧:១៣ ថា​៖ ​«​ទី​នោះ​ជា​កន្លែង​មួយ​ដែល​នៅ​ជាប់​នឹង​ក្រុង​យេរូសាឡិម ជា​កន្លែង​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​ដែល​ពួក​គេ​ចោល​វត្ថុ​ស្មោកគ្រោក​និង​សាកសព។ ម្យ៉ាង​ទៀត មាន​ភ្លើង​ឆេះ​រហូត សម្រាប់​ដុត​វត្ថុ​ស្មោកគ្រោក​ផ្សេង​ៗ​និង​ឆ្អឹង​សាកសព។ ហេតុ​នេះ ទោស​របស់​មនុស្ស​ទុច្ចរិត​បាន​ត្រូវ​ហៅ​ជា​ន័យ​ធៀប​ថា​ហ្គេហ៊ីណុំ​»។

ជ្រលង​ភ្នំ​ហ៊ីណុំ​បាន​ក្លាយ​ទៅ​ជា​កន្លែង​ចាក់​សំរាម​និង​ជា​កន្លែង​សម្រាប់​ដុត​វត្ថុ​កខ្វក់​របស់​ក្រុង​យេរូសាឡិម។ គេ​បោះ​ខ្មោច​សត្វ​ទៅ​កន្លែង​នោះ​ដើម្បី​ឲ្យ​ភ្លើង​ឆេះ ក៏​បាន​បន្ថែម​ស្ពាន់ធ័រ​ដើម្បី​ធ្វើ​ឲ្យ​ឆេះ​សុស​ល្អ។ សាកសព​ជន​ឧក្រិដ្ឋ​ដែល​ត្រូវ​គេ​ប្រហារ​ជីវិត ហើយ​ដែល​គេ​ចាត់​ទុក​ថា​មិន​សម​នឹង​ទទួល​ការ​បញ្ចុះ​ដ៏​សមរម្យ​ក្នុង​ទី​បញ្ចុះ​សព ក៏​បាន​ត្រូវ​បោះ​ទៅ​កន្លែង​នោះ​ដែរ។ ប្រសិនបើ​សាកសព​ទាំង​នេះ​ធ្លាក់​ទៅ​ក្នុង​ភ្លើង នោះ​នឹង​ត្រូវ​ឆេះ​អស់ តែ​បើ​ធ្លាក់​ទៅ​លើ​កន្លែង​លយ​ចេញ​នៃ​ជ្រលង​ដ៏​ជ្រៅ​នោះ វា​នឹង​រលួយ ហើយ​មាន​ដង្កូវ​ចុះ​កក្អៀច​ដែល​មិន​ចេះ​ងាប់ រហូត​ដល់​បាន​ស៊ី​សាកសព​នោះ​អស់​សល់​តែ​ឆ្អឹង។ ដូច្នេះ គេ​ចាត់​ទុក​ការ​បោះ​សាកសព​របស់​អ្នក​ណា​ម្នាក់​ទៅ​ក្នុង​ហ្គេហេណា ថា​ជា​របៀប​ដាក់​ទោស​ដ៏​អាក្រក់​បំផុត។ ​«​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ​»​ជា​និមិត្ត​រូប​មួយ​ដែល​មាន​មូលដ្ឋាន​លើ​កន្លែង​ហ្គេហេណា​មែនទែន​និង​អត្ថន័យ​របស់​វា។—ការ​បើក​បង្ហាញ ១៩:២០; ២០:១០, ១៤, ១៥; ២១:៨

គេ​មិន​បោះ​សត្វ ឬ​មនុស្ស​នៅ​រស់​ទៅ​ក្នុង​ហ្គេហេណា​ដើម្បី​ឲ្យ​ភ្លើង​ឆេះ​ទាំង​រស់​ឬ​ឲ្យ​ទទួល​ទារុណកម្ម​ទេ។ ហេតុ​នេះ កន្លែង​នោះ​មិន​អាច​ជា​និមិត្តរូប​នៃ​ស្ថាន​មួយ​ដែល​មនុស្ស​មើល​មិន​ឃើញ ហើយ​ដែល​ព្រលឹង​មនុស្ស​ត្រូវ​ទទួល​ទារុណកម្ម​ជា​រៀង​រហូត​ក្នុង​ភ្លើង​មែនទែន ឬ​ត្រូវ​ដង្កូវ​ដែល​មិន​ចេះ​ងាប់​រុក​ជា​រៀង​រហូត​ទេ។ ដោយ​សារ​សាកសព​ឧក្រិដ្ឋជន​ដែល​គេ​ប្រហារ​ជីវិត​មិន​បាន​ត្រូវ​បញ្ចុះ​ឲ្យ​បាន​សមរម្យ​ក្នុង​ទី​បញ្ចុះ​សព​សម្រាប់​ជា​ទី​រំលឹក​ដែល​ជា​និមិត្តរូប​ថា អ្នក​នោះ​មាន​សេចក្ដី​សង្ឃឹម​ទទួល​ការ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ប្រើ​ពាក្យ​ហ្គេហេណា​ជា​តំណាង​ការ​បំផ្លាញ​ចោល​ដើម្បី​កុំ​ឲ្យ​មាន​ជា​រៀង​រហូត ការ​បំផ្លាញ​ឲ្យ​សាប​សូន្យ​ពី​សកលលោក​របស់​ព្រះ ឬ​«​សេចក្ដី​ស្លាប់​ទី​ពីរ​»​ ជា​ទោសទណ្ឌ​កម្ម​ដែល​នៅ​ជាប់​ជា​រៀង​រហូត។

អ្វី​ៗ​ទាំង​អស់​នេះ​គឺ​សម​ស្រប​នឹង​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​សេចក្ដី​យុត្ដិធម៌​និង​សេចក្ដី​ស្រឡាញ់។—សូម​ពិនិត្យ​បន្ថែម និក្ខមនំ ៣៤:៦, ៧; យ៉ូហានទី១ ៤:៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក