៩ ពាក្យ«សញ្ញាចាស់»និង«សញ្ញាថ្មី»
សព្វថ្ងៃនេះ គេនិយមហៅបទគម្ពីរដែលបានសរសេរជាភាសាហេប្រឺនិងភាសាអារ៉ាមថា«សញ្ញាចាស់»។ គំនិតនេះមានមូលដ្ឋានទៅលើបទគម្ពីរនៅកូរិនថូសទី២ ៣:១៤ ក្នុងគម្ពីរបរិសុទ្ធតាមការបកប្រែរបស់សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ (KHOV)។ ខនោះចែងថា៖ «តែចិត្តគេបានរឹងទទឹងវិញ ដ្បិតដរាបដល់ឥឡូវនេះ កាលបើគេមើលក្នុងសញ្ញាចាស់ នោះនៅតែមានស្បៃដដែល ឥតបកចេញឡើយដែលស្បៃនោះត្រូវតែសូន្យបាត់ទៅក្នុងព្រះគ្រីស្ទ»។
ប៉ុន្តែនៅខនេះ សាវ័កប៉ូលមិនសំដៅទៅលើបទគម្ពីរទាំងអស់ដែលបានសរសេរជាភាសាហេប្រឺនិងភាសាអារ៉ាមទេ។ ហើយគាត់ក៏មិនមានន័យថា អ្វីៗដែលគ្រិស្តសាសនិកបានសរសេរក្រោមការដឹកនាំរបស់ព្រះជា«សញ្ញាថ្មី»ដែរ។ សាវ័កប៉ូលសំដៅទៅលើសញ្ញាចាស់ខាងច្បាប់ ឬកិច្ចព្រមព្រៀងចាស់ខាងច្បាប់ ជាអ្វីដែលលោកម៉ូសេបានកត់ទុកក្នុងសៀវភៅលោកុប្បត្ដិដល់សៀវភៅចោទិយកថា។ សៀវភៅទាំងប៉ុន្មាននេះគ្រាន់តែជាផ្នែកមួយនៃបទគម្ពីរដែលបានសរសេរមុនសម័យពួកគ្រិស្តសាសនិកប៉ុណ្ណោះ។ ហេតុនេះ នៅខជាបន្ទាប់នោះគាត់សរសេរថា«កាលណាគេមើលគម្ពីរលោកម៉ូសេ»។
ដូច្នេះ គ្មានមូលដ្ឋានត្រឹមត្រូវឲ្យយើងហៅបទគម្ពីរដែលពីដើមបានសរសេរជាភាសាហេប្រឺនិងភាសាអារ៉ាមថាជា«សញ្ញាចាស់» ហើយហៅបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចថាជា«សញ្ញាថ្មី»ទេ។ លោកយេស៊ូគ្រិស្តក៏បានហៅអ្វីៗទាំងអស់ដ៏ពិសិដ្ឋដែលបានត្រូវសរសេរនោះថា«បទគម្ពីរ»។ (ម៉ាថាយ ២១:៤២; ម៉ាកុស ១៤:៤៩; យ៉ូហាន ៥:៣៩) សាវ័កប៉ូលបាននិយាយអំពីអ្វីៗទាំងនោះថាជា«បទគម្ពីរបរិសុទ្ធ» «បទគម្ពីរ» ហើយ«សៀវភៅបរិសុទ្ធ»។ (រ៉ូម ១:២; ១៥:៤; ធីម៉ូថេទី២ ៣:១៥) ដូច្នេះ មានមូលហេតុត្រឹមត្រូវឲ្យយើងហៅដោយប្រើឈ្មោះសមជាង គឺ«បទគម្ពីរភាសាហេប្រឺ» និង«បទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច»។