សូមរៀនពីបណ្ដាំរបស់ព្រះ
ហេតុអ្វីយើងគួរប្រើនាមរបស់ព្រះ?
អត្ថបទនេះឆ្លើយសំណួរមួយចំនួនដែលលោកអ្នកប្រហែលជាធ្លាប់លើកឡើង ហើយបង្ហាញ ចម្លើយដែលលោកអ្នកអាចអានពីគម្ពីររបស់លោកអ្នក។ សាក្សីព្រះយេហូវ៉ានឹងរីករាយពិភាក្សា ចម្លើយទាំងនេះជាមួយនឹងលោកអ្នក។
១. ហេតុអ្វីព្រះមាននាម?
លោកអ្នកប្រាកដជាចង់ឲ្យគេហៅឈ្មោះផ្ទាល់របស់ខ្លួនជាជាងឲ្យគេហៅថា «អ្នក» «លោក» «លោកស្រី» ឬ«នាង»។ នាមឬឈ្មោះជួយសម្គាល់បុគ្គលម្នាក់ៗ។ មនុស្សក៏បានហៅព្រះថា «ព្រះអម្ចាស់» «ព្រះដ៏មានគ្រប់ព្រះចេស្ដា» និង‹ព្រះដ៏ជាអ្នកបង្កើត›ដែរ។ (លោកុប្បត្តិ ១៥:២; ១៧:១; សាស្ដា ១២:១) ប៉ុន្តែលោកមាននាមផ្ទាល់របស់លោកដើម្បីជួយយើងឲ្យមានចំណងមិត្តភាពជាមួយលោក។ ក្នុងភាសាខ្មែរ នាមរបស់ព្រះគឺ យេហូវ៉ា។—សូមអាន អេសាយ ៤២:៨
ទោះជាអ្នកបកប្រែគម្ពីរជាច្រើនបានដកនាមរបស់ព្រះចេញ ហើយបានដាក់ជំនួសវិញដោយពាក្យ «ព្រះ» និង«ព្រះជាម្ចាស់»ក៏ដោយ តែក្នុងឯកសារដើមនៃបទគម្ពីរភាសាហេប្រឺ មាននាមរបស់ព្រះជិត៧.០០០ដង។ នេះបង្ហាញយ៉ាងច្បាស់ថា ព្រះចង់ឲ្យមនុស្សស្គាល់នាមរបស់លោក។—សូមអាន អេសាយ ១២:៤
២. ហេតុអ្វីការស្គាល់នាមរបស់ព្រះគឺសំខាន់?
ការស្គាល់នាមរបស់ព្រះមានអត្ថន័យច្រើនជាងការដែលគ្រាន់តែហៅនាមរបស់លោកប៉ុណ្ណោះ។ ការស្គាល់នាមរបស់ព្រះមានន័យថា យើងមានចំណងមិត្តភាពជិតស្និទ្ធជាមួយលោក។ នាមយេហូវ៉ាមានន័យថា «លោកដែលធ្វើឲ្យក្លាយជា»។ នាមយេហូវ៉ាផ្ដល់ការធានាដល់យើងថា ព្រះនឹងក្លាយទៅជាអ្វីដែលលោកត្រូវការដើម្បីសម្រេចគោលបំណងរបស់លោក។ ដូច្នេះ បើយើងស្គាល់នាមរបស់ព្រះ នោះយើងមានជំនឿថា លោកនឹងសម្រេចសេចក្ដីសន្យារបស់លោក។ (ទំនុកតម្កើង ៩:១០) ជំនឿនេះជំរុញអស់អ្នកដែលស្គាល់និងប្រើនាមរបស់ព្រះឲ្យទុកចិត្តទៅលើលោក និងចាត់ទុកលោកជាបុគ្គលសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។ ព្រះយេហូវ៉ានឹងការពារមនុស្សបែបនោះ។—សូមអាន ទំនុកតម្កើង ៩១:១៤
៣. ហេតុអ្វីព្រះចង់ឲ្យយើងស្គាល់នាមរបស់លោក?
ដោយសារការស្គាល់នាមរបស់ព្រះនាំឲ្យមនុស្សទទួលប្រយោជន៍ ហេតុនេះព្រះចង់ឲ្យយើងស្គាល់នាមរបស់លោក។ ការស្គាល់នាមរបស់ព្រះជួយមនុស្សឲ្យក្លាយជាមិត្តសម្លាញ់របស់លោក និងជួយពួកគេឲ្យមានសង្ឃឹមរស់ជារៀងរហូត។ ហេតុនេះហើយបានជាព្រះយេហូវ៉ាចង់ឲ្យយើងស្គាល់នាមរបស់លោក!—សូមអាន យ៉ូហាន ១៧:៣; រ៉ូម ១០:១៣, ១៤
លោកយេស៊ូបានបង្ហាញឲ្យមនុស្សស្គាល់នាមរបស់ព្រះ ដោយបង្រៀនពួកគេអំពីសេចក្ដីសន្យា ច្បាប់ និងផ្លូវរបស់ព្រះ។ សព្វថ្ងៃនេះ ពួកអ្នកកាន់តាមលោកយេស៊ូបន្តផ្សព្វផ្សាយដើម្បីឲ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់នាមរបស់ព្រះ។ ពួកគេធ្វើដូច្នេះដោយរួមគ្នាធ្វើជា«រាស្ត្រមួយជាតំណាងនាមរបស់[ព្រះ]»។—សូមអាន សកម្មភាព ១៥:១៤; យ៉ូហាន ១៧:២៦
៤. តើព្រះនឹងលើកតម្កើងនាមរបស់លោកយ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាចង់លើកតម្កើងនាមរបស់លោក ដោយសារមានអ្នកដែលបង្កាច់បង្ខូចនាមលោក។ ជាឧទាហរណ៍ មនុស្សខ្លះនិយាយថាលោកមិនបានបង្កើតជីវិតទាំងឡាយទេ ហើយថាយើងមិនចាំបាច់ស្ដាប់បង្គាប់លោកឡើយ។ មនុស្សខ្លះទៀតនិយាយថា លោកមិនយកចិត្តទុកដាក់នឹងយើងទេ ហើយថាលោកជាអ្នកដែលបណ្ដាលឲ្យយើងមានទុក្ខវេទនា។ មនុស្សដែលនិយាយបែបនេះកំពុងបង្កាច់បង្ខូចនាមរបស់ព្រះ។ ប៉ុន្តែ ពួកគេនឹងមិននិយាយបែបនេះរហូតឡើយ។ ព្រះនឹងបំផ្លាញពួកអ្នកដែលបង្អាប់នាមរបស់លោក។—សូមអាន ទំនុកតម្កើង ៨៣:១៧, ១៨
ព្រះយេហូវ៉ានឹងលើកតម្កើងនាមរបស់លោក ពេលដែលរាជាណាចក្ររបស់លោកបំផ្លាញការគ្រប់គ្រងទាំងអស់របស់មនុស្ស ហើយឲ្យមនុស្សរស់នៅដោយមានសេចក្ដីសុខសាន្តនិងមានសុវត្ថិភាពឡើងវិញ។ (ដានីយ៉ែល ២:៤៤) នៅពេលបន្ដិចទៀត មនុស្សគ្រប់រូបត្រូវតែដឹងថា ព្រះយេហូវ៉ាជាព្រះពិតតែមួយ។—សូមអាន អេសេគាល ៣៦:២៣; ម៉ាថាយ ៦:៩
តើលោកអ្នកត្រូវធ្វើយ៉ាងណា? សូមចូលទៅជិតព្រះដោយរៀនបណ្ដាំរបស់លោក ហើយចូលរួមជាមួយមនុស្សដែលស្រឡាញ់លោក។ ពេលដែលព្រះយេហូវ៉ាលើកតម្កើងនាមរបស់លោក លោកនឹងចាំអំពីអ្នកបម្រើដ៏ស្មោះត្រង់របស់លោក។—ម៉ាឡាគី ៣:១៦
ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលជំពូកទី១នៃសៀវភៅនេះ តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបានត្រូវបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ១៦]
នាមរបស់ព្រះនៅក្នុងឯកសារដើម ជាភាសាហេប្រឺ