បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៧ ទំ. ២៧-៣១
  • សប្បាយនឹងបម្រើព្រះយេហូវ៉ាទោះជានៅទីណាក៏ដោយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សប្បាយនឹងបម្រើព្រះយេហូវ៉ាទោះជានៅទីណាក៏ដោយ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពី​ជនបទ​មក​ទី​ក្រុង
  • បម្រើ​ព្រះ​ជា​ប្ដី​ប្រពន្ធ
  • ការ​លំបាក​យ៉ាង​ខ្លាំង​មួយ និង​ពរ​ដ៏​វិសេស​មួយ​ពី​ព្រះ
  • យើង​ដឹង​គុណ​ព្រះ​ចំពោះ​ឯកសិទ្ធិ​ទាំង​អស់​ក្នុង​កិច្ច​បម្រើ
  • ព្រះ​យេហូវ៉ា​ជ្រាប​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ
  • ព្រះយេហូវ៉ាបានបង្រៀនខ្ញុំឲ្យធ្វើតាមបំណងប្រាថ្នារបស់លោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ការធ្វើ«ដូចមនុស្សគ្រប់ប្រភេទ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ហេតុអ្វីក៏យើងគ្រប់រូបគួរសរសើរព្រះ?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៧ ទំ. ២៧-៣១

ជីវប្រវត្ដិ

សប្បាយ​នឹង​បម្រើ​ព្រះ​យេហូវ៉ា​ទោះ​ជា​នៅ​ទី​ណា​ក៏​ដោយ

រៀប​រាប់​ដោយ ម៉ាគូស​និង​យ៉ាននី ហាតលីហ្វ

ម៉ាគូស​និយាយ​ថា ខ្ញុំ​មិន​ធ្លាប់​ផ្សព្វ​ផ្សាយ​ម្នាក់​ឯង​ទេពី​មុន​មក។ រាល់​លើក​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់​រហូត​ដល់​ញ័រ​ជើង​ពេល​ខ្ញុំ​ចេញ​ទៅ​ផ្សព្វ​ផ្សាយ។ អាក្រក់​ជាង​នេះ​ទៅ​ទៀត មនុស្ស​មិន​ចូល​ចិត្ត​ស្ដាប់​ដំណឹង​ល្អ​ទេ​នៅ​តំបន់​នេះ។ មនុស្ស​ខ្លះ​បង្ក​រឿង​យ៉ាង​ចំ​ៗ ហើយ​គំរាម​ថា​នឹង​វាយ​ខ្ញុំ​ទៀត​ផង។ ក្នុង​អំឡុង​ខែ​ដំបូង​ដែល​ខ្ញុំ​ផ្សព្វ​ផ្សាយ ខ្ញុំ​ផ្ដល់​បាន​តែ​កូន​សៀវភៅ​មួយ​ប៉ុណ្ណោះ!

រឿង​នោះ​បាន​កើត​ឡើង​ជាង​៦០​ឆ្នាំ​មុន គឺ​នៅ​ឆ្នាំ​១៩៤៩ ប៉ុន្តែ​ដំណើរ​រឿង​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​ជា​ច្រើន​ឆ្នាំ​មុន​នេះ។ ឪពុក​របស់​ខ្ញុំ​ឈ្មោះ​ហេ​នឌ្រី​ក ធ្វើ​ការ​ជា​ជាង​ធ្វើ​ស្បែក​ជើង និង​ជា​អ្នក​ថែ​សួន​នៅ​ដូន​ដឺរ៉េន ដែល​ជា​ភូមិ​តូច​មួយ​នៅ​ភាគ​ខាង​ជើង​ខេត្ត​ដ្រឺនទើ នៃ​ប្រទេស​ហូឡង់។ ខ្ញុំ​បាន​កើត​នៅ​ទី​នោះ​នៅ​ឆ្នាំ​១៩២៧ ហើយ​ជា​កូន​ទី​៤​ក្នុង​ចំណោម​បង​ប្អូន​៧​នាក់។ ផ្ទះ​យើង​ស្ថិត​នៅ​តាម​ផ្លូវលំ​មួយ​នៅ​ជនបទ។ អ្នក​ជិត​ខាង​របស់​យើង​ភាគ​ច្រើន​ជា​កសិករ ហើយ​ខ្ញុំ​ចូល​ចិត្ត​ជីវិត​ជា​កសិករ។ នៅ​ឆ្នាំ​១៩៤៧ ពេល​ខ្ញុំ​អាយុ​១៩​ឆ្នាំ ខ្ញុំ​បាន​ស្គាល់​សេចក្ដី​ពិត​តាម​រយៈ​អ្នក​ជិត​ខាង​ម្នាក់​របស់​យើង ឈ្មោះ​ធឺណឹស បាន។ ខ្ញុំ​ចាំ​ថា​ខ្ញុំ​មិន​ចូល​ចិត្ត​គាត់​ទេ ពេល​ខ្ញុំ​ជួប​គាត់​ដំបូង។ ប៉ុន្តែ​មិន​យូរ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ គាត់​បាន​ក្លាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ ហើយ​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា​គាត់​រួស​រាយ​រាក់​ទាក់​ជាង​ពី​មុន​ឆ្ងាយ​ណាស់។ ការ​ផ្លាស់​ប្ដូរ​បុគ្គលិក​លក្ខណៈ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដូច្នេះ​ខ្ញុំ​បាន​ស្ដាប់​គាត់ ពេល​គាត់​ប្រាប់​ខ្ញុំ​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​សួន​ឧទ្យាន​នៅ​លើ​ផែនដី។ ខ្ញុំ​បាន​ទទួល​សេចក្ដី​ពិត​យ៉ាង​ឆាប់​រហ័ស ហើយ​យើង​បាន​ក្លាយ​ជា​មិត្ត​ភក្ដិ​យូរ​អង្វែង។a

ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​នៅ​ខែ​ឧសភា ឆ្នាំ​១៩៤៨ ហើយ​មួយ​ខែ​ក្រោយ​មក គឺ​ថ្ងៃ​ទី​២០ ខែ​មិថុនា ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​មហាសន្និបាត​មួយ​នៅ​ក្រុង​យូត្រេក។ នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩៤៩ ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ខ្ញុំ​បាន​ត្រូវ​ចាត់​ទៅ​ក្រុង​បឃូឡូ​ដែល​នៅ​ប្រទេស​ហូឡង់​ភាគ​ខាង​កើត ដែល​មាន​ក្រុម​ជំនុំ​តូច​មួយ​នៅ​ទី​នោះ។ ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ប្រហែលជា​១៣០​គីឡូម៉ែត្រ (​៨០​ម៉ៃល៍​) ដើម្បី​ទៅ​ដល់​ទី​នោះ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​ថា​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់។ ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​នឹង​ចំណាយ​ពេល​ប្រហែលជា​៦​ម៉ោង ប៉ុន្តែ​ដោយ​សារ​ភ្លៀង​ខ្លាំង ហើយត្រូវ​ធ្វើ​ដំណើរ​បញ្ច្រាស​ខ្យល់ ខ្ញុំ​បាន​ចំណាយ​ពេល​១២​ម៉ោង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នៅ​ចម្ងាយ​ផ្លូវ​៩០​គីឡូម៉ែត្រ (​៥៥​ម៉ៃល៍​) ចុង​ក្រោយ ខ្ញុំ​បាន​ជិះ​រថភ្លើង! នៅ​ទី​បំផុត​ពេល​យប់​ជ្រៅ ខ្ញុំ​បាន​ទៅ​ដល់​គោលដៅ​របស់​ខ្ញុំ ពោល​គឺ​ផ្ទះ​ក្រុម​គ្រួសារ​របស់​សាក្សី​ម្នាក់​ដែល​ខ្ញុំ​បាន​ស្នាក់​នៅ​ជា​មួយ កាល​ដែល​ខ្ញុំ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​នៅ​តំបន់​នោះ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​សង្គ្រាម មនុស្ស​មាន​ទ្រព្យ​សម្បត្ដិ​តែ​បន្ដិច​បន្តួច​ទេ។ ខ្ញុំ​មាន​តែ​អាវ​ធំ​មួយ​និង​ខោ​ជើង​វែង​មួយ ប៉ុន្តែ​អាវ​នោះ​ធំ​ពេក ហើយ​ខោ​នោះ​ខ្លី​ណាស់! ដូច​ខ្ញុំ​បាន​រៀប​រាប់​នៅ​ពាក្យ​ផ្ដើម ក្នុង​ខែ​ដំបូង​នៅ​ភូមិ​បឃូឡូ ខ្ញុំ​មាន​ការ​ពិបាក ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ពរ​ដល់​ខ្ញុំ​ដោយ​ឲ្យ​ខ្ញុំ​មាន​ការ​សិក្សា​គម្ពីរ​មួយ​ចំនួន។ ប្រាំបួន​ខែ​ក្រោយ​មក ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​រដ្ឋធានី​អាមស្ទើដាម។

ពី​ជនបទ​មក​ទី​ក្រុង

ដោយ​ធ្លាប់​រស់​នៅ​តំបន់​កសិកម្ម ឥឡូវ​ខ្ញុំ​បាន​មក​រស់​នៅ​រដ្ឋធានី​អាមស្ទើដាម​ដែល​ជា​ក្រុង​ធំ​បំផុត​នៃ​ប្រទេស​ហូឡង់។ កិច្ច​បម្រើ​ផ្សាយ​គឺ​មាន​លទ្ធផល​ល្អ​ណាស់។ ក្នុង​ខែ​ដំបូង​ខ្ញុំ​បាន​ជូន​សៀវភៅ​ច្រើន​ជាង​៩​ខែ​មុន។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​មិន​តិច​ជាង​៨​ទេ។ បន្ទាប់​ពី​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​បម្រើ​ក្រុម​ជំនុំ (​ឥឡូវ​ហៅ​ថា​អ្នក​ចាត់​ចែង​កិច្ចការ​ពួក​អ្នក​ចាស់​ទុំ​) ខ្ញុំ​បាន​ទទួល​ភារកិច្ច​មួយ គឺ​ថ្លែង​សុន្ទរកថា​សាធារណៈ​ជា​លើក​ទី​១។ សម្រាប់​ខ្ញុំ នោះ​ជា​អ្វី​ដែល​ខ្ញុំ​ភ័យ​ខ្លាច ដូច្នេះ​ខ្ញុំ​បាន​ធូរ​ស្រាល​ក្នុង​ចិត្ត​ជា​ខ្លាំង​ដោយ​សារ​ខ្ញុំ​បាន​ត្រូវ​ផ្លាស់​ទៅ​ក្រុម​ជំនុំ​ថ្មី មុន​នឹង​ដល់​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​ថ្លែង​សុន្ទរកថា​នោះ។ នៅ​ពេល​នោះ ខ្ញុំ​មិន​គិត​ស្មានថា ខ្ញុំ​នឹង​ថ្លែង​សុន្ទរកថា​ជាង​៥.០០០​ក្នុង​ជីវិត​ខ្ញុំ​ទេ!

នៅ​ខែ​ឧសភា ឆ្នាំ​១៩៥០ ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ក្រុង​ហា​ឡឹម។ ក្រោយ​មក ខ្ញុំ​បាន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល។ ខ្ញុំ​ទទួល​ទាន​ដំណេក​មិន​លក់​អស់​បី​ថ្ងៃ។ ខ្ញុំ​បាន​ប្រាប់​បង​ប្រុស​រ៉ូបឺត វិញគ្លរ ដែល​ជា​បង​ប្រុស​ម្នាក់​ដែល​បម្រើ​នៅ​ការិយាល័យ​សាខា​ថា ខ្ញុំ​គ្មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​ទេ ប៉ុន្តែ​គាត់​បាន​និយាយ​ថា​៖ ​«​គ្រាន់តែ​បំពេញ​បែបបទ​ទៅ​បាន​ហើយ។ អ្នក​នឹង​រៀន​»។ មិន​យូរ​ក្រោយ​ពី​នោះ ខ្ញុំ​បាន​ទទួល​ការ​បង្ហាត់​អស់​មួយ​ខែ ហើយ​បាន​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​បម្រើ​ប្រចាំ​មណ្ឌល (​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​)។ ក្នុង​អំឡុង​ពេល​ខ្ញុំ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​មួយ ខ្ញុំ​បាន​ជួប​យ៉ាននី ថាតកឹន ដែល​ជា​អ្នក​ត្រួស​ត្រាយ​វ័យ​ក្មេង​ម្នាក់​ដែល​សប្បាយ​រីករាយ ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា និង​មាន​ស្មារតី​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន។ យើង​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៥៥។ ប៉ុន្តែ​មុន​នឹង​ខ្ញុំ​បន្ត​ដំណាល​រឿង​របស់​ខ្ញុំ យ៉ាននី​នឹង​ពន្យល់​ថា តាម​របៀប​ណា​នាង​បាន​ក្លាយ​ទៅ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​តាម​របៀប​ណា​យើង​បាន​បម្រើ​ជា​មួយ​គ្នា​ក្រោយ​ពី​យើង​បាន​រៀប​ការ។

បម្រើ​ព្រះ​ជា​ប្ដី​ប្រពន្ធ

យ៉ាននី: ម្ដាយ​របស់​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​សាក្សី​នៅ​ឆ្នាំ​១៩៤៥ ពេល​ដែល​ខ្ញុំ​មាន​អាយុ​១១​ឆ្នាំ។ គាត់​បាន​ដឹង​ភ្លាម​នូវ​សារ:សំខាន់​នៃ​ការ​សិក្សា​គម្ពីរ​ជា​មួយ​នឹង​កូន​បី​នាក់​របស់​គាត់ ប៉ុន្តែ​ឪពុក​ខ្ញុំ​បាន​ប្រឆាំង​សេចក្ដី​ពិត ដូច្នេះ​គាត់​បាន​បង្រៀន​យើង​ពេល​ឪពុក​ខ្ញុំ​មិន​នៅ​ផ្ទះ។

កិច្ច​ប្រជុំ​ទី​១​ដែល​ខ្ញុំ​បាន​ចូល​រួម គឺ​មហាសន្និបាត​នៅ​ក្រុង​ឡាអេ​នៅ​ឆ្នាំ​១៩៥០។ មួយ​សប្ដាហ៍​ក្រោយ​មក ខ្ញុំ​បាន​ចូល​រួម​កិច្ច​ប្រជុំ​ទី​១​របស់​ខ្ញុំ​នៅ​សាល​ប្រជុំ​នា​ក្រុង​អាសឹន​នៃ​ខេត្ត​ដ្រឺនទើ។ ឪពុក​ខ្ញុំ​បាន​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ។ ម្ដាយ​ខ្ញុំ​បាន​និយាយ​ថា​៖ ​«​កូន​ដឹង​ថា កូន​អាច​រស់​នៅ​កន្លែង​ណា​ហើយ​»។ ខ្ញុំ​បាន​ដឹង​ថា​គាត់​ចង់​សំដៅ​លើ​បង​ប្អូន​ប្រុស​ស្រី​រួម​ជំនឿ​របស់​ខ្ញុំ។ ខ្ញុំ​បាន​រើ​ទៅ​នៅ​ជា​មួយ​នឹង​គ្រួសារ​សាក្សី​មួយ​ដែល​នៅ​ជិត​នោះ ប៉ុន្តែ​ឪពុក​ខ្ញុំ​នៅ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​រស់​នៅ ដូច្នេះ​ខ្ញុំ​បាន​រើ​ទៅ​នៅក្នុង​សាល​ប្រជុំ​នា​ក្រុង​ដេវិនទើ​ក្នុង​ខេត្ត​អូវើរ៉េចសែល ដែល​មាន​ចម្ងាយ​៩៥​គីឡូម៉ែត្រ (​៦០​ម៉ៃល៍​) ពី​ផ្ទះ​របស់​ខ្ញុំ។ ប៉ុន្តែ ពេល​នោះ​ខ្ញុំ​មិន​ទាន់​គ្រប់​អាយុ ដូច្នេះ​ឪពុក​ខ្ញុំ​មាន​បញ្ហា​ជា​មួយ​នឹង​អាជ្ញាធរ ដោយ​សារ​គាត់​បាន​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ។ ជា​លទ្ធផល គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​អាច​ត្រឡប់​មក​ផ្ទះ​វិញ​បាន។ ទោះ​ជា​ឪពុក​ខ្ញុំ​មិន​ដែល​បាន​ទទួល​យក​សេចក្ដី​ពិត​ក៏​ដោយ នៅ​ទី​បំផុត គាត់​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់ ហើយ​ឲ្យ​ខ្ញុំ​ទៅ​ផ្សព្វ​ផ្សាយ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ម្ដាយ​ខ្ញុំ​បាន​ឈឺ​ធ្ងន់ ហើយ​ខ្ញុំ​ត្រូវ​ធ្វើ​កិច្ចការ​ផ្ទះ​ទាំង​អស់។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ខ្ញុំ​បាន​បន្ត​ជឿន​ទៅ​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៥១ ក្នុង​អាយុ​១៧​ឆ្នាំ។ នៅ​ឆ្នាំ​១៩៥២ ក្រោយ​ពី​ម្ដាយ​ខ្ញុំ​បាន​ជា​ពី​ជំងឺ ខ្ញុំ​បាន​បម្រើ​ជា​មួយ​នឹង​បង​ស្រី​ដែល​ជា​អ្នក​ត្រួស​ត្រាយ​បី​នាក់​អស់​ពីរ​ខែ ជា​អ្នក​ត្រួស​ត្រាយ​ពេល​វិស្សមកាល (​អ្នក​ត្រួស​ត្រាយ​ជំនួយ​)។ យើង​រស់​នៅ​លើ​ផ្ទះ​ទូក ហើយ​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​ពីរ​នា​ខេត្ត​ដ្រឺនទើ។ ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​នៅ​ឆ្នាំ​១៩៥៣។ មួយ​ឆ្នាំ​ក្រោយ​មក អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​វ័យ​ក្មេង​ម្នាក់​បាន​មក​លេង​ក្រុម​ជំនុំ​យើង។ គាត់​គឺ​ម៉ាគូស។ យើង​បាន​រៀប​ការ​នៅ​ខែ​ឧសភា ឆ្នាំ​១៩៥៥ កាល​ដែល​យើង​គិត​ថា ជា​ប្ដី​ប្រពន្ធ យើង​អាច​បម្រើ​ព្រះ​យេហូវ៉ា​បាន​ប្រសើរ​ជាង។—សាស្ដ. ៤:៩​-​១២

ម៉ាគូស: ក្រោយ​ពី​យើង​បាន​រៀប​ការ ដំបូង​យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ក្រុង​វីនដាម (​ក្រូនីញអឹម​)។ យើង​រស់​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ ដែល​មាន​ទំហំ​ប្រហែលជា​ពីរ​ទៅ​បី​ម៉ែត្រ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី យ៉ាននី​បាន​រៀបចំ​បន្ទប់​នោះ​យ៉ាង​ល្អ​និង​ស្រួល​រស់​នៅ។ រាល់​យប់ យើង​ត្រូវ​តែ​រើ​តុ​របស់​យើង​និង​កៅអី​តូច​ពីរ​ចេញ​ដើម្បី​អាច​ទម្លាក់​គ្រែ​ដែល​នៅ​ជាប់​នឹង​ជញ្ជាំង​ចុះ​មក​បាន។

ប្រាំមួយ​ខែ​ក្រោយ​មក យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​នៅ​ប្រទេស​បែលស៊ិច។ នៅ​ឆ្នាំ​១៩៥៥ មាន​អ្នក​ផ្សព្វ​ផ្សាយ​ប្រហែលជា​ត្រឹម​តែ​៤.០០០​នាក់​ប៉ុណ្ណោះ​នៅ​ប្រទេស​នេះ។ ឥឡូវ​ចំនួន​នេះ​បាន​កើន​ឡើង​៦​ដង! នៅ​តំបន់​ផ្លាន​ដឺ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​បែលស៊ិច មនុស្ស​និយាយ​ភាសា​ដូច​គ្នា​នឹង​ភាសា​នៅ​ប្រទេស​ហូឡង់​ដែរ។ ប៉ុន្តែ របៀប​ដែល​មនុស្ស​នៅ​ប្រទេស​បែលស៊ិច​និយាយ​ភាសា​នោះ​គឺ​ខុស​គ្នា​ទាំង​ស្រុង ដូច្នេះ​មុន​ដំបូង​យើង​ត្រូវ​យក​ឈ្នះ​ឧបសគ្គ​ខាង​ភាសា។

យ៉ាននី: ភារកិច្ច​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​តម្រូវ​ឲ្យ​មាន​ស្មារតី​លះ​បង់​ប្រយោជន៍​ខ្លួន​ខ្លាំង​ណាស់។ យើង​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ក្រុម​ជំនុំ​ផ្សេង​ៗ​ដោយ​ជិះ​កង់ ហើយ​ស្នាក់​នៅ​ផ្ទះ​របស់​បង​ប្អូន។ ដោយ​សារ​យើង​មិន​មាន​កន្លែង​ស្នាក់​នៅ​ផ្ទាល់​ខ្លួន​ពេល​ធ្វើ​ដំណើរ​ពី​ក្រុម​ជំនុំ​មួយ​ទៅ​ក្រុម​ជំនុំ​មួយ យើង​បាន​ស្នាក់​នៅ​ពេញ​មួយ​ថ្ងៃ​ច័ន្ទ ហើយ​ធ្វើ​ដំណើរ​ទៅ​ក្រុម​ជំនុំ​មួយ​ទៀត​នៅ​ថ្ងៃ​អង្គារ​ពេល​ព្រឹក។ ប៉ុន្តែ​យើង​តែង​តែ​ចាត់​ទុក​កិច្ច​បម្រើ​របស់​យើង​ជា​ពរ​មួយ​ពី​ព្រះ​យេហូវ៉ា។

ម៉ាគូស: មុន​ដំបូង​យើង​មិន​ស្គាល់​បង​ប្អូន​ម្នាក់​សោះ​ក្នុង​ក្រុម​ជំនុំ ប៉ុន្តែ​ពួក​គាត់​ពិត​ជា​មាន​ចិត្ត​សប្បុរស​ខ្លាំង​ណាស់ ហើយ​ទទួល​ស្វាគមន៍​យើង​យ៉ាង​រាក់​ទាក់។ (​ហេ. ១៣:២​) ក្នុង​អំឡុង​ឆ្នាំ​ដែល​យើង​បម្រើ​នៅ​ទី​នោះ យើង​បាន​ធ្វើ​ទស្សនកិច្ច​បី​បួន​ដង​នៅ​ក្រុម​ជំនុំ​ទាំង​អស់​ដែល​និយាយ​ភាសា​ហូឡង់​នៅ​ប្រទេស​បែលស៊ិច។ នេះ​នាំ​ឲ្យ​យើង​ទទួល​ពរ​ជា​ច្រើន។ ជា​ឧទាហរណ៍ យើង​បាន​ស្គាល់​បង​ប្អូន​ស្ទើរតែ​ទាំង​អស់​នៅ​តំបន់​ដែល​និយាយ​ភាសា​ហូឡង់ ហើយ​យើង​ស្រឡាញ់​ពួក​គាត់​ខ្លាំង​ណាស់។ យើង​បាន​ឃើញ​ប្អូន​ៗ​វ័យ​ក្មេង​រាប់​រយ​នាក់​បាន​ធំ​ពេញ​វ័យ ហើយ​រីក​ចម្រើន​ទៅ​រក​ភាព​ចាស់​ទុំ​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ ព្រម​ទាំង​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា និង​ចាត់​ទុក​កិច្ចការ​រាជាណាចក្រ​ព្រះ​ជា​អ្វី​ដែល​សំខាន់​ក្នុង​ជីវិត​របស់​ពួក​គេ។ ពេល​ឃើញ​ពួក​គេ​ជា​ច្រើន​នាក់​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល នេះ​ពិត​ជា​នាំ​ឲ្យ​មាន​អំណរ​មែន។ (​៣យ៉ូន. ៤​) ការ​«​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»​បែប​នេះ​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​បន្ត​បំពេញ​ភារកិច្ច​របស់​យើង​ដោយ​អស់ពី​សមត្ថភាព។—រ៉ូម ១:១២

ការ​លំបាក​យ៉ាង​ខ្លាំង​មួយ និង​ពរ​ដ៏​វិសេស​មួយ​ពី​ព្រះ

ម៉ាគូស: តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​រៀប​ការ យើង​មាន​បំណង​ប្រាថ្នា​ចង់​ចូល​សាលា​គី​លាត។ រាល់​ថ្ងៃ​យើង​រៀន​ភាសា​អង់គ្លេស​យ៉ាង​ហោច​ណាស់​មួយ​ម៉ោង។ ប៉ុន្តែ​ការ​រៀន​ភាសា​អង់គ្លេស​តាម​រយៈ​សៀវភៅ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ដូច្នេះ​ក្នុង​អំឡុង​ពេល​វិស្សមកាល យើង​បាន​សម្រេច​ចិត្ត​ថា​ទៅ​ប្រទេស​អង់គ្លេស ដើម្បី​ហាត់​និយាយ​ភាសា​អង់គ្លេស​ពេល​យើង​ផ្សព្វ​ផ្សាយ​នៅ​ទី​នោះ។ នៅ​ទី​បំផុត​នៅ​ឆ្នាំ​១៩៦៣ យើង​បាន​ទទួល​ស្រោម​សំបុត្រ​មួយ​ពី​មន្ទីរ​ចាត់​ការ​ពិភព​លោក​នៅ​ក្រុង​ប៊្រុគ្លីន។ ក្នុង​ស្រោម​សំបុត្រ​នោះ​មាន​សំបុត្រ​ពីរ មួយ​សម្រាប់​ខ្ញុំ មួយ​ទៀត​សម្រាប់​យ៉ាននី។ សំបុត្រ​របស់​ខ្ញុំ​គឺជា​ការ​អញ្ជើញ​ឲ្យ​ចូល​សាលា​គី​លាត​ដើម្បី​ទទួល​ការ​អប់រំ​ពិសេស​ដែល​មាន​រយៈ​ពេល​១០​ខែ។ សាលា​នេះ​ច្រើន​តែ​ផ្ដោត​ទៅ​លើ​ការ​បង្ហាត់​បង្រៀន​បង​ប្អូន និង​របៀប​ដំណើរ​ការ​របស់​អង្គការ​យើង។ ដូច្នេះ​ក្នុង​ចំណោម​សិស្ស​១០០​នាក់​ដែល​បាន​ត្រូវ​អញ្ជើញ មាន​៨២​នាក់​ជា​បង​ប្អូន​ប្រុស។

យ៉ាននី: ក្នុង​សំបុត្រ​ដែល​ខ្ញុំ​បាន​ទទួល​នៅ​ថ្ងៃ​នោះ បង​ប្អូន​បាន​សុំ​ខ្ញុំ​ឲ្យ​ពិចារណា​និង​អធិដ្ឋាន ថា​ខ្ញុំ​សុខ​ចិត្ត​រស់​នៅ​ប្រទេស​បែលស៊ិច​ក្នុង​អំឡុង​ពេល​ម៉ាគូស​ទៅ​សាលា​គី​លាត​ឬ​យ៉ាង​ណា។ ខ្ញុំ​សារភាព​ថា មុន​ដំបូង​ខ្ញុំ​បាន​ខក​ចិត្ត។ នេះ​មើល​ទៅ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​មិន​បាន​ផ្ដល់​ពរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​ខ្ញុំ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​បាន​រំលឹក​ខ្លួន​ខ្ញុំ​អំពី​គោល​បំណង​នៃ​សាលា​គី​លាត ពោល​គឺ​ដើម្បី​ជួយ​ពួក​អ្នក​ដែល​ចូល​សាលា​នោះ​ឲ្យ​បំពេញ​កិច្ចការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ទូ​ទាំង​ពិភព​លោក។ ដូច្នេះ​ខ្ញុំ​យល់​ព្រម​ស្នាក់​នៅ​ប្រទេស​បែលស៊ិច ហើយ​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ក្រុង​ហ្គិន​ប្រទេស​បែលស៊ិច​ជា​មួយ​បង​ស្រី​អាណា​និង​បង​ស្រី​ម៉ារីយ៉ា ខុលផឺត ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​ដែល​មាន​បទ​ពិសោធន៍។

ម៉ាគូស: ដោយ​សារ​ខ្ញុំ​ត្រូវ​តែ​ចេះ​និយាយ​ភាសា​អង់គ្លេស​ឲ្យ​បាន​ល្អ​ជាង ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ទៅ​ក្រុង​ប៊្រុគ្លីន​ប្រាំ​ខែ​មុន​នឹង​ចាប់​ផ្ដើម​ចូល​សាលា​គី​លាត។ ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ផ្នែក​ដឹក​ជញ្ជូន​និង​ផ្ញើ​សៀវភៅ​និង​ផ្នែក​កិច្ច​បម្រើ។ ការ​បម្រើ​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក និង​ការ​ជួយ​រៀបចំ​ដឹក​ជញ្ជូន​សៀវភៅ​ទៅ​ទ្វីប​អាស៊ី ទ្វីប​អឺរ៉ុប ទ្វីប​អាម៉េរិក​ខាង​ត្បូង ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ស្គាល់​បង​ប្អូន​រួម​ជំនឿ​នៅ​ទូ​ទាំង​ពិភព​លោក។ ជា​ពិសេស ខ្ញុំ​នៅ​ចាំ​អំពី​បង​ប្រុស​អាលេក្សានដឺ ម៉ាក់មីល្លិន​ដែល​គាត់​ធ្លាប់​ធ្វើ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​នៅ​ជំនាន់​បង​រ៉ាសិល។ នៅ​ពេល​នោះ គាត់​មាន​វ័យ​ចាស់ ហើយ​ថ្លង់​ទៀត ប៉ុន្តែ​គាត់​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់​របស់​ក្រុម​ជំនុំ​យ៉ាង​ទៀង​ទាត់។ គំរូ​របស់​គាត់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ខ្ញុំ ហើយ​បាន​ផ្ដល់​មេរៀន​ដល់​ខ្ញុំ​ថា យើង​គួរ​យល់​តម្លៃ​នៃ​ការ​សេពគប់​បង​ប្អូន​គ្រិស្ត​សាសនិក​របស់​យើង។—ហេ. ១០:២៤, ២៥

យ៉ាននី: ម៉ាគូស​និង​ខ្ញុំ​សរសេរ​សំបុត្រ​ទាក់​ទង​គ្នា​បី​បួន​ដង​ក្នុង​មួយ​សប្ដាហ៍។ យើង​នឹក​គ្នា​ខ្លាំង​ណាស់! ប៉ុន្តែ​ម៉ាគូស​ចូល​ចិត្ត​ការ​បង្ហាត់​បង្រៀន​ដែល​គាត់​បាន​ទទួល​នៅ​សាលា​គី​លាត ហើយ​ខ្ញុំ​មាន​អំណរ​ពិត​ប្រាកដ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ពេល​ដែល​ម៉ាគូស​ត្រឡប់​ពី​សហរដ្ឋអាម៉េរិក​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​១៧! យើង​បាន​បែក​គ្នា​អស់​១៥​ខែ នេះ​ពិត​ជា​ការ​ពិបាក​មួយ ប៉ុន្តែ​ខ្ញុំ​អាច​ឃើញ​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ចំពោះ​ការ​លះ​បង់​របស់​យើង។ នៅ​ថ្ងៃ​ដែល​ម៉ាគូស​ត្រឡប់​មក​វិញ យន្តហោះ​បាន​ពន្យារ​ពេល​បី​បួន​ម៉ោង ហេតុ​នេះ​ពេល​គាត់​បាន​មក​ដល់ យើង​បាន​ឱប​គ្នា ហើយ​យំ។ តាំង​ពី​ពេល​នោះ​មក យើង​មិន​ធ្លាប់​បែក​គ្នា​ទៀត​ឡើយ។

យើង​ដឹង​គុណ​ព្រះ​ចំពោះ​ឯកសិទ្ធិ​ទាំង​អស់​ក្នុង​កិច្ច​បម្រើ

ម៉ាគូស: ពេល​ខ្ញុំ​បាន​ត្រឡប់​ពី​សាលា​គី​លាត​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៦៤ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​បេតអែល។ ទោះ​ជា​នៅ​ពេល​នោះ​យើង​មិន​បាន​ដឹង​ថា យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​បេតអែល​ក៏​ដោយ នោះ​មិន​មែន​ជា​កន្លែង​ដែល​យើង​បម្រើ​ជា​អចិន្ត្រៃយ៍​ទេ។ គ្រាន់តែ​បី​ខែ​ក្រោយ​ប៉ុណ្ណោះ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​តំបន់​នៅ​តំបន់​ផ្លាន​ដឺ។ ពេល​ដែល​អែលសិន និង​អែល វីគើម៉ា បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​ជា​សាសនទូត​នៅ​បែលស៊ិច ពួក​គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​តំបន់ ហើយ​យើង​បាន​ត្រឡប់​ទៅ​បេតអែល​វិញ។ នៅ​ទី​នោះ​ខ្ញុំ​បាន​បម្រើ​ផ្នែក​កិច្ច​បម្រើ។ តាំង​ពី​ឆ្នាំ​១៩៦៨​ដល់​១៩៨០ ភារកិច្ច​របស់​យើង​បាន​ត្រូវ​ផ្លាស់​ប្ដូរ​បី​បួន​ដង ពី​កិច្ច​បម្រើ​នៅ​បេតអែល​ទៅ​ធ្វើ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។ នៅ​ទី​បំផុត ពី​ឆ្នាំ​១៩៨០​រហូត​ដល់​ឆ្នាំ​២០០៥ ខ្ញុំ​បាន​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​តំបន់​ម្ដង​ទៀត។

ទោះ​ជា​ភារកិច្ច​របស់​យើង​ច្រើន​តែ​ផ្លាស់​ប្ដូរ យើង​មិន​ដែល​ភ្លេច​នូវ​ហេតុ​ការណ៍​ពិត​ដែល​ថា យើង​បាន​ប្រគល់​ជីវិត​របស់​យើង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់ពី​ចិត្ត។ យើង​ពិត​ជា​ពេញ​ចិត្ត​នឹង​ភារកិច្ច​ទាំង​អស់​ដែល​យើង​បាន​ទទួល ដោយ​មាន​ទំនុក​ចិត្ត​ថា​គោល​បំណង​នៃ​ការ​ផ្លាស់​ប្ដូរ​កិច្ច​បម្រើ​របស់​យើង គឺ​ដើម្បី​ជួយ​ឲ្យ​កិច្ចការ​រាជាណាចក្រ​ជឿន​ទៅ​មុខ។

យ៉ាននី: ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង​ចំពោះ​ឯកសិទ្ធិ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ពេល​ទៅ​ប៊្រុគ្លីន​ជា​មួយ​ម៉ាគូស​នៅ​ឆ្នាំ​១៩៧៧​និង​ទៅ​ផាតឺសិន​នៅ​ឆ្នាំ​១៩៩៧ ពេល​គាត់​ទទួល​ការ​បង្ហាត់​បង្រៀន​បន្ថែម​ជា​សមាជិក​គណៈកម្មាធិការ​ការិយាល័យ​សាខា។

ព្រះ​យេហូវ៉ា​ជ្រាប​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ

ម៉ាគូស: នៅ​ឆ្នាំ​១៩៨២ យ៉ាននី​បាន​ទទួល​ការ​វះ​កាត់ ហើយ​បាន​ជា​ឡើង​វិញ។ បី​ឆ្នាំ​ក្រោយ​មក ក្រុម​ជំនុំ​នៅ​ក្រុង​លូរ៉ិន​មាន​ចិត្ត​សប្បុរស​ដោយ​បាន​ផ្ដល់​បន្ទប់​មួយ​ឲ្យ​យើង​ដែល​នៅ​ខាង​លើ​សាល​ប្រជុំ​របស់​ពួក​គេ។ នេះ​ជា​លើក​ទី​១​ហើយ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ ដែល​យើង​មាន​កន្លែង​ស្នាក់​នៅ​តូច​មួយ​ផ្ទាល់​ខ្លួន។ នៅ​ថ្ងៃ​អង្គារ ពេល​ដែល​យើង​រៀបចំ​អីវ៉ាន់​ដើម្បី​ចាប់​ផ្ដើម​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​មួយ ខ្ញុំ​ត្រូវ​ឡើង​ចុះ​កាំ​ជណ្ដើរ​៥៤​កាំ បី​បួន​ដង​ដើម្បី​យក​អីវ៉ាន់​របស់​យើង​ចុះ​មក​ក្រោម! ប៉ុន្តែ​យើង​សប្បាយ​ចិត្ត​ដោយ​សារ​នៅ​ឆ្នាំ​២០០២ មាន​ការ​រៀបចំ​ដើម្បី​ឲ្យ​យើង​អាច​មាន​បន្ទប់​ស្នាក់​នៅ​មួយ នៅ​ជាន់​ផ្ទាល់​ដី។ ក្រោយ​ពី​ខ្ញុំ​មាន​អាយុ​៧៨​ឆ្នាំ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ក្រុង​ឡូខេរ៉ិន។ យើង​សប្បាយ​រីករាយ​ណាស់​ដែល​យើង​អាច​បម្រើ​ព្រះ​តាម​របៀប​នេះ ហើយ​យើង​នៅ​តែ​អាច​ទៅ​ផ្សព្វ​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ។

​«​យើង​ជឿ​ជាក់​ថា ទោះ​ជា​យើង​ទៅ​បម្រើ​នៅ​កន្លែង​ណា​ក៏​ដោយ​ឬ​មាន​ភារកិច្ច​អ្វី​ក៏​ដោយ គឺ​មិន​សំខាន់​ទេ ប៉ុន្តែ​សំខាន់​គឺ​អ្នក​ដែល​យើង​បម្រើ​»

យ៉ាននី: បូក​បញ្ចូល​គ្នា យើង​ទាំង​ពីរ​នាក់​បាន​ចំណាយ​ពេល​ជាង​១២០​ឆ្នាំ​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល! យើង​បាន​ឃើញ​ដោយ​ផ្ទាល់​ថា​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា‹លោក​ប្រាកដជា​មិន​ចាក​ចេញ​ពី​យើង​ឡើយ› ហើយ​ថា​បើ​យើង​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់ យើង​នឹង​«​គ្មាន​ខ្វះ​ខាត​អ្វី​ឡើយ​»​ ជា​ពាក្យ​ពិត។—ហេ. ១៣:៥; ចោ. ២:៧

ម៉ាគូស: ពេល​យើង​នៅ​ក្មេង យើង​បាន​ប្រគល់​ខ្លួន​យើង​ជូន​ព្រះ​យេហូវ៉ា។ យើង​មិន​ដែល​ស្វែងរក​ការ​យ៉ាង​ធំ​សម្រាប់​ខ្លួន​យើង​ឡើយ។ យើង​បាន​សុខ​ចិត្ត​ទទួល​ភារកិច្ច​ទាំង​អស់​ដែល​បាន​ត្រូវ​ប្រគល់​ឲ្យ​យើង ដោយ​សារ​យើង​ជឿ​ជាក់​ថា ទោះ​ជា​យើង​ទៅ​បម្រើ​នៅ​កន្លែង​ណា​ក៏​ដោយ​ឬ​មាន​ភារកិច្ច​អ្វី​ក៏​ដោយ គឺ​មិន​សំខាន់​ទេ ប៉ុន្តែ​សំខាន់​គឺ​អ្នក​ដែល​យើង​បម្រើ។

a ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ឪពុក​ម្ដាយ​ខ្ញុំ បង​ស្រី​និង​ប្អូន​ប្រុស​ពីរ​នាក់​របស់​ខ្ញុំ​ក៏​បាន​ក្លាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក