បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/១០ ទំ. ១៧-២០
  • ការពឹងផ្អែកលើព្រះយេហូវ៉ានាំឲ្យទទួលពរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការពឹងផ្អែកលើព្រះយេហូវ៉ានាំឲ្យទទួលពរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​ការ​អប់រំ​នៅ​សាលា​គី​លាត
  • ឆ្នាំ​ដ៏​រំភើប​ចិត្ត​នៅ​បេតអែល
  • ការ​ផ្លាស់​ប្ដូរ​ដែល​យើង​បាន​ធ្វើ
  • មេរៀន​ដែល​យើង​បាន​រៀន
  • កិច្ចបម្រើពេញពេល បាននាំឲ្យខ្ញុំមានជីវិតបែបនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចាប់តោងជាយអាវសាសន៍យូដាម្នាក់អស់៧០ឆ្នាំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/១០ ទំ. ១៧-២០

ជីវប្រវត្ដិ

ការ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​ទទួល​ពរ

រៀប​រាប់​ដោយ ម៉ាលខឹម អាឡឹន

ជីវិត​អាច​លំបាក មិន​ទៀង ហើយ​ជួនកាល​យើង​មិន​ដឹង​ថា​អ្វី​នឹង​កើត​ឡើង​ទេ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​អ្នក​ដែល​ពឹង​ផ្អែក​លើ​លោក មិន​មែន​លើ​យោបល់​របស់​ខ្លួន​ទេ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ​បាន​ពិសោធ​ក្នុង​ជីវិត​ដ៏​វែង ហើយ​ដែល​មាន​ពរ​ជា​ច្រើន​របស់​យើង។ នេះ​ជា​រឿង​ខ្លះ​ក្នុង​ជីវិត​យើង។

ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ជួប​គ្នា​នៅ​ឆ្នាំ​១៩១៩ នៅ​មហាសន្និបាត​នៃ​និស្សិត​គម្ពីរ​អន្តរជាតិ នៅ​ក្រុង​ស៊ីដឺផូញ រដ្ឋ​អូហៃយ៉ូ សហរដ្ឋអាម៉េរិក។ ក្រោយ​មក​នៅ​ឆ្នាំ​នោះ​ពួក​គាត់​បាន​រៀប​ការ​ជា​មួយ​គ្នា។ ខ្ញុំ​បាន​កើត​នៅ​ឆ្នាំ​១៩២២ ហើយ​ប្អូន​ប្រុស​របស់​ខ្ញុំ​ឈ្មោះ​ប៉ូល​បាន​កើត​ពីរ​ឆ្នាំ​ក្រោយ​មក។ ប្រពន្ធ​ខ្ញុំ​ឈ្មោះ​ក្រេស​បាន​កើត​នៅ​ឆ្នាំ​១៩៣០។ ឪពុក​ម្ដាយ​របស់​នាង​ឈ្មោះ​រ៉យ​និង​រូថ ហោវអែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​ក្រុម​គ្រួសារ​ដែល​ជា​និស្សិត​គម្ពីរ ហើយ​ជីដូន​ជីតា​របស់​នាង​ក៏​ជា​និស្សិត​គម្ពីរ​ដែរ និង​ជា​មិត្ត​ភក្ដិ​របស់​បង​ឆាល ថេស រ៉ាសិល។

ខ្ញុំ​បាន​ជួប​ក្រេស​នៅ​ឆ្នាំ​១៩៤៧ ហើយ​យើង​បាន​រៀប​ការ​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​១៩៤៩។ មុន​យើង​រៀប​ការ យើង​បាន​ពិភាក្សា​យ៉ាង​ចំ​ៗ​អំពី​អនាគត​របស់​យើង។ យើង​បាន​សម្រេច​ចិត្ត​ផ្សព្វ​ផ្សាយ​ពេញ​ពេល​ជា​មួយ​គ្នា ហើយ​មិន​យក​កូន។ នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​១៩៥០ យើង​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ជា​មួយ​គ្នា។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៥២ យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល។

ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​ការ​អប់រំ​នៅ​សាលា​គី​លាត

យើង​ទាំង​ពីរ​នាក់​បាន​មាន​អារម្មណ៍​ថា​យើង​ត្រូវ​ការ​ជំនួយ​យ៉ាង​ច្រើន​ដើម្បី​សម្រេច​ភារកិច្ច​ថ្មី​នេះ។ ពេល​ខ្ញុំ​រៀន​ពី​បង​ប្រុស​ដែល​មាន​បទ​ពិសោធន៍ ខ្ញុំ​ក៏​ស្វែងរក​បង​ប្អូន​ដើម្បី​ជួយ​ក្រេស​ដែរ។ ខ្ញុំ​បាន​ទៅ​ជួប​បង​ម៉ាវ៉ឺន ហូលៀន​ដែល​ជា​មិត្ត​ភក្ដិ​ម្នាក់​របស់​ក្រុម​គ្រួសារ​ខ្ញុំ​ជា​យូរ​យារ​មក​ហើយ គាត់​មាន​បទ​ពិសោធន៍​ក្នុង​ការ​បម្រើ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ហើយ​ខ្ញុំ​បាន​សួរ​គាត់​ថា​៖ ​«​ក្រេស​នៅ​ក្មេង​ហើយ​មិន​សូវ​មាន​បទ​ពិសោធន៍​ទេ។ តើ​បង​អាច​ប្រាប់​ខ្ញុំ​នូវ​បង​ស្រី​ណា​ម្នាក់​ដែល​អាច​ផ្សព្វ​ផ្សាយ​ជា​មួយ​នាង​អស់​មួយ​រយៈ​ពេល ដើម្បី​បង្រៀន​នាង​ទេ?​»។ គាត់​បាន​ឆ្លើយ​ថា​៖ ​«​បាន។ អេតណា វីញខិល​គឺ​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​ដែល​មាន​បទ​ពិសោធន៍ គាត់​អាច​ជួយ​នាង​បាន​ច្រើន​»។ ក្រោយ​មក ក្រេស​បាន​និយាយ​អំពី​អេតណា​ថា​៖ ​«​គាត់​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ស្រួល​ពេល​ផ្សព្វ​ផ្សាយ។ គាត់​ដឹង​អំពី​របៀប​ឆ្លើយ​ពេល​គេ​និយាយ​ជំទាស់ ហើយ​គាត់​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់​អ្វី​ដែល​ម្ចាស់​ផ្ទះ​និយាយ ដើម្បី​ខ្ញុំ​ដឹង​ថា​ខ្ញុំ​គួរ​ឆ្លើយ​យ៉ាង​ណា។ គាត់​បាន​ផ្ដល់​ជំនួយ​ដែល​ខ្ញុំ​ពិត​ជា​ត្រូវ​ការ!​»។

ក្រេស​និង​ខ្ញុំ​បម្រើ​នៅ​មណ្ឌល​ពីរ នៅ​រដ្ឋ​អាយអូវ៉ា ដែល​រួម​បញ្ចូល​ផ្នែក​ខ្លះ​នៃ​រដ្ឋ​មីណេសូតា​និង​រដ្ឋ​សៅដាកូតា។ បន្ទាប់​មក​យើង​បាន​ត្រូវ​ប្ដូរ​ទៅ​មណ្ឌល​ទី​១​នៃ​ក្រុង​ញូវ​យ៉ក ដែល​រួម​បញ្ចូល​ផ្នែក​ខ្លះ​នៃ​ក្រុង​នេះ​គឺ​ក្រុង​ប៊្រុគ្លីន​និង​ឃ្វីន។ យើង​មិន​ដែល​ភ្លេច​អំពី​អារម្មណ៍​របស់​យើង​នៅ​ពេល​នោះថា យើង​មិន​សូវ​មាន​បទ​ពិសោធន៍​អំពី​ភារកិច្ច​នោះ​ទេ។ មណ្ឌល​នោះ​រួម​បញ្ចូល​ក្រុម​ជំនុំ​ប៊្រុគ្លីនហាយ ដែល​ប្រជុំ​គ្នា​នៅ​ក្នុង​សាល​ប្រជុំ​នៅ​បេតអែល ហើយ​មាន​សមាជិក​ជា​ច្រើន​នៃ​ក្រុម​គ្រួសារ​បេតអែល​ដែល​មាន​បទ​ពិសោធន៍។ ក្រោយ​ពី​ខ្ញុំ​បាន​ថ្លែង​សុន្ទរកថា​ជា​លើក​ទី​១​សម្រាប់​ក្រុម​ជំនុំ​នោះ បង​ណេថិន ន័រ​បាន​មក​ជិត​ខ្ញុំ ហើយ​និយាយ​ថា​៖ ​«​ម៉ាលខឹម ប្អូន​បាន​ផ្ដល់​ឱវាទ​ខ្លះ​ដើម្បី​ឲ្យ​យើង​រីក​ចម្រើន ហើយ​នេះ​ជា​អ្វី​ដែល​សមរម្យ។ កុំ​ភ្លេច​ថា ប្រសិនបើ​ប្អូន​មិន​ផ្ដល់​ឱវាទ​ដើម្បី​ជួយ​យើង​ដោយ​ចិត្ត​សប្បុរស ប្អូន​មាន​ប្រយោជន៍​តិច​ណាស់​ចំពោះ​អង្គការ​យើង។ ប្អូន​កំពុង​ធ្វើ​ល្អ​ហើយ សូម​បន្ត​ធ្វើ​ដូច្នេះ​»។ បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ ខ្ញុំ​បាន​ប្រាប់​រឿង​នេះ​ដល់​ក្រេស។ ក្រោយ​មក​យើង​បាន​ទៅ​បន្ទប់​នៅ​បេតអែល នៅ​ជាន់​ខាង​លើ។ ពួក​យើង​នឿយ​ហត់​ដោយ​សារ​តាន​តឹង​ចិត្ត ហើយ​យើង​បាន​យំ។

​«​ប្រសិនបើ​ប្អូន​មិន​ផ្ដល់​ឱវាទ​ដើម្បី​ជួយ​យើង​ដោយ​ចិត្ត​សប្បុរស ប្អូន​មាន​ប្រយោជន៍​តិច​ណាស់ ចំពោះ​អង្គការ​យើង។ ប្អូន​កំពុង​ធ្វើ​ល្អ​ហើយ សូម​បន្ត​ធ្វើ​ដូច្នេះ​»

ប៉ុន្មាន​ខែ​ក្រោយ​មក យើង​បាន​ទទួល​លិខិត​អញ្ជើញ​ឲ្យ​ចូល​រួម​សាលា​គី​លាត​ជំនាន់​ទី​២៤ ដែល​នឹង​បញ្ចប់​វគ្គ​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៥៥។ មុន​យើង​ទៅ​សា​សា​នោះ​យើង​ទទួល​ដំណឹង​ថា ការ​បង្ហាត់​បង្រៀន​ដែល​យើង​នឹង​ទទួល​មិន​តែង​តែ​សម្រាប់​ឲ្យ​យើង​ត្រៀម​ខ្លួន​ធ្វើ​ជា​សាសនទូត​នោះ​ទេ។ ប៉ុន្តែ នេះ​គឺ​ដើម្បី​ជួយ​យើង​ឲ្យ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ក្នុង​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។ ការ​ចូល​រួម​សាលា​នោះ​គឺ​អស្ចារ្យ​ណាស់ ប៉ុន្តែ​សាលា​នោះ​ក៏​ជួយ​យើង​ឲ្យ​មាន​ចិត្ត​រាប​ទាប​ដែរ។

ពេល​យើង​បញ្ចប់​វគ្គ​សិក្សា យើង​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​តំបន់។ តំបន់​របស់​យើង​រួម​បញ្ចូល​រដ្ឋ​អ៊ិនដ្យាណា រដ្ឋ​មីស៊ីហ្គិន និង​រដ្ឋ​អូហៃយ៉ូ។ ក្រោយ​មក អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​គឺ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៥៥ យើង​បាន​ទទួល​សំបុត្រ​មួយ​ពី​បង​ន័រ​ថា​៖ ​«​សូម​ប្រាប់​ខ្ញុំ​តាម​ត្រង់ ហើយ​កុំ​លាក់​លៀម។ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង តើ​ប្អូន​ចង់​មក​ធ្វើ​ការ​នៅ​បេតអែល ហើយ​បន្ត​នៅ​ទី​នេះ . . . ឬ​ចង់​បម្រើ​នៅ​បរទេស​ក្រោយ​ពី​ប្អូន​បម្រើ​នៅ​បេតអែល​អស់​មួយ​រយៈ? ឬ​ប្រសិនបើ​ប្អូន​ចង់​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​តំបន់​និង​មណ្ឌល ខ្ញុំ​ចង់​ដឹង​អំពី​រឿង​នេះ​»។ យើង​បាន​តប​ទៅ​គាត់​វិញ​ថា យើង​សប្បាយ​នឹង​ធ្វើ​អ្វី​ទាំង​អស់​ដែល​អង្គការ​ចាត់​ឲ្យ​យើង​ធ្វើ។ ភ្លាម​ៗ​នោះ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​បេតអែល!

ឆ្នាំ​ដ៏​រំភើប​ចិត្ត​នៅ​បេតអែល

ឆ្នាំ​ដ៏​រំភើប​ចិត្ត​របស់​ខ្ញុំ​នៅ​បេតអែល​រួម​បញ្ចូល​ការ​ថ្លែង​សុន្ទរកថា​នៅ​ក្រុម​ជំនុំ មហាសន្និបាត​និង​សន្និបាត​ទូ​ទាំង​សហរដ្ឋអាម៉េរិក។ ខ្ញុំ​បាន​ចូល​រួម​ក្នុង​ការ​បង្ហាត់​បង្រៀន និង​ជួយ​ប្អូន​ៗ​ដែល​ជា​យុវជន​ជា​ច្រើន​នាក់​ដែល​នៅ​ពេល​ក្រោយ​មក​បាន​ទទួល​ភារកិច្ច​ធំ​ជាង​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា។ ទី​បំផុត ខ្ញុំ​បាន​ធ្វើ​ការ​ជា​លេខាធិការ​ម្នាក់​របស់​បង​ន័រ នៅ​ការិយាល័យ​ដែល​រៀបចំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក។

សម្រាប់​ខ្ញុំ ឆ្នាំ​ដែល​ខ្ញុំ​ធ្វើ​ការ​នៅ​ការិយាល័យ​ខាង​កិច្ច​បម្រើ​គឺ​ជា​ឆ្នាំ​ដ៏​សប្បាយ​រីករាយ​ណាស់។ នៅ​ទី​នោះ​ខ្ញុំ​អាច​ធ្វើ​ការ​ជា​មួយ​បង​ថូម៉ាស់ ស៊ូលីវេន (​ឈ្មោះ​ហៅ​ក្រៅ​ថា​ប៊ឺដ​)។ គាត់​ធ្លាប់​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​នៅ​ការិយាល័យ​នោះ​អស់​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​ខ្ញុំ​បាន​រៀន​ច្រើន​ពី​បង​ប្រុស​ឯ​ទៀត។ បង​ប្រុស​ម្នាក់​ក្នុង​ចំណោម​បង​ប្រុស​ទាំង​នេះ​គឺ​បង​ហ្វ្រេដ រ៉ាស់ ដែល​បាន​ត្រូវ​ចាត់​ឲ្យ​បង្ហាត់​បង្រៀន​ខ្ញុំ។ ខ្ញុំ​ចាំ​ថា​ខ្ញុំ​បាន​សួរ​គាត់​ថា ហេតុ​អ្វី​គាត់​កែ​ច្រើន​ម្ល៉េះ​ក្នុង​សំបុត្រ​របស់​ខ្ញុំ។ គាត់​សើច ហើយ​និយាយ​ថា​៖ ​«​ម៉ាលខឹម ពេល​ប្អូន​និយាយ​អ្វី​មួយ ពាក្យ​ក្រោយ​មក​នឹង​ប្រាប់​ថា​ពាក្យ​នោះ​ចង់​មាន​ន័យ​យ៉ាង​ណា ប៉ុន្តែ​ពេល​ប្អូន​សរសេរ​អ្វី​មួយ ជា​ពិសេស​បើ​សំបុត្រ​នោះ​មក​ពី​ការិយាល័យ​នេះ សំបុត្រ​នោះ​ត្រូវ​តែ​ត្រឹម​ត្រូវ ហើយ​ច្បាស់​លាស់​បំផុត​»។ បន្ទាប់​មក​គាត់​បាន​និយាយ​ដោយ​សប្បុរស​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង។ ប្អូន​កំពុង​ធ្វើ​ល្អ​ហើយ។ មិន​យូរ​ទៀត ប្អូន​នឹង​ចេះ​»។

អស់​ជា​ច្រើន​ឆ្នាំ​នៅ​បេតអែល ក្រេស​បាន​ទទួល​ភារកិច្ច​ផ្សេង​ៗ រួម​បញ្ចូល​ការ​បម្រើ​ជា​អ្នក​សម្អាត​បន្ទប់ ហើយ​រក្សា​ឲ្យ​បន្ទប់​ទាំង​នោះ​នៅ​ស្អាត។ នាង​ចូល​ចិត្ត​កិច្ច​ការ​នោះ។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ជួនកាល​ពេល​យើង​ជួប​ប្អូន​ប្រុស​ៗ​ខ្លះ​ដែល​ធ្លាប់​បម្រើ​នៅ​បេតអែល​ពេល​គាត់​នៅ​ក្មេង​ក្នុង​អំឡុង​ឆ្នាំ​ទាំង​នោះ ពួក​គាត់​ប្រាប់​ក្រេស​ដោយ​ទឹក​មុខ​ញញឹម​ថា​៖ ​«​បង​បាន​បង្រៀន​ខ្ញុំ​យ៉ាង​ល្អ​មែន អំពី​របៀប​រៀប​គ្រែ ហើយ​ខ្ញុំ​ចង់​ប្រាប់​បង​ថា ម្ដាយ​ខ្ញុំ​ចូល​ចិត្ត​អ្វី​ដែល​បង​បាន​បង្រៀន​ខ្ញុំ​»។ ក្រេស​ក៏​ចូល​ចិត្ត​ធ្វើ​ការ​នៅ​ការិយាល័យ​ទស្សនាវដ្ដី ការិយាល័យ​សំបុត្រ និង​ការិយាល័យ​ថត​ចម្លង​ខ្សែ​អាត់​សំឡេង​ដែរ។ ការ​បម្រើ​នៅ​ការិយាល័យ​ជា​ច្រើន​នោះ​ជួយ​នាង​ចាត់​ទុក​កិច្ច​ការ​ទាំង​អស់​ដែល​យើង​ធ្វើ ឬ​កន្លែង​ណា​ក៏​ដោយ​ដែល​យើង​បម្រើ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ជា​ឯកសិទ្ធិ​និង​ជា​ពរ​មួយ។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ នាង​នៅ​តែ​មាន​អារម្មណ៍​ដូច្នេះ។

ការ​ផ្លាស់​ប្ដូរ​ដែល​យើង​បាន​ធ្វើ

នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៧០ យើង​ចាប់​ផ្ដើម​ដឹង​ថា​ម្ដាយ​ខ្ញុំ​និង​ឪពុក​ម្ដាយ​របស់​ក្រេស​ដែល​មាន​វ័យ​ចាស់ ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់។ នៅ​ទី​បំផុត យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ។ យើង​មិន​ចង់​ចាក​ចេញ​ពី​បេតអែល និង​ពី​បង​ប្អូន​រួម​ជំនឿ​ជា​ទី​ស្រឡាញ់​របស់​យើង ដែល​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​ភារកិច្ច​ថែ​រក្សា​ឪពុក​ម្ដាយ​របស់​យើង។ ដូច្នេះ ក្រោយ​មក​យើង​បាន​ចេញ​ពី​បេតអែល ប៉ុន្តែ​យើង​សង្ឃឹម​ថា​ពេល​ស្ថានភាព​របស់​យើង​ផ្លាស់​ប្ដូរ យើង​ប្រហែលជា​អាច​ត្រឡប់​មក​វិញ។

ដើម្បី​ចិញ្ចឹម​ជីវិត​របស់​យើង ខ្ញុំ​បាន​ចាប់​ផ្ដើម​លក់​ប័ណ្ណ​ធានា​រ៉ាប់រង។ ខ្ញុំ​តែង​តែ​ចាំ​អំពី​អ្វី​ដែល​នាយក​ម្នាក់​ប្រាប់​ខ្ញុំ ពេល​ខ្ញុំ​ទទួល​ការ​បង្ហាត់​បង្រៀន​ថា​៖ ​«​ការ​មាន​ជោគជ័យ​ក្នុង​កិច្ច​ការ​នេះ អាស្រ័យ​លើ​ការ​ទៅ​ផ្ទះ​គេ​នៅ​ពេល​ល្ងាច។ នេះ​ជា​ពេល​ដែល​អ្នក​អាច​ជួប​មនុស្ស។ គ្មាន​អ្វី​សំខាន់​ជាង​ការ​ទៅ​ជួប​គេ​នៅ​ផ្ទះ​រាល់​ពេល​ល្ងាច​នោះ​ទេ​»។ ខ្ញុំ​បាន​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ដឹង​ច្បាស់​ថា​បង​ប្រាប់​ខ្ញុំ​ពី​បទ​ពិសោធន៍​របស់​បង ហើយ​ខ្ញុំ​ឲ្យ​តម្លៃ​អំពី​អ្វី​ដែល​បង​និយាយ។ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​ភារកិច្ច​ខាង​កិច្ច​បម្រើ​ព្រះ​ដែល​ខ្ញុំ​មិន​ដែល​ខាន​បំពេញ​ឡើយ ហើយ​ខ្ញុំ​នឹង​មិន​ចាប់​ផ្ដើម​លះ​បង់​ភារកិច្ច​នេះ​ពី​ឥឡូវ​នេះ​ទេ។ ខ្ញុំ​នឹង​ទៅ​ជួប​គេ​នៅ​ពេល​ល្ងាច ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ព្រហស្បតិ៍ ខ្ញុំ​ត្រូវ​ចូល​រួម​កិច្ច​ប្រជុំ​ដ៏​សំខាន់​ចាំ​បាច់​របស់​ខ្ញុំ​»។ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ ដោយ​សារ​ខ្ញុំ​មិន​បាន​ខក​ខាន​ទៅ​ប្រជុំ​ដោយ​សារ​ជាប់​ធ្វើ​ការ​ទេ។

យើង​បាន​នៅ​ក្បែរ​គ្រែ​របស់​ម្ដាយ​ខ្ញុំ ពេល​គាត់​ស្លាប់​នៅ​មណ្ឌល​ថែ​ទាំ​សុខភាព​មួយ នៅ​ខែ​កក្កដា ឆ្នាំ​១៩៨៧។ ប្រធាន​គិលានុបដ្ឋាយិកា​បាន​មក​ជួប​ក្រេស ហើយ​និយាយ​ថា​៖ ​«​អ្នក​ស្រី​អាឡឹន សូម​ទៅ​ផ្ទះ ហើយ​សម្រាក​ចុះ។ យើង​ទាំង​អស់​គ្នា​ដឹង​ថា​អ្នក​ស្រី​តែង​តែ​នៅ​ទី​នេះ​ដើម្បី​ជួយ​ម្ដាយក្មេក​អ្នក​ស្រី។ សូម​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ចិត្ត ហើយ​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​អ្នក​ស្រី​បាន​ធ្វើ​»។

នៅ​ខែ​ធ្នូ ឆ្នាំ​១៩៨៧ យើង​បាន​បំពេញ​លិខិត​ស្នើ​សុំ​ទៅ​បម្រើ​នៅ​បេតអែល​ជា​កន្លែង​ដែល​យើង​ចូល​ចិត្ត ម្ដង​ទៀត។ ប៉ុន្តែ គ្រាន់តែប៉ុន្មាន​ថ្ងៃ​ក្រោយ​មក គ្រូ​ពេទ្យ​បាន​វិភាគ​ឃើញ​ថា​ក្រេស​មាន​ជំងឺ​មហារីក​ពោះ​វៀន​ធំ។ ក្រោយ​ពី​បាន​ទទួល​ការ​វះ​កាត់ ហើយ​បាន​ជា​សះ​ស្បើយ គ្រូ​ពេទ្យ​បាន​ប្រាប់​ថា​នាង​គ្មាន​ជំងឺ​មហារីក​ទៀត​ទេ។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នោះ យើង​បាន​ទទួល​សំបុត្រ​មួយ​ពី​បេតអែល​ថា យើង​គួរ​បន្ត​ក្នុង​កិច្ច​បម្រើ​នៅ​ក្រុម​ជំនុំ​របស់​យើង។ យើង​បាន​តាំង​ចិត្ត​ជឿន​ទៅ​មុខ​ក្នុង​សកម្មភាព​ខាង​កិច្ច​បម្រើ​របស់​យើង។

ក្រោយ​មក ខ្ញុំ​មាន​ឱកាស​ទៅ​ធ្វើ​ការ​នៅ​រដ្ឋ​តិច​សា​ស់។ យើង​បាន​គិត​ថា​អាកាសធាតុ​ក្ដៅ​ជាង​នឹង​ល្អ​សម្រាប់​យើង ហើយ​គឺ​ដូច្នេះ​មែន។ នៅ​ទី​នេះ យើង​មាន​បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​យើង ហើយ​យើង​ជិត​ស្និទ្ធ​នឹង​គ្នា​អស់​រយៈ​ពេល​ប្រហែលជា​២៥​ឆ្នាំ​ហើយ។

មេរៀន​ដែល​យើង​បាន​រៀន

ក្រេស​មាន​ជំងឺ​មហារីក​ពោះ​វៀន​ធំ និង​មហារីក​ក្រពេញ​មួយ​នៅ​បំពង់ក អស់​មួយ​រយៈ​ពេល ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​នាង​មាន​ជំងឺ​មហារីក​ដោះ។ ប៉ុន្តែ​នាង​មិន​ដែល​រអ៊ូ​រទាំ​អំពី​ជីវិត​របស់​នាង ឬ​ប្រឆាំង​នឹង​គោល​ការណ៍​គម្ពីរ​ស្តី​អំពី​ប្រមុខ​ភាព​ទេ នាង​តែង​តែ​សហការ​ជា​មួយ​ខ្ញុំ ដោយ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ។ មនុស្ស​ច្រើន​តែ​សួរ​នាង​ថា​៖ ​«​តើ​អ្វី​បាន​ជួយ​បង​ឲ្យ​មាន​ជោគជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ហើយ​មាន​សុភមង្គល?​»។ នាង​បាន​ប្រាប់​នូវ​មូលហេតុ​បួន​យ៉ាង​ថា​៖ ​«​យើង​ជា​មិត្ត​ល្អ​បំផុត​នឹង​គ្នា។ យើង​និយាយ​គ្នា​ជា​ទៀង​ទាត់​ជា​រៀង​រាល់​ថ្ងៃ។ យើង​ចំណាយ​ពេល​ជា​មួយ​គ្នា​រាល់​ថ្ងៃ ហើយ​ពេល​យើង​ខឹង​គ្នា យើង​មិន​ដែល​ចូល​គេង​មុន​ពេល​យើង​ដោះ​ស្រាយ​បញ្ហា​របស់​យើង​ទេ​»។ ម្ដង​ម្កាល​យើង​អាក់​អន់​ចិត្ត​នឹង​គ្នា ប៉ុន្តែ​យើង​អភ័យទោស​ឲ្យ​គ្នា​និង​បំភ្លេច​រឿង​នោះ ហើយ​ការ​ធ្វើ​ដូច្នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព។

​«​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ជា​និច្ច ហើយ​ព្រម​ទទួល​អ្វី​ដែល​លោក​អនុញ្ញាត​ឲ្យ​កើត​ឡើង​»

ក្នុង​អំឡុង​ពេល​ទាំង​អស់​ដែល​យើង​មាន​ទុក្ខ​លំបាក យើង​បាន​ទាញ​មេរៀន​ល្អ​ខ្លះ​គឺ

  1. ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ជា​និច្ច ហើយ​ព្រម​ទទួល​អ្វី​ដែល​លោក​អនុញ្ញាត​ឲ្យ​កើត​ឡើង។ កុំ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​យើង​ឡើយ។—សុភ. ៣:៥, ៦; យេ. ១៧:៧

  2. ពឹង​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ណែនាំ​យើង ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។ ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​និង​ច្បាប់​របស់​លោក​គឺ​ជា​ការ​សំខាន់​ចាំ​បាច់។ យើង​ត្រូវ​ជ្រើស​រើស​ថា​យើង​ស្ដាប់​បង្គាប់​ព្រះ​ឬ​មិន​ស្ដាប់ យើង​មិន​អាច​ជ្រើស​រើស​ទាំង​ពីរ​ទេ។—រ៉ូម ៦:១៦; ហេ. ៤:១២

  3. មាន​តែ​អ្វី​មួយ​ប៉ុណ្ណោះ​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត គឺ​ការ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ចំពោះ​ព្រះ​យេហូវ៉ា។ យើង​ត្រូវ​ស្វែងរក​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត​ជា​មុន មិន​មែន​ទ្រព្យ​សម្បត្ដិ​នោះ​ទេ។—សុភ. ២៨:២០; សាស្ដ. ៧:១; ម៉ាថ. ៦:៣៣, ៣៤

  4. យើង​ត្រូវ​អធិដ្ឋាន​សុំ​ព្រះ​ជួយ​យើង​ឲ្យ​ខំ​ព្យាយាម ហើយ​ទទួល​ជោគជ័យ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន មិន​មែន​លើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​នោះ​ទេ។—ម៉ាថ. ២២:៣៧; ២ធី. ៤:២

  5. យើង​ត្រូវ​ដឹង​ថា គ្មាន​អង្គការ​ណា​ទៀត​ដែល​ទទួល​ពរ​និង​ការ​ពេញ​ចិត្ត​ពី​ព្រះ​ឡើយ។—យ៉ូន. ៦:៦៨

យើង​ម្នាក់​ៗ​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជាង​៧៥​ឆ្នាំ​ហើយ ហើយ​ជា​មួយ​គ្នា​ជា​ប្ដី​ប្រពន្ធ យើង​បាន​បម្រើ​ព្រះ​អស់​ជិត​៦៥​ឆ្នាំ។ យើង​ពិត​ជា​សប្បាយ​រីករាយ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​អស់​ជា​ច្រើន​ទសវត្សរ៍​នេះ។ យើង​សង្ឃឹម​ហើយ​អធិដ្ឋាន​ឲ្យ​បង​ប្អូន​ប្រុស​ស្រី​ទាំង​អស់​ពិសោធ​ថា អ្នក​នឹង​ទទួល​ពរ​ជា​ច្រើន​ក្នុង​ជីវិត ពេល​អ្នក​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ដូច​យើង​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក