តើអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពទន់ខ្សោយរបស់មនុស្សឬទេ?
«អវយវៈណានៃរូបកាយដែលមើលទៅដូចជាខ្សោយជាង អវយវៈទាំងនោះគឺចាំបាច់»។—១កូ. ១២:២២
១, ២. ហេតុអ្វីប៉ូលចេះយល់អារម្មណ៍របស់អ្នកខ្សោយ?
ជួនកាល យើងទាំងអស់គ្នាមានអារម្មណ៍ថាខ្លួនខ្សោយ។ ថ្ងៃខ្លះ ពេលយើងមិនស្រួលខ្លួន យើងប្រហែលជាគ្មានកម្លាំង ហើយប្រហែលជាពិបាកធ្វើអ្វីដែលយើងត្រូវធ្វើ។ ប៉ុន្តែ ឥឡូវសូមស្រមៃគិតថាយើងខ្សោយកម្លាំងអស់រយៈពេលជាយូរ។ តើយើងនឹងចង់ឲ្យអ្នកឯទៀតប្រព្រឹត្តយ៉ាងណាចំពោះយើង? យើងនឹងចង់ឲ្យពួកគេចេះយល់អារម្មណ៍របស់យើង។
២ ជួនកាលសាវ័កប៉ូលមានអារម្មណ៍ថាគាត់ខ្សោយ ដោយសារការបង្ខិតបង្ខំពីខាងក្រៅ និងខាងក្នុងក្រុមជំនុំ។ ម្ដងម្កាល គាត់បានមានអារម្មណ៍ថាគាត់មានបន្ទុកធ្ងន់ហួសពីកម្លាំងរបស់គាត់។ (២កូ. ១:៨; ៧:៥) ដោយសារអ្វីដែលគាត់បានឆ្លងកាត់ ប៉ូលអាចយល់ថាភាពទន់ខ្សោយគឺយ៉ាងណា។ គាត់បាននិយាយថា៖ «តើអ្នកណាខ្សោយ ហើយខ្ញុំមិនខ្សោយដែរ?»។ (២កូ. ១១:២៩) ពេលគាត់បានប្រៀបប្រដូចសមាជិកក្រុមជំនុំគ្រិស្តសាសនិកទៅនឹងផ្នែកផ្សេងៗនៃរូបកាយមនុស្ស គាត់បាននិយាយថា អវយវៈដែល«មើលទៅដូចជាខ្សោយជាង អវយវៈទាំងនោះគឺចាំបាច់»។ (១កូ. ១២:២២) តើគាត់ចង់បញ្ជាក់អំពីអ្វី? តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះពួកអ្នកដែលមើលទៅដូចជាខ្សោយ? តើតាមរបៀបណាយើងអាចមានទស្សនៈដូចព្រះយេហូវ៉ាចំពោះបងប្អូនយើង? តើនេះនាំឲ្យយើងទទួលប្រយោជន៍អ្វី?
ទស្សនៈរបស់ព្រះយេហូវ៉ាចំពោះភាពទន់ខ្សោយរបស់មនុស្ស
៣. ហេតុអ្វីយើងប្រហែលជាមានទស្សនៈមិនល្អចំពោះបងប្អូនយើង?
៣ នៅក្នុងពិភពលោកសព្វថ្ងៃនេះ មនុស្សជាច្រើនឆ្លៀតយកប្រយោជន៍ពីពួកអ្នកដែលមិនមាំមួន ហើយខ្សោយ ដើម្បីបានអ្វីដែលពួកគេចង់បាន។ ពួកគេជឿថា ដើម្បីបានជោគជ័យ បុគ្គលម្នាក់ត្រូវតែក្មេង ហើយខ្លាំង។ ចិត្តគំនិតរបស់ពិភពលោកនេះក៏អាចមានឥទ្ធិពលលើយើងដែរ។ យើងប្រហែលជាចាប់ផ្ដើមមានទស្សនៈមិនល្អចំពោះបងប្អូនខ្លះដែលច្រើនតែត្រូវការជំនួយ។ តើតាមរបៀបណាយើងអាចមានទស្សនៈដូចព្រះយេហូវ៉ាចំពោះសមាជិកម្នាក់ៗនៅក្នុងក្រុមជំនុំ?
៤, ៥. (ក) ស្តីអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះយើងម្នាក់ៗ តើឧទាហរណ៍របស់ប៉ូលអំពីរូបកាយមនុស្សបង្រៀនយើងអ្វី? (ខ) តើយើងអាចទទួលប្រយោជន៍យ៉ាងណាពេលយើងជួយអ្នកដែលខ្សោយ?
៤ ព្រះយេហូវ៉ាចាត់ទុកសមាជិកម្នាក់ៗនៅក្នុងក្រុមជំនុំថាសំខាន់។ នៅជំពូកទី១២ នៃសំបុត្រទី១របស់គាត់ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស ប៉ូលរំលឹកយើងថាសូម្បីតែអវយវៈដែលខ្សោយបំផុតនៃរូបកាយមនុស្ស គឺចាំបាច់។ (សូមអាន កូរិនថូសទី១ ១២:១២, ១៨, ២១-២៣) អ្នកខ្លះដែលជឿទ្រឹស្តីនៃការវិវត្តន៍ បាននិយាយថា អវយវៈខ្លះនៃរូបកាយ គឺមិនចាំបាច់ទេ។a ជាឧទាហរណ៍ អ្នកខ្លះធ្លាប់បានគិតថាកូនជើងគឺគ្មានប្រយោជន៍ទេ។ ប៉ុន្តែ ឥឡូវនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា កូនជើងជួយរូបកាយទាំងមូលរបស់យើងឲ្យមានលំនឹង ពេលយើងឈរ។
៥ ឧទាហរណ៍របស់ប៉ូលអំពីរូបកាយមនុស្សបង្ហាញថាសមាជិកម្នាក់ៗនៅក្នុងក្រុមជំនុំ គឺចាំបាច់។ សាថានចង់ឲ្យយើងជឿថាយើងគ្មានប្រយោជន៍ទេ។ ប៉ុន្តែ ព្រះយេហូវ៉ាចាត់ទុកអ្នកបម្រើទាំងអស់របស់លោកថា«ចាំបាច់» សូម្បីតែពួកអ្នកដែលមើលទៅដូចជាខ្សោយជាងក៏ដោយ។ (យ៉ូប ៤:១៨, ១៩) នេះមានន័យថាយើងអាចមានអារម្មណ៍ស្រួល ដោយសារយើងម្នាក់ៗសំខាន់ចាំបាច់ក្នុងក្រុមជំនុំ ហើយនៅក្នុងចំណោមរាស្ត្ររបស់ព្រះនៅទូទាំងពិភពលោក។ ជាឧទាហរណ៍ សូមគិតអំពីពេលដែលអ្នកបានជួយបុគ្គលវ័យចាស់ម្នាក់។ គាត់បានទទួលប្រយោជន៍ ប៉ុន្តែ តើអ្នកបានទទួលប្រយោជន៍ដែរឬទេ? អ្នកក៏បានទទួលប្រយោជន៍ដែរ។ ពេលយើងជួយអ្នកឯទៀត យើងសប្បាយរីករាយ យើងមានចិត្តអត់ធ្មត់ជាង យើងស្រឡាញ់បងប្អូនកាន់តែខ្លាំង ហើយយើងទៅជាគ្រិស្តសាសនិកដែលប្រសើរជាង។ (អេភ. ៤:១៥, ១៦) ព្រះយេហូវ៉ាចង់ឲ្យយើងមានទស្សនៈថាបងប្អូនប្រុសស្រី គឺសំខាន់ សូម្បីតែបងប្អូនដែលមើលទៅដូចជាខ្សោយក៏ដោយ។ ពេលយើងមានទស្សនៈដូច្នេះ យើងនឹងមិនតម្រូវច្រើនពេកពីបងប្អូនយើងទេ ហើយក្រុមជំនុំនឹងមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើង។
៦. តើតាមរបៀបណាប៉ូលបានប្រើពាក្យ«ទន់ខ្សោយ»និង«មានជំនឿខ្លាំង»?
៦ ពិតមែនហើយថាប៉ូលបានប្រើពាក្យ«ទន់ខ្សោយ» ពេលគាត់និយាយអំពីបងប្អូនខ្លះនៅក្នុងក្រុមជំនុំ។ នេះគឺដោយសារអ្នកមិនជឿខ្លះមានទស្សនៈដូច្នោះចំពោះគ្រិស្តសាសនិក។ ប៉ុន្តែប៉ូលមិនបាននិយាយថាគ្រិស្តសាសនិកខ្លះប្រសើរជាងគ្រិស្តសាសនិកឯទៀតទេ។ ម្យ៉ាងទៀត ជួនកាលគាត់ប្រាប់ថាគាត់ខ្សោយ។ (១កូ. ១:២៦, ២៧; ២:៣) ពេលគាត់បានប្រើពាក្យថា«មានជំនឿខ្លាំង» ដើម្បីរៀបរាប់អំពីគ្រិស្តសាសនិកខ្លះ នោះគាត់មិនចង់ធ្វើឲ្យពួកគេគិតថាខ្លួនប្រសើរជាងគ្រិស្តសាសនិកឯទៀតឡើយ។ (រ៉ូម ១៥:១) គាត់គ្រាន់តែបាននិយាយថាពួកអ្នកទាំងនោះដែលមានបទពិសោធន៍ច្រើនគួរមានចិត្តអត់ធ្មត់ចំពោះពួកអ្នកដែលមិនសូវមានបទពិសោធន៍។
តើយើងត្រូវកែប្រែទស្សនៈរបស់យើងឬទេ?
៧. ហេតុអ្វីប្រហែលជាមិនស្រួលឲ្យយើងជួយពួកអ្នកដែលត្រូវការជំនួយ?
៧ ព្រះយេហូវ៉ាជួយអ្នកទន់ខ្សោយ ហើយលោកសប្បាយរីករាយពេលយើងធ្វើដូច្នេះដែរ។ (ទំនុក. ៤១:១; អេភ. ៥:១) ប៉ុន្តែចំពោះយើង នេះមិនតែងតែស្រួលធ្វើទេ។ ហេតុអ្វី? ប្រហែលជាយើងគិតថា បងប្អូននោះគួរទទួលខុសត្រូវចំពោះបញ្ហារបស់គាត់ ឬប្រហែលជាយើងមិនហ៊ានមកជិតគាត់ ដោយសារយើងមិនដឹងថាគួរនិយាយអ្វី។ ជាឧទាហរណ៍ សូមពិចារណាអំពីអ្វីដែលបានកើតឡើងដល់បងស្រីម្នាក់ឈ្មោះស៊ីនធា។b គាត់ត្រូវការជំនួយ ពេលប្ដីគាត់បានចុះចោលគាត់។ គាត់និយាយថា៖ «បើបងប្អូនមិនហ៊ានចូលមកជិតយើង ឬមិនប្រព្រឹត្តតាមរបៀបដែលយើងរំពឹងថាមិត្តភក្ដិជិតស្និទ្ធនឹងប្រព្រឹត្ត នោះអាចធ្វើឲ្យយើងឈឺចិត្ត។ ពេលយើងឆ្លងកាត់ទុក្ខលំបាក យើងត្រូវការមនុស្សនៅជិតយើង»។ ស្តេចដាវីឌក៏បានឈឺចិត្តដែរ ពេលមិត្តភក្ដិរបស់គាត់មិនហ៊ានចូលមកជិតគាត់។—ទំនុក. ៣១:១២
៨. តើអ្វីនឹងជួយយើងឲ្យចេះយល់អារម្មណ៍របស់បងប្អូនយើង?
៨ តើអ្វីនឹងជួយយើងឲ្យកាន់តែចេះយល់អារម្មណ៍របស់បងប្អូនយើងដែលត្រូវការជំនួយ? សូមចាំថា ពួកគាត់ជាច្រើននាក់កំពុងរងទុក្ខដោយសារជំងឺ ឬធ្លាក់ទឹកចិត្ត ឬដោយសារពួកគាត់រស់នៅជាមួយនឹងសមាជិកក្រុមគ្រួសារដែលមិននៅក្នុងសេចក្ដីពិត។ បើយើងមានបញ្ហាទាំងនេះ យើងនឹងចង់ឲ្យអ្នកឯទៀតចេះយល់អារម្មណ៍របស់យើង។ សូមគិតអំពីជនជាតិអ៊ីស្រាអែល។ ពួកគេបានរងទុក្ខជាច្រើននៅស្រុកអេស៊ីប ប៉ុន្តែមុននឹងចូលស្រុកដែលព្រះបានសន្យា ព្រះយេហូវ៉ាបានរំលឹកពួកគេថាពួកគេមិនគួរតាំងចិត្តរបឹង ឬមិនចេះអាណិតឡើយ។ ព្រះយេហូវ៉ាតម្រូវឲ្យជនជាតិអ៊ីស្រាអែលជួយបងប្អូនរបស់ពួកគេដែលក្រីក្រ ហើយខ្សោយ។—លេវី. ២៥:៣៥-៣៨; ចោ. ១៥:៧, ១១
៩. ពេលបងប្អូនយើងខ្សោយ តើគាត់ពិតជាត្រូវការអ្វី? សូមលើកឧទាហរណ៍មួយ។
៩ យើងមិនគួរឆាប់ស្តីបន្ទោសបងប្អូនចំពោះបញ្ហារបស់ពួកគាត់ ឬគិតថាយើងប្រសើរជាងពួកគាត់ឡើយ។ យើងចង់ជួយបងប្អូនយើងពេលពួកគាត់ខ្សោយ។ (យ៉ូប ៣៣:៦, ៧; ម៉ាថ. ៧:១) ជាឧទាហរណ៍ សូមស្រមៃគិតថាបុគ្គលម្នាក់មានរបួសដោយសារគ្រោះថ្នាក់ម៉ូតូ ហើយគេប្រញាប់ដឹកគាត់ទៅមន្ទីរពេទ្យ។ ពេលគាត់ទៅដល់ តើគ្រូពេទ្យនិងគិលានុបដ្ឋាយិកានឹងបង្ខាតពេលដោយពិភាក្សាគ្នាថា តើអ្នកណាខុសក្នុងគ្រោះថ្នាក់នោះឬ? មិនមែនទេ។ ពួកគេនឹងជួយព្យាបាលភ្លាមៗ។ យើងក៏ដូចគ្នាដែរ។ ពេលបងប្អូនយើងម្នាក់ខ្សោយ អ្វីដែលគាត់ពិតជាត្រូវការ គឺជួយពង្រឹងជំនឿរបស់គាត់។—សូមអាន ថែស្សាឡូនិចទី១ ៥:១៤
១០. តើតាមរបៀបណាបងប្អូនខ្លះជា«អ្នកមានខាងជំនឿ» ទោះជាពួកគាត់មើលទៅដូចជាខ្សោយក៏ដោយ?
១០ បងប្អូនប្រុសស្រីខ្លះមើលទៅដូចជាខ្សោយ។ ប៉ុន្តែ បើយើងគិតអំពីស្ថានភាពរបស់ពួកគាត់ យើងប្រហែលជានឹងឃើញថាពួកគាត់មិនខ្សោយទាល់តែសោះ។ សូមស្រមៃគិតថាបងស្រីម្នាក់ដែលមានប្ដីមិនបម្រើព្រះយេហូវ៉ា ច្បាស់ជាពិបាកខ្លាំងយ៉ាងណា។ ចុះយ៉ាងណាម្ដាយម្នាក់ឥតគូដែលខំប្រឹងធ្វើការដើម្បីចិញ្ចឹមអប់រំកូនតែម្នាក់ឯង ហើយនៅតែមកប្រជុំជាទៀងទាត់? ឬសូមគិតអំពីប្អូនៗជំទង់នៅសាលាដែលទប់ទល់ជារៀងរាល់ថ្ងៃនឹងការបង្ខិតបង្ខំឲ្យចាកចេញពីសេចក្ដីពិត។ ពួកគាត់ទាំងអស់គ្នាមានសេចក្ដីស្រឡាញ់ពិតចំពោះព្រះយេហូវ៉ា ហើយបានតាំងចិត្តរក្សាភក្ដីភាពចំពោះលោក។ ពេលយើងគិតអំពីអ្វីៗទាំងអស់ដែលបងប្អូនយើងកំពុងធ្វើដើម្បីបម្រើព្រះយេហូវ៉ា នេះនឹងជួយយើងឲ្យចាត់ទុកពួកគេជា«អ្នកមានខាងជំនឿ» ទោះជាពួកគាត់មើលទៅដូចជាខ្សោយក៏ដោយ។—យ៉ា. ២:៥
ចូរមានទស្សនៈដូចព្រះយេហូវ៉ា
១១, ១២. (ក) តើអ្វីនឹងជួយយើងឲ្យមានទស្សនៈដូចព្រះយេហូវ៉ា ពេលបងប្អូនយើងធ្វើខុស? (ខ) ហេតុអ្វីព្រះយេហូវ៉ាអភ័យទោសឲ្យអេរ៉ុន? តើយើងរៀនអ្វីពីរឿងនោះ?
១១ យើងត្រូវមានទស្សនៈដូចព្រះយេហូវ៉ាចំពោះបងប្អូនយើង សូម្បីតែពេលពួកគាត់ធ្វើខុសក៏ដោយ។ គំរូក្នុងគម្ពីរនឹងជួយយើងឲ្យរៀនអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអ្នកបម្រើលោក។ (សូមអាន ទំនុកតម្កើង ១៣០:៣) ជាឧទាហរណ៍ សូមស្រមៃគិតថាអ្នកនៅជាមួយនឹងម៉ូសេ ពេលគាត់កំពុងស្ដាប់អេរ៉ុនដោះសាជាច្រើនអំពីមូលហេតុដែលគាត់បានធ្វើកូនគោមាស។ តើអ្នកគិតយ៉ាងណាអំពីអេរ៉ុន? (និក្ខ. ៣២:២១-២៤) តើអ្នកមានអារម្មណ៍យ៉ាងណា ពេលអេរ៉ុនបានស្ដាប់ម៉ារាម ហើយបន្ទាប់មកបានរិះគន់ម៉ូសេដែលបានរៀបការជាមួយនឹងស្ត្រីបរទេស? (ជន. ១២:១, ២) ចុះយ៉ាងណាពេលអេរ៉ុននិងម៉ូសេមិនបានលើកកិត្ដិយសព្រះយេហូវ៉ាក្រោយពីលោកបានធ្វើឲ្យទឹកចេញពីថ្មដា?—ជន. ២០:១០-១៣
១២ ព្រះយេហូវ៉ាអាចដាក់ទោសអេរ៉ុនភ្លាមៗដោយសារកំហុសទាំងនោះ។ ប៉ុន្តែ ព្រះយេហូវ៉ាបានជ្រាបថា ទោះជាជួនកាលអេរ៉ុនខ្សោយក៏ដោយ គាត់មិនមែនជាមនុស្សអាក្រក់ទេ។ គាត់បានធ្វើខុស ដោយសារគាត់ស្ថិតក្នុងស្ថានភាពពិបាក ហើយដោយសារគាត់បានស្ដាប់បុគ្គលដែលមានទស្សនៈមិនត្រឹមត្រូវ។ ប៉ុន្តែអេរ៉ុនបានសុខចិត្តសារភាពកំហុសទាំងនោះ ហើយគាត់បានទទួលយកឱវាទរបស់ព្រះយេហូវ៉ា។ (និក្ខ. ៣២:២៦; ជន. ១២:១១; ២០:២៣-២៧) អេរ៉ុនស្រឡាញ់ព្រះយេហូវ៉ា ហើយគាត់បានប្រែចិត្ត។ ដូច្នេះ ព្រះយេហូវ៉ាបានអភ័យទោសឲ្យគាត់។ ហេតុនេះហើយបានជាច្រើនឆ្នាំក្រោយមក អេរ៉ុននិងក្រុមគ្រួសាររបស់គាត់នៅតែបានត្រូវស្គាល់ថាជាអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ា។—ទំនុក. ១១៥:១០-១២; ១៣៥:១៩, ២០
១៣. តើតាមរបៀបណាយើងអាចកែប្រែទស្សនៈរបស់យើង? សូមលើកឧទាហរណ៍មួយ។
១៣ ដូចអេរ៉ុនដែរ បងប្អូនរបស់អ្នកប្រហែលជាធ្វើខុស។ ពេលនេះកើតឡើង តើអ្នកមានទស្សនៈយ៉ាងណាចំពោះគាត់? តើអ្នកត្រូវកែប្រែទស្សនៈរបស់អ្នកឬទេ? (១សាំ. ១៦:៧) ជាឧទាហរណ៍ សូមគិតអំពីប្អូនវ័យជំទង់ម្នាក់ដែលហាក់ដូចជាមានចិត្តគំនិតមិនត្រឹមត្រូវ។ ប្រហែលជាគាត់មិនប្រុងប្រយ័ត្នទេពេលជ្រើសរើសការកម្សាន្ត។ សូមកុំប្រញាប់គិតថាគាត់ជាមនុស្សអាក្រក់។ ផ្ទុយទៅវិញ សូមគិតអំពីរបៀបដែលអ្នកអាចជួយគាត់។ សូមចំណាយពេលបង្រៀនគាត់អំពីរបៀបធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ ពេលអ្នកជួយបងប្អូនរបស់អ្នកតាមរបៀបនេះ អ្នកនឹងកាន់តែមានចិត្តអត់ធ្មត់នឹងពួកគាត់ ហើយអ្នកនឹងស្រឡាញ់ពួកគាត់កាន់តែខ្លាំងឡើង។
១៤, ១៥. (ក) តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអេលីយ៉ា ពេលគាត់ភ័យខ្លាច? (ខ) តើយើងអាចរៀនអ្វីពីរបៀបដែលព្រះយេហូវ៉ាបានជួយអេលីយ៉ា?
១៤ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះពួកអ្នកដែលធ្លាក់ទឹកចិត្ត? សូមពិចារណាអំពីរបៀបដែលលោកបានជួយអ្នកបម្រើម្នាក់របស់លោកដែលមានអារម្មណ៍បែបនេះ។ អេលីយ៉ាគឺជាអ្នកប្រកាសទំនាយម្នាក់របស់ព្រះយេហូវ៉ា។ ដោយចិត្តក្លាហាន គាត់បានបបួលអ្នកប្រកាសទំនាយរបស់ព្រះបាល៤៥០នាក់មកល្បងលដើម្បីដឹងថាព្រះណាជាព្រះពិត។ ប៉ុន្តែ ក្រោយមកអេលីយ៉ាបានឮថាមហាក្សត្រីយេសិបិលចង់សម្លាប់គាត់។ គាត់ភ័យខ្លាចដល់ម្ល៉េះបានជាគាត់រត់អស់១៥០គីឡូម៉ែត្រ (៩៥ម៉ៃល៍) ទៅក្រុងបៀរសេបា ហើយក្រោយមកទៅឆ្ងាយដល់តំបន់ស្ងាត់ជ្រងំ។ គាត់អស់កម្លាំងយ៉ាងខ្លាំង ហើយធ្លាក់ទឹកចិត្តដល់ម្ល៉េះបានជាគាត់ចង់ស្លាប់។—១ព. ១៨:១៩; ១៩:១-៤
១៥ តើព្រះយេហូវ៉ាបានធ្វើអ្វី ពេលលោកបានឃើញថាអេលីយ៉ាភ័យខ្លាចនិងធ្លាក់ទឹកចិត្តយ៉ាងខ្លាំង? តើលោកលែងទទួលស្គាល់អេលីយ៉ាឬ? មិនមែនទេ។ ព្រះយេហូវ៉ាបានចាត់ទេវតាមួយរូបឲ្យជួយគាត់។ ទេវតានោះបានឲ្យអាហារនិងទឹកដល់អេលីយ៉ាពីរដងដើម្បីគាត់នឹងមានកម្លាំងគ្រប់គ្រាន់បន្តដំណើររបស់គាត់។ (សូមអាន ពង្សាវតារក្សត្រទី១ ១៩:៥-៨) មុនព្រះយេហូវ៉ាបានឲ្យការណែនាំដល់អេលីយ៉ា លោកបានស្ដាប់គាត់ ហើយបានផ្ដល់ជំនួយដែលអេលីយ៉ាត្រូវការ។
១៦, ១៧. តើតាមរបៀបណាយើងអាចជួយបងប្អូនយើងដូចព្រះយេហូវ៉ាបានជួយអេលីយ៉ា?
១៦ តើតាមរបៀបណាយើងអាចជួយបងប្អូនណាម្នាក់ដូចព្រះយេហូវ៉ាបានជួយអេលីយ៉ា? សូមកុំប្រញាប់ប្រាប់បងប្អូនរបស់អ្នកអំពីអ្វីដែលអ្នកគិតថាគាត់គួរធ្វើ។ (សុភ. ១៨:១៣) ពេលគាត់ធ្លាក់ទឹកចិត្ត ឬមានអារម្មណ៍ថាខ្លួនឥតប្រយោជន៍ មុនដំបូងគាត់ត្រូវការឲ្យអ្នកស្ដាប់គាត់ ហើយបង្ហាញថាអ្នកយកចិត្តទុកដាក់នឹងគាត់។ (១កូ. ១២:២៣) ពេលនោះ អ្នកនឹងដឹងអំពីអ្វីដែលគាត់ពិតជាត្រូវការ ហើយអ្នកនឹងអាចជួយគាត់បាន។
១៧ សូមនឹកចាំអំពីបទពិសោធន៍របស់បងស្រីស៊ីនធា។ ពេលប្ដីរបស់គាត់បានចុះចោលគាត់ គាត់និងកូនស្រីទាំងពីរនាក់មានអារម្មណ៍ថាបានត្រូវបោះបង់ចោល។ តើបងប្អូនខ្លះក្នុងក្រុមជំនុំបានជួយពួកគាត់យ៉ាងដូចម្ដេច? បងស៊ីនធានិយាយថា៖ «មិនដល់៤៥នាទីផង បងប្អូនបានមកផ្ទះរបស់យើង។ ពួកគាត់បានស្រក់ទឹកភ្នែក។ ពីរឬបីថ្ងៃដំបូង ពួកគាត់បាននៅជាមួយនឹងយើង»។ បងស៊ីនធានិងកូនស្រីទាំងពីរនាក់អស់កម្លាំង ហើយពិបាកចិត្តយ៉ាងខ្លាំង។ សមាជិកក្រុមជំនុំបានអញ្ជើញបងស៊ីនធានិងកូនស្រីឲ្យស្នាក់នៅផ្ទះរបស់ពួកគាត់ ហើយបានឲ្យអាហារបងស៊ីនធានិងកូនស្រីបរិភោគ។ បទពិសោធន៍នេះរំលឹកយើងអំពីអ្វីដែលគម្ពីរចែងនៅសៀវភៅយ៉ាកុប ដែលថា៖ «ប្រសិនបើបងប្រុសឬបងស្រីណាម្នាក់គ្មានសម្លៀកបំពាក់ ឬអាហារគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ តែអ្នករាល់គ្នាណាម្នាក់និយាយទៅអ្នកនោះថា៖ ‹សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខ ហើយសូមឲ្យខ្លួនប្រាណបានកក់ក្ដៅ និងឆ្អែតស្កប់ស្កល់ចុះ› ប៉ុន្តែអ្នករាល់គ្នាមិនឲ្យអ្វីដែលពួកគាត់ត្រូវការសម្រាប់រូបកាយ តើមានប្រយោជន៍អ្វី? ដូចគ្នាដែរ ប្រសិនបើជំនឿគ្មានការប្រព្រឹត្ត ជំនឿនោះគឺស្លាប់ហើយ»។ (យ៉ា. ២:១៥-១៧) ជំនួយដែលបងប្អូនបានផ្ដល់ឲ្យបងស៊ីនធានិងកូនស្រីរបស់គាត់គឺជាអ្វីដែលពួកគាត់ត្រូវការ។ តែ៦ខែក្រោយមក បងស៊ីនធានិងកូនស្រីទាំងពីររបស់គាត់មានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកត្រួសត្រាយជំនួយ។—២កូ. ១២:១០
មនុស្សជាច្រើនទទួលប្រយោជន៍
១៨, ១៩. (ក) តើតាមរបៀបណាយើងអាចជួយអ្នកដែលខ្សោយ? (ខ) ពេលយើងជួយអ្នកដែលខ្សោយ តើអ្នកណាខ្លះទទួលប្រយោជន៍?
១៨ កាលណាយើងឈឺអស់រយៈពេលជាយូរ យើងត្រូវការពេលដើម្បីជាសះស្បើយ។ ពេលបងប្អូនយើងធ្វើខុស ឬស្ថិតក្នុងស្ថានភាពពិបាក គាត់ក៏ប្រហែលជាត្រូវការពេលដើម្បីបានល្អឡើងវិញដែរ។ ពិតមែនតែគាត់ត្រូវសិក្សាបណ្ដាំរបស់ព្រះ អធិដ្ឋានទៅព្រះយេហូវ៉ា ហើយចូលរួមប្រជុំដើម្បីពង្រឹងកម្លាំងរបស់គាត់ ប៉ុន្តែគាត់ក៏ត្រូវការជំនួយពីយើងដែរ។ ក្នុងអំឡុងពេលនោះ យើងត្រូវមានចិត្តអត់ធ្មត់នឹងគាត់។ យើងត្រូវបន្តបង្ហាញគាត់ថាយើងស្រឡាញ់គាត់ ហើយថាគាត់ជាសមាជិកសំខាន់ចាំបាច់ម្នាក់នៃក្រុមជំនុំ។—២កូ. ៨:៨
១៩ ការជួយអ្នកឯទៀតធ្វើឲ្យយើងសប្បាយរីករាយ។ យើងក៏រៀនឲ្យចេះយល់អារម្មណ៍របស់ពួកគេ ហើយមានចិត្តអត់ធ្មត់ដែរ។ ប៉ុន្តែមិនមែនតែយើងប៉ុណ្ណោះទេដែលទទួលប្រយោជន៍។ ក្រុមជំនុំទាំងមូលនឹងមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើង។ សំខាន់ជាងនោះទៅទៀត ពេលយើង«ជួយអ្នកដែលខ្សោយ» យើងបង្ហាញថាយើងចង់ធ្វើតាមគំរូរបស់ព្រះយេហូវ៉ា។ បិតារបស់យើងដែលមានសេចក្ដីស្រឡាញ់ចាត់ទុកបុគ្គលម្នាក់ៗថាមានតម្លៃ។—សកម្ម. ២០:៣៥
a ឆាល ដាវីនបានសរសេរនៅក្នុងសៀវភៅរបស់គាត់ថា អវយវៈជាច្រើននៃរូបកាយ គឺមិនចាំបាច់ទេ (The Descent of Man)។ អ្នកជឿទ្រឹស្តីនៃការវិវត្តន៍ម្នាក់ទៀតអះអាងថា អវយវៈជាច្រើននៃរូបកាយ ដូចជាខ្នែងពោះវៀនជាដើម គឺមិនចាំបាច់។
b ឈ្មោះបានត្រូវផ្លាស់ប្ដូរ។