អត្ថបទអំពីក្របទស្សនាវដ្ដី | ទេវតា តើពិតជាមានឬទេ? ហេតុអ្វីសំណួរនេះសំខាន់?
តើពួកទេវតាអាចមានឥទ្ធិពលមកលើជីវិតរបស់អ្នកឬទេ?
នៅរសៀលថ្ងៃអាទិត្យមួយ ខេណិតនិងហ្វីឡូមេណាដែលរស់នៅប្រទេសកឺរ៉ាសាអូបានទៅសួរសុខទុក្ខប្ដីប្រពន្ធមួយគូដែលជាសិស្សគម្ពីររបស់ពួកគាត់។
ខេណិតបានរៀបរាប់ថា៖ «នៅពេលដែលយើងទៅដល់ផ្ទះនោះ យើងឃើញទ្វារបិទហើយមិនឃើញឡានដែរ។ ប៉ុន្តែ ពេលនោះដូចជាមានអ្វីមួយបានជំរុញចិត្តខ្ញុំឲ្យទូរស័ព្ទទៅប្រពន្ធគាត់»។
ស្ត្រីនោះបានលើកទូរស័ព្ទហើយប្រាប់ថាប្ដីរបស់គាត់នៅកន្លែងធ្វើការ។ មិនយូរក្រោយមក ស្ត្រីនោះដឹងថាខេណិតនិងហ្វីឡូមេណាកំពុងនៅមុខផ្ទះរបស់នាង ដូច្នេះនាងបានបើកទ្វារអញ្ជើញពួកគាត់ឲ្យចូលក្នុងផ្ទះ។
ភ្លាមនោះពួកគាត់បានសង្កេតឃើញថានាងទើបតែបានយំ។ ក្រោយមក ពេលដែលខេណិតអធិដ្ឋានមុនចាប់ផ្ដើមបង្រៀនគម្ពីរ នាងចាប់ផ្ដើមយំម្ដងទៀត។ ដូច្នេះខេណិតនិងហ្វីឡូមេណាបានសួរនាងដោយសប្បុរសថា តើមានរឿងអ្វី?
នាងប្រាប់ថានៅរសៀលនោះនាងមានគម្រោងសម្លាប់ខ្លួន។ ប៉ុន្តែ ពេលនាងកំពុងសរសេរសំបុត្រផ្ដែផ្ដាំទុកឲ្យប្ដីរបស់នាង ស្រាប់តែបងខេណិតបានទូរស័ព្ទមក ដូច្នេះនោះបានបញ្ឈប់នាង។ នាងបានប្រាប់ពួកគាត់ថានាងមានទុក្ខព្រួយជាខ្លាំង ដូច្នេះពួកគាត់បានសម្រាលទុក្ខនាងដោយប្រើបទគម្ពីរខ្លះ។ ការសម្រាលទុក្ខនេះបានសង្គ្រោះជីវិតនាង។
ខេណិតនិយាយថា៖ «យើងអរគុណព្រះយេហូវ៉ាដែលដឹកនាំយើងឲ្យជួយស្ត្រីដែលអស់សង្ឃឹមម្នាក់នេះ ជាពិសេសយើងអរគុណលោកដែលជំរុញចិត្តយើងឲ្យទូរស័ព្ទទៅគាត់ ប្រហែលជាដោយឫទ្ធានុភាពរបស់លោក ឬដោយទេវតា!»។a
តើជាការត្រឹមត្រូវឬទេដែលខេណិតនិងហ្វីឡូមេណាជឿថាព្រះបានចាត់វិធានការ ដោយប្រើទេវតា ឬដោយឫទ្ធានុភាពរបស់លោក? ឬតើការដែលខេណិតទូរស័ព្ទទៅចំពេលគឺគ្រាន់តែជាការចៃដន្យដ៏ល្អមួយឬ?
យើងមិនអាចនិយាយឲ្យប្រាកដបានទេ។ តែអ្វីដែលយើងដឹងគឺថាព្រះប្រើទេវតាដើម្បីជួយមនុស្សឲ្យស្គាល់លោក។ ជាឧទាហរណ៍ គម្ពីរចែងថាព្រះបានប្រើទេវតាដើម្បីដឹកនាំភីលីពដែលជាគ្រិស្តសាសនិកដ៏ខ្នះខ្នែងឲ្យជួយមន្ត្រីជនជាតិអេចូពីម្នាក់ដែលកំពុងស្វែងរកការណែនាំពីព្រះ។—សកម្មភាព ៨:២៦-៣១
មនុស្សជាច្រើនជឿថាទេវតាតាមថែរក្សាពួកគេ មានឥទ្ធិពលលើជីវិតរបស់ពួកគេ ឬក៏ជួយតាមរបៀបផ្សេងទៀត។ រីឯមនុស្សជាច្រើនទៀតមិនជឿទៅលើទេវតាសោះ។
តើពិតជាមានទេវតាទេ? បើមាន តើពួកទេវតាមានដើមកំណើតមកពីណា? តើគម្ពីរចែងយ៉ាងណាអំពីទេវតា? តើពួកទេវតាអាចមានឥទ្ធិពលមកលើជីវិតរបស់អ្នកឬទេ? សូមយើងពិនិត្យមើលទីសំអាងផ្សេងៗ។
a យេហូវ៉ាគឺជាឈ្មោះរបស់ព្រះដែលមាននៅក្នុងគម្ពីរ។—ទំនុកតម្កើង ៨៣:១៨