បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w23 តុលា ទំ. ៦-១១
  • តើអ្នក«រង់ចាំធ្វើតាមបង្គាប់»ឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នក«រង់ចាំធ្វើតាមបង្គាប់»ឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​របស់​អ្នក
  • ចូរ​ស្ដាប់​បង្គាប់​«​ពួក​អាជ្ញាធរ​»​
  • ចូរ​ធ្វើ​តាម​ការ​ណែនាំ​ពី​អង្គការ​ព្រះ​យេហូវ៉ា
  • «ក្មេងរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់មាតាបិតាខ្លួន»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • លោកយេស៊ូតែងតែស្ដាប់បង្គាប់
    ចូរបង្រៀនកូនរបស់អ្នក
  • តើយើងគួរស្ដាប់បង្គាប់អ្នកណា?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • ការស្ដាប់បង្គាប់ការពារជីវិតកូន
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
w23 តុលា ទំ. ៦-១១

អត្ថបទ​សិក្សា ៤២

តើ​អ្នក​«​រង់​ចាំ​ធ្វើ​តាម​បង្គាប់​»​ឬ​ទេ?

​«​ប្រាជ្ញា​ពី​ស្ថាន​លើ . . . [​គឺ​]​រង់​ចាំ​ធ្វើ​តាម​បង្គាប់​»។—យ៉ា. ៣:១៧

ចម្រៀង​លេខ​១០១ ចូរ​បម្រើ​ដោយ​សាមគ្គីភាព

សេចក្ដី​សង្ខេបa

១. ហេតុ​អ្វី​យើង​ប្រហែល​ជា​ពិបាក​ស្ដាប់​បង្គាប់?

ជួន​កាល តើ​អ្នក​ពិបាក​ស្ដាប់​បង្គាប់​ឬ​ទេ? ស្ដេច​ដាវីឌ​ធ្លាប់​មាន​ការ​ពិបាក​នេះ ហេតុ​នេះ​ហើយ​គាត់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​ស្ដាប់​បង្គាប់​លោក​»។ (​ចសព. ៥១:១២​) ដាវីឌ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​ជួន​កាល គាត់​ពិបាក​ស្ដាប់​បង្គាប់ ហើយ​យើង​ក៏​ពិបាក​ធ្វើ​ដូច្នេះ​ដែរ។ ហេតុ​អ្វី? ទី​១ យើង​កើត​មក​ដោយ​មាន​ទំនោរ​ចិត្ត​មិន​ចង់​ស្ដាប់​បង្គាប់។ ទី​២ សាថាន​តែង​តែ​ព្យាយាម​ធ្វើ​ឲ្យ​យើង​បះ​បោរ​ប្រឆាំង​ព្រះ​យេហូវ៉ា ដូច​ដែល​វា​បាន​ធ្វើ។ (​២កូ. ១១:៣​) ទី​៣ យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ពេញ​ទៅ​ដោយ​ចិត្ត​គំនិត​បះ​បោរ ជា​«​ចិត្ត​គំនិត ដែល​មាន​ឥទ្ធិពល​លើ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់​»។ (​អេភ. ២:២​) យើង​មិន​គ្រាន់​តែ​ត្រូវ​ខំ​ត​យុទ្ធ​នឹង​ទំនោរ​ចិត្ត​ខុស​ឆ្គង​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ដែល​មេ​កំណាច​និង​ពិភព​លោក​នេះ​ព្យាយាម​ដាក់​មក​លើ​យើង​ដើម្បី​ឲ្យ​យើង​មិន​ស្ដាប់​បង្គាប់។ យើង​ត្រូវ​ខំ​ព្យាយាម​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​និង​ពួក​អ្នក​ដែល​លោក​បាន​តែង​តាំង​ឲ្យ​មាន​អំណាច។

២. តើ​ការ​«​រង់​ចាំ​ធ្វើ​តាម​បង្គាប់​»​មាន​ន័យ​យ៉ាង​ណា? (​យ៉ាកុប ៣:១៧​)

២ សូម​អាន យ៉ាកុប ៣:១៧។ យ៉ាកុប​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ថា មនុស្ស​ដែល​មាន​ប្រាជ្ញា​គឺ​«​រង់​ចាំ​ធ្វើ​តាម​បង្គាប់​»។ សូម​គិត​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ។ យើង​គួរ​មាន​ចិត្ត​ចង់​ហើយ​ក៏​ពេញ​ចិត្ត​ស្ដាប់​បង្គាប់​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អំណាច​មួយ​កម្រិត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​យើង​ស្ដាប់​បង្គាប់​បុគ្គល​ណា​ដែល​សុំ​យើង​ឲ្យ​បំពាន​បញ្ញត្តិ​របស់​លោក​ទេ។—សកម្ម. ៤:១៨​-​២០

៣. ហេតុ​អ្វី​ការ​ស្ដាប់​បង្គាប់​ពួក​អ្នក​ដែល​មាន​អំណាច​លើ​យើង​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា?

៣ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​យើង​ស្រួល​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជាង​មនុស្ស។ ដោយ​សារ​ព្រះ​យេហូវ៉ា​តែង​តែ​ផ្ដល់​ការ​ណែនាំ​ដ៏​ល្អ​ឥត​ខ្ចោះ។ (​ចសព. ១៩:៧​) ប៉ុន្តែ មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​អំណាច​ឲ្យ​មិន​មែន​ល្អ​ឥត​ខ្ចោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​បាន​ផ្ដល់​អំណាច​មួយ​កម្រិត​ដល់​ឪពុក​ម្ដាយ ពួក​អាជ្ញាធរ និង​ពួក​អ្នក​ចាស់​ទុំ។ (​សុភ. ៦:២០; ១ថែ. ៥:១២; ១ពេ. ២:១៣, ១៤​) ពេល​យើង​ស្ដាប់​បង្គាប់​ពួក​គេ យើង​កំពុង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ស្ដាប់​បង្គាប់​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អំណាច ទោះ​ជា​ពេល​ខ្លះ​យើង​ប្រហែល​ជា​ពិបាក​ទទួល​យក​និង​ធ្វើ​តាម​ការ​ណែនាំ​របស់​ពួក​គេ​ក្ដី។

ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​របស់​អ្នក

៤. ហេតុ​អ្វី​កូន​ជា​ច្រើន​មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ?

៤ នៅ​ជុំ​វិញ​ប្អូន​ៗ​វ័យ​ក្មេង​មាន​មនុស្ស​ស្រករ​គ្នា​ដែល​ច្រើន​តែ​«​មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​»។ (​២ធី. ៣:១, ២​) ហេតុ​អ្វី​ពួក​គេ​ជា​ច្រើន​នាក់​មិន​ស្ដាប់​បង្គាប់? ពួក​គេ​ខ្លះ​គិត​ថា​ឪពុក​ម្ដាយ​ធ្វើ​ផ្ទុយ​ពី​អ្វី​ដែល​ពួក​គេ​ប្រាប់​កូន​របស់​ពួក​គេ​ឲ្យ​ធ្វើ ហើយ​កូន​ៗ​គិត​ថា​នេះ​គឺ​អយុត្តិធម៌។ ក្មេង​ខ្លះ​ទៀត​ចាត់​ទុក​ដំបូន្មាន​ឪពុក​ម្ដាយ​របស់​ពួក​គេ​ថា​ហួស​សម័យ គ្មាន​ប្រយោជន៍ ឬ​តឹង​រ៉ឹង​ហួស​ហេតុ​ពេក។ បើ​អ្នក​ជា​បុគ្គល​វ័យ​ក្មេង តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ឬ​ទេ? កូន​ៗ​ជា​ច្រើន​នាក់​ពិបាក​ធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​៖ ​«​ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក​ម្ចាស់ ព្រោះ​ធ្វើ​ដូច្នេះ​គឺ​សុចរិត​»។ (​អេភ. ៦:១​) ប៉ុន្តែ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ដូច្នេះ?

៥. ហេតុ​អ្វី​លោក​យេស៊ូ​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​អំពី​ការ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ ពេល​នៅ​ក្មេង? (​លូកា ២:៤៦​-​៥២​)

៥ អ្នក​អាច​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​ពី​គំរូ​ដ៏​ល្អ​បំផុត ពោល​គឺ​លោក​យេស៊ូ។ (​១ពេ. ២:២១​-​២៤​) លោក​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដែល​មាន​ឪពុក​ម្ដាយ​មិន​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ លោក​យេស៊ូ​នៅ​តែ​លើក​កិត្តិយស​ពួក​គាត់ ទោះ​ជា​ជួន​កាល​ពួក​គាត់​ធ្វើ​ខុស​ឬ​យល់​ច្រឡំ​អំពី​លោក​ក៏​ដោយ។ (​ដច. ២០:១២​) សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​លោក​យេស៊ូ​មាន​អាយុ​១២​ឆ្នាំ។ (​សូម​អាន លូកា ២:៤៦​-​៥២​) យ៉ូសែប​និង​ម៉ារៀ​មាន​ភារកិច្ច​ធ្វើ​ឲ្យ​ប្រាកដ​ថា​កូន​ទាំង​អស់​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ពី​បុណ្យ​មួយ​នា​ក្រុង​យេរូសាឡិម។ ប៉ុន្តែ ឪពុក​ម្ដាយ​របស់​លោក​យេស៊ូ​បាន​ទុក​លោក​ចោល​នៅ​ទី​នោះ។ ពេល​ដែល​យ៉ូសែប​និង​ម៉ារៀ​បាន​រក​ឃើញ​លោក​យេស៊ូ ម៉ារៀ​បាន​ស្ដី​បន្ទោស​លោក​ចំពោះ​ការ​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក។ លោក​យេស៊ូ​អាច​លើក​ឡើង​ថា​នេះ​គឺ​អយុត្តិធម៌។ តែ​ផ្ទុយ​ទៅ​វិញ លោក​បាន​តប​ឆ្លើយ​យ៉ាង​ខ្លី​ដោយ​ការ​គោរព។ យ៉ាង​ណា​ក្ដី យ៉ូសែប​និង​ម៉ារៀ​«​មិន​បាន​យល់​អត្ថន័យ​នៃ​ពាក្យ​របស់​កូន​ឡើយ​»។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​«​បន្ត​ស្ដាប់​បង្គាប់​ពួក​គាត់​»។

៦​-​៧. តើ​អ្វី​អាច​ជួយ​ប្អូន​ៗ​វ័យ​ក្មេង​ឲ្យ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ?

៦ ប្អូន​ៗ​វ័យ​ក្មេង តើ​ប្អូន​ធ្លាប់​ពិបាក​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ពេល​ពួក​គេ​ធ្វើ​ខុស​ឬ​ពេល​ពួក​គេ​យល់​ច្រឡំ​អំពី​ប្អូន​ឬ​ទេ? បើ​ដូច្នេះ តើ​អ្វី​អាច​ជួយ? ទី​១ សូម​គិត​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា។ គម្ពីរ​ចែង​ថា​ពេល​ប្អូន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ នេះ​«​នាំ​ឲ្យ​លោក​ម្ចាស់​ពេញ​ចិត្ត​»។ (​កូឡ. ៣:២០​) ព្រះ​យេហូវ៉ា​ដឹង​ពេល​ឪពុក​ម្ដាយ​របស់​ប្អូន​យល់​ច្រឡំ​អំពី​ប្អូន ឬ​ពេល​ពួក​គេ​បង្កើត​ច្បាប់​ដែល​មិន​ស្រួល​ធ្វើ​តាម។ ប៉ុន្តែ ពេល​ប្អូន​សម្រេច​ចិត្ត​ស្ដាប់​បង្គាប់​ពួក​គេ ប្អូន​ធ្វើ​ឲ្យ​លោក​សប្បាយ​រីករាយ។

៧ ទី​២ សូម​គិត​អំពី​អារម្មណ៍​របស់​ឪពុក​ម្ដាយ។ ពេល​ប្អូន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ ប្អូន​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​រីករាយ ហើយ​ពួក​គេ​ទុក​ចិត្ត​ប្អូន​ច្រើន​ជាង។ (​សុភ. ២៣:២២​-​២៥​) ប្អូន​ទំនង​ជា​នឹង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ពួក​គេ​ផង​ដែរ។ បង​ប្រុស​ម្នាក់​ឈ្មោះ​អាឡិចសង់ដ្រឺ ពី​ប្រទេស​បែលហ្ស៊ិក​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​តាម​សំណូម​ពរ​របស់​ឪពុក​ម្ដាយ​ខ្ញុំ​ច្រើន​ជាង យើង​កាន់​តែ​ជិត​ស្និទ្ធ​គ្នា ហើយ​សប្បាយ​រីករាយ​ជាង​មុន​»។b ទី​៣ សូម​គិត​អំពី​របៀប​ដែល​ការ​ស្ដាប់​បង្គាប់​របស់​ប្អូន​នៅ​ឥឡូវ​នេះ​នឹង​ជួយ​ប្អូន​នៅ​ពេល​ក្រោយ​មក។ ប្អូន​ប្រុស​ប៉ូឡូ​ដែល​រស់​នៅ​ប្រទេស​ប្រេស៊ីល និយាយ​ថា​៖ ​«​ការ​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ខ្ញុំ បាន​ជួយ​ខ្ញុំ​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​និង​អ្នក​ឯ​ទៀត​ដែល​មាន​អំណាច​»។ បណ្ដាំ​ព្រះ​ផ្ដល់​មូលហេតុ​ដ៏​មុត​មាំ​ឲ្យ​ប្អូន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ ដោយ​ចែង​ថា​៖ ​«​ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ និង​មាន​ជីវិត​យូរ​អង្វែង​នៅ​ផែន​ដី​»។—អេភ. ៦:២, ៣

៨. ហេតុ​អ្វី​យុវវ័យ​ជា​ច្រើន​សម្រេច​ចិត្ត​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ?

៨ មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​ឃើញ​ថា​ការ​ស្ដាប់​បង្គាប់​នាំ​ឲ្យ​ទទួល​លទ្ធផល​ល្អ។ ដំបូង ប្អូន​ស្រី​ឈ្មោះ​លូអ៊ីសា​ដែល​មក​ពី​ប្រទេស​ប្រេស៊ីល​ដែរ មិន​យល់​អំពី​មូលហេតុ​ដែល​ឪពុក​ម្ដាយ​របស់​គាត់​មិន​អនុញ្ញាត​ឲ្យ​គាត់​មាន​ទូរស័ព្ទ​អស់​មួយ​រយៈ​ពេល។ គាត់​បាន​វែក​ញែក​ថា ម៉េច​មនុស្ស​ភាគ​ច្រើន​ស្រករ​គាត់​អាច​មាន​ទូរស័ព្ទ តែ​គាត់​មិន​អាច​មាន​បាន។ ប៉ុន្តែ ក្រោយ​មក​គាត់​បាន​ទទួល​ស្គាល់​ថា​អ្វី​ដែល​ឪពុក​ម្ដាយ​គាត់​ធ្វើ​គឺ​ដើម្បី​ការ​ពារ​គាត់។ ឥឡូវ​គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ឃើញ​ថា​ការ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​មិន​មែន​ដូច​ជា​ការ​ពាក់​អាវ​រឹប​ដែល​រើ​មិន​រួច​ទេ តែ​គឺ​ដូច​ខ្សែ​ក្រ​វ៉ាត់​ការ​ពារ​ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ​»។ ប្អូន​ស្រី​ឈ្មោះ​អេលីសាបិត​ពី​សហរដ្ឋ​អាម៉េរិក​ជួន​កាល​ពិបាក​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។ គាត់​ពន្យល់​ថា​៖ ​«​ពេល​ខ្ញុំ​មិន​សូវ​យល់​មូលហេតុ​ដែល​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បង្កើត​ច្បាប់​នេះ​ឬ​ច្បាប់​នោះ ខ្ញុំ​គិត​អំពី​ពេល​ដែល​ច្បាប់​របស់​ពួក​គាត់​បាន​ការ​ពារ​ខ្ញុំ​កន្លង​មក​»។ ប្អូន​ស្រី​ឈ្មោះ​ម៉ូនីកា​ពី​ប្រទេស​អាមេនី និយាយ​ថា​គាត់​តែង​តែ​ទទួល​លទ្ធផល​ល្អ​ជាង​ពេល​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ជា​ជាង​មិន​ស្ដាប់​បង្គាប់​ពួក​គេ។

ចូរ​ស្ដាប់​បង្គាប់​«​ពួក​អាជ្ញាធរ​»​

៩. តើ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការ​ធ្វើ​តាម​ច្បាប់?

៩ មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ថា​យើង​ត្រូវ​ការ​ពួក​អាជ្ញាធរ ហើយ​ថា​យើង​គួរ​ធ្វើ​តាម​ច្បាប់​ខ្លះ​ដែល​បាន​កំណត់​ពី​«​ពួក​អាជ្ញាធរ​»​ទាំង​នោះ។ (​រ៉ូម ១៣:១​) ប៉ុន្តែ មនុស្ស​ទាំង​នោះ​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​តាម​ច្បាប់​ដែល​មើល​ទៅ​អយុត្តិធម៌​ឬ​តម្រូវ​ច្រើន​ពេក។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ការ​បង់​ពន្ធ។ នៅ​ប្រទេស​មួយ​នា​ទ្វីប​អឺរ៉ុប មនុស្ស​ជា​ច្រើន​គិត​ថា ​«​មិន​បង់​ពន្ធ​ក៏​មិន​ខុស​ដែរ​បើ​គិត​ថា​នោះ​គឺ​អយុត្តិធម៌​»។ មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​ប្រជាជន​នៅ​ប្រទេស​នោះ​បង់​ពន្ធ​តែ​ពីរ​ភាគ​បី​នៃ​ពន្ធ​ដែល​ត្រូវ​ជូន​ដល់​រដ្ឋាភិបាល។

ម៉ារៀជិះលើសត្វលាកាលដែលយ៉ូសែបដឹកនាំទៅក្រុងបេថ្លេហិម។ បណ្ដុំរូបភាព៖ ១. បងប្រុសម្នាក់មើលកុងទ័រឡានគាត់តាមល្បឿនកំណត់លើស្លាកសញ្ញា។ ២. បងប្រុសម្នាក់បំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូល។ ៣. បងស្រីម្នាក់ពាក់ម៉ាស ហើយរក្សាគម្លាតពេលនិយាយជាមួយពេទ្យនៅមន្ទីរពេទ្យមួយ។

តើ​យើង​រៀន​អ្វី​អំពី​ការ​ស្ដាប់​បង្គាប់​ពី​យ៉ូសែប​និង​ម៉ារៀ? ​(​សូម​មើល​វគ្គ​១០​-​១២​)​c

១០. ហេតុ​អ្វី​យើង​ធ្វើ​តាម​ច្បាប់ សូម្បី​តែ​ច្បាប់​ដែល​យើង​មិន​ចូល​ចិត្ត?

១០ គម្ពីរ​ទទួល​ស្គាល់​ថា​រដ្ឋាភិបាល​របស់​មនុស្ស​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សាថាន នាំ​ឲ្យ​មាន​ទុក្ខ​វេទនា ហើយ​មិន​យូរ​ទៀត​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​ចសព. ១១០:៥, ៦; អទ. ៨:៩; លូក. ៤:៥, ៦​) គម្ពីរ​ក៏​ប្រាប់​ដែរ​ថា​៖ ​«​អ្នក​ណា​ដែល​ប្រឆាំង​អំណាច​នោះ អ្នក​នោះ​កំពុង​ត​តាំង​នឹង​ការ​រៀប​ចំ​របស់​ព្រះ​»។ ឥឡូវ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ពួក​អាជ្ញាធរ​គ្រប់​គ្រង​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់ ហើយ​លោក​តម្រូវ​ឲ្យ​យើង​ស្ដាប់​បង្គាប់​ពួក​គេ។ ដូច្នេះ យើង​ត្រូវ​«​ជូន​ពួក​គេ​ទាំង​អស់​គ្នា​នូវ​អ្វី​ដែល​ពួក​គេ​គួរ​ទទួល​»​រួម​មាន​ពន្ធ ការ​គោរព និង​ការ​ស្ដាប់​បង្គាប់។ (​រ៉ូម ១៣:១​-​៧​) យើង​ប្រហែល​ជា​ចាត់​ទុក​ច្បាប់​ណា​មួយ​ថា​អយុត្តិធម៌ តម្រូវ​ឲ្យ​បង់​លុយ​ច្រើន ឬ​មិន​ស្រួល​ធ្វើ​តាម។ ប៉ុន្តែ យើង​ស្ដាប់​បង្គាប់​ពួក​អាជ្ញាធរ​ទាំង​នេះ ដោយ​សារ​ព្រះ​យេហូវ៉ា​ប្រាប់​យើង​ឲ្យ​ធ្វើ​ដូច្នេះ ដរាប​ណា​ពួក​គេ​មិន​សុំ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​បំពាន​បញ្ញត្តិ​របស់​លោក។—សកម្ម. ៥:២៩

១១​-​១២. តើ​យ៉ូសែប​និង​ម៉ារៀ​បាន​ធ្វើ​អ្វី​ដើម្បី​ធ្វើ​តាម​ច្បាប់​មួយ ហើយ​តើ​មាន​លទ្ធផល​អ្វី? (​លូកា ២:១​-​៦​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ យើង​អាច​រៀន​ពី​គំរូ​របស់​យ៉ូសែប​និង​ម៉ារៀ​ដែល​រង់​ចាំ​ធ្វើ​តាម​បង្គាប់​ពួក​អាជ្ញាធរ ទោះ​ជា​ពេល​មិន​ស្រួល​ឲ្យ​ធ្វើ​ដូច្នេះ​ក្ដី។ (​សូម​អាន លូកា ២:១​-​៦​) ពេល​ម៉ារៀ​មាន​ផ្ទៃ​ពោះ​ប្រហែល​៩​ខែ ការ​ស្ដាប់​បង្គាប់​របស់​ម៉ារៀ​និង​យ៉ូសែប​បាន​ត្រូវ​សាក​ល្បង។ អធិរាជ​អូគូស​បាន​ចេញ​ច្បាប់​ដែល​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ចក្រភព​រ៉ូម​ទៅ​ចុះ​បញ្ជី​ឈ្មោះ​នៅ​ស្រុក​កំណើត​របស់​ពួក​គេ។ យ៉ូសែប​និង​ម៉ារៀ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ក្រុង​បេថ្លេហិម ដែល​អាច​មាន​ចម្ងាយ​រហូត​ដល់​១៥០​គីឡូ​ម៉ែត្រ ហើយ​តម្រូវ​ឲ្យ​ឆ្លង​កាត់​តំបន់​ទី​ទួល។ ការ​ធ្វើ​ដំណើរ​នោះ​មិន​ស្រួល​ទេ ជា​ពិសេស​សម្រាប់​ម៉ារៀ។ គូ​ប្ដី​ប្រពន្ធ​នោះ​ប្រហែល​ជា​បារម្ភ​អំពី​សុវត្ថិភាព​របស់​នាង​និង​ទារក​នៅ​ក្នុង​ផ្ទៃ​របស់​នាង។ ចុះ​បើ​នាង​ស្រាប់​តែ​ឈឺ​ពោះ​កាល​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ? នាង​កំពុង​ពរ​ពោះ​អនាគត​មេស្ស៊ី​ក្នុង​ផ្ទៃ​របស់​នាង។ តើ​អ្វី​ទាំង​នោះ​ជា​លេស​ឲ្យ​ពួក​គាត់​មិន​ស្ដាប់​បង្គាប់​រដ្ឋាភិបាល​ឬ​ទេ?

១២ ទោះ​ជា​យ៉ូសែប​និង​ម៉ារៀ​អាច​មាន​ការ​ព្រួយ​បារម្ភ​ផ្សេង​ៗ​ក្ដី ពួក​គាត់​បាន​ធ្វើ​តាម​ច្បាប់​នោះ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ពួក​គាត់​ចំពោះ​ការ​ស្ដាប់​បង្គាប់។ ម៉ារៀ​បាន​ទៅ​ដល់​ក្រុង​បេថ្លេហិម​ដោយ​សុវត្ថិភាព បាន​សម្រាល​ទារក​ដែល​មាន​សុខភាព​ល្អ ហើយ​ថែម​ទាំង​បាន​ជួយ​សម្រេច​ទំនាយ​មួយ​ក្នុង​គម្ពីរ​ទៀត​ផង។—មីកា ៥:២

១៣. តើ​ការ​ស្ដាប់​បង្គាប់​របស់​យើង​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បង​ប្អូន​យើង?

១៣ ពេល​យើង​ស្ដាប់​បង្គាប់​ពួក​អាជ្ញាធរ យើង​ផ្ទាល់​ទទួល​ប្រយោជន៍ ហើយ​អ្នក​ឯ​ទៀត​ក៏​ទទួល​ប្រយោជន៍​ដែរ។ តើ​តាម​របៀប​ណា? របៀប​មួយ​គឺ យើង​ជៀស​វាង​លទ្ធផល​អាក្រក់​ដែល​មក​ពី​ការ​មិន​ធ្វើ​តាម​ច្បាប់។ (​រ៉ូម ១៣:៤​) ការ​ស្ដាប់​បង្គាប់​របស់​យើង​ម្នាក់​ៗ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​ពួក​អាជ្ញាធរ​ទៅ​លើ​សាក្សី​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ច្រើន​ឆ្នាំ​មុន​នៅ​ប្រទេស​នីហ្សេរីយ៉ា ពួក​ទាហាន​បាន​ចូល​ទៅ​សាល​ប្រជុំ​ដើម្បី​រក​មើល​ពួក​អ្នក​ដែល​ធ្វើ​បាតុកម្ម​មិន​ចង់​បង់​ពន្ធ។ ប៉ុន្តែ មេ​ទាហាន​ម្នាក់​បាន​ប្រាប់​ពួក​ទាហាន​ឲ្យ​ចាក​ចេញ ហើយ​និយាយ​ថា​៖ ​«​សាក្សី​ព្រះ​យេហូវ៉ា​តែង​តែ​បង់​ពន្ធ​»។ រាល់​ដង​ដែល​អ្នក​ធ្វើ​តាម​ច្បាប់ អ្នក​អាច​ជួយ​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​កាន់​តែ​ល្អ​ប្រសើរ​ឡើង ជា​កេរ្តិ៍​ឈ្មោះ​ដែល​ប្រហែល​ជា​នៅ​ថ្ងៃ​ណា​មួយ​អាច​ជួយ​ការ​ពារ​បង​ប្អូន​រួម​ជំនឿ​របស់​យើង។—ម៉ាថ. ៥:១៦

១៤. តើ​អ្វី​បាន​ជួយ​បង​ស្រី​ម្នាក់​ឲ្យ​«​រង់​ចាំ​ធ្វើ​តាម​បង្គាប់​»​នៃ​ពួក​អាជ្ញាធរ?

១៤ ប៉ុន្តែ យើង​ប្រហែល​ជា​មិន​តែង​តែ​ចង់​ស្ដាប់​បង្គាប់​ពួក​អាជ្ញាធរ​ទេ។ បង​ស្រី​ចូអាណា​នៅ​សហរដ្ឋ​អាម៉េរិក​សារភាព​ថា​៖ ​«​គឺ​ពិបាក​ណាស់​ឲ្យ​ខ្ញុំ​ស្ដាប់​បង្គាប់ ដោយ​សារ​សមាជិក​ខ្លះ​ក្នុង​ក្រុម​គ្រួសារ​ខ្ញុំ​បាន​រង​អំពើ​អយុត្តិធម៌​ពី​ពួក​អាជ្ញាធរ​»។ ប៉ុន្តែ បង​ចូអាណា​បាន​សម្រេច​ចិត្ត​ថា គាត់​ត្រូវ​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​របស់​គាត់​ចំពោះ​ពួក​អាជ្ញាធរ។ ដូច្នេះ គាត់​បាន​ធ្វើ​ដូច​ត​ទៅ​នេះ​៖ ទី​១ គាត់​ឈប់​អាន​ព័ត៌មាន​ដែល​គេ​បង្ហោះ​លើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា​ដែល​និយាយ​ប្រឆាំង​នឹង​ពួក​អាជ្ញាធរ។ (​សុភ. ២០:៣​) ទី​២ គាត់​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​គាត់​អាច​មាន​ទំនុក​ចិត្ត​លើ​លោក ជា​ជាង​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​នៃ​រដ្ឋាភិបាល​របស់​មនុស្ស។ (​ចសព. ៩:៩, ១០​) ទី​៣ គាត់​អាន​អត្ថបទ​ក្នុង​សៀវភៅ​របស់​យើង​អំពី​អព្យាក្រឹតភាព។ (​យ៉ូន. ១៧:១៦​) បង​ចូអាណា​និយាយ​ថា ដោយ​សារ​គាត់​គោរព​និង​ស្ដាប់​បង្គាប់​ពួក​អាជ្ញាធរ ឥឡូវ​គាត់​មាន​អារម្មណ៍​ស្ងប់​ចិត្ត​និង​ស្កប់​ចិត្ត​ជា​ខ្លាំង។

ចូរ​ធ្វើ​តាម​ការ​ណែនាំ​ពី​អង្គការ​ព្រះ​យេហូវ៉ា

១៥. ហេតុ​អ្វី​យើង​ប្រហែល​ជា​ពិបាក​ធ្វើ​តាម​ការ​ណែនាំ​ដែល​មក​ពី​អង្គការ​ព្រះ​យេហូវ៉ា?

១៥ ព្រះ​យេហូវ៉ា​សុំ​យើង​ឲ្យ​«​ស្ដាប់​បង្គាប់ ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក​ដែល​នាំ​មុខ​»​ក្នុង​ក្រុម​ជំនុំ។ (​ហេ. ១៣:១៧​) ទោះ​ជា​អ្នក​ដឹក​នាំ​របស់​យើង​លោក​យេស៊ូ​គឺ​ល្អ​ឥត​ខ្ចោះ​ក្ដី ពួក​អ្នក​ដែល​លោក​ប្រើ​ដើម្បី​នាំ​មុខ​នៅ​ផែន​ដី​មិន​ល្អ​ឥត​ខ្ចោះ​ទេ។ យើង​ប្រហែល​ជា​ពិបាក​ស្ដាប់​បង្គាប់​ពួក​គេ ជា​ពិសេស​បើ​ពួក​គេ​សុំ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​មិន​ចង់​ធ្វើ។ សាវ័ក​ពេត្រុស​ធ្លាប់​ស្ទាក់​ស្ទើរ​ក្នុង​ការ​ស្ដាប់​បង្គាប់។ ពេល​ទេវតា​មួយ​រូប​បាន​ប្រាប់​គាត់​ឲ្យ​បរិភោគ​សត្វ​ដែល​មិន​ស្អាត​ក្រោម​ច្បាប់​ម៉ូសេ ពេត្រុស​បាន​បដិសេធ​មិន​មែន​មួយ​ដង តែ​បី​ដង។ (​សកម្ម. ១០:៩​-​១៦​) ហេតុ​អ្វី? ពីព្រោះ​ការ​ណែនាំ​ថ្មី​នោះ​មិន​សម​ហេតុ​សម​ផល​ចំពោះ​គាត់ ហើយ​គឺ​ខុស​គ្នា​ពី​អ្វី​ដែល​គាត់​ធ្លាប់​ធ្វើ​ពី​មុន។ បើ​ពេត្រុស​ពិបាក​ធ្វើ​តាម​ការ​ណែនាំ​ពី​ទេវតា​ល្អ​ឥត​ខ្ចោះ គឺ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​ជួន​កាល​យើង​ប្រហែល​ជា​ពិបាក​ធ្វើ​តាម​ការ​ណែនាំ​ពី​បុរស​មិន​ល្អ​ឥត​ខ្ចោះ។

១៦. ទោះ​ជា​សាវ័ក​ប៉ូល​អាច​ចាត់​ទុក​ការ​ណែនាំ​ដែល​គាត់​បាន​ទទួល​ថា​មិន​សម​ហេតុ​សម​ផល​ក្ដី តើ​គាត់​បាន​ធ្វើ​អ្វី? (​សកម្មភាព ២១:២៣, ២៤, ២៦​)

១៦ សាវ័ក​ប៉ូល​«​រង់​ចាំ​ធ្វើ​តាម​បង្គាប់​»​ ទោះ​ជា​ពេល​គាត់​បាន​ទទួល​ការ​ណែនាំ​ដែល​គាត់​ប្រហែល​ជា​មាន​អារម្មណ៍​ថា​មិន​សម​ហេតុ​សម​ផល​ក្ដី។ គ្រិស្ត​សាសនិក​ជនជាតិ​យូដា​បាន​ឮ​ពាក្យ​ចចាមអារ៉ាម​អំពី​ប៉ូល​ថា គាត់​កំពុង​ផ្សព្វ​ផ្សាយ​«​ឲ្យ​បោះ​បង់​ចោល​ច្បាប់​ម៉ូសេ​»​ និង​មើល​ងាយ​ច្បាប់​នោះ។ (​សកម្ម. ២១:២១​) ពួក​គ្រិស្ត​សាសនិក​ដែល​ជា​បុរស​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​ប្រាប់​ប៉ូល​ឲ្យ​យក​បុរស​បួន​នាក់​ទៅ​វិហារ និង​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​តាម​ច្បាប់​ដើម្បី​បង្ហាញ​ថា​គាត់​ធ្វើ​តាម​ច្បាប់។ ប៉ុន្តែ ប៉ូល​បាន​ដឹង​ថា​គ្រិស្ត​សាសនិក​លែង​នៅ​ក្រោម​ច្បាប់​នោះ​ទៀត​ហើយ ហើយ​ថា​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ដែល​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ប៉ូល​មិន​ស្ទាក់​ស្ទើរ​ឡើយ។ ​«​លុះ​ស្អែក​ឡើង ប៉ូល​បាន​យក​បុរស​ទាំង​នោះ​ទៅ​ជា​មួយ ក៏​បាន​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​តាម​ច្បាប់​ជា​មួយ​នឹង​ពួក​គេ​»។ (​សូម​អាន សកម្មភាព ២១:២៣, ២៤, ២៦​) ការ​ស្ដាប់​បង្គាប់​របស់​ប៉ូល​បាន​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព។—រ៉ូម ១៤:១៩, ២១

១៧. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ស្តេហ្វានី?

១៧ នៅ​ពេល​មួយ បង​ស្រី​ម្នាក់​ឈ្មោះ​ស្តេហ្វានី​ពិបាក​ទទួល​យក​ការ​សម្រេច​ចិត្ត​របស់​បង​ប្រុស​ៗ​នៅ​ការិយាល័យ​សាខា។ គាត់​និង​ប្ដី​របស់​គាត់​បម្រើ​យ៉ាង​សប្បាយ​ក្នុង​ក្រុម​ភាសា​បរទេស​មួយ។ បន្ទាប់​មក ការិយាល័យ​សាខា​បាន​រំសាយ​ក្រុម​នោះ ហើយ​ប្ដី​ប្រពន្ធ​នោះ​បាន​ត្រូវ​ចាត់​ឲ្យ​ត្រឡប់​ទៅ​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​កំណើត​របស់​ពួក​គេ​វិញ។ បង​ស្តេហ្វានី​សារភាព​ថា​៖ ​«​ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ។ ខ្ញុំ​មិន​ជឿ​ជាក់​ថា​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​កំណើត​របស់​យើង​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​ទេ​»។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គាត់​បាន​សម្រេច​ចិត្ត​គាំទ្រ​ការ​ណែនាំ​ថ្មី​នោះ។ គាត់​និយាយ​ថា​៖ ​«​ក្រោយ​មក ខ្ញុំ​បាន​យល់​អំពី​មូលហេតុ​ដែល​ការ​សម្រេច​ចិត្ត​របស់​បង​ប្រុស​ៗ​នោះ​គឺ​ឈ្លាស​វៃ។ ព្រោះ​ឥឡូវ​យើង​ដូច​ជា​ឪពុក​ម្ដាយ​ចំពោះ​បង​ប្អូន​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង​ដែល​មិន​មាន​ក្រុម​គ្រួសារ​នៅ​ក្នុង​សេចក្ដី​ពិត។ ខ្ញុំ​កំពុង​សិក្សា​ជា​មួយ​បង​ស្រី​ដែល​ទើប​តែ​មាន​សកម្មភាព​ឡើង​វិញ ហើយ​ឥឡូវ​ខ្ញុំ​មាន​ពេល​ច្រើន​ជាង​សម្រាប់​សិក្សា​ផ្ទាល់​ខ្លួន​»។ គាត់​បន្ថែម​ថា​៖ ​«​ខ្ញុំ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​ដោយ​ដឹង​ថា​ខ្ញុំ​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ស្ដាប់​បង្គាប់​»។

១៨. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ស្ដាប់​បង្គាប់?

១៨ យើង​អាច​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់។ លោក​យេស៊ូ​«​បាន​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​»​មិន​មែន​ដោយ​សារ​លោក​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ទេ ប៉ុន្តែ​«​ដោយ​សារ​អ្វី​ៗ​ដែល​លោក​បាន​រង​ទុក្ខ​»។ (​ហេ. ៥:៨​) ដូច​លោក​យេស៊ូ យើង​ច្រើន​តែ​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ​-​១៩​បាន​ផ្ទុះ​ឡើង​ដំបូង​ៗ កាល​ដែល​យើង​បាន​ត្រូវ​សុំ​ឲ្យ​ឈប់​ជួប​ជុំ​គ្នា​នៅ​សាល​ប្រជុំ និង​ផ្អាក​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តើ​អ្នក​ពិបាក​ធ្វើ​តាម​ឬ​ទេ? ទោះ​ជា​អ្នក​មាន​អារម្មណ៍​ពិបាក​ក្ដី ការ​ស្ដាប់​បង្គាប់​របស់​អ្នក​បាន​ការ​ពារ​អ្នក បាន​ជួយ​អ្នក​ឲ្យ​មាន​សាមគ្គីភាព​ជា​មួយ​បង​ប្អូន​រួម​ជំនឿ និង​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ឥឡូវ យើង​ទាំង​អស់​គ្នា​បាន​ត្រៀម​ខ្លួន​ល្អ​ប្រសើរ​ជាង​ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​ណា​ដែល​យើង​ទទួល​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ការ​ធ្វើ​តាម​ការ​ណែនាំ​ទាំង​នោះ​នឹង​សង្គ្រោះ​ជីវិត​យើង។—យ៉ូប ៣៦:១១

១៩. ហេតុ​អ្វី​អ្នក​ចង់​ស្ដាប់​បង្គាប់?

១៩ យើង​បាន​រៀន​ថា​ការ​ស្ដាប់​បង្គាប់​នាំ​ឲ្យ​ទទួល​ពរ​ជា​បរិបូរ។ ប៉ុន្តែ មូលហេតុ​សំខាន់​ចម្បង​ដែល​យើង​សម្រេច​ចិត្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា គឺ​ដោយ​សារ​យើង​ស្រឡាញ់​លោក ហើយ​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ (​១យ៉ូន. ៥:៣​) យើង​មិន​អាច​តប​ស្នង​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​សម្រាប់​យើង​ទេ។ (​ចសព. ១១៦:១២​) ប៉ុន្តែ យើង​អាច​ស្ដាប់​បង្គាប់​លោក​និង​ពួក​អ្នក​ដែល​មាន​អំណាច​លើ​យើង។ បើ​យើង​ស្ដាប់​បង្គាប់ យើង​បង្ហាញ​ថា​យើង​មាន​ប្រាជ្ញា ហើយ​បុគ្គល​ដែល​មាន​ប្រាជ្ញា​ធ្វើ​ឲ្យ​ចិត្ត​ព្រះ​យេហូវ៉ា​ត្រេក​អរ។—សុភ. ២៧:១១

តើ​អ្វី​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្ដាប់​បង្គាប់ . . .

  • ឪពុក​ម្ដាយ​របស់​យើង​ពេល​យើង​នៅ​ក្មេង?

  • ​«​ពួក​អាជ្ញាធរ​»​?

  • ការ​ណែនាំ​ពី​អង្គការ​ព្រះ​យេហូវ៉ា?

ចម្រៀង​លេខ​៨៩ បើ​អ្នក​ស្ដាប់​បង្គាប់ អ្នក​នឹង​ទទួល​ពរ​បវរ

a ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ជួន​កាល​យើង​ពិបាក​ស្ដាប់​បង្គាប់ សូម្បី​តែ​ពេល​ដែល​បុគ្គល​ដែល​ឲ្យ​ការ​ណែនាំ​ដល់​យើង​មាន​សិទ្ធិ​ធ្វើ​ដូច្នេះ​ក្ដី។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ប្រយោជន៍​ដែល​យើង​ទទួល​ពេល​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ ​«​ពួក​អាជ្ញាធរ​»​ និង​បង​ប្រុស​ៗ​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។

b ដើម្បី​ទទួល​យោបល់​អំពី​របៀប​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​អំពី​ច្បាប់​ដែល​ប្អូន​ពិបាក​ធ្វើ​តាម សូម​មើល​សំណួរ​ទី​៣ ​«​តើ​ខ្ញុំ​អាច​និយាយ​យ៉ាង​ណា​ឲ្យ​ឪពុក​ម្ដាយ​យល់​ចិត្ត​ខ្ញុំ?​»​ក្នុង​សៀវភៅ​ស្ដើង​ចម្លើយ​ចំពោះ​១០​សំណួរ​ពី​ពួក​យុវវ័យ។

c ការ​ពណ៌នា​អំពី​រូប​ភាព​៖ យ៉ូសែប​និង​ម៉ារៀ​បាន​ធ្វើ​តាម​បង្គាប់​របស់​សេសារ​ដែល​ឲ្យ​ទៅ​ចុះ​បញ្ជី​នៅ​ក្រុង​បេថ្លេហិម។ នៅ​សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ធ្វើ​តាម​ច្បាប់​ចរាចរណ៍ ច្បាប់​អំពី​ការ​បង់​ពន្ធ និង​ការ​ណែនាំ​អំពី​សុខភាព​ដែល​«​ពួក​អាជ្ញាធរ​»​កំណត់​ឲ្យ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក