បណ្ដាស្ដេចទី១
៩ មិនយូរក្រោយពីសាឡូម៉ូនបានសាងសង់វិហាររបស់ព្រះយេហូវ៉ា និងវិមានរបស់គាត់+ ព្រមទាំងអ្វីៗទាំងអស់ដែលគាត់មានបំណងចង់សាងសង់បានរួចរាល់ហើយ+ ២ ព្រះយេហូវ៉ាបានលេចមកជួបសាឡូម៉ូនជាលើកទី២ ដូចកាលដែលលោកបានលេចមកជួបគាត់នៅឯគីបៀនដែរ។+ ៣ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់គាត់ថា៖ «ខ្ញុំបានឮសេចក្ដីអធិដ្ឋាននិងពាក្យអង្វរសុំដែលអ្នកបាននិយាយមកខ្ញុំហើយ។ ខ្ញុំក៏បានញែកវិហារដែលអ្នកបានសាងសង់នេះទុកជាបរិសុទ្ធសម្រាប់នាមខ្ញុំនៅទីនេះរហូតតទៅ+ ហើយខ្ញុំនឹងថែរក្សាការពារវិហារនេះជានិច្ច។+ ៤ ឯអ្នកវិញ បើអ្នកដើរតាមខ្ញុំដោយស្មោះអស់ពីចិត្ត+ និងដោយទៀងត្រង់+ដូចដាវីឌឪពុករបស់អ្នក+ ហើយកាន់តាមបង្គាប់និងបញ្ញត្តិរបស់ខ្ញុំ+ ព្រមទាំងគោរពតាមការវិនិច្ឆ័យរបស់ខ្ញុំ+ ៥ នោះខ្ញុំនឹងតាំងបល្ល័ង្កនៃរាជាណាចក្ររបស់អ្នកលើប្រជាជាតិអ៊ីស្រាអែលឲ្យនៅជាប់ជារៀងរហូត ដូចខ្ញុំបានសន្យានឹងដាវីឌឪពុកអ្នកថា៖ ‹ពូជពង្សរបស់អ្នកតែងតែអង្គុយលើបល្ល័ង្កនៃអ៊ីស្រាអែល›។+ ៦ ប៉ុន្តែ បើអ្នកនិងកូនៗរបស់អ្នកឈប់ដើរតាមខ្ញុំ ហើយឈប់ធ្វើតាមច្បាប់និងបញ្ញត្តិដែលខ្ញុំបានឲ្យដល់អ្នករាល់គ្នា ហើយបែរទៅបម្រើព្រះឯទៀតនិងក្រាបគោរពដល់ព្រះទាំងនោះវិញ+ ៧ នោះខ្ញុំនឹងកាត់ប្រជាជាតិអ៊ីស្រាអែលចេញពីទឹកដីដែលខ្ញុំបានឲ្យដល់ពួកគេ+ ហើយវិហារដែលខ្ញុំបានញែកជាបរិសុទ្ធសម្រាប់នាមខ្ញុំ នោះខ្ញុំនឹងបោះបង់ចោលដែរ+ ហើយប្រជាជាតិអ៊ីស្រាអែលនឹងត្រូវប្រជាជាតិទាំងឡាយមើលងាយមើលថោក។+ ៨ វិហារនេះនឹងទៅជាគំនរបាក់បែក។+ ឯមនុស្សគ្រប់រូបដែលដើរឆ្លងកាត់វិហារនោះនឹងស្រឡាំងកាំង ហើយនឹកហួសចិត្ត ទាំងពោលថា៖ ‹ហេតុដូចម្ដេចបានជាព្រះយេហូវ៉ាធ្វើដូច្នេះចំពោះស្រុកនិងវិហារនេះ?›។+ ៩ រួចមក អ្នកទាំងនោះនឹងនិយាយថា៖ ‹នេះគឺមកពីពួកគេបានបោះបង់ចោលព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ដែលបាននាំបុព្វបុរសពួកគេចេញពីស្រុកអេហ្ស៊ីបមក ហើយពួកគេបែរទៅរកព្រះឯទៀត ព្រមទាំងក្រាបគោរពនិងបម្រើព្រះទាំងនោះ។ ហេតុនេះហើយបានជាព្រះយេហូវ៉ានាំឲ្យពួកគេមានទុក្ខវេទនាបែបនេះ›»។+
១០ លុះផុត២០ឆ្នាំ ក្រោយពីសាឡូម៉ូនបានសាងសង់វិហាររបស់ព្រះយេហូវ៉ា និងវិមានរបស់គាត់រួចរាល់ហើយ+ ១១ ស្ដេចសាឡូម៉ូនបានឲ្យក្រុងចំនួន២០ក្នុងទឹកដីកាលីឡេដល់ហ៊ីរ៉ាម+ជាស្ដេចក្រុងទីរ៉ុស។ គាត់បានឲ្យ ដោយសារហ៊ីរ៉ាមបានផ្ដល់ឈើស៊ីដារនិងឈើយូនីពើ*ឲ្យគាត់ ព្រមទាំងមាសជាច្រើនតាមបំណងគាត់។+ ១២ ប៉ុន្តែ ពេលហ៊ីរ៉ាមចេញពីក្រុងទីរ៉ុសទៅមើលក្រុងដែលសាឡូម៉ូនបានប្រគល់ឲ្យនោះ គាត់មិនពេញចិត្តនឹងក្រុងទាំងនោះទេ។ ១៣ រួចគាត់បានស្រដីថា៖ «ប្អូនអើយ! ហេតុអ្វីបានជាប្រគល់ក្រុងបែបនេះឲ្យខ្ញុំ?»។ ដូច្នេះ គេបានហៅកន្លែងទាំងនោះថាទឹកដីកាបួល* រហូតមកដល់សព្វថ្ងៃ។ ១៤ នៅគ្រានោះ ហ៊ីរ៉ាមបានផ្ញើមាស១២០ថាលិន*ឲ្យសាឡូម៉ូន។+
១៥ ស្ដេចសាឡូម៉ូនបានកែនបណ្ដាជនមកធ្វើការឲ្យគាត់+ គឺដើម្បីសាងសង់វិហាររបស់ព្រះយេហូវ៉ា+ វិមានរបស់គាត់ មិឡូ*+ កំពែងក្រុងយេរូសាឡិម ក្រុងហាសោ+ ក្រុងមេគីដោ+ និងក្រុងគីសឺ។+ ១៦ (ក្រុងគីសឺបានត្រូវផារ៉ូស្ដេចស្រុកអេហ្ស៊ីបដណ្ដើមយក ហើយក្រោយមក គាត់បានដុតបំផ្លាញក្រុងនោះ និងបានសម្លាប់ជនជាតិកាណាន+ដែលរស់នៅក្រុងនោះ។ ផារ៉ូក៏បានឲ្យក្រុងនោះជាអំណោយដល់កូនស្រីគាត់+ គឺប្រពន្ធរបស់សាឡូម៉ូន)។ ១៧ សាឡូម៉ូនបានសង់ក្រុងគីសឺឡើងវិញ ព្រមទាំងសង់ក្រុងបេតហូរ៉ុនផ្នែកខាងក្រោម+ ១៨ និងក្រុងបាឡាថ+ ថែមទាំងក្រុងថេម៉ាដែលនៅតំបន់ស្ងាត់ជ្រងំនៅក្នុងស្រុក។ ១៩ បន្ថែមទៅទៀត សាឡូម៉ូនក៏បានសង់ក្រុងខ្លះទុកធ្វើជាឃ្លាំង ក្រុងខ្លះទុកដាក់រទេះចម្បាំង+ និងក្រុងខ្លះសម្រាប់ពលសេះ។ សាឡូម៉ូនក៏បានសង់អ្វីទាំងអស់តាមបំណងប្រាថ្នារបស់គាត់ នៅក្រុងយេរូសាឡិម នៅតំបន់ភ្នំលីបង់ និងនៅក្នុងស្រុកទាំងអស់ដែលជាចំណុះគាត់។ ២០ ចំណែកឯកូនចៅរបស់ជនជាតិមួយចំនួនដែលនៅសល់ គឺជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស+ ពួកគេមិនរាប់បញ្ចូលក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ។+ ២១ សាឡូម៉ូនបានកែនពួកគេមកធ្វើការជាខ្ញុំបម្រើរហូតដល់សព្វថ្ងៃ គឺពួកអ្នកដែលជនជាតិអ៊ីស្រាអែលមិនអាចបំផ្លាញចោលពីមុន។+ ២២ ប៉ុន្តែ សាឡូម៉ូនមិនតម្រូវឲ្យជនជាតិអ៊ីស្រាអែលណាម្នាក់ធ្វើជាខ្ញុំបម្រើទេ+ ព្រោះពួកគេជាទាហានអង់អាច ជាអ្នកបម្រើរបស់ស្ដេច ជាអភិបាល ជានាយទាហាន ជាមេកងពលរទេះចម្បាំង និងមេកងពលសេះ។ ២៣ ឯមេលើពួកអ្នកត្រួតពិនិត្យកិច្ចការទាំងប៉ុន្មានរបស់សាឡូម៉ូន មានចំនួន៥៥០នាក់ ពួកគេត្រួតត្រាលើពួកកំណែនដែលកំពុងធ្វើកិច្ចការសាងសង់នោះ។+
២៤ ក្រោយមក កូនស្រីរបស់ផារ៉ូ+បានរើចេញពីក្រុងដាវីឌ+ទៅនៅវិមានដែលសាឡូម៉ូនបានសង់ឲ្យនាង។ រួចមកសាឡូម៉ូនបានសង់មិឡូ។*+
២៥ សាឡូម៉ូនបានជូនគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាព ក្នុងមួយឆ្នាំបីដង+ នៅលើទីបូជាដែលគាត់បានសង់ជូនព្រះយេហូវ៉ា។+ គាត់ក៏បានដុតគ្រឿងបូជាឲ្យផ្សែងហុយឡើងនៅចំពោះព្រះយេហូវ៉ាដែរ។ គាត់បានសង់វិហាររបស់ព្រះចប់សព្វគ្រប់។+
២៦ ម្យ៉ាងទៀត ស្ដេចសាឡូម៉ូនក៏បានធ្វើសំពៅជាច្រើននៅអេស៊ានកេបឺ+ ដែលនៅក្បែរអេឡូត នៅឆ្នេរសមុទ្រក្រហម ក្នុងស្រុកអេដំ។+ ២៧ ហ៊ីរ៉ាមបានចាត់អ្នកបម្រើរបស់គាត់ដែលជាអ្នកជំនាញខាងសមុទ្រ+ ឲ្យទៅធ្វើការជាមួយនឹងអ្នកបម្រើរបស់សាឡូម៉ូនក្នុងសំពៅទាំងនោះ។ ២៨ ពួកគេបានធ្វើដំណើរទៅអូភា+ រួចបាននាំយកមាស៤២០ថាលិន មកជូនដល់ស្ដេចសាឡូម៉ូន។