យេរេមា
៦ ឱកូនចៅបេនយ៉ាមីនអើយ! ចូររកកន្លែងជ្រកឲ្យឆ្ងាយពីក្រុងយេរូសាឡិមទៅ។ ចូរផ្លុំស្នែង+នៅក្រុងថេកូអា+
ហើយដុតភ្លើងធ្វើជាសញ្ញានៅលើបេតហាកេរែមចុះ!
ព្រោះអន្តរាយពីទិសខាងជើងជិតមកដល់ហើយ ជាសេចក្ដីហិនវិនាសដ៏ធំ។+
២ ឯកូនស្រីនៃក្រុងស៊ីយ៉ូន* នាងដូចជាស្រីល្វតល្វន់ស្រស់ស្អាត។+
៣ ពួកគង្វាលនឹងមកជាមួយនឹងហ្វូងសត្វរបស់ពួកគេជាក្រុមៗ។
ពេលមកដល់ ពួកគេនឹងដំឡើងត្រសាលនៅជុំវិញនាង+
ហើយឲ្យហ្វូងសត្វស៊ីចំណីនៅកន្លែងរៀងៗខ្លួន។+
៤ «ចូរត្រៀមច្បាំងនឹងនាងទៅ!
នៅពេលថ្ងៃត្រង់ ចូរយើងក្រោកឡើង ហើយវាយប្រហារនាង!»។
«វរហើយ! ព្រោះថ្ងៃកាន់តែជ្រេហើយ ឯយប់ក៏កាន់តែងងឹតដែរ»។
៥ «ចូរយើងក្រោកឡើង ហើយវាយប្រហារនាងនៅពេលយប់
ហើយបំផ្លាញប៉មរឹងមាំទាំងប៉ុន្មានរបស់នាងទៅ»។+
៦ ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖
«ចូរកាប់ដើមឈើ ហើយលើកដីឡើងកំពែងដើម្បីចូលវាយលុកក្រុងយេរូសាឡិមទៅ+
ក្រុងនោះត្រូវទទួលខុសត្រូវចំពោះទោសកំហុសខ្លួន
ព្រោះក្នុងក្រុងនោះមានសុទ្ធតែការសង្កត់សង្កិនប៉ុណ្ណោះ។+
៧ ដូចអណ្ដូងជាប្រភពនៃទឹកត្រជាក់ នាងក៏ជាប្រភពនៃសេចក្ដីទុច្ចរិតដែរ។
ក្នុងក្រុងនោះឮតែអំពើហិង្សា និងការបំផ្លិចបំផ្លាញ+
ថែមទាំងមានជំងឺនិងទុក្ខវេទនាឥតស្រាកស្រាន្តនៅចំពោះមុខខ្ញុំ។
៨ ឱក្រុងយេរូសាឡិមអើយ! ចូរភ្ញាក់ខ្លួនឡើង! បើមិនដូច្នោះទេខ្ញុំនឹងបែរចេញពីនាងដោយស្អប់ខ្ពើម+
ខ្ញុំនឹងធ្វើឲ្យនាងក្លាយទៅជាកន្លែងដែលគេទុកចោលគ្មានអ្នកណារស់នៅទៀត»។+
៩ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖
«ពួកគេនឹងប្រមូលពួកអ៊ីស្រាអែលដែលនៅសល់ ដូចជាប្រមូលផលផ្លែទំពាំងបាយជូរចុងក្រោយ។
ចូរលូកដៃទៅប្រឡេះម្ដងទៀត ដូចអ្នកប្រឡេះផ្លែពីដើមទំពាំងបាយជូរ»។
១០ «តើខ្ញុំគួរព្រមានអ្នកណាទៅ? តើអ្នកណានឹងស្ដាប់ខ្ញុំ?
មើល! ពួកគេបានខ្ទប់ត្រចៀកខ្លួន ដើម្បីកុំឲ្យស្ដាប់ឮ។+
មើល! ពួកគេបានមើលងាយពាក្យសម្ដីរបស់ព្រះយេហូវ៉ា+
ហើយមិនពេញចិត្តនឹងប្រសាសន៍របស់លោកទេ។
១១ ដូច្នេះ ខ្លួនខ្ញុំមានពេញទៅដោយកំហឹងរបស់ព្រះយេហូវ៉ា រហូតដល់ទប់លែងបាន»។+
លោកក៏ប្រាប់ថា៖ «ចូរបញ្ចេញកំហឹងខ្ញុំទៅលើកូនក្មេងនៅតាមផ្លូវទៅ+
និងទៅលើក្រុមយុវជនដែលបានមកជួបជុំគ្នា។
ពួកគេទាំងអស់នឹងត្រូវចាប់យកទៅធ្វើជាឈ្លើយ គឺទាំងប្ដីទាំងប្រពន្ធ
ទាំងបុរសវ័យចាស់ ទាំងមនុស្សចាស់ជរា។+
១២ អ្នកឯទៀតនឹងដណ្ដើមយកផ្ទះសម្បែង ស្រែចម្ការ និងប្រពន្ធរបស់ពួកគេ+
ព្រោះខ្ញុំនឹងលើកដៃទៅទាស់នឹងពួកអ្នកស្រុកនោះ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១៣ «ចាប់ពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត ពួកគេទាំងអស់សុទ្ធតែរកស៊ីមិនទៀងត្រង់+
ហើយចាប់ពីពួកអ្នកប្រកាសទំនាយទៅដល់ពួកសង្ឃពួកគេសុទ្ធតែជាជនបោកប្រាស់។+
១៤ ពួកគេធ្វើឲ្យរបួសរាស្ត្រខ្ញុំជាសះតែបន្តិចបន្តួចទេ ដោយនិយាយថា៖
‹មានសន្តិភាពហើយ! មានសន្តិភាពហើយ!› តែតាមពិតគ្មានទាល់តែសោះ។+
១៥ តើពួកគេអៀនខ្មាសចំពោះអំពើដ៏គួរឲ្យស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្តឬទេ?
ពួកគេគ្មានការអៀនខ្មាសទាល់តែសោះ!
គឺពួកគេមិនទាំងដឹងថាការអៀនខ្មាសជាអ្វីផង។+
ហេតុនេះ ពួកគេនឹងដួលក្នុងចំណោមពួកអ្នកដែលបានដួលរួចហើយ។
ពេលខ្ញុំដាក់ទោសពួកគេ ពួកគេនឹងជំពប់ដួលជាមិនខាន»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។
១៦ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ចូរឈរនៅផ្លូវបំបែក ហើយសម្លឹងមើល។
បន្ទាប់មក ចូរសួររកផ្លូវពីចាស់បុរាណដែលជាផ្លូវដ៏ល្អ រួចដើរតាមផ្លូវនោះចុះ+
ដើម្បីអ្នកអាចរកកន្លែងសម្រាកសម្រាប់ខ្លួន»។
ប៉ុន្តែ ពួកគេនិយាយថា៖ «យើងនឹងមិនដើរតាមផ្លូវនោះជាដាច់ខាត»។+
១៧ «ខ្ញុំក៏បានតែងតាំងពួកអ្នកយាម+ ហើយពួកគេបាននិយាយថា៖
‹ចូរប្រុងស្ដាប់សំឡេងផ្លុំស្នែងទៅ!›»។+
ប៉ុន្តែ បណ្ដាជនឆ្លើយថា៖ «យើងមិនស្ដាប់ទេ!»។+
១៨ «ដូច្នេះ ឱប្រជាជាតិទាំងឡាយអើយ! ចូរស្ដាប់ចុះ!
ឱពួកជំនុំអើយ! ចូរផ្ទៀងត្រចៀកស្ដាប់
ដើម្បីដឹងអំពីអ្វីដែលនឹងកើតឡើងចំពោះពួកគេ។
១៩ ឱផែនដីអើយ! ចូរត្រងត្រាប់ស្ដាប់!
ខ្ញុំនឹងបណ្ដាលឲ្យមានសេចក្ដីវេទនាមកលើប្រជាជាតិនេះ+
ជាផលដែលពួកគេបានសាបព្រោះ
ព្រោះពួកគេមិនបានយកចិត្តទុកដាក់ស្ដាប់ពាក្យសម្ដីរបស់ខ្ញុំទេ
ហើយក៏មិនបានធ្វើតាមច្បាប់*របស់ខ្ញុំដែរ»។
២០ «ម្សៅក្រអូបដែលអ្នកយកមកពីស្រុកសេបា
និងឈើក្រអូប*ដែលអ្នកយកមកពីស្រុកឆ្ងាយ តើមានប្រយោជន៍ចំពោះខ្ញុំឬ?
ខ្ញុំមិនព្រមទទួលគ្រឿងបូជាដុតរបស់អ្នកឡើយ
ហើយក៏មិនពេញចិត្តនឹងគ្រឿងបូជាឯទៀតរបស់អ្នកដែរ»។+
២១ ហេតុនេះ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«មើល! ខ្ញុំនឹងដាក់ឧបសគ្គនៅមុខពួកគេ
ពួកគេនឹងជំពប់ដួល គឺទាំងឪពុក ទាំងកូន ទាំងអ្នកជិតខាង
ទាំងមិត្តសម្លាញ់ ហើយពួកគេនឹងវិនាសអស់ទៅ»។+
២២ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«មើល! មានប្រជាជាតិមួយកំពុងមកពីស្រុកនៃភាគខាងជើង
គឺជាប្រជាជាតិដ៏ខ្លាំងក្លាដែលមកពីកន្លែងឆ្ងាយបំផុតនៅផែនដីពួកគេនឹងត្រូវដាស់ឲ្យមក។+
២៣ ពួកគេនឹងមកដោយជិះសេះ+ ទាំងមានធ្នូនិងលំពែង។
ពួកគេជាមនុស្សសាហាវព្រៃផ្សៃ គ្មានចិត្តមេត្តាឡើយ។
សម្រែករបស់ពួកគេដូចជាសំឡេងសមុទ្រកញ្ជ្រោលបក់បោក។
ឱកូនស្រីនៃក្រុងស៊ីយ៉ូន*អើយ! ពួកគេតម្រៀបទ័ពមកទាស់នឹងនាងប្រៀបដូចជាអ្នកចម្បាំងម្នាក់»។
២៤ ពេលយើងឮដំណឹងនោះ ដៃរបស់យើងបានស្រយង់ទៅ+
ហើយសេចក្ដីវេទនាធ្វើឲ្យយើងតក់ស្លុតជាខ្លាំង
ការឈឺចាប់គឺប្រៀបដូចជាស្ត្រីឈឺពោះសម្រាលកូន។+
២៥ ចូរកុំចេញទៅឯវាល ឬដើរតាមផ្លូវឡើយ
ព្រោះពួកសត្រូវបានមកទាំងមានដាវផង។
ហេតុនេះហើយបានជាមានការភ័យតក់ស្លុតនៅគ្រប់ទិសទី។
២៦ ឱកូនស្រីនៃរាស្ត្រខ្ញុំអើយ! ចូរស្លៀកបាវ+ ហើយរមៀលខ្លួននៅលើផេះទៅ។
ចូរស្រែកទ្រហោយំ ដូចជាយំកាន់ទុក្ខកូនប្រុសតែមួយចុះ+
ព្រោះអ្នកដែលបំផ្លាញនឹងមកវាយប្រហារអ្នកភ្លាមមួយរំពេច។+
២៧ «ខ្ញុំបានតែងតាំងអ្នក*ឲ្យពិសោធមើលរាស្ត្ររបស់ខ្ញុំ ដូចជាងពិសោធលោហៈ
ចូរពិសោធមើលពួកគេឲ្យបានល្អិតល្អន់
គឺអ្នកត្រូវពិនិត្យពិចារណាអំពីការប្រព្រឹត្តរបស់ពួកគេឲ្យបានហ្មត់ចត់។
២៨ ពួកគេទាំងអស់សុទ្ធតែជាមនុស្សរឹងចចេសបំផុត+
ប្រៀបដូចជាដែកនិងស្ពាន់។
ពួកគេចេះតែដើរនិយាយបង្កាច់បង្ខូច+
ហើយការប្រព្រឹត្តរបស់ពួកគេសុទ្ធតែខូចអាក្រក់។
២៩ ជាងខំប្រឹងសប់ខ្យល់ បាញ់ទៅលើភ្លើងដើម្បីបន្សុទ្ធប្រាក់។ គាត់សប់រហូតដល់ឆេះស្នប់របស់គាត់
ប៉ុន្តែ ការខំប្រឹងរបស់គាត់គឺឥតប្រយោជន៍+ ព្រោះមានតែសំណប៉ុណ្ណោះចេញពីភ្លើង។
ដូចគ្នាដែរ ពួកអ្នកដែលធ្វើអាក្រក់មិនបានត្រូវដកចេញពីចំណោមបណ្ដាជនឡើយ។+
៣០ បណ្ដាជនទាំងឡាយនឹងហៅពួកគេថាជាប្រាក់ដែលគ្មានតម្លៃ
ព្រោះព្រះយេហូវ៉ាមិនទទួលស្គាល់ពួកគេឡើយ»។+