បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt អែសរ៉ា ១:១-១០:៤៤
  • អែសរ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អែសរ៉ា
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អែសរ៉ា

អែសរ៉ា

១ នៅ​ឆ្នាំ​ទី​១​ក្នុង​រាជ្យ​ស៊ីរូស+ជា​ស្ដេច​ស្រុក​ពើស៊ី ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ចិត្ត​គាត់​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ទូ​ទាំង​រាជាណាចក្រ​របស់​គាត់។+ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ប្រសាសន៍​របស់​លោក​តាម​រយៈ​យេរេមា+បាន​ក្លាយ​ជា​ការ​ពិត។ ការ​ប្រកាស​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ​៖

២ ​«​ស៊ីរូស​ជា​ស្ដេច​ស្រុក​ពើស៊ី​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌​បាន​ប្រគល់​រាជាណាចក្រ​ទាំង​ប៉ុន្មាន​នៅ​ផែនដី+ មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ ហើយ​លោក​បាន​បង្គាប់​ខ្ញុំ​ឲ្យ​សង់​វិហារ​មួយ​ជូន​លោក នៅ​ក្រុង​យេរូសាឡិម*+ក្នុង​ស្រុក​យូដា។ ៣ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ជា​រាស្ត្រ​របស់​លោក ចូរ​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​នៅ​ស្រុក​យូដា​វិញ​ចុះ ដើម្បី​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ ហើយ​សូម​ឲ្យ​លោក​នៅ​ជា​មួយ​នឹង​ពួក​គេ។ លោក​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​និង​ជា​ព្រះ​ដ៏​ពិត ដែល​ធ្លាប់​មាន​វិហារ​នៅ​ក្រុង​យេរូសាឡិម។* ៤ ទោះ​ជា​ពួក​គេ​រស់​នៅ​ជា​ជន​បរទេស+នៅ​កន្លែង​ណា​ក៏​ដោយ សូម​ឲ្យ​អ្នក​ជិត​ខាង*របស់​ពួក​គេ​ជួយ​ជា​មាស​ប្រាក់ របស់​របរ​ផ្សេង​ៗ និង​សត្វ​នា​នា ព្រម​ទាំង​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត​សម្រាប់​វិហារ​របស់​ព្រះ​ពិត+ ដែល​នៅ​ក្រុង​យេរូសាឡិម›​»។

៥ រួច​មក ប្រមុខ​គ្រួសារ​ពី​កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​បេនយ៉ាមីន ពួក​សង្ឃ​និង​ពួក​លេវី ពោល​គឺ​អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​បាន​ជំរុញ​ចិត្ត បាន​រៀបចំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​សាង​សង់​វិហារ​របស់​លោក​ឡើង​វិញ។ ៦ ពួក​អ្នក​ជិត​ខាង​បាន​គាំទ្រ​ពួក​គេ​ដោយ​ឲ្យ​ប្រដាប់​ប្រដា​ធ្វើ​ពី​មាស​ប្រាក់ របស់​របរ​ផ្សេង​ៗ និង​សត្វ​នា​នា ព្រម​ទាំង​វត្ថុ​មាន​តម្លៃ និង​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត។

៧ រីឯ​របស់​របរ​ដែល​នេប៊ូក្នេសា​បាន​ប្រមូល​ពី​វិហារ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម​យក​ទៅ​ដាក់​ក្នុង​វិហារ​ព្រះ​របស់​គាត់ នោះ​ស្ដេច​ស៊ីរូស​ក៏​ប្រគល់​ឲ្យ​មក​វិញ​ទាំង​អស់។+ ៨ ស៊ីរូស​ជា​ស្ដេច​ស្រុក​ពើស៊ី​បាន​ឲ្យ​មីតរេដាត​ជា​មេ​ឃ្លាំង មើល​ការ​ខុស​ត្រូវ​លើ​ការ​បញ្ចេញ​របស់​របរ​ទាំង​នោះ។ មីតរេដាត​ក៏​បាន​ធ្វើ​បញ្ជី​រាយ​ឈ្មោះ​របស់​របរ​ទាំង​នោះ​ឲ្យ​ដល់​សេបាសសា*+ជា​មេ​ដឹក​នាំ​ទឹក​ដី​យូដា។

៩ របស់​របរ​ទាំង​នោះ​រួម​មាន​៖ ល្អី​មាស​ចំនួន​៣០ ល្អី​ប្រាក់​ចំនួន​១.០០០ និង​ភាជនៈ​បម្រុង​ចំនួន​២៩ ១០ ចាន​គោម​តូច​មាស​ចំនួន​៣០ ចាន​គោម​តូច​ប្រាក់​ចំនួន​៤១០ និង​ប្រដាប់​ប្រដា​ឯ​ទៀត​ចំនួន​១.០០០។ ១១ សរុប​ទៅ​របស់​របរ​ទាំង​អស់​ដែល​ធ្វើ​ពី​មាស​និង​ប្រាក់​មាន​ចំនួន​៥.៤០០។ ពេល​បណ្ដា​ជន+ចេញ​ពី​ស្រុក​បាប៊ីឡូន​ទៅ​ក្រុង​យេរូសាឡិម​វិញ សេបាសសា​បាន​នាំ​យក​របស់​របរ​ទាំង​នោះ​ទៅ​ជា​មួយ​ដែរ។

២ ក្នុង​ចំណោម​ពួក​អ្នក​ដែល​ស្ដេច​នេប៊ូក្នេសា​បាន​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​នោះ+ មាន​មួយ​ចំនួន​បាន​ត្រឡប់​មក​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​វិញ ហើយ​បាន​ទៅ​រស់​នៅ​តាម​ក្រុង​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។+ ២ ពួក​គេ​បាន​មក​វិញ​ជា​មួយ​នឹង​សេរ៉ូបាបិល+ យេសួរ+ នេហេមា សេរ៉ាយ៉ា រ៉េអេឡៃយ៉ា ម៉ាដេកាយ ប៊ីលសាន មីសផា ប៊ីកវ៉ាយ រេហម និង​បាអាណា។

ចំនួន​ប្រុស​ៗ​ក្នុង​បណ្ដា​ជន​អ៊ីស្រាអែល​មាន​ដូច​ត​ទៅ​៖+ ៣ កូន​ចៅ​ផារូស​មាន​ចំនួន​២.១៧២​នាក់។ ៤ កូន​ចៅ​សេផាធា​មាន​ចំនួន​៣៧២​នាក់។ ៥ កូន​ចៅ​អេរ៉ា+មាន​ចំនួន​៧៧៥​នាក់។ ៦ កូន​ចៅ​យេសួ​និង​យ៉ូអាប់​ដែល​មក​ពី​វង្ស​ត្រកូល​ផាហាតម៉ូអាប់+ មាន​ចំនួន​២.៨១២​នាក់។ ៧ កូន​ចៅ​អេឡាំ+មាន​ចំនួន​១.២៥៤​នាក់។ ៨ កូន​ចៅ​សាធូ+មាន​ចំនួន​៩៤៥​នាក់។ ៩ កូន​ចៅ​សាកាយ​មាន​ចំនួន​៧៦០​នាក់។ ១០ កូន​ចៅ​បាណាយ​មាន​ចំនួន​៦៤២​នាក់។ ១១ កូន​ចៅ​បេបាយ​មាន​ចំនួន​៦២៣​នាក់។ ១២ កូន​ចៅ​អាសកាត​មាន​ចំនួន​១.២២២​នាក់។ ១៣ កូន​ចៅ​អាដូណាយខាម​មាន​ចំនួន​៦៦៦​នាក់។ ១៤ កូន​ចៅ​ប៊ីកវ៉ាយ​មាន​ចំនួន​២.០៥៦​នាក់។ ១៥ កូន​ចៅ​អេដិន​មាន​ចំនួន​៤៥៤​នាក់។ ១៦ កូន​ចៅ​អេធឺ​ដែល​មក​ពី​ក្រុម​គ្រួសារ​ហេសេគា​មាន​ចំនួន​៩៨​នាក់។ ១៧ កូន​ចៅ​បេសាយ​មាន​ចំនួន​៣២៣​នាក់។ ១៨ កូន​ចៅ​យ៉ូរ៉ា​មាន​ចំនួន​១១២​នាក់។ ១៩ កូន​ចៅ​ហាស៊ូម+មាន​ចំនួន​២២៣​នាក់។ ២០ កូន​ចៅ​គីបា*មាន​ចំនួន​៩៥​នាក់។ ២១ អ្នក​ក្រុង​បេថ្លេហិម​មាន​ចំនួន​១២៣​នាក់។ ២២ អ្នក​ភូមិណេថូផា​មាន​ចំនួន​៥៦​នាក់។ ២៣ អ្នក​ក្រុង​អាណាថោត+មាន​ចំនួន​១២៨​នាក់។ ២៤ អ្នក​ក្រុង​អាសម៉ាវែត​មាន​ចំនួន​៤២​នាក់។ ២៥ អ្នក​ក្រុង​គារីអាតយារីម អ្នក​ក្រុង​កេភីរ៉ា និង​អ្នក​ក្រុង​បៀរ៉ូត​មាន​ចំនួន​៧៤៣​នាក់។ ២៦ អ្នក​ក្រុង​រ៉ាម៉ា+ និង​អ្នក​ក្រុង​កេបា+មាន​ចំនួន​៦២១​នាក់។ ២៧ អ្នក​ដែល​មក​ពី​តំបន់​មីកម៉ាស​មាន​ចំនួន​១២២​នាក់។ ២៨ អ្នក​ក្រុង​បេតអែល និង​អ្នក​ក្រុង​អៃ+មាន​ចំនួន​២២៣​នាក់។ ២៩ អ្នក​ក្រុង​នេបូរ+មាន​ចំនួន​៥២​នាក់។ ៣០ អ្នក​ដែល​មក​ពី​តំបន់​ម៉ាកប៊ីស*មាន​ចំនួន​១៥៦​នាក់។ ៣១ កូន​ចៅ​របស់​អេឡាំ​ម្នាក់​ទៀត មាន​ចំនួន​១.២៥៤​នាក់។ ៣២ កូន​ចៅ​ហារីម​មាន​ចំនួន​៣២០​នាក់។ ៣៣ អ្នក​ក្រុង​ឡូត អ្នក​ក្រុង​ហាឌីត និង​អ្នក​ក្រុង​អូណូ​មាន​ចំនួន​៧២៥​នាក់។ ៣៤ អ្នក​ក្រុង​យេរីខូ​មាន​ចំនួន​៣៤៥​នាក់។ ៣៥ អ្នក​ដែល​មក​ពី​តំបន់​សេណាអា*មាន​ចំនួន​៣.៦៣០​នាក់។

៣៦ ចំណែក​ឯ​ពួក​សង្ឃ​មាន​ដូច​ត​ទៅ​៖+ កូន​ចៅ​យេដាយយ៉ា+ដែល​មក​ពី​វង្ស​ត្រកូល​យេសួ+មាន​ចំនួន​៩៧៣​នាក់។ ៣៧ កូន​ចៅ​អ៊ីមមឺ+មាន​ចំនួន​១.០៥២​នាក់។ ៣៨ កូន​ចៅ​ផាសហឺ+មាន​ចំនួន​១.២៤៧​នាក់។ ៣៩ កូន​ចៅ​ហារីម+មាន​ចំនួន​១.០១៧​នាក់។

៤០ រីឯ​ពួក​លេវី​មាន​ដូច​ត​ទៅ​៖+ កូន​ចៅ​យេសួ​និង​កូន​ចៅ​កាតម៉ែល+ ដែល​មក​ពី​វង្ស​ត្រកូល​ហូដាវា​មាន​ចំនួន​៧៤​នាក់។ ៤១ ឯ​ពួក​អ្នក​ចម្រៀង+ពី​កូន​ចៅ​អេសាភ+មាន​ចំនួន​១២៨​នាក់។ ៤២ ក្រុម​អ្នក​យាម​ទ្វារ*មាន​ដូច​ត​ទៅ​៖+ កូន​ចៅ​សាលូម កូន​ចៅ​អេធឺ កូន​ចៅ​តាល់ម៉ូន+ កូន​ចៅ​អាកខុប+ កូន​ចៅ​ហាថាយថា និង​កូន​ចៅ​សូបាយ សរុប​ទាំង​អស់​មាន​ចំនួន​១៣៩​នាក់។

៤៣ ឯ​ពួក​អ្នក​ដែល​បម្រើ​នៅ​វិហារ​មាន​ដូច​ត​ទៅ​៖+ កូន​ចៅ​ស៊ីហា កូន​ចៅ​ហាស៊ូផា កូន​ចៅ​ថា​បេអាត ៤៤ កូន​ចៅ​កេរ៉ូស កូន​ចៅ​ស៊ីអាយ៉ា កូន​ចៅ​ផាដន ៤៥ កូន​ចៅ​ឡេបេណា កូន​ចៅ​ហាកាបា កូន​ចៅ​អាកខុប ៤៦ កូន​ចៅ​ហាកាប កូន​ចៅ​សាលម៉ាយ កូន​ចៅ​ហាណាន ៤៧ កូន​ចៅ​គីដេល កូន​ចៅ​កាហារ កូន​ចៅ​រ៉េអាយ៉ា ៤៨ កូន​ចៅ​រេសិន កូន​ចៅ​នេកូដា កូន​ចៅ​កាសាម ៤៩ កូន​ចៅ​អឺសា កូន​ចៅ​ផាសេអា កូន​ចៅ​បេសាយ ៥០ កូន​ចៅ​អាសណា កូន​ចៅ​មេយូនីម កូន​ចៅ​នេភូសឺស៊ីម ៥១ កូន​ចៅ​បាកប៊ូក កូន​ចៅ​ហាគូផា កូន​ចៅ​ហាហឺ ៥២ កូន​ចៅ​បាសឡុត កូន​ចៅ​មេហាយដា កូន​ចៅ​ហាសា ៥៣ កូន​ចៅ​បាកូស កូន​ចៅ​ស៊ីសេរ៉ា កូន​ចៅ​ធេម៉ា ៥៤ កូន​ចៅ​នេស៊ា និង​កូន​ចៅ​ហាថាយផា។

៥៥ រីឯ​កូន​ចៅ​អ្នក​បម្រើ​របស់​សាឡូម៉ូន​មាន​ដូច​ត​ទៅ​៖ កូន​ចៅ​សូថាយ កូន​ចៅ​សូផេរេត កូន​ចៅ​ភេរូដា+ ៥៦ កូន​ចៅ​យ៉ាអាឡា កូន​ចៅ​ដាកុន កូន​ចៅ​គីដេល ៥៧ កូន​ចៅ​សេផាធា កូន​ចៅ​ហាតថៀល កូន​ចៅ​ផូកឺរេតហាសេបេម និង​កូន​ចៅ​អេម៉ាយ។

៥៨ ដូច្នេះ ចំនួន​អ្នក​ដែល​បម្រើ​នៅ​វិហារ និង​ចំនួន​កូន​ចៅ​អ្នក​បម្រើ​របស់​សាឡូម៉ូន សរុប​ទាំង​អស់​គឺ​៣៩២​នាក់។

៥៩ រីឯ​ពួក​អ្នក​ដែល​មក​ពី​តំបន់​ថេលមេឡា តំបន់​ថេលហាសា ក្រុង​កេរូប តំបន់​អាដាន និង​តំបន់​អ៊ីមមឺ ពួក​គេ​មិន​អាច​បញ្ជាក់​ថា​វង្ស​ត្រកូល​ពួក​គេ​មាន​ដើម​កំណើត​មក​ពី​ជន​ជាតិ​អ៊ីស្រាអែល​ទេ។ ពួក​គេ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖+ ៦០ កូន​ចៅ​ដេឡេយ៉ា កូន​ចៅ​ថូបៀ និង​កូន​ចៅ​នេកូដា ទាំង​អស់​មាន​ចំនួន​៦៥២​នាក់។ ៦១ ពី​ចំណោម​កូន​ចៅ​ពួក​សង្ឃ​មាន​ដូច​ត​ទៅ​៖ កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាក់កូស+ និង​កូន​ចៅ​បាស៊ីលឡាយ។ បាស៊ីលឡាយ​នេះ​បាន​ដាក់​ឈ្មោះ​តាម​ឪពុក​ក្មេក​គាត់ ក្រោយ​ពី​បាន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់​អ្នក​ស្រុក​គីលាត​ម្នាក់​ឈ្មោះ​បាស៊ីលឡាយ។+ ៦២ ពួក​អ្នក​ទាំង​នោះ​រក​នាម​ត្រកូល​ពូជ​ពង្ស​របស់​ខ្លួន​ក្នុង​បញ្ជី​ពុំ​ឃើញ​ទេ។ ដូច្នេះ ពួក​គេ​មិន​អាច​បម្រើ​ជា​សង្ឃ​បាន​ឡើយ។+ ៦៣ អភិបាល​ខេត្ត​បាន​ប្រាប់​ពួក​គេ​ថា ពួក​គេ​មិន​អាច​បរិភោគ​ពី​របស់​បរិសុទ្ធ​បំផុត​បាន​ទេ+ ទាល់​តែ​មាន​សង្ឃ​ម្នាក់​សុំ​ការ​ណែនាំ​ពី​ព្រះ​តាម​រយៈ​យូរីម​និង​ធូមីម*ជា​មុន​សិន។+

៦៤ បណ្ដា​ជន​ទាំង​អស់​ដែល​បាន​ធ្វើ​ដំណើរ​មក​មាន​ចំនួន​៤២.៣៦០​នាក់។+ ៦៥ បន្ថែម​ទៅ​ទៀត មាន​ខ្ញុំ​បម្រើ​ប្រុស​ស្រី​ចំនួន​៧.៣៣៧​នាក់ ថែម​ទាំង​មាន​អ្នក​ចម្រៀង​ប្រុស​ស្រី​ចំនួន​២០០​នាក់​ផង​ដែរ។ ៦៦ ពួក​គេ​បាន​នាំ​យក​សេះ​ចំនួន​៧៣៦​ក្បាល និង​លា​កាត់​ចំនួន​២៤៥​ក្បាល ៦៧ សត្វ​អូដ្ឋ​ចំនួន​៤៣៥​ក្បាល និង​សត្វ​លា​ចំនួន​៦.៧២០​ក្បាល។

៦៨ ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​វិហារ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម ប្រមុខ​គ្រួសារ​ខ្លះ​បាន​ជូន​វិភាគទាន​ស្ម័គ្រ​ពី​ចិត្ត+សម្រាប់​វិហារ​របស់​ព្រះ​ពិត ដើម្បី​សង់​វិហារ​នោះ​ឡើង​វិញ​នៅ​លើ​ទី​តាំង​ដដែល។+ ៦៩ ពួក​គេ​បាន​ជូន​តាម​លទ្ធភាព​របស់​ខ្លួន​នូវ​មាស​ចំនួន​៦១.០០០​ដ្រាកម៉ា* ប្រាក់​ចំនួន​៥.០០០​មិណា*+ និង​ប្រគល់​អាវ​វែង​១០០​សម្រាប់​ដល់​ពួក​សង្ឃ។ ៧០ ចំណែក​ឯ​ពួក​សង្ឃ ពួក​លេវី ពួក​អ្នក​ចម្រៀង អ្នក​យាម​ទ្វារ អ្នក​បម្រើ​នៅ​វិហារ និង​បណ្ដា​ជន​ឯ​ទៀត ពួក​គេ​បាន​តាំង​ទី​លំនៅ​ក្នុង​ក្រុង​របស់​ពួក​គេ។ ដូច្នេះ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​តាំង​ទី​លំនៅ​ក្នុង​ក្រុង​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។+

៣ លុះ​ដល់​ខែ​ទី​៧+ បណ្ដា​ជន​អ៊ីស្រាអែល​ដែល​រស់​នៅ​ក្រុង​ផ្សេង​ៗ បាន​មូល​មក​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម។ ២ ពេល​នោះ យេសួ+ជា​កូន*យេហូសាដាក និង​សង្ឃ​ឯ​ទៀត ព្រម​ទាំង​សេរ៉ូបាបិល+ជា​កូន​សាលធាល+និង​បង​ប្អូន​គាត់ បាន​នាំ​គ្នា​សង់​ទី​បូជា​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ឡើង​វិញ។ ពួក​គេ​បាន​សង់ ដើម្បី​ជូន​គ្រឿង​បូជា​ដុត​នៅ​លើ​នោះ ស្រប​តាម​ការ​ណែនាំ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​ច្បាប់​ម៉ូសេ+ជា​តំណាង​ព្រះ​ពិត។

៣ ពួក​គេ​បាន​សង់​ទី​បូជា​នោះ​នៅ​លើ​ទី​តាំង​ដដែល ទោះ​ជា​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ប្រជា​ជាតិ​នា​នា​ដែល​នៅ​ជុំវិញ​ក៏​ដោយ។+ ក្រោយ​ពី​សង់​រួច ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា​នៅ​លើ​នោះ រៀង​រាល់​ព្រឹក​រៀង​រាល់​ល្ងាច។+ ៤ បន្ទាប់​មក ពួក​គេ​បាន​ធ្វើ​បុណ្យ​ខ្ទម​ស្រប​តាម​ការ​ណែនាំ​ដែល​បាន​ត្រូវ​កត់​ទុក+ ហើយ​ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ដុត​ជា​រៀង​រាល់​ថ្ងៃ​តាម​ចំនួន​ដែល​បាន​ត្រូវ​កំណត់។+ ៥ ក្រោយ​មក ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ដុត​ដែល​ត្រូវ​ជូន​ជា​ប្រចាំ+ ហើយ​ជូន​គ្រឿង​បូជា​សម្រាប់​បុណ្យ​ថ្ងៃ​ចូល​ខែ​ថ្មី+ និង​សម្រាប់​ពិធី​បុណ្យ​បរិសុទ្ធ​ផ្សេង​ៗ​ទៀត+ដល់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត ពួក​គេ​ក៏​ជូន​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត+ដែល​បណ្ដា​ជន​យក​មក​ជូន​ព្រះ​យេហូវ៉ា​ដែរ។ ៦ ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ក្នុង​ខែ​ទី​៧+ ពួក​គេ​ចាប់​ផ្ដើម​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា ទោះ​ជា​ពួក​គេ​មិន​ទាន់​ដាក់​គ្រឹះ​វិហារ​របស់​ព្រះ​យេហូវ៉ា​ក៏​ដោយ។

៧ ពួក​គេ​បាន​បង់​ប្រាក់​ដល់​ពួក​អ្នក​ដាប់​ថ្ម+និង​ពួក​ជាង។+ ពួក​គេ​ក៏​បាន​ផ្ដល់​ស្បៀងអាហារ ទឹក និង​ប្រេង ដល់​ពួក​ស៊ីដូន​និង​ពួក​ទីរ៉ុស​ដែរ ព្រោះ​ពួក​អ្នក​ទាំង​នោះ​បាន​នាំ​យក​ឈើ​ស៊ីដារ​តាម​សមុទ្រ​មក​ឲ្យ​ពួក​គេ ពី​តំបន់​លីបង់​រហូត​ដល់​យ៉ុបប៉ា។+ ពួក​គេ​ធ្វើ​ដូច្នោះ​ដោយ​មាន​ការ​អនុញ្ញាត​ពី​ស៊ីរូស​ជា​ស្ដេច​ស្រុក​ពើស៊ី។+

៨ នៅ​ខែ​ទី​២​ក្នុង​ឆ្នាំ​ទី​២ ក្រោយ​ពី​ពួក​គេ​ត្រឡប់​មក​វិហារ​របស់​ព្រះ​ពិត​នៅ​ក្រុង​យេរូសាឡិម​វិញ ពួក​គេ​ក៏​ចាប់​ផ្ដើម​សាង​សង់​វិហារ។ ពួក​គេ​ទាំង​នោះ​មាន​សេរ៉ូបាបិល​ជា​កូន​សាលធាល យេសួ​ជា​កូន​យេហូសាដាក​និង​បង​ប្អូន​ពួក​គាត់​ទាំង​អស់ គឺ​ពួក​សង្ឃ ពួក​លេវី និង​អស់​អ្នក​ដែល​បាន​រួច​ពី​ឈ្លើយ​សឹក។+ ពួក​គេ​ក៏​បាន​តែង​តាំង​ពួក​លេវី​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ឲ្យ​ធ្វើ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​សាង​សង់​វិហារ​ព្រះ​យេហូវ៉ា។ ៩ ដូច្នេះ យេសួ និង​កូន​ចៅ​គាត់ បង​ប្អូន​គាត់ ថែម​ទាំង​កាតម៉ែល​និង​កូន​ចៅ​គាត់ និង​កូន​ចៅ​យូដា បាន​រួម​គ្នា​មើល​ការ​ខុស​ត្រូវ​លើ​អស់​អ្នក​ដែល​សាង​សង់​វិហារ​របស់​ព្រះ​ពិត។ រីឯ​កូន​ចៅ​ហេណាដាត+ និង​កូន​ៗ​របស់​ពួក​គេ រួម​ទាំង​បង​ប្អូន​ពួក​គេ​ដែល​ជា​ពួក​លេវី ក៏​បាន​ចូល​រួម​ក្នុង​កិច្ចការ​នោះ​ដែរ។

១០ ក្រោយ​ពី​ពួក​អ្នក​សាង​សង់​ដាក់​គ្រឹះ​វិហារ​ព្រះ​យេហូវ៉ា​រួច​រាល់​ហើយ+ ពួក​សង្ឃ​ដែល​ស្លៀក​សម្លៀក​បំពាក់​ផ្លូវ​ការ បាន​ផ្លុំ​ត្រែ​ឡើង+ ហើយ​ពួក​លេវី​ជា​កូន​ចៅ​អេសាភ​ក៏​បាន​គោះ​ឆាប​ដែរ។ ពួក​គេ​ធ្វើ​ដូច្នោះ ដើម្បី​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា ស្រប​តាម​ការ​ណែនាំ​របស់​ដាវីឌ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។+ ១១ រួច​ពួក​គេ​ក៏​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា+ ដើម្បី​សរសើរ​និង​ថ្លែង​អំណរ​គុណ​ព្រះ​យេហូវ៉ា។ ពួក​គេ​ច្រៀង​សរសើរ​ព្រះ​ថា​៖ ​«​ព្រោះ​លោក​ល្អ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ស្ថិតស្ថេរ​ជា​ដរាប​»។+ ចំណែក​បណ្ដា​ជន​ទាំង​អស់ ពួក​គេ​បន្លឺ​សំឡេង​សរសើរ​ព្រះ​យេហូវ៉ា​យ៉ាង​កង​រំពង ដោយ​សារ​គ្រឹះ​វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ដាក់​ហើយ។ ១២ ឯ​បណ្ដា​សង្ឃ ពួក​លេវី និង​ប្រមុខ​គ្រួសារ ដែល​ជា​បុរស​វ័យ​ចាស់ ដែល​ធ្លាប់​ឃើញ​វិហារ​ព្រះ​កាល​ពី​មុន+ ពួក​គាត់​បាន​ស្រែក​យំ​យ៉ាង​ខ្លាំង​ពេល​ដែល​ឃើញ​គ្រឹះ​វិហារ​បាន​ត្រូវ​ដាក់។ ព្រម​គ្នា​នោះ ពួក​លេវី​និង​ពួក​ប្រមុខ​គ្រួសារ​ឯ​ទៀត​ក៏​បាន​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ​ផង​ដែរ។+ ១៣ សំឡេង​ស្រែក​យំ​និង​សំឡេង​ហ៊ោ​កញ្ជ្រៀវ​នោះ បាន​លាន់​ឮ​យ៉ាង​រំពង​ទៅ​ដល់​កន្លែង​ឆ្ងាយ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដា​ជន​មិន​អាច​ដឹង​ថា សំឡេង​ណា​ជា​សំឡេង​អរ​សប្បាយ និង​សំឡេង​ណា​ជា​សំឡេង​យំ​ឡើយ។

៤ លុះ​ក្រោយ​មក ពួក​សត្រូវ​របស់​ពួក​យូដា​និង​ពួក​បេនយ៉ាមីន+ បាន​ឮ​ថា​ពួក​អ្នក​ដែល​ជា​ឈ្លើយ​បាន​ត្រឡប់​មក​វិញ+ ហើយ​កំពុង​សាង​សង់​វិហារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ២ ភ្លាម​នោះ ពួក​គេ​ក៏​ទៅ​ជួប​សេរ៉ូបាបិល​និង​ប្រមុខ​គ្រួសារ ហើយ​និយាយ​ថា​៖ ​«​សូម​ឲ្យ​យើង​ចូល​រួម​សាង​សង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ផង ព្រោះ​ពួក​យើង​ក៏​គោរព​ប្រណិប័តន៍​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ+ ហើយ​យើង​បាន​ជូន​គ្រឿង​បូជា​ដល់​លោក តាំង​ពី​គ្រា​ដែល​អេសាហាដិន+ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​នាំ​យើង​មក​នៅ​ទី​នេះ​»។+ ៣ ប៉ុន្តែ សេរ៉ូបាបិល និង​យេសួរ ព្រម​ទាំង​ប្រមុខ​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​និយាយ​ទៅ​កាន់​ពួក​គេ​វិញ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​អាច​ចូល​រួម​សង់​វិហារ​នេះ​ជា​មួយ​នឹង​ពួក​យើង​ទេ+ មាន​តែ​ពួក​យើង​ប៉ុណ្ណោះ​ដែល​ត្រូវ​សង់​វិហារ​ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដូច​ស៊ីរូស​ជា​ស្ដេច​ស្រុក​ពើស៊ី​បាន​ចេញ​បង្គាប់​»។+

៤ រួច​មក ពួក​អ្នក​ស្រុក​នោះ​ចេះ​តែ​នាំ​គ្នា​បំភ័យ​បណ្ដា​ជន​យូដា​ឲ្យ​ធ្លាក់​ទឹក​ចិត្ត ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ឈប់​សាង​សង់​ទៀត។+ ៥ ពួក​អ្នក​ស្រុក​បាន​ឲ្យ​ប្រាក់​ដល់ពួក​អាជ្ញាធរ ដើម្បី​ឲ្យ​ពួក​គេ​ទៅ​រា​រាំង​ការ​សាង​សង់​របស់​ពួក​យូដា។+ ពួក​គេ​បាន​ប្រឆាំង តាំង​ពី​រាជ្យ​ស៊ីរូស រហូត​ដល់​រាជ្យ​ដារីយុស+ស្ដេច​ស្រុក​ពើស៊ី។ ៦ នៅ​ដើម​រាជ្យ​ស្ដេច​អាហាស៊ូរុស ពួក​អ្នក​ស្រុក​ទាំង​នោះ​បាន​សរសេរ​សំបុត្រ​ចោទ​ប្រកាន់​អ្នក​ក្រុង​យេរូសាឡិម​និង​អ្នក​ស្រុក​យូដា។ ៧ នៅ​គ្រា​អើថាស៊ើកសេស​ជា​ស្ដេច​ស្រុក​ពើស៊ី​បាន​គ្រប់​គ្រង ប៊ីស្លាម មីតរេដាត តាបបៀល និង​គ្នី​គ្នា​របស់​ពួក​គេ បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ស្ដេច​អើថាស៊ើកសេស។ ពួក​គេ​បាន​បក​ប្រែ​សំបុត្រ​នោះ​ទៅ​ជា​ភាសា​អេរ៉ាម+ ដោយ​ប្រើ​តួ​អក្សរ​អេរ៉ាម។*

៨ *រេហម​ជា​មេ​មន្ត្រី​រាជការ និង​ស៊ីមសាយ​ជា​អ្នក​កត់​ត្រា​ច្បាប់ បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើ​ទៅ​ស្ដេច​អើថាស៊ើកសេស ក្នុង​បំណង​ប្រឆាំង​នឹង​អ្នក​ក្រុង​យេរូសាឡិម។ សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ខាង​ក្រោម។ ៩ (​សំបុត្រ​នេះ​មក​ពី រេហម​ជា​មេ​មន្ត្រី​រាជការ ស៊ីមសាយ​ជា​អ្នក​កត់​ត្រា​ច្បាប់ និង​គ្នី​គ្នា​របស់​ពួក​គេ ពោល​គឺ​អ្នក​សម្រេច​ក្ដី និង​អភិបាលរង លេខាធិការ និង​ពួក​អ្នក​ក្រុង​អេរេក+ ព្រម​ទាំង​ពួក​បាប៊ីឡូន អ្នក​ក្រុង​ស៊ូសា+គឺ​ពួក​អេឡាំ+ ១០ ថែម​ទាំង​ប្រជា​ជាតិ​ឯ​ទៀត​ដែល​ស្ដេច​អាសិនណាបផា​ដ៏​ឧត្តុង្គឧត្តម បាន​ចាប់​ធ្វើ​ជា​ឈ្លើយ​និង​ឲ្យ​រស់​នៅ​បណ្ដា​ក្រុង​ក្នុង​ស្រុក​សាម៉ារី+ និង​អស់​អ្នក​ដែល​រស់​នៅ​តំបន់​ខាង​នាយ​ទន្លេ។ ១១ នេះ​ជា​សំបុត្រ​ដែល​ពួក​គេ​បាន​ផ្ញើ​ទៅ​ស្ដេច​អើថាស៊ើកសេស​)។

​«​សូម​គោរព​ជូន​ស្ដេច​អើថាស៊ើកសេស ពី​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក ដែល​រស់​នៅ​តំបន់​ខាង​នាយ​ទន្លេ។ ១២ យើង​ខ្ញុំ​សូម​ជម្រាប​លោក​ថា ជន​ជាតិ​យូដា​ដែល​បាន​ចាក​ចេញ​ពី​ទឹក​ដី​លោក ហើយ​ធ្វើ​ដំណើរ​មក​ឯ​តំបន់​យើង​ខ្ញុំ​នោះ ពួក​គេ​បាន​មក​ដល់​ក្រុង​យេរូសាឡិម​ហើយ។ ពួក​គេ​កំពុង​សាង​សង់​ក្រុង​របស់​ពួក​គេ​ឡើង​វិញ។ អ្នក​ក្រុង​នោះ​គឺ​ជា​មនុស្ស​ទុច្ចរិត​និង​ពូកែ​បះ​បោរ​ប្រឆាំង។ ឥឡូវ​ពួក​គេ​កំពុង​សង់​កំពែង​ក្រុង+ ព្រម​ទាំង​កំពុង​ដាក់​គ្រឹះ​ឡើង​វិញ។ ១៣ សូម​ស្ដេច​ជ្រាប​ថា បើ​ក្រុង​នេះ​បាន​ត្រូវ​សង់​ឡើង​វិញ ហើយ​កំពែង​បាន​សង់​រួច​រាល់​ហើយ ពួក​គេ​នឹង​មិន​បង់​សួយ​អាករ+និង​ពន្ធ​ផ្លូវ​ជូន​លោក​ទៀត​ឡើយ។ បើ​ដូច្នោះ​មែន នឹង​ខាត​បង់​ប្រាក់​ចំណូល​ចូល​ឃ្លាំង​ទ្រព្យ​របស់​ស្ដេច​ហើយ។ ១៤ ដោយ​សារ​យើង​ខ្ញុំ​បាន​ទទួល​ប្រាក់​ខែ​ពី​វាំង* នោះ​គឺ​មិន​សម​ត្រឹម​ត្រូវ​ឡើយ បើ​យើង​ខ្ញុំ​ឃើញ​ស្ដេច​ខាត​បង់​ប្រយោជន៍ ហើយ​បែរ​ជា​មិន​អើពើ​ទៅ​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​បាន​ផ្ញើ​សារ​នេះ​មក​ជម្រាប​ស្ដេច​ឲ្យ​ជ្រាប​អំពី​រឿង​នេះ។ ១៥ លោក​ម្ចាស់​អាច​ឲ្យ​គេ​ស្រាវ​ជ្រាវ​សៀវភៅ​កំណត់​ហេតុ​របស់​បុព្វ​បុរស​លោក+ នោះ​លោក​នឹង​ឃើញ​ថា​តាំង​ពី​សម័យ​បុរាណ ក្រុង​នេះ​បាន​បះ​បោរ​ប្រឆាំង​នឹង​បណ្ដា​ស្ដេច ហើយ​នាំ​ឲ្យ​ស្ដេច​ទាំង​នោះ​និង​អាណាខេត្ត​ត្រូវ​អន្តរាយ ថែម​ទាំង​បំបះ​បំបោរ​បណ្ដា​ជន​ឲ្យ​ប្រឆាំង​ទៀត​ផង។ ម្ល៉ោះ​ហើយ​បាន​ជា​ក្រុង​នេះ​បាន​ត្រូវ​បំផ្លាញ​ចោល។+ ១៦ សូម​ស្ដេច​ជ្រាប​ថា បើ​ក្រុង​នេះ​បាន​ត្រូវ​សង់​ឡើង​វិញ ហើយ​កំពែង​បាន​សង់​រួច​រាល់​ហើយ​នោះ លោក​នឹង​មិន​អាច​កាន់​កាប់​នៅ​តំបន់​ខាង​នាយ​ទន្លេ​ទៀត​ទេ​»។+

១៧ ស្ដេច​ក៏​បាន​ផ្ញើ​សារ​ទៅ​ពួក​គេ​វិញ គឺ​ដល់​រេហម​ជា​មេ​មន្ត្រី​រាជការ និង​ស៊ីមសាយ​ជា​អ្នក​កត់​ត្រា​ច្បាប់ ព្រម​ទាំង​គ្នី​គ្នា​របស់​ពួក​គេ ដែល​រស់​នៅ​ក្រុង​សាម៉ារី​និង​តំបន់​ខាង​នាយ​ទន្លេ។ សំបុត្រ​នោះ​មាន​សេចក្ដី​ថា​៖

​«​ជូន​ចំពោះ​អស់​លោក ១៨ សំបុត្រ​ដែល​អស់​លោក​បាន​ផ្ញើ​មក​ខ្ញុំ​នោះ គេ​បាន​អាន​ឲ្យ​ខ្ញុំ​ស្ដាប់​ហើយ។ ១៩ ខ្ញុំ​បាន​បង្គាប់​ឲ្យ​គេ​ស្រាវ​ជ្រាវ ហើយ​បាន​រក​ឃើញ​ថា តាំង​ពី​សម័យ​បុរាណ ក្រុង​នេះ​បាន​បង្ក​ចលាចល ហើយ​នាំ​គ្នា​បះ​បោរ​ប្រឆាំង​នឹង​បណ្ដា​ស្ដេច​ពិត​មែន។+ ២០ មាន​បណ្ដា​ស្ដេច​ដ៏​ខ្លាំង​ក្លា​បាន​គ្រប់​គ្រង​លើ​ក្រុង​យេរូសាឡិម និង​តំបន់​ខាង​នាយ​ទន្លេ​ទាំង​មូល។ ស្ដេច​ទាំង​នោះ​ក៏​បាន​ទទួល​សួយ​អាករ​និង​ពន្ធ​ផ្លូវ​ពី​តំបន់​ទាំង​នោះ​ដែរ។ ២១ ឥឡូវ ចូរ​អស់​លោក​ចេញ​បញ្ជា​ឲ្យ​ពួក​គេ​បញ្ឈប់​កិច្ចការ​សាង​សង់​នោះ​ទៅ កុំ​ឲ្យ​ពួក​គេ​សាង​សង់​ក្រុង​នោះ​ឡើង​វិញ​ឡើយ លុះ​ត្រា​តែ​ខ្ញុំ​ចេញ​បង្គាប់។ ២២ ចូរ​កុំ​ធ្វេស​ប្រហែស​នឹង​កិច្ចការ​នេះ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​ស្ដេច​ខាត​បង់​ប្រយោជន៍​ត​ទៅ​ទៀត​»។+

២៣ ក្រោយ​ពី​ទទួល​សំបុត្រ​ពី​ស្ដេច​អើថាស៊ើកសេស គេ​ក៏​អាន​ឲ្យ​រេហម​ស្ដាប់ ព្រម​ទាំង​ស៊ីមសាយ​ជា​អ្នក​កត់​ត្រា​ច្បាប់ និង​គ្នី​គ្នា​របស់​ពួក​គេ។ លុះ​ស្ដាប់​រួច ពួក​គេ​ម្នីម្នា​ទៅ​ក្រុង​យេរូសាឡិម ហើយ​ប្រើ​កម្លាំង​បង្ខំ​ជន​ជាតិ​យូដា​ឲ្យ​ឈប់​សាង​សង់។ ២៤ នៅ​ពេល​នោះ ពួក​យូដា​ឈប់​សង់​វិហារ​ព្រះ​ដែល​នៅ​ក្រុង​យេរូសាឡិម​ទៀត។ កិច្ចការ​សាង​សង់​នេះ​ក៏​ត្រូវ​ផ្អាក រហូត​ដល់​ឆ្នាំ​ទី​២​នៃ​រាជ្យ​ដារីយុស​ជា​ស្ដេច​ស្រុក​ពើស៊ី។+

៥ ក្រោយ​មក អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​ហាកាយ+ និង​អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​សាការី+ជា​ចៅ​អ៊ីតដូ+ បាន​នាំ​ពាក្យ​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល* ទៅ​ប្រាប់​ពួក​យូដា​នៅ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា។ ២ ដូច្នេះ សេរ៉ូបាបិល+ជា​កូន​សាលធាល និង​យេសួរ+ជា​កូន​យេហូសាដាក បាន​ចាប់​ផ្ដើម​សង់​វិហារ​របស់​ព្រះ​ឡើង​វិញ+នៅ​ក្រុង​យេរូសាឡិម។ ពួក​គេ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ។+ ៣ នៅ​ពេល​នោះ ថាថិនណាយ​ជា​អភិបាល​នៃ​តំបន់​ខាង​នាយ​ទន្លេ* និង​សេថាបូសណាយ ព្រម​ទាំង​គ្នី​គ្នា បាន​ទៅ​ជួប​ពួក​គេ ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​ណា​បាន​ចេញ​បញ្ជា​ឲ្យ​អ្នក​រាល់​គ្នា​សាង​សង់​វិហារ​នេះ និង​សង់​កំពែង​ឡើង​វិញ?​»។ ៤ បន្ទាប់​មក ពួក​គេ​សួរ​ថា​៖ ​«​តើ​ពួក​អ្នក​សាង​សង់​ទាំង​នោះ​មាន​ឈ្មោះ​អ្វី​ខ្លះ?​»។ ៥ លុះ​សួរ​ហើយ ពួក​អ្នក​ទាំង​នោះ​បាន​សរសេរ​សំបុត្រ​រាយ​ការណ៍​ដល់​ស្ដេច​ដារីយុស។ ក្នុង​អំឡុង​ពេល​ពួក​គេ​រង់​ចាំ​ចម្លើយ​ពី​ស្ដេច ពួក​គេ​មិន​បាន​បញ្ឈប់​ការ​សាង​សង់​របស់​ពួក​យូដា​ទេ ព្រោះ​ព្រះ​បាន​មើល​ថែ​ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​យូដា​ដែល​ដឹក​នាំ​ការ​សាង​សង់​នោះ។+

៦ នេះ​ជា​សំបុត្រ​ដែល​ថាថិនណាយ​ជា​អភិបាល​នៃ​តំបន់​ខាង​នាយ​ទន្លេ និង​ពួក​អភិបាលរង​នៅ​តំបន់​នោះ ព្រម​ទាំង​សេថាបូសណាយ​និង​គ្នី​គ្នា បាន​ផ្ញើ​ទៅ​ស្ដេច​ដារីយុស។ ៧ ពួក​គេ​បាន​សរសេរ​រាយ​ការណ៍​ថា​៖

​«​សូម​គោរព​ជូន​ស្ដេច​ដារីយុស

​«​សូម​ឲ្យ​ស្ដេច​ប្រកប​ដោយ​សេចក្ដី​សុខ​ចម្រើន! ៨ សូម​ស្ដេច​ជា​ម្ចាស់​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ខេត្ត​យូដា ហើយ​ឃើញ​ថា​ពួក​យូដា​កំពុង​សាង​សង់​វិហារ​របស់​ព្រះ​ដ៏​ឧត្តុង្គឧត្តម។ ពួក​គេ​ប្រើ​ថ្ម​ធំ​ៗ​ដើម្បី​សង់ ហើយ​យក​ឈើ​មក​ស៊ក​ក្នុង​ជញ្ជាំង​ធ្វើ​ជា​ធ្នឹម។ ពួក​គេ​បាន​ធ្វើ​ការ​សាង​សង់​នោះ​យ៉ាង​ស្វាហាប់ ហើយ​ជឿន​ទៅ​មុខ​យ៉ាង​លឿន។ ៩ រួច​យើង​ខ្ញុំ​បាន​សួរ​ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​យូដា​ថា​៖ ‹តើ​អ្នក​ណា​បាន​ចេញ​បញ្ជា​ឲ្យ​អ្នក​រាល់​គ្នា​សាង​សង់​វិហារ និង​សង់​កំពែង​នេះ​ឡើង​វិញ?›។+ ១០ យើង​ខ្ញុំ​ក៏​សួរ​ឈ្មោះ​ពួក​គេ ដើម្បី​យើង​ខ្ញុំ​អាច​រាយ​ការណ៍​ប្រាប់​លោក​ថា​ពួក​អ្នក​ដឹក​នាំ​ក្នុង​ការ​សាង​សង់​នោះ​ជា​អ្នក​ណា​ខ្លះ។

១១ ​«​ពួក​គេ​បាន​ឆ្លើយ​តប​មក​យើង​ខ្ញុំ​វិញ​ថា​៖ ‹ពួក​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​នៃ​ស្ថាន​សួគ៌*និង​ផែនដី ពួក​ខ្ញុំ​កំពុង​សាង​សង់​វិហារ​ដែល​ធ្លាប់​មាន​នៅ​សម័យ​មុន ជា​វិហារ​ដែល​ស្ដេច​ដ៏​ឧត្ដម​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​សង់​ពី​មុន។+ ១២ ប៉ុន្តែ បុព្វបុរស​របស់​ពួក​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះ​នៃ​ស្ថាន​សួគ៌​មាន​សេចក្ដី​ក្រោធ+ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​នេប៊ូក្នេសា+ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ រួច​ពួក​ខាល់ដេ​ក៏​បាន​បំផ្លាញ​វិហារ​នេះ+ ហើយ​ចាប់​បណ្ដា​ជន​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន។+ ១៣ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក្នុង​ឆ្នាំ​ទី​១​នៃ​រាជ្យ​ស៊ីរូស​ជា​ស្ដេច​ស្រុក​បាប៊ីឡូន គាត់​បាន​ចេញ​បញ្ជា​ឲ្យ​ពួក​ខ្ញុំ​សង់​វិហារ​របស់​ព្រះ​ឡើង​វិញ។+ ១៤ កាល​ពី​មុន នេប៊ូក្នេសា​បាន​ប្រមូល​យក​ប្រដាប់​ប្រដា​ដែល​ធ្វើ​ពី​មាស​និង​ប្រាក់​ពី​វិហារ​ព្រះ​នៅ​ក្រុង​យេរូសាឡិម ទៅ​ដាក់​ក្នុង​វិហារ​នៅ​ស្រុក​បាប៊ីឡូន។+ ក្រោយ​មក ស្ដេច​ស៊ីរូស​បាន​ប្រគល់​ប្រដាប់​ប្រដា​ទាំង​នោះ​ទៅ​ឲ្យ​អភិបាល​ម្នាក់​ដែល​គាត់​បាន​តែង​តាំង+ឈ្មោះ​សេបាសសា។*+ ១៥ ស្ដេច​ស៊ីរូស​បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​ចូរ​យក​ប្រដាប់​ប្រដា​ទាំង​នោះ​ទៅ​វិញ​ចុះ សម្រាប់​ទុក​ដាក់​ក្នុង​វិហារ​ព្រះ​នៅ​ក្រុង​យេរូសាឡិម ហើយ​សង់​វិហារ​នោះ​ឡើង​វិញ​នៅ​លើ​ទី​តាំង​ដដែល​»។+ ១៦ បន្ទាប់​មក សេបាសសា​បាន​មក​ក្រុង​យេរូសាឡិម ហើយ​ចាប់​ផ្ដើម​ដាក់​គ្រឹះ​វិហារ​របស់​ព្រះ។+ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក​កិច្ចការ​សាង​សង់​មិន​ទាន់​បាន​រួច​រាល់​ទេ›។+

១៧ ​«​បើ​ស្ដេច​ជា​ម្ចាស់​យល់​ថា​ល្អ សូម​លោក​ឲ្យ​គេ​ស្រាវ​ជ្រាវ​កំណត់​ហេតុ​ក្នុង​ឃ្លាំង​ស្ដេច​នៅ​ស្រុក​បាប៊ីឡូន ដើម្បី​ឲ្យ​ដឹង​ប្រាកដ​ថា​ស្ដេច​ស៊ីរូស​បាន​ចេញ​បញ្ជា​ឲ្យ​សង់​វិហារ​ព្រះ​នៅ​ក្រុង​យេរូសាឡិម​ឡើង​វិញ+មែន​ឬ​មិន​មែន។ បន្ទាប់​មក សូម​ស្ដេច​មេត្តា​ផ្ញើ​សេចក្ដី​សម្រេច​អំពី​រឿង​នេះ​មក​យើង​ខ្ញុំ​វិញ​ផង​»។

៦ ក្រោយ​មក ស្ដេច​ដារីយុស​បាន​ចេញ​បញ្ជា​ឲ្យ​គេ​ស្រាវ​ជ្រាវ​រក​ឯកសារ​ក្នុង​ឃ្លាំង​ទ្រព្យ​របស់​ស្ដេច​នៅ​ស្រុក​បាប៊ីឡូន។ ២ គេ​ក៏​បាន​រក​ឃើញ​រមូរ​មួយ​ក្នុង​ប្រាសាទ នា​ក្រុង​អេកបាថាណា នៅ​ខេត្ត​មេឌី។ រមូរ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ​៖

៣ ​«​នៅ​ឆ្នាំ​ទី​១​នៃ​រាជ្យ​ស៊ីរូស ស្ដេច​ស៊ីរូស​បាន​ចេញ​បញ្ជា​ស្ដី​អំពី​វិហារ​របស់​ព្រះ​នៅ​ក្រុង​យេរូសាឡិម​ថា​៖+ ‹ចូរ​សង់​វិហារ​ព្រះ​ឡើង​វិញ ជា​កន្លែង​ដែល​គេ​ជូន​គ្រឿង​បូជា។ ចូរ​ពង្រឹង​គ្រឹះ​វិហារ​ឲ្យ​មាំ ហើយ​វិហារ​នោះ​ត្រូវ​មាន​កម្ពស់​៦០​ហត្ថ* និង​ទទឹង​៦០​ហត្ថ+ ៤ ហើយ​ត្រូវ​រៀប​ថ្ម​ធំ​ៗ​បី​ជាន់​និង​ឈើ​ធ្នឹម​មួយ​ជាន់។+ រីឯ​ការ​ចំណាយ​ទាំង​អស់ ត្រូវ​បើក​ពី​ឃ្លាំង​ទ្រព្យ​ស្ដេច។+ ៥ ចំណែក​ប្រដាប់​ប្រដា​ធ្វើ​ពី​មាស​ពី​ប្រាក់​ដែល​នេប៊ូក្នេសា​បាន​ប្រមូល​ពី​វិហារ​ព្រះ​នៅ​ក្រុង​យេរូសាឡិម​មក​បាប៊ីឡូន​នោះ+ ចូរ​ឲ្យ​គេ​នាំ​យក​ទៅ​ដាក់​ក្នុង​វិហារ​ព្រះ​នៅ​ក្រុង​យេរូសាឡិម​វិញ›។+

៦ ​«​ដូច្នេះ ឱ​ថាថិនណាយ​ជា​អភិបាល​នៃ​តំបន់​ខាង​នាយ​ទន្លេ* និង​ពួក​អភិបាលរង​នៅ​តំបន់​នោះ ព្រម​ទាំង​សេថាបូសណាយ​និង​គ្នី​គ្នា​អើយ!+ ចូរ​អស់​លោក​កុំ​ជ្រៀត​ជ្រែក​នឹង​រឿង​នេះ​ឡើយ។ ៧ ចូរ​កុំ​រា​រាំង​កិច្ចការ​សាង​សង់​វិហារ​នោះ ទុក​ឲ្យ​អភិបាល​ស្រុក​យូដា​និង​ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​យូដា​សង់​វិហារ​ព្រះ​នៅ​ទី​តាំង​ដដែល​វិញ​ទៅ។ ៨ បន្ថែម​ទៅ​ទៀត ខ្ញុំ​បង្គាប់​អស់​លោក​ឲ្យ​ជួយ​ពួក​គេ​ក្នុង​ការ​សាង​សង់​វិហារ​របស់​ព្រះ ដោយ​បើក​ប្រាក់​ពី​ឃ្លាំង​ទ្រព្យ​ស្ដេច+ ជា​ប្រាក់​ពន្ធ​ដែល​ប្រមូល​បាន​ពី​តំបន់​ខាង​នាយ​ទន្លេ យក​ទៅ​ជួយ​ពួក​គេ​ភ្លាម​ៗ​សម្រាប់​បង់​រាល់​ការ​ចំណាយ​ទាំង​អស់ កុំ​ឲ្យ​មាន​ការ​អាក់​ខាន​អ្វី​ឡើយ។+ ៩ សូម​ផ្គត់​ផ្គង់​អ្វី​ៗ​ដែល​ពួក​សង្ឃ​នៅ​ក្រុង​យេរូសាឡិម​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ គឺ​គោ​ស្ទាវ+ ចៀម​ឈ្មោល+ និង​កូន​ចៀម+ សម្រាប់​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​នៃ​ស្ថាន​សួគ៌ ព្រម​ទាំង​ផ្គត់​ផ្គង់​ស្រូវ​សាលី+ អំបិល+ ស្រា​ទំពាំង​បាយ​ជូរ+ និង​ប្រេង+ តាម​សំណូម​ពរ​របស់​ពួក​គេ​កុំ​ឲ្យ​អាក់​ខាន​ឡើយ។ ១០ យ៉ាង​នេះ ពួក​គេ​អាច​ជូន​គ្រឿង​បូជា​ជា​ទៀង​ទាត់​ដល់​ព្រះ​នៃ​ស្ថាន​សួគ៌ ដើម្បី​ឲ្យ​លោក​ពេញ​ចិត្ត ហើយ​ដើម្បី​ពួក​គេ​អាច​អធិដ្ឋាន​ឲ្យ​ស្ដេច​និង​កូន​ចៅ​ស្ដេច​មាន​សេចក្ដី​សុខ​ចម្រើន។+ ១១ ខ្ញុំ​ក៏​ចេញ​បង្គាប់​ដែរ​ថា​បើ​អ្នក​ណា​ម្នាក់​មិន​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​ទេ ចូរ​ដក​ឈើ​ពី​ផ្ទះ​អ្នក​នោះ​យក​មក​បញ្ឈរ រួច​ព្យួរ​អ្នក​នោះ​នៅ​លើ​ឈើ​នោះ​ទៅ។ រីឯ​ផ្ទះ​របស់​គាត់​ត្រូវ​យក​ទៅ​ធ្វើ​ជា​កន្លែង​បន្ទោរ​បង់*វិញ។ ១២ សូម​ឲ្យ​ព្រះ​ដែល​តាំង​នាម​លោក​នៅ​ទី​នោះ+ ទម្លាក់​ស្ដេច​ណា​ឬ​កាត់​ទោស​បណ្ដា​ជន​ណា​ដែល​បំពាន​លើ​សេចក្ដី​បង្គាប់​នេះ និង​ដែល​ប៉ុន​ប៉ង​បំផ្លាញ​វិហារ​របស់​ព្រះ​នៅ​ក្រុង​យេរូសាឡិម។ ខ្ញុំ​ដារីយុស​ជា​អ្នក​ចេញ​បញ្ជា​នេះ ចូរ​ធ្វើ​តាម​បញ្ជា​នេះ​ជា​ដាច់​ខាត​»។

១៣ បន្ទាប់​មក ថាថិនណាយ​ជា​អភិបាល​នៃ​តំបន់​ខាង​នាយ​ទន្លេ ព្រម​ទាំង​សេថាបូសណាយ+និង​គ្នី​គ្នា ពួក​គេ​បាន​ធ្វើ​តាម​បង្គាប់​ស្ដេច​ដារីយុស​គ្រប់​ជំពូក​ដោយ​មិន​បង្អែ​បង្អង់។ ១៤ ដូច្នេះ ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​យូដា​បាន​បន្ត​សាង​សង់​វិហារ ហើយ​កិច្ចការ​នោះ​បាន​ជឿន​ទៅ​មុខ​យ៉ាង​លឿន+ ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ហាកាយ+ជា​អ្នក​ប្រកាស​ទំនាយ និង​សាការី+ជា​ចៅ​អ៊ីតដូ។ យ៉ាង​នេះ ពួក​គេ​បាន​បង្ហើយ​កិច្ចការ​សាង​សង់​វិហារ​ចប់​សព្វ​គ្រប់ តាម​បង្គាប់​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល+ និង​បង្គាប់​របស់​ស្ដេច​ស៊ីរូស+ ស្ដេច​ដារីយុស+ និង​ស្ដេច​អើថាស៊ើកសេស*+នៃ​ស្រុក​ពើស៊ី។ ១៥ នៅ​ថ្ងៃ​ទី​៣ ខែ​អេដា* ឆ្នាំ​ទី​៦​នៃ​រាជ្យ​ដារីយុស ពួក​គេ​បាន​សង់​វិហារ​ព្រះ​រួច​រាល់។

១៦ បន្ទាប់​មក ពួក​អ៊ីស្រាអែល ពួក​សង្ឃ និង​ពួក​លេវី+ ព្រម​ទាំង​បណ្ដា​ជន​ទាំង​អស់​ដែល​ធ្លាប់​ជាប់​ជា​ឈ្លើយ បាន​ធ្វើ​ពិធី​សម្ពោធន៍​វិហារ​របស់​ព្រះ​ដោយ​សប្បាយ​រីក​រាយ។ ១៧ ក្នុង​ពិធី​សម្ពោធន៍​នោះ ពួក​គេ​បាន​ជូន​គោ​ឈ្មោល​ចំនួន​១០០​ក្បាល ចៀម​ឈ្មោល​ចំនួន​២០០​ក្បាល និង​កូន​ចៀម​ចំនួន​៤០០​ក្បាល។ ពួក​គេ​ក៏​បាន​ជូន​ពពែ​ឈ្មោល​ចំនួន​១២​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ស្រប​តាម​ចំនួន​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+ ១៨ ពួក​គេ​តែង​តាំង​ពួក​សង្ឃ​តាម​ក្រុម និង​ពួក​លេវី​តាម​ក្រុម ដើម្បី​បំពេញ​កិច្ច​បម្រើ​ជូន​ព្រះ​នៅ​ក្រុង​យេរូសាឡិម+ ស្រប​តាម​ការ​ណែនាំ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ម៉ូសេ។+

១៩ នៅ​ថ្ងៃ​ទី​១៤ ខែ​ទី​១ បណ្ដា​ជន​ដែល​ធ្លាប់​ធ្វើ​ជា​ឈ្លើយ បាន​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​រំលង។+ ២០ ពួក​សង្ឃ​និង​ពួក​លេវី​ទាំង​អស់​បាន​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ+ ហើយ​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​នៅ​ពិធី​បុណ្យ​រំលង​សម្រាប់​បណ្ដា​ជន​ទាំង​អស់​ដែល​ធ្លាប់​ធ្វើ​ជា​ឈ្លើយ សម្រាប់​ពួក​សង្ឃ​ឯ​ទៀត និង​សម្រាប់​ខ្លួន​គេ​ផ្ទាល់។ ២១ រួច​មក ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​ធ្លាប់​ជាប់​ជា​ឈ្លើយ​សឹក បាន​បរិភោគ​អាហារ​បុណ្យ​រំលង​ជា​មួយ​នឹង​អស់​អ្នក​ដែល​បាន​ចូល​រួម​ធ្វើ​ពិធីនោះ គឺ​ពួក​អ្នក​ដែល​បាន​បោះ​បង់​ចោល​ការ​ប្រព្រឹត្ត​ដ៏​ស្មោក​គ្រោក​របស់​ជន​ជាតិ​ដទៃ​នៅ​ក្នុង​ស្រុក​នោះ ហើយ​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+ ២២ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ធ្វើ​ពិធី​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ+អស់​រយៈ​ពេល​៧​ថ្ងៃ​ដោយ​សប្បាយ​រីក​រាយ ព្រោះ​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ពួក​គេ​មាន​អំណរ​យ៉ាង​ខ្លាំង ថែម​ទាំង​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​អាស៊ីរី* ពេញ​ចិត្ត​នឹង​ពួក​គេ។+ ហេតុ​នេះ ស្ដេច​បាន​ជួយ​គាំទ្រ​ពួក​គេ​ក្នុង​ការ​សាង​សង់​វិហារ​ព្រះ​ដ៏​ពិត​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។

៧ លុះ​ក្រោយ​មក ក្នុង​រាជ្យ​អើថាស៊ើកសេស+ជា​ស្ដេច​ស្រុក​ពើស៊ី មាន​បុរស​ម្នាក់​ឈ្មោះ​អែសរ៉ា*+ គាត់​ជា​កូន​សេរ៉ាយ៉ា។ សេរ៉ាយ៉ា+ជា​កូន​អាសារៀ។ អាសារៀ​ជា​កូន​ហ៊ីលគីយ៉ា។+ ២ ហ៊ីលគីយ៉ា​ជា​កូន​សាលូម។ សាលូម​ជា​កូន​សេដុក។ សេដុក​ជា​កូន​អាហាយថូប។ ៣ អាហាយថូប​ជា​កូន​អាម៉ារៀ។ អាម៉ារៀ​ជា​កូន​អាសារៀ។+ អាសារៀ​ជា​កូន​មេរ៉ាយ៉ុត។ ៤ មេរ៉ាយ៉ុត​ជា​កូន​សេរ៉ាហ៊ា។ សេរ៉ាហ៊ា​ជា​កូន​អើសាយ។ អើសាយ​ជា​កូន​បូកកាយ។ ៥ បូកកាយ​ជា​កូន​អាប៊ីស៊ូអា។ អាប៊ីស៊ូអា​ជា​កូន​ភីនេហាស។+ ភីនេហាស​ជា​កូន​អេលាសារ។+ អេលាសារ​ជា​កូន​អេរ៉ុន+និង​ជា​សង្ឃ​នាយក។ ៦ អែសរ៉ា​នេះ​ហើយ ដែល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​បាប៊ីឡូន។ គាត់​ជា​អ្នក​ចម្លង​ឯកសារ ហើយ​មាន​ជំនាញ*ខាង​ច្បាប់​ម៉ូសេ+ ជា​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ផ្ដល់​ឲ្យ។ រីឯ​អ្វី​ៗ​ទាំង​អស់​ដែល​អែសរ៉ា​បាន​ស្នើ​សុំ ស្ដេច​បាន​ឲ្យ​គាត់​គ្រប់​យ៉ាង ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​បាន​ជួយ​គាត់។

៧ នៅ​ឆ្នាំ​ទី​៧​នៃ​រាជ្យ​អើថាស៊ើកសេស ជន​ជាតិ​អ៊ីស្រាអែល​មួយ​ចំនួន ពួក​សង្ឃ ពួក​លេវី+ ពួក​អ្នក​ចម្រៀង+ ពួក​អ្នក​យាម​ទ្វារ+ និង​ពួក​អ្នក​បម្រើ​នៅ​វិហារ​ព្រះ+ ពួក​គេ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ ៨ នៅ​ខែ​ទី​៥ ក្នុង​ឆ្នាំ​ដដែល​នោះ អែសរ៉ា​បាន​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​យេរូសាឡិម។ ៩ នៅ​ថ្ងៃ​ទី​១ ខែ​ទី​១ គាត់​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ស្រុក​បាប៊ីឡូន ហើយ​ថ្ងៃ​ទី​១ ខែ​ទី​៥ គាត់​បាន​មក​ដល់​ក្រុង​យេរូសាឡិម ព្រោះ​ព្រះ​របស់​គាត់​បាន​នៅ​ជា​មួយ​នឹង​គាត់។+ ១០ អែសរ៉ា​បាន​ត្រៀម​ចិត្ត*ដើម្បី​រៀន​ច្បាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​ច្បាប់​នោះ+ ព្រម​ទាំង​បង្រៀន​ច្បាប់​និង​ការ​វិនិច្ឆ័យ​របស់​ព្រះ​នៅ​ស្រុក​អ៊ីស្រាអែល។+

១១ ស្ដេច​អើថាស៊ើកសេស​បាន​សរសេរ​សំបុត្រ​មួយ​ឲ្យ​ដល់​អែសរ៉ា​ជា​សង្ឃ ជា​អ្នក​ចម្លង​ឯកសារ ហើយ​ជា​អ្នក​ជំនាញ​ខាង​ច្បាប់​និង​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ដែល​លោក​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល។ សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ​៖

១២ *​«​ខ្ញុំ​អើថាស៊ើកសេស+ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច ជូន​ចំពោះ​អែសរ៉ា​ជា​សង្ឃ ជា​អ្នក​ចម្លង*ច្បាប់​របស់​ព្រះ​នៃ​ស្ថាន​សួគ៌ សូម​ឲ្យ​អ្នក​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត។ ឥឡូវ ១៣ ខ្ញុំ​ចេញ​បញ្ជា​ថា អ្នក​ណា​ក៏​ដោយ​ដែល​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​ជា​មួយ​នឹង​អ្នក​វិញ ចូរ​ឲ្យ​ពួក​គេ​ទៅ​ចុះ គឺ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​នៅ​ក្នុង​រាជាណាចក្រ​ខ្ញុំ រួម​ទាំង​ពួក​សង្ឃ​និង​ពួក​លេវី។+ ១៤ ខ្ញុំ​និង​ទី​ប្រឹក្សា​៧​នាក់ ចាត់​អ្នក​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​ដោយ​នាំ​យក​ច្បាប់​របស់​ព្រះ​នៃ​អ្នក​ទៅ​ជា​មួយ ហើយ​អ្នក​ត្រូវ​ពិនិត្យ​មើល​ថា​តើ​បណ្ដា​ជន​នៅ​ទី​នោះ​កំពុង​ធ្វើ​តាម​ច្បាប់​ព្រះ​ឬ​យ៉ាង​ណា។ ១៥ ចូរ​អ្នក​នាំ​យក​មាស​ប្រាក់ ដែល​ខ្ញុំ​និង​ទី​ប្រឹក្សា​ខ្ញុំ បាន​ជូន​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដែល​អាស្រ័យ​នៅ​ក្រុង​យេរូសាឡិម។ ១៦ ចំណែក​ឯ​មាស​ប្រាក់​ដែល​អ្នក​បាន​ទទួល​ពី​បណ្ដា​ខេត្ត​ក្នុង​ស្រុក​បាប៊ីឡូន ព្រម​ទាំង​អំណោយ​ដែល​បណ្ដា​ជន​និង​ពួក​សង្ឃ​បាន​ឲ្យ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​សម្រាប់​វិហារ​ព្រះ​ដែល​នៅ​ក្រុង​យេរូសាឡិម​នោះ ចូរ​អ្នក​យក​ទៅ​ជា​មួយ​ផង​ដែរ។+ ១៧ អ្នក​ត្រូវ​យក​ប្រាក់​ទាំង​នេះ​ទៅ​ទិញ​គោ​ឈ្មោល+ ចៀម​ឈ្មោល+ និង​កូន​ចៀម+ជា​ប្រញាប់ ព្រម​ទាំង​ទិញ​ស្រូវ+និង​ស្រា​សម្រាប់​ជូន​ជា​គ្រឿង​បូជា+ជា​មួយ​នឹង​សត្វ​ទាំង​នេះ ហើយ​អ្នក​ត្រូវ​ជូន​គ្រឿង​បូជា​ទាំង​នេះ​នៅ​លើ​ទី​បូជា​នៃ​វិហារ​របស់​ព្រះ​នៅ​ក្រុង​យេរូសាឡិម។

១៨ ​«​ឯ​មាស​ប្រាក់​ដែល​នៅ​សល់ អ្នក​អាច​យក​ទៅ​ប្រើ​ការ​តាម​ដែល​អ្នក​និង​បង​ប្អូន​អ្នក​យល់​ឃើញ​ថា​ល្អ​ត្រឹម​ត្រូវ ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​នៃ​អ្នក​ចុះ។ ១៩ ចំណែក​ប្រដាប់​ប្រដា​ទាំង​អស់​សម្រាប់​ប្រើ​នៅ​វិហារ​របស់​ព្រះ​នៃ​អ្នក ដែល​គេ​បាន​ប្រគល់​ដល់​អ្នក នោះ​អ្នក​ត្រូវ​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ​ក្នុង​ក្រុង​យេរូសាឡិម​វិញ។+ ២០ រីឯ​របស់​របរ​ចាំ​បាច់​ឯ​ទៀត ដែល​អ្នក​ត្រូវ​ជូន​សម្រាប់​វិហារ​របស់​ព្រះ​នៃ​អ្នក ចូរ​បើក​ពី​ឃ្លាំង​ទ្រព្យ​របស់​ស្ដេច​ទៅ។+

២១ ​«​ខ្ញុំ​ជា​ស្ដេច​អើថាស៊ើកសេស បាន​ចេញ​បញ្ជា​ដល់​មេ​ឃ្លាំង​ទាំង​អស់​នៅ​តំបន់​ខាង​នាយ​ទន្លេ*ថា បើ​អែសរ៉ា+ជា​អ្នក​ចម្លង​ច្បាប់​របស់​ព្រះ​នៃ​ស្ថាន​សួគ៌ ស្នើ​សុំ​អ្វី​ៗ​ក៏​ដោយ ចូរ​បើក​ឲ្យ​គាត់​ភ្លាម ២២ ទោះ​ជា​ឲ្យ​ប្រាក់​ដល់​ទៅ​១០០​ថាលិន* ស្រូវ​សាលី​ដល់​ទៅ​១០០​រង្វាល់* ស្រា​ដល់​ទៅ​១០០​រង្វាល់*+ និង​ប្រេង​ដល់​ទៅ​១០០​រង្វាល់*+ក៏​ដោយ។ ចំពោះ​អំបិល​វិញ+ អាច​បើក​ឲ្យ​ដោយ​គ្មាន​កំណត់​ឡើយ។ ២៣ ចំណែក​ឯ​អ្វី​ៗ​ក៏​ដោយ​ដែល​ព្រះ​នៃ​ស្ថាន​សួគ៌​បាន​បង្គាប់​ឲ្យ​ធ្វើ ស្ដី​អំពី​វិហារ​របស់​លោក ចូរ​ធ្វើ​ដោយ​ចិត្ត​ខ្នះ​ខ្នែង​ចុះ+ ដើម្បី​កុំ​ឲ្យ​លោក​មាន​សេចក្ដី​ក្រោធ​នឹង​រាជាណាចក្រ​របស់​ស្ដេច​និង​កូន​ចៅ​របស់​គាត់។+ ២៤ បន្ថែម​ទៅ​ទៀត អ្នក​រាល់​គ្នា​មិន​ត្រូវ​ទារ​ពន្ធ+ឬ​ពន្ធ​ផ្លូវ​ពី​ពួក​សង្ឃ ពួក​លេវី អ្នក​លេង​ភ្លេង​និង​អ្នក​ចម្រៀង+ អ្នក​យាម​ទ្វារ អ្នក​បម្រើ​នៅ​វិហារ+ និង​អ្នក​ធ្វើ​ការ​នៅ​វិហារ​របស់​ព្រះ​ឡើយ។

២៥ ​«​ឯ​អ្នក​វិញ អែសរ៉ា ចូរ​ប្រើ​ប្រាជ្ញា​ដែល​អ្នក​បាន​ទទួល​ពី​ព្រះ ដើម្បី​តែង​តាំង​ពួក​មន្ត្រី​និង​ចៅ​ក្រម ឲ្យ​វិនិច្ឆ័យ​បណ្ដា​ជន​ទាំង​អស់​ដែល​រស់​នៅ​តំបន់​ខាង​នាយ​ទន្លេ គឺ​ជា​ពួក​អ្នក​ដែល​ស្គាល់​ច្បាប់​របស់​ព្រះ​នៃ​អ្នក​រួច​ហើយ។ ប៉ុន្តែ ចំពោះ​អ្នក​ដែល​មិន​ទាន់​ស្គាល់ ចូរ​អ្នក​បង្ហាត់​បង្រៀន​ពួក​គេ​ផង។+ ២៦ បើ​អ្នក​ណា​ម្នាក់​មិន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​នៃ​អ្នក និង​ច្បាប់​របស់​ស្ដេច​ទេ ចូរ​កាត់​ទោស​អ្នក​នោះ​ភ្លាម​ៗ ទោះ​ដល់​ប្រហារ​ជីវិត និរទេស​ពី​ស្រុក ផាក​ពិន័យ ឬ​ដាក់​គុក​ក្ដី​»។

២៧ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​យើង ទទួល​ការ​សរសើរ​តម្កើង! គឺ​លោក​ហើយ​ដែល​បាន​ជំរុញ​ចិត្ត​ស្ដេច ដើម្បី​ឲ្យ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម​បាន​ស្អាត​ឡើង​វិញ។+ ២៨ ព្រះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ តាម​រយៈ​ស្ដេច+និង​ទី​ប្រឹក្សា+របស់​គាត់ ព្រម​ទាំង​ពួក​អភិបាល​ទាំង​ប៉ុន្មាន​ដែល​មាន​អំណាច។ ដោយ​សារ​ព្រះ​យេហូវ៉ា​គាំទ្រ​ខ្ញុំ នោះ​ខ្ញុំ​បាន​តាំង​ចិត្ត​ក្លាហាន ហើយ​ប្រមូល​អ្នក​នាំ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​មួយ​ចំនួន ឲ្យ​ធ្វើ​ដំណើរ​មក​ជា​មួយ​នឹង​ខ្ញុំ​ដែរ។

៨ ក្នុង​រាជ្យ​ស្ដេច​អើថាស៊ើកសេស ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ពួក​ប្រមុខ​គ្រួសារ​និង​បណ្ដា​ជន​មួយ​ចំនួន។ នេះ​ជា​បញ្ជី​រាយ​នាម​តាម​វង្ស​ត្រកូល​របស់​ពួក​គេ​៖+ ២ ពី​កូន​ចៅ​ភីនេហាស+ មាន​គើសោម។ ពី​កូន​ចៅ​អ៊ីតតាម៉ា+ មាន​ដានីយ៉ែល។ ពី​កូន​ចៅ​ដាវីឌ មាន​ហាធូស។ ៣ ពី​កូន​ចៅ​សេកានៀ និង​ពី​កូន​ចៅ​ផារូស មាន​សាការី​និង​ពួក​បុរស​១​៥០​នាក់​មក​ជា​មួយ​គាត់។ ៤ ពី​កូន​ចៅ​ផាហាតម៉ូអាប់+ មាន​អេឡាយហូអ៊ីណាយ​ជា​កូន​សេរ៉ាហ៊ា​និង​ពួក​បុរស​២០០​នាក់​មក​ជា​មួយ​គាត់។ ៥ ពី​កូន​ចៅ​សាធូ+ មាន​សេកានៀ​ជា​កូន​យ៉ាហេសែល​និង​ពួក​បុរស​៣០០​នាក់​មក​ជា​មួយ​គាត់។ ៦ ពី​កូន​ចៅ​អេដិន+ មាន​អ៊ីបេត​ជា​កូន*យ៉ូណាថាន​និង​ពួក​បុរស​៥០​នាក់​មក​ជា​មួយ​គាត់។ ៧ ពី​កូន​ចៅ​អេឡាំ+ មាន​យេសេយ៉ា​ជា​កូន​អាថាលៀ​និង​ពួក​បុរស​៧០​នាក់​មក​ជា​មួយ​គាត់។ ៨ ពី​កូន​ចៅ​សេផាធា+ មាន​សេបបាឌា​ជា​កូន​មីកែល​និង​ពួក​បុរស​៨០​នាក់​មក​ជា​មួយ​គាត់។ ៩ ពី​កូន​ចៅ​យ៉ូអាប់ មាន​អូបាឌា​ជា​កូន​យេហែល​និង​ពួក​បុរស​២១៨​នាក់​មក​ជា​មួយ​គាត់។ ១០ ពី​កូន​ចៅ​បាណាយ មាន​សេឡូមីត​ជា​កូន​យ៉ូសិភា​និង​ពួក​បុរស​១៦០​នាក់​មក​ជា​មួយ​គាត់។ ១១ ពី​កូន​ចៅ​បេបាយ+ មាន​សាការី​ជា​កូន​បេបាយ​និង​ពួក​បុរស​២៨​នាក់​មក​ជា​មួយ​គាត់។ ១២ ពី​កូន​ចៅ​អាសកាត+ មាន​យ៉ូហាណាន​ជា​កូន​ហាក់កាថាន និង​ពួក​បុរស​១១០​នាក់​មក​ជា​មួយ​គាត់។ ១៣ ពី​កូន​ចៅ​អាដូណាយខាម+ ដែល​ជា​អ្នក​ក្រោយ​គេ មាន​អេលីផាលេត យេអែល និង​សិមម៉ាយ៉ា ព្រម​ទាំង​ពួក​បុរស​៦០​នាក់​មក​ជា​មួយ​ពួក​គេ។ ១៤ ពី​កូន​ចៅ​ប៊ីកវ៉ាយ+ មាន​យូថាយ​និង​សាបាត់ ព្រម​ទាំង​ពួក​បុរស​៧០​នាក់​មក​ជា​មួយ​ពួក​គេ។

១៥ ខ្ញុំ​បាន​ឲ្យ​ពួក​គេ​មក​ជួប​ជុំ​គ្នា​នៅ​ក្បែរ​ទន្លេ​ដែល​ហូរ​ទៅ​អាហាវ៉ា+ ហើយ​បាន​បោះ​ជំរំ​នៅ​ទី​នោះ​អស់​បី​ថ្ងៃ។ ប៉ុន្តែ ពេល​ខ្ញុំ​ពិនិត្យ​មើល​បណ្ដា​ជន​និង​ពួក​សង្ឃ ខ្ញុំ​មិន​ឃើញ​មាន​ពួក​លេវី​មក​ជា​មួយ​ទេ។ ១៦ ដូច្នេះ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​អ្នក​ដឹក​នាំ​ឲ្យ​មក​ជួប គឺ​អេលាស៊ើរ អេរៀល សិមម៉ាយ៉ា អេលណាថាន យ៉ារីប អេលណាថាន ណាថាន់ សាការី និង​មេស៊ូឡាម។ ខ្ញុំ​ក៏​ឲ្យ​គេ​ហៅ​ពួក​អ្នក​បង្ហាត់​បង្រៀន​ឲ្យ​មក​ជួប​ដែរ គឺ​យ៉ូយ៉ារីប​និង​អេលណាថាន។ ១៧ បន្ទាប់​មក ខ្ញុំ​បាន​ចាត់​ពួក​គេ​ឲ្យ​ទៅ​ជួប​អ៊ីតដូ ដែល​ជា​អ្នក​ដឹក​នាំ​នៅ​កន្លែង​មួយ​ហៅ​ថា​កាសិភា។ ខ្ញុំ​បាន​បង្គាប់​ពួក​គេ​ឲ្យ​ប្រាប់​អ៊ីតដូ​និង​បង​ប្អូន​គាត់ ដែល​មក​ពី​កូន​ចៅ​ពួក​អ្នក​បម្រើ​ក្នុង​វិហារ* ឲ្យ​បញ្ជូន​ពួក​អ្នក​បម្រើ​ខ្លះ​ឲ្យ​មក​ធ្វើ​ការ​នៅ​វិហារ​របស់​ព្រះ​នៃ​យើង។ ១៨ ដោយ​សារ​ព្រះ​បាន​ជួយ​យើង ពួក​បុរស​ទាំង​នោះ​បាន​នាំ​សេរេបៀ+ជា​អ្នក​ដែល​ចេះ​ពិចារណា​មក​ជា​មួយ ព្រម​ទាំង​កូន​ចៅ​និង​បង​ប្អូន​គាត់ សរុប​ទៅ​១៨​នាក់។ សេរេបៀ​ជា​កូន​ចៅ​ម៉ាឡាយ។+ ម៉ាឡាយ​ជា​ចៅ​លេវី។ លេវី​ជា​កូន​របស់​អ៊ីស្រាអែល។ ១៩ ពួក​បុរស​ទាំង​នោះ​ក៏​បាន​នាំ​ហាសាបៀ និង​យេសេយ៉ា​ជា​កូន​ចៅ​មេរេរ៉ាយ+មក​ជា​មួយ​ដែរ ព្រម​ទាំង​បង​ប្អូន​របស់​គាត់​និង​កូន​ចៅ​ពួក​គេ សរុប​ទៅ​២០​នាក់។ ២០ ដូច្នេះ ពួក​អ្នក​បម្រើ​នៅ​វិហារ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​មាន​ចំនួន​២២០​នាក់។ ពេល​មុន ស្ដេច​ដាវីឌ​និង​ពួក​អភិបាល​បាន​រៀបចំ​ឲ្យ​មាន​ពួក​អ្នក​បម្រើ​ដើម្បី​ជួយ​កិច្ចការ​ពួក​លេវី។

២១ ពេល​នៅ​ក្បែរ​ទន្លេ​អាហាវ៉ា ខ្ញុំ​បាន​ប្រកាស​ឲ្យ​បណ្ដា​ជន​តម​អាហារ ដើម្បី​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​នៃ​យើង ហើយ​ដើម្បី​សុំ​ការ​ណែនាំ​ក្នុង​ការ​ធ្វើ​ដំណើរ ព្រម​ទាំង​សុំ​លោក​ឲ្យ​ការពារ​យើង​និង​កូន​ចៅ រួម​ទាំង​ទ្រព្យ​សម្បត្តិ​និង​របស់​របរ​ទាំង​អស់​ដែល​យើង​យក​ទៅ​ជា​មួយ។ ២២ ខ្ញុំ​ខ្មាស​មិន​ហ៊ាន​សុំ​ពល​ទាហាន​និង​ទាហាន​សេះ​ពី​ស្ដេច ឲ្យ​មក​ការពារ​យើង​តាម​ផ្លូវ​ទេ ព្រោះ​យើង​ធ្លាប់​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​ព្រះ​របស់​យើង​នឹង​ជួយ​មើល​ការពារ​អស់​អ្នក​ដែល​ស្វែង​រក​លោក+ តែ​លោក​មាន​សេចក្ដី​ក្រោធ ហើយ​ប្រើ​កម្លាំង​ខ្លាំង​ក្លា​ទាស់​នឹង​អស់​អ្នក​ដែល​លះ​ចោល​លោក​វិញ​»។+ ២៣ ហេតុ​នេះ យើង​បាន​តម​អាហារ និង​អង្វរ​សុំ​ជំនួយ​ពី​ព្រះ ហើយ​លោក​ក៏​ស្ដាប់​ពាក្យ​អង្វរ​សុំ​របស់​យើង។+

២៤ ខ្ញុំ​បាន​ជ្រើស​រើស​សង្ឃនាយក​១២​នាក់ គឺ​សេរេបៀ និង​ហាសាបៀ+ រួម​ទាំង​បង​ប្អូន​របស់​ពួក​គេ​១០​នាក់​ទៀត។ ២៥ រួច​មក ខ្ញុំ​បាន​ថ្លឹង​មាស​ប្រាក់​និង​ប្រដាប់​ប្រដា​ផ្សេង​ៗ ហើយ​ប្រគល់​ឲ្យ​ដល់​ពួក​គេ។ របស់​ទាំង​នោះ​គឺ​ជា​អំណោយ​ពី​ស្ដេច ពី​ពួក​ទី​ប្រឹក្សា ពី​ពួក​អភិបាល និង​ពី​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ដែល​ពួក​គេ​បាន​ប្រគល់​ជូន​សម្រាប់​វិហារ​របស់​ព្រះ​នៃ​យើង។+ ២៦ របស់​របរ​ទាំង​នោះ​មាន​ប្រាក់​ទម្ងន់​៦៥០​ថាលិន* មាស​ទម្ងន់​១០០​ថាលិន ប្រដាប់​ប្រដា​ធ្វើ​ពី​ប្រាក់​ចំនួន​១០០​ដែល​មាន​តម្លៃ​ស្មើ​នឹង​២​ថាលិន ២៧ ចាន​គោម​តូច​ធ្វើ​ពី​មាស​ចំនួន​២០​ដែល​មាន​តម្លៃ​ស្មើ​នឹង​១.០០០​ដារីក* និង​ប្រដាប់​ប្រដា​២​ធ្វើ​ពី​ស្ពាន់​សុទ្ធ​ដែល​ខាត់​យ៉ាង​ភ្លឺ​មាន​តម្លៃ​ដូច​មាស។

២៨ បន្ទាប់​មក ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ពួក​សង្ឃនាយក​ទាំង​នោះ​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​អ្នក​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ និង​ប្រដាប់​ប្រដា​ទាំង​នេះ​ក៏​បរិសុទ្ធ​ដែរ។ ឯ​មាស​ប្រាក់​វិញ គឺ​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត​ជូន​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា។ ២៩ ដូច្នេះ ចូរ​យក​ចិត្ត​ទុក​ដាក់​ការពារ​របស់​របរ​ទាំង​នេះ រហូត​ដល់​ក្រុង​យេរូសាឡិម។ នៅ​ទី​នោះ អ្នក​ត្រូវ​ថ្លឹង​របស់​របរ​ទាំង​នេះ​នៅ​ចំពោះ​មុខ​ពួក​សង្ឃនាយក ពួក​លេវី និង​ពួក​មេ​ដឹក​នាំ​នៃ​ក្រុម​គ្រួសារ​ជន​ជាតិ​អ៊ីស្រាអែល+ នៅ​ក្នុង​បន្ទប់​នៃ​វិហារ​ព្រះ​យេហូវ៉ា​»។ ៣០ លុះ​ស្ដាប់​រួច ពួក​សង្ឃ​និង​ពួក​លេវី​បាន​ទទួល​យក​មាស​ប្រាក់​និង​ប្រដាប់​ប្រដា​ទាំង​នោះ រួច​ដឹក​ជញ្ជូន​ទៅ​វិហារ​របស់​ព្រះ​នៅ​ក្រុង​យេរូសាឡិម។

៣១ នៅ​ថ្ងៃ​ទី​១២ ខែ​ទី​១+ យើង​បាន​ចាក​ចេញ​ពី​តំបន់​ទន្លេ​អាហាវ៉ា+ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម ដោយ​មាន​ព្រះ​នៅ​ជា​មួយ​នឹង​យើង។ នៅ​តាម​ផ្លូវ ព្រះ​បាន​ជួយ​សង្គ្រោះ​យើង​ពី​ខ្មាំង​សត្រូវ​និង​ពី​ក្រុម​ចោរ​ប្លន់។ ៣២ ទី​បំផុត យើង​បាន​មក​ដល់​ក្រុង​យេរូសាឡិម+ ហើយ​សម្រាក​នៅ​ទី​នោះ​អស់​បី​ថ្ងៃ។ ៣៣ នៅ​ថ្ងៃ​ទី​៤ យើង​បាន​ថ្លឹង​មាស​ប្រាក់​និង​ប្រដាប់​ប្រដា​ទាំង​អស់​ក្នុង​វិហារ​ព្រះ+ ហើយ​ប្រគល់​ឲ្យ​មេរេម៉ត+ជា​កូន​យូរ៉ាយ៉ា​ជា​សង្ឃ។ នៅ​ជា​មួយ​មេរេម៉ត មាន​អេលាសារ​ជា​កូន​ភីនេហាស និង​ពួក​លេវី​ពីរ​នាក់ គឺ​យ៉ូសាបាត+ជា​កូន​យេសួ និង​ណូអាឌា​ជា​កូន​ប៊ីននូអាយ។+ ៣៤ របស់​របរ​ទាំង​អស់​នោះ​បាន​ត្រូវ​រាប់​និង​ថ្លឹង ហើយ​ទម្ងន់​នៃ​របស់​របរ​ទាំង​នោះ​បាន​ត្រូវ​កត់​ទុក​ក្នុង​បញ្ជី។ ៣៥ បន្ទាប់​មក បណ្ដា​ជន​ដែល​ធ្លាប់​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន បាន​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​គោ​ឈ្មោល​ចំនួន​១២​ក្បាល+សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ថែម​ទាំង​ចៀម​ឈ្មោល​ចំនួន​៩៦​ក្បាល+ កូន​ចៀម​ឈ្មោល​ចំនួន​៧៧​ក្បាល និង​ពពែ​ឈ្មោល​ចំនួន​១២​ក្បាល+ ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ទាំង​អស់​នោះ​ជា​គ្រឿង​បូជា​ដុត។+

៣៦ ក្រោយ​មក យើង​បាន​ប្រគល់​សេចក្ដី​បង្គាប់​របស់​ស្ដេច+ដល់​ពួក​អភិបាល​ខេត្ត និង​ពួក​អភិបាល​នៅ​តំបន់​ខាង​នាយ​ទន្លេ​អឺប្រាត។+ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ជួយ​គាំទ្រ​បណ្ដា​ជន​និង​វិហារ​របស់​ព្រះ​ដ៏​ពិត។+

៩ មិន​យូរ​ក្រោយ​ពី​នោះ ពួក​អភិបាល​បាន​ចូល​មក​ជួប​ខ្ញុំ ហើយ​និយាយ​ថា​៖ ​«​ពួក​សង្ឃ ពួក​លេវី និង​បណ្ដា​ជន​អ៊ីស្រាអែល មិន​បាន​ញែក​ខ្លួន​ពី​ជន​ជាតិ​ដទៃ​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ទេ។ ពួក​គេ​ថែម​ទាំង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​តាម​ជន​ជាតិ​ទាំង​នោះ​ដែរ+ គឺ​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​យេប៊ូស ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​អេហ្ស៊ីប+ និង​ជន​ជាតិ​អាម៉ូរី។+ ២ ពួក​គេ​និង​កូន​ប្រុស​ៗ​ពួក​គេ​បាន​យក​កូន​ស្រី​ៗ​របស់​ជន​ជាតិ​ទាំង​នោះ មក​ធ្វើ​ជា​ប្រពន្ធ​ទៀត​ផង។+ ហេតុ​នេះ ពូជ​បរិសុទ្ធ+បាន​ត្រូវ​លាយ​ឡំ​ជា​មួយ​នឹង​ជន​ជាតិ​ដទៃ។+ ពួក​មេ​ដឹក​នាំ​និង​ពួក​អ្នក​គ្រប់​គ្រង គឺ​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ដ៏​មិន​ស្មោះ​ត្រង់​នេះ​មុន​គេ​»។

៣ ក្រោយ​ពី​ឮ​រឿង​នេះ​ហើយ ខ្ញុំ​បាន​ហែក​អាវ* ហើយ​បោច​សក់ បោច​ពុក​ចង្កា រួច​អង្គុយ​ចុះ​ដោយ​នឹក​ហួស​ចិត្ត​ជា​ខ្លាំង។ ៤ រួច​មក អស់​អ្នក​ដែល​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បណ្ដាំ​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ពួក​គេ​ក៏​បាន​នាំ​គ្នា​មក​អង្គុយ​ជុំវិញ​ខ្ញុំ ដោយ​សារ​ពួក​គេ​ឃើញ​ភាព​មិន​ស្មោះ​ត្រង់​របស់​បណ្ដា​ជន។ ខ្ញុំ​នៅ​អង្គុយ​កើត​ទុក្ខ​រហូត​ដល់​ពេល​ជូន​គ្រឿង​បូជា​ពី​ស្រូវ​នៅ​ពេល​ល្ងាច។+

៥ ក្រោយ​ខ្ញុំ​បាន​បន្ទាប​ខ្លួន​ដូច្នោះ​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង​ទាំង​មាន​អាវ​រហែក រួច​លុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​នៅ​ពេល​ជូន​គ្រឿង​បូជា​ពី​ស្រូវ​នា​ពេល​ល្ងាច។+ ៦ ខ្ញុំ​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​ខ្ញុំ​អើយ! ខ្ញុំ​ខ្មាស​មិន​ហ៊ាន​ងើប​មុខ​មើល​ទៅ​លោក​ទេ ព្រោះ​កំហុស​របស់​យើង​ខ្ញុំ​មាន​ច្រើន​គរ​លើ​ក្បាល​យើង​ខ្ញុំ​ហើយ។ ឯ​ទោស​របស់​យើង​ខ្ញុំ​ក៏​បាន​គរ​ដល់​មេឃ​ដែរ។+ ៧ តាំង​ពី​គ្រា​បុព្វ​បុរស​របស់​យើង​ខ្ញុំ​រហូត​មក​ដល់​សព្វ​ថ្ងៃ+ យើង​ខ្ញុំ​មាន​ទោស​ធ្ងន់​ណាស់។+ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រគល់​យើង​ខ្ញុំ ស្ដេច​របស់​យើង​ខ្ញុំ និង​បណ្ដា​សង្ឃ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បណ្ដា​ស្ដេច​នៃ​ជន​ជាតិ​ដទៃ។ ស្ដេច​ទាំង​នោះ​បាន​វាយលុក​ស្រុក​យើង​ខ្ញុំ ប្លន់​យើង​ខ្ញុំ+ សម្លាប់​យើង​ខ្ញុំ+ ចាប់​យើង​ខ្ញុំ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ+ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ខ្ញុំ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ ៨ ប៉ុន្តែ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ​អើយ! អស់​មួយ​រយៈ លោក​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​យើង​ខ្ញុំ ដោយ​ឲ្យ​រាស្ដ្រ​របស់​លោក​ដែល​នៅ​សេស​សល់​បាន​រួច​ខ្លួន ហើយ​ត្រឡប់​មក​វិញ ថែម​ទាំង​ឲ្យ​យើង​ខ្ញុំ​មាន​កន្លែង​មួយ​ដ៏​ស្ថិតស្ថេរ​ក្នុង​ទី​បរិសុទ្ធ​របស់​លោក​ទៀត​ផង។+ ឱ​ព្រះ​របស់​យើង​ខ្ញុំ​អើយ! លោក​បាន​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ហើយ​បាន​ស្រាក​ស្រាន្ត​បន្តិច​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ៩ ទោះ​ជា​យើង​ខ្ញុំ​ជា​ខ្ញុំ​បម្រើ​ក្ដី+ លោក​មិន​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ​ទេ។ លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​យើង​ខ្ញុំ​តាម​រយៈ​បណ្ដា​ស្ដេច​ស្រុក​ពើស៊ី។+ លោក​បាន​ឲ្យ​កម្លាំង​កាយ​ចិត្ត​ជា​ថ្មី ដើម្បី​យើង​អាច​សង់​វិហារ​បាក់​បែក​របស់​លោក​ឡើង​វិញ+ និង​ដើម្បី​ឲ្យ​យើង​នៅ​ក្នុង​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​ដែល​មាន​កំពែង​ការពារ។

១០ ​«​ឱ​ព្រះ​របស់​យើង​ខ្ញុំ​អើយ! តើ​យើង​ខ្ញុំ​គួរ​និយាយ​យ៉ាង​ណា​ទៅ? ព្រោះ​យើង​ខ្ញុំ​មិន​បាន​ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក​ទេ។ ១១ ពី​មុន​លោក​បាន​ប្រាប់​យើង​ខ្ញុំ​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ថា​៖ ‹ទឹក​ដី​ដែល​អ្នក​នឹង​ទទួល​ជា​មត៌ក គឺ​ជា​ទឹក​ដី​ដែល​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​បណ្ដា​ជន​ដែល​រស់​នៅ​ទី​នោះ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នៅ​ពេញ​ក្នុង​ស្រុក​នោះ។+ ១២ ដូច្នេះ ចូរ​កុំ​ឲ្យ​កូន​អ្នក​រាល់​គ្នា​រៀប​ការ​ជា​មួយ​នឹង​កូន​របស់​ពួក​គេ​ឡើយ។+ អ្នក​រាល់​គ្នា​មិន​ត្រូវ​ជួយ​ពួក​គេ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ឬ​ភាព​ចម្រុង​ចម្រើន​ទេ។+ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ប្រជាជាតិ​ខ្លាំង​ក្លា ហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផល​ល្អ​ៗ​ពី​ស្រុក​នេះ ថែម​ទាំង​បន្សល់​ទុក​ស្រុក​នោះ​ឲ្យ​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា​ត​រៀង​ទៅ›។ ១៣ រឿង​អាក្រក់​ជា​ច្រើន​បាន​កើត​ឡើង​ចំពោះ​យើង​ខ្ញុំ ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​មិន​បាន​ដាក់​ទោស​យើង​ខ្ញុំ​ស្រប​តាម​កំហុស​របស់​យើង​ខ្ញុំ​ទេ។+ លោក​ថែម​ទាំង​បាន​ជួយ​យើង​ខ្ញុំ​ឲ្យ​រួច​ខ្លួន​ទៀត​ផង។+ ១៤ ដូច្នេះ បើ​យើង​ខ្ញុំ​ហ៊ាន​បំពាន​បញ្ញត្តិ​របស់​លោក​ម្ដង​ទៀត ហើយ​ឲ្យ​កូន​យើង​ខ្ញុំ​រៀប​ការ​ជា​មួយ​នឹង​កូន​របស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម+ នោះ​លោក​ច្បាស់​ជា​មាន​សេចក្ដី​ក្រោធ​នឹង​យើង​ខ្ញុំ​ជា​ខ្លាំង ហើយ​លោក​មុខ​ជា​នឹង​បំផ្លាញ​ពួក​យើង​ខ្ញុំ​ឲ្យ​វិនាស​អស់​ទៅ​មិន​ខាន។ ១៥ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ! លោក​ជា​ព្រះ​ដ៏​សុចរិត+ ហេតុ​នេះ​ហើយ បាន​ជា​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​សេស​សល់​រហូត​ដល់​សព្វ​ថ្ងៃ។ ឥឡូវ​យើង​ខ្ញុំ​សូម​មក​ឈរ​នៅ​ចំពោះ​លោក​ទាំង​មាន​ទោស​ផង ព្រោះ​តាម​ពិត​យើង​គ្មាន​សិទ្ធិ​មក​ឈរ​នៅ​ចំពោះ​លោក​ទេ​»។+

១០ កាល​ដែល​អែសរ៉ា​កំពុង​អធិដ្ឋាន+សារភាព​ទោស​កំហុស ទាំង​យំ​និង​ក្រាប​នៅ​មុខ​វិហារ​របស់​ព្រះ​ពិត បណ្ដា​ជន​អ៊ីស្រាអែល​មួយ​ក្រុម​ធំ​ទាំង​ប្រុស​ទាំង​ស្រី​ទាំង​កូន​ក្មេង ក៏​បាន​មូល​គ្នា​នៅ​ជុំវិញ​គាត់ ទាំង​យំ​សោក​ជា​ខ្លាំង។ ២ បន្ទាប់​មក សេកានៀ​ជា​កូន​យេហែល+ ត្រូវ​ជា​កូន​ចៅ​អេឡាំ+ បាន​និយាយ​ទៅ​កាន់​អែសរ៉ា​ថា​៖ ​«​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​ហើយ ព្រោះ​យើង​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ដទៃ​ក្នុង​ស្រុក​នេះ។+ ប៉ុន្តែ នៅ​តែ​មាន​សង្ឃឹម​សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល បើ​យើង​ធ្វើ​ដូច​ត​ទៅ​៖ ៣ សូម​ឲ្យ​យើង​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ+ ហើយ​បណ្ដេញ​ប្រពន្ធ​កូន​ទាំង​នោះ ស្រប​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា និង​អស់​អ្នក​ដែល​គោរព​កាន់​តាម​បញ្ញត្តិ​របស់​លោក+ ហើយ​សូម​ឲ្យ​យើង​ធ្វើ​តាម​ច្បាប់​ម៉ូសេ​ចុះ។ ៤ សូម​ក្រោក​ឡើង ព្រោះ​អ្នក​មាន​ភារកិច្ច​ចាត់​ចែង​កិច្ចការ​នេះ ហើយ​យើង​នឹង​ជួយ​គាំទ្រ​អ្នក។ សូម​មាន​ចិត្ត​ក្លាហាន និង​ចាត់​វិធានការ​ចុះ​»។

៥ លុះ​ស្ដាប់​រួច អែសរ៉ា​បាន​ក្រោក​ឡើង ហើយ​ឲ្យ​ពួក​សង្ឃនាយក ពួក​លេវី និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ស្បថ​ធ្វើ​តាម​ពាក្យ​ទាំង​នោះ។+ ដូច្នេះ ពួក​គេ​ក៏​ស្បថ។ ៦ ពេល​នោះ អែសរ៉ា​បាន​ក្រោក​ចេញ​ពី​ខាង​មុខ​វិហារ​របស់​ព្រះ​ពិត ហើយ​ទៅ​បន្ទប់​របស់​យេហូហេណាន​ជា​កូន​អេឡាយអាស៊ីប។ ទោះ​ជា​គាត់​ទៅ​ទី​នោះ​ក្ដី គាត់​មិន​បាន​បរិភោគ​អាហារ​ឬ​ផឹក​ទឹក​ទេ ព្រោះ​គាត់​នៅ​សោកសៅ​ចំពោះ​ភាព​មិន​ស្មោះ​ត្រង់​របស់​បណ្ដា​ជន​អ៊ីស្រាអែល។+

៧ រួច​មក ពួក​គេ​បាន​ចេញ​សេចក្ដី​ប្រកាស​នៅ​ទូ​ទាំង​ស្រុក​យូដា​និង​នៅ​ក្រុង​យេរូសាឡិម ឲ្យ​បណ្ដា​ជន​ដែល​ធ្លាប់​ជាប់​ជា​ឈ្លើយ មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម។ ៨ ពួក​អភិបាល​និង​ពួក​បុរស​ចាស់​ទុំ​បាន​សម្រេច​ចិត្ត​ថា បើ​អ្នក​ណា​មិន​មក​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ទេ ទ្រព្យ​សម្បត្តិ​របស់​អ្នក​នោះ​នឹង​ត្រូវ​រឹប​អូស ហើយ​អ្នក​នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។+ ៩ ដូច្នេះ ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​នោះ ពួក​បុរស​ពី​កុលសម្ព័ន្ធ​យូដា​និង​កុលសម្ព័ន្ធ​បេនយ៉ាមីន បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម។ នៅ​ថ្ងៃ​ទី​២០ ក្នុង​ខែ​ទី​៩ ពួក​គេ​បាន​អង្គុយ​នៅ​ទី​ធ្លា​វិហារ​របស់​ព្រះ​ពិត ទាំង​ភ័យ​ញាប់​ញ័រ​ដោយ​សារ​រឿង​នោះ​ផង ទាំង​រងា​ញាក់​ដោយ​សារ​ភ្លៀង​ខ្លាំង​ផង។

១០ បន្ទាប់​មក អែសរ៉ា​ជា​សង្ឃ​បាន​ក្រោក​ឡើង ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ដោយ​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ដទៃ។+ ដូច្នេះ​ហើយ​អ្នក​រាល់​គ្នា​នាំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ទោស​កាន់​តែ​ធ្ងន់។ ១១ ឥឡូវ ចូរ​អ្នក​រាល់​គ្នា​សារភាព​កំហុស​ប្រាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​លោក​វិញ​ចុះ។ ចូរ​ផ្ដាច់​ខ្លួន​ពី​ពួក​អ្នក​ស្រុក​នេះ និង​ពី​ប្រពន្ធ​ជន​ជាតិ​ដទៃ​ទាំង​នោះ​ចេញ​»។+ ១២ ពេល​ឮ​ដូច្នេះ បណ្ដា​ជន​ទាំង​អស់​បាន​បន្លឺ​សំឡេង​ថា​៖ ​«​ពួក​យើង​ខ្ញុំ​នឹង​ធ្វើ​តាម​បង្គាប់​របស់​អ្នក​ឲ្យ​បាន​ដិត​ដល់។ ១៣ ប៉ុន្តែ ការ​នេះ​មិន​អាច​សម្រេច​បាន​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​បាន​ទេ ព្រោះ​យើង​បាន​ធ្វើ​ខុស​នឹង​ព្រះ​ធ្ងន់​ណាស់។ ម្យ៉ាង​ទៀត យើង​មាន​គ្នា​ច្រើន ហើយ​រដូវ​នេះ​ជា​រដូវ​ភ្លៀង​ទៀត យើង​មិន​អាច​ឈរ​នៅ​ខាង​ក្រៅ​យូរ​បាន​ទេ។ ១៤ ដូច្នេះ សូម​មេត្តា​ឲ្យ​ពួក​អភិបាល​ដែល​នៅ​ទី​នេះ ចាត់​ចែង​រឿង​ទាំង​អស់​សម្រាប់​យើង​គ្រប់​គ្នា​ផង។+ បន្ទាប់​មក អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នីមួយ​ៗ​ដែល​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ដទៃ នឹង​មក​ទី​នេះ​តាម​ពេល​កំណត់ ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ និង​ពួក​ចៅ​ក្រម ដើម្បី​ឲ្យ​ព្រះ​របស់​យើង​ឈប់​ខឹង​នឹង​យើង​ទៀត​»។

១៥ ប៉ុន្តែ យ៉ូណាថាន​ជា​កូន​អាសាអែល និង​យ៉ាសៀ​ជា​កូន​ធីកវ៉ា​បាន​ជំទាស់​នឹង​រឿង​នេះ។ ឯ​មេស៊ូឡាម និង​សាបបេថាយ+ជា​ពួក​លេវី​វិញ ពួក​គេ​បាន​យល់​ស្រប​នឹង​គំនិត​នោះ។ ១៦ ចំណែក​បណ្ដា​ជន​វិញ ពួក​គេ​ក៏​ធ្វើ​តាម​ការ​យល់​ស្រប​នោះ​ដែរ។ បន្ទាប់​មក អែសរ៉ា​ជា​សង្ឃ និង​ប្រមុខ​គ្រួសារ​ពី​វង្ស​ត្រកូល​ផ្សេង​ៗ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី បាន​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ទី​១០ ដើម្បី​ពិភាក្សា​គ្នា​អំពី​រឿង​នោះ។ ១៧ លុះ​ដល់​ថ្ងៃ​ទី​១ ខែ​ទី​១ រឿង​អំពី​ពួក​បុរស​ដែល​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ដទៃ បាន​ត្រូវ​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់។ ១៨ គេ​បាន​រក​ឃើញ​ថា​កូន​ចៅ​ខ្លះ​របស់​ពួក​សង្ឃ​ក៏​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ដទៃ​ដែរ។+ ពី​ចំណោម​កូន​ចៅ​របស់​យេសួរ+ជា​កូន​យេហូសាដាក ព្រម​ទាំង​បង​ប្អូន​របស់​គាត់ រួម​មាន​ម៉ាអាសៀ អេលាស៊ើរ យ៉ារីប និង​កេដាលៀ។ ១៩ ប៉ុន្តែ ពួក​អ្នក​ទាំង​នោះ​បាន​សន្យា​ថា ពួក​គេ​នឹង​បណ្ដេញ​ប្រពន្ធ​ពួក​គេ​ឲ្យ​ទៅ​វិញ។ ដោយ​សារ​កំហុស​ឆ្គង​នោះ ពួក​គេ​ម្នាក់​ៗ​បាន​ជូន​ចៀម​ឈ្មោល​មួយ​ក្បាល​ពី​ហ្វូង​ចៀម​របស់​ខ្លួន។+

២០ ចំណែក​សង្ឃ​ឯ​ទៀត​ដែល​បាន​ធ្វើ​ខុស​មាន​ដូច​ត​ទៅ​៖ ពី​ចំណោម​កូន​ចៅ​អ៊ីមមឺ+ មាន​ហាណាណៃ​និង​សេបបាឌា។ ២១ ពី​ចំណោម​កូន​ចៅ​ហារីម+ មាន​ម៉ាអាសៀ អេលីយ៉ា សិមម៉ាយ៉ា យេហែល និង​អូសៀស។ ២២ ពី​ចំណោម​កូន​ចៅ​ផាសហឺ+ មាន​អេលីយ៉ូអ៊ីណាយ ម៉ាអាសៀ អ៊ីសម៉ាអែល នេថានេល យ៉ូសាបាត និង​អេលាអេសា។ ២៣ ពី​ចំណោម​ពួក​លេវី មាន​យ៉ូសាបាត ស៊ីមម៉ាយ កេឡាយ៉ា* ភេតាហ៊ា យូដា និង​អេលាស៊ើរ។ ២៤ ពី​ចំណោម​ពួក​អ្នក​ចម្រៀង មាន​អេឡាយអាស៊ីប។ ពី​ចំណោម​អ្នក​យាម​ទ្វារ មាន​សាលូម ថេលេម និង​យូរ៉ាយ។

២៥ ក្នុង​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ពី​កូន​ចៅ​ផារូស+ មាន​រ៉ាមៀ អ៊ីសសៀ ម៉ាលខាយយ៉ា មីយ៉ាមីន អេលាសារ ម៉ាលខាយយ៉ា និង​បេនណាយ៉ា។ ២៦ ពី​ចំណោម​កូន​ចៅ​អេឡាំ+ មាន​ម៉ាថានៀ សាការី យេហែល+ អាប់ដាយ យេរេម៉ូត និង​អេលីយ៉ា។ ២៧ ពី​ចំណោម​កូន​ចៅ​សាធូ+ មាន​អេលីយ៉ូអ៊ីណាយ អេឡាយអាស៊ីប ម៉ាថានៀ យេរេម៉ូត សាបាត និង​អាសាយសា។ ២៨ ពី​ចំណោម​កូន​ចៅ​បេបាយ+ មាន​យេហូហេណាន ហាណានា សាបាយ និង​អាតឡាយ។ ២៩ ពី​ចំណោម​កូន​ចៅ​បាណាយ មាន​មេស៊ូឡាម ម៉ាឡាក អាដាយ៉ា យ៉ាសិប ស៊ីអាល និង​យេរេម៉ូត។ ៣០ ពី​ចំណោម​កូន​ចៅ​ផាហាតម៉ូអាប់+ មាន​អាតណា កេឡាល បេនណាយ៉ា ម៉ាអាសៀ ម៉ាថានៀ បេសាលែល ប៊ីននូអាយ និង​ម៉ាណាសេ។ ៣១ ពី​ចំណោម​កូន​ចៅ​ហារីម+ មាន​អេលាស៊ើរ អ៊ីសសៃយ៉ា ម៉ាលខាយយ៉ា+ សិមម៉ាយ៉ា ស៊ីមមៀន ៣២ បេនយ៉ាមីន ម៉ាឡាក និង​សិមម៉ារៀ។ ៣៣ ពី​ចំណោម​កូន​ចៅ​ហាស៊ូម+ មាន​ម៉ាធីណាយ ម៉ាថាត់ថា សាបាត អេលីផាលេត យេរ៉ាម៉ាយ ម៉ាណាសេ និង​ស៊ីមម៉ាយ។ ៣៤ ពី​ចំណោម​កូន​ចៅ​បាណាយ មាន​ម៉ាអាដាយ អាំរ៉ាម យូអាល ៣៥ បេនណាយ៉ា បេឌា កេឡូហាយ ៣៦ វ៉ាន់នៀ មេរេម៉ត អេឡាយអាស៊ីប ៣៧ ម៉ាថានៀ ម៉ាធីណាយ និង​យ៉ាអាស៊ូ។ ៣៨ ពី​ចំណោម​កូន​ចៅ​ប៊ីននូអាយ មាន​ស៊ីមម៉ាយ ៣៩ សេលេមៀ ណាថាន់ អាដាយ៉ា ៤០ ម៉ាកណាដេបាយ សាសាយ សារ៉ាយ ៤១ អាសារ៉េល សេលេមៀ សិមម៉ារៀ ៤២ សាលូម អាម៉ារៀ និង​យ៉ូសែប។ ៤៣ ពី​ចំណោម​កូន​ចៅ​នេបូរ មាន​យេអែល ម៉ាធីធា សាបាត សេបបៃណា យ៉ាដាយ យ៉ូអែល និង​បេនណាយ៉ា។ ៤៤ ពួក​គេ​ទាំង​អស់​នេះ សុទ្ធតែ​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ដទៃ។+ ក្រោយ​មក ពួក​គេ​បាន​បណ្ដេញ​ប្រពន្ធ​កូន​របស់​ពួក​គេ​ឲ្យ​ទៅ​វិញ។+

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដែល​ស្ថិត​នៅ​ក្រុង​យេរូសាឡិម​»​

ន័យ​ត្រង់​«​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​ពួក​គេ​»​

ប្រហែល​ជា​សំដៅ​លើ​សេរ៉ូបាបិល​នៅ​អែស ២:២; ៣:៨

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ក្រុង​គីបា​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កូន​ចៅ​ម៉ាកប៊ីស​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កូន​ចៅ​សេណាអា​»​

ន័យ​ត្រង់​«​កូន​ចៅ​អ្នក​យាម​ទ្វារ​»​

មើល​និយម​ន័យ​ពាក្យ​«​យូរីម​និង​ធូមីម​»​

ជា​ទូទៅ​មួយ​ដ្រាកម៉ា​ស្មើ​នឹង​កាក់​មាស​របស់​ពើស៊ី​មួយ​ដារីក ដែល​មាន​ទម្ងន់​៨,៤​ក្រាម។ ប៉ុន្តែ មិន​ដូច​ដ្រាកម៉ា​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច​ទេ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ មួយ​មិណា​ស្មើ​នឹង​៥៧០​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល

ប្រហែល​ជា​មាន​ន័យ​ថា​«​បាន​ត្រូវ​សរសេរ​ជា​ភាសា​អេរ៉ាម រួច​បក​ប្រែ​»​

អែស ៤:៨ ដល់​៦:១៨ ដំបូង​បាន​ត្រូវ​សរសេរ​ជា​ភាសា​អេរ៉ាម

ន័យ​ត្រង់​«​បរិភោគ​អំបិល​ពី​វាំង​»​

ន័យ​ត្រង់​«​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ជា​ព្រះ​ដែល​ដឹក​នាំ​ពួក​គេ​»​

ឬ​«​តំបន់​ដែល​កាត់​ទន្លេ​អឺប្រាត​»​

ឬ​«​មេឃ​»​

ប្រហែល​ជា​សំដៅ​លើ​សេរ៉ូបាបិល​នៅ​អែស ២:២; ៣:៨

ប្រហែលជា​ស្មើ​នឹង​២៦,៧​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​តំបន់​ដែល​កាត់​ទន្លេ​អឺប្រាត​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កន្លែង​ចាក់​សំរាម ឬ​គំនរ​លាមក​»​

គាត់​ជា​អើថាស៊ើកសេស​ទី​១ មិន​មែន​ជា​អើថាស៊ើកសេស​កូម៉ាតា ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​អែស ៤:៧​ទេ

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥

ឋានៈ​របស់​ដារីយុស​ទី​១​ជា​ស្ដេច​ស្រុក​ពើស៊ី ដែល​គ្រប់​គ្រង​លើ​ទឹក​ដី​ដែល​ធ្លាប់​ជា​ចក្រភព​ពើស៊ី

មាន​ន័យ​ថា​«​ជំនួយ​»​

ឬ​«​គាត់​ស្ទាត់​ជំនាញ​ខាង​ចម្លង​»​

ឬ​«​តាំង​ចិត្ត​»​

អែស ៧:១២ ដល់​៧:២៦ ដំបូង​បាន​ត្រូវ​សរសេរ​ជា​ភាសា​អេរ៉ាម

ឬ​«​អ្នក​ជំនាញ​ខាង​ច្បាប់​»​

ឬ​«​តំបន់​ដែល​កាត់​ទន្លេ​អឺប្រាត​»​

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​គ័រ​»។ មួយគ័រ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​បាត​»។ មួយ​បាត​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​បាត​»។ មួយ​បាត​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល

ឬ​«​នេធីនិម​»។ មើល​និយម​ន័យ​ពាក្យ​«​ពួក​អ្នក​បម្រើ​នៅ​វិហារ​»​

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ដារីក​ជា​កាក់​មាស​របស់​ពើស៊ី។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​សម្លៀក​បំពាក់​ក្នុង និង​សម្លៀក​បំពាក់​ក្រៅ​»​

គាត់​ជា​កេឡាយថា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក