ហេតុដែលសាសនានៃលោកីយ៍នឹងត្រូវវិនាស
«រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយក្រែងត្រូវវេទនាដូចជាវាដែរ»។—វិវរណៈ ១៨:៤
១. (ក) តើតាមរបៀបណាខ្លះដែលបាប៊ីឡូនដ៏ធំបានរលំ? (ខ) តើព្រឹត្ដិការណ៍នេះមានឥទ្ធិពលយ៉ាងណាមកលើស្មរបន្ទាល់ព្រះយេហូវ៉ា?
«ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ»! ត្រូវហើយ ពីមតិរបស់ព្រះយេហូវ៉ា ចក្រភពលោកនៃសាសនាមិនពិតបានរលំហើយ។ នេះបានកើតឡើងតាំងពីឆ្នាំ១៩១៩នៅពេលដែលពួកសំណល់នៃបងប្អូនរបស់ព្រះគ្រីស្ទបានចេញមកពីការនៅក្រោមឥទ្ធិពលពិភពគ្រីស្ទសាសនា ជាផ្នែកដ៏ធំនៃបាប៊ីឡូនអាថ៌កំបាំង។ ជាលទ្ធផល ពួកគេមានសិទ្ធិសេរីប្រកាសថាសាសនាមិនពិតជាសាសនាខុស ហើយប្រកាសប្រាប់អំពីការគ្រប់គ្រងដ៏សុចរិតរបស់ព្រះតាមរយៈព្រះរាជាណាចក្រនៃព្រះមេស្ស៊ី។ ទូទាំងសតវត្សនេះ ពួកស្មរបន្ទាល់ស្មោះត្រង់នៃព្រះយេហូវ៉ាបានលាតត្រដាងសាសនាអាយ៉ងគ្រប់បែបយ៉ាងរបស់សាតាំង ដែលវាបានប្រើយ៉ាងប៉ិនប្រសប់ ដើម្បីបំភាន់«លោកីយទាំងមូល»។—វិវរណៈ ១២:៩; ១៤:៨; ១៨:២
តើតាមរបៀបណាខ្លះដែលបាប៊ីឡូនដ៏ធំបានរលំ?
២. តើអ្វីជាស្ថានការណ៍បច្ចុប្បន្ននេះនៃសាសនាពិភពលោក?
២ ប៉ុន្តែ ជនម្នាក់អាចសួរថា ‹តើអ្នកអាចនិយាយថា បាប៊ីឡូនបានរលំហើយយ៉ាងដូចម្ដេច បើមើលទៅឃើញតែសាសនារីកចំរើនក្នុងស្រុកជាច្រើនដូច្នេះ›? សាសនាកាតូលិកនិងអ៊ីស្លាមរៀងៗខ្លួនអះអាងថាមានអ្នកជឿជាងមួយរយកោដិនាក់។ សាសនាប្រូតេស្តង់នៅតែចំរើនក្នុងអាមេរិកខាងជើងនិងខាងត្បូង ដែលជាកន្លែងវិហារថ្មីៗត្រូវបានសង់ឡើងយ៉ាងញឹកញាប់។ មានមនុស្សរាប់រយលាននាក់ទៀតកាន់តាមក្បួនរីត៍នៃព្រះពុទ្ធសាសនានិងហិណ្ឌូ។ ក៏ប៉ុន្តែ តើដល់កំរិតណា ដែលសាសនាទាំងអស់នេះបញ្ចេញឥទ្ធិពលល្អមកលើកិរិយារបស់មនុស្សរាប់រយលាននាក់? តើវាមានបានបង្ការពួកកាតូលិកនិងពួកប្រូតេស្តង់ពីការកាប់សំឡាប់គ្នាទៅវិញទៅមកក្នុងប្រទេសអៃរ៍ឡឹនខាងជើងទេ? តើវាមានបាននាំមកសន្ដិភាពពិតដល់ពួកយូដានិងពួកអ៊ីស្លាមក្នុងមជ្ឈិមបូព៌ាប្រទេសទេ? តើវាមានបាននាំមកនូវភាពចុះសម្រុងគ្នារវាងពួកហិណ្ឌូនិងពួកអ៊ីស្លាមក្នុងប្រទេសឥណ្ឌាទេ? ហើយក្នុងពេលថ្មីៗនេះ តើវាមានបានបង្ការពួកសាសនាអូធូដុក្សជាតិស៊ឺប ពួកកាតូលិកជាតិក្រូអិត និងពួកអ៊ីស្លាមជាតិបូស្នី ពី«ការបោសសំអាតអាណិកជន» ការលួចប្លន់ ការចាប់រំលោភ និងការកាប់សំឡាប់គ្នាទៅវិញទៅមកទេ? សាសនាគឺគ្រាន់តែជាសញ្ញា ជាបន្ទះស្តើងដូចសំបកពងមាន់ ដែលគ្រាន់តែប៉ះបន្ដិចនោះបែកទៅហើយ។—កាឡាទី ៥:១៩-២១; ប្រៀបធៀប យ៉ាកុប ២:១០, ១១
៣. ហេតុអ្វីក៏សាសនានឹងត្រូវជំនុំជំរះនៅពីមុខព្រះ?
៣ ពីមតិរបស់ព្រះ ការគាំទ្រសាសនាដោយមនុស្សជាច្រើនអនេកមិនប្រែប្រួលការពិតដែលមិនអាចចៀសផុតនេះ—គឺសាសនាទាំងអស់នឹងត្រូវជំនុំជំរះនៅពីមុខព្រះ។ បាប៊ីឡូនដ៏ធំ ដូចជាបានឃើញក្នុងប្រវត្ដិសាស្ត្ររបស់វា គឺសមទទួលការជំនុំជំរះអាក្រក់ ដ្បិត«អំពើបាបវាគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា»។ (វិវរណៈ ១៨:៥) ជាពាក្យទំនាយ ហូសេបានសរសេរថា៖ «ដ្បិតគេបានសាបព្រោះជាខ្យល់ ហើយនឹងច្រូតកាត់បានជាខ្យល់គួចវិញ»។ សាសនាមិនពិតទាំងអស់របស់សាតាំងនឹងត្រូវកំទេចចោល ដោយព្រោះតែវាក្បត់ព្រះ សេចក្ដីស្រឡាញ់ ព្រះនាមទ្រង់ និងបុត្រារបស់ទ្រង់។—ហូសេ ៨:៧; កាឡាទី ៦:៧; យ៉ូហានទី១ ២:២២, ២៣
អ្នកត្រូវតែជ្រើសរើស
៤, ៥. (ក) សព្វថ្ងៃនេះ យើងកំពុងតែរស់នៅក្នុងស្ថានភាពយ៉ាងណា? (ខ) តើមានសំនួរអ្វីខ្លះដែលយើងត្រូវឆ្លើយ?
៤ យើងកំពុងតែរស់នៅក្នុងទីចុងបំផុតនៃ«ថ្ងៃជាន់ក្រោយបង្អស់» ហើយជាជនគ្រីស្ទានពិត យើងខំពុះពារដើម្បីឲ្យបានរួចជីវិតពី«គ្រាលំបាកណាស់»នេះ។ (ធីម៉ូថេទី២ ៣:១-៥) ពួកគ្រីស្ទានពិតគឺជាអ្នករស់នៅបណ្ដោះអាសន្នក្នុងលោកីយ៍របស់សាតាំង ដែលពិតជាសម្ដែងឲ្យឃើញបុគ្គលិកលក្ខណៈពុករលួយរបស់វា ជាឃាតករ ជាមេកំភូត និងជាអ្នកនិយាយបង្ខូច។ (យ៉ូហាន ៨:៤៤; ពេត្រុសទី១ ២:១១, ១២; វិវរណៈ ១២:១០) នៅជុំវិញយើង គឺមានអំពើឃោរឃៅ ការបោក ការលួចបន្លំ អំពើពុករលួយ និងអំពើឥតសីលធម៌ដ៏ថោកទាប។ គោលការណ៍ទាំងឡាយគ្មានគេអើពើសោះ។ តម្រេកនិយមនិងភាពស័ក្ដិសិទ្ធិជាពាក្យដែលតំណាងស្ថានការណ៍នោះ។ ហើយក្នុងករណីជាច្រើន បព្វជិតបណ្ដោយឲ្យមានការពុករលួយខាងសីលធម៌ ដោយបន្សាបការផ្ដន្ទាទោសដ៏ច្បាស់នៃព្រះគម្ពីរ ចំពោះអំពើរួមសង្វាសនឹងភេទដូចគ្នា អំពើរួមសង្វាសដោយឥតរៀបការ និងអំពើកំផិត។ ដូច្នេះ ចំពោះរឿងនេះ តើអ្នកទទួលគាំទ្រការថ្វាយបង្គំមិនពិត ឬ តើអ្នកចូលរួមយ៉ាងសកម្មក្នុងការថ្វាយបង្គំពិត?—លេវីវិន័យ ១៨:២២; ២០:១៣; រ៉ូម ១:២៦, ២៧; កូរិនថូសទី១ ៦:៩-១១
៥ ឥឡូវនេះគឺជាពេលដែលត្រូវញែកខ្លួនចេញ។ ដូច្នេះហើយ ទាំងអស់នេះជាមូលហេតុដើម្បីធ្វើឲ្យឃើញភាពខុសគ្នារវាងការថ្វាយបង្គំមិនពិតនិងការថ្វាយបង្គំពិត។ តើមានអ្វីទៀតដែលពួកនិកាយនៃពិភពគ្រីស្ទសាសនាបានធ្វើ ដែលធ្វើឲ្យគេជាប់ទោសធ្ងន់នោះ?—ម៉ាឡាគី ៣:១៨; យ៉ូហាន ៤:២៣, ២៤
សាសនាមិនពិតជាប់ចោទ
៦. តើពិភពគ្រីស្ទសាសនាបានក្បត់នឹងព្រះរាជាណាចក្ររបស់ព្រះយ៉ាងណា?
៦ ថ្វីបើមនុស្សរាប់លាននាក់ក្នុងពិភពគ្រីស្ទសាសនាប្រើការអធិស្ឋានរបស់ព្រះអម្ចាស់ជារឿយៗ ដែលគេអធិស្ឋានសូមឲ្យព្រះរាជាណាចក្ររបស់ព្រះមកដល់ក៏ដោយ គេបានខំខ្នះខ្នែងគាំទ្រការសម្ដែងនយោបាយទៅវិញ ដោយមិនគិតដល់ព្រះរាជាណាចក្រ។ ជាច្រើនសតវត្សកន្លងមកនេះ «មេធំៗ»នៃសាសនាកាតូលិក ដូចជាកាឌីណាល់រីខូលូ មេហ្សារីន និងវូល្សី ក៏បានមានមុខតំណែងជារដ្ឋបុរសផងដែរ គឺជាមន្ត្រីនៃរដ្ឋាភិបាល។
៧. តើស្មរបន្ទាល់ព្រះយេហូវ៉ាបានលាងត្រដាងពួកបព្វជិតនៃពិភពគ្រីស្ទសាសនាយ៉ាងណាខ្លះ ជាង៥០ឆ្នាំកន្លងទៅនេះ?
៧ ជាង៥០ឆ្នាំកន្លងមកនេះ ក្នុងកូនសៀវភៅមួយមានចំណងជើងថា សាសនាច្រូតបានខ្យល់កួច ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានលាតត្រដាងឲ្យឃើញការទាក់ទងរបស់ពិភពគ្រីស្ទសាសនាជាមួយនយោបាយ។a អ្វីៗដែលបានចែងមកនៅគ្រានោះ ក៏មានឥទ្ធិពលស្មើគ្នាក្នុងសព្វថ្ងៃនេះដែរ៖ «ការស៊ើបអង្កេតដ៏ស្មោះអំពីចរិយានៃពួកបព្វជិតក្នុងនិកាយទាំងអស់ នឹងឃើញថា មេដឹកនាំសាសនាជាច្រើននៃ‹ពិភពគ្រីស្ទសាសនាទាំងអស់› កំពុងតែចូលរួបរួមពេញទីក្នុងនយោបាយនៃ‹លោកីយ៍ដ៏អាក្រក់នៃបច្ចុប្បន្ននេះ› ហើយក៏កំពុងតែធ្វើជាចូលចិត្តក្នុងកិច្ចការនៃលោកីយ៍នេះ»។ នៅគ្រានោះ ពួកស្មរបន្ទាល់បានរិះគន់យ៉ាងខ្លាំងដល់សម្ដេចប៉ាប ផាយអើសទី១២ ចំពោះកិច្ចព្រមព្រៀងរបស់លោកជាមួយហិត្លើ (១៩៣៣) និងកលាបជនហ្វ្រាងកូ (១៩៤១) ហើយក៏បានរិះគន់ដល់សម្ដេចប៉ាបចំពោះការដាក់តំណាងទូតជាមួយសាសន៍ដែលឈ្លានពានគេ គឺជប៉ុនក្នុងខែមីនា ឆ្នាំ១៩៤២ គឺគ្រាន់តែពីរបីខែបន្ទាប់ពីការប្រយុទ្ធដ៏ល្បីនៅភើលហាបារ៍។ សម្ដេចប៉ាបនេះមិនបានគោរពតាមសេចក្ដីព្រមានរបស់យ៉ាកុបទេ៖ «ឱពួកកំផិតទាំងប្រុសទាំងស្រីអើយ តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ នោះគឺជាស្អប់ដល់ព្រះហើយ ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្តសំឡាញ់នឹងលោកីយ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»។—យ៉ាកុប ៤:៤
៨. តើសាសនាកាតូលិករ៉ូម៉ាំងទាក់ទងនឹងនយោបាយយ៉ាងណាខ្លះសព្វថ្ងៃនេះ?
៨ តើស្ថានការណ៍នៅសព្វថ្ងៃនេះយ៉ាងណាដែរ? មហាសង្ឃរាជនៅតែទាក់ទងនឹងនយោបាយដដែល គឺតាមរយៈបព្វជិត និងអ្នកតំណាងគ្រហស្ថ។ សម្ដេចប៉ាបថ្មីនេះបានសម្ដែងការយល់ព្រមរបស់ខ្លួននឹងអង្គការសហប្រជាជាតិ ដោយថ្លែងសុន្ទរកថាអំពីអង្គការក្លែងក្លាយរបស់មនុស្សនេះជាសន្ដិភាពលោក។ អត្ថបទថ្មីមួយពីឡូសឺវេធូរី រូម៉ានូ ជាសារពត៌មានផ្លូវការនៃមហាសង្ឃរាជ បានប្រកាសថាមានទូតថ្មីមកពីប្រាំពីរប្រទេស «ទូតប្រចាំសម្ដេចប៉ាប» បានសម្ដែងសារតាំងរៀងៗខ្លួនដល់«សម្ដេចប៉ាប»។ តើយើងអាចគិតថា ព្រះយេស៊ូនិងពេត្រុសទាក់ទងនឹងការប្ដូរទូតបែបនេះទេ? ព្រះយេស៊ូបានបដិសេធមិនព្រមធ្វើជាស្តេចតាមពួកយូដា ហើយមានបន្ទូលថា ព្រះរាជាណាចក្ររបស់ទ្រង់មិនមែនមកពីលោកីយ៍នេះទេ។—យ៉ូហាន ៦:១៥; ១៨:៣៦
៩. ហេតុអ្វីក៏យើងអាចនិយាយថា សាសនាប្រូតេស្តង់ក៏មិនល្អជាងកាតូលិក?
៩ តើពួកមេដឹកនាំសាសនាប្រូតេស្តង់ល្អជាងកាតូលិកឬ? នៅសហរដ្ឋអាមេរិក និកាយប្រូតេស្តង់ជាច្រើន រួមទាំងសាសនាម៉ូមូន ត្រូវបានឃើញចូលដៃជាមួយនយោបាយណាមួយ។ អង្គការសហពលកម្មគ្រីស្ទាន បានជាប់ទាក់ទិនយ៉ាងជ្រៅនឹងនយោបាយសហរដ្ឋ។ បព្វជិតប្រូតេស្តង់ឯទៀតឃើញចូលដៃជាមួយក្រុមនយោបាយផ្សេងៗទៀត។ ជួនកាលសឹងតែភ្លេចទៅហើយ ក្នុងសហរដ្ឋ អ្នកនាំពាក្យខាងនយោបាយដូចជា លោកផេត រូបើតសិន និង លោកចេស៊ី ចេកសុន គឺជា ឬពីដើមជា «លោកបព្វជិត» ហើយសមាជិករដ្ឋសភាអង់គ្លេសម្នាក់ ឈ្មោះអៀន ផាស៊្លី ដែលមកពីប្រទេសអៃរ៍ឡឹនខាងជើង ក៏ជាបព្វជិតម្នាក់ដែរ។ តើគេបង្ហាញឲ្យឃើញត្រឹមត្រូវយ៉ាងណាបានចំពោះឋានៈរបស់គេនេះ?—កិច្ចការ ១០:៣៤, ៣៥; កាឡាទី ២:៦
១០. អ្វីជាសេចក្ដីថ្លែងដ៏ច្បាស់ដែលបានធ្វើឡើងក្នុងឆ្នាំ១៩៤៤?
១០ ឥឡូវនេះយើងនឹងសួរសំនួរមួយ ដូចបានសួរដោយកូនសៀវភៅសាសនាច្រូតបានខ្យល់កួចក្នុងឆ្នាំ១៩៤៤ គឺថា៖ «តើអង្គការណាដែលចូលក្នុងសិទ្ធិសញ្ញាជាមួយពួកអំណាចលោកីយ៍នេះ ហើយបំរះខ្លួនរវើកៗចូលទៅក្នុងកិច្ចការនយោបាយនៃលោកីយ៍នេះ ឆ្លៀតយកប្រយោជន៍និងសេចក្ដីការពារពីលោកីយ៍នេះ . . . អាចជាក្រុមជំនុំរបស់ព្រះ ឬតំណាងព្រះយេស៊ូគ្រីស្ទនៅផែនដីបានទេ? . . . ជាការច្បាស់ណាស់ សាសនាទាំងអស់ណាដែលមានគោលដៅដូចគ្នានឹងរាជាណាចក្រនៃលោកីយ៍នេះ នោះមិនអាចតំណាងព្រះរាជាណាចក្ររបស់ព្រះដោយព្រះយេស៊ូគ្រីស្ទបានឡើយ»។
សាសនាមិនពិតកាន់គំនិតរបស់កាអ៊ីន
១១. តើសាសនាមិនពិតកាន់តាមគំរូរបស់កាអ៊ីនយ៉ាងដូចម្ដេច?
១១ ទូទាំងប្រវត្ដិសាស្ត្រ សាសនាមិនពិតបានសម្ដែងគំនិតរបស់កាអ៊ីននៃភាតរឃាត ដែលគាត់បានសំឡាប់ប្អូនប្រុសរបស់គាត់អេបិល។ «គឺយ៉ាងនោះហើយ ដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្ដីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ ដ្បិតនេះឯជាសេចក្ដីដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថា ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ ចុះតើហេតុអ្វីបានជាសំឡាប់ប្អូន? គឺពីព្រោះតែការរបស់គាត់សុទ្ធតែអាក្រក់ ហើយការរបស់ប្អូនសុទ្ធតែល្អវិញប៉ុណ្ណោះ»។ ដោយមិនចេះអត់ឱនដល់ការថ្វាយបង្គំដ៏បរិសុទ្ធដែលព្រះគាប់ព្រះទ័យនៃប្អូនគាត់ កាអ៊ីនបានប្រវារកការឃោរឃៅ—ជាមធ្យោបាយក្រោយបង្អស់របស់អ្នកដែលខ្វះការដឹងខុសត្រូវ។—យ៉ូហានទី១ ៣:១០-១២
១២. តើមានភស្តុតាងអ្វីដែលសាសនាចូលដៃក្នុងសង្គ្រាមនិងទំនាស់នយោបាយ?
១២ តើហេតុការណ៍ពិតគាំទ្រដល់ការជាប់ទោសបែបនេះនៃសាសនាមិនពិតទេ? ក្នុងសៀវភៅពួកអ្នកផ្សាយផ្ដល់គ្រឿងអាវុធ អ្នកនិពន្ធនោះមានប្រសាសន៍ថា៖ «ក្នុងប្រវត្ដិសាស្ត្រនៃអារ្យធម៌ . . . កំឡាំងពីរតែងតែបានចូលដៃគ្នាធ្វើជាសម្ព័ន្ធភាពពីរ។ នោះគឺជាសង្គ្រាមនិងសាសនា។ ហើយពីចំណោមសាសនាដ៏ធំៗទាំងអស់នៃលោកីយ៍នេះ . . . គ្មានមួយណាចូលស៊ប់នឹង[សង្គ្រាម]ដូច[ពិភពគ្រីស្ទសាសនា]ឡើយ»។ ប៉ុន្មានឆ្នាំកន្លងមកនេះ សារពត៌មានដឺសាន់នៃក្រុងវែនឃូវើ ប្រទេសកាណាដា បានចែងថា៖ «ជាភាពទន់ខ្សោយនៃអង្គការសាសនាសឹងទាំងអស់ ដែលសាសនាកាន់គំនិតសាសន៍និយម។ . . . តើមានសង្គ្រាមណាដែលមិនដែលអះអាងថាព្រះនៅខាងគេរៀងៗខ្លួននោះ»? អ្នកប្រហែលជាឃើញភស្តុតាងនៃរឿងនេះក្នុងព្រះវិហារណាមួយក្នុងតំបន់របស់អ្នក។ ទង់ជាតិ តែងតែឃើញដាក់តាំងលើអាស្នា។ តើអ្នកគិតថាព្រះយេស៊ូគោរពកាន់តាមទង់ជ័យណាមួយឬ? ពាក្យបន្ទូលរបស់ទ្រង់បានបន្លឺរំពងជាច្រើនសតវត្សមកហើយថា៖ «នគរខ្ញុំមិនមែនត្រូវខាងលោកីយនេះទេ»!—យ៉ូហាន ១៨:៣៦
១៣. (ក) តើសាសនាមិនពិតបានទទួលបរាជ័យយ៉ាងណាក្នុងទ្វីបអាហ្វ្រិក? (ខ) តើទីសំគាល់អ្វីនៃសាសនាគ្រីស្ទានដែលព្រះយេស៊ូបានប្រទានឲ្យ?
១៣ ពួកនិកាយនៃពិភពគ្រីស្ទសាសនាមិនបានបង្រៀនហ្វូងចៀមរបស់គេអំពីសេចក្ដីពិតនៃការស្រឡាញ់បងប្អូនស្មោះពីចិត្តនោះទេ។ ផ្ទុយទៅវិញ ពួកគេបណ្ដោយឲ្យការប្រកាន់សាសន៍ ជាតិ និងក្រុមអាណិកជន បំបាក់បំបែកដល់សមាជិករបស់គេ។ របាយការណ៍បង្ហាញថា បព្វជិតកាតូលិកនិងអែនគ្លីកិនបានចូលរួបរួមក្នុងការបែកបាក់គ្នា ដែលជាលទ្ធផលមានការប្រល័យជាតិក្នុងប្រទេសរ្វ៉ាន់ដា។ សារពត៌មានញូវយ៉ក ថែម្ស បានរាយការណ៍ថា៖ «ការកាប់សំឡាប់គ្នាក្នុងប្រទេសរ្វ៉ាន់ដា បានធ្វើឲ្យពួកកាតូលិករ៉ូម៉ាំងជាច្រើន មានអារម្មណ៍ថាខ្លួនបានក្បត់ដោយពួកមេដឹកនាំសាសនានេះ។ សាសនានេះតែងតែមានការបែកខ្ញែកគ្នាក្នុងក្រុមអាណិកជន រវាងពួកហ៊ូធូនិងពួកធូត្ស៊ី»។ សារពត៌មានដដែលនេះបានស្រង់ពាក្យរបស់បព្វជិតបេសកកម្ម ដែលនិយាយថា៖ «សាសនានេះបានទទួលការបរាជ័យជាខ្លាំងក្នុងរ្វ៉ាន់ដាក្នុងឆ្នាំ១៩៩៤។ ប្រជាជនរ្វ៉ាន់ដាជាច្រើនបានបដិសេធចោលសាសនានេះ។ គឺវាលែងមានជំនឿទុកចិត្តទៀត»។ នេះខុសស្រឡះនឹងពាក្យបន្ទូលរបស់ព្រះយេស៊ូដែលថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។—យ៉ូហាន ១៣:៣៥
១៤. តើសាសនាធំៗដែលមិនមែនជាគ្រីស្ទាន សម្ដែងប្រវត្ដិចរិយាយ៉ាងណា?
១៤ សាសនាធំៗឯទៀតនៃបាប៊ីឡូនដ៏ធំក៏មិនបានធ្វើគំរូល្អដែរ។ ការកាប់សំឡាប់គ្នាដ៏អាក្រក់នៅឆ្នាំ១៩៤៧ ពេលដែលឥណ្ឌាត្រូវបានបែងចែក នោះបង្ហាញថាសាសនាធំៗនៅទីនោះមិនបានបង្កើតឲ្យមានភាពចេះអត់ឱនគ្នាទេ។ អំពើឃោរឃៅក្នុងសហគមន៍ដែលមានជាបន្តបន្ទាប់នៅឥណ្ឌា បង្ហាញថាមនុស្សភាគច្រើនមិនបានកែប្រែចិត្តគំនិតទេ។ ដូច្នេះហើយបានជាទស្សនាវដ្ដីឥណ្ឌាសព្វថ្ងៃនេះ បានសន្និដ្ឋានថា៖ «សាសនាជាឈ្មោះដែលឧក្រិដ្ឋកម្មដ៏អាក្រក់ក្រៃលែងបានប្រព្រឹត្តឡើង . . .។ សាសនាបានបញ្ចេញការឃោរឃៅយ៉ាងខ្លាំង ហើយវាជាកំឡាំងដ៏ហិនហោចបំផុត»។
«ប្រតិមតិផ្ទុយស្រឡះ»
១៥. តើអ្វីជាស្ថានភាពនៃសាសនាក្នុងបស្ចិមលោក?
១៥ សូម្បីតែអ្នកអត្ថាធិប្បាយលោកនិយមក៏បានសំគាល់ឃើញការបរាជ័យនៃសាសនាក្នុងការធ្វើឲ្យមានការទុកចិត្ត ការបណ្ដុះឲ្យមានគុណធម៌ល្អៗ ហើយក្នុងការទប់ទល់នឹងការចូលលុកលុយនៃលទ្ធិលោកនិយម។ ក្នុងសៀវភៅរបស់លោក ឈ្មោះការទប់ទល់លែងរួច លោកហ្សូបែកនើ ប្រាសិនស្គី ដែលជាអតីតប្រឹក្សាសន្ដិសុខជាតិនៃសហរដ្ឋបានសរសេរថា៖ «ជាប្រតិមតិផ្ទុយស្រឡះចំពោះជ័យជំនះដ៏ធំធេងនៃសេចក្ដីអះអាងដែលថា ‹ព្រះបានសាបសូន្យទៅ› ដែលមិនត្រឹមតែមានក្នុងប្រទេសកាន់កាប់ដោយលទ្ធិមារ្សនិយម . . . ប៉ុន្តែក៏មានក្នុងសង្គមបស្ចិមដែលកាន់លទ្ធិប្រជាធិបតេយ្យសេរីនិយមដែរ ជាសង្គមដែលបានដាំបណ្ដុះគំនិតកន្តើយនឹងសីលធម៌។ ក្នុងសង្គមក្រោយនេះ ហេតុការណ៍ពិតគឺថា សាសនាលែងមានឥទ្ធិពលខ្លាំងទៀតដល់សង្គម»។ លោកបន្តទៀតថា៖ «ការតោងជាប់នៃសាសនានឹងវប្បធម៌អឺរ៉ុបបានចុះថយយ៉ាងខ្លាំង ហើយអឺរ៉ុបសព្វថ្ងៃនេះ—ក៏រឹតតែដូចអាមេរិកាំងដែរ—គឺជាសង្គមលោកនិយមពេញទី»។
១៦, ១៧. (ក) តើព្រះយេស៊ូបានប្រទានឲ្យដំបូន្មានអ្វីអំពីពួកបព្វជិតនៅជំនាន់ទ្រង់? (ខ) តើអ្វីជាគោលការណ៍ល្អដែលព្រះយេស៊ូបានសម្ដែងអំពីផលផ្លែ?
១៦ តើព្រះយេស៊ូបានមានបន្ទូលយ៉ាងណាអំពីពួកបព្វជិតយូដានៅជំនាន់ទ្រង់? «ពួកអាចារ្យ នឹងពួកផារិស៊ី គេបានតាំងខ្លួនគេ អង្គុយនៅទីបង្រៀនរបស់លោកម៉ូសេ[ដើម្បីបង្រៀនថូរា ជាក្រិត្យវិន័យ]។ ដូច្នេះ គ្រប់ទាំងសេចក្ដីណាដែលគេប្រាប់ឲ្យអ្នករាល់គ្នាកាន់តាម នោះចូរកាន់ ហើយប្រព្រឹត្តតាមចុះ ប៉ុន្តែកុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ ដ្បិតគេគ្រាន់តែថា តែមិនធ្វើតាមទេ»។ ត្រូវហើយ ការលាក់ពុតនៃសាសនាមិនមែនជាអ្វីថ្មីទេ។—ម៉ាថាយ ២៣:២, ៣
១៧ ផលផ្លែនៃសាសនាមិនពិតសម្ដែងឲ្យឃើញការនេះ។ វិធានដែលព្រះយេស៊ូប្រទានឲ្យគឺសមត្រូវត្រឹមមែន៖ «ដូច្នេះអស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ ធម្មតាដើមឈើល្អ មិនដែលបញ្ចេញផលអាក្រក់បានទេ ហើយដើមដែលអាក្រក់ ក៏ពុំអាចនឹងបញ្ចេញផលល្អបានដែរ។ អស់ទាំងដើមឈើណា ដែលមិនកើតផលផ្លែល្អ នោះត្រូវតែកាប់បោះចោលទៅក្នុងភ្លើងចេញ។ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត»។—ម៉ាថាយ ៧:១៧-២០
១៨. តើតាមរបៀបណាដែលពិភពគ្រីស្ទសាសនាគួរតែរក្សាសមាជិករបស់ខ្លួនឲ្យបានស្អាត?
១៨ បើសិនជាពួកនិកាយនៃពិភពគ្រីស្ទសាសនាបានយកចិត្តទុកដាក់ក្នុងការអនុវត្តវិន័យគ្រីស្ទាននៃការបណ្ដាច់មិត្តភាព ចំពោះអំពើឥតវិន័យទាំងអស់ដែលបានប្រព្រឹត្តដោយពួកអ្នកដែលអះអាងថាខ្លួនជាសមាជិក តើនោះនឹងទៅជាយ៉ាងណា? ពួកអ្នកភូតដែលមិនប្រែចិត្ត ពួកអ្នករួមសង្វាសឥតរៀបការ ពួកអ្នកផិតគ្នា ពួកអ្នករួមសង្វាសភេទដូចគ្នា ពួកអ្នកបោកប្រាសគេ ពួកជនឧក្រិដ្ឋ ពួកអ្នកលួចលក់គ្រឿងញៀន ពួកញៀន និងពួកសមាជិកនៃក្រុមឧក្រិដ្ឋកម្មសំងាត់ តើពួកទាំងនេះនឹងទៅជាយ៉ាងណា? យ៉ាងប្រាកដណាស់ ផលផ្លែរលួយនៃពិភពគ្រីស្ទសាសនា ធ្វើឲ្យសមតែនឹងបំផ្លាញចោលដោយព្រះ។—កូរិនថូសទី១ ៥:៩-១៣; យ៉ូហានទី២ ១០, ១១
១៩. តើបានធ្វើការសារភាពអ្វីអំពីការដឹកនាំនៃសាសនា?
១៩ សន្និបាតធំនៃសាសនាប្រេប៊ីធារានក្នុងសហរដ្ឋបានសារភាពថា៖ «យើងកំពុងតែប្រឈមមុខនឹងវិបត្ដិមួយដែលមានទំហំធំក្រៃលែងហើយស្មុគស្មាញបំផុត។ . . . រវាង១០និង២៣ភាគរយនៃបព្វជិតក្នុងទូទាំងប្រទេស បានកាន់មារយាទដែលសំរើបកាមរាគ ឬ រួមដំណេកជាមួយអ្នកស្រុកជើងវិហារ អតិថិជន និយោជិត»។ ពាណិជ្ជករសហរដ្ឋម្នាក់សរុបសេចក្ដីយ៉ាងប្រសើរថា៖ «ស្ថាប័នសាសនាបានបរាជ័យក្នុងការបណ្ដុះឲ្យមានគុណធម៌ល្អៗរបស់ខ្លួន ហើយក្នុងករណីជាច្រើន បានក្លាយទៅជាបញ្ហាទៅវិញ»។
២០, ២១. (ក) តើព្រះយេស៊ូនិងប៉ុលប្រកាសផ្ដន្ទាទោសដល់ការលាក់ពុតយ៉ាងណា? (ខ) តើមានសំនួរអ្វីខ្លះដែលត្រូវឆ្លើយ?
២០ ការប្រកាសផ្ដន្ទាទោសនៃព្រះយេស៊ូចំពោះការលាក់ពុតនៃសាសនា គឺឃើញត្រូវពិតមែននៅសព្វថ្ងៃនេះ ដូចនៅជំនាន់ទ្រង់ដែរ៖ «ឱពួកមនុស្សកំពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ថា ‹បណ្ដាជននេះ គេគោរពប្រតិបត្ដិដល់អញតែបបូរមាត់ទេ ឯចិត្តគេ នោះនៅឆ្ងាយពីអញណាស់ គេថ្វាយបង្គំអញជាឥតប្រយោជន៍ទេ ព្រោះគេបង្រៀនសេចក្ដីដែលជាបញ្ញត្តរបស់មនុស្សវិញ› »។ (ម៉ាថាយ ១៥:៧-៩) ពាក្យរបស់ប៉ុលទៅទីតុសក៏រៀបរាប់អំពីស្ថានការណ៍ទំនើបរបស់យើងនេះដែរ៖ «គេប្រកាន់ថា គេស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ ដ្បិតគេជាមនុស្សគួរខ្ពើម ហើយរឹងចចេស គឺជាមនុស្សឥតមានប្រយោជន៍អ្វីដល់ការល្អទាំងអស់»។—ទីតុស ១:១៦
២១ ព្រះយេស៊ូបានមានបន្ទូលថា បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ ទាំងពីរនឹងធ្លាក់ក្នុងរណ្ដៅជាមិនខាន។ (ម៉ាថាយ ១៥:១៤) តើអ្នកចង់ឲ្យខ្លួនវិនាសទៅជាមួយបាប៊ីឡូនដ៏ធំឬ? ឬក៏ តើអ្នកចង់ដើរក្នុងផ្លូវត្រង់ដោយបើកភ្នែក ហើយទទួលពរពីព្រះយេហូវ៉ា? សំនួរដែលយើងឥឡូវនេះប្រឈមមុខគឺ៖ តើសាសនាមួយណា បើមាន បង្កើតផលផ្លែនៃព្រះ? តើតាមរបៀបណាដែលយើងអាចសំគាល់ការថ្វាយបង្គំពិតដែលគាប់ព្រះទ័យព្រះ?—ទំនុកដំកើង ១១៩:១០៥
[កំណត់សម្គាល់]
a បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក ក្នុងឆ្នាំ១៩៤៤ ឥឡូវលែងមានទៀត។
តើអ្នកចាំទេ?
◻ តើអ្វីជាឋានៈបច្ចុប្បន្ននៃបាប៊ីឡូនដ៏ធំនៅចំពោះព្រះ?
◻ តើសាសនាមិនពិតជាប់ទោសទៅលើមូលដ្ឋានអ្វី?
◻ តើសាសនាមិនពិតបានសម្ដែងគំនិតរបស់កាអ៊ីនយ៉ាងណា?
◻ តើគោលការណ៍អ្វីដែលព្រះយេស៊ូបានសម្ដែង ចំពោះការវិនិច្ឆ័យសាសនាណាមួយ?
[រូបភាពនៅទំព័រ២២]
ក្នុងទូទាំងប្រវត្ដិសាស្ត្រ ពួកមេដឹកនាំសាសនាបានជ្រៀតជ្រែកចូលក្នុងរឿងនយោបាយ
[រូបភាពនៅទំព័រ២៤]
បព្វជិតទាំងនេះក៏ជារដ្ឋបុរសដ៏ខ្លាំងដែរ
កាឌីណាល់ មេហ្សារីន
កាឌីណាល់ រីខូលូ
កាឌីណាល់ វូល្សី
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាព]
Cardinal Mazarin and Cardinal Richelieu: From the book Ridpath’s History of the World (Vol. VI and Vol. V respectively). Cardinal Wolsey: From the book The History of Protestantism (Vol. I).