សំនួរពីអ្នកអាន
ប្រសិនបើជាយើងអធិស្ឋានដោយមិនប្រើពាក្យថា«តាមរយៈព្រះនាមព្រះយេស៊ូ» តើនោះសមរម្យទេ?
ព្រះគម្ពីរបញ្ជាក់ថា ជនគ្រីស្ទានណាដែលចង់អធិស្ឋានទូលព្រះយេហូវ៉ា ត្រូវធ្វើដូច្នេះតាមរយៈព្រះនាមព្រះយេស៊ូ។ ព្រះយេស៊ូ មានបន្ទូលទៅកាន់សិស្សទ្រង់ថា៖ «បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាអាចទៅឯព្រះវរបិតាបានឡើយ»។ ក្រោយមកទ្រង់មានបន្ទូលថែមទៀតថា៖ «ការអ្វីក៏ដោយ ដែលអ្នករាល់គ្នានឹងសូម ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ ដើម្បីឲ្យព្រះវរបិតាបានដំកើងឡើងក្នុងព្រះរាជបុត្រា។ បើអ្នករាល់គ្នានឹងសូមអ្វីដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ»។—យ៉ូហាន ១៤:៦, ១៣, ១៤
វចនាធិប្បាយនៃអក្សរសាស្ត្រខាងព្រះគម្ពីរ សាសនវិជ្ជា និងសំនេរបព្វជិតចែងថា៖ «សេចក្ដីអធិស្ឋានគឺទូលចំពោះព្រះប៉ុណ្ណោះ តាមរយៈព្រះយេស៊ូគ្រីស្ទជាអ្នកកណ្ដាល។ ហេតុនេះហើយ សេចក្ដីទូលអង្វរទាំងអស់ដែលអំពាវនាវដល់ទេពសន្តឬទេវតា គឺមិនគ្រាន់តែឥតប្រយោជន៍ប៉ុណ្ណោះទេ តែជាការប្រមាថដល់ព្រះវិញ។ ការថ្វាយបង្គំគ្រប់បែបយ៉ាងដែលថ្វាយចំពោះសត្តនិករណាមួយ មិនថាសត្តនិករនោះមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ នោះជាការថ្វាយបង្គំរូបព្រះ គឺបានត្រូវហាមឃាត់ជាដាច់ខាតដោយច្បាប់ពិសិដ្ឋរបស់ព្រះ»។
ចុះយ៉ាងណាវិញ បើមនុស្សម្នាក់លាន់មាត់ថា៖ «សូមអរគុណព្រះយេហូវ៉ា» បន្ទាប់ពីគាត់ទើបតែមានអ្វីល្អកើតឡើងដល់គាត់ ហើយគាត់មិននិយាយថា «តាមរយៈព្រះនាមព្រះយេស៊ូ»? តើនេះខុសឬ? មិនចាំបាច់ចាត់ទុកជាខុសទេ។ ឧបមាថា ជនគ្រីស្ទានណាម្នាក់ចៃដន្យប្រទះនឹងគ្រោះថ្នាក់មួយ ហើយលាន់មាត់ស្រែកថា៖ «ឱព្រះយេហូវ៉ាអើយ! សូមជួយផង!»។ ព្រះទំនងជានឹងមិនបដិសេធហើយមិនព្រមជួយអ្នកបំរើរបស់ទ្រង់ ដោយព្រោះគាត់មិនបានទូលដោយផ្លូវការថា «តាមរយៈព្រះនាមព្រះយេស៊ូ»នោះទេ។
ប៉ុន្តែ ក៏ត្រូវកត់សម្គាល់ដែរថា ការលាន់មាត់ សូម្បីតែពេលទូលចំពោះព្រះ មិនមែនជាការអធិស្ឋានទេ។ ជាក់ស្តែងដូចជាក្រោយព្រះយេហូវ៉ាបានជំនុំជំរះកាអ៊ីន ពីព្រោះគាត់បានសម្លាប់អេបិលជាប្អូន នោះកាអ៊ីនបាននិយាយថា៖ «ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ នឹងទ្រាំទ្រមិនបានទេ មើល! នៅថ្ងៃនេះទ្រង់បានបណ្ដេញទូលបង្គំចេញពីស្រុកហើយ ដូច្នេះទូលបង្គំនឹងត្រូវនៅឃ្លាតពីទ្រង់ទៅ ហើយត្រូវសាត់ព្រាត់អណ្ដែតទៅមកលើផែនដី រួចអស់អ្នកណាដែលឃើញទូលបង្គំ គេនឹងសំឡាប់ទូលបង្គំបង់»។ (លោកុប្បត្តិ ៤:១៣, ១៤) ទោះជាកាអ៊ីនកំពុងតែទូលព្រះយេហូវ៉ាក៏ដោយ ការបញ្ចេញអារម្មណ៍នេះគឺជាការត្អូញត្អែរអំពីភាពល្វីងជូរចត់ដែលកើតចេញពីអំពើបាប។
ព្រះគម្ពីរចែងប្រាប់យើងថា៖ «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្ដល់ព្រះគុណមកពួករាបសាវិញ»។ ការនិយាយបែបធម្មតាមិនមែនជាផ្លូវការជាមួយព្រះដ៏ខ្ពស់បំផុតដូចជាទ្រង់ជាមនុស្សជាតិ ពិតជាបង្ហាញថាយើងគ្មានចិត្តរាបទាបទេ។ (យ៉ាកុប ៤:៦; ទំនុកដំកើង ៤៧:២; វិវរណៈ ១៤:៧) បើយើងដឹងអ្វីដែលព្រះបន្ទូលរបស់ព្រះចែងអំពីតួនាទីរបស់ព្រះយេស៊ូ ប៉ុន្តែនៅតែអធិស្ឋានដោយមិនទទួលស្គាល់ដោយចេតនានូវព្រះយេស៊ូគ្រីស្ទនោះក៏ឈ្មោះថាឥតគោរពដែរ។—លូកា ១:៣២, ៣៣
នេះមិនបានសេចក្ដីថា ព្រះយេហូវ៉ាតម្រូវឲ្យយើងប្រើក្បួនសូត្រពេលយើងអធិស្ឋានទេ។ គោលការណ៍ចំបងគឺជាសន្ដានចិត្តនៃបុគ្គលម្នាក់ៗ។ (សាំយូអែលទី១ ១៦:៧) នៅសតវត្សទីមួយ លោកកូនេលាស ទាហានរ៉ូមម្នាក់បាន«អំពាវនាវដល់ព្រះជានិច្ច»។ លោកកូនេលាសជាបុរសសាសន៍ដទៃដែលមិនទាន់បានកាត់ស្បែក ក៏មិនទាន់បានថ្វាយខ្លួនដល់ព្រះយេហូវ៉ាទេ។ ទោះជាគាត់ទំនងជាមិនបានអធិស្ឋានតាមរយៈព្រះនាមព្រះយេស៊ូក៏ដោយ សេចក្ដីអធិស្ឋាននោះ«បានឡើងទៅទុកជាសេចក្ដីរំឭក នៅចំពោះព្រះ»។ ហេតុអ្វី? ពីព្រោះព្រះដែលជាអ្នក«លមើលចិត្ត»បានទតឃើញថា លោកកូនេលាស«ជាអ្នកគោរព ហើយកោតខ្លាចដល់ព្រះ»។ (កិច្ចការ ១០:២, ៤; សុភាសិត ១៧:៣) ពេលគាត់ទទួលចំណេះអំពី«ព្រះយេស៊ូវ ពីស្រុកណាសារ៉ែត» នោះលោកកូនេលាសបានទទួលវិញ្ញាណបរិសុទ្ធហើយបានទទួលបុណ្យជ្រមុជទឹកជាសិស្សព្រះយេស៊ូ។—កិច្ចការ ១០:៣០-៤៨
នៅទីបំផុត មនុស្សមិនមែនជាអ្នកដែលសម្រេចថាតើព្រះនឹងសណ្ដាប់នូវសេចក្ដីអធិស្ឋានណា និងសេចក្ដីអធិស្ឋានណាដែលទ្រង់មិនសណ្ដាប់នោះទេ។ ម្ដងម្កាល បើគ្រីស្ទានម្នាក់ទូលព្រះតែបានភ្លេចប្រើពាក្យដូចជា«តាមរយៈព្រះនាមព្រះយេស៊ូ»នោះ គ្មានហេតុឲ្យគាត់កើតទុក្ខខ្លាចថាខ្លួនមានទោសទេ។ ព្រះយេហូវ៉ាជ្រាបច្បាស់ពីភាពខ្សោយរបស់យើង ហើយទ្រង់ចង់ជួយយើង។ (ទំនុកដំកើង ១០៣:១២-១៤) យើងអាចជឿជាក់ថា បើយើងអនុវត្តជំនឿទៅលើ«រាជបុត្រានៃព្រះ . . . បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម»។ (យ៉ូហានទី១ ៥:១៣, ១៤) ក៏ប៉ុន្តែជាពិសេសពេលអធិស្ឋានជាសាធារណៈ គ្រីស្ទានពិតត្រូវទទួលស្គាល់តួនាទីរបស់ព្រះយេស៊ូក្នុងគោលបំណងរបស់ព្រះយេហូវ៉ា ដូចដែលបានត្រូវកត់ទុកក្នុងបទគម្ពីរ។ ហើយពួកគេស្ដាប់បង្គាប់និងថ្វាយកិត្ដិយសចំពោះនាមព្រះយេស៊ូដោយអធិស្ឋានទូលព្រះតាមរយៈនាមទ្រង់។