បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៥ ទំ. ៨-១២
  • ការ‹រកឃើញកែវមុក្ដា១ដែលមានតម្លៃណាស់›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការ‹រកឃើញកែវមុក្ដា១ដែលមានតម្លៃណាស់›
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • កែវ​មុក្ដា​ដែល​មាន​តម្លៃ​ណាស់
  • អ្នក​ដែល​បាន​យល់​ថា ព្រះ​រាជាណាចក្រ​របស់​ព្រះ​មាន​តម្លៃ​ខ្ពស់​ណាស់
  • ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រព្រឹត្ត
  • អ្នក​ដទៃ​បាន​ចូល​រួម​ស្វែង​រក
  • ការស្វែងរក‹កែវមុក្ដា១ដែលមានតម្លៃណាស់›សព្វថ្ងៃនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ពួកគេរកឃើញ«គជ់ខ្យងមួយដែលមានតម្លៃខ្ពស់»
    គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត
  • ‹ចូរស្ដាប់ ហើយយល់អត្ថន័យចុះ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៥ ទំ. ៨-១២

ការ‹រក​ឃើញ​កែវ​មុក្ដា​១​ដែល​មាន​តម្លៃ​ណាស់›

​«គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថានសួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង»។—ម៉ាថាយ ១១:១២

១, ២​. (ក) តើ​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​បញ្ជាក់​នូវ​គុណសម្បត្ដិ​អ្វី​ដែល​កម្រ​មាន​នោះ? (ខ) តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​យ៉ាង​ណា​ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​កែវ​មុក្ដា​ឬ​គជ់​ខ្យង​ដែល​មាន​តម្លៃ​ណាស់?

តើ​អ្នក​មាន​របស់​អ្វី​ដែល​អ្នក​ចាត់​ទុក​ថា​មាន​តម្លៃ​ណាស់ ដែល​អ្នក​សុខ​ចិត្ត​លះបង់​អ្វីៗ​ទាំង​អស់​ដើម្បី​ឲ្យ​បាន​របស់​នោះ​ឬ​ទេ? ពិត​មែន​ថា មនុស្ស​និយាយ​អំពី​ការ​ស៊ូ​ប្ដូរ​ចំពោះ​ការ​ដេញ​តាម​គោល​ដៅ​ខ្លះៗ​ដូច​ជា​ប្រាក់កាស កិត្ដិនាម អំណាច​ឬ​ឋានៈ ប៉ុន្តែ​គឺ​កម្រ​ណាស់​ដែល​មនុស្ស​ណា​ម្នាក់​រក​ឃើញ​របស់​ដែល​គាត់​ចង់​បាន​យ៉ាង​ខ្លាំង​រហូត​ដល់​គាត់​សុខ​ចិត្ត​លះបង់​អ្វីៗ​ទាំង​អស់​ដើម្បី​ទទួល​របស់​នោះ។ គឺ​គុណសម្បត្ដិ​ដ៏​គួរ​ឲ្យ​សរសើរ​តែ​កម្រ​មាន​នេះ​ហើយ ដែល​ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​ក្នុង​រឿង​ប្រៀបប្រដូច​មួយ​របស់​ទ្រង់​ដែល​ជំរុញ​ឲ្យ​ត្រិះរិះ​ស្តី​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

២ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​រឿង​ប្រៀបប្រដូច​នោះ​ដល់​ពួក​សិស្ស​ទ្រង់​តែ​ប៉ុណ្ណោះ ហើយ​រឿង​ប្រៀបប្រដូច​នេះ​ច្រើន​តែ​ត្រូវ​ហៅ​ថា​រឿង​កែវ​មុក្ដា​ឬ​គជ់​ខ្យង​ដែល​មាន​តម្លៃ​ណាស់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់​ដែល​រក​កែវ​មុក្ដា​យ៉ាង​ល្អ កាល​ណា​បាន​ឃើញ​១​ដែល​មាន​ដំឡៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់​មក​ទិញ​កែវ​មុក្ដា​នោះ»។ (ម៉ាថាយ ១៣:៣៦, ៤៥, ៤៦) តើ​ព្រះ​យេស៊ូ​ចង់​ឲ្យ​អ្នក​ស្ដាប់​រៀន​អ្វី​ពី​រឿង​ប្រៀបប្រដូច​នេះ? តើ​យើង​ម្នាក់ៗ​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​បន្ទូល​របស់​ព្រះ​យេស៊ូ?

កែវ​មុក្ដា​ដែល​មាន​តម្លៃ​ណាស់

៣​. ហេតុ​អ្វី​បាន​ជា​កែវ​មុក្ដា​យ៉ាង​ល្អ​គឺ​មាន​តម្លៃ​ខ្ពស់​ម្ល៉េះ​នៅ​សម័យ​បុរាណ?

៣ តាំង​ពី​បុរាណ គេ​ចាត់​ទុក​កែវ​មុក្ដា​ជា​គ្រឿង​អលង្ការ។ ប្រភព​មួយ​យោង​ទៅ​តាម​អ្នក​និពន្ធ​ម្នាក់​ជាតិ​រ៉ូម​ឈ្មោះ​ប្ល៉ាយនី ប្រាប់​ថា​កែវ​មុក្ដា​ត្រូវ​បាន​«រាប់​ក្នុង​ចំណោម​របស់​ដែល​មាន​តម្លៃ​ជាង​គេ»។ កែវ​មុក្ដា​ត្រូវ​បង្កើត​ដោយ​ភាវៈរស់ មិន​ដូច​មាស ប្រាក់ ឬ​ត្បូង​ជា​ច្រើន​នោះ​ទេ។ គឺ​ដឹង​ទូទៅ​ថា ពេល​ដែល​វត្ថុ​ល្អិតៗ​ដូច​ជា​កំទេច​ថ្ម​ចូល​ក្នុង​ខ្យង​ប្រភេទ​ខ្លះ (oyster) ខ្យង​អាច​ធ្វើ​ឲ្យ​វត្ថុ​ល្អិត​នោះ​ត្រឡប់​ទៅ​ជា​កែវ​មុក្ដា​ឬ​គជ់​ដ៏​ស្អាត​មួយ ដោយ​បញ្ចេញ​ទឹក​ម្យ៉ាង​ដែល​ស្រោប​វត្ថុ​នោះ​ច្រើន​ស្រទាប់។ នៅ​សម័យ​ពី​បុរាណ កែវ​មុក្ដា​ដ៏​ល្អ​បំផុត​ត្រូវ​បាន​យក​មក​ពី​សមុទ្រ​ក្រហម ឈូង​សមុទ្រ​ពែក និង​មហា​សមុទ្រ​ឥណ្ឌា ឆ្ងាយ​ពី​ស្រុក​អ៊ីស្រាអែល។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​«ឈ្មួញ​ម្នាក់​ដែល​[ធ្វើ​ដំណើរ]រក​កែវ​មុក្ដា​យ៉ាង​ល្អ»។ បុគ្គល​ម្នាក់​ត្រូវ​ខំ​ប្រឹង​ព្យាយាម​ណាស់​ក្នុង​ការ​រក​កែវ​មុក្ដា​ដែល​មាន​តម្លៃ​ខ្ពស់។

៤​. តើ​អ្វី​ជា​គោល​ចំណុច​នៃ​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​ឈ្មួញ?

៤ ទោះ​ជា​កែវ​មុក្ដា​យ៉ាង​ល្អ​មាន​តម្លៃ​ខ្ពស់​តាំង​ពី​យូរ​មក​ហើយ​ក៏​ពិត​មែន តែ​តាម​មើល​ទៅ តម្លៃ​ខ្ពស់​នៃ​កែវ​មុក្ដា​មិន​មែន​ជា​ចំណុច​ដ៏​សំខាន់​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​នោះ​ទេ។ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ព្រះ​យេស៊ូ​បាន​ប្រដូច​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទៅ​នឹង​«ឈ្មួញ​ម្នាក់​ដែល​រក​កែវ​មុក្ដា​យ៉ាង​ល្អ» និង​ប្រតិកម្ម​របស់​ឈ្មួញ​នោះ​ក្រោយ​រក​ឃើញ​កែវ​មុក្ដា​នោះ​ហើយ មិន​មែន​គ្រាន់​តែ​សំដៅ​ទៅ​តម្លៃ​ខ្ពស់​នៃ​កែវ​មុក្ដា​នោះ​ឡើយ។ ឈ្មួញ​លក់​កែវ​មុក្ដា​នោះ​មិន​មែន​ដូច​ជា​ម្ចាស់​ហាង​លក់​អីវ៉ាន់​ទេ ដ្បិត​ឈ្មួញ​នោះ​គឺ​ជា​បុគ្គល​ដែល​ចេះ​ស្ទាត់​ខាង​ជំនាញ​ខ្លួន ហើយ​ពូកែ​មើល​ឬ​មាន​សមត្ថភាព​សម្គាល់​លក្ខណៈ​នៃ​កែវ​មុក្ដា​ដែល​មាន​គុណភាព​ខ្ពស់​ខុស​ពី​ធម្មតា។ នៅ​ពេល​ដែល​គាត់​ឃើញ​កែវ​មុក្ដា គាត់​ចេះ​មើល​ដឹង​ថា​នោះ​ជា​កែវ​មុក្ដា​សុទ្ធ​ឬ​ក៏​អត់ ហើយ​មនុស្ស​ពុំ​អាច​បោក​ប្រាស់​គាត់​បាន​ដោយ​លក់​របស់​ដែល​មាន​គុណភាព​ទាប​ឬ​មិន​មែន​ជា​កែវ​មុក្ដា​សុទ្ធ​នោះ​ឡើយ។

៥, ៦​. (ក) តើ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​អំពី​ឈ្មួញ​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ? (ខ) តើ​រឿង​ប្រៀបប្រដូច​អំពី​កំណប់​កប់​បង្ហាញ​ឲ្យ​ដឹង​អ្វី​អំពី​ឈ្មួញ​នោះ?

៥ មាន​អ្វី​មួយ​ទៀត​អំពី​ឈ្មួញ​នេះ​ដែល​គួរ​ឲ្យ​កត់​សម្គាល់។ ដំបូង​បង្អស់ ឈ្មួញ​ធម្មតា​ប្រហែល​ជា​ប៉ាន់​ប្រមាណ​មើល​តម្លៃ​កែវ​មុក្ដា​នៅ​លើ​ទី​ផ្សារ ដើម្បី​ឲ្យ​ដឹង​ថា​គាត់​គួរ​ទិញ​មក​ក្នុង​តម្លៃ​ប៉ុន្មាន ដើម្បី​លក់​បាន​ចំណេញ​នោះ។ ហើយ​គាត់​ក៏​ប្រហែល​ជា​ពិចារណា​ថា​តើ​មាន​មនុស្ស​ចង់​ទិញ​កែវ​មុក្ដា​បែប​នេះ​ឬ​ទេ ដើម្បី​ឲ្យ​គាត់​អាច​លក់​ចេញ​វិញ​បាន​ភ្លាម។ បើ​និយាយ​ឲ្យ​ចំ​ទៅ គាត់​ចាប់​អារម្មណ៍​នឹង​ការ​លក់​ឲ្យ​បាន​ចំណេញ​យ៉ាង​រហ័ស គាត់​មិន​ចង់​ទុក​កែវ​មុក្ដា​នោះ​ទេ។ ក៏​ប៉ុន្តែ ឈ្មួញ​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​មិន​ធ្វើ​ដូច្នេះ​ទេ។ គាត់​មិន​ចាប់​អារម្មណ៍​នឹង​ការ​លក់​ឲ្យ​បាន​លុយ​ឬ​ចំណេញ​នោះ​ឡើយ។ តាម​ពិត គាត់​សុខ​ចិត្ត​លះបង់​«របស់​ទ្រព្យ​ទាំង​អស់»​របស់​ខ្លួន ដើម្បី​ទទួល​យក​អ្វី​ដែល​បាន​ខំ​ស្វែង​រក​ជា​យូរ​មក​ហើយ។

៦ ចំពោះ​ឈ្មួញ​ភាគ​ច្រើន អ្វី​ដែល​បុរស​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​បាន​ធ្វើ​គឺ​មិន​ប្រកប​ដោយ​ប្រាជ្ញា​ឡើយ។ ពាណិជ្ជករ​ដែល​ចេះ​ត្រិះរិះ​នឹង​មិន​ជួញ​ដូរ​ដោយ​ប្រថុយ​ដូច្នេះ​ទេ។ ប៉ុន្តែ ឈ្មួញ​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​មាន​គោលការណ៍​ខុស​ពី​អ្នក​ដទៃ។ គាត់​មិន​គិត​ចង់​ទទួល​ប្រាក់កាស​នោះ​ទេ ប៉ុន្តែ​គាត់​គិត​អំពី​អំណរ​និង​ការ​ស្កប់​ចិត្ត​ដែល​មក​ពី​ការ​មាន​របស់​មួយ​ដែល​មាន​តម្លៃ​ក្រៃលែង។ រឿង​ប្រៀបប្រដូច​មួយ​ទៀត​ស្រដៀង​នេះ​របស់​ព្រះ​យេស៊ូ​ក៏​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​នូវ​ចំណុច​នេះ​ដែរ។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ «នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ»។ (ម៉ាថាយ ១៣:៤៤) មែន​ហើយ អំណរ​ដែល​មក​ពី​ការ​រក​ឃើញ​និង​ការ​មាន​កំណប់​ទ្រព្យ​នេះ បាន​ជំរុញ​ឲ្យ​បុរស​នោះ​លះបង់​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន។ តើ​មាន​បុគ្គល​បែប​នេះ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? តើ​មាន​អ្វី​មួយ​ដែល​មាន​តម្លៃ​ស្មើ​កំណប់​ទ្រព្យ​ដែល​សម​ធ្វើ​ពលិកម្ម​ឬ​ទេ?

អ្នក​ដែល​បាន​យល់​ថា ព្រះ​រាជាណាចក្រ​របស់​ព្រះ​មាន​តម្លៃ​ខ្ពស់​ណាស់

៧​. តើ​ព្រះ​យេស៊ូ​បាន​បង្ហាញ​ដូច​ម្ដេច​ថា ទ្រង់​យល់​យ៉ាង​ច្បាស់​ពី​តម្លៃ​ខ្ពស់​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ?

៧ តាម​ពិត ក្នុង​កាល​ដែល​ព្រះ​យេស៊ូ​និទាន​រឿង​ប្រៀបប្រដូច​របស់​ទ្រង់​នោះ ទ្រង់​កំពុង​តែ​មាន​បន្ទូល​សំដៅ​ទៅ​«នគរ​ស្ថានសួគ៌»។ ទ្រង់​ពិត​ជា​យល់​ថា​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មាន​តម្លៃ​ខ្ពស់​ណាស់។ កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ផ្ដល់​សក្ខីភាព​ដែល​បញ្ជាក់​ចំណុច​នេះ។ ក្រោយ​ពី​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២៩ ស.យ. នោះ​ទ្រង់​«ចាប់​តាំង​ប្រកាស ដោយ​បន្ទូល​ថា​៖ ‹ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ›»។ ព្រះ​យេស៊ូ​បាន​បង្រៀន​បណ្ដាជន​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​អស់​បី​ឆ្នាំ​កន្លះ។ ទ្រង់​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស ដោយ​«យាង​ទៅ​ប្រដៅ​ក្នុង​គ្រប់​ក្រុង​គ្រប់​ភូមិ . . . ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ»។—ម៉ាថាយ ៤:១៧; លូកា ៨:១

៨​. តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​នូវ​អ្វី​ដែល​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​នោះ?

៨ ដោយ​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស រួម​បញ្ចូល​ការ​ប្រោស​មនុស្ស​ឈឺ​ឲ្យ​ជា ប្រទាន​អាហារ​ឲ្យ​អ្នក​ក្រ បង្ក្រាប​កម្លាំង​ធម្មជាតិ សូម្បី​តែ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នោះ ព្រះ​យេស៊ូ​ក៏​បាន​បង្ហាញ​នូវ​អ្វី​ដែល​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​នៅ​អនាគត​ដែរ។ (ម៉ាថាយ ១៤:១៤​-​២១; ម៉ាកុស ៤:៣៧​-​៣៩; លូកា ៧:១១​-​១៧) នៅ​ទីបំផុត ទ្រង់​បាន​រក្សា​ព្រះទ័យ​ស្មោះ​ត្រង់​ថ្វាយ​ព្រះ​និង​ព្រះ​រាជាណាចក្រ​ដោយ​បូជា​ព្រះ​ជន្ម​ទ្រង់ គឺ​ទ្រង់​សោយទិវង្គត​លើ​បង្គោល​ឈើ​ទារុណកម្ម​ដោយសារ​ជំនឿ​ទ្រង់។ ដូច​ជា​ឈ្មួញ​បាន​សុខ​ចិត្ត​លះបង់​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន​ដើម្បី​‹កែវ​មុក្ដា​ដែល​មាន​តម្លៃ​ណាស់› នោះ​ព្រះ​យេស៊ូ​ក៏​បាន​ស៊ូ​ស្លាប់​ស៊ូ​រស់​ដើម្បី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែរ។—យ៉ូហាន ១៨:៣៧

៩​. តើ​សិស្ស​ដំបូង​របស់​ព្រះ​យេស៊ូ​មាន​គុណសម្បត្ដិ​អ្វី​ដែល​កម្រ​មាន​នោះ?

៩ ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​ប្រមូល​អារម្មណ៍​លើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ តែ​ទ្រង់​ក៏​បាន​ប្រមូល​អ្នក​កាន់​តាម​មួយ​ក្រុម​ដែរ។ ពួក​គាត់​ក៏​ជា​អ្នក​ដែល​យល់​ច្បាស់​ពី​តម្លៃ​ខ្ពស់​ណាស់​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ក្នុង​ចំណោម​ពួក​នោះ​គឺ​អនទ្រេ ដែល​ពីដើម​ជា​សិស្ស​របស់​យ៉ូហាន​បាទីស្ទ។ ក្រោយ​ពី​ឮ​សក្ខីភាព​របស់​យ៉ូហាន ថា​ព្រះ​យេស៊ូ​ជា​«កូន​ចៀម» នោះ​អនទ្រេ​និង​សិស្ស​ម្នាក់​ទៀត​របស់​យ៉ូហាន​បាទីស្ទ​ដែល​ប្រហែល​ជា​កូន​សេបេដេ​ឈ្មោះ​យ៉ូហាន​ដែរ ពួក​គាត់​ទាំង​ពីរ​នាក់​ក៏​មក​ឯ​ព្រះ​យេស៊ូ​ហើយ​ក្លាយ​ជា​សិស្ស​ដែរ។ ប៉ុន្តែ មិន​មាន​តែ​ប៉ុណ្ណោះ​ទេ។ ភ្លាម​នោះ អនទ្រេ​បាន​ទៅ​ហៅ​ស៊ីម៉ូន​ជា​បង​បង្កើត​ហើយ​ប្រាប់​ថា​៖ «យើង​បាន​ឃើញ​ព្រះ​មែស៊ី​ហើយ»។ បន្ដិច​ក្រោយ​ពី​នោះ ស៊ីម៉ូន(ដែល​មាន​ឈ្មោះ​ជា​កេផាស​ឬ​ពេត្រុស) ព្រម​ទាំង​ភីលីព​និង​មិត្ត​គាត់​ណាថាណែល​ក៏​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី​ដែរ។ តាម​ការ​ពិត ចិត្ត​របស់​ណាថាណែល​បាន​ជំរុញ​ឲ្យ​គាត់​និយាយ​អំពី​ព្រះ​យេស៊ូ​ថា​៖ «លោក​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ លោក​ប្រាកដ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល​មែន»។—យ៉ូហាន ១:៣៥​-​៤៩

ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រព្រឹត្ត

១០​. នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ជួប​សិស្ស​ម្ដង​ទៀត ហើយ​អញ្ជើញ​ពួក​គេ​ឲ្យ​មក​តាម​ទ្រង់​នោះ តើ​ពួក​គេ​បាន​ធ្វើ​យ៉ាង​ណា?

១០ ការ​រំភើប​ចិត្ត​ដែល​អនទ្រេ ពេត្រុស យ៉ូហាន​និង​អ្នក​ដទៃ​ទៀត​មាន​នៅ​ពេល​ដែល​រក​ឃើញ​ព្រះមេស្ស៊ី​អាច​ប្រៀប​ស្មើ​នឹង​ការ​រំភើប​ចិត្ត​របស់​ឈ្មួញ​ពេល​ដែល​គាត់​រក​ឃើញ​កែវ​មុក្ដា​ដែល​មាន​តម្លៃ​ខ្ពស់​នោះ។ ពេល​នោះ តើ​ពួក​គេ​នឹង​ធ្វើ​យ៉ាង​ណា? កំណត់​ហេតុ​ដំណឹង​ល្អ​មិន​ប្រាប់​ច្រើន​អំពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ក្រោយ​ពី​បាន​ជួប​ព្រះ​យេស៊ូ​នៅ​លើក​ដំបូង​នោះ​ទេ។ តាម​មើល​ទៅ ពួក​គេ​ភាគ​ច្រើន​បាន​ត្រឡប់​ទៅ​ប្រកប​មុខ​របរ​ដូច​ធម្មតា​វិញ។ ក៏​ប៉ុន្តែ ពី​ប្រាំ​មួយ​ខែ​ដល់​មួយ​ឆ្នាំ​ក្រោយ​មក ព្រះ​យេស៊ូ​បាន​ជួប​អនទ្រេ ពេត្រុស យ៉ូហាន​និង​យ៉ាកុប​ម្ដង​ទៀត​ត្រង់​កន្លែង​នេសាទ​ត្រី​នៅ​សមុទ្រ​កាលីឡេ។a ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ដល់​ពួក​គេ​ថា​៖ «ចូរ​មក​តាម​ខ្ញុំៗ​នឹង​តាំង​អ្នក​ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»។ តើ​ពួក​គេ​មាន​ប្រតិកម្ម​យ៉ាង​ណា? កំណត់​ហេតុ​របស់​ម៉ាថាយ ចែង​អំពី​ពេត្រុស​និង​អនទ្រេ​ថា​៖ «គេ​ក៏​ទុក​សំណាញ់​ចោល​ទៅ​តាម​ទ្រង់​ភ្លាម»។ ចំពោះ​យ៉ាកុប​និង​យ៉ូហាន​វិញ យើង​អាន​ថា​៖ «គេ​ក៏​លះបង់​ទូក​នឹង​ឪពុក ដើរ​តាម​ទ្រង់​ជា​មួយ​រំពេច​ទៅ»។ កំណត់​ហេតុ​របស់​លូកា​បន្ថែម​សេចក្ដី​ថា​«គេ​ទុក​របស់​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ទ្រង់​ទៅ»។—ម៉ាថាយ ៤:១៨​-​២២; លូកា ៥:១​-​១១

១១​. តាម​មើល​ទៅ តើ​អ្វី​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​សិស្ស​ព្រះ​យេស៊ូ​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​របស់​ទ្រង់​ភ្លាមៗ?

១១ តើ​សិស្ស​ទាំង​នោះ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ភ្លាមៗ​ដោយ​មិន​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​ឬ​ទេ? មិន​ដូច្នេះ​ឡើយ! ទោះ​ជា​ពួក​គាត់​បាន​ត្រឡប់​ទៅ​ប្រកប​មុខ​របរ​ខ្លួន​វិញ​ក្រោយ​ពី​បាន​ជួប​ព្រះ​យេស៊ូ​នៅ​លើក​ដំបូង​ក៏​ដោយ តែ​អ្វីៗ​ដែល​ពួក​គាត់​បាន​ឃើញ​និង​ឮ​នៅ​ពេល​ដំបូង​នោះ​បាន​ដិត​ជាប់​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គាត់។ ជិត​មួយ​ឆ្នាំ​បាន​កន្លង​ទៅ​តាំង​ពី​បាន​ជួប​ព្រះ​យេស៊ូ​នៅ​លើក​ដំបូង ដូច្នេះ​ហើយ​ពួក​គាត់​ច្បាស់​ជា​បាន​មាន​ពេល​ច្រើន​ដើម្បី​រំពឹង​គិត​លើ​រឿង​នេះ។ ពេល​ព្រះ​យេស៊ូ​អញ្ជើញ​ពួក​គាត់​ម្ដង​ទៀត នោះ​ជា​ពេល​ដែល​ពួក​គាត់​ត្រូវ​សម្រេច​ចិត្ត។ តើ​ពួក​គាត់​នឹង​ធ្វើ​ដូច​ឈ្មួញ ដែល​បាន​រក​ឃើញ​កែវ​មុក្ដា​ដែល​មាន​តម្លៃ​ណាស់ ហើយ​បាន​រំភើប​ចិត្ត​ដល់​ម្ល៉េះ ដែល​គាត់​«ចេញ​ទៅ»​ភ្លាម​រក​វិធី​ទិញ​កែវ​មុក្ដា​នោះ​ឬ​ទេ? ត្រូវ​ហើយ។ អ្វី​ដែល​ពួក​គាត់​បាន​ឃើញ​និង​ឮ​បាន​ជំរុញ​ទឹក​ចិត្ត​របស់​ពួក​គាត់​មែន។ ពួក​គាត់​ទទួល​ស្គាល់​ថា​ពេល​វេលា​ដែល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​មក​ដល់​ហើយ។ ដូច្នេះ​ដូច​ជា​កំណត់​ហេតុ​នោះ​ប្រាប់​យើង ពួក​គាត់​បាន​លះបង់​របស់​ទាំង​អស់​ដោយ​ឥត​ស្ទាក់ស្ទើរ ហើយ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​របស់​ព្រះ​យេស៊ូ។

១២, ១៣​. (ក) តើ​មនុស្ស​ជា​ច្រើន​ដែល​បាន​ឮ​ព្រះ​យេស៊ូ​បង្រៀន​បាន​តប​ឆ្លើយ​យ៉ាង​ណា? (ខ) តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​យ៉ាង​ណា​ចំពោះ​សិស្ស​ស្មោះ​ភក្ដី​របស់​ទ្រង់? តើ​ពាក្យ​របស់​ទ្រង់​បង្ហើប​ឲ្យ​ដឹង​យ៉ាង​ណា?

១២ សិស្ស​ស្មោះ​ភក្ដី​ទាំង​នេះ​គឺ​ខុស​ពី​មនុស្ស​ផ្សេងៗ​ទៀត ដែល​ត្រូវ​បាន​រៀប​រាប់​ក្រោយ​មក​ក្នុង​កំណត់​ហេតុ​នោះ! ព្រះ​យេស៊ូ​បាន​ប្រោស​មនុស្ស​ឲ្យ​ជា​និង​បំប៉ន​អាហារ​ឲ្យ​មនុស្ស​ជា​ច្រើន តែ​ពួក​គេ​បន្ត​ធ្វើ​កិច្ចការ​របស់​ខ្លួន​ទៅ​វិញ។ (លូកា ១៧:១៧, ១៨; យ៉ូហាន ៦:២៦) អ្នក​ខ្លះ​ថែម​ទាំង​បដិសេធ​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ទ្រង់។ (លូកា ៩:៥៩​-​៦២) សិស្ស​ស្មោះ​ភក្ដី​របស់​ទ្រង់​ខុស​ពី​មនុស្ស​បែប​នោះ​ឆ្ងាយ​ណាស់ ហើយ​ក្រោយ​មក​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «តាំង​តែ​ពី​គ្រា​យ៉ូហាន​-​បាទីស្ទ​ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថានសួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង»។—ម៉ាថាយ ១១:១២

១៣ ស្តី​អំពី​ខ​នេះ អ្នកប្រាជ្ញ​ខាង​ព្រះ​គម្ពីរ​ម្នាក់ លោក​ហាញរិច មែយើ​មាន​ប្រសាសន៍​ថា​៖ «តាម​របៀប​នេះ​គឺ​ពិពណ៌នា​នូវ​ចិត្ត​ខ្នះខ្នែង​និង​ការ​ខំ​ប្រឹង​ចំពោះ​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​ដែល​ជិត​មក​នោះ . . . ពួក​គេ​មាន​ចិត្ត​ខ្នះខ្នែង​និង​ចាប់​អារម្មណ៍​ចំពោះ​ព្រះ​រាជាណាចក្រ​នោះ​ណាស់(លែង​នៅ​ស្ងៀម​ដោយ​ទន្ទឹង​ចាំ)»។ ដូច​ឈ្មួញ​នោះ បុគ្គល​មួយ​ក្រុម​តូច​នេះ​បាន​ទទួល​ស្គាល់​ភ្លាម​នូវ​អ្វី​ដែល​ពិត​ជា​មាន​តម្លៃ ហើយ​ពួក​គេ​សុខ​ចិត្ត​លះបង់​របស់​ទាំង​អស់​ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រះ​រាជាណាចក្រ​របស់​ព្រះ។—ម៉ាថាយ ១៩:២៧, ២៨; ភីលីព ៣:៨

អ្នក​ដទៃ​បាន​ចូល​រួម​ស្វែង​រក

១៤​. តើ​ព្រះ​យេស៊ូ​បាន​ជួយ​ពួក​សាវ័ក​ត្រៀម​លក្ខណៈ​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​យ៉ាង​ដូច​ម្ដេច? តើ​មាន​លទ្ធផល​យ៉ាង​ណា?

១៤ កាល​ដែល​ព្រះ​យេស៊ូ​បន្ត​ក្នុង​កិច្ចបំរើ​ផ្សាយ ទ្រង់​បាន​អប់រំ​និង​បាន​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​យក​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ មុន​ដំបូង ទ្រង់​បាន​ជ្រើសរើស​សិស្ស​១២​នាក់​ឲ្យ​បំរើ​ជា​សាវ័ក ហើយ​ពាក្យ​សាវ័ក​ជា​ភាសា​ក្រិច​មាន​ន័យ​ថា ‹អស់​អ្នក​ដែល​ត្រូវ​ចាត់​ឲ្យ​ទៅ›។ ចំពោះ​សាវ័ក​ទាំង​នេះ ព្រះ​យេស៊ូ​បាន​ប្រទាន​ពត៌មាន​ល្អិតល្អន់​ស្តី​អំពី​របៀប​ដែល​ពួក​គាត់​ត្រូវ​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ ព្រម​ទាំង​បាន​ព្រមាន​អំពី​ការ​ពិបាក​ដែល​ពួក​គេ​នឹង​ជួប​នៅ​ថ្ងៃ​មុខ​ដែរ។ (ម៉ាថាយ ១០:១​-​៤២; លូកា ៦:១២​-​១៦) អស់​រយៈ​ជាង​ពីរ​ឆ្នាំ ពួក​គាត់​បាន​រួម​ដំណើរ​ជា​មួយ​នឹង​ព្រះ​យេស៊ូ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស ទាំង​មាន​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់។ ពួក​គាត់​បាន​ឮ​ពាក្យ​បន្ទូល​ទ្រង់ បាន​ឃើញ​ទ្រង់​ធ្វើ​អព្ភូតហេតុ និង​បាន​ឃើញ​គំរូ​របស់​ទ្រង់​ផ្ទាល់។ (ម៉ាថាយ ១៣:១៦, ១៧) អ្វី​ដែល​ពួក​គាត់​ឃើញ ច្បាស់​ជា​បាន​ដិត​ជាប់​ក្នុង​គំនិត​របស់​ពួក​គាត់​ដល់​ម្ល៉េះ​បាន​ជា​ពួក​គាត់​មាន​ចិត្ត​ខ្នះខ្នែង​និង​ស្វែង​រក​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដូច​ឈ្មួញ​ខំ​រក​កែវ​មុក្ដា​ដែរ។

១៥​. តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​យ៉ាង​ណា​ស្តី​អំពី​មូលហេតុ​ពិត​ដែល​សិស្ស​ទ្រង់​ត្រូវ​អរ​សប្បាយ​នោះ?

១៥ ក្រៅ​ពី​សាវ័ក​១២​នាក់ ព្រះ​យេស៊ូ​«ដំរូវ​៧០​នាក់​ទៀត ហើយ​ចាត់​គេ​ឲ្យ​ទៅ​មុន​ទ្រង់ មួយ​គូៗ​ក្នុង​គ្រប់​ក្រុង គ្រប់​កន្លែង​ដែល​ទ្រង់​គិត​យាង​ទៅ»។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ​នូវ​ការ​ពិបាក​ដែល​នឹង​ជួប​នៅ​ថ្ងៃ​មុខ ហើយ​បាន​បង្គាប់​ពួក​គេ​ឲ្យ​ប្រាប់​មនុស្ស​ថា​៖ «នគរ​ព្រះ​ជិត​មក​ដល់​អ្នក​រាល់​គ្នា​ហើយ»។ (លូកា ១០:១​-​១២) នៅ​ពេល​ដែល​សិស្ស​៧០​នាក់​ត្រឡប់​មក​វិញ ពួក​គេ​មាន​ចិត្ត​សប្បាយ ទាំង​ទូល​ព្រះ​យេស៊ូ​ថា​៖ «ព្រះ​អម្ចាស់​អើយ! ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​យើង​រាល់​គ្នា ដោយ​ព្រះ​នាម​ទ្រង់​ដែរ»។ ប៉ុន្តែ ប្រហែល​ជា​ពួក​គេ​ភ្ញាក់ផ្អើល​មែន​ពេល​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា​នៅ​អនាគត ពួក​គេ​នឹង​មាន​អំណរ​ខ្លាំង​ជាង​នោះ ដោយសារ​តែ​ពួក​គេ​មាន​ចិត្ត​ខ្នះខ្នែង​ចំពោះ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា​៖ «កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​អ្នក​រាល់​គ្នា​នោះ​ឡើយ ត្រូវ​ឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថានសួគ៌​វិញ»។—លូកា ១០:១៧, ២០

១៦, ១៧​. (ក) តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​អ្វី​ដល់​សាវ័ក​ស្មោះ​ភក្ដី​របស់​ទ្រង់​នៅ​រាត្រី​ចុង​ក្រោយ​ជា​មួយ​នឹង​ពួក​គេ? (ខ) តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​នាំ​ឲ្យ​សាវ័ក​អរ​សប្បាយ​និង​ស្កប់​ចិត្ត​យ៉ាង​ណា?

១៦ នៅ​ទីបំផុត នៅ​រាត្រី​ចុង​ក្រោយ​ដែល​ព្រះ​យេស៊ូ​បាន​គង់​ជា​មួយ​នឹង​ពួក​សាវ័ក នៅ​ថ្ងៃ​ទី១៤ ខែ​ណែសាន ឆ្នាំ​៣៣ ស.យ. ទ្រង់​បាន​ផ្ដើម​ធ្វើ​ពិធី​បុណ្យ ដែល​ហៅ​ថា​អាហារ​ពេល​ល្ងាច​របស់​ព្រះ​អម្ចាស់ ហើយ​ទ្រង់​បាន​បង្គាប់​ពួក​គេ​ឲ្យ​ធ្វើ​បុណ្យ​រំឭក។ នៅ​ក្នុង​កំឡុង​រាត្រី​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​សាវ័ក​១១​នាក់​ថា​៖ «ឯ​អ្នក​រាល់​គ្នា គឺ​ជា​ពួក​ដែល​បាន​កាន់​ខ្ជាប់​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​អស់​ទាំង​សេចក្ដី​ល្បងល​ខ្ញុំ ខ្ញុំ​ក៏​ដំរូវ​នគរ​មួយ​ឲ្យ​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ​វរបិតា​នៃ​ខ្ញុំ​បាន​ដំរូវ​នគរ​ឲ្យ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នៅ​តុ​ខ្ញុំ​ក្នុង​នគរ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក​ជំនុំជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២​ផង»។—លូកា ២២:១៩, ២០, ២៨​-​៣០

១៧ នៅ​ពេល​ដែល​សាវ័ក​បាន​ឮ​ពាក្យ​ទាំង​នោះ ពួក​គាត់​ច្បាស់​ជា​អរ​និង​ស្កប់​ចិត្ត​យ៉ាង​ខ្លាំង​ណាស់! ពួក​គាត់​ទទួល​នូវ​ឯកសិទ្ធិ​និង​កិត្ដិយស​ដ៏​ខ្ពស់​បំផុត​ដែល​មនុស្ស​អាច​មាន។ (ម៉ាថាយ ៧:១៣, ១៤; ពេត្រុសទី១ ២:៩) ដូច​ឈ្មួញ ពួក​គាត់​បាន​លះបង់​អ្វីៗ​ទាំង​អស់​ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូ ក្នុង​ការ​ស្វែង​រក​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ឥឡូវ ពួក​គាត់​បាន​ទទួល​សេចក្ដី​សន្យា​ថា ពលិកម្ម​ទាំង​ប៉ុន្មាន​ដែល​ពួក​គាត់​បាន​ធ្វើ​ចំពោះ​ព្រះ​រាជាណាចក្រ​មិន​មែន​ជា​ការ​ឥត​ប្រយោជន៍​ឡើយ។

១៨​. ក្រៅ​ពី​សាវ័ក​១១​នាក់ តើ​អ្នក​ណា​ទៀត​នឹង​ទទួល​ប្រយោជន៍​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ទីបំផុត?

១៨ អ្នក​ឯ​ទៀត​ក៏​ទទួល​ប្រយោជន៍​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែរ មិន​មែន​ត្រឹម​តែ​សាវ័ក​ដែល​មាន​វត្តមាន​ជា​មួយ​នឹង​ព្រះ​យេស៊ូ​ក្នុង​រាត្រី​នោះ​ទេ។ ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មាន​ចំនួន​១៤៤.០០០​នាក់​ត្រូវ​យក​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង ជា​អ្នក​គ្រប់គ្រង​ជា​មួយ​នឹង​ព្រះ​យេស៊ូ​គ្រីស្ទ​ក្នុង​ព្រះ​រាជាណាចក្រ​ដែល​មាន​សិរី​រុងរឿង​នៅ​ស្ថានសួគ៌។ បន្ថែម​ទៅ​ទៀត សាវ័ក​យ៉ូហាន​បាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ . . . ឈរ​នៅ​មុខ​បល្ល័ង្ក​និង​កូន​ចៀម . . . គេ​បន្លឺ​សំឡេង​ថា​៖ ‹សេចក្ដី​សង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង›»។ ពួក​អ្នក​ទាំង​នេះ​ជា​រាស្ត្រ​របស់​ព្រះ​រាជាណាចក្រ​នៅ​ផែនដី។b—វិវរណៈ ៧:៩, ១០; ១៤:១, ៤

១៩, ២០​. (ក) តើ​មនុស្ស​ពី​គ្រប់​សាសន៍​មាន​ឱកាស​ធ្វើ​អ្វី? (ខ) តើ​សំនួរ​អ្វី​ដែល​នឹង​ត្រូវ​ពិគ្រោះ​នៅ​អត្ថបទ​ជា​បន្ទាប់?

១៩ បន្ដិច​មុន​នឹង​ព្រះ​យេស៊ូ​យាង​ទៅ​ស្ថានសួគ៌ ទ្រង់​បាន​បង្គាប់​សិស្ស​ស្មោះ​ត្រង់​របស់​ទ្រង់​ថា​៖ «ដូច្នេះ ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ! ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល! ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ​ដរាប​ដល់​បំផុត​កល្ប»។ (ម៉ាថាយ ២៨:១៩, ២០) ដូច្នេះ​ហើយ មនុស្ស​ពី​គ្រប់​សាសន៍​នឹង​ក្លាយ​ទៅ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ដូច​ឈ្មួញ​បាន​ប្រមូល​អារម្មណ៍​លើ​កែវ​មុក្ដា​យ៉ាង​ល្អ​នោះ ពួក​អ្នក​ទាំង​នេះ​ក៏​នឹង​ប្រមូល​អារម្មណ៍​លើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ មិន​ថា​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​ឬ​រស់​នៅ​ផែនដី។

២០ ពាក្យ​របស់​ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា​កិច្ចការ​បង្កើត​ឲ្យ​មាន​សិស្ស​នឹង​ត្រូវ​បន្ត​«ដរាប​ដល់​បំផុត​កល្ប»​ឬ​អវសាន​នៃ​ពិភពលោក។ ដូច្នេះ នៅ​សម័យ​យើង​នេះ តើ​នៅ​មាន​បុគ្គល​ដែល​មាន​លក្ខណៈ​ដូច​ឈ្មួញ ដែល​សុខ​ចិត្ត​ទុក​ចោល​របស់​ទាំង​អស់​ដើម្បី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ឬ​ទេ? សំនួរ​នេះ​នឹង​ត្រូវ​ពិចារណា​មើល​នៅ​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

a យ៉ូហាន កូន​សេបេដេ ប្រហែល​ជា​បាន​ដើរ​តាម​ព្រះ​យេស៊ូ​និង​ឃើញ​នូវ​អ្វីៗ​ដែល​ទ្រង់​ធ្វើ​ក្រោយ​ពី​បាន​ជួប​គ្នា​មុន​ដំបូង​នោះ។ នេះ​បាន​ជួយ​ឲ្យ​យ៉ូហាន​កត់​ទុក​រឿង​ទាំង​នេះ​យ៉ាង​ច្បាស់​ដែល​បញ្ជាក់​ទិដ្ឋភាព​រស់​រវើក​ក្នុង​កំណត់​ហេតុ​របស់​គាត់។ (យ៉ូហាន​ជំពូក​ទី២​-​៥) យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ត្រឡប់​ទៅ​ប្រកប​មុខ​របរ​វិញ​អស់​មួយ​រយៈ មុន​នឹង​ព្រះ​យេស៊ូ​អញ្ជើញ​គាត់​ជា​លើក​ម្ដង​ទៀត។

b ចំពោះ​ពត៌មាន​លំអិត​ទៀត សូម​មើល​សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច ជំពូក​ទី១០ បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

• តើ​អ្វី​ជា​ចំណុច​ដ៏​សំខាន់​ក្នុង​រឿង​ប្រៀបប្រដូច​អំពី​ឈ្មួញ?

• តើ​ព្រះ​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ទ្រង់​យល់​ច្បាស់​នូវ​តម្លៃ​ខ្ពស់​នៃ​ព្រះ​រាជាណាចក្រ​នោះ?

• តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អនទ្រេ ពេត្រុស យ៉ូហាន និង​អ្នក​ឯ​ទៀត​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេស៊ូ​ភ្លាមៗ​នោះ?

• តើ​មនុស្ស​គ្រប់​សាសន៍​មាន​ឱកាស​ដ៏​អស្ចារ្យ​អ្វី?

[រូបភាព​នៅ​ទំព័រ​១០]

‹ពួក​គេ​បាន​ទុក​ចោល​អ្វី​ទាំង​អស់ ហើយ​ដើរ​តាម​ព្រះ​យេស៊ូ›

[រូបភាព​នៅ​ទំព័រ​១២]

មុន​នឹង​ព្រះ​យេស៊ូ​យាង​ទៅ​ស្ថានសួគ៌ ទ្រង់​បាន​បង្គាប់​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​បង្កើត​ឲ្យ​មាន​សិស្ស

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក