ការស្វែងរក‹កែវមុក្ដា១ដែលមានតម្លៃណាស់›សព្វថ្ងៃនេះ
«ដំណឹងល្អនេះដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយទុកជាទីបន្ទាល់»។—ម៉ាថាយ ២៤:១៤
១, ២. (ក) តើពួកយូដានៅសម័យរបស់ព្រះយេស៊ូមានអារម្មណ៍យ៉ាងណាអំពីព្រះរាជាណាចក្ររបស់ព្រះ? (ខ) តើព្រះយេស៊ូបានធ្វើអ្វីដើម្បីឲ្យសិស្សយល់ត្រឹមត្រូវអំពីព្រះរាជាណាចក្រ? តើមានលទ្ធផលយ៉ាងណា?
នៅពេលដែលព្រះយេស៊ូបានយាងមកផែនដី នោះពួកសាសន៍យូដាចាប់អារម្មណ៍យ៉ាងខ្លាំងនឹងព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ៣:១, ២; ៤:២៣-២៥; យ៉ូហាន ១:៤៩) ប៉ុន្តែ មុនដំបូង ពួកគេភាគច្រើនឥតយល់ច្បាស់ថា តើព្រះរាជាណាចក្ររបស់ព្រះនឹងមានទំហំប៉ុនណាហើយរបៀបដែលព្រះរាជាណាចក្ររបស់ព្រះគ្រប់គ្រងនោះទេ។ ពួកគេក៏មិនបានយល់ថាព្រះរាជាណាចក្ររបស់ព្រះគឺជារដ្ឋាភិបាលនៅស្ថានសួគ៌ដែរ។ (យ៉ូហាន ៣:១-៥) សូម្បីតែអ្នកខ្លះដែលបានក្លាយទៅជាអ្នកកាន់តាមព្រះយេស៊ូក៏មិនបានយល់អស់ថាព្រះរាជាណាចក្រជាអ្វីឬពួកគេត្រូវធ្វើអ្វីដើម្បីឲ្យក្លាយជាអ្នកគ្រប់គ្រងជាមួយនឹងព្រះគ្រីស្ទ។—ម៉ាថាយ ២០:២០-២២; លូកា ១៩:១១; កិច្ចការ ១:៦
២ ក្រោយមក ដោយព្រះទ័យអត់ធ្មត់ ព្រះយេស៊ូបានបង្រៀនសិស្សទ្រង់នូវមេរៀនជាច្រើន ដែលរួមបញ្ចូលរឿងប្រៀបប្រដូចអំពីកែវមុក្ដាឬគជ់ខ្យងដែលមានតម្លៃណាស់ ដូចបានពិចារណាមើលនៅអត្ថបទមុន ដែលក្នុងនោះទ្រង់ប្រាប់ពួកគេនូវសារៈសំខាន់នៃការខំប្រឹងស្វែងរកព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌។ (ម៉ាថាយ ៦:៣៣; ១៣:៤៥, ៤៦; លូកា ១៣:២៣, ២៤) រឿងប្រៀបប្រដូចនេះច្បាស់ជាបានដិតជាប់ក្នុងចិត្តរបស់សិស្សហើយ ពីព្រោះក្រោយមកពួកគេក្លាយទៅជាអ្នកប្រកាសដំណឹងល្អអំពីព្រះរាជាណាចក្ររហូតដល់ចុងផែនដីដោយមិនចេះនឿយហត់និងដោយមានចិត្តក្លាហាន ហើយសៀវភៅកិច្ចការផ្ដល់ភស្តុតាងយ៉ាងច្រើនអំពីរឿងនេះ។—កិច្ចការ ១:៨; កូល៉ុស ១:២៣
៣. ស្តីអំពីសម័យយើងនេះ តើព្រះយេស៊ូបានមានបន្ទូលយ៉ាងណាអំពីព្រះរាជាណាចក្ររបស់ព្រះ?
៣ ចុះយ៉ាងណាសព្វថ្ងៃនេះ? រាស្ត្ររបស់ព្រះកំពុងផ្សព្វផ្សាយដល់មនុស្សរាប់លាននាក់អំពីពរដែលមានក្នុងផែនដីមនោរម្យក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្ររបស់ព្រះ។ នៅក្នុងទំនាយដ៏សំខាន់អំពី«បំផុតកល្ប» នោះព្រះយេស៊ូបានមានបន្ទូលយ៉ាងចំៗថា៖ «ដំណឹងល្អនេះដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:៣, ១៤; ម៉ាកុស ១៣:១០) ព្រះយេស៊ូក៏បានពន្យល់ថាកិច្ចការផ្សព្វផ្សាយដ៏ធំនេះនឹងត្រូវធ្វើទោះជាមានឧបសគ្គ ការពិបាកយ៉ាងខ្លាំង និងការបៀតបៀនក៏ដោយ។ យ៉ាងណាក៏ដោយ ទ្រង់បានពង្រឹងទំនុកចិត្តយើងដោយមានបន្ទូលថា៖ «អ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ»។ (ម៉ាថាយ ២៤:៩-១៣) នេះតម្រូវឲ្យបង្ហាញចិត្តគំនិតសុខចិត្តលះបង់និងការតាំងចិត្តយ៉ាងស្មោះដូចឈ្មួញក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ។ សព្វថ្ងៃនេះ តើមានមនុស្សដែលសម្ដែងនូវជំនឿនិងការខ្នះខ្នែងបែបនេះចំពោះការស្វែងរកព្រះរាជាណាចក្ររបស់ព្រះឬទេ?
ការរកឃើញសេចក្ដីពិតនាំឲ្យមានអំណរ
៤. តើសេចក្ដីពិតអំពីព្រះរាជាណាចក្ររបស់ព្រះមានឥទ្ធិពលយ៉ាងណាលើមនុស្សសព្វថ្ងៃនេះ?
៤ ឈ្មួញក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូសប្បាយក្រៃលែង នៅពេលដែលគាត់បានរកឃើញអ្វីដែលគាត់គិតថាជា‹កែវមុក្ដាដែលមានតម្លៃណាស់›។ ដោយសារគាត់មានអំណរ នោះបានជំរុញឲ្យគាត់ខំប្រឹងអស់ពីសមត្ថភាពដើម្បីឲ្យបានកែវមុក្ដានោះ។ (ហេព្រើរ ១២:១) សព្វថ្ងៃនេះ សេចក្ដីពិតអំពីព្រះនិងព្រះរាជាណាចក្ររបស់ទ្រង់ក៏ទាក់ទាញទឹកចិត្តមនុស្ស ហើយជំរុញទឹកចិត្តពួកគេដែរ។ នេះរំឭកយើងអំពីពាក្យសំដីរបស់បងប្រុសអាលេក្សានដឺ ម៉ាក់មីល្លិន ដែលបានសរសេរសៀវភៅមួយអំពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការស្វែងរកព្រះនិងគោលបំណងរបស់ទ្រង់ចំពោះមនុស្សជាតិ។ គាត់បានសរសេរក្នុងសៀវភៅនោះថា៖ «អ្វីដែលខ្ញុំបានរកឃើញ នោះមនុស្សជាច្រើនកំពុងតែរកឃើញជារៀងរាល់ឆ្នាំដែរ។ ពួកគេជាមនុស្សសាមញ្ញដូចខ្ញុំនិងអ្នក ពីព្រោះពួកគេចេញមកពីគ្រប់សាសន៍ គ្រប់ស្រទាប់សង្គមនិងមនុស្សគ្រប់វ័យ។ សេចក្ដីពិតមិនប្រកាន់ពូជសាសន៍ តែទាក់ទាញទឹកចិត្តមនុស្សគ្រប់ប្រភេទ»។—Faith on the March
៥. តើឃើញមានលទ្ធផលល្អយ៉ាងណាពីរបាយការណ៍សំរាប់កិច្ចបំរើប្រចាំឆ្នាំ២០០៤?
៥ សច្ចភាពនៃពាក្យទាំងនោះគឺឃើញជាក់ស្តែង ដ្បិតជារៀងរាល់ឆ្នាំ មនុស្សរាប់សែននាក់ត្រូវបានទឹកចិត្តជំរុញដោយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ ហើយថ្វាយជីវិតរបស់គេចំពោះព្រះយេហូវ៉ានិងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ ឆ្នាំកិច្ចបំរើសំរាប់២០០៤ គឺពីខែកញ្ញាឆ្នាំ២០០៣ដល់ខែសីហាឆ្នាំ២០០៤ ក៏មានដូច្នេះដែរ។ ក្នុងកំឡុង១២ខែនោះ មនុស្ស២៦២.៤១៦នាក់បានបង្ហាញជាសាធារណៈពីការថ្វាយខ្លួនចំពោះព្រះយេហូវ៉ាដោយទទួលបុណ្យជ្រមុជទឹក។ កិច្ចការរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាមានសកម្មភាពក្នុង២៣៥ប្រទេស ហើយពួកគេដឹកនាំការសិក្សាព្រះគម្ពីរ៦.០៨៥.៣៨៧ជារៀងរាល់សប្ដាហ៍ ដើម្បីជួយមនុស្សពីគ្រប់ស្រទាប់សង្គម ពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស ហើយគ្រប់ទាំងភាសា ឲ្យក្រេបជញ្ជក់យកសេចក្ដីពិតក្នុងព្រះបន្ទូលរបស់ព្រះដែលផ្ដល់នូវជីវិត។—វិវរណៈ ៧:៩
៦. តើការរីកចំរើនក្នុងកិច្ចបំរើផ្សាយមានដោយសារអ្វី?
៦ តើដោយសារអ្វីដែលមានការរីកចំរើននេះ? គឺប្រាកដហើយដែលព្រះយេហូវ៉ាជាអ្នកដែលទាញចិត្តមនុស្សដែលត្រូវបានជីវិតអស់កល្បជានិច្ច។ (យ៉ូហាន ៦:៦៥; កិច្ចការ ១៣:៤៨) ក៏ប៉ុន្តែ ក៏មិនត្រូវមើលស្រាលនូវចិត្តគំនិតសុខចិត្តលះបង់និងការខំប្រឹងយ៉ាងនឿយហត់នៃអស់អ្នកដែលស្វែងរកព្រះរាជាណាចក្ររបស់ព្រះនោះដែរ។ បងប្រុសម៉ាក់មីល្លិនក្នុងកាលដែលមានអាយុ៧៩ឆ្នាំ បានសរសេរថា៖ «តាំងតែពីពេលដែលខ្ញុំចាប់ផ្ដើមរៀនអំពីសេចក្ដីសន្យាទាំងប៉ុន្មានសំរាប់មនុស្សជាតិទាំងឡាយដែលកំពុងឈឺហើយស្លាប់ នោះសេចក្ដីសង្ឃឹមរបស់ខ្ញុំចំពោះសារនោះក្នុងព្រះគម្ពីរមិនដែលសាបសូន្យឡើយ។ តាំងពីពេលនោះមក ខ្ញុំបានតាំងចិត្តរៀនថែមទៀតអំពីអ្វីដែលព្រះគម្ពីរបង្រៀន ដើម្បីឲ្យខ្ញុំអាចជួយអ្នកដទៃដែលកំពុងតែស្វែងរកចំណេះអំពីព្រះដ៏មានព្រះចេស្ដាបំផុត ព្រះយេហូវ៉ា និងគោលបំណងដ៏ល្អរបស់ទ្រង់ចំពោះមនុស្សជាតិ»។
៧. តើបទពិសោធន៍អ្វីដែលបញ្ជាក់នូវអំណរនិងចិត្តខ្នះខ្នែងនៃអស់អ្នកដែលរកឃើញសេចក្ដីពិតក្នុងព្រះគម្ពីរ?
៧ នៅសព្វថ្ងៃនេះ អ្នកបំរើព្រះយេហូវ៉ាក៏មានចិត្តគំនិតដ៏ខ្នះខ្នែងបែបនេះដែរ។ តួយ៉ាងដូចបងស្រីដេនយ៉ែឡានៅទីក្រុងវីយ៉ែនប្រទេសអូទ្រីស។ គាត់បាននិយាយថា៖ «តាំងតែពីក្មេង ព្រះជាមិត្តដ៏ល្អបំផុតរបស់ខ្ញុំ។ ខ្ញុំតែងតែចង់ស្គាល់ព្រះនាមទ្រង់ ពីព្រោះចំពោះខ្ញុំ ពាក្យមួយម៉ាត់ថាព្រះ មិនបញ្ជាក់នូវភាពជិតស្និទ្ធនោះទេ។ ប៉ុន្តែ ខ្ញុំត្រូវតែរង់ចាំរហូតដល់អាយុ១៧ឆ្នាំ នៅពេលដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានមកផ្សព្វផ្សាយនៅផ្ទះខ្ញុំ។ ពួកគេបានពន្យល់ប្រាប់អ្វីទាំងអស់ដែលខ្ញុំចង់ដឹងអំពីព្រះ។ នៅទីបំផុត ខ្ញុំបានរកឃើញសេចក្ដីពិត ហើយនេះពិតជាអស្ចារ្យមែន! ខ្ញុំមានចិត្តរំភើបដល់ម្ល៉េះបានជាខ្ញុំចាប់ផ្ដើមផ្សព្វផ្សាយដល់មនុស្សគ្រប់គ្នា»។ មិនយូរប៉ុន្មានក្រោយនោះ មិត្តរួមថ្នាក់ចាប់ផ្ដើមសើចចំអកដាក់គាត់ដោយសារចិត្តខ្នះខ្នែងផ្សព្វផ្សាយ។ ដេនយ៉ែឡានិយាយបន្តថា៖ «ចំពោះខ្ញុំគឺហាក់ដូចជាឃើញទំនាយក្នុងព្រះគម្ពីរកំពុងតែសម្រេច ពីព្រោះខ្ញុំបានរៀនថាព្រះយេស៊ូមានបន្ទូលថាសិស្សរបស់ទ្រង់នឹងត្រូវគេស្អប់និងទទួលទុក្ខបៀតបៀនដោយសារឈ្មោះរបស់ទ្រង់។ ខ្ញុំសប្បាយចិត្តហើយអស្ចារ្យក្នុងចិត្តអំពីរឿងនេះ»។ មិនយូរប៉ុន្មានក្រោយមក ដេនយ៉ែឡាបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ា ហើយទទួលបុណ្យជ្រមុជទឹក និងចាប់ផ្ដើមដេញតាមគោលដៅក្នុងការបំរើជាសាសនទូត។ ក្រោយពីបានរៀបការ នោះដេនយ៉ែឡានិងប្ដីរបស់នាងឈ្មោះហេលមូតចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អដល់មនុស្សមកពីទ្វីបអាហ្វ្រិក ប្រទេសចិន ប្រទេសហ្វីលីពីននិងប្រទេសឥណ្ឌាដែលរស់នៅទីក្រុងវីយ៉ែន។ សព្វថ្ងៃនេះ ដេនយ៉ែឡានិងហេលមូតកំពុងតែបំរើជាសាសនទូតនៅប្រទេសមួយនៅទិសនិរតីនៃទ្វីបអាហ្វ្រិក។
ពួកគេមិនចុះចាញ់ឡើយ
៨. តើអ្វីជាវិធីដ៏ល្អមួយដែលមនុស្សជាច្រើនបានបង្ហាញនូវសេចក្ដីស្រឡាញ់ចំពោះព្រះនិងចិត្តស្មោះត្រង់ចំពោះព្រះរាជាណាចក្ររបស់ទ្រង់?
៨ ប្រាកដហើយ ការបំរើជាសាសនទូតជាវិធីមួយដែលរាស្ត្ររបស់ព្រះយេហូវ៉ាសព្វថ្ងៃនេះសម្ដែងនូវសេចក្ដីស្រឡាញ់ចំពោះព្រះនិងចិត្តស្មោះត្រង់ចំពោះព្រះរាជាណាចក្ររបស់ទ្រង់។ ដូចឈ្មួញក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ អស់អ្នកដែលបំរើជាសាសនទូតសុខចិត្តធ្វើដំណើរទៅកន្លែងឆ្ងាយៗដើម្បីប្រយោជន៍ដល់ព្រះរាជាណាចក្រ។ ពិតមែនដែលសាសនទូតទាំងនេះមិនធ្វើដំណើរដើម្បីស្វែងរកដំណឹងល្អអំពីព្រះរាជាណាចក្រនោះទេ តែពួកគេយកដំណឹងល្អអំពីព្រះរាជាណាចក្រទៅដល់មនុស្សនៅកន្លែងដាច់ស្រយាល ដោយបង្រៀននិងជួយមនុស្សឲ្យក្លាយទៅជាសិស្សរបស់ព្រះយេស៊ូគ្រីស្ទ។ (ម៉ាថាយ ២៨:១៩, ២០) នៅក្នុងប្រទេសជាច្រើន ពួកគេត្រូវតែស៊ូទ្រាំនឹងការពិបាកយ៉ាងខ្លាំង។ ប៉ុន្តែ ដោយចេះស៊ូទ្រាំនោះពួកគេបានទទួលពរយ៉ាងវិសេស។
៩, ១០. តើសាសនទូតទទួលបទពិសោធដ៏ល្អយ៉ាងណានៅកន្លែងឆ្ងាយដាច់ស្រយាល ដូចនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល?
៩ ជាឧទាហរណ៍ នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នៅឆ្នាំមុនចំនួនមនុស្សដែលមានវត្តមាននៅឯពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទមាន១៦.១៨៤នាក់ ហើយនេះលើសចំនួនអ្នកផ្សព្វផ្សាយព្រះរាជាណាចក្រប្រាំពីរដងនៅប្រទេសនោះ។ ដោយសារកន្លែងជាច្រើននៅប្រទេសនោះពុំមានអគ្គីសនីទេ នោះធម្មតាមនុស្សធ្វើកិច្ចការកំប៊ិកកំប៉ុកប្រចាំថ្ងៃនៅក្រៅផ្ទះក្រោមម្លប់ដើមឈើ។ ដូច្នេះហើយសាសនទូតនៅប្រទេសនេះក៏ធ្វើកិច្ចការផ្សព្វផ្សាយតាមរបៀបនោះដែរ ពោលគឺដឹកនាំការសិក្សាព្រះគម្ពីរនៅក្រៅផ្ទះក្រោមម្លប់ដើមឈើ ដែលមានពន្លឺភ្លឺជាងនិងត្រជាក់ជាង ហើយក៏មានប្រយោជន៍មួយទៀតដែរ។ នៅប្រទេសនេះមនុស្សពេញចិត្តយ៉ាងខ្លាំងចំពោះព្រះគម្ពីរ ហើយចូលចិត្តពិគ្រោះសាច់រឿងខាងសាសនាមែន។ ជាញឹកញាប់ មនុស្សដែលដើរកាត់កត់សម្គាល់ការសិក្សាព្រះគម្ពីរ ហើយក៏ចូលរួមសិក្សាព្រះគម្ពីរផងដែរ។
១០ ហេតុដូច្នេះហើយ នៅពេលដែលសាសនទូតម្នាក់កំពុងតែដឹកនាំការសិក្សាព្រះគម្ពីរនៅក្រៅផ្ទះ នោះមានយុវបុរសម្នាក់ដែលរស់នៅទល់មុខ ដោយសារគ្មានអ្នកណាមកផ្សាយប្រាប់គាត់ទេ ក៏បានមកជំរាបថាគាត់ចង់ឲ្យសាសនទូតទៅផ្ទះគាត់និងបង្រៀនព្រះគម្ពីរដល់គាត់ផងដែរ។ សាសនទូតនេះមានចិត្តរីករាយក្នុងការធ្វើតាមសំណូមពរនេះ ហើយយុវបុរសនេះកំពុងតែរីកចំរើនយ៉ាងលឿនខាងវិញ្ញាណ។ នៅក្នុងប្រទេសនេះ ប៉ូលិសតែងបញ្ឈប់ស្មរបន្ទាល់ព្រះយេហូវ៉ានៅតាមផ្លូវ គឺមិនមែនដើម្បីពិន័យពួកគេទេ ប៉ុន្តែប៉ូលិសសុំទស្សនាវដ្ដីប៉មយាម និងទស្សនាវដ្ដីភ្ញាក់រឭក!ដែលទើបចេញថ្មី ឬបញ្ឈប់ស្មរបន្ទាល់ព្រះយេហូវ៉ាដើម្បីថ្លែងអំណរគុណចំពោះអត្ថបទដែលពួកគេបានពេញចិត្តអាន។
១១. ទោះជាមានទុក្ខលំបាក តើអ្នកបំរើជាសាសនទូតយូរឆ្នាំមកហើយ មានអារម្មណ៍យ៉ាងណាចំពោះកិច្ចបំរើរបស់ខ្លួន?
១១ បងប្អូនជាច្រើនដែលបំរើជាសាសនទូតជាង៤០ឬ៥០ឆ្នាំមកហើយ គឺនៅបំរើនៅទីនោះដោយស្មោះភក្ដី។ នេះពិតជាគំរូដ៏ល្អមែនសំរាប់យើងស្តីអំពីជំនឿនិងការស៊ូទ្រាំ! ជាង៤២ឆ្នាំកន្លងទៅនេះ ស្វាមីភរិយាមួយគូបានបំរើជាសាសនទូតនៅប្រទេសបី។ ស្វាមីពោលថា៖ «គឺមានគ្រាពិបាកមែន។ ជាឧទាហរណ៍ យើងបានពុះពារស៊ូទ្រាំនឹងជំងឺគ្រុនចាញ់អស់៣៥ឆ្នាំហើយ។ ក៏ប៉ុន្តែ យើងមិនដែលសោកស្ដាយនឹងការសម្រេចចិត្តបំរើជាសាសនទូតឡើយ»។ ភរិយាពោលបន្ថែមថា៖ «យើងមានហេតុច្រើនណាស់ដែលយើងត្រូវដឹងគុណ។ កិច្ចបំរើផ្សាយគឺពិតជានាំឲ្យមានអំណរមែន ហើយស្រួលមានសិស្សព្រះគម្ពីរណាស់។ នៅពេលដែលយើងឃើញសិស្សៗមកប្រជុំនិងរាប់អានគ្នា នេះគឺហាក់ដូចជាគ្រួសារមកជួបជុំគ្នារាល់តែដង»។
ពួកគេរាប់«គ្រប់ទាំងអស់ទុកដូចជាខាត»
១២. តើបុគ្គលម្នាក់បង្ហាញថាគាត់ពិតជាអបអរចំពោះតម្លៃនៃព្រះរាជាណាចក្ររបស់ព្រះយ៉ាងដូចម្ដេច?
១២ នៅពេលដែលឈ្មួញបានរកឃើញកែវមុក្ដាដែលមានតម្លៃណាស់ «នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់មកទិញកែវមុក្ដានោះ»។ (ម៉ាថាយ ១៣:៤៦) ការសុខចិត្តធ្វើពលិកម្មចំពោះអ្វីដែលមានតម្លៃ គឺជាលក្ខណៈសម្គាល់អស់អ្នកដែលពិតជាចាត់ទុកព្រះរាជាណាចក្ររបស់ព្រះជាអ្វីដែលមានតម្លៃ។ សាវ័កប៉ុលដែលមានចំណែកចូលរួមជាមួយនឹងព្រះគ្រីស្ទក្នុងសិរីរុងរឿងព្រះរាជាណាចក្រ បានពោលថា៖ «ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃខ្ញុំដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ»។—ភីលីព ៣:៨
១៣. តើបុគ្គលម្នាក់នៅសាធារណរដ្ឋឆេកូបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះរាជាណាចក្ររបស់ព្រះយ៉ាងដូចម្ដេច?
១៣ តាមរបៀបនេះដែរ មនុស្សជាច្រើនសព្វថ្ងៃសុខចិត្តកែប្រែរបៀបរស់នៅរបស់ខ្លួនដើម្បីទទួលពរពីព្រះរាជាណាចក្ររបស់ព្រះ។ ជាឧទាហរណ៍ នៅខែតុលាឆ្នាំ២០០៣ ចាងហ្វាងម្នាក់ដែលមានអាយុ៦០ឆ្នាំនៅសាធារណរដ្ឋឆេកូបានទទួលសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ក្រោយពីបានអានចប់ នោះគាត់បានទាក់ទងស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងតំបន់គាត់ដើម្បីសិក្សាព្រះគម្ពីរ។ គាត់បានរីកចំរើនខាងវិញ្ញាណ ហើយបន្ដិចក្រោយមក ចាប់ផ្ដើមទៅប្រជុំទាំងអស់។ ចុះយ៉ាងណាចំពោះគោលបំណងគាត់ក្នុងការឈរឈ្មោះបោះឆ្នោតជាចៅហ្វាយក្រុងនិងឈរឈ្មោះបោះឆ្នោតជាសមាជិកព្រឹទ្ធសភានោះ? គាត់បានសម្រេចចិត្តយកអាជីពផ្សេងវិញ ពោលគឺជាអ្នកផ្សព្វផ្សាយដំណឹងល្អ។ គាត់បាននិយាយថា៖ «ខ្ញុំបានផ្ដល់សៀវភៅជាច្រើនដល់សិស្សរបស់ខ្ញុំ»។ គាត់បានបង្ហាញការថ្វាយខ្លួនរបស់គាត់ចំពោះព្រះយេហូវ៉ាដោយទទួលបុណ្យជ្រមុជទឹកនៅមហាសន្និបាតនៅខែកក្កដា ឆ្នាំ២០០៤។
១៤. (ក) តើដំណឹងល្អអំពីព្រះរាជាណាចក្របានជំរុញចិត្តមនុស្សរាប់លាននាក់ឲ្យធ្វើអ្វី? (ខ) តើមានសំនួរត្រិះរិះណាខ្លះដែលយើងម្នាក់ៗគួរសួរខ្លួនឯង?
១៤ មនុស្សរាប់លាននាក់នៅពាសពេញផែនដីបានតបឆ្លើយដូចនោះចំពោះដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះ។ ពួកគេបានចាកចេញពីលោកីយ៍ដ៏អាក្រក់នេះ ដោះចេញនូវបុគ្គលិកលក្ខណៈចាស់ មិនសេពគប់ជាមួយនឹងមិត្តភក្ដិពីដើម ហើយបោះបង់ចោលនូវការស្វះស្វែងខាងលោកីយ៍ដែរ។ (យ៉ូហាន ១៥:១៩; អេភេសូរ ៤:២២-២៤; យ៉ាកុប ៤:៤; យ៉ូហានទី១ ២:១៥-១៧) ហេតុអ្វីបានជាពួកគេធ្វើដូច្នេះ? ពីព្រោះពួកគេចាត់ទុកពរនៃព្រះរាជាណាចក្ររបស់ព្រះជាអ្វីដ៏សំខាន់បំផុត ជាងអ្វីៗដែលមានក្នុងលោកីយ៍នេះ។ តើអ្នកមានអារម្មណ៍បែបនេះចំពោះដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះឬទេ? តើអ្នកត្រូវចិត្តជំរុញឲ្យកែប្រែរបៀបរស់នៅរបស់អ្នក គោលការណ៍ និងគោលដៅឲ្យសមស្របតាមតម្រូវការរបស់ព្រះយេហូវ៉ាឬទេ? បើធ្វើដូច្នេះ អ្នកនឹងមានពរយ៉ាងវិសេសនៅសព្វថ្ងៃនិងនៅអនាគតដែរ។
ការច្រូតកំពុងតែឈានទៅដល់កំពូល
១៥. យោងទៅតាមទំនាយ តើរាស្ត្ររបស់ព្រះនឹងធ្វើអ្វីនៅគ្រាចុងក្រោយបង្អស់?
១៥ អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលឯងដំរៀបក្បួនទ័ពដ៏ប្រដាប់»។ អស់អ្នកដែលថ្វាយខ្លួនគឺរួមបញ្ចូល«ពួកកំឡោះ . . . ដូចជាទឹកសន្សើម» និង«ពួកអ្នក[ស្រីៗ]ដែលប្រកាសប្រាប់ដំណឹង»ដែល«មានគ្នាច្រើនណាស់»។ (ទំនុកដំកើង ៦៨:១១; ១១០:៣) ដោយសារអ្នកបំរើរបស់ព្រះយេហូវ៉ាទាំងប្រុសទាំងស្រី ក្មេងនិងចាស់ខំប្រឹងព្យាយាមនិងធ្វើពលិកម្មនៅថ្ងៃជាន់ក្រោយបង្អស់នេះ តើមានលទ្ធផលយ៉ាងណា?
១៦. ចូរឲ្យឧទាហរណ៍នូវរបៀបដែលរាស្ត្ររបស់ព្រះខំជួយអ្នកដទៃឲ្យរៀនអំពីព្រះរាជាណាចក្ររបស់ព្រះ។
១៦ អ្នកត្រួសត្រាយពេញពេលម្នាក់នៅប្រទេសឥណ្ឌាបានព្រួយថាតើអាចជួយមនុស្សថ្លង់ជាងពីរលាននាក់នៅស្រុកនោះយ៉ាងណាបានក្នុងការរៀនអំពីព្រះរាជាណាចក្ររបស់ព្រះ។ (អេសាយ ៣៥:៥) គាត់បានសម្រេចចិត្តចុះឈ្មោះរៀនភាសាគនៅគ្រឹះស្ថានអប់រំនៅទីក្រុងបេងគាល។ ទីនោះ គាត់អាចប្រាប់សេចក្ដីសង្ឃឹមអំពីព្រះរាជាណាចក្រដល់មនុស្សថ្លង់ជាច្រើននៅប្រទេសឥណ្ឌា ហើយក្រុមសិក្សាព្រះគម្ពីរសំរាប់មនុស្សថ្លង់ក៏ត្រូវបានបង្កើត។ ក្នុងបីបួនសប្ដាហ៍នោះមានមនុស្ស១២នាក់បានមកប្រជុំនៅសាលព្រះរាជាណាចក្រ។ ក្រោយមក នៅឯកន្លែងពិធីជប់លៀងអាពាហ៍ពិពាហ៍ អ្នកត្រួសត្រាយនេះជួបយុវបុរសថ្លង់ម្នាក់ពីក្រុងកាលកត្ដា គាត់បានសួរសំនួរជាច្រើននិងមានចំណាប់អារម្មណ៍ចង់ដឹងថែមទៀតអំពីព្រះយេហូវ៉ា។ ក៏ប៉ុន្តែ មានបញ្ហាមួយ។ យុវបុរសនេះនឹងត្រូវត្រឡប់ទៅក្រុងកាលកត្ដាវិញដែលមានចម្ងាយប្រមាណ១.៦០០គីឡូម៉ែត្រដើម្បីចាប់ផ្ដើមការសិក្សានៅមហាវិទ្យាល័យ តែនៅទីនេះគ្មានស្មរបន្ទាល់ព្រះយេហូវ៉ាដែលចេះភាសាគឡើយ។ គាត់បានខំប្រឹងសុំឪពុកគាត់ឲ្យគាត់ទៅសាលានៅក្រុងបេងគាលវិញ ដើម្បីឲ្យគាត់អាចបន្តសិក្សាព្រះគម្ពីរ។ គាត់បានរីកចំរើនខាងវិញ្ញាណ ហើយមួយឆ្នាំក្រោយមក គាត់បានថ្វាយខ្លួនចំពោះព្រះយេហូវ៉ា។ ក្រោយមក គាត់ក៏បានសិក្សាជាមួយនឹងមនុស្សថ្លង់មួយចំនួន រួមបញ្ចូលមិត្តម្នាក់ដែលស្គាល់តាំងពីក្មេង។ ឥឡូវ ការិយាល័យសាខានៅប្រទេសឥណ្ឌារៀបចំឲ្យអ្នកត្រួសត្រាយរៀនភាសាគដើម្បីជួយមនុស្សដែលនិយាយភាសាគ។
ចូរបន្ត‹ស្វែងរកនគរព្រះជាមុនសិន›
១៧. តើព្រះយេស៊ូពុំបានប្រាប់ពត៌មានអ្វីក្នុងរឿងប្រៀបប្រដូចអំពីឈ្មួញនោះ? ហេតុអ្វី?
១៧ បើយើងពិនិត្យមើលម្ដងទៀតនូវរឿងប្រៀបប្រដូចអំពីឈ្មួញ យើងកត់សម្គាល់ថាព្រះយេស៊ូមិនបានមានបន្ទូលប្រាប់ថាឈ្មួញនឹងចិញ្ចឹមជីវិតដូចម្ដេចក្រោយពីលក់របស់ទាំងអស់ដែលគាត់មាននោះទេ។ ដូច្នេះហើយ អ្នកខ្លះប្រហែលជាសួរថា៖ ‹តើឈ្មួញនោះនឹងរកអាហារ សំលៀកបំពាក់ និងទីលំនៅយ៉ាងណា បើគាត់គ្មានអ្វីសោះនោះ? តើកែវមុក្ដាដែលមានតម្លៃនោះមានប្រយោជន៍អ្វីទៅចំពោះគាត់?›។ បើគិតពីខាងសាច់ឈាម នោះជាសំនួរសមហេតុផល។ ប៉ុន្តែ ព្រះយេស៊ូបានដាស់តឿនសិស្សរបស់ទ្រង់ថា៖ «ចូរស្វែងរកនគរនឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ (ម៉ាថាយ ៦:៣១-៣៣) គោលចំណុចនៃរឿងប្រៀបប្រដូចនេះគឺយើងត្រូវថ្វាយបង្គំព្រះយ៉ាងស្មោះអស់ពីចិត្តហើយខ្នះខ្នែងចំពោះព្រះរាជាណាចក្ររបស់ព្រះ។ តើយើងអាចទាញយកមេរៀនអ្វីពីនេះ?
១៨. តើមេរៀនដ៏សំខាន់អ្វីដែលយើងរៀនពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូស្តីអំពីកែវមុក្ដាដែលមានតម្លៃណាស់?
១៨ មិនថាយើងទើបតែរៀនអំពីដំណឹងល្អឬយើងបានស្វែងរកព្រះរាជាណាចក្រនិងប្រាប់អ្នកដទៃអំពីពរនោះអស់ច្រើនឆ្នាំហើយក៏ដោយ យើងត្រូវតែបន្តប្រមូលអារម្មណ៍លើព្រះរាជាណាចក្រទុកជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង។ សព្វថ្ងៃនេះគឺជាគ្រាដ៏ពិបាក ប៉ុន្តែ យើងមានមូលហេតុត្រឹមត្រូវឲ្យជឿថាអ្វីដែលយើងកំពុងតែស្វែងរកគឺពិត និងគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ដូចជាឈ្មួញរកឃើញកែវមុក្ដានោះដែរ។ ព្រឹត្ដិការណ៍ក្នុងពិភពលោកនិងទំនាយទាំងប៉ុន្មានដែលបានសម្រេច ផ្ដល់នូវភស្តុតាងយ៉ាងច្បាស់ថាយើងកំពុងតែរស់នៅគ្រា«បំផុតកល្ប»។ (ម៉ាថាយ ២៤:៣) ដូចឈ្មួញ សូមឲ្យយើងបង្ហាញនូវចិត្តខ្នះខ្នែងដ៏អស់ពីដួងចិត្តចំពោះព្រះរាជាណាចក្ររបស់ព្រះ និងអរសប្បាយនឹងឯកសិទ្ធិរបស់យើងក្នុងការប្រកាសដំណឹងល្អ។—ទំនុកដំកើង ៩:១, ២
តើអ្នកនៅចាំឬទេ?
• ច្រើនឆ្នាំកន្លងទៅ តើការរីកចំរើនក្នុងចំណោមអ្នកថ្វាយបង្គំពិតគឺដោយសារអ្វី?
• អស់អ្នកដែលបំរើជាសាសនទូត តើពួកគាត់មានចិត្តគំនិតយ៉ាងណា?
• ដោយសារតែដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ តើមនុស្សបានកែប្រែរបៀបរស់នៅយ៉ាងណា?
• តើមេរៀនដ៏សំខាន់អ្វីដែលយើងរៀនពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូស្តីអំពីកែវមុក្ដាដែលមានតម្លៃណាស់?
[រូបភាពនៅទំព័រ១៥]
ដេនយ៉ែឡានិងហេលមូតផ្សព្វផ្សាយដំណឹងល្អដល់មនុស្សពីប្រទេសផ្សេងៗនៅក្រុងវីយ៉ែន
[រូបភាពនៅទំព័រ១៦]
សាសនទូតសព្វថ្ងៃនេះក៏ទទួលពរយ៉ាងវិសេស ដូចឈ្មួញនោះដែរ
[រូបភាពនៅទំព័រ១៧]
«រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្ត»