អត្ថបទអំពីក្របទស្សនាវដ្ដី | វិធីបំបាត់ទុក្ខកង្វល់
កង្វល់អំពីលុយកាក់
បុរសម្នាក់ឈ្មោះប៉ូល ជាប្ដីនិងជាឪពុកដែលមានកូនពីរនាក់បានរៀបរាប់ថា៖ «ក្នុងប្រទេសយើង ក្រោយពីលុយចេះតែចុះថោក នោះមានការខ្វះខាតស្បៀងអាហារ ហើយអាហារណាដែលមានគឺថ្លៃទៀតផង។ ដើម្បីទិញម្ហូបយើងបានឈរតម្រង់ជួរអស់រាប់ម៉ោង ហើយច្រើនដងមុនដល់វេនយើង ម្ហូបបានត្រូវលក់អស់ទៅហើយ។ ប្រជាជនមានភាពស្គមស្គាំងដោយសារការអត់ឃ្លាន ហើយអ្នកខ្លះបានដួលសន្លប់នៅតាមផ្លូវ។ តម្លៃទំនិញដែលមនុស្សត្រូវការប្រចាំថ្ងៃ បានឡើងថ្លៃដល់រាប់លានដង ហើយរហូតដល់រាប់ពាន់លានដង។ នៅទីបំផុត លុយគ្មានតម្លៃសោះ។ ខ្ញុំបាត់បង់លុយក្នុងធនាគារ ប្រាក់ធានារ៉ាប់រង និងប្រាក់ចូលនិវត្តន៍»។
ប៉ូលបានដឹងថា ដើម្បីឲ្យក្រុមគ្រួសាររបស់គាត់រួចជីវិត គាត់ត្រូវប្រើ«សេចក្ដីដែលមានប្រយោជន៍»ឬគំនិតឈ្លាសវៃ។ (សុភាសិត ៣:២១) គាត់បានពន្យល់ថា៖ «ខ្ញុំជាមេជាងភ្លើង ប៉ុន្តែបើខ្ញុំរកបានការងារណា ខ្ញុំសុខចិត្តធ្វើការងារនោះដោយមិនប្រកាន់ទេ ទោះជាបានទទួលប្រាក់ឈ្នួលតិចជាងធម្មតាឆ្ងាយក៏ដោយ។ អ្នកខ្លះឲ្យប្រាក់ឈ្នួលខ្ញុំជាម្ហូប ឬជារបស់ប្រើប្រាស់ក្នុងផ្ទះ។ បើគេឲ្យប្រាក់ឈ្នួលខ្ញុំជាសាប៊ូបួនដុំ ខ្ញុំទុកប្រើពីរដុំ ហើយលក់ពីរដុំឲ្យអ្នកឯទៀត។ ក្រោយមក ខ្ញុំមានកូនមាន់៤០ក្បាល។ ពេលពួកវាធំ ខ្ញុំលក់ឲ្យគេ ហើយទិញកូនមាន់ថែម៣០០ក្បាលទៀត។ ក្រោយមក ខ្ញុំប្ដូរមាន់៥០ក្បាលជាមួយនឹងម្សៅពោតពីរបេ ដែលមួយបេៗទម្ងន់៥០គីឡូ។ ដោយសារម្សៅពោតនោះ ខ្ញុំបានចិញ្ចឹមក្រុមគ្រួសារខ្ញុំនិងក្រុមគ្រួសារពីរបីទៀតបានយ៉ាងយូរ»។
ប៉ូលក៏បានដឹងដែរថា អ្វីដែលមានប្រយោជន៍បំផុតដែលគ្រប់គ្នាអាចធ្វើបាន គឺទុកចិត្តទៅលើព្រះ។ ពេលយើងស្ដាប់បង្គាប់ព្រះ លោកនឹងជួយយើង។ ស្តីអំពីការមានរបស់ដែលចាំបាច់សម្រាប់ជីវិត លោកយេស៊ូបានមានប្រសាសន៍ថា៖ «ឈប់បារម្ភ ព្រោះ . . . បិតារបស់អ្នកដឹងថាអ្នកត្រូវការរបស់ទាំងនេះ»។—លូកា ១២:២៩-៣១
គួរឲ្យស្ដាយណាស់ សត្រូវរបស់ព្រះជាសាថាន វាបានបញ្ឆោតមនុស្សភាគច្រើនក្នុងពិភពលោកនេះ ឲ្យផ្ដោតអារម្មណ៍ទៅលើជីវភាពខ្លាំងបំផុត។ មនុស្សព្រួយបារម្ភយ៉ាងខ្លាំងអំពីសេចក្ដីត្រូវការរបស់ខ្លួន ទាំងអ្វីដែលចាំបាច់ទាំងអ្វីដែលមិនចាំបាច់។ ពួកគេព្យាយាមយ៉ាងខ្លាំងដើម្បីបានអ្វីដែលពួកគេមិនត្រូវការ។ មនុស្សជាច្រើនជាប់បំណុល ហើយក្រោយមកទើបពួកគេយល់ថា«អ្នកណាដែលខ្ចីគេ ជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះ»។—សុភាសិត ២២:៧
មនុស្សខ្លះបានធ្វើការសម្រេចចិត្តដែលមានផលវិបាកទៅថ្ងៃក្រោយ។ ប៉ូលបានរៀបរាប់ថា៖ «អ្នកជិតខាងជាច្រើនបានចាកចោលក្រុមគ្រួសារ និងមិត្តភក្ដិដើម្បីឲ្យបាន‹ជីវភាពធូរធារ›នៅក្រៅប្រទេស។ អ្នកខ្លះបានទៅបរទេស ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវសម្រាប់ជនអន្ដោប្រវេសន៍ ហើយពួកគេមិនអាចរកការងារធ្វើបានទេ។ ពួកគេច្រើនតែរត់គេចពីប៉ូលិស និងដេកតាមចិញ្ចើមថ្នល់។ ពួកគេមិនបានទុកឱកាសឲ្យព្រះជួយពួកគេទេ។ ប៉ុន្តែ ខ្ញុំបានតាំងចិត្តពុះពារបញ្ហាសេដ្ឋកិច្ចជាមួយនឹងក្រុមគ្រួសារ ដោយមានជំនួយពីព្រះ»។
ការធ្វើតាមឱវាទលោកយេស៊ូ
ប៉ូលនិយាយបន្តថា៖ «លោកយេស៊ូបានមានប្រសាសន៍ថា៖ ‹កុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ ពីព្រោះថ្ងៃស្អែកនឹងមានកង្វល់សម្រាប់ថ្ងៃស្អែក។ សេចក្ដីអាក្រក់នៅថ្ងៃនីមួយៗ គឺល្មមសម្រាប់ថ្ងៃនោះហើយ›។ ដូច្នេះ ខ្ញុំអធិដ្ឋានជារៀងរាល់ថ្ងៃសុំព្រះឲ្យ‹ផ្ដល់អាហារដែលយើងត្រូវការសម្រាប់ថ្ងៃនេះ› ដើម្បីឲ្យយើងរួចជីវិត។ ហើយព្រះបានជួយយើងមែន ដូចដែលលោកយេស៊ូបានមានប្រសាសន៍។ យើងមិនតែងតែបានអ្វីដែលយើងចូលចិត្តនោះទេ។ មានពេលមួយ ខ្ញុំទៅតម្រង់ជួរទិញម្ហូប ប៉ុន្តែមិនដឹងថាគេលក់អ្វីទេ។ ពេលដល់វេនខ្ញុំ ខ្ញុំឃើញថាមានតែយ៉ាអួប៉ុណ្ណោះ។ ខ្ញុំអត់ចូលចិត្តយ៉ាអួសោះ។ ប៉ុន្តែវាជាម្ហូប ដូច្នេះ ខ្ញុំបានទិញវា ហើយខ្ញុំនិងក្រុមគ្រួសារបានញ៉ាំយ៉ាអួនៅយប់នោះ។ ខ្ញុំពិតជាដឹងគុណព្រះណាស់ ដែលក្នុងអំឡុងគ្រាពិបាកនោះ ក្រុមគ្រួសារខ្ញុំមិនដែលចូលគេងទាំងឃ្លានឡើយ»។a
ព្រះបានសន្យាថា៖ «ខ្ញុំប្រាកដជាមិនចាកចេញ ពីអ្នកឡើយ ក៏ប្រាកដជាមិនបោះបង់ ចោលអ្នកដែរ»។—ហេប្រឺ ១៣:៥
ប៉ូលរៀបរាប់បន្តទៀតថា៖ «ឥឡូវ យើងលែងមានបញ្ហាខាងសេដ្ឋកិច្ចទៀតហើយ អ្វីៗស្រួលជាងសម្រាប់យើង។ ប៉ុន្តែ ដោយឆ្លងកាត់រឿងនេះ យើងបានរៀនថាអ្វីដែលសំខាន់បំផុតដើម្បីជួយបំបាត់កង្វល់ គឺទុកចិត្តទៅលើព្រះ។ ព្រះយេហូវ៉ាbនឹងជួយយើងជានិច្ច ដរាបណាយើងបន្តធ្វើតាមបំណងប្រាថ្នារបស់លោកជាមុន។ បទគម្ពីរទំនុកតម្កើង ៣៤:៨ ចែងថា៖ ‹សូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ មានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់›។ យើងបានឃើញថាពាក្យទាំងនោះគឺជាពាក្យពិតមែន។ ជាលទ្ធផល យើងនឹងមិនខ្លាចទេ ពេលណាមានវិបត្ដិសេដ្ឋកិច្ចកើតឡើងម្ដងទៀត»។
ប៉ូលប្រាប់បន្តថា៖ «ឥឡូវ យើងយល់យ៉ាងច្បាស់ថា អ្វីដែលមនុស្សត្រូវការដើម្បីរួចជីវិត មិនមែនការងារឬប្រាក់នោះទេ តែជាអាហារវិញ។ យើងពិតជាទន្ទឹងចាំគ្រាដែលសេចក្ដីសន្យារបស់ព្រះនឹងកើតឡើងមិនខាន ដែលថា៖ ‹នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក›។ ប៉ុន្តែ ទម្រាំដល់ពេលនោះ ‹យើងនឹងស្កប់ចិត្តហើយ ដោយមានអាហារបរិភោគ សម្លៀកបំពាក់ និងជម្រក›។ ពាក្យក្នុងគម្ពីរពិតជាពង្រឹងកម្លាំងចិត្តយើងមែន ដែលថា៖ ‹ចូរមានរបៀបរស់នៅដែលប្រាសចាកការស្រឡាញ់ប្រាក់ ហើយចូរស្កប់ចិត្តនឹងអ្វីដែលអ្នករាល់គ្នាមាន។ ព្រោះលោកបានមានប្រសាសន៍ថា៖ «ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ»។ ដើម្បីឲ្យយើងមានចិត្តពោរពេញទៅដោយសេចក្ដីក្លាហាន ហើយនិយាយថា៖ «ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ»›»។c
យើងត្រូវមានជំនឿពិតប្រាកដ ទើបអាច«ដើរជាមួយនឹងព្រះ» ដូចប៉ូលនិងក្រុមគ្រួសាររបស់គាត់ដែរ។ (លោកុប្បត្តិ ៦:៩) ទោះជាឥឡូវនេះយើងកំពុងជួបវិបត្ដិសេដ្ឋកិច្ចធ្ងន់ធ្ងរ ឬអាចនឹងជួបនៅថ្ងៃអនាគតក៏ដោយ សូមឲ្យយើងទាញមេរៀនសំខាន់ៗ ពីគំរូរបស់ប៉ូលស្តីអំពីការមានជំនឿទៅលើព្រះ និងការមានគំនិតឈ្លាសវៃ។
ចុះបើបញ្ហាក្រុមគ្រួសារបណ្ដាលឲ្យយើងមានកង្វល់នោះ?
a សូមមើល ម៉ាថាយ ៦:១១, ៣៤។
b យេហូវ៉ាគឺជានាមរបស់ព្រះដែលមានក្នុងគម្ពីរ។