បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp17 លេខ ៣ ទំ. ១៤-១៥
  • ផែនដីដែលជាសួនឧទ្យាន ជាការស្រមើស្រមៃឬជាការពិត?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ផែនដីដែលជាសួនឧទ្យាន ជាការស្រមើស្រមៃឬជាការពិត?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ដំណាល​អំពី​សួន​ឧទ្យាន
  • ការ​ស្វែង​រក​សួន​ឧទ្យាន
  • ការ​ផ្ដោត​អារម្មណ៍​បាន​ត្រូវ​ផ្លាស់​ប្ដូរ
  • ផែន​ដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ពិត​មែន
  • «ជួបគ្នានៅសួនឧទ្យាន!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • តើព្រះមានគោលបំណងអ្វីសម្រាប់ផែនដី?
    ព្រះមានដំណឹងល្អសម្រាប់យើង!
  • តើអ្វីជាគោលបំណងនៃព្រះសំរាប់ផែនដី?
    តើព្រះតម្រូវអ្វីពីយើង?
  • តើមានសួនមនោរម្យសំរាប់អ្នកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
wp17 លេខ ៣ ទំ. ១៤-១៥
ប្រាស្លីន ប្រទេសសីស្ហែល

កោះ​ប្រាស្លីន​នៅ​ប្រទេស​សីស្ហែល​នា​ឆ្នាំ​១៨៨១ ឧត្តមសេនីយ៍​ហ្គ័រដឺន​បាន​ចាត់​ទុក​ទី​នោះ​ថា​ជា​សួន​អេដែន

ផែន​ដី​ដែល​ជា​សួន​ឧទ្យាន ជា​ការ​ស្រមើ​ស្រមៃ​ឬ​ជា​ការ​ពិត?

សួន​ឧទ្យាន! សៀវភៅ​ស្តើង​អំពី​ដំណើរ​កម្សាន្ត​ដែល​មាន​កន្លែង​ស្អាត​ៗ​ដូច​សួន​ឧទ្យាន​ប្រហែល​ជា​ទាក់​ទាញ​ចិត្ត​យើង​ឲ្យ​ចង់​ធ្វើ​ដំណើរ​ទៅ​ដើម្បី​សម្រាក​លំហែ​កាយ​និង​បំភ្លេច​រាល់​កង្វល់​កង្វាយ​និង​បញ្ហា​របស់​យើង។ ប៉ុន្តែ​ដូច​យើង​ដឹង​ស្រាប់​ហើយ ពេល​យើង​ត្រឡប់​មក​ផ្ទះ​វិញ បញ្ហា​ក្នុង​ជីវិត​នៅ​តែ​ដដែល។

យ៉ាង​ណា​ក៏​ដោយ ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​សួន​ឧទ្យាន​គឺ​មាន​ប្រយោជន៍​ណាស់។ យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​សួន​ឧទ្យាន​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ដែល​នាំ​ឲ្យ​សប្បាយ​ចិត្ត​ប៉ុណ្ណោះ​ឬ? បើ​ដូច្នេះ ហេតុ​អ្វី​ចាប់​អារម្មណ៍​អំពី​សួន​ឧទ្យាន? ហើយ​តើ​នោះ​អាច​ទៅ​ជា​ការ​ពិត​បាន​ឬ​ទេ?›។

ការ​ដំណាល​អំពី​សួន​ឧទ្យាន

អស់​ជា​ច្រើន​សតវត្សរ៍ មនុស្ស​ចាប់​អារម្មណ៍​ចង់​ដឹង​អំពី​សួន​ឧទ្យាន។ មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ដោយ​សារ​កំណត់​ហេតុ​ក្នុង​គម្ពីរ​ស្តី​អំពី​«​សួន​ច្បារ​១​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត​»។ ហេតុ​អ្វី​សួន​នោះ​គួរ​ឲ្យ​ទាក់​ទាញ​ម្ល៉េះ? កំណត់​ហេតុ​គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​អស់​ទាំង​ដើម​ឈើ​ដែល​គួរ​ពេច​ពិល​រមឹល​មើល ហើយ​សំ​រាប់​ជា​អាហារ​ផង​»។ សួន​នោះ​ជា​កន្លែង​ដ៏​ល្អ​និង​គាប់​ចិត្ត។ អ្វី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត គឺ​មាន​«​ដើម​ជីវិត . . . នៅ​កណ្ដាល​សួន​ច្បារ​នោះ​ដែរ​»។—លោកុប្បត្តិ ២:៨, ៩

លើស​ពី​នេះ​ទៅ​ទៀត កំណត់​ហេតុ​ក្នុង​សៀវភៅ​លោកុប្បត្តិ​បាន​រៀប​រាប់​អំពី​ទន្លេ​បួន​ដែល​ហូរ​ចេញ​ពី​សួន​នោះ។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ នៅ​តែ​មាន​ទន្លេ​ពីរ​ក្នុង​ចំណោម​ទន្លេ​ទាំង​បួន​នោះ គឺ​ទន្លេ​ទីហ្គ្រីស (​ឬ​ហ៊ីដេកែល​) និង​ទន្លេ​អឺប្រាត។ (​លោកុប្បត្តិ ២:១០​-​១៤​) ទន្លេ​ទាំង​ពីរ​នោះ​ហូរ​ចូល​ឈូង​សមុទ្រ​ពែ​ក​ឆ្លង​កាត់​ប្រទេស​អ៊ីរ៉ាក់​ដែល​ពី​មុន​ជា​ប្រទេស​ពើស៊ី​សម័យ​បុរាណ។

សួន​ឧទ្យាន​ទំនង​ជា​ជាប់​ទាក់​ទង​យ៉ាង​ខ្លាំង​នឹង​ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​ពើស៊ី។ នៅ​សារមន្ទីរ​គំនូរ​ភីឡាដិលភា រដ្ឋ​ប៉ិនស៊ីវ៉ានី សហរដ្ឋ​អាម៉េរិក មាន​កម្រាល​ព្រំ​របស់​ជន​ជាតិ​ពើស៊ី​នៅ​សតវត្សរ៍​ទី​១៦ ដែល​បង្ហាញ​អំពី​សួន​មួយ​ដែល​មាន​របង ព្រម​ទាំង​មាន​ដើម​ឈើ​និង​ក្បាច់​ផ្កា។ ពាក្យ​«​សួន​មួយ​ដែល​មាន​របង​»​ជា​ភាសា​ពើស៊ី ក៏​មាន​ន័យ​ថា​«​សួន​ឧទ្យាន​»​ដែរ ហើយ​រូប​ភាព​នៅ​ខាង​លើ​កម្រាល​ព្រំ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិពណ៌នា​របស់​គម្ពីរ​អំពី​ភាព​ស្រស់​ស្អាត​និង​ភាព​ទាក់​ទាញ​របស់​សួន​អេដែន។

តាម​ពិត រឿង​រ៉ាវ​អំពី​សួន​ឧទ្យាន​បាន​ត្រូវ​ដំណាល​ជា​ច្រើន​ភាសា​និង​វប្បធម៌​នៅ​ទូ​ទាំង​ពិភព​លោក។ កាល​ដែល​មនុស្ស​ទៅ​រស់​នៅ​កន្លែង​ផ្សេង​ៗ​លើ​ផែន​ដី ពួក​គេ​ក៏​បាន​នាំ​យក​សាច់​រឿង​ដើម​ដែល​ច្រើន​សតវត្សរ៍​ក្រោយ​មក​បាន​លាយ​ឡំ​ជា​មួយ​នឹង​ជំនឿ​សាសនា​និង​រឿង​និទាន​ស្រប​ទៅ​តាម​តំបន់​ទាំង​នោះ។ សូម្បី​តែ​សព្វ​ថ្ងៃ​នេះ មនុស្ស​ប្រៀប​ធៀប​កន្លែង​ដែល​មាន​ធម្មជាតិ​ស្រស់​ស្អាត​ថា​ដូច​សួន​ឧទ្យាន។

ការ​ស្វែង​រក​សួន​ឧទ្យាន

អ្នក​រុក​រក​ខ្លះ​បាន​ព្យាយាម​រក​ទី​តាំង​សួន​ឧទ្យាន​ដែល​បាន​បាត់​បង់។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​ពេល​ឆាល ហ្គ័រដឺន​ដែល​ជា​ឧត្តមសេនីយ៍​ជន​ជាតិ​អង់គ្លេស​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​សីស្ហែល​នៅ​ឆ្នាំ​១៨៨១ គាត់​បាន​កោត​ស្ងើច​យ៉ាង​ខ្លាំង​នឹង​ភាព​ស្អាត​របស់​សួន​វ៉ាលី ដេ ម៉ា បាន​ជា​គាត់​បាន​ប្រកាស​ថា​នោះ​គឺ​ជា​សួន​អេដែន។a នៅ​សតវត្សរ៍​ទី​១៥ អ្នក​រុក​រក​ជន​ជាតិ​អ៊ីតាលី​ឈ្មោះ​គ្រិស្តតូហ្វើ​នៅ​ក្រុង​កូឡាំបឺស បាន​គិត​ថា​គាត់​ជិត​រក​ឃើញ​សួន​អេដែន​ឡើង​វិញ ពេល​ដែល​គាត់​បាន​ទៅ​កោះ​មួយ​លើ​សមុទ្រ​ការីប ដែល​ឥឡូវ​នេះ​ជា​សាធារណរដ្ឋ​ដូមីនីក​និង​ហៃទី។

ផែន​ទី​អំពី​សួន​ឧទ្យាន ជា​សៀវភៅ​ប្រវត្ដិសាស្ត្រ​សម័យ​ថ្មី​ដែល​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​ផែន​ទី​សម័យ​បុរាណ​ជាង​១៩០ ផែន​ទី​ជា​ច្រើន​នោះ​បង្ហាញ​អំពី​អាដាម​និង​អេវ៉ា​ក្នុង​សួន​អេដែន។ ក្នុង​ចំណោម​ផែន​ទី​ទាំង​នោះ​មាន​ផែន​ទី​មួយ​ពី​ឯកសារ​ចម្លង​បេអាធូស​នៃ​ឡេអាបាណា​នៅ​សតវត្សរ៍​ទី​១៣។ នៅ​ចុង​ខាង​លើ​នៃ​ផែន​ទី​នោះ​មាន​រូប​សួន​ឧទ្យាន​រាង​ការេ​តូច​នៅ​កណ្ដាល។ ពី​ទី​នោះ​ហូរ​ទៅ​ទន្លេ​ទាំង​បួន គឺ​«​ទីហ្គ្រីស​»​ ​«​អឺប្រាត​»​ ​«​ពិសុន​»​ និង​«​គីហុន​»​ ជ្រុង​នៃ​ទន្លេ​ទាំង​បួន​នោះ​ទំនង​ជា​តំណាង​ការ​រីក​រាល​ដាល​នៃ​ពិភព​គ្រិស្ត​សាសនា​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែន​ដី។ រូប​ភាព​បែប​នោះ​បង្ហាញ​ថា​ទោះ​ជា​មិន​ដឹង​ថា​ទី​តាំង​របស់​សួន​ឧទ្យាន​ដើម​ដំបូង​នៅ​ឯ​ណា​ក្ដី តែ​នៅ​តែ​បន្សល់​ការ​ចង​ចាំ។

មនុស្ស​បាន​ស្គាល់​ចន មីលថុន​ដែល​ជា​កវី​ជន​ជាតិ​អង់គ្លេស​នៅ​សតវត្សរ៍​ទី​១៧ ដោយ​សារ​កំណាព្យ​របស់​គាត់​ដែល​មាន​ចំណង​ជើង​ថា​ការ​បាត់​បង់សួន​ឧទ្យាន ដែល​បាន​តែង​ដោយ​មាន​មូលដ្ឋាន​ពី​កំណត់​ហេតុ​ក្នុង​សៀវភៅ​លោកុប្បត្តិ​ស្តី​អំពី​អំពើ​ខុស​ឆ្គង​របស់​អាដាម​និង​ការ​បណ្ដេញ​ចេញ​ពី​សួន​អេដែន។ ក្នុង​សៀវភៅ​នោះ គាត់​បាន​លើក​បញ្ជាក់​សេចក្ដី​សន្យា​អំពី​ការ​ធ្វើ​ឲ្យ​មនុស្សជាតិ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឡើង​វិញ​នៅ​លើ​ផែន​ដី​នេះ ដោយ​ថា​៖ ​«​នៅ​គ្រា​នោះ ផែន​ដី​ទាំង​មូល​នឹង​ទៅ​ជា​សួន​ឧទ្យាន​»។ ក្រោយ​មក មីលថុន​បាន​សរសេរ​រឿង​ដែល​មាន​ចំណង​ជើង​ថា​ការ​មាន​សួន​ឧទ្យាន​ឡើង​វិញ។

ការ​ផ្ដោត​អារម្មណ៍​បាន​ត្រូវ​ផ្លាស់​ប្ដូរ

គឺ​ច្បាស់​ណាស់​ថា​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស គេ​ច្រើន​តែ​បាន​គិត​ថា​ធ្លាប់​មាន​សួន​ឧទ្យាន​ដែល​បាន​ត្រូវ​បាត់​បង់​នៅ​ផែន​ដី។ ដូច្នេះ ហេតុ​អ្វី​ឥឡូវ​នេះ​មិន​ដូច​គ្នា? បើ​និយាយ​ទៅ​គឺ​ដោយ​សារ​សៀវភៅ​ផែន​ទី​អំពី​សួន​ឧទ្យាន រៀប​រាប់​ថា​៖ ​«​សាសនវិទូ . . . បាន​បោះ​បង់​ការ​ស្វែង​រក​ទី​តាំង​នៃ​សួន​ឧទ្យាន​»។

អ្នក​ទៅ​វិហារ​ភាគ​ច្រើន​បាន​ត្រូវ​បង្រៀន​ថា​គោល​ដៅ​សំខាន់​បំផុត​របស់​ពួក​គេ​គឺ​ឡើង​ស្ថាន​សួគ៌ មិន​មែន​ជីវិត​នៅ​លើ​ផែន​ដី ដែល​ជា​សួន​ឧទ្យាន​ឡើយ។ ប៉ុន្តែ គម្ពីរ​ចែង​នៅ​ទំនុក​តម្កើង ៣៧:២៩​ថា​៖ ​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក[​ផែន​ដី​]ទុក​ជា​មរ​ដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»។ ដោយ​សារ​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​មិន​មែន​ជា​សួន​ឧទ្យាន ដូច្នេះ​តើ​មាន​សេចក្ដី​សង្ឃឹម​អ្វី​ចំពោះ​សេចក្ដី​សន្យា​នេះ​ដែល​ថា​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត?

ផែន​ដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ពិត​មែន

ព្រះ​យេហូវ៉ា​ដែល​បាន​បង្កើត​សួន​ឧទ្យាន​នៅ​ដើម​ដំបូង បាន​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​មាន​សួន​ឧទ្យាន​ឡើង​វិញ។ តើ​តាម​របៀប​ណា? លោក​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​ម៉ាថាយ ៦:១០​) រាជាណាចក្រ​នោះ​គឺ​ជា​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​លោក​យេស៊ូ​គ្រិស្ត។ រដ្ឋាភិបាល​មនុស្សជាតិ​ទាំង​អស់​នឹង​ត្រូវ​ជំនួស​ដោយ​រដ្ឋាភិបាល​នោះ។ (​ដានីយ៉ែល ២:៤៤​) ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​នោះ បំណង​ប្រាថ្នា​របស់​ព្រះ​ស្តី​អំពី​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន​នឹង​«​បាន​សម្រេច​»។

ក្រោម​ការ​ដឹក​នាំ​ពី​ព្រះ អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​រៀប​រាប់​អំពី​ស្ថានភាព​ក្នុង​សួន​ឧទ្យាន​ដែល​ព្រះ​បាន​សន្យា។ នៅ​ពេល​នោះ​នឹង​លែង​មាន​បញ្ហា​ទាំង​អស់​របស់​មនុស្សជាតិ​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ។ (​អេសាយ ១១:៦​-​៩; ៣៥:៥​-​៧; ៦៥:២១​-​២៣​) យើង​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ចំណាយ​ពេល​បន្ដិច​ដើម្បី​អាន​ខ​គម្ពីរ​ទាំង​នោះ​ក្នុង​គម្ពីរ​របស់​អ្នក។ ការ​ធ្វើ​ដូច្នេះ​នឹង​ពង្រឹង​ទំនុក​ចិត្ត​អ្នក​ថា​ព្រះ​បាន​ត្រៀម​ទុក​អ្វី​ទាំង​នោះ​សម្រាប់​មនុស្ស​ដែល​ស្ដាប់​បង្គាប់។ យ៉ាង​នេះ ពួក​អ្នក​ទាំង​នោះ​នឹង​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ហើយ​ក៏​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ដែរ នេះ​ជា​អ្វី​ដែល​អាដាម​បាន​បាត់​បង់។—ការ​បើក​បង្ហាញ ២១:៣

ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​សេចក្ដី​សង្ឃឹម​អំពី​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន​គឺ​ជា​ការ​ពិត​មិន​មែន​ជា​ការ​ស្រមើ​ស្រមៃ? ដោយ​សារ​គម្ពីរ​ប្រាប់​យើង​ថា​៖ ​«​ស្ថាន​សួគ៌​គឺ​ជា​ស្ថាន​របស់​ព្រះ​យេហូវ៉ា ចំណែក​ផែន​ដី​វិញ នោះ​ទ្រង់​បាន​ប្រគល់​ដល់​មនុស្សជាតិ​»។ សេចក្ដី​សង្ឃឹម​នេះ​គឺ​ជា​សេចក្ដី​សន្យា​របស់​«​ព្រះ​ដែល​មិន​អាច​កុហក បាន​សន្យា​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​»។ (​ទំនុក​តម្កើង ១១៥:១៦; ទីតុស ១:២​) ផែន​ដី​ដែល​ជា​សួន​ឧទ្យាន​គឺ​ពិត​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ពី​គម្ពីរ​មែន!

a ឥឡូវ​នេះ​សួន​វ៉ាលី ដេ ម៉ា​បាន​ត្រូវ​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភព​លោក។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក