ប្រើដោយប្រសិទ្ធភាពនូវសៀវភៅចូរថ្វាយបង្គំព្រះ
១ ជារៀងរាល់ថ្ងៃ មនុស្សបោះពុម្ពសៀវភៅរាប់ពាន់លានក្បាល ដោយក្នុងសៀវភៅនីមួយៗមានរាប់ពាន់លានពាក្យ។ ក៏ប៉ុន្តែ គ្មានពាក្យណាដែលអាចមានឥទ្ធិពលខ្លាំងល្អមកលើមនុស្ស ដូចពាក្យដែលមានមូលដ្ឋានទៅលើប្រាជ្ញារបស់ព្រះយេហូវ៉ាឡើយ។ ប្រាកដហើយ«ពាក្យរបស់មនុស្សមានប្រាជ្ញា ធៀបដូចជាជន្លួញ ហើយពាក្យរបស់ពួកអ្នកដែលប្រមូលកត់ទុកពាក្យប្រាជ្ញ នោះក៏ដូចជាដែកគោលបោះភ្ជាប់ ជាពាក្យដែលមកពីអ្នកគង្វាលតែ១»។—សាស. ១២:១១
២ ព្រះយេហូវ៉ាជាអ្នកគង្វាលយើង ហើយទ្រង់បានប្រទាន‹ពាក្យប្រកបដោយប្រាជ្ញា›ក្នុងសៀវភៅដែលមានចំណងជើងចូរថ្វាយបង្គំព្រះ។ ដូចជាជន្លួញដែលគេប្រើដើម្បីតម្រង់ផ្លូវសត្វនោះ សៀវភៅដ៏ល្អនេះក៏ធៀបដូចជា‹ជន្លួញ›ដែលអាចជួយជំរុញអ្នកចាប់អារម្មណ៍ឲ្យបន្តរីកចំរើនក្នុងការអនុវត្តតាមបន្ទូលព្រះយេហូវ៉ា។ អ្នកចាស់ទុំអាចប្រើដោយប្រសិទ្ធភាពនូវជំពូកឬផ្នែកផ្សេងៗក្នុងសៀវភៅនេះប្រៀបដូចជា«ដែកគោលបោះភ្ជាប់»អ្វីមួយទៅលើផ្ទាំងក្ដារដើម្បីធ្វើឲ្យមាំ។ ពេលពួកគាត់ដាស់តឿនបងប្អូនដែលអសកម្មឬបងប្អូនឯទៀតដែលខ្សោយដោយសារបញ្ហាជីវិតក្នុងលោកីយ៍ ព័ត៌មានទាំងនោះអាចជួយឲ្យមានកម្លាំងឡើងវិញហើយក៏អាចពង្រឹងជំនឿរបស់ពួកគេ។—អេសា. ៣២:១, ២
របៀបប្រើសៀវភៅនេះ ដើម្បីបង្រៀនសិស្សដោយប្រសិទ្ធភាព
៣ សូមគិតអំពីសិស្សរបស់អ្នក មិនថាជាអ្នកថ្មីឬជាបងប្អូនដែលអសកម្មក៏ដោយ។ តើគាត់ត្រូវធ្វើតាមជំហានអ្វីដើម្បីបន្តរីកចំរើន? តើមានអ្វីមួយដែលបណ្ដាលឲ្យគាត់មិនអាចធ្វើតាមជំហាននោះទេ? តើអ្នកធ្លាប់ពិភាក្សាជាមួយគាត់អំពីបញ្ហានោះទេ? តើមានផ្នែកណាមួយក្នុងសៀវភៅចូរថ្វាយបង្គំព្រះដែលអ្នកអាចប្រើដើម្បីជួយគាត់ដោយប្រសិទ្ធភាពទេ? សូមពិចារណាព័ត៌មានខ្លះពីសៀវភៅនោះដែលអ្នកអាចប្រើបាន។
៤ តើគាត់នៅតែសេពគប់ពួកម៉ាកអាក្រក់ឬទេ? ចូរឆ្លៀតពេលពីរបីនាទីដើម្បីពិភាក្សាជាមួយគាត់ព័ត៌មាននៅទំព័រ៤៧-៤៩ព្រមទាំងបើកមើលបទគម្ពីរផងដែរ។ អ្នកអាចសួរសិស្សថា«តើអ្នកគិតថាពួកម៉ាករបស់អ្នកកំពុងតែជួយអ្នកអនុវត្តតាមសេចក្ដីពិតទេ? ឬក៏តើពួកគេកំពុងតែរារាំងអ្នកទៅវិញ?»។ ដោយផ្អែកលើបទគម្ពីរដែលបានអានជាមួយគ្នានោះ អ្នកអាចសួរបន្តថា«តើអ្នកគិតថាត្រូវធ្វើអ្វីដើម្បីដោះស្រាយបញ្ហានោះ? តើអ្នកអាចរកឃើញពួកម៉ាកល្អនៅកន្លែងណាបាន?»។
៥ តើសិស្សរបស់អ្នកខ្លាចទៅផ្សព្វផ្សាយទេ? សូមពិភាក្សាចំណុចពីបទគម្ពីរនៅទំព័រ១៧០-១៧១។ ជួយឲ្យសិស្សយល់ថាព្រះយេហូវ៉ានឹងគាំទ្រគាត់ ដូចទ្រង់បានគាំទ្រពួកស្មរបន្ទាល់ស្មោះត្រង់របស់ទ្រង់នៅសម័យបុរាណដែរ។ ប្រាប់សិស្សវិធីដែលអ្នករៀបចំសំរាប់កិច្ចផ្សព្វផ្សាយ ហើយប្រាប់ពីមូលហេតុដែលការផ្សព្វផ្សាយដោយចិត្តក្លាហានធ្វើឲ្យយើងមានអំណរ។
របៀបអ្នកចាស់ទុំអាចប្រើសៀវភៅនេះ ដើម្បីលើកទឹកចិត្តបងប្អូន
៦ បើអ្នកជាអ្នកចាស់ទុំ តើអាចប្រើបទគម្ពីរជួយបងប្អូនឲ្យមានកម្លាំងខាងវិញ្ញាណឡើងវិញយ៉ាងដូចម្ដេច? តើអាចជំរុញឲ្យពួកគេស្រឡាញ់គ្នាហើយប្រព្រឹត្តការល្អដោយរបៀបណា? ជាឧទាហរណ៍ តើអ្នកអាចជួយបងប្អូនដែលជាអ្នកផ្សាយមិនទៀងទាត់យ៉ាងដូចម្ដេច? អ្នកអាចលើកទឹកចិត្តពួកគេដោយពិភាក្សាព័ត៌មានក្រោមចំណងជើងតូច«ចូរកុំឲ្យអ្វីមករួបខ្ទប់សេចក្ដីពិតអំពីព្រះរាជាណាចក្ររបស់ព្រះ»ហើយ«ចូរបន្តឲ្យព្រះរាជាណាចក្រមានអាទិភាពទីមួយក្នុងជីវិតរបស់អ្នក»ក្នុងជំពូកទី១១។ ម្យ៉ាងទៀត អ្នកអាចពង្រឹងកម្លាំងចិត្តបងប្អូនដែលបានថ្វាយខ្លួនបំរើព្រះយេហូវ៉ាយូរហើយ ដោយពិភាក្សាជាមួយពួកគេនូវព័ត៌មានពីបទគម្ពីរក្នុងជំពូក១២ដែលមានចំណងជើងថា«អត្ថន័យនៃពិធីជ្រមុជទឹករបស់អ្នក»។
៧ តើអ្នកបានកត់សំគាល់ថាមានបងប្អូនណាម្នាក់ដែលកំពុងតែខ្សោយទៅៗខាងវិញ្ញាណ ដោយសារគេប្រមូលអារម្មណ៍ច្រើនពេកទៅលើការកំសាន្តទេ? ចូរពិភាក្សាជាមួយគាត់នូវដំបូន្មានប្រកបដោយប្រាជ្ញាក្នុងជំពូកដែលមានចំណងជើងថា‹ការតយុទ្ធនឹងពួកវិញ្ញាណកំណាច›។ ប្រសិនបើគាត់បានចេញពីសេចក្ដីពិត នោះដំបូន្មានពីព្រះយេហូវ៉ានឹងអាចជំរុញគាត់ឲ្យកែខ្លួនឡើងវិញ។
៨ តើមានបងប្អូនខ្លះពិបាកចុះសម្រុងជាមួយអ្នកឯទៀតទេ? ចំណុចពីជំពូក១៦ក្រោមចំណងជើងតូចថា«ពេលដែលមានបញ្ហាកើតឡើង»ហើយ«ចូរខិតខំរកវិធី‹បើកចិត្តឲ្យទូលាយឡើង›»អាចជួយឲ្យដោះស្រាយបញ្ហាទាំងនេះ។
៩ លោកីយ៍របស់សាតាំងផលិតសៀវភៅជាច្រើនឥតគណនាដែលចែងនូវមតិរបស់មនុស្សឥតគ្រប់ល័ក្ខណ៍។ មតិរបស់ពួកគេតែងខុសផ្ទុយគ្នាជានិច្ច។ នោះពិតជាគួរឲ្យធុញទ្រាន់មែន! (សាស. ១២:១២) ក៏ប៉ុន្តែយើងសប្បាយដែលព្រះយេហូវ៉ាបានផ្ដល់ការណែនាំដ៏ច្បាស់ ហើយប្រកបដោយប្រាជ្ញាតាមរយៈព្រះគម្ពីរនិងសៀវភៅសំរាប់សិក្សាព្រះគម្ពីរ។ បើយើងប្រើប្រាជ្ញាពីព្រះយេហូវ៉ាដែលត្រូវផ្ដល់តាមរយៈសៀវភៅទាំងនេះ នោះយើងប្រាកដជានឹងអាចជួយឲ្យមនុស្សជាច្រើនបន្តដើរតាមផ្លូវដែលនាំទៅឯសុភមង្គលដ៏ស្ថិតស្ថេរជារៀងរហូត។