ប្រអប់សំណួរ
◼ ហេតុអ្វីអ្នកផ្សាយដែលរស់នៅក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំណា គាត់ត្រូវបានលើកទឹកចិត្តឲ្យបម្រើក្នុងក្រុមជំនុំនោះ?
ជាការសំខាន់ឲ្យយើងធ្វើអ្វីៗទាំងអស់ដោយរបៀបរៀបរយនិងតាមរបៀបរៀបចំរបស់ព្រះ។ សាវ័កប៉ូលបានសរសេរថា៖ «ព្រោះព្រះមិនមែនជាព្រះនៃការខ្វះសណ្ដាប់ធ្នាប់ទេ តែជាព្រះនៃសេចក្ដីសុខសាន្ត . . . ចូរឲ្យអ្វីៗទាំងអស់ប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវ និងដោយរបៀបរៀបរយ»។—១កូ. ១៤:៣៣, ៤០
ពិតមែនតែមានករណីលើកលែងខ្លះ ដោយសារពិបាកធ្វើដំណើរ ពេលវេលាធ្វើការ ឬត្រូវការជំនួយដើម្បីត្រួតពិនិត្យក្រុមជំនុំ ប៉ុន្តែជាទូទៅ គឺល្អបំផុតបើយើងរស់នៅក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំណា យើងគួរចូលរួមក្នុងក្រុមជំនុំនោះ។ នេះធ្វើឲ្យយើងងាយស្រួលជាងក្នុងការចូលរួមកិច្ចបម្រើផ្សាយ ហើយយើងមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅផ្សព្វផ្សាយជាមួយក្រុមមួយនៃក្រុមជំនុំជិតខាងរបស់យើងទេ។ នេះជួយឲ្យយើងមានឱកាសច្រើនជាងដើម្បីផ្សព្វផ្សាយជាមួយបងប្អូនក្នុងក្រុមជំនុំរបស់យើង ហើយនាំអ្នកចាប់អារម្មណ៍ថ្មីមកចូលរួមកិច្ចប្រជុំនៅកន្លែងដែលពួកគេស្រួលចូលរួមបំផុត។ នេះក៏ជួយយើងឲ្យនៅជិតស្និទ្ធជាមួយបងប្អូនឯទៀតក្នុងតំបន់របស់យើងដែលអាចជួយយើងនៅពេលណាដែលយើងត្រូវការជំនួយ។
ដោយចុះចូលនឹងការរៀបចំនេះ យើងបង្ហាញថាយើងបន្តស្វែងរកប្រយោជន៍រាជាណាចក្រជាមុន។ (លូក. ១៦:១០) ពេលក្រុមជំនុំថ្មីទើបបង្កើតឬក្រុមផ្សព្វផ្សាយត្រូវបានរៀបចំម្ដងទៀត យើងប្រហែលចង់នៅក្រុមជំនុំចាស់ឬក្រុមជាមួយមិត្តភក្ដិរបស់យើង។ ប៉ុន្តែដោយធ្វើតាមការរៀបចំថ្មី យើងអាចមានមិត្តភក្ដិថ្មី ហើយបើកចិត្តឲ្យទូលាយដើម្បីរាប់អានជាមួយបងប្អូនរួមជំនឿ។ បន្ថែមទៅទៀត ពេលអ្នកផ្សាយដែលរស់នៅក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំណា ចូលរួមក្នុងក្រុមជំនុំនោះ នេះជួយឲ្យពួកអ្នកចាស់ទុំងាយស្រួលឃ្វាលក្រុមជំនុំ ហើយជួយក្រុមជំនុំពង្រឹងចំណងមិត្តភាពជាមួយព្រះ។