ប្រអប់សំណួរ
◼ តើយើងគួរចងចាំអ្វីស្តីអំពីការអានវគ្គនីមួយៗនៅកិច្ចប្រជុំ?
ពេលវេលាភាគច្រើនសម្រាប់ការសិក្សាប៉មយាម និងការសិក្សាសៀវភៅតាមក្រុមជំនុំ ត្រូវបានកំណត់ដើម្បីអានវគ្គនីមួយៗ។ នេះមានន័យថា បងប្រុសដែលបានចាត់ជាអ្នកអានទទួលភារកិច្ចយ៉ាងសំខាន់ជាអ្នកបង្រៀន។ គាត់ត្រូវតែអានអត្ថបទតាមរបៀបមួយដែល«ស្រាយន័យសេចក្ដី» ដើម្បីឲ្យអ្នកស្ដាប់មិនគ្រាន់តែយល់ប៉ុណ្ណោះទេ តែលើកទឹកចិត្តឲ្យមានការប្រព្រឹត្តតាមផងដែរ។ (នេ. ៨:៨) ដូច្នេះ អ្នកអានត្រូវការរៀបចំឲ្យបានល្អចំពោះភារកិច្ចនេះ។ (១ធី. ៤:១៣) នៅខាងក្រោមនេះ មានចំណុចសំខាន់ៗខ្លះចំពោះការអានជាសាធារណៈឲ្យបានស៊ីជម្រៅ។
អានដោយសង្កត់សំឡេងឲ្យយល់អត្ថន័យ : ចូររៀបចំទុកជាមុននូវពាក្យឬក៏ឃ្លាមួយណាដែលត្រូវការសង្កត់សំឡេងដើម្បីឲ្យយល់អត្ថន័យត្រឹមត្រូវ។
បញ្ចេញសូរសព្ទលើពាក្យមួយៗឲ្យបានត្រឹមត្រូវ : ការបន្លឺសូរសព្ទត្រឹមត្រូវនិងឲ្យបានច្បាស់ៗគឺជាការចាំបាច់ ប្រសិនបើអ្នកស្ដាប់យល់អត្ថន័យពីពាក្យដែលមាននៅក្នុងអត្ថបទ។ សូមពិនិត្យមើលពាក្យដែលកម្រប្រើ ពាក្យដែលមិនស្គាល់នៅក្នុងវចនានុក្រម ឬក៏ស្ដាប់កាស្សែតថតសំឡេងដែលសមាគមបានរៀបចំ។
ប្រើទំហំសំឡេងឲ្យល្មមនិងដោយអារម្មណ៍សាទរ : ការអានដោយអារម្មណ៍សាទរបង្កើតនូវចំណាប់អារម្មណ៍ មានអានុភាពលើចិត្ត និងលើកទឹកចិត្តដល់អ្នកស្ដាប់។
អានដូចជាការសន្ទនានិងមានអារម្មណ៍កក់ក្ដៅ : ការអានស្ទាត់នឹងបណ្ដាលឲ្យមានបែបបទជាការសន្ទនាតាមធម្មតា។ ដោយការរៀបចំនិងការហាត់ អ្នកអានអាចមានអារម្មណ៍ស្រួល ហើយជាលទ្ធផលអាចជៀសវាងពីការប្រើសំឡេងដដែលៗ និងអានហាក់ដូចជាមានអារម្មណ៍ធុញទ្រាន់។—ហាបា. ២:២
អានអត្ថបទតាមអ្វីដែលបានបោះពុម្ព : កំណត់សម្គាល់ព្រមទាំងព័ត៌មាននៅក្នុងឃ្នាបឬវង់ក្រចក ធម្មតាត្រូវអានឲ្យឮៗបើព័ត៌មាននោះបញ្ជាក់ចំណុចនៅក្នុងវគ្គ លើកលែងតែអត្ថបទយោងដែលប្រាប់ពីប្រភពឯកសារប៉ុណ្ណោះ។ កន្លែងដែលមានកំណត់សម្គាល់នៅក្នុងវគ្គ គួរតែនិយាយថា៖ «កំណត់សម្គាល់អានថា . . . »។ បន្ទាប់ពីអានកំណត់សម្គាល់ចប់ហើយ សូមអានបន្តពាក្យដែលនៅសល់ក្នុងវគ្គនោះ។
នៅពេលដែលការអានជាសាធារណៈបានល្អ នេះជាវិធីដ៏សំខាន់មួយដែលយើងអាច‹បង្រៀនឲ្យអ្នកឯទៀតកាន់តាមគ្រប់ទាំងសេចក្ដី› ដែលគ្រូដ៏ឧត្តមរបស់យើងបានបង្គាប់។—ម៉ាថ. ២៨:២០