ពេលមនុស្សមិននៅផ្ទះ
១ នៅតំបន់ជាច្រើនគឺកាន់តែពិបាកដើម្បីជួបមនុស្សនៅតាមផ្ទះ។ នៅ«គ្រាលំបាកណាស់»នេះ មនុស្សជាច្រើនត្រូវតែធ្វើការយូរម៉ោងដើម្បីចិញ្ចឹមជីវិត។ (២ធី. ៣:១) អ្នកខ្លះប្រហែលមិននៅផ្ទះដោយសារទៅផ្សារ ឬដើរកម្សាន្ត។ តើយើងអាចផ្សាយដំណឹងល្អដល់មនុស្សបែបនេះយ៉ាងដូចម្ដេច?
២ ចូរកត់កំណត់ឲ្យបានហ្មត់ចត់: វិធីទីមួយគឺត្រូវកត់កំណត់ពីផ្ទះដែលគ្មានមនុស្សនៅ។ នេះជាសំខាន់បំផុត ប្រសិនបើតំបន់ផ្សាយនោះត្រូវបានផ្សាយជាញឹកញយ។ តើអ្នកកត់ទុកអំពីផ្លូវ លេខផែនទីផ្សាយ ឈ្មោះអ្នក និងថ្ងៃខែឬទេ? អ្នកអាចទុកកន្លែងខ្លះសម្រាប់សរសេរចំណុចបន្ថែមពេលអ្នកផ្ទាល់ ឬអ្នកផ្សាយឯទៀតទៅផ្សាយផ្ទះដែលគ្មានមនុស្សនៅនោះ។ ពេលចប់ផ្សព្វផ្សាយ សូមឲ្យកំណត់នោះទៅអ្នកដែលមានផែនទីផ្សាយ លើកលែងតែគាត់យល់ព្រមឲ្យអ្នកទៅផ្សាយនៅផ្ទះនោះ ដែលគ្មានមនុស្សនៅម្ដងទៀត។ សូមប្រើបញ្ជីផ្សេងដើម្បីកត់ទុកបើជួបអ្នកចាប់អារម្មណ៍ដែលអ្នកនឹងត្រឡប់ទៅជួប។
៣ ចូរព្យាយាមនៅពេលផ្សេង: ប្រហែលអ្នកខ្លះគ្រាន់តែនៅផ្ទះពេលល្ងាចឬចុងសប្ដាហ៍ប៉ុណ្ណោះ។ តើអ្នកអាចរៀបចំកាលវិភាគរបស់អ្នកដើម្បីត្រឡប់ទៅវិញពេលមនុស្សនៅផ្ទះទេ? (១កូ. ១០:២៤) បើមិនអាច អ្នកប្រហែលជាឲ្យបញ្ជីនោះ ដល់អ្នកផ្សាយឯទៀតដែលអាចទៅផ្សាយពេលផ្សេង។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ អ្នកអាចសរសេរសំបុត្រទៅអ្នកដែលមិននៅផ្ទះ ឬព្យាយាមទូរស័ព្ទគាត់។ អ្នកផ្សាយដែលមានសុខភាពដាក់កម្រិតក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ប្រហែលនឹងសប្បាយចិត្តជួយធ្វើនេះ។
៤ ករណីមួយបង្ហាញនូវសារៈសំខាន់ពីការខំទាក់ទងអស់អ្នកដែលមិននៅផ្ទះ។ អ្នកផ្សាយមួយចំនួនត្រូវបានទៅផ្សព្វផ្សាយនៅផ្ទះមួយម្ដងហើយម្ដងទៀតអស់រយៈបីឆ្នាំ ទើបបានជួបម្ចាស់ផ្ទះ។ តាមពិតម្ចាស់ផ្ទះនោះធ្លាប់សិក្សាព្រះគម្ពីរមុនគាត់រើផ្ទះ ហើយបានចាំស្មរបន្ទាល់អស់រយៈបីឆ្នាំឲ្យមកផ្សាយនៅផ្ទះគាត់ដើម្បីបន្តការសិក្សាព្រះគម្ពីរ។
៥ ចូរបញ្ចប់តំបន់ផ្សាយឲ្យបានពេញលេញ: តើយើងអាចចាត់ទុកថាតំបន់ផ្សាយមួយបានបញ្ចប់ដោយពេញលេញនៅពេលណា? ជាទូទៅ នេះជាពេលដែលមានការខិតខំគួរសម ដើម្បីទាក់ទងបុគ្គលនៅផ្ទះនីមួយៗ។ ប្រហែលជាសមរម្យបើទុកខិត្តប័ណ្ណ ឬទស្សនាវដ្ដីចាស់មួយក្បាលនៅកន្លែងណាមួយដែលអ្នកដទៃមើលមិនឃើញ ជាពិសេសនៅតំបន់ផ្សាយដែលផ្សាយយូរៗម្ដង។ តំបន់ផ្សាយគួរតែបញ្ចប់ក្នុងរយៈបួនខែ។ បន្ទាប់ពីតំបន់ផ្សាយបានបញ្ចប់ សូមជម្រាបអ្នកដែលទទួលខុសត្រូវផ្នែកតំបន់ផ្សាយ ដើម្បីឲ្យគាត់កត់ទុកនៅក្នុងបញ្ជីតំបន់ផ្សាយ។
៦ យើងចង់ឲ្យមនុស្សច្រើនបំផុតមានឱកាសអំពាវនាវពីនាមព្រះយេហូវ៉ា និងឲ្យបានសង្គ្រោះ។ (រ៉ូម ១០:១៣, ១៤) នេះរួមបញ្ចូលអ្នកដែលមិននៅផ្ទះពេលដែលយើងផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ដូចសាវ័កប៉ុល ចូរឲ្យយើងមានបំណង«ធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ»។—កិច្ច. ២០:២៤
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើមានការពិបាកអ្វីខ្លះពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ?
២. តើយើងប្រាកដថា យើងអាចទៅផ្សាយផ្ទះដែលគ្មានមនុស្សនៅម្ដងទៀតយ៉ាងដូចម្ដេច?
៣. តើមានយោបល់អ្វីខ្លះស្តីអំពីការផ្សព្វផ្សាយដល់អ្នកដែលមិននៅផ្ទះ?
៤. តើអ្វីបង្ហាញនូវសារៈសំខាន់ពីការខំទាក់ទងអ្នកដែលមិននៅផ្ទះ?
៥. តើយើងអាចចាត់ទុកថាតំបន់ផ្សាយមួយបានបញ្ចប់ដោយពេញលេញនៅពេលណា?
៦. ហេតុអ្វីយើងគួរព្យាយាមផ្សាយដំណឹងល្អដល់មនុស្សទាំងអស់នៅតំបន់ផ្សាយយើង?