«ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ»
១ មនុស្សច្រើនតែបណ្ដាលឲ្យរឿងសំខាន់ៗរសាយបាត់ទៅបន្ដិចម្ដងៗ កាលដែលពេលកន្លងហួសទៅ។ នេះជាហេតុមួយ ពេលដែលតែងតាំង«អាហារល្ងាចរបស់ព្រះអម្ចាស់» ព្រះយេស៊ូបានបញ្ជាសិស្សរបស់ទ្រង់ថា៖ «ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ»។ តាំងពីនោះមក ដល់ពេលបុណ្យខួបនៃការសោយទិវង្គតរបស់ព្រះយេស៊ូ ពួកគ្រីស្ទានបានស្ដាប់បង្គាប់ ដោយ‹សម្ដែងពីការសោយទិវង្គតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក›។—កូរិនថូសទី១ ១១:២០, ២៣-២៦
២ ក្នុងពេលឆាប់ៗនេះ ព្រះយេស៊ូនឹងទទួលយកពួក«ហ្វូងតូច»ដែលមានចំនួនកាន់តែបន្ថយចុះទៅឯទីលំនៅស្ថានសួគ៌។ (លូកា ១២:៣២; យ៉ូហាន ១៤:២, ៣) នៅឆ្នាំនេះ ពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ ជាមួយពួកហ្វូងធំដែលកាន់តែចំរើនឡើងៗនៃ«ចៀមឯទៀត» នឹងមានឯកសិទ្ធិធ្វើអាហារល្ងាចរបស់ព្រះអម្ចាស់ នៅថ្ងៃសៅរ៍ ទី១១។ (យ៉ូហាន ១០:១៦; វិវរណៈ ៧:៩, ១០) ការអបអររបស់យើងនឹងត្រូវបានពង្រឹងឡើង ចំពោះសេចក្ដីដ៏ឧត្តមរបស់ព្រះយេហូវ៉ា ក្នុងការប្រទានព្រះរាជបុត្រាទ្រង់តែមួយ ជាប្រយោជន៍ដល់មនុស្សលោក។ ចំណុចដ៏សំខាន់ដែលនឹងលើកមកពិគ្រោះគឺឧទាហរណ៍របស់ព្រះយេស៊ូ សេចក្ដីស្រឡាញ់របស់ទ្រង់ សេចក្ដីស្មោះត្រង់ទាល់ដល់សោយទិវង្គតដើម្បីផ្ដល់នូវតម្លៃលោះ ហើយនឹងការសោយរាជ្យរបស់ទ្រង់ក្នុងឥឡូវនេះជាស្តេច ព្រមទាំងពរដែលព្រះរាជាណាចក្រនឹងផ្ដល់ចំពោះមនុស្សលោក។ ពិតមែនហើយ នេះជាកម្មវិធីដ៏រំឭកមួយ!
៣ រៀបចំពីឥឡូវនេះ: ចូរឲ្យយើងធ្វើពិធីបុណ្យរំឭកនេះ ជារដូវបុណ្យដ៏សប្បាយរីករាយមួយ ហើយដែលដឹងគុណ ចំពោះពួកអ្នកដែលនឹងរួមជាមួយយើង។ យើងអាចបង្កើនសេចក្ដីអបអររបស់យើងចំពោះការសោយទិវង្គតរបស់ព្រះយេស៊ូ ដោយអានរឿងព្រះគម្ពីរម្ដងទៀត ដែលស្តីអំពីថ្ងៃពីរបីចុងក្រោយនៃកិច្ចបំរើរបស់ព្រះយេស៊ូ និងព្រឹត្ដិការណ៍ដែលនាំដល់ការសោយទិវង្គតរបស់ទ្រង់។ ការសិក្សាក្នុងក្រុមគ្រួសាររបស់យើងពីរបីសប្ដាហ៍មុនពិធីបុណ្យរំឭក គួរទុកសម្រាប់មើលសាឡើងវិញ ជំពូក ១១២-១៦ ក្នុងសៀវភៅ The Greatest Man (ភាសាអង់គ្លេស)។
៤ តើអ្នកនឹងដឹងប៉ុន្មាននាក់ដែលប្រហែលអាចមកធ្វើពិធីបុណ្យរំឭក ប្រសិនបើយើងលើកទឹកចិត្តគេឲ្យអបអរសំរាប់កម្មវិធីនេះ អញ្ជើញគេ ហើយទទួលស្វាគមន៍គេនោះ? ចូរកត់ចុះបញ្ជីឥឡូវនេះ ហើយធ្វើយ៉ាងណាដើម្បីឲ្យអាចជួយពួកគេឲ្យមកបាន។ ក្រោយមក ជួយពួកគេឲ្យបន្តរីកចំរើនខាងវិញ្ញាណ ដោយលើកទឹកចិត្តគេឲ្យមកកិច្ចប្រជុំជារឿយៗផង។
៥ កំឡុងរដូវពិធីបុណ្យរំឭក នឹងមានការរៀបចំពិសេស ដើម្បីបង្កើនឱកាសផ្សាយរបស់មនុស្សគ្រប់គ្នា។ ដោយមានតារាងត្រឹមត្រូវ តើអ្នកអាចធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងខែមេសាបានទេ? ក្នុងខែឧសភា? របៀបដ៏ល្អបំផុតមួយដើម្បីបង្ហាញថា យើងចាំន័យនៃយញ្ញបូជារបស់ព្រះយេស៊ូយ៉ាងអបអរនោះ គឺត្រូវនិយាយអំពីព្រះយេហូវ៉ារបស់យើង និងពរដែលព្រះរាជាណាចក្រគ្រប់គ្រង ដោយព្រះរាជបុត្រារបស់ទ្រង់នឹងប្រទានឲ្យ។—ទំនុកដំកើង ៧៩:១៣; ១៤៧:១