អ្នកត្រួតពិនិត្យធ្វើជាអ្នកនាំមុខ—ជាអ្នកត្រួតពិនិត្យកិច្ចបំរើ
១ អ្នកត្រួតពិនិត្យកិច្ចបំរើ គឺយកចិត្តទុកដាក់ក្រៃលែងនឹងអ្វីៗទាំងអស់ ដែលទាក់ទងនឹងការរីកចំរើននៃការផ្សាយដំណឹងល្អ ក្នុងកន្លែងផ្សាយក្រុមជំនុំដែលបានកំណត់ឲ្យ។ ហេតុដូច្នេះហើយ គាត់មានចំណែកដ៏សំខាន់មួយ ក្នុងការជួយយើងឲ្យបំពេញភារកិច្ចផ្សាយរបស់យើង ដើម្បីផ្សាយដំណឹងល្អ។ ជាអ្នកផ្សាយដ៏ខ្នះខ្នែងម្នាក់ គាត់ធ្វើជាអ្នកនាំមុខក្នុងការរៀបចំអ្វីដែលទាក់ទងនឹងកិច្ចបំរើ។ ជាគ្រូដ៏មានសមត្ថភាព គាត់ជួយបុគ្គលផ្សាយឲ្យចំរើនការប៉ិនប្រសប់ក្នុងកិច្ចបំរើ។—អេភេសូរ ៤:១១, ១២
២ អ្នកចាស់ទុំនេះមើលខុសត្រូវនឹងកិច្ចការនៃអ្នកងារជំនួយ ដែលបានកំណត់ឲ្យមើលខុសត្រូវខាងឧបករណ៍ផ្សាយ ទស្សនាវដ្ដី និងកន្លែងផ្សាយ។ គាត់ទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យមានឧបករណ៍ផ្សាយ ទស្សនាវដ្ដី និងបញ្ជីសំរាប់កត់កិច្ចបំរើឲ្យបានគ្រប់គ្រាន់ ក្នុងខែនិមួយៗសំរាប់ឲ្យយើងប្រើ។ មួយឆ្នាំម្ដង គាត់ពិនិត្យសំណុំរឿងកន្លែងផ្សាយ សំរាប់អាស័យដ្ឋានណាដែលបានប្រាប់ដាច់ខាតមិនឲ្យទៅ ហើយគាត់ចាត់ឲ្យបងប្រុសណាដែលមានសមត្ថភាពឲ្យទៅផ្ទះទាំងនេះ។
៣ អ្នកត្រួតពិនិត្យកិច្ចបំរើមើលខុសត្រូវ ខាងការត្រួតត្រាមើលកន្លែងផ្សាយផ្សេងៗ ដូចជាកន្លែងពាណិជ្ជកម្ម តាមផ្លូវ និងផ្សាយតាមទូរស័ព្ទ។ គាត់មានចិត្តខ្នះខ្នែងខាងការរៀបចំពេលជួបដ៏មានប្រយោជន៍សំរាប់កិច្ចបំរើពេញទាំងសប្ដាហ៍ រួមបញ្ចូលថ្ងៃឈប់សំរាក។ គាត់យកចិត្តទុកដាក់ដ៏ពិតក្នុងកម្មវិធីសិក្សាព្រះគម្ពីរ។ គាត់ស្វែងរកផ្លូវ ដើម្បីផ្ដល់ការជួយខាងវិញ្ញាណ ចំពោះអ្នកផ្សាយដែលមិនទៀងទាត់ ឬក៏ទៅជាគ្មានសកម្មភាពក្នុងកិច្ចបំរើ។ គាត់យកចិត្តទុកដាក់នឹងកិច្ចការនៃអ្នកត្រួសត្រាយពេញពេល ហើយគាត់មើលខុសត្រូវកម្មវិធីអ្នកត្រួសត្រាយពេញពេលផ្ដល់ការជួយដល់អ្នកឯទៀត។
៤ ជាសមាជិកនៃគណៈកម្មាធិការខាងកិច្ចបំរើ អ្នកត្រួតពិនិត្យកិច្ចបំរើដាក់ស្នើនូវការសម្រួលណាដែលចាំបាច់សំរាប់ការសិក្សាតាមក្រុមជំនុំ។ ពេលគាត់ទៅជួបក្រុមរបស់អ្នក ចូរធ្វើយ៉ាងណាកុំភ្លេចទៅឲ្យសោះ ហើយទៅផ្សាយជាមួយគាត់ក្នុងកិច្ចផ្សាយបំរើ។
៥ អ្នកទាំងឡាយក្នុងក្រុមជំនុំ គួរតែមានការយកចិត្តទុកដាក់យ៉ាងស្ម័គ្រចិត្តនឹងការដឹកនាំនេះ ពីអ្នកត្រួតពិនិត្យកិច្ចបំរើ។ ការធ្វើបែបនេះនឹងជួយឲ្យមានប្រសិទ្ធភាពរបស់យើងបានចំរើន ក្នុងការធ្វើឲ្យមានសិស្ស ហើយមានសេចក្ដីត្រេកអរជាខ្លាំងក្នុងកិច្ចផ្សាយបំរើរបស់យើង។