តើអ្នកកំពុងតែធ្វើការដោយមានគោលបំណងមួយឬទេ?
១ ព្រះយេហូវ៉ាជាព្រះដែលមានគោលបំណង។ (អេសាយ ៥៥:១០, ១១) យើងបានត្រូវដាស់តឿនឲ្យយកតម្រាប់តាមទ្រង់។ (អេភេសូរ ៥:១) យ៉ាងប្រាកដហើយ នេះគួរតែត្រូវសម្ដែងតាមរបៀបដែលយើងសម្រេចនូវកិច្ចបំរើរបស់យើង។ ដូច្នេះសំនួរមួយដែលសមនឹងសួរនោះ គឺថា៖ «តើអ្នកកំពុងតែធ្វើការដោយមានគោលបំណងមួយឬទេ»?
២ ដែលអ្នកផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ធ្វើបន្ទាល់ក្រៅផ្លូវការ ហើយចែកចាយប្រកាសនវត្ថុ ទាំងអស់នេះជាផ្នែកនៃកិច្ចបំរើដែលមានគោលបំណងមួយ។ ប៉ុន្តែចូរឲ្យចាំថា កិច្ចការរបស់យើងមិនគ្រាន់តែទាក់ទងនឹងការផ្សព្វផ្សាយប៉ុណ្ណោះឡើយ ក៏ប៉ុន្តែទាក់ទងនឹងការបណ្ដុះបណ្ដាលឲ្យមានសិស្សផងដែរ។ (ម៉ាថាយ ២៨:១៩, ២០) ក្រោយពីព្រោះពូជនៃសេចក្ដីពិតខាងព្រះរាជាណាចក្រ នោះយើងត្រូវតែត្រឡប់ទៅស្រោចទឹកវិញ ហើយមើលថែរក្សាឲ្យបានទៀងទាត់ កាលដែលយើងទុកចិត្តលើព្រះយេហូវ៉ាក្នុងការនាំឲ្យមានការរីកចំរើនទៀតនោះ។ (កូរិនថូសទី១ ៣:៦) យើងត្រូវតែយកចិត្តទុកដាក់អំពីការត្រឡប់ទៅជួបគេវិញ ហើយចាប់ផ្ដើមបង្រៀនសិស្សព្រះគម្ពីរ។
៣ ពង្រីកកិច្ចបំរើរបស់អ្នក: គឺតែងតែមានអារម្មណ៍ល្អ នៅពេលដែលអ្នកងាកមើលក្រោយនូវអ្វីដែលអ្នកបានធ្វើនៅក្នុងកិច្ចបំរើ ហើយនិយាយនឹងខ្លួនឯងថា៖ «ខ្ញុំបានសម្រេចនូវអ្វីដែលខ្ញុំបានតាំងចិត្តធ្វើនោះ»។ ដូចបានកត់ទុកនៅធីម៉ូថេទី២ ៤:៥ ប៉ុលបានដាស់តឿនថា៖ «បំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង»។ នេះគឺរួមបញ្ចូលនូវការពង្រីកនូវការខំប្រឹងរបស់អ្នក ដោយត្រឡប់ទៅជួបមនុស្សទាំងអស់ដែលបានចាប់អារម្មណ៍នោះ។ នៅក្នុងតារាងកិច្ចបំរើប្រចាំសប្ដាហ៍របស់អ្នក ចូរគ្រោងទុកនូវពេលវេលាដ៏ជាក់លាក់ ដើម្បីត្រឡប់ទៅជួបគេវិញ។ ចូរខំប្រឹងសម្រេចគោលដៅចាប់ផ្ដើមបង្រៀនព្រះគម្ពីរជាមួយអស់អ្នកដែលសម្ដែងនូវចិត្តសុចរិត។ នេះគួរតែជាគោលបំណងរបស់អ្នក ពេលចូលរួមកិច្ចបំរើផ្សាយ។
៤ ចូរសួរពួកអ្នកផ្សាយថាតើគេមានអារម្មណ៍យ៉ាងណា ពេលដែលបានឃើញសិស្សព្រះគម្ពីររបស់គេ បានទទួលបុណ្យជ្រមុជទឹកនៅឯសន្និបាតមួយនោះ? ពួកគេបានអរសប្បាយដូចបុគ្គលដែលបានទទួលបុណ្យជ្រមុជទឹកផងដែរ។ ពួកគេបានសម្រេចនូវគោលបំណងដ៏ធំអស្ចារ្យមួយ! បុគ្គលម្នាក់ដែលបានបណ្ដុះបណ្ដាលឲ្យមានសិស្ស បានមានប្រសាសន៍របៀបនេះថា៖ «ការបណ្ដុះបណ្ដាលឲ្យមានសិស្ស នោះមានន័យថានឹងមានពួកអ្នកសរសើរព្រះយេហូវ៉ាជាច្រើនថែមទៀត។ នេះក៏ផ្ដល់ជីវិតឲ្យអស់អ្នកដែលទទួលយកសេចក្ដីពិត។ ខ្ញុំពេញចិត្តណាស់ នូវកិច្ចការបង្រៀនសេចក្ដីពិតដល់អ្នកដទៃ។ នេះគឺជាកិច្ចការដ៏ប្រសើរមែន! . . . មនុស្សជាច្រើននៃអស់អ្នកដែលបានមកស្រឡាញ់ព្រះយេហូវ៉ា ក៏បានក្លាយទៅជាមិត្តដ៏ថ្លៃថ្លារបស់ខ្ញុំដែរ»។
៥ ចូរគិតមើលពីឯកសិទ្ធិជួយបុគ្គលម្នាក់ ឲ្យក្លាយទៅជាអ្នកបំរើដែលបានថ្វាយខ្លួនដល់ព្រះយេហូវ៉ានោះ! នេះជាហេតុអរសប្បាយយ៉ាងណាទៅហ្ន៎! ផលបែបនេះ គឺមានមកពីការខំប្រឹងដោយមានបំណងមួយក្នុងកិច្ចបំរើ។—កូល៉ុស ៤:១៧