មាតាបិតាទាំងឡាយអើយ! ចូរបង្វឹកបង្វឺន កូនរបស់អ្នកតាំងតែពីតូចមក
១ «ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់»។ (សុ. ២២:៦) មាតាបិតាទាំងឡាយអើយ! បើអ្នកមិនចង់ឲ្យកូន«លះបង់»ចោលផ្លូវនៃសេចក្ដីពិត តើការបង្វឹកបង្វឺននោះត្រូវចាប់ផ្ដើមនៅពេលណា? គឺតាំងតែពីតូចមកម្ល៉េះ!
២ ពេលដែលប៉ុលប្រាប់ថា ការអប់រំខាងវិញ្ញាណរបស់ធីម៉ូថេបានចាប់ផ្ដើម«តាំងពីក្មេងតូចមក» គាត់ទំនងជាមានន័យថា តាំងពីធីម៉ូថេនៅជាទារកម្ល៉េះ។ (២ធី. ៣:១៤, ១៥) ជាលទ្ធផលនោះ ធីម៉ូថេបានធំលូតលាស់ឡើងទៅជាបុរសដែលពិតជាយកចិត្តទុកដាក់ខាងវិញ្ញាណ។ (ភី. ២:១៩-២២) មាតាបិតាទាំងឡាយអើយ! អ្នកក៏ត្រូវចាប់ផ្ដើមបង្ហាត់បង្រៀនកូន«តាំងពីក្មេងតូចមក» តាមរបៀបណាដែលនឹងជួយឲ្យគេ«មានវ័យធំឡើងនៅចំពោះព្រះយេហូវ៉ា»។—១សាំ. ២:២១
៣ ចូរប្រទានទឹកដ៏ចាំបាច់ដើម្បីឲ្យគេធំលូតលាស់ឡើង: ដូចជាកូនឈើត្រូវការទឹកជានិច្ចដើម្បីលាស់ឡើងទៅជាដើមឈើធំមាំ នោះក្មេងៗគ្រប់អាយុទាំងអស់ត្រូវទទួលសេចក្ដីពិតពីព្រះគម្ពីរយ៉ាងបរិបូរ ប្រៀបដូចជាទឹកស្រោចដំណាំ ដើម្បីធំឡើងទៅជាអ្នកបំរើព្រះដែលមានគំនិតចាស់ទុំ។ វិធីសំខាន់បំផុតដើម្បីបង្រៀនកូនៗនូវសេចក្ដីពិត និងជួយគេឲ្យបានជិតស្និទ្ធនឹងព្រះយេហូវ៉ា គឺតាមរយៈកម្មវិធីសិក្សាព្រះគម្ពីរជាក្រុមគ្រួសារជាទៀងទាត់។ ក៏ប៉ុន្តែ សូមមាតាបិតាទាំងឡាយយកមកពិចារណាអំពីរយៈពេលដែលកូននិមួយៗអាចផ្ចង់ស្មារតី។ កូនតូចៗប្រហែលជានឹងទទួលប្រយោជន៍ច្រើនពីកម្មវិធីរៀនរយៈពេលខ្លីតែញឹកញយ ជាជាងយូរៗម្ដងហើយប្រើរយៈពេលយូរពេក។—ចោទិ. ១១:១៨, ១៩
៤ កុំប៉ាន់ប្រមាណនូវសមត្ថភាពរបស់កូនអ្នកក្នុងការរៀនសូត្រ។ សូមប្រាប់រឿងអំពីបុគ្គលផ្សេងៗពីព្រះគម្ពីរ។ ឲ្យគេគូរគំនូរអំពីរឿងព្រះគម្ពីរ ឬដើរតួនូវព្រឹត្ដិការណ៍ផ្សេងៗពីព្រះគម្ពីរ។ សូមឆ្លៀតប្រយោជន៍ពីការមើលកាសែតវីដេអូនិងស្ដាប់ខ្សែអាត់សម្លេងនិមួយៗ ដែលរួមទាំងរឿងក្នុងឈុតសម្ដែងពីព្រះគម្ពីរ។ កែប្រែកម្មវិធីសិក្សាជាក្រុមគ្រួសារទៅតាមអាយុនិងបំនិនរៀនសូត្រនៃកូនម្នាក់ៗ។ ការបង្វឹកបង្វឺនពីដំបូងនោះនឹងគ្រាន់តែជាការសិក្សាអ្វីបឋមមួយរយៈពេលខ្លីប៉ុណ្ណោះ តែពេលកូនធំឡើង នោះការបង្ហាត់បង្រៀនគេត្រូវស៊ីជំរៅនិងមានជំនឿនដែរ។ ចូរធ្វើឲ្យការបង្ហាត់បង្រៀនពីព្រះគម្ពីរឲ្យមានខ្លឹមសារ និងមិនច្រំដែលៗ។ យើងត្រូវមានគោលដៅបណ្ដុះឲ្យកូនៗមានចិត្តចង់«សង្វាតរក»ព្រះបន្ទូល ដូច្នេះហើយចូររៀបចំការសិក្សានោះឲ្យជាទីចូលចិត្តនិងចង់ចូលរួម។—១ពេ. ២:២
៥ ឲ្យកូនរួមចំណែកក្នុងក្រុមជំនុំ: សូមកំណត់គោលដៅឲ្យកូន ដើម្បីឲ្យគេមានចំណែកយ៉ាងពេញលេញក្នុងក្រុមជំនុំ។ តើគេអាចមានគោលដៅអ្វីជាដំបូងនោះ? មាតាបិតាមួយគូដែលមានកូនតូចពីរនាក់ បានមានប្រសាសន៍ដូចតទៅ៖ «យើងបានបង្ហាត់បង្រៀនកូនទាំងពីរនាក់របស់យើងឲ្យអង្គុយយ៉ាងស្ងៀមនៅក្នុងសាលព្រះរាជាណាចក្រ»។ ក្រោយមកទៀត សូមជួយឲ្យកូនឆ្លើយដោយប្រើពាក្យរបស់គេផ្ទាល់ពេលមានប្រជុំ ទាំងឲ្យគេមានគោលដៅចុះឈ្មោះក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ។ ស្តីអំពីកិច្ចបំរើផ្សាយ នោះគេអាចមានគោលដៅល្អៗដូចជា ការស្នើផ្ដល់ខិត្តប័ណ្ណឲ្យម្ចាស់ផ្ទះ ការអានបទគម្ពីរមួយ ការស្នើផ្ដល់ទស្សនាវដ្ដីមួយ និងការសន្ទនាជាមួយម្ចាស់ផ្ទះដោយចេញពីចិត្តរបស់ខ្លួន។
៦ ចូរតាំងគំរូជាអ្នកឧស្សាហ៍ព្យាយាម: តើកូនរបស់អ្នកឮអ្នកនិយាយអំពីព្រះយេហូវ៉ា ឬអធិស្ឋានទូលថ្វាយទ្រង់ជារៀងរាល់ថ្ងៃទេ? តើគេឃើញមាតាបិតាសិក្សាព្រះបន្ទូលរបស់ព្រះ និងទៅកិច្ចប្រជុំនិមួយៗ ព្រមទាំងរួមចំណែកក្នុងកិច្ចបំរើផ្សាយ និងត្រេកអរធ្វើតាមព្រះហឫទ័យរបស់ព្រះឬទេ? (ទំនុក. ៤០:៨) គឺជាការចាំបាច់ណាស់ពេលកូនឃើញអ្នកធ្វើដូចនោះ ហើយពេលអ្នកធ្វើអ្វីៗទាំងនោះជាមួយគេផងដែរ។ កូនស្រីពេញវ័យម្នាក់បាននិយាយអំពីមាតាគាត់ ដែលបានចិញ្ចឹមអប់រំកូនប្រាំមួយនាក់ឲ្យទៅជាស្មរបន្ទាល់ព្រះយេហូវ៉ាដ៏ស្មោះត្រង់នោះ នាងស្រដីថា៖ «យើងបានកោតស្ងើចនឹងគំរូរបស់ម៉ាក់ជាងអ្វីទាំងអស់។ គំរូដ៏ស្មោះត្រង់របស់ម៉ាក់មានសារៈប្រយោជន៍ជាងពាក្យសំដី»។ បងម្នាក់ដែលមានកូនបួននាក់បានមានប្រសាសន៍ថា៖ «យើងមិនគ្រាន់តែនិយាយថា៖ ‹ព្រះយេហូវ៉ាជាអាទិភាពរបស់យើង›ប៉ុណ្ណោះទេ តែយើងបានប្រកបជីវិតដែលបញ្ជាក់ដូចសំដីយើងមែន»។
៧ មាតាបិតាទាំងឡាយអើយ! ចូរចាប់ផ្ដើមបង្ហាត់បង្រៀនកូនរបស់អ្នកតាំងតែពីតូចមកទៅ ដោយបង្រៀននូវសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះ និងកំណត់គោលដៅឲ្យគេសម្រេចតាមជាបណ្ដើរៗ ព្រមទាំងតាំងគំរូដ៏ប្រសើរបំផុតឲ្យគេផងដែរ។ បើធ្វើដូច្នេះ អ្នកពិតជាមានចិត្តសប្បាយរីករាយមែន!