តើការចូលនិវត្តន៍អាចប្រៀបដូចជាទ្វារដែលបើកឲ្យចំរើនសកម្មភាពឬ?
១ មនុស្សជាច្រើនដែលធ្វើការនឿយហត់ចង់បានយ៉ាងខ្លាំងនូវគ្រាដែលគេចូលនិវត្តន៍ ដែលលែងមានការខិតខំនិងភាពតានតឹងពីការងារទៀត។ ប៉ុន្តែ ជាញឹកញាប់ ការចូលនិវត្តន៍នាំឲ្យគេទៅជាព្រងើយកន្តើយ មានការអផ្សុក ហើយចាស់មុនអាយុ។ បើមនុស្សម្នាក់អត់បំរុងនឹងធ្វើអ្វីមួយ នេះអាចបណ្ដាលឲ្យគាត់នៅតែខ្វល់អំពីរឿងផ្ទាល់ខ្លួនប៉ុណ្ណោះ។ សារពត៌មានមួយនៅប្រទេសប្រេស៊ីលបានរាយការណ៍ថា ពួកនិយោជិតចូលនិវត្តន៍ដែលធ្លាប់ធ្វើការឲ្យរដ្ឋបានពិសោធបញ្ហាដូចជា ‹ភាពមិនស្កប់ស្កល់ចិត្ត ចិត្តមួម៉ៅ ចិត្តមិនស្ងប់ គ្មានអ្នកណាពឹងពាក់ទៅលើគេ ការធ្លាក់ទឹកចិត្ត ហើយមានអារម្មណ៍ថាជីវិតរបស់គេអត់មានន័យជាដើម›។
២ ផ្ទុយទៅវិញ ពួកគ្រីស្ទានជាច្រើនមានទស្សនៈថា ការចូលនិវត្តន៍ជាឱកាសឲ្យគេចំរើនសកម្មភាពរបស់គេខាងវិញ្ញាណ។ បងប្រុសម្នាក់ដែលបានចាប់ផ្ដើមបំរើជាអ្នកត្រួសត្រាយពីរសប្ដាហ៍ក្រោយពីគាត់ចូលអាយុ៦៥ឆ្នាំបាននិយាយថា៖ «ខ្ញុំមិនដែលពិសោធគ្រាមួយក្នុងជីវិតរបស់ខ្ញុំដែលទទួលបានពរយ៉ាងវិសេស ដូចខ្ញុំបានទទួលក្នុងកន្លង១០ឆ្នាំនេះជាអ្នកត្រួសត្រាយម្នាក់ឡើយ»។ ស្វាមីភរិយាមួយគូបានសរសេរថា៖ «គ្រាសប្បាយបំផុតរបស់មនុស្សវ័យចាស់ គឺបានចាប់ផ្ដើមនៅពេលដែលយើងធ្វើជាអ្នកត្រួសត្រាយ»។ មែនហើយ ចំពោះមនុស្សជាច្រើន ការចូលនិវត្តន៍ផ្ដល់នូវឱកាសដ៏ល្អដើម្បីចំរើនកិច្ចបំរើផ្សាយរបស់គេ ហើយទទួលបានពរយ៉ាងវិសេសពីព្រះយេហូវ៉ា។
៣ ជាប់រវល់ហើយបង្កើតផលទៀត: បងប្អូនជាច្រើនដែលបានចូលនិវត្តន៍ហើយ បានធំឡើងនៅក្នុងគ្រួសារដែលគ្មានសំភារៈទំនើបៗដែលមានជាធម្មតានៅសម័យយើងនេះ ហើយពួកគាត់បានមានទម្លាប់ធ្វើការនឿយហត់តាំងពីកុមារភាពមក។ ទោះបីជាពួកគាត់លែងមានកម្លាំងដូចនៅយុវភាពក្ដី ក៏ពួកគាត់នៅតែអាចបង្កើតផលបានដែរ។ នៅកន្លែងផ្សាយរបស់ការិយាល័យសាខាមួយ ២២ភាគរយនៃអ្នកត្រួសត្រាយ គឺមានបងប្អូនប្រុសស្រីប្រមាណ២០.០០០នាក់ ដែលមានអាយុយ៉ាងតិចបំផុតគឺ៦០ឆ្នាំ។ ពួកគាត់ទាំងនេះដែលមានវ័យចាស់បានជួយយ៉ាងច្រើនក្នុងកិច្ចការផ្សាយ។ បទពិសោធន៍របស់ពួកគាត់ ថែមទាំងគុណសម្បត្ដិដូចព្រះដែលពួកគាត់មានបានជួយក្រុមជំនុំ។—យ៉ា. ៣:១៧, ១៨
៤ ការជាប់រវល់ក្នុងកិច្ចបំរើគ្រីស្ទាន បណ្ដាលឲ្យពួកគាត់មានសុខភាពល្អជាង ហើយជីវភាពរស់នៅក៏ប្រសើរជាងដែរ។ ស្ត្រីម្នាក់ដែលមានអាយុ៨៤ឆ្នាំ បានចាប់ផ្ដើមត្រួសត្រាយពេលដែលគាត់បានចូលនិវត្តន៍ ហើយគាត់បាននិយាយថា៖ «ដោយព្រោះខ្ញុំសិក្សាព្រះគម្ពីរជាមួយនឹងមនុស្សជាច្រើនដែលចាប់អារម្មណ៍ នេះក៏បានជួយខ្ញុំពង្រឹងសតិបញ្ញា។ ដោយសារខ្ញុំអត់មានឡាន ដូច្នេះខ្ញុំដើរយ៉ាងច្រើនដែលធ្វើឲ្យខ្ញុំមានសុខភាពល្អ»។ ស្វាមីភរិយាមួយគូដែលជាអ្នកត្រួសត្រាយបាននិយាយថា៖ «កិច្ចបំរើធ្វើឲ្យយើងរឹងមាំខាងរូបកាយហើយសតិផងដែរ។ យើងទាំងពីរនាក់តែងតែនៅជាមួយគ្នា។ យើងសើចច្រើនហើយសប្បាយក្នុងជីវិត»។
៥ បំរើនៅកន្លែងដែលត្រូវការជំនួយច្រើន: ពួកគ្រីស្ទានខ្លះដែលបានចូលនិវត្តន៍ ហើយមានជីវភាពធូរធារ បានរើទៅកន្លែងណាដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង។ បងប្អូនឯទៀតបានពង្រីកកិច្ចបំរើរបស់ខ្លួនដើម្បីផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាបរទេស។ ដូចសាវ័កប៉ុល អ្នកផ្សាយដ៏ខ្នះខ្នែងទាំងនេះ«ធ្វើការទាំងនោះ ដោយយល់ដល់តែដំណឹងល្អ ដើម្បីឲ្យ[ពួកគេ]បានចំណែកជាមួយគ្នាក្នុងដំណឹងល្អ»។—១កូ. ៩:២៣
៦ ស្វាមីភរិយាមួយគូបានចាប់ផ្ដើមត្រួសត្រាយពីក្រោយកូនប្រុសពីរនាក់បានធំហើយ។ បន្ទាប់ពីពួកគាត់បានត្រួសត្រាយអស់រយៈពេលបីបួនឆ្នាំហើយ ពួកគាត់ចាប់ផ្ដើមរៀនភាសាចិន។ ឥឡូវនេះពួកគាត់មានអាយុជិត៨០ឆ្នាំ ហើយនៅពេលថ្មីៗនេះ ពួកគាត់បានអរសប្បាយដោយព្រោះក្រុមចិនបានទៅជាក្រុមជំនុំមួយ។ ស្វាមីភរិយាដូចនេះពិតជាប្រៀបដូចជាអំណោយទានជូនចំពោះក្រុមជំនុំមែន!
៧ មិនអាចចូលនិវត្តន៍ពីកិច្ចបំរើផ្សាយទេ: ទោះជាមនុស្សភាគច្រើនចូលនិវត្តន៍ពីការងារក៏ដោយ ចំពោះពួកគ្រីស្ទានទាំងឡាយ គឺមិនអាចចូលនិវត្តន៍ពីកិច្ចបំរើរបស់ព្រះទេ។ ពួកគ្រីស្ទានទាំងអស់ត្រូវបន្តមានចិត្តស្មោះត្រង់«ដរាបដល់ចុងបំផុត»។ (ម៉ាថ. ២៤:១៣, ១៤) ពិតមែនហើយ ដោយបងប្អូនខ្លះមានអាយុចាស់ គាត់មិនអាចចូលរួមក្នុងកិច្ចបំរើរបស់ព្រះយេហូវ៉ាដូចពីមុនបានទេ។ ប៉ុន្តែ យើងទទួលការលើកទឹកចិត្ត ពេលដែលឃើញពួកគាត់បំរើខំអស់ពីដួងចិត្ត! ព្រះបន្ទូលរបស់ព្រះធានារ៉ាប់រងពួកគាត់ថា ព្រះយេហូវ៉ានឹងមិនភ្លេចការរបស់ពួកគាត់ ឬសេចក្ដីស្រឡាញ់ដែលពួកគាត់បង្ហាញចំពោះព្រះនាមរបស់ទ្រង់ឡើយ។—លូ. ២១:១-៤; ហេ. ៦:១០
៨ ប្រសិនបើអ្នកជិតចូលនិវត្តន៍ហើយ សូមអធិស្ឋានហើយគិតនូវរបៀបដែលអ្នកអាចឆ្លៀតយកប្រយោជន៍ឲ្យបានពេញលេញពីកាលៈទេសៈថ្មីនេះ។ ដោយមានជំនួយពីព្រះ អ្នកអាចយល់ថា ការចូលនិវត្តន៍ប្រៀបដូចជាទ្វារដែលបើកឲ្យអ្នកមានឱកាសចំរើននូវសកម្មភាពដែលនាំឲ្យព្រះយេហូវ៉ាទទួលនូវការសរសើរ ហើយថែមទាំងទទួលពរជាច្រើនដែរ។—ទំនុក. ១៤៨:១២, ១៣