អ្នកអាចទទួលបានទ្រព្យសម្បត្ដិ!
១ តើអ្នកចង់ឲ្យជីវិតមានអំណរនិងខ្លឹមសារច្រើនជាងទេ? តើការជួយអ្នកឯទៀត នាំឲ្យអ្នកសប្បាយនិងស្កប់ស្កល់ចិត្តឬទេ? តើអ្នកប្រាថ្នាចង់បម្រើព្រះយេហូវ៉ាច្រើនជាងទេ? បើឆ្លើយថាមែនចំពោះសំណួរណាមួយខាងលើនេះ នោះអ្នកប្រហែលជាអាចបម្រើជាអ្នកត្រួសត្រាយពេញពេលបាន។ ពិតមែន យើងត្រូវគិតពិចារណាអំពីភារកិច្ចក្នុងក្រុមគ្រួសារ និងភារកិច្ចផ្សេងទៀតដែលព្រះតម្រូវឲ្យយើងបំពេញ ថែមទាំងគិតអំពីបញ្ហាសុខភាពនិងកម្រិតសមត្ថភាពផងដែរ។
២ ក្នុងសំណេររបស់សាឡូម៉ូនដែលព្រះបានបណ្ដាលឲ្យសរសេរ គាត់ប្រដូចពររបស់ព្រះយេហូវ៉ាទៅនឹងទ្រព្យសម្បត្ដិ។ (សុ. ១០:២២) សព្វថ្ងៃនេះ ពរដែលព្រះយេហូវ៉ាផ្ដល់ឲ្យច្រើនតែនាំឲ្យមានទ្រព្យសម្បត្ដិខាងឯព្រះ។ អ្នកត្រួសត្រាយពេញពេលទទួលទ្រព្យសម្បត្ដិបែបនេះយ៉ាងច្រើនអនេក។ ជាឧទាហរណ៍ ពួកគេមានសុភមង្គលច្រើនជាង ដោយពួកគេ«លៃយកឱកាស»ពីការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនទៅជួយអ្នកឯទៀត។ (កូល. ៤:៥; កិច្ច. ២០:៣៥) ព្រះយេហូវ៉ាកត់សម្គាល់និងអបអរចំពោះកិច្ចការដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ពួកគាត់។ ‹ទ្រព្យសម្បត្ដិនៅឯស្ថានសួគ៌›បែបនេះមានតម្លៃរហូត។ (ម៉ាថ. ៦:២០; ហេ. ៦:១០) ម្យ៉ាងទៀត ពេលអ្នកត្រួសត្រាយរក្សាឲ្យមាន‹ភ្នែកល្អ› ហើយទុកចិត្តថា ព្រះយេហូវ៉ាផ្គត់ផ្គង់អ្វីដែលខ្លួនត្រូវការក្នុងជីវិត នោះចំណងមិត្តភាពជាមួយទ្រង់នឹងពង្រឹងកាន់តែខ្លាំងឡើង។—ម៉ាថ. ៦:២២, ២៥, ៣២; ហេ. ១៣:៥, ៦
៣ ការសង្វាតរកទ្រព្យសម្បត្ដិសម្រាប់ខ្លួនតែងតែនាំឲ្យមាន«បំណងជាច្រើនដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន»។ (១ធី. ៦:៩, ១០; យ៉ា. ៥:១-៣) ផ្ទុយទៅវិញ ពររបស់ព្រះយេហូវ៉ាមិនដែលនាំឲ្យមានលទ្ធផលអាក្រក់ឡើយ។ ដោយសារអ្នកត្រួសត្រាយពេញពេលចំណាយពេលជាច្រើនក្នុងកិច្ចបម្រើផ្សាយ នេះជួយពួកគាត់ឲ្យស្គាល់ច្បាស់លាស់ពីអ្វីដែលប្រសើរឬសំខាន់ជាង។ (ភី. ១:១០) ដើម្បីធ្វើជាអ្នកត្រួសត្រាយ បងប្រុសម្នាក់ឈប់ធ្វើការជាវិស្វករដោយសារការងារនោះតម្រូវឲ្យគាត់ចំណាយពេលច្រើនពេក។ គាត់មានប្រសាសន៍ថា៖ «ការងារជាវិស្វករនាំឲ្យខ្ញុំតានតឹងចិត្តណាស់។ ប៉ុន្តែធ្វើជាអ្នកត្រួសត្រាយមិនធ្វើឲ្យខ្ញុំតានតឹងចិត្តឡើយ។ ឥឡូវខ្ញុំជួយមនុស្ស ហើយបង្រៀនគេអំពីសេចក្ដីពិត។ នេះជាការងារដែលនាំឲ្យមានចិត្តស្កប់ស្កល់ ហើយតម្រូវឲ្យខ្ញុំខិតខំអស់ពីសមត្ថភាពដើម្បីជួយមនុស្សយល់អំពីសេចក្ដីពិត»។
៤ អ្នកឯទៀតទទួលពរ : សព្វថ្ងៃនេះ យើងទាំងអស់គ្នាប្រឈមមុខនឹង«គ្រាលំបាកណាស់»។ (២ធី. ៣:១) មនុស្សនៅគ្រប់ទីកន្លែងត្រូវការសេចក្ដីសង្ឃឹមជាចាំបាច់។ អ្នកផ្សាយអំពីរាជាណាចក្រព្រះមានអំណរជាច្រើន ពេលជួយមនុស្សដែលគ្មានសេចក្ដីសង្ឃឹមឲ្យរៀន ព្រមទាំងទទួលយកដំណឹងល្អ។ អ្នកត្រួសត្រាយពេញពេលដែលផ្សាយច្រើនជាង៨០០ម៉ោងរាល់ឆ្នាំក្នុងកិច្ចការសង្គ្រោះជីវិត ពិតជាមានអំណរយ៉ាងខ្លាំងក្រៃលែង!—១ធី. ៤:១៦
៥ តើអ្នកបានគិតយ៉ាងហ្មត់ចត់អំពីការបម្រើជាអ្នកត្រួសត្រាយពេញពេលឬទេ? ការធ្វើជាអ្នកត្រួសត្រាយពេញពេលប្រហែលតម្រូវឲ្យយើង«លៃយកឱកាសឲ្យទាន់ពេល» ពីកិច្ចការផ្សេងៗដែលមិនសូវសំខាន់។ (អេភ. ៥:១៥, ១៦) បងប្អូនជាច្រើននាក់បានធ្វើដូច្នេះ ហើយបានសម្រួលជីវភាពឲ្យសាមញ្ញជាង។ ជីវភាពសាមញ្ញបែបនេះនាំឲ្យពួកគេចំណាយពេលច្រើនជាងក្នុងការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ ដោយសារពួកគេមិនត្រូវធ្វើការច្រើនដូចពីមុន។ តើអ្នកអាចសម្រួលជីវភាពឲ្យសាមញ្ញជាងដើម្បីចូលរួមជាមួយពួកគាត់ទេ?
៦ ចូរអធិដ្ឋានសូមឲ្យព្រះយេហូវ៉ាផ្ដល់ប្រាជ្ញាដើម្បីអ្នកអាចរៀបចំកាលវិភាគដ៏ល្អ។ (យ៉ា. ១:៥) បើខំធ្វើដូច្នេះ តើអ្នកអាចទទួលពរអ្វីខ្លះ? គឺទ្រព្យសម្បត្ដិខាងឯព្រះយ៉ាងអនេក! ព្រះយេហូវ៉ាក៏នឹងផ្ដល់នូវអ្វីដែលអ្នកត្រូវការខាងសម្ភារៈដែរ។ (ម៉ាថ. ៦:៣៣) អស់អ្នកដែលល្បងលព្រះយេហូវ៉ាចំពោះរឿងនេះ នឹងទទួល‹ពរដែលនឹងគ្មានកន្លែងល្មមទុកបាន›ឡើយ។—ម៉ាឡ. ៣:១០
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ហេតុអ្វីគប្បីឲ្យគិតពិចារណាពីការធ្វើត្រួសត្រាយពេញពេល?
២. សូមរៀបរាប់អំពីទ្រព្យសម្បត្ដិខាងឯព្រះខ្លះៗដែលអ្នកត្រួសត្រាយពេញពេលទទួល។
៣. តើការសង្វាតរកទ្រព្យសម្បត្ដិសម្រាប់ខ្លួននិងការសង្វាតរកទ្រព្យសម្បត្ដិខាងឯព្រះ ខុសគ្នាយ៉ាងណា?
៤. ដោយសារបានជួយអ្នកឯទៀតឲ្យទទួលពរ តើអ្នកត្រួសត្រាយពេញពេលបានទទួលពរអ្វីដែរ?
៥, ៦. តើអ្វីអាចជួយអ្នកឲ្យធ្វើជាអ្នកត្រួសត្រាយពេញពេលបាន?