របៀបប្រើសៀវភៅ«ព្រះស្រឡាញ់»ក្នុងការបង្រៀនគម្ពីរ
១. តើសៀវភៅ«ព្រះស្រឡាញ់»ប្រើសម្រាប់គោលបំណងអ្វី?
១ ពេលយើងទទួលសៀវភៅ«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»ក្នុងមហាសន្និបាតប្រចាំតំបន់ដែលមានប្រធានថា ‹សូមឲ្យរាជាណាចក្ររបស់ព្រះបានមកដល់› នោះពិតជាធ្វើឲ្យយើងរីករាយណាស់! ដូចក្នុងសេចក្ដីប្រកាស សៀវភៅនេះបានរៀបចំឡើងដើម្បីជួយយើងឲ្យស្គាល់និងស្រឡាញ់ខ្នាតតម្រារបស់ព្រះយេហូវ៉ាស្តីអំពីការប្រព្រឹត្ត ហើយសៀវភៅនេះមិនមែនសម្រាប់បង្រៀនអំពីសេចក្ដីបង្រៀនបឋមក្នុងគម្ពីរទេ។ យើងនឹងមិនស្នើផ្ដល់សៀវភៅនេះក្នុងកិច្ចផ្សព្វផ្សាយឡើយ។
២. តើយើងនឹងប្រើសៀវភៅនេះយ៉ាងដូចម្ដេច? ហើយប្រើសម្រាប់បង្រៀននរណាខ្លះ?
២ សៀវភៅនេះនឹងត្រូវប្រើជាសៀវភៅសិក្សាទី២ បន្ទាប់ពីយើងបានបង្រៀនសិស្សគម្ពីរចប់សៀវភៅព្រះគម្ពីរបង្រៀន។ សូមចាំថាមនុស្សម្នាក់ៗរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះក្នុងកម្រិតខុសៗគ្នា។ ដូច្នេះយើងគួរបង្រៀនសិស្សគម្ពីរម្នាក់ៗសមស្របតាមកម្រិតសមត្ថភាពរបស់គាត់។ សូមធ្វើឲ្យប្រាកដថា សិស្សយល់ច្បាស់អំពីអ្វីដែលគាត់បានរៀន។ ភាគច្រើន យើងមិនគួរប្រើសៀវភៅនេះដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរជាមួយអ្នកដែលបានរៀនសៀវភៅមួយចំនួនរួចហើយ តែគាត់មិនចូលរួមកិច្ចប្រជុំ ហើយក៏បង្ហាញច្បាស់ថា គាត់មិនចង់រស់នៅសមស្របតាមសេចក្ដីពិតដែលយើងបានបង្រៀនគាត់នោះដែរ។
៣. បើយើងកំពុងបង្រៀនសិស្សគម្ពីរដោយប្រើសៀវភៅចូរថ្វាយបង្គំព្រះ តើយើងគួរធ្វើយ៉ាងណា?
៣ បើអ្នកកំពុងបង្រៀនសិស្សគម្ពីរដោយប្រើសៀវភៅចូរថ្វាយបង្គំព្រះ ហើយនៅសល់តែពីរបីជំពូកចុងក្រោយ នោះអ្នកប្រហែលជាសម្រេចចិត្តរៀនឲ្យចប់សៀវភៅនោះ និងលើកទឹកចិត្តសិស្សគម្ពីរឲ្យរៀនសៀវភៅ«ព្រះស្រឡាញ់»ដោយខ្លួនឯងវិញ។ ក្រៅពីករណីនោះ ជាការល្អបំផុតបើប្ដូរមកសិក្សាសៀវភៅថ្មីនេះ ហើយចាប់ផ្ដើមបង្រៀនគាត់ពីជំពូកដំបូងវិញ។ ដូចសៀវភៅព្រះគម្ពីរបង្រៀនដែរ អ្នកអាចពិគ្រោះគ្នាអំពីសេចក្ដីពន្យល់បន្ថែមក្នុងសៀវភៅនោះតាមការសម្រេចចិត្តរបស់អ្នក។
៤. បើសិស្សគម្ពីររបស់យើងទទួលការជ្រមុជទឹកមុនរៀនចប់សៀវភៅព្រះគម្ពីរបង្រៀននិង«ព្រះស្រឡាញ់» តើយើងគួរធ្វើយ៉ាងណា?
៤ បើសិស្សគម្ពីរបានទទួលការជ្រមុជទឹកមុនរៀនចប់សៀវភៅព្រះគម្ពីរបង្រៀន និង«ព្រះស្រឡាញ់» អ្នកគួរបន្តបង្រៀនគាត់រហូតដល់ចប់សៀវភៅ«ព្រះស្រឡាញ់»។ ទោះជាសិស្សគម្ពីរទទួលការជ្រមុជទឹករួចហើយក៏ដោយ អ្នកអាចរាប់គាត់ជាសិស្សគម្ពីរម្នាក់ អាចរាប់ចំនួនម៉ោងដែលបង្រៀនគាត់ និងអាចរាប់ចំនួនដងដែលត្រឡប់ទៅជួបគាត់។ អ្នកផ្សាយដែលទៅជាមួយអ្នក ហើយរួមចំណែកក្នុងការបង្រៀនក៏អាចរាប់ម៉ោងបានដែរ។
៥. តើយើងអាចប្រើសៀវភៅ«ព្រះស្រឡាញ់»ដើម្បីជួយអ្នកផ្សាយដែលអសកម្មយ៉ាងដូចម្ដេច?
៥ បើគណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំតែងតាំងអ្នកឲ្យបង្រៀនគម្ពីរដល់អ្នកដែលអសកម្មក្នុងកិច្ចផ្សព្វផ្សាយ នោះពួកគាត់អាចសុំអ្នកឲ្យបង្រៀនជំពូកមួយចំនួនក្នុងសៀវភៅ«ព្រះស្រឡាញ់»។ បើអ្នកទទួលភារកិច្ចបែបនេះ អ្នកមិនចាំបាច់បង្រៀនគាត់រាប់ខែរាប់ឆ្នាំឡើយ។ សៀវភៅថ្មីនេះពិតជាល្អមែន ដើម្បីជួយយើងឲ្យរក្សាខ្លួនជាមនុស្សដែល«ព្រះស្រឡាញ់»!—យូ. ២១