តើបណ្ដាំរបស់ព្រះមានឫទ្ធានុភាពលើជីវិតប្រចាំថ្ងៃរបស់អ្នកឬទេ?
ការអានគម្ពីរជារៀងរាល់ថ្ងៃអាចជួយយើងឲ្យ«ចាក់ឫស»និង«មាំមួនឡើងក្នុងជំនឿ»។ (កូឡ. ២:៦, ៧) ក៏ប៉ុន្តែ ដើម្បីឲ្យបណ្ដាំរបស់ព្រះមានឫទ្ធានុភាពក្នុងជីវិតរបស់យើង យើងត្រូវរំពឹងគិត និងធ្វើតាមគោលការណ៍គម្ពីរ។ (ហេ. ៤:១២; យ៉ា. ១:២២-២៥) យ៉ូស្វេ ១:៨បញ្ជាក់អំពីជំហានបីយ៉ាងដែលមានប្រសិទ្ធភាពក្នុងការអានគម្ពីរ: (១) អានបណ្ដាំរបស់ព្រះ«ទាំងយប់ទាំងថ្ងៃ»។ (២) អានដោយ«នឹកជញ្ជឹង» នោះជាការអានក្នុងល្បឿនល្មមឲ្យយើងអាចរំពឹងគិត និងស្រមៃគិតទៅលើកំណត់ហេតុនិងកាលៈទេសៈនោះ។ (៣) ខំព្យាយាមធ្វើតាមអស់ពីសមត្ថភាពនូវ«អស់ទាំងសេចក្ដី ដែលកត់ទុកក្នុងគម្ពីរ»។ បើយើងធ្វើតាមយោបល់ទាំងនេះ យើងនឹងអាច«កើតការ» និង«ចំរើនឡើង»ក្នុងជីវិតប្រចាំថ្ងៃ។