បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 កញ្ញា ទំ. ១៤-១៩
  • ចូរ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត​មាន​ន័យ​យ៉ាង​ណា?
  • ចូរ​បង្ហាញ​ការ​គោរព​ចំពោះ​សមាជិក​ក្រុម​គ្រួសារ
  • ចូរ​បង្ហាញ​ការ​គោរព​ចំពោះ​បង​ប្អូន​រួម​ជំនឿ
  • ចូរ​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុម​ជំនុំ
  • តើ​ការ​បង្ហាញ​ការ​គោរព​គឺ​ជា​អ្វី​ដែល​សំខាន់​ទេ?
    ភ្ញាក់រឭក! ២០២៤
  • តើអ្នកលើកកិត្ដិយសគេជាមុនទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ហេតុអ្វីគួរគោរពអ្នកដែលមានអំណាចលើយើង?
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ស្តីអំពីការលើកកិត្ដិយសបងប្អូនរួមជំនឿ តើអ្នកលើកកិត្ដិយសគេមុនឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 កញ្ញា ទំ. ១៤-១៩

អត្ថបទសិក្សា ៣៨

ចម្រៀង​លេខ​១២០ ចូរ​មាន​ចិត្ត​ស្លូត​បូត​ដូច​គ្រិស្ត

ចូរ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត

​«​មាន​គេ​គោរព​រាប់​អាន ប្រសើរ​ជាង​មាន​មាស​ប្រាក់​»។—សុភ. ២២:១

ចំណុច​ផ្ដោត

សូម​រៀន​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត ហើយ​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នោះ ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ក្ដី។

១. ហេតុ​អ្វី​យើង​សប្បាយ​ចិត្ត​ពេល​ទទួល​ការ​គោរព​ពី​អ្នក​ឯ​ទៀត? (​សុភាសិត ២២:១​)

ពេល​អ្នក​ឯ​ទៀត​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក តើ​អ្នក​សប្បាយ​ចិត្ត​ឬ​ទេ? អ្នក​ប្រាកដ​ជា​សប្បាយ​ចិត្ត។ មនុស្ស​ទាំង​អស់​ត្រូវ​ការ​ការ​គោរព​ពី​អ្នក​ឯ​ទៀត។ យើង​សប្បាយ​ចិត្ត​ពេល​អ្នក​ឯ​ទៀត​គោរព​យើង។ នេះ​ជា​មូលហេតុ​ដែល​គម្ពីរ​ចែង​ថា​៖ ​«​មាន​គេ​គោរព​រាប់​អាន ប្រសើរ​ជាង​មាន​មាស​ប្រាក់​»​!—សូម​អាន សុភាសិត ២២:១

២​-​៣. តើ​យើង​គួរ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត​នៅ​ក្នុង​ស្ថានភាព​ណា​ខ្លះ?

២ យើង​ប្រហែល​ជា​មិន​តែង​តែ​ងាយ​ស្រួល​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត​ទេ។ មូលហេតុ​មួយ​គឺ​ដោយ​សារ​យើង​ឃើញ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​ឯ​ទៀត។ ម្យ៉ាង​ទៀត យើង​កំពុង​រស់​នៅ​គ្រា​មួយ​ដែល​មនុស្ស​ច្រើន​តែ​មិន​បង្ហាញ​ការ​គោរព។ ប៉ុន្តែ យើង​ត្រូវ​ធ្វើ​ខុស​ពី​គេ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​លើក​កិត្តិយស​ឬ​បង្ហាញ​ការ​គោរព​ចំពោះ​«​មនុស្ស​គ្រប់​ប្រភេទ​»។—១ពេ. ២:១៧

៣ ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន​ថា តើ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត​មាន​ន័យ​យ៉ាង​ណា ហើយ​តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ការ​គោរព​ចំពោះ (​១​)​ សមាជិក​ក្រុម​គ្រួសារ (​២​)​ បង​ប្អូន​រួម​ជំនឿ និង​(​៣​)​ ពួក​អ្នក​នៅ​ក្រៅ​ក្រុម​ជំនុំ? យើង​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​យើង​អាច​បង្ហាញ​ការ​គោរព​ពេល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពិបាក។

តើ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត​មាន​ន័យ​យ៉ាង​ណា?

៤. តើ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត​មាន​ន័យ​យ៉ាង​ណា?

៤ តើ​ពាក្យ​គោរព​មាន​ន័យ​យ៉ាង​ណា? ក្នុង​ភាសា​ខ្លះ ពាក្យ​«​គោរព​»​និង​ពាក្យ​«​លើក​កិត្តិយស​»​គឺ​ជាប់​ទាក់​ទង​គ្នា។ តើ​តាម​របៀប​ណា? ពាក្យ​«​គោរព​»​ ផ្ដោត​សំខាន់​ទៅ​លើ​ទស្សនៈ​របស់​យើង​ចំពោះ​អ្នក​ណា​ម្នាក់។ ពេល​យើង​គោរព​អ្នក​ឯ​ទៀត យើង​ចាត់​ទុក​ពួក​គេ​ថា​សម​នឹង​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពី​យើង ប្រហែល​ជា​ដោយ​សារ​គុណ​សម្បត្តិ ឋានៈ ឬ​អ្វី​ដែល​ពួក​គេ​បាន​សម្រេច។ ប៉ុន្តែ ពាក្យ​«​លើក​កិត្តិយស​»​សំដៅ​ទៅ​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​បុគ្គល​ណា​ម្នាក់។ ពេល​យើង​លើក​កិត្តិយស​អ្នក​ឯ​ទៀត យើង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​តម្លៃ ហើយ​មាន​ប្រយោជន៍។ ប៉ុន្តែ ការ​លើក​កិត្តិយស​អ្នក​ឯ​ទៀត ត្រូវ​ស្មោះ​អស់​ពី​ចិត្ត។—ម៉ាថ. ១៥:៨

៥. តើ​អ្វី​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត?

៥ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ លោក​តម្រូវ​ឲ្យ​យើង​បង្ហាញ​ការ​គោរព​ចំពោះ​«​ពួក​អាជ្ញាធរ​»។ (​រ៉ូម ១៣:១, ៧​) ប៉ុន្តែ អ្នក​ខ្លះ​ប្រហែល​ជា​និយាយ​ថា ​«​ខ្ញុំ​សប្បាយ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត ឲ្យ​តែ​បុគ្គល​នោះ​ប្រព្រឹត្ត​អ្វី​ដែល​សម​ឲ្យ​ខ្ញុំ​គោរព​គាត់​»។ តើ​ការ​វែក​ញែក​បែប​នោះ​សម​ហេតុ​សម​ផល​ឬ​ទេ? ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា យើង​ទទួល​ស្គាល់​ថា​ការ​គោរព​ចំពោះ​មនុស្ស​មិន​ផ្អែក​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ទាំង​ស្រុង​ទេ តែ​ផ្អែក​ទៅ​លើ​អ្វី​ដែល​ជ្រាល​ជ្រៅ​ជាង ពោល​គឺ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​និង​បំណង​ចិត្ត​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។—យ៉ូស. ៤:១៤; ១ពេ. ៣:១៥

៦. តើ​អ្នក​អាច​បង្ហាញ​ការ​គោរព​ចំពោះ​បុគ្គល​ដែល​មិន​គោរព​អ្នក​ឬ​ទេ? សូម​ពន្យល់។ (​សូម​មើល​រូប​ភាពផង​ដែរ​)

៦ មនុស្ស​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​យើង​ពិត​ជា​អាច​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​មិន​គោរព​ឬ​ទេ?›។ យើង​អាច​ធ្វើ​ដូច្នោះ​បាន។ សូម​គិត​អំពី​ឧទាហរណ៍​មួយ​ចំនួន។ ស្ដេច​សុល​បាន​ធ្វើ​ឲ្យ​យ៉ូណាថាន​ដែល​ជា​កូន​របស់​គាត់​ខ្មាស​គេ​នៅ​ចំពោះ​មុខ​អ្នក​ឯ​ទៀត។ (​១សាំ. ២០:៣០​-​៣៤​) ប៉ុន្តែ យ៉ូណាថាន​បាន​បង្ហាញ​ការ​គោរព​ដោយ​គាំទ្រ​ឪពុក​របស់​គាត់​ក្នុង​សង្គ្រាម​រហូត​ដល់​ថ្ងៃ​ដែល​សុល​ស្លាប់។ (​ដច. ២០:១២; ២សាំ. ១:២៣​) សម្ដេច​សង្ឃ​អេលី​ចោទ​ប្រកាន់​ហាណា​ថា​ស្រវឹង​ស្រា។ (​១សាំ. ១:១២​-​១៤​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ហាណា​បាន​និយាយ​ទៅ​កាន់​អេលី​ដោយ​ការ​គោរព។ គាត់​ធ្វើ​ដូច្នេះ ទោះ​ជា​មនុស្ស​គ្រប់​រូប​នៅ​អ៊ីស្រាអែល​ដឹង​ថា អេលី​មិន​បាន​កែ​តម្រង់​កូន​ប្រុស​ខូច​អាក្រក់​របស់​គាត់ ដែល​ជា​អ្វី​ដែល​គាត់​គួរ​តែ​ធ្វើ​ក្នុង​នាម​ជា​ឪពុក​និង​ជា​សម្ដេច​សង្ឃ​ក្ដី។ (​១សាំ. ១:១៥​-​១៨; ២:២២​-​២៤​) ម្យ៉ាង​ទៀត ពួក​បុរស​នៅ​ក្រុង​អាថែន​មើល​ងាយ​សាវ័ក​ប៉ូល​ដោយ​ហៅ​គាត់​ថា​៖ ​«​អ្នក​ព្រោក​ប្រាជ្ញ​»។ (​សកម្ម. ១៧:១៨​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ប៉ូល​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ដោយ​ការ​គោរព។ (​សកម្ម. ១៧:២២​) គំរូ​ទាំង​នេះ​បង្ហាញ​ថា​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា និង​បំណង​ចិត្ត​មិន​ចង់​ធ្វើ​ឲ្យ​លោក​ខក​ចិត្ត អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត មិន​គ្រាន់​តែ​នៅ​ពេល​ស្រួល​ប៉ុណ្ណោះ​ទេ តែ​ក៏​នៅ​ពេល​ពិបាក​ដែរ។ សូម​យើង​ពិចារណា​ថា តើ​យើង​គួរ​គោរព​អ្នក​ណា​ខ្លះ ហើយ​ហេតុ​អ្វី?

យ៉ូណាថាន សុល និង​ទាហាន​អ៊ីស្រាអែល​កំពុង​ប្រយុទ្ធ​នៅ​ក្នុង​សមរភូមិ​ទាំង​មាន​ដាវ លំពែង និង​ខែល។

ទោះ​ជា​ឪពុក​របស់​យ៉ូណាថាន​ធ្វើ​ឲ្យ​គាត់​ខ្មាស​គេ​នៅ​ចំពោះ​មុខ​អ្នក​ឯ​ទៀត​ក៏​ដោយ យ៉ូណាថាន​បន្ដ​ការ​ពារ​និង​គាំទ្រ​ឪពុក​របស់​គាត់​ជា​ស្ដេច (​សូម​មើល​វគ្គ​៦​)​


ចូរ​បង្ហាញ​ការ​គោរព​ចំពោះ​សមាជិក​ក្រុម​គ្រួសារ

៧. តើ​អ្វី​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ពិបាក​ប្រព្រឹត្ត​ចំពោះ​សមាជិក​ក្រុម​គ្រួសារ​ដោយ​គោរព?

៧ ការ​ពិបាក។ យើង​ចំណាយ​ពេល​ជា​ច្រើន​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​យើង។ ជា​លទ្ធផល យើង​ស្គាល់​ចំណុច​ខ្សោយ​និង​ចំណុច​ខ្លាំង​របស់​គ្នា។ ក្នុង​ក្រុម​គ្រួសារ​ខ្លះ ប្រហែល​ជា​មាន​បុគ្គល​ដែល​មាន​ជំងឺ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ថែ​រក្សា​ពួក​គេ ឬ​ពួក​គេ​ប្រហែល​ជា​ចេះ​តែ​ខ្វល់​ខ្វាយ​ឥត​ឈប់។ រីឯ​អ្នក​ខ្លះ​ទៀត ប្រហែល​ជា​ថែម​ទាំង​និយាយ​និង​ប្រព្រឹត្ត​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​ទៀត​ផង។ តាម​ធម្មតា យើង​គួរ​មាន​អារម្មណ៍​ស្រួល​ពេល​នៅ​ជា​មួយ​ក្រុម​គ្រួសារ​របស់​យើង។ ប៉ុន្តែ ពេល​សមាជិក​ក្រុម​គ្រួសារ​មិន​បង្ហាញ​ការ​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ពួក​គេ​អាច​ខឹង​សម្បា​ដាក់​គ្នា។ ជា​លទ្ធផល ក្រុម​គ្រួសារ​មិន​ចុះ​សម្រុង​គ្នា។ ដូច​ជំងឺ​សន្លាក់​ឆ្អឹង​ធ្វើ​ឲ្យ​អវយវៈ​នៃ​រូប​កាយ​មិន​ដំណើរ​ការ​ល្អ ការ​មិន​គោរព​គ្នា ធ្វើ​ឲ្យ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​មិន​ចុះ​សម្រុង​គ្នា។ ប៉ុន្តែ ខុស​ពី​ជំងឺ​សន្លាក់​ឆ្អឹង​ដែល​មិន​អាច​ព្យាបាល​ឲ្យ​ជា​ទាំង​ស្រុង​បាន យើង​អាច​បញ្ឈប់​ការ​មិន​គោរព​គ្នា កុំ​ឲ្យ​ក្រុម​គ្រួសារ​បែក​បាក់​សាមគ្គី។

៨. ហេតុ​អ្វី​គឺ​ជា​ការ​សំខាន់​ឲ្យ​យើង​បង្ហាញ​ការ​គោរព​ចំពោះ​សមាជិក​ក្រុម​គ្រួសារ? (​ធីម៉ូថេ​ទី​១ ៥:៤, ៨​)

៨ ហេតុ​អ្វី​យើង​គួរ​បង្ហាញ​ការ​គោរព? (​សូម​អាន ធីម៉ូថេ​ទី​១ ៥:៤, ៨​) នៅ​ក្នុង​សំបុត្រ​ទី​១​របស់​សាវ័ក​ប៉ូល​សរសេរ​ទៅ​កាន់​ធីម៉ូថេ ប៉ូល​បាន​រៀប​រាប់​អំពី​របៀប​ដែល​សមាជិក​ក្រុម​គ្រួសារ​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​ពន្យល់​ថា មូលហេតុ​ចម្បង​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​លើក​កិត្តិយស​សមាជិក​ក្រុម​គ្រួសារ​របស់​យើង គឺ​មិន​មែន​ដើម្បី​បង្គ្រប់​កិច្ច​ទេ ប៉ុន្តែ​គឺ​ដើម្បី​បង្ហាញ​«​ភក្ដី​ភាព​ចំពោះ​ព្រះ​»។ ពាក្យ​នេះ​សំដៅ​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​និង​ការ​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ភក្ដី។ ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​រៀប​ចំ​ឲ្យ​មាន​ក្រុម​គ្រួសារ។ (​អេភ. ៣:១៤, ១៥​) ដូច្នេះ ពេល​យើង​លើក​កិត្តិយស​សមាជិក​ក្រុម​គ្រួសារ​របស់​យើង​ណា​ម្នាក់ យើង​បង្ហាញ​ថា​យើង​លើក​កិត្តិយស​ព្រះ​យេហូវ៉ា​ដែល​ជា​បង្កើត​ឲ្យ​មាន​ក្រុម​គ្រួសារ។ (​១ធី. ៥:៤​) នេះ​ជា​មូលហេតុ​ដ៏​សំខាន់​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្ហាញ​ការ​គោរព​ចំពោះ​សមាជិក​ក្រុម​គ្រួសារ​របស់​យើង!

៩. តើ​តាម​របៀប​ណា​ប្ដី​និង​ប្រពន្ធ​អាច​បង្ហាញ​ការ​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៩ របៀប​បង្ហាញ​ការ​គោរព។ ប្ដី​ដែល​លើក​កិត្តិយស​ប្រពន្ធ បង្ហាញ​ថា​នាង​មាន​តម្លៃ​ចំពោះ​គាត់។ គាត់​ធ្វើ​ដូច្នេះ មិន​គ្រាន់​តែ​ពេល​នៅ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ទេ តែ​ពេល​នៅ​មុខ​អ្នក​ឯ​ទៀត​ដែរ។ (​សុភ. ៣១:២៨; ១ពេ. ៣:៧​) គាត់​មិន​ដែល​វាយ​ធ្វើ​បាប​នាង ធ្វើ​ឲ្យ​នាង​ខ្មាស​គេ ឬ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​នាង​គ្មាន​តម្លៃ​ទេ។ បង​ប្រុស​អេរៀលaដែល​រស់​នៅ​ប្រទេស​អាហ្សង់ទីន និយាយ​ថា​៖ ​«​ដោយ​សារ​ប្រពន្ធ​របស់​ខ្ញុំ​មាន​ជំងឺ ជួន​កាល​នាង​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត។ ពេល​ដែល​នេះ​កើត​ឡើង ខ្ញុំ​រំលឹក​ខ្លួន​ថា​អ្វី​ដែល​នាង​និយាយ គឺ​នាង​មិន​មាន​បំណង​និយាយ​ដូច្នេះ​ទេ។ ម្យ៉ាង​ទៀត ខ្ញុំ​នឹក​ចាំ​កូរិនថូស​ទី​១ ១៣:៥ ដែល​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​និយាយ​ដោយ​គោរព​ចំពោះ​នាង ជា​ជាង​និយាយ​ដោយ​កំហឹង​»។ (​សុភ. ១៩:១១​) ចំណែក​ឯ​ប្រពន្ធ នាង​លើក​កិត្តិយស​ប្ដី​របស់​នាង​ដោយ​និយាយ​ល្អ​អំពី​ប្ដី​ទៅ​កាន់​អ្នក​ឯ​ទៀត។ (​អេភ. ៥:៣៣​) នាង​ជៀស​វាង​ពី​ការ​ប្រើ​ពាក្យ​ចំអក​ចំអន់ រិះ​គន់ និង​ពាក្យ​អសុរោះ​ដើម្បី​បន្ទាប​បន្ថោក​ប្ដី។ នាង​ទទួល​ស្គាល់​ថា​ការ​ប្រព្រឹត្ត​ដូច​នេះ​ប្រៀប​ដូច​ជា​ច្រែះ​ដែល​ស៊ី​បង្ខូច​អាពាហ៍ពិពាហ៍។ (​សុភ. ១៤:១​) បង​ស្រី​ម្នាក់​ដែល​រស់​នៅ​ប្រទេស​អ៊ីតាលី​ដែល​មាន​ប្ដី​មាន​ជំងឺ​ថប់​បារម្ភ និយាយ​ថា​៖ ​«​ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​ថា​ប្ដី​របស់​ខ្ញុំ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក។ ពី​មុន ពាក្យ​សម្ដី​និង​ទឹក​មុខ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​មិន​សូវ​គោរព​គាត់។ ប៉ុន្តែ កាល​ដែល​ខ្ញុំ​កាន់​តែ​សេព​គប់​ជា​មួយ​មនុស្ស​ដែល​និយាយ​អំពី​អ្នក​ឯ​ទៀត​ដោយ​គោរព នោះ​កាន់​តែ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​បង្ហាញ​ការ​គោរព​ចំពោះ​ប្ដី​របស់​ខ្ញុំ​»។

បណ្ដុំ​រូប​ភាព​៖ ប្ដី​ប្រពន្ធ​មួយ​គូ​ប្រព្រឹត្ត​ដោយ​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ១. ប្ដី​និយាយ​ដោយ​សប្បុរស​ទៅ​កាន់​ប្រពន្ធ​របស់​គាត់ កាល​ដែល​ពួក​គេ​កំពុង​ធ្វើ​ម្ហូប​នៅ​ផ្ទះ​បាយ។ ២. ប្រពន្ធ​សរសើរ​ប្ដី​របស់​គាត់​នៅ​មុខ​ភ្ញៀវ កាល​ដែល​ប្ដី​របស់​គាត់​យក​ម្ហូប​ឲ្យ​បង​ប្រុស​វ័យ​ចាស់​ម្នាក់។

ពេល​យើង​បង្ហាញ​ការ​គោរព​ចំពោះ​សមាជិក​ក្រុម​គ្រួសារ​របស់​យើង យើង​លើក​កិត្តិយស​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រមុខ​គ្រួសារ​របស់​យើង ​(​សូម​មើល​វគ្គ​៩​)​


១០. តើ​ប្អូន​ៗ​វ័យ​ក្មេង​អាច​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​គោរព​ឪពុក​ម្ដាយ​របស់​ពួក​គេ?

១០ ប្អូន​ៗ​វ័យ​ក្មេង​ទាំង​ឡាយ សូម​ធ្វើ​តាម​វិន័យ​គ្រួ​សារ​ដែល​ឪពុក​ម្ដាយ​របស់​ប្អូន​បាន​ដាក់​ឲ្យ។ (​អេភ. ៦:១​-​៣​) ចូរ​និយាយ​ដោយ​ការ​គោរព​ទៅ​កាន់​ឪពុក​ម្ដាយ​របស់​ប្អូន។ (​ដច. ២១:១៧​) ពេល​ដែល​ឪពុក​ម្ដាយ​របស់​ប្អូន​កាន់​តែ​ចាស់ សូម​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គេ​ដោយ​ផ្ដល់​ជំនួយ​ដែល​ពួក​គេ​ត្រូវ​ការ។ សូម​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ថែ​រក្សា​ពួក​គេ។ សូម​ពិចារណា​អំពី​គំរូ​របស់​បង​ស្រី​ម៉ារៀ​ដែល​មាន​ឪពុក​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ពេល​ឪពុក​របស់​បង​ម៉ារៀ​ធ្លាក់​ខ្លួន​ឈឺ គាត់​បាន​ធ្វើ​ឲ្យ​បង​ម៉ារៀ​ពិបាក​ថែ​រក្សា​គាត់ ដោយ​សារ​គាត់​និយាយ​មិន​សប្បុរស​ទៅ​កាន់​បង​ម៉ារៀ។ បង​ម៉ារៀ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​អធិដ្ឋាន មិន​គ្រាន់​តែ​ឲ្យ​ខ្ញុំ​ចេះ​គោរព​ឪពុក​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ឲ្យ​ខ្ញុំ​បង្ហាញ​ការ​គោរព​ចំពោះ​គាត់​ដែរ។ ខ្ញុំ​បាន​វែក​ញែក​ថា បើ​ព្រះ​យេហូវ៉ា​សុំ​ខ្ញុំ​ឲ្យ​លើក​កិត្តិយស​ឪពុក​ម្ដាយ​របស់​ខ្ញុំ គឺ​សម​ហេតុ​សម​ផល​ដែល​លោក​អាច​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នោះ។ យូរ​ៗ​ទៅ​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​គោរព​ឪពុក​ខ្ញុំ ទោះ​ជា​គាត់​មិន​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ត​របស់​គាត់​ក៏​ដោយ​»។ ពេល​យើង​បង្ហាញ​ការ​គោរព​ចំពោះ​សមាជិក​ក្រុម​គ្រួសារ ទោះ​ជា​នោះ​ពិបាក​ក៏​ដោយ យើង​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ក្រុម​គ្រួសារ។

ចូរ​បង្ហាញ​ការ​គោរព​ចំពោះ​បង​ប្អូន​រួម​ជំនឿ

១១. ហេតុ​អ្វី​យើង​ប្រហែល​ជា​ពិបាក​បង្ហាញ​ការ​គោរព​ចំពោះ​បង​ប្អូន​រួម​ជំនឿ?

១១ ការ​ពិបាក។ បង​ប្អូន​រួម​ជំនឿ​របស់​យើង​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ។ ប៉ុន្តែ​ជួន​កាល ពួក​គេ​ខ្លះ​ប្រហែល​ជា​ប្រព្រឹត្ត​ចំពោះ​យើង​ដោយ​មិន​សប្បុរស សន្និដ្ឋាន​ខុស​អំពី​យើង ឬ​ធ្វើ​ឲ្យ​យើង​ខឹង។ បើ​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​«​មាន​ហេតុ​ត្អូញត្អែរ​»​ យើង​ប្រហែល​ជា​ពិបាក​បន្ដ​គោរព​គាត់។ (​កូឡ. ៣:១៣​) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​បន្ដ​បង្ហាញ​ការ​គោរព?

១២. ហេតុ​អ្វី​គឺ​ជា​ការ​សំខាន់​ឲ្យ​យើង​បង្ហាញ​ការ​គោរព​ចំពោះ​បង​ប្អូន​រួម​ជំនឿ? (​ពេត្រុស​ទី​២ ២:៩​-​១២​)

១២ ហេតុ​អ្វី​យើង​គួរ​បង្ហាញ​ការ​គោរព? (​សូម​អាន ពេត្រុស​ទី​២ ២:៩​-​១២​) ក្នុង​សំបុត្រ​ទី​២​របស់​ពេត្រុស​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គាត់​បាន​លើក​ឡើង​ថា បុគ្គល​ខ្លះ​នៅ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នា​សតវត្សរ៍​ទី​១​បាន​និយាយ​ប្រមាថ​«​ពួក​អ្នក​ដែល​ព្រះ​បាន​ផ្ដល់​កិត្តិយស​»​ ពោល​គឺ​ពួក​អ្នក​ចាស់​ទុំ។ តើ​ពួក​ទេវតា​ដ៏​ស្មោះ​ត្រង់​ដែល​បាន​ឃើញ​អ្វី​ទាំង​នេះ​មាន​ប្រតិកម្ម​យ៉ាង​ណា? ​«​ដោយ​សារ​ពួក​ទេវតា​គោរព​ព្រះ​យេហូវ៉ា​»​ ពួក​គេ​មិន​ចោទ​ប្រកាន់​ពួក​អ្នក​ទាំង​នោះ​ដោយ​ប្រើ​ពាក្យ​ប្រមាថ​សូម្បី​តែ​មួយ​ម៉ាត់​ឡើយ។ នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន! ពួក​ទេវតា​ដ៏​ល្អ​ឥត​ខ្ចោះ​មិន​ព្រម​និយាយ​ដោយ​គ្មាន​មេត្តា​អំពី​បុរស​ដែល​មាន​អំណួត​ទាំង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​និង​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ។ (​រ៉ូម ១៤:១០​-​១២; សូម​ពិនិត្យ​បន្ថែម យូដាស ៩​) យើង​អាច​ទាញ​យក​មេ​រៀន​ពី​ពួក​ទេវតា។ ពួក​ទេវតា​មិន​បាន​និយាយ​ដោយ​មិន​គោរព​ចំពោះ​អ្នក​ប្រឆាំង​ឡើយ។ ដូច្នេះ យើង​កាន់​តែ​មាន​មូលហេតុ​ឲ្យ​ជៀស​វាង​ពី​ការ​និយាយ​ដោយ​មិន​គោរព​ទៅ​កាន់​បង​ប្អូន​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ផ្ទុយ​ទៅ​វិញ យើង​គួរ​«​លើក​កិត្តិយស​គេ​មុន​»។ (​រ៉ូម ១២:១០​) ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ថា​យើង​គោរព​ព្រះ​យេហូវ៉ា។

១៣​-​១៤. តើ​យើង​អាច​បង្ហាញ​ការ​គោរព​ចំពោះ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍។ (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៣ របៀប​បង្ហាញ​ការ​គោរព។ អ្នក​ចាស់​ទុំ​ទាំង​ឡាយ សូម​ព្យាយាម​បង្រៀន​អ្នក​ឯ​ទៀត​ដោយ​ផ្អែក​លើ​សេចក្ដី​ស្រឡាញ់។ (​ភីលេ. ៨, ៩​) បើ​អ្នក​ត្រូវ​ឲ្យ​ឱវាទ​ដល់​បង​ប្អូន​ណា​ម្នាក់ សូម​ធ្វើ​ដូច្នោះ​ដោយ​សប្បុរស ហើយ​មិន​មែន​នៅ​ពេល​ដែល​អ្នក​ខឹង​ទេ។ បង​ប្អូន​ស្រី​ទាំង​ឡាយ អ្នក​អាច​ជួយ​បង្កើត​និង​ការ​ពារ​បរិយាកាស​ក្នុង​ក្រុម​ជំនុំ​ដែល​បង្ហាញ​ការ​គោរព ដោយ​មិន​ព្រម​និយាយ​មិន​ល្អ​ឬ​និយាយ​បង្កាច់​បង្ខូច​អំពី​អ្នក​ឯ​ទៀត។ (​ទីត. ២:៣​-​៥​) យើង​ទាំង​អស់​គ្នា​អាច​បង្ហាញ​ថា​យើង​គោរព​ពួក​អ្នក​ចាស់​ទុំ ដោយ​សហការ​ជា​មួយ​នឹង​ពួក​គេ និង​ដោយ​អរគុណ​ពួក​គេ​ចំពោះ​កិច្ច​ការ​នឿយ​ហត់​ដែល​ពួក​គេ​ធ្វើ​ដើម្បី​ដឹក​នាំ​កិច្ច​ប្រជុំ នាំ​មុខ​ក្នុង​កិច្ច​បម្រើ​ផ្សាយ និង​ជួយ​ពួក​អ្នក​ដែល​ចាប់​ផ្ដើម​«​ដើរ​ផ្លូវ​ខុស​»។—កាឡ. ៦:១; ១ធី. ៥:១៧

១៤ បង​ស្រី​ម្នាក់​ឈ្មោះ​រ៉ូស៊ីអូ ពិបាក​គោរព​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​បាន​ឲ្យ​ឱវាទ​គាត់។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ពិបាក​ចិត្ត​ដោយ​សារ​ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​មិន​បាន​និយាយ​មក​កាន់​ខ្ញុំ​ដោយ​សប្បុរស​ទេ។ នៅ​ផ្ទះ ខ្ញុំ​និយាយ​មិន​ល្អ​អំពី​គាត់។ ទោះ​ជា​ខ្ញុំ​ព្យាយាម​មិន​បង្ហាញ​ឲ្យ​គាត់​ដឹង​ក៏​ដោយ ខ្ញុំ​សង្ស័យ​អំពី​បំណង​ចិត្ត​របស់​គាត់ ហើយ​មិន​ធ្វើ​តាម​ឱវាទ​របស់​គាត់​ទេ​»។ តើ​អ្វី​បាន​ជួយ​បង​រ៉ូស៊ីអូ? គាត់​ពន្យល់​ថា​៖ ​«​ក្នុង​អំណាន​គម្ពីរ​របស់​ខ្ញុំ ខ្ញុំ​បាន​អាន​ថែស្សាឡូនិច​ទី​១ ៥:១២, ១៣។ ពេល​ដែល​ខ្ញុំ​យល់​ថា​ខ្ញុំ​មិន​បង្ហាញ​ការ​គោរព​ចំពោះ​បង​ប្រុស​នេះ សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្ញុំ​ចាប់​ផ្ដើម​ផ្ដន្ទា​ទោស​ខ្ញុំ។ ដូច្នេះ ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​យើង ដើម្បី​រក​ព័ត៌មាន​ជាក់​លាក់​ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ទស្សនៈ​របស់​ខ្ញុំ។ នៅ​ទី​បំផុត ខ្ញុំ​ទទួល​ស្គាល់​ថា​បញ្ហា​គឺ​មិន​មែន​មក​ពី​បង​ប្រុស​នោះ​ទេ តែ​មក​ពី​ខ្ញុំ​មាន​អំណួត។ ឥឡូវ​ខ្ញុំ​យល់​ថា បើ​ខ្ញុំ​មិន​មាន​ចិត្ត​រាប​ទាប ខ្ញុំ​នឹង​ពិបាក​គោរព​អ្នក​ឯ​ទៀត។ ខ្ញុំ​នៅ​តែ​ត្រូវ​រីក​ចម្រើន ប៉ុន្តែ​កាល​ដែល​ខ្ញុំ​ព្យាយាម​បង្ហាញ​ការ​គោរព ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​»។

បណ្ដុំ​រូប​ភាព​៖ បង​ស្រី​វ័យ​ចាស់​ម្នាក់​អាន​គម្ពីរ​និង​រំពឹង​គិត​អំពី​របៀប​ផ្សេង​ៗ​ដែល​អ្នក​ចាស់​ទុំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់។ ១. អ្នក​ចាស់​ទុំ​ម្នាក់​ថ្លែង​សុន្ទរកថា​នៅ​កិច្ច​ប្រជុំ។ ២. គាត់​ជួយ​បង​ប្រុស​វ័យ​ចាស់​ម្នាក់​ដែល​អង្គុយ​លើ​កៅអី​រុញ។ ៣. គាត់​ចូក​ព្រិល​នៅ​ខាង​ក្រៅ​សាល​ប្រជុំ។

យើង​ទាំង​អស់​គ្នា​អាច​បង្ហាញ​ថា​យើង​គោរព​ពួក​អ្នក​ចាស់​ទុំ ដោយ​សហការ​ជា​មួយ​នឹង​ពួក​គេ និង​អរគុណ​ពួក​គេ​ចំពោះ​កិច្ច​ការ​នឿយ​ហត់​ដែល​ពួក​គេ​ធ្វើ ​(​សូម​មើល​វគ្គ​១៣​-​១៤​)​


ចូរ​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុម​ជំនុំ

១៥. ហេតុ​អ្វី​យើង​ប្រហែល​ជា​ពិបាក​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុម​ជំនុំ?

១៥ ការ​ពិបាក។ ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​ច្រើន​តែ​ជួប​មនុស្ស​ដែល​មិន​អើពើ​នឹង​ព្រះ​ឬ​គម្ពីរ។ (​អេភ. ៤:១៨​) មនុស្ស​ខ្លះ​បដិសេធ​ស្ដាប់​ដំណឹង​ដែល​យើង​ផ្សាយ ដោយ​សារ​ពួក​គេ​ជឿ​អ្វី​ដែល​ពួក​គេ​បាន​រៀន​កាល​ពី​នៅ​ក្មេង។ ម្យ៉ាង​ទៀត មនុស្ស​ខ្លះ​នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​សាលា​មិន​រាប់​អាន​យើង ហើយ​ថៅកែ​ឬ​គ្រូ​បង្រៀន​របស់​យើង​ប្រហែល​ជា​មិន​ពេញ​ចិត្ត​អ្វី​ដែល​យើង​ធ្វើ។ យូរ​ៗ​ទៅ ការ​គោរព​របស់​យើង​ចំពោះ​បុគ្គល​បែប​នេះ​អាច​អន់​ថយ​ទៅ ហើយ​យើង​ប្រហែល​ជា​ឈប់​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ដោយ​សប្បុរស។

១៦. តើ​អ្វី​ជា​មូលហេតុ​សំខាន់​ឲ្យ​យើង​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អ្នក​ដែល​មិន​ទាន់​បម្រើ​ព្រះ​យេហូវ៉ា? (​ពេត្រុស​ទី​១ ២:១២; ៣:១៥​)

១៦ ហេតុ​អ្វី​យើង​គួរ​បង្ហាញ​ការ​គោរព? សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របៀប​ដែល​យើង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដែល​មិន​ជឿ។ សាវ័ក​ពេត្រុស​រំលឹក​គ្រិស្ត​សាសនិក​ថា ការ​ប្រព្រឹត្ត​ល្អ​ប្រសើរ​របស់​ពួក​គេ​ប្រហែល​ជា​ជំរុញ​អ្នក​ខ្លះ​ឲ្យ​«​សរសើរ​ព្រះ​»។ ហេតុ​នេះ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​និយាយ​ការ​ពារ​ជំនឿ​«​ដោយ​ចិត្ត​ស្លូត​បូត​និង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​»។ (​សូម​អាន ពេត្រុស​ទី​១ ២:១២; ៣:១៥​) មិន​ថា​គ្រិស្ត​សាសនិក​ត្រូវ​ពន្យល់​អំពី​ជំនឿ​របស់​ពួក​គេ​នៅ​មុខ​ពួក​អាជ្ញាធរ​ឬ​អ្នក​ផ្សេង​ទៀត​ក៏​ដោយ ពួក​គេ​ត្រូវ​គោរព​អ្នក​ឯ​ទៀត​ជា​និច្ច។ ព្រះ​យេហូវ៉ា​កំពុង​មើល ហើយ​ស្ដាប់​អ្វី​ដែល​យើង​និយាយ​និង​របៀប​ដែល​យើង​និយាយ។ នេះ​ជា​មូលហេតុ​ដ៏​សំខាន់​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ខាង​ក្រៅ​ក្រុម​ជំនុំ​ដោយ​ការ​គោរព!

១៧. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អ្នក​ដែល​នៅ​ក្រៅ​ក្រុម​ជំនុំ?

១៧ របៀប​បង្ហាញ​ការ​គោរព។ ពេល​ផ្សព្វ​ផ្សាយ យើង​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​ថា យើង​មើល​ងាយ​បុគ្គល​ដែល​មិន​សូវ​ស្គាល់​គម្ពីរ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ចង់​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​មាន​តម្លៃ​ចំពោះ​ព្រះ ហើយ​ប្រសើរ​ជាង​យើង។ (​ហាក. ២:៧; ភី. ២:៣​) បើ​មាន​អ្នក​ណា​ម្នាក់​ពេប​ជ្រាយ​ជំនឿ​របស់​អ្នក សូម​កុំ​ប្រព្រឹត្ត​តប​ស្នង​ទៅ​ពួក​គេ​វិញ​ឡើយ។ ជា​ឧទាហរណ៍ យើង​មិន​ចង់​និយាយ​អ្វី​ដែល​មើល​ទៅ​ហាក់​ដូច​ជា​យើង​ជា​មនុស្ស​ឆ្លាត តែ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​យើង​មើល​ងាយ​ពួក​គេ​ទេ។ (​១ពេ. ២:២៣​) បើ​អ្នក​និយាយ​អ្វី​ដែល​នាំ​ឲ្យ​ស្ដាយ​ក្រោយ សូម​សុំ​ការ​អភ័យ​ទោស​ភ្លាម​ៗ។ តើ​អ្នក​អាច​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អ្នក​នៅ​កន្លែង​ធ្វើ​ការ​យ៉ាង​ដូច​ម្ដេច? សូម​ខំ​ប្រឹង​ធ្វើ​ការ ហើយ​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ល្អ​ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​អ្នក និង​ថៅកែ​របស់​អ្នក។ (​ទីត. ២:៩, ១០​) ពេល​អ្នក​ធ្វើ​ការ​យ៉ាង​ទៀង​ត្រង់​និង​ខ្នះខ្នែង អ្នក​នឹង​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត មិន​ថា​មនុស្ស​ពេញ​ចិត្ត​ឬ​មិន​ពេញ​ចិត្ត​ក្ដី។—កូឡ. ៣:២២, ២៣

១៨. ហេតុ​អ្វី​ជា​ការ​ល្អ​ដែល​យើង​បណ្ដុះ​ឲ្យ​មាន​ការ​គោរព​និង​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត?

១៨ យើង​មាន​មូលហេតុ​ល្អ​ជា​ច្រើន​ដើម្បី​បណ្ដុះ​ឲ្យ​មាន​ការ​គោរព​និង​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត! យើង​បាន​ឃើញ​ថា​ពេល​យើង​បង្ហាញ​ការ​គោរព​ចំពោះ​ក្រុម​គ្រួសារ​របស់​យើង យើង​កំពុង​លើក​កិត្តិយស​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រមុខ​ក្រុម​គ្រួសារ​របស់​យើង។ ស្រដៀង​គ្នា​ដែរ ពេល​យើង​បង្ហាញ​ការ​គោរព​ចំពោះ​បង​ប្អូន​រួម​ជំនឿ យើង​លើក​កិត្តិយស​បិតា​នៅ​ស្ថាន​សួគ៌​របស់​យើង។ ម្យ៉ាង​ទៀត ពេល​យើង​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អ្នក​ដែល​នៅ​ក្រៅ​ក្រុម​ជំនុំ យើង​បើក​ឱកាស​ឲ្យ​ពួក​គេ​លើក​តម្កើង​ឬ​លើក​កិត្តិយស​ព្រះ​ដ៏​អស្ចារ្យ​របស់​យើង​នៅ​ថ្ងៃ​ណា​មួយ។ ទោះ​ជា​មនុស្ស​ខ្លះ​មិន​គោរព​យើង​ក៏​ដោយ គឺ​សំខាន់​ឲ្យ​យើង​គោរព​ពួក​គេ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ឲ្យ​យើង។ លោក​សន្យា​ថា​៖ ​«​ខ្ញុំ​នឹង​លើក​កិត្តិយស​អ្នក​ដែល​បាន​លើក​កិត្តិយស​ខ្ញុំ​»។—១សាំ. ២:៣០

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ការ​គោរព​ចំពោះ​សមាជិក​ក្រុម​គ្រួសារ?

  • តើ​យើង​អាច​បង្ហាញ​ការ​គោរព​ចំពោះ​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ដូច​ម្ដេច?

  • តើ​យើង​អាច​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អ្នក​នៅ​ខាង​ក្រៅ​ក្រុម​ជំនុំ​តាម​របៀប​ណា?

ចម្រៀង​លេខ​១២៩ យើង​នឹង​ស៊ូ​ទ្រាំ

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក