អត្ថបទសិក្សា ៣៩
ចម្រៀងលេខ៥៤ «គឺផ្លូវនេះហើយ»
«អ្នកដែលមានចិត្តគំនិតត្រឹមត្រូវ»នឹងទទួលយកដំណឹងល្អ
«អស់អ្នកដែលមានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់ បានក្លាយទៅជាអ្នកជឿ»។—សកម្ម. ១៣:៤៨
ចំណុចផ្ដោត
តើពេលណាយើងគួរស្នើសុំបង្រៀនគម្ពីរ ហើយអញ្ជើញមនុស្សឲ្យចូលរួមកិច្ចប្រជុំរបស់យើង?
១. តើមនុស្សអាចមានប្រតិកម្មយ៉ាងណាចំពោះដំណឹងល្អ? (សកម្មភាព ១៣:៤៧, ៤៨; ១៦:១៤, ១៥)
ពេលមនុស្សនៅសតវត្សរ៍ទី១ឮដំណឹងដែលគ្រិស្តសាសនិកផ្សព្វផ្សាយ ពួកគេជាច្រើននាក់បានទទួលយកសេចក្ដីពិតភ្លាមៗ។ (សូមអាន សកម្មភាព ១៣:៤៧, ៤៨; ១៦:១៤, ១៥) ស្រដៀងគ្នាដែរ នៅសព្វថ្ងៃនេះមនុស្សខ្លះត្រេកអរពេលឮដំណឹងល្អជាលើកដំបូង។ សូម្បីតែពួកអ្នកដែលនៅដើមដំបូង មិនបង្ហាញចំណាប់អារម្មណ៍ចំពោះដំណឹងអំពីរាជាណាចក្រព្រះ ក៏ប្រហែលជាក្រោយមកបើកចិត្តទាំងស្រុងឲ្យទទួលយកដំណឹងនោះដែរ។ តើយើងគួរធ្វើអ្វីពេលយើងរកឃើញ«អ្នកដែលមានចិត្តគំនិតត្រឹមត្រូវ»ក្នុងកិច្ចបម្រើផ្សាយ?
២. តើកិច្ចការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូស្រដៀងគ្នាយ៉ាងណាទៅនឹងកិច្ចការរបស់អ្នកថែសួន?
២ សូមគិតអំពីឧទាហរណ៍មួយ។ កិច្ចការរបស់យើងដើម្បីបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ អាចប្រដូចទៅនឹងកិច្ចការរបស់អ្នកថែសួន។ បើដើមឈើមួយមានផ្លែទុំ នោះអ្នកថែសួនទំនងជានឹងបេះផ្លែនោះ សូម្បីតែគាត់កំពុងជ្រួយដីឬកំពុងដាំដំណាំនៅកន្លែងផ្សេងទៀតក្នុងសួននោះក្ដី។ ស្រដៀងគ្នាដែរ ពេលយើងជួបអ្នកណាម្នាក់ដែលចង់ស្ដាប់ដំណឹងដែលយើងផ្សាយ យើងចង់ជួយគាត់ឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្តឲ្យបានឆាប់បំផុត។ នៅដំណាលគ្នានោះ យើងបន្តព្យាយាមបង្កើនចំណាប់អារម្មណ៍របស់ពួកអ្នកដែលត្រូវការពេលថែមទៀតដើម្បីយល់ថាអ្វីដែលពួកគេកំពុងឮគឺមានតម្លៃ។ (យ៉ូន. ៤:៣៥, ៣៦) សមត្ថភាពវែកញែកនឹងជួយយើងឲ្យដឹងអំពីរបៀបដែលល្អបំផុតដើម្បីជួយមនុស្ស។ ឥឡូវ សូមឲ្យយើងពិចារណាអំពីអ្វីដែលយើងអាចធ្វើដើម្បីជួយមនុស្សដែលចង់ស្ដាប់ដំណឹងល្អ ពេលយើងជួបពួកគេនៅលើកដំបូង។ យើងក៏នឹងពិចារណាដែរអំពីរបៀបដែលយើងអាចបន្តជួយបុគ្គលបែបនោះឲ្យរីកចម្រើន។
របៀបជួយមនុស្សដែលចាប់អារម្មណ៍ដំណឹងល្អ
៣. តើយើងគួរធ្វើអ្វីពេលជួបអ្នកចាប់អារម្មណ៍ក្នុងកិច្ចបម្រើផ្សាយ? (កូរិនថូសទី១ ៩:២៦)
៣ ពេលយើងរកឃើញអ្នកចាប់អារម្មណ៍ក្នុងកិច្ចបម្រើផ្សាយ យើងចង់ឆាប់ជួយពួកគេឲ្យដើរលើផ្លូវដែលទៅឯជីវិត។ ក្នុងករណីបែបនេះ ពេលយើងជួបពួកគេនៅលើកដំបូង យើងមិនគួរស្ទាក់ស្ទើរស្នើសុំបង្រៀនគម្ពីរ ហើយអញ្ជើញពួកគេឲ្យចូលរួមកិច្ចប្រជុំរបស់យើងឡើយ។—សូមអាន កូរិនថូសទី១ ៩:២៦
៤. សូមរៀបរាប់អំពីបទពិសោធន៍របស់បុគ្គលម្នាក់ដែលចង់សិក្សាគម្ពីរភ្លាមៗ។
៤ ការស្នើសុំបង្រៀនគម្ពីរ។ បុគ្គលខ្លះដែលយើងជួប ចង់សិក្សាគម្ពីរភ្លាមៗ។ ជាឧទាហរណ៍ នៅថ្ងៃព្រហស្បតិ៍មួយ ស្ត្រីវ័យក្មេងម្នាក់នៅប្រទេសកាណាដាបានដើរទៅកន្លែងដែលមានរទេះដាក់តាំងសៀវភៅ ហើយយកសៀវភៅស្ដើងសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!មួយក្បាល។ បងស្រីដែលឈរនៅក្បែររទេះនោះបានពន្យល់ថា សៀវភៅនេះក៏រួមបញ្ចូលកម្មវិធីសិក្សាគម្ពីរដោយឥតគិតថ្លៃដែរ។ ស្ត្រីវ័យក្មេងនោះចាប់អារម្មណ៍ ហើយពួកគេឲ្យលេខទំនាក់ទំនងគ្នាទៅវិញទៅមក។ ក្រោយមកនៅថ្ងៃដដែលនោះ ស្ត្រីវ័យក្មេងនោះបានផ្ញើសារទៅបងស្រីយើង ហើយសួរថាពេលណាអាចរៀនជាមួយគ្នា។ ពេលបងស្រីយើងស្នើសុំមកចុងសប្ដាហ៍ ស្ត្រីវ័យក្មេងនោះសួរថា៖ «ចុះយ៉ាងណាថ្ងៃស្អែក? ខ្ញុំទំនេរតើ!»។ ដូច្នេះ ពួកគេបានសិក្សាជាមួយគ្នានៅថ្ងៃសុក្រនោះ។ ស្ត្រីវ័យក្មេងនោះបានចូលរួមកិច្ចប្រជុំជាលើកដំបូងនៅចុងសប្ដាហ៍នោះ ហើយបន្តរីកចម្រើនយ៉ាងលឿន។
៥. តើយើងអាចប្រើសមត្ថភាពវែកញែកយ៉ាងណាពេលស្នើសុំបង្រៀនគម្ពីរ? (សូមមើលរូបភាពផងដែរ)
៥ ពិតណាស់ យើងមិនរំពឹងថាមនុស្សទាំងអស់ដែលស្ដាប់ដំណឹងដែលយើងផ្សាយ នឹងចង់សិក្សាគម្ពីរភ្លាមៗដូចស្ត្រីវ័យក្មេងនោះទេ។ អ្នកខ្លះប្រហែលជាត្រូវការពេលច្រើនជាង។ ដំបូងយើងប្រហែលជាត្រូវចាប់ផ្ដើមនិយាយអំពីប្រធានបទណាមួយដែលបុគ្គលនោះចាប់អារម្មណ៍។ ប៉ុន្តែ បើយើងរក្សាចិត្តគំនិតវិជ្ជមាន ហើយបន្តបង្ហាញចំណាប់អារម្មណ៍ទៅលើគាត់ផ្ទាល់ នោះក្នុងរយៈពេលដ៏ខ្លី យើងប្រហែលជាអាចចាប់ផ្ដើមការសិក្សាជាមួយគាត់បាន។ តើយើងអាចនិយាយយ៉ាងណាពេលស្នើសុំបង្រៀនគម្ពីរ? សូមមើលយោបល់ពីបងប្អូនមួយចំនួនដែលពូកែចាប់ផ្ដើមការសិក្សាគម្ពីរ។
តើអ្នកអាចនិយាយយ៉ាងណាដើម្បីជួយមនុស្សក្នុងរូបភាពទាំងនេះឲ្យចង់សិក្សាគម្ពីរ? (សូមមើលវគ្គ៥)a
៦. តើតាមរបៀបណាយើងអាចស្នើសុំបន្តនិយាយជាមួយនឹងបុគ្គលដែលចាប់អារម្មណ៍?
៦ បងប្អូនមួយចំនួននោះដែលបានត្រូវសុំឲ្យប្រាប់អំពីរបៀបចាប់ផ្ដើមការសិក្សាគម្ពីរបានពន្យល់ថា នៅប្រទេសខ្លះ ពេលពន្យល់អំពីរបៀបសិក្សាគម្ពីរ គឺជាការល្អឲ្យជៀសវាងពីពាក្យដូចជា «ការសិក្សា» «វគ្គសិក្សាគម្ពីរ» ឬ«បង្រៀនអ្នក»។ ពួកគេឃើញថា ការប្រើពាក្យដូចជា «ការសន្ទនា» «ការពិគ្រោះគ្នា» និង«ស្គាល់គម្ពីរថែមទៀត» គឺមានប្រសិទ្ធភាពជាង។ ដើម្បីជួយបុគ្គលម្នាក់ឲ្យចង់និយាយជាមួយអ្នកម្ដងទៀត អ្នកអាចនិយាយថា៖ «គឺពិតជាគួរឲ្យចាប់អារម្មណ៍ដែលគម្ពីរមានចម្លើយចំពោះសំណួរសំខាន់ៗអំពីជីវិត» ឬ«គម្ពីរមិនគ្រាន់តែជាសៀវភៅសាសនាប៉ុណ្ណោះទេ តែគម្ពីរជួយយើងក្នុងជីវិតផងដែរ»។ អ្នកក៏អាចបន្ថែមថា៖ «គឺមិនត្រូវការពេលច្រើនទេ ១០ទៅ១៥នាទីគឺគ្រប់គ្រាន់ហើយដើម្បីរៀនអ្វីដែលមានតម្លៃ»។ ម្យ៉ាងទៀត អ្នកមិនចាំបាច់ប្រើពាក្យដូចជា «ណាត់» ឬ«រាល់សប្ដាហ៍»ទេ ពីព្រោះនោះធ្វើឲ្យមនុស្សយល់ថា នោះជាកាតព្វកិច្ច។
៧. តើពេលណាដែលបុគ្គលខ្លះយល់ថាអ្វីដែលពួកគេបានឮគឺជាសេចក្ដីពិត? (កូរិនថូសទី១ ១៤:២៣-២៥)
៧ ចូរអញ្ជើញពួកគេឲ្យចូលរួមកិច្ចប្រជុំ។ តាមមើលទៅនៅសម័យសាវ័កប៉ូល បុគ្គលខ្លះបានយល់ថាអ្វីដែលពួកគេឮគឺជាសេចក្ដីពិត ពេលដែលពួកគេបានចូលរួមកិច្ចប្រជុំជាលើកដំបូង។ (សូមអាន កូរិនថូសទី១ ១៤:២៣-២៥) នេះក៏ច្រើនតែកើតឡើងនៅសព្វថ្ងៃនេះដែរ។ អ្នកថ្មីភាគច្រើនឆាប់រីកចម្រើនជាងនៅពេលដែលពួកគេចាប់ផ្ដើមចូលរួមកិច្ចប្រជុំរបស់យើង។ ដូច្នេះ តើអ្នកគួរអញ្ជើញពួកគេឲ្យចូលរួមកិច្ចប្រជុំនៅពេលណា? សៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! នៅមេរៀនទី១០ មានការអញ្ជើញឲ្យពួកគេចូលរួមកិច្ចប្រជុំ។ ប៉ុន្តែ អ្នកមិនចាំបាច់ចាំរហូតដល់រៀនដល់មេរៀននោះទេ។ ចាប់តាំងពីការសន្ទនាលើកដំបូង អ្នកអាចអញ្ជើញអ្នកចាប់អារម្មណ៍ឲ្យចូលរួមកិច្ចប្រជុំនៅចុងសប្ដាហ៍។ អ្នកប្រហែលជាអាចលើកឡើងនូវប្រធានសុន្ទរកថាសាធារណៈ ឬចំណុចណាមួយពីការសិក្សាទស្សនាវដ្ដីប៉មយាមសម្រាប់សប្ដាហ៍នោះ។
៨. តើយើងអាចនិយាយអ្វីខ្លះពេលអញ្ជើញបុគ្គលណាម្នាក់ឲ្យចូលរួមកិច្ចប្រជុំ? (អេសាយ ៥៤:១៣)
៨ ពេលអញ្ជើញបុគ្គលដែលចាប់អារម្មណ៍ សូមពន្យល់អំពីរបៀបដែលកិច្ចប្រជុំរបស់យើងខុសប្លែកពីកម្មវិធីសាសនាឯទៀត។ នៅពេលមួយ មានសិស្សគម្ពីរម្នាក់បានចូលរួមការសិក្សាទស្សនាវដ្ដីប៉មយាមជាលើកដំបូង។ គាត់បានសួរអ្នកបង្រៀនរបស់គាត់ថា៖ «តើអ្នកដឹកនាំស្គាល់ឈ្មោះរបស់អ្នកចូលរួមទាំងអស់ទេ?»។ បងស្រីរបស់យើងពន្យល់ថា យើងទាំងអស់គ្នាព្យាយាមស្គាល់ឈ្មោះរបស់បងប្អូនក្នុងក្រុមជំនុំ ដូចយើងស្គាល់ឈ្មោះសមាជិកក្រុមគ្រួសាររបស់យើង។ សិស្សគម្ពីរនោះឃើញថា នេះខុសគ្នាឆ្ងាយណាស់ពីវិហារដែលគាត់ធ្លាប់ទៅ។ ស្រដៀងគ្នាដែរ គោលបំណងនៃកិច្ចប្រជុំរបស់យើងគឺខុសគ្នាពីកម្មវិធីសាសនាឯទៀត។ (សូមអាន អេសាយ ៥៤:១៣) យើងជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា រៀនពីលោក និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ (ហេ. ២:១២; ១០:២៤, ២៥) ជាលទ្ធផល កិច្ចប្រជុំរបស់យើងមានរបៀបរៀបរយ មានប្រយោជន៍ និងមិនមែនរួមបញ្ចូលទំនៀមទម្លាប់សាសនាទេ។ (១កូ. ១៤:៤០) សាលប្រជុំរបស់យើងមានពន្លឺភ្លឺល្មមដើម្បីយើងអាចផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងរៀននៅទីនោះ។ ម្យ៉ាងទៀត យើងមិនលើកស្ទួយគណបក្សណាមួយថាប្រសើរជាងគណបក្សណាមួយទៀតទេ ដោយសារយើងកាន់ជំហរអព្យាក្រឹត។ យើងក៏មិនស្រែកដាក់គ្នា ឬឈ្លោះប្រកែកគ្នាដែរ។ គឺអាចមានប្រយោជន៍ បើអ្នកបង្ហាញសិស្សទុកជាមុននូវវីដេអូ តើមានកម្មវិធីអ្វីខ្លះនៅសាលប្រជុំរបស់យើង? យ៉ាងនេះ គាត់នឹងដឹងថានឹងមានអ្វីកើតឡើងនៅកិច្ចប្រជុំរបស់យើង។
៩-១០. ពេលយើងអញ្ជើញអ្នកណាម្នាក់ឲ្យមកកិច្ចប្រជុំ តើយើងអាចនិយាយយ៉ាងណាដើម្បីកុំឲ្យគាត់ភ័យ? (សូមមើលរូបភាពផងដែរ)
៩ អ្នកខ្លះស្ទាក់ស្ទើរចូលរួមកិច្ចប្រជុំ ដោយសារពួកគេខ្លាចថាពួកគេនឹងត្រូវសុំឲ្យទៅជាសាក្សីព្រះយេហូវ៉ា។ សូមពង្រឹងទំនុកចិត្តបុគ្គលនោះថា យើងសប្បាយមានភ្ញៀវ ហើយថាគាត់អាចមកស្ដាប់កិច្ចប្រជុំរបស់យើងដោយមិនចាំបាច់និយាយឬធ្វើអ្វីណាមួយទេ។ យើងស្វាគមន៍ក្រុមគ្រួសារទាំងឡាយឲ្យចូលរួម រួមទាំងក្រុមគ្រួសារដែលមានកូនតូចៗដែរ។ នៅកិច្ចប្រជុំរបស់យើង កូនក្មេងមិនរៀនដោយឡែកពីមនុស្សពេញវ័យទេ។ ផ្ទុយទៅវិញ ឪពុកម្ដាយនិងកូនរបស់ពួកគេអង្គុយជាមួយគ្នា និងរៀនជាមួយគ្នា។ យ៉ាងនេះ ឪពុកម្ដាយដឹងថា កូនៗរបស់ពួកគេមានសុវត្ថិភាព ហើយរៀនអំពីអ្វី។ (បច. ៣១:១២) នៅកិច្ចប្រជុំរបស់យើង មិនមានការរៃអង្គាសប្រាក់ទេ។ ផ្ទុយទៅវិញ យើងធ្វើតាមបង្គាប់របស់លោកយេស៊ូដែលថា៖ «អ្នករាល់គ្នាបានទទួលដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ»។ (ម៉ាថ. ១០:៨) អ្នកក៏អាចប្រាប់បុគ្គលដែលចាប់អារម្មណ៍ថា គាត់មិនចាំបាច់ពាក់សម្លៀកបំពាក់ថ្លៃៗដើម្បីចូលរួមទេ។ ព្រះមើលក្នុងចិត្ត មិនមែនមើលសម្បកក្រៅឡើយ។—១សាំ. ១៦:៧
១០ បើបុគ្គលនោះចូលរួម សូមខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យគាត់មានអារម្មណ៍ថា យើងសប្បាយដែលគាត់បានមក។ សូមណែនាំគាត់ឲ្យស្គាល់ពួកអ្នកចាស់ទុំ និងបងប្អូនឯទៀតក្នុងក្រុមជំនុំ។ បើគាត់មានអារម្មណ៍ស្រួល គាត់ទំនងជានឹងចង់មកចូលរួមម្ដងទៀត។ ក្នុងអំឡុងកិច្ចប្រជុំ បើគាត់មិនមានគម្ពីរទេ សូមឲ្យគាត់មើលគម្ពីរជាមួយអ្នក ហើយជួយគាត់ឲ្យយល់សុន្ទរកថា និងរបៀបដែលយើងសិក្សាជាមួយគ្នា។
កាលដែលបុគ្គលម្នាក់កាន់តែឆាប់ចូលរួមកិច្ចប្រជុំ គាត់នឹងកាន់តែឆាប់ចូលទៅជិតព្រះយេហូវ៉ា (សូមមើលវគ្គ៩-១០)
ពេលចាប់ផ្ដើមបង្រៀនគម្ពីរ
១១. តើតាមរបៀបណាអ្នកអាចបង្ហាញថាអ្នកគោរពម្ចាស់ផ្ទះនិងពេលវេលារបស់គាត់?
១១ តើអ្នកគួរចាំអ្វីខ្លះពេលសិក្សាគម្ពីរជាមួយនឹងនរណាម្នាក់? សូមបង្ហាញការគោរពចំពោះម្ចាស់ផ្ទះនិងពេលវេលារបស់គាត់។ ជាឧទាហរណ៍ បើអ្នកណាត់ជាមួយនឹងម្ចាស់ផ្ទះ សូមមកទៀងម៉ោង ទោះជាមនុស្សនៅតំបន់របស់អ្នកមានទស្សនៈយ៉ាងណាចំពោះរឿងនោះក៏ដោយ។ បន្ថែមទៅទៀត ប្រហែលជាការល្អឲ្យអ្នកបង្រៀនខ្លីៗពេលរៀននៅលើកដំបូង។ បងប្អូនខ្លះដែលមានបទពិសោធន៍ក្នុងការបង្រៀននិយាយថា គឺជាការល្អឲ្យយើងឈប់រៀនលឿនជាង ទោះជាម្ចាស់ផ្ទះចង់ដឹងថែមទៀតក៏ដោយ។ ម្យ៉ាងទៀត គឺសំខាន់ដែលយើងមិននិយាយច្រើនពេក។ សូមទុកឱកាសឲ្យសិស្សគម្ពីរនិយាយអំពីអារម្មណ៍និងគំនិតរបស់គាត់។—សុភ. ១០:១៩
១២. តើយើងគួរមានគោលដៅអ្វីចាប់តាំងពីពេលដែលយើងចាប់ផ្ដើមការសិក្សាគម្ពីរ?
១២ ចាប់តាំងពីដំបូង អ្នកគួរមានគោលដៅជួយសិស្សគម្ពីរឲ្យស្គាល់ព្រះយេហូវ៉ានិងលោកយេស៊ូ ហើយជួយគាត់បណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះលោកទាំងពីរ។ អ្នកធ្វើដូច្នេះដោយផ្ដោតអារម្មណ៍ទៅលើបណ្ដាំរបស់ព្រះ ជាជាងខ្លួនអ្នកនិងចំណេះរបស់អ្នកអំពីគម្ពីរ។ (សកម្ម. ១០:២៥, ២៦) ក្នុងការបង្រៀនរបស់សាវ័កប៉ូល គាត់ច្រើនតែផ្ដោតអារម្មណ៍ទៅលើលោកយេស៊ូគ្រិស្តជាបុគ្គលដែលព្រះយេហូវ៉ាបានចាត់ឲ្យមក ដើម្បីជួយយើងឲ្យស្គាល់និងស្រឡាញ់ព្រះ។ (១កូ. ២:១, ២) ប៉ូលក៏បញ្ជាក់ដែរថា គឺជាការសំខាន់ឲ្យជួយពួកអ្នកកាន់តាមថ្មីឲ្យបណ្ដុះគុណសម្បត្តិដ៏ថ្លៃថ្លា ដែលអាចប្រដូចទៅនឹងមាស ប្រាក់ និងថ្មប្រណីតៗ។ (១កូ. ៣:១១-១៥) គុណសម្បត្តិដ៏ថ្លៃថ្លាទាំងនេះរួមមានជំនឿ ប្រាជ្ញា សមត្ថភាពវែកញែក និងការគោរពកោតខ្លាចព្រះយេហូវ៉ា។ (ចសព. ១៩:៩, ១០; សុភ. ៣:១៣-១៥; ១ពេ. ១:៧) ចូរធ្វើតាមរបៀបដែលសាវ័កប៉ូលបង្រៀន ដោយជួយសិស្សគម្ពីររបស់អ្នកបណ្ដុះឲ្យមានជំនឿរឹងមាំ និងមានចំណងមិត្តភាពរឹងមាំដោយផ្ទាល់ជាមួយនឹងបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់នៅស្ថានសួគ៌។—២កូ. ១:២៤
១៣. តើយើងអាចបង្ហាញចិត្តអត់ធ្មត់និងការយល់អារម្មណ៍យ៉ាងដូចម្ដេចពេលយើងជួយអ្នកចាប់អារម្មណ៍? (កូរិនថូសទី២ ១០:៤, ៥) (សូមមើលរូបភាពផងដែរ)
១៣ សូមធ្វើតាមរបៀបដែលលោកយេស៊ូបង្រៀនដោយបង្ហាញចិត្តអត់ធ្មត់ និងយល់អារម្មណ៍។ សូមជៀសវាងពីការសួរសំណួរដែលធ្វើឲ្យសិស្សគម្ពីរមានអារម្មណ៍មិនស្រួល។ បើចាំបាច់ សូមរំលងចំណុចដែលធ្វើឲ្យគាត់ពិបាក ហើយត្រឡប់មកចំណុចនោះវិញនៅពេលក្រោយមក។ ជាជាងព្យាយាមបង្ខំគាត់ឲ្យទទួលយកសេចក្ដីបង្រៀនមុនគាត់មានអារម្មណ៍ថាអាចទទួលយកបាន សូមទុកពេលឲ្យសេចក្ដីពិតចាក់ឫសជ្រៅក្នុងចិត្តរបស់គាត់។ (យ៉ូន. ១៦:១២; កូឡ. ២:៦, ៧) គម្ពីរចែងថា សេចក្ដីបង្រៀនមិនពិតគឺដូចជា«អ្វីៗដែលចាក់ឫសជ្រៅ» ដែលយើងត្រូវ«រំលំរំលើង»។ (សូមអាន កូរិនថូសទី២ ១០:៤, ៥) សិស្សគម្ពីរប្រហែលជាពិបាកលះចោលជំនឿដែលគាត់មានតាំងពីយូរមកហើយ។ ដូច្នេះ ដំបូងយើងត្រូវជួយសិស្សឲ្យមានចំណងមិត្តភាពរឹងមាំជាមួយព្រះយេហូវ៉ាសិន។ ក្រោយមក សិស្សនឹងកាន់តែស្រួលលះចោលជំនឿដែលបានចាក់ឫសជ្រៅក្នុងចិត្តគាត់។—ចសព. ៩១:៩
សូមទុកពេលឲ្យសេចក្ដីពិតចាក់ឫសជ្រៅក្នុងចិត្តរបស់សិស្ស (សូមមើលវគ្គ១៣)
ពេលអ្នកថ្មីចូលរួមកិច្ចប្រជុំ
១៤. តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះពួកអ្នកដែលចូលរួមកិច្ចប្រជុំរបស់យើង?
១៤ ព្រះយេហូវ៉ាចង់ឲ្យយើងប្រព្រឹត្តចំពោះមនុស្សទាំងអស់ដោយមិនលម្អៀង មិនថាពួកគេមានវប្បធម៌ ឋានៈក្នុងសង្គម ឬជាតិសាសន៍ណាក្ដី។ (យ៉ា. ២:១-៤, ៩) ដូច្នេះ តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកអ្នកដែលមកកិច្ចប្រជុំរបស់យើងយ៉ាងដូចម្ដេច?
១៥-១៦. តើយើងអាចជួយអ្នកថ្មីយ៉ាងដូចម្ដេចឲ្យមានអារម្មណ៍ស្រួលនៅកិច្ចប្រជុំរបស់យើង?
១៥ អ្នកខ្លះមកកិច្ចប្រជុំដោយសារតែពួកគេចង់ដឹងថាយើងធ្វើអ្វីខ្លះនៅទីនោះ ឬប្រហែលជាបុគ្គលដែលនៅតំបន់ផ្សេងបានលើកទឹកចិត្តពួកគេឲ្យចូលរួម។ ដូច្នេះ សូមកុំស្ទាក់ស្ទើរទៅជួបបុគ្គលបែបនោះឡើយ។ សូមស្វាគមន៍ពួកគេយ៉ាងរាក់ទាក់ តែសូមកុំធ្វើឲ្យពួកគេមានអារម្មណ៍មិនស្រួល។ សូមអញ្ជើញពួកគេឲ្យមកអង្គុយជាមួយអ្នក។ សូមឲ្យពួកគេមើលគម្ពីរ និងសៀវភៅសិក្សារបស់យើងជាមួយគ្នា ឬឲ្យសៀវភៅទាំងនោះដល់ពួកគេដើម្បីពួកគេអាចមើលបាន។ បន្ថែមទៅទៀត សូមគិតអំពីអារម្មណ៍របស់ពួកគេ។ បុរសម្នាក់ដែលមកសាលប្រជុំរបស់យើងបានប្រាប់បងប្រុសដែលស្វាគមន៍គាត់ថា គាត់មានអារម្មណ៍ភ័យដោយសារគាត់ស្លៀកពាក់សាមញ្ញ។ បងប្រុសនោះបានធ្វើឲ្យគាត់មានអារម្មណ៍ស្រួលដោយពន្យល់ថា សាក្សីព្រះយេហូវ៉ាគឺជាមនុស្សធម្មតា។ ក្រោយមក បុរសនោះបានរីកចម្រើនរហូតដល់ទទួលការជ្រមុជទឹក ហើយគាត់មិនដែលភ្លេចពាក្យរបស់បងប្រុសនោះឡើយ។ ដូច្នេះ ពេលនិយាយជាមួយនឹងអ្នកថ្មីមុនឬក្រោយកិច្ចប្រជុំ សូមបង្ហាញការយកចិត្តទុកដាក់ តែសូមកុំជ្រៀតជ្រែកនឹងរឿងផ្ទាល់ខ្លួនរបស់ពួកគេ។—១ពេ. ៤:១៥
១៦ យើងក៏អាចធ្វើឲ្យអ្នកថ្មីមានអារម្មណ៍ស្រួល ដោយបង្ហាញការគោរពក្នុងការសន្ទនា ចម្លើយ និងក្នុងផ្នែករបស់យើងនៅកិច្ចប្រជុំពេលសំដៅទៅលើអ្នកដែលមិនមែនជាសាក្សីឬជំនឿរបស់ពួកគេ។ សូមជៀសវាងពីពាក្យដែលអាចធ្វើឲ្យពួកគេជំពប់ដួល ឬធ្វើឲ្យពួកគេចាត់ទុកថាជាការមើលងាយ។ (ទីត. ២:៨; ៣:២) ជាឧទាហរណ៍ យើងនឹងមិននិយាយមើលងាយចំពោះជំនឿរបស់ពួកគេឡើយ។ (២កូ. ៦:៣) បងប្អូនប្រុសដែលថ្លែងសុន្ទរកថាសាធារណៈត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះរឿងនេះ។ ពួកគេក៏បង្ហាញថា ពួកគេគិតអំពីអ្នកចូលរួមដែលមិនមែនជាសាក្សី ដោយពន្យល់ពាក្យឬអ្វីផ្សេងទៀតដែលអ្នកចូលរួមទាំងនោះមិនយល់។
១៧. តើយើងមានគោលដៅអ្វីពេលជួប«អ្នកដែលមានចិត្តគំនិតត្រឹមត្រូវ»ក្នុងកិច្ចបម្រើផ្សាយ?
១៧ កិច្ចការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូកាន់តែបន្ទាន់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយយើងបន្ដរកឃើញ«អ្នកដែលមានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។ (សកម្ម. ១៣:៤៨) ពេលយើងជួបពួកគេ យើងមិនគួរស្ទាក់ស្ទើរស្នើសុំបង្រៀនគម្ពីរឬអញ្ជើញពួកគេឲ្យចូលរួមកិច្ចប្រជុំរបស់យើងទេ។ យ៉ាងនេះ យើងអាចជួយពួកគេឲ្យចាប់ផ្ដើមដើរលើ«ផ្លូវដែលទៅឯជីវិត»។—ម៉ាថ. ៧:១៤
ចម្រៀងលេខ៦៤ ការចូលរួមប្រមូលផលដោយអំណរ
a ការពណ៌នាអំពីរូបភាព៖ បងប្រុសពីរនាក់ជួបបុរសម្នាក់ដែលជាអតីតទាហានដែលកំពុងសម្រាកនៅរានហាលរបស់គាត់។ បងស្រីពីរនាក់ផ្សព្វផ្សាយយ៉ាងខ្លីដល់ម្ដាយដែលរវល់។