បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kl ជំ. ១៥ ទំ. ១៤០-១៤៩
  • កសាងគ្រួសារដែលផ្ដល់កិត្ដិយសដល់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កសាងគ្រួសារដែលផ្ដល់កិត្ដិយសដល់ព្រះ
  • ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ឧបករណ៍​សំរាប់​កសាង​អាពាហ៍ពិពាហ៍​ដ៏​សប្បាយ
  • ចិញ្ចឹម​អប់រំ​កូន​តាម​ចំណេះ​អំពី​ព្រះ
  • ទទួល​‹សេចក្ដី​ណែនាំ​ដ៏​ប្រសប់›
  • ការធ្វើឲ្យបានជោគជ័យក្នុងជីវភាពគ្រួសារ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • សូមធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកបានជាស្ថាពរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • តើគ្រិស្តសាសនិកអាចធ្វើអ្វីខ្លះដើម្បីទទួលជោគជ័យក្នុងអាពាហ៍ពិពាហ៍?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • អាពាហ៍ពិពាហ៍ជាអំណោយមួយពីព្រះដែលមានសេចក្ដីស្រឡាញ់
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
មើលបន្ថែមទៀត
ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
kl ជំ. ១៥ ទំ. ១៤០-១៤៩

ជំពូក​ទី១៥

កសាង​គ្រួសារ​ដែល​ផ្ដល់​កិត្ដិយស​ដល់​ព្រះ

១​-​៣​. ហេតុ​អ្វី​ក៏​មនុស្ស​ខ្លះ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ក្នុង​អាពាហ៍ពិពាហ៍​និង​ក្នុង​កិច្ច​ជា​មាតា​បិតា ប៉ុន្តែ ហេតុ​អ្វី​ក៏​ព្រះគម្ពីរ​អាច​ជួយ​បាន?

ឧបមា​ថា អ្នក​បម្រុង​នឹង​សង់​ផ្ទះ​របស់​អ្នក។ អ្នក​បាន​ទិញ​ដី ហើយ​ក្នុង​ការ​រង់ចាំ​យ៉ាង​រំភើប​ចិត្ត អ្នក​ក៏​នឹក​មមៃ​ឃើញ​ផ្ទះ​ថ្មី​មួយ​ក្នុង​ចិត្ត​របស់​អ្នក។ ប៉ុន្តែ តើ​យ៉ាង​ណា​ទៅ​វិញ ប្រសិន​បើ​អ្នក​ឥត​មាន​ប្រដាប់ប្រដា ហើយ​ឥត​មាន​ជំនាញ​ក្នុង​ការ​សង់​ផ្ទះ​នោះ? នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​រអាក់រអួល​ដល់​ការ​ប្រឹងប្រែង​របស់​អ្នក​ពុំ​ខាន!

២ គូ​ជា​ច្រើន​ចាប់​ផ្ដើម​ការ​រស់​នៅ​ជា​ប្ដី​ប្រពន្ធ ដោយ​នឹក​ក្នុង​ចិត្ត​ថា​នឹង​បាន​គ្រួសារ​ដ៏​សប្បាយ​មួយ។ ប៉ុន្តែ ពួក​គេ​ឥត​មាន​ឧបករណ៍ ឬ​ជំនាញ​ដែល​ត្រូវ​ការ​ដើម្បី​កសាង​គ្រួសារ​ដ៏​សប្បាយ​ទេ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ថ្ងៃ​រៀប​ការ នោះ​ក៏​មាន​លំនាំ​នៃ​អាកប្បកិរិយា​អ​វិជ្ជមាន។ ការ​ឈ្លោះ​ប្រកែក​គ្នា​ក៏​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ ពេល​ដែល​កូន​បាន​កើត​មក ពួក​គេ​ក៏​បាន​ដឹង​ខ្លួន​ថា​គេ​ខ្វះ​ខាត​ជំនាញ​ធ្វើ​ជា​ឪពុក​ម្ដាយ ដូច​ដែល​គេ​ខ្វះ​ខាត​ជំនាញ​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​បាន​ជោគជ័យ​ដែរ។

៣ ប៉ុន្តែ គួរ​ឲ្យ​ត្រេកអរ​ណាស់​ដែល​ព្រះគម្ពីរ​អាច​ជួយ​ដោះ​ស្រាយ​បាន។ គោលការណ៍​ព្រះគម្ពីរ គឺ​ដូច​ជា​ឧបករណ៍ ដែល​អាច​ជួយ​អ្នក​ឲ្យ​កសាង​គ្រួសារ​ដ៏​សប្បាយ​មួយ។ (សុភាសិត ២៤:⁠៣) ចូរ​យើង​មើល​នូវ​របៀប​ដែល​ការ​នេះ​អាច​សម្រេច​ឡើង​បាន។

ឧបករណ៍​សំរាប់​កសាង​អាពាហ៍ពិពាហ៍​ដ៏​សប្បាយ

៤​. ហេតុ​អ្វី​ក៏​បញ្ហា​នឹង​ត្រូវ​កើត​ឡើង​ក្នុង​អាពាហ៍ពិពាហ៍ ហើយ​តើ​មាន​ខ្នាត​តម្រា​អ្វី​ដែល​បាន​ផ្ដល់​មក​ក្នុង​ព្រះគម្ពីរ?

៤ ទោះ​ជា​ប្ដី​ប្រពន្ធ​មាន​ទំនង​ត្រូវ​គ្នា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​គឺ​ខុស​គ្នា​ក្នុង​សមាស​ភាព​ខាង​ចិត្ត ការ​ពិសោធ​ពី​កុមារភាព និង​ជីវ​ប្រវត្ដិ​គ្រួសារ។ ដូច្នេះ នឹង​មាន​បញ្ហា​ខ្លះ​ក្រោយ​ពេល​រៀប​ការ​រួច។ តើ​បញ្ហា​ទាំង​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​តាម​របៀប​ណា? មែន​ហើយ ពេល​ដែល​ជាង​សង់​ផ្ទះ នោះ​ពួក​គេ​នឹង​ពិនិត្យ​មើល​ប្លង់។ ប្លង់​នេះ​ជា​គោលការណ៍​ណែនាំ ដែល​គេ​ត្រូវ​ធ្វើ​តាម។ ព្រះ​គម្ពីរ​បាន​ផ្ដល់​ខ្នាត​តម្រា​របស់​ព្រះ សំរាប់​កសាង​គ្រួសារ​ដ៏​សប្បាយ។ ឥឡូវ ចូរ​យើង​ពិចារណា​មើល​ខ្នាត​តម្រា​ទាំង​នេះ​ខ្លះ។

៥​. តើ​តាម​របៀប​ណា​ដែល​ព្រះគម្ពីរ​បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​សេចក្ដី​ស្មោះ​ត្រង់​ក្នុង​អាពាហ៍ពិពាហ៍?

៥ សេចក្ដី​ស្មោះ​ត្រង់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា⁠៖ «កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ​ទ្រង់​បាន​ផ្សំផ្គុំ​គ្នា​ឡើយ»។a (ម៉ាថាយ ១៩:⁠៦) សាវ័ក​ប៉ុល​បាន​សរសេរ​ថា⁠៖ «ការ​វិវាហមង្គល​ជា​ការ​ប្រសើរ​ដល់​គ្រប់​គ្នា ហើយ​ដែល​រួម​ដំណេក នោះ​ក៏​ជា​ការ​ឥត​សៅហ្មង​ដែរ តែ​ព្រះ​ទ្រង់​នឹង​ជំនុំជំរះ​មនុស្ស​កំផិត ហើយ​នឹង​មនុស្ស​សហាយ​ស្មន់​គ្នា​វិញ»។ (ហេព្រើរ ១៣:⁠៤) ដូច្នេះ​ហើយ មនុស្ស​រៀប​ការ​មាន​កាតព្វកិច្ច​ចំពោះ​ព្រះ​យេហូវ៉ា ក្នុង​ការ​រក្សា​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​គូ​របស់​ខ្លួន។​—⁠លោកុប្បត្តិ ៣៩:​៧​-​៩

៦​. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​ស្មោះ​ត្រង់​នឹង​ជួយ​រក្សា​ការពារ​អាពាហ៍ពិពាហ៍?

៦ សេចក្ដី​ស្មោះ​ត្រង់​ផ្ដល់​ឲ្យ​អាពាហ៍ពិពាហ៍​នូវ​សេចក្ដី​ថ្លៃថ្នូរ​និង​សន្ដិសុខ។ ប្ដី​ប្រពន្ធ​ស្មោះ​ត្រង់​ដឹង​ថា ពួក​គេ​នឹង​គាំទ្រ​គ្នា​ជានិច្ច ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។ (សាស្ដា ៤:​៩​-​១២) តើ​ខុស​គ្នា​យ៉ាង​ណា​ទៅ​ហ្ន៎ ចំពោះ​ពួក​អ្នក​ដែល​បោះបង់​ចោល​អាពាហ៍ពិពាហ៍​ខ្លួន ពេល​ឃើញ​មាន​បញ្ហា​បន្ដិច​បន្តួច​កើត​ឡើង​ភ្លាម​នោះ! បុគ្គល​បែប​នេះ ប្រញាប់​សន្និដ្ឋាន​ពេក​ថា​គេ​‹បាន​រើស​គូ​ខុស​ហើយ› ថា​គេ​‹លែង​ស្នេហា​គ្នា​ទៀត› ហើយ​ថា​មាន​តែ​យក​គូ​ថ្មី​ទេ ទើប​ដោះ​ស្រាយ​បញ្ហា​គេ​បាន។ ប៉ុន្តែ នេះ​មិន​ទុក​ឱកាស​ឲ្យ​ប្ដី​ឬ​ប្រពន្ធ​ចំរើន​លូត​លាស់​ផង។ ផ្ទុយ​ទៅ​វិញ បុគ្គល​មិន​ស្មោះ​ត្រង់​បែប​នេះ ប្រហែល​ផ្ទេរ​បញ្ហា​ដដែល​នេះ​ទៅ​គូ​ថ្មី​ទៀត។ ពេល​បុគ្គល​ណា​ម្នាក់​មាន​ផ្ទះ​ដ៏​ស្អាត​មួយ ប៉ុន្តែ​បាន​ដឹង​ថា​ដំបូល​ផ្ទះ​លិច​ធ្លុះធ្លាយ នោះ​គាត់​ប្រាកដ​ជា​នឹង​ខ្នះខ្នែង​ជួសជុល​វា​មិន​ខាន។ គាត់​មិន​រើ​ចេញ​ទៅ​នៅ​ផ្ទះ​ផ្សេង​មួយ​ទៀត​នោះ​ឡើយ។ គឺ​ស្រដៀង​គ្នា​ដែរ ការ​ផ្លាស់ប្ដូរ​គូ​គឺ​មិន​មែន​ជា​ផ្លូវ​ដោះ​ស្រាយ​បញ្ហា​រវាង​ប្ដី​ប្រពន្ធ​ទេ។ ពេល​មាន​បញ្ហា​កើត​ឡើង សូម​កុំ​ដោះសា​បញ្ចប់​អាពាហ៍ពិពាហ៍ ប៉ុន្តែ ត្រូវ​ខំ​ប្រឹង​រក្សា​ការពារ​អាពាហ៍ពិពាហ៍​នោះ​វិញ។ សេចក្ដី​ស្មោះ​ត្រង់​បែប​នេះ​ចាត់​ទុក​អាពាហ៍ពិពាហ៍ ជា​អ្វី​មួយ​ដែល​មាន​តម្លៃ​ដែល​ត្រូវ​រក្សា​ការពារ ថែទាំ ហើយ​ថ្នម​ស្រឡាញ់​ជា​ទីបំផុត។

៧​. ហេតុ​អ្វី​ក៏​ការ​ប្រស្រ័យ​ទាក់ទង​គ្នា​ជា​ការ​ពិបាក​ចំពោះ​ប្ដី​ប្រពន្ធ ប៉ុន្តែ តើ​ការ​បំពាក់​‹បុគ្គលិកលក្ខណៈ​ថ្មី›​អាច​ជួយ​យ៉ាង​ដូច​ម្ដេច?

៧ ការ​ប្រស្រ័យ​ទាក់ទង​គ្នា។ សុភាសិត​មួយ​នៃ​ព្រះគម្ពីរ​ចែង​ថា⁠៖ «ទីណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ»។ (សុភាសិត ១៥:⁠២២) ប៉ុន្តែ ចំពោះ​ប្ដី​ប្រពន្ធ​ខ្លះ ការ​ប្រស្រ័យ​ទាក់ទង​គ្នា​ជា​ការ​ពិបាក​មួយ។ ហេតុ​អ្វី​ក៏​ដូច្នេះ? ពីព្រោះ​មនុស្ស​មាន​របៀប​ប្រស្រ័យ​ទាក់ទង​គ្នា​ខុស⁠ៗពី​គ្នា។ នេះ​ជា​ហេតុ​ការណ៍​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​យល់​ខុស និង​ការ​រសាយ​ចិត្ត​ជា​ញឹកញយ។ ការ​អប់រំ​ប្រហែល​ជា​មាន​មុខ​នាទី​ក្នុង​រឿង​នេះ។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​ប្រហែល​ជា​បាន​ទទួល​ការ​អប់រំ​ក្នុង​បរិយាកាស ដែល​មាន​ឪពុក​ម្ដាយ​តែង​ឈ្លោះ​ប្រកែក​គ្នា។ តែ​ឥឡូវ​ជា​ប្ដី​ប្រពន្ធ គេ​ប្រហែល​ជា​មិន​ប្រសប់​និយាយ​ជា​មួយ​គូ​របស់​គេ​ក្នុង​របៀប​ដ៏​សប្បុរស ដ៏​ប្រកប​ដោយ​ស្រឡាញ់​ឡើយ។ ប៉ុន្តែ ផ្ទះ​សម្បែង​របស់​អ្នក​មិន​គួរ​លិច​លង់​ក្នុង​សភាព​ជា​‹ផ្ទះ​មួយ​ពេញ​ដោយ​សេចក្ដី​ទាស់​ទែង​គ្នា​ទេ›។ (សុភាសិត ១៧:⁠១) ព្រះ​គម្ពីរ​បញ្ជាក់​អំពី​ការ​បំពាក់​‹បុគ្គលិកលក្ខណៈ​ថ្មី› ហើយ​មិន​បណ្ដោយ​ឲ្យ​មាន​ចិត្ត​ជូរចត់ សម្រែក​ឡូឡា និង​ពាក្យ​ជេរ​ប្រមាថ​ឡើយ។—អេភេសូរ ៤:​២២​-​២៤, ៣១

៨​. តើ​មាន​ជំនួយ​អ្វី ពេល​ដែល​អ្នក​ខ្វែង​គំនិត​ជា​មួយ​គូ​របស់​អ្នក?

៨ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា ពេល​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា? ប្រសិន​បើ​កំហឹង​ចាប់​ផ្ដើម​ផ្ទុះ​ឡើង ជា​ការ​ល្អ​បើ​អ្នក​ស្ដាប់​តាម​ឱវាទ​នៃ​សុភាសិត ១៧:១៤⁠៖ «ចូរ​លើក​ការ​ទាស់​គ្នា​ចេញ មុន​ដែល​កើត​មាន​ការ​ប្រឈ្លោះ​គ្នា»។ ត្រូវ​ហើយ អ្នក​អាច​ទុក​ការ​ពិគ្រោះ​គ្នា​នៅ​ពេល​ក្រោយ ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ស្ងប់​ចិត្ត។ (សាស្ដា ៣:​១, ៧) អ្វី​ក៏​ដោយ​ដែល​កើត​ឡើង សូម​ខំ​ប្រឹង​«ឆាប់​នឹង​ស្ដាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ»។ (យ៉ាកុប ១:⁠១៩) គោល​ដៅ​របស់​អ្នក គឺ​ចង់​រក​ដោះ​ស្រាយ​បញ្ហា មិន​មែន​ចង់​ឈ្នះ​ការ​ឈ្លោះ​គ្នា​ទេ។ (លោកុប្បត្តិ ១៣:​៨, ៩) សូម​ប្រើ​ពាក្យ​និង​របៀប​និយាយ​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​និង​គូ​របស់​អ្នក​បាន​ស្ងប់។ (សុភាសិត ១២:⁠១៨; ១៥:​១, ៤; ២៩:⁠១១) សំខាន់​បំផុត គឺ​សូម​កុំ​ឲ្យ​ស្ថិត​នៅ​ក្នុង​សភាព​ខឹង​មួម៉ៅ តែ​សូម​ស្វែង​រក​ជំនួយ​ដោយ​ប្រស្រ័យ​ទាក់ទង​នឹង​ព្រះ ក្នុង​សេចក្ដី​អធិស្ឋាន​ដ៏​រាប​ទាប​ជា​មួយ​គ្នា​វិញ។​—⁠អេភេសូរ ៤:​២៦, ២៧; ៦:⁠១៨

៩​. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា ការ​ប្រស្រ័យ​ទាក់ទង​គ្នា​ចាប់​ផ្ដើម​នៅ​ក្នុង​ចិត្ត?

៩ សុភាសិត​ព្រះគម្ពីរ​ថ្លែង​ថា⁠៖ «ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​បង្រៀន​មាត់​របស់​ខ្លួន ហើយ​ក៏​បង្កើន​ឲ្យ​បបូរមាត់​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង»។ (សុភាសិត ១៦:⁠២៣) ដូច្នេះ​ហើយ កូនសោ​នៃ​ការ​ប្រស្រ័យ​ទាក់ទង​គ្នា​ដ៏​ជោគជ័យ គឺ​នៅ​ក្នុង​ចិត្ត មិន​មែន​នៅ​ក្នុង​មាត់​ទេ។ តើ​អាកប្បកិរិយា​របស់​អ្នក​ចំពោះ​គូ​របស់​អ្នក​គឺ​យ៉ាង​ណា​ដែរ? ព្រះ​គម្ពីរ​លើក​ទឹក​ចិត្ត​ពួក​គ្រីស្ទាន​ឲ្យ​មាន​«ចិត្ត​អាណិតអាសូរ»។ (ពេត្រុសទី១ ៣:⁠៨) តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​ឬ​ទេ ពេល​ដែល​គូ​របស់​អ្នក​មាន​ការ​ថប់​បារម្ភ​យ៉ាង​ពិបាក​ក្នុង​ចិត្ត? បើ​ធ្វើ​បាន នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​នូវ​របៀប​ឆ្លើយ។​—⁠អេសាយ ៥០:៤

១០, ១១​. តើ​ប្ដី​អាច​អនុវត្ត​តាម​ឱវាទ​នៃ​ពេត្រុសទី១ ៣:៧ យ៉ាង​ដូច​ម្ដេច?

១០ កិត្ដិយស​និង​សេចក្ដី​គោរព។ ប្ដី​គ្រីស្ទាន​បាន​ត្រូវ​បង្គាប់​ឲ្យ​នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន «ដោយ​ប្រាជ្ញា​ដែរ ដូច​នឹង​គ្រឿង​ភាផនៈ​ដែល​ខ្សោយ​ជាង គឺ​ជា​មនុស្ស​ស្រី»។ (ពេត្រុសទី១ ៣:⁠៧) ការ​ឲ្យ​កិត្ដិយស​ដល់​ប្រពន្ធ​ខ្លួន​គឺ​ជាប់​ទាក់ទង​នឹង​ការ​ទទួល​ស្គាល់​តម្លៃ​របស់​នាង។ ប្ដី​ដែល​រួម​រស់​ជា​មួយ​ប្រពន្ធ​របស់​គាត់​«ដោយ​ប្រាជ្ញា» មាន​ការ​គោរព​យ៉ាង​ខ្លាំង​ចំពោះ​អារម្មណ៍ កម្លាំង ប្រាជ្ញា និង​សេចក្ដី​ថ្លៃថ្នូរ​របស់​នាង។ គាត់​ក៏​ត្រូវ​តែ​រៀន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​ចំពោះ​ស្ត្រី​ដែរ ហើយ​និង​របៀប​ដែល​ទ្រង់​ចង់​ឲ្យ​គាត់​ប្រព្រឹត្ត​នឹង​នាង​ផង។

១១ ឧបមា​ថា ក្នុង​ផ្ទះ​របស់​អ្នក អ្នក​មាន​ថូ​ដ៏​មាន​ប្រយោជន៍​មួយ ដែល​អាច​បាក់​បែក​យ៉ាង​ងាយ​ស្រួល។ តើ​អ្នក​នឹង​មិន​ថ្នាក់ថ្នម​វា​យ៉ាង​ប្រយ័ត្ន​ទេ​ឬ? មែន​ហើយ ពេត្រុស​បាន​ប្រើ​ពាក្យ «ភាជនៈ​ដែល​ខ្សោយ​ជាង» ក្នុង​ន័យ​ស្រដៀង​គ្នា​នេះ ហើយ​នេះ​គួរ​ជំរុញ​ប្ដី​គ្រីស្ទាន​ឲ្យ​សម្ដែង​ការ​ថ្នាក់ថ្នម​ចំពោះ​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​គាត់។

១២​. តើ​ប្រពន្ធ​អាច​បង្ហាញ​យ៉ាង​ណា​ថា​នាង​មាន​សេចក្ដី​គោរព​យ៉ាង​ជ្រៅ​ចំពោះ​ប្ដី​នាង?

១២ ប៉ុន្តែ តើ​ឱវាទ​អ្វី​ដែល​ព្រះគម្ពីរ​បាន​ផ្ដល់​ឲ្យ​ប្រពន្ធ? ប៉ុល​បាន​សរសេរ​ថា⁠៖ «ប្រពន្ធ​ក៏​ត្រូវ[មាន​សេចក្ដី​គោរព​ដ៏​ជ្រាល​ជ្រៅ​ចំពោះ]ប្ដី​ដែរ»។ (អេភេសូរ ៥:⁠៣៣) ដូច​ជា​ប្រពន្ធ​ត្រូវ​ការ​ដឹង​ថា​ប្ដី​នាង​បាន​លើក​កិត្ដិយស​នាង ហើយ​ស្រឡាញ់​នាង​យ៉ាង​ខ្លាំង នោះ​ប្ដី​ក៏​ត្រូវ​ការ​ដឹង​ថា​ប្រពន្ធ​ចេះ​គោរព​គាត់​ដែរ។ ប្រពន្ធ​ដែល​ចេះ​គោរព​ប្ដី មិន​ថ្លែង​ប្រកាស​កំហុស​ប្ដី​ដោយ​ឥត​គិត​ក្រែង ទោះបី​គាត់​ជា​គ្រីស្ទាន​មែន​ឬ​មិន​មែន​ក៏​ដោយ។ នាង​មិន​បង្អាប់​មុខ​ប្ដី ដោយ​និយាយ​រិះគន់​ហើយ​មើលងាយ​គាត់ ដោយ​ស្ងាត់⁠ៗ​ឬ​នៅ​ចំពោះ​មុខ​គេ​មុខ​ឯង​ឡើយ។​—⁠ធីម៉ូថេទី១ ៣:⁠១១; ៥:⁠១៣

១៣​. តើ​ប្ដី​ប្រពន្ធ​អាច​បញ្ចេញ​ទស្សនៈ​ក្នុង​របៀប​ស្រុះស្រួល​គ្នា​យ៉ាង​ដូច​ម្ដេច?

១៣ នេះ​មិន​មែន​មាន​ន័យ​ថា ប្រពន្ធ​មិន​អាច​បញ្ចេញ​មតិ​របស់​នាង​នោះ​ឡើយ។ ប្រសិន​បើ​មាន​អ្វី​មួយ​ធ្វើ​ឲ្យ​នាង​ព្រួយ​បារម្ភ នាង​អាច​បញ្ចេញ​យោបល់​ដោយ​គោរព។ (លោកុប្បត្តិ ២១:​៩​-​១២) ការ​ថ្លែង​ប្រាប់​គំនិត​អ្វី​មួយ​ទៅ​ប្ដី​របស់​នាង ប្រហែល​អាច​ប្រៀបប្រដូច​នឹង​ការ​បោះ​បាល់​ទៅ​ឲ្យ​ប្ដី​នាង​អញ្ចឹង។ នាង​អាច​បោះ​បាល់​យ៉ាង​ថ្នម​ដើម្បី​ឲ្យ​ប្ដី​នាង​ចាប់​បាន​យ៉ាង​ងាយ​ស្រួល ឬ​ក៏​នាង​អាច​គប់​វា​មួយ​ទំហឹង​ដៃ​ធ្វើ​ឲ្យ​គាត់​ត្រូវ​របួស។ តើ​មិន​ជា​ការ​ប្រសើរ​ទេ​ឬ ពេល​ដែល​គូ​ទាំង​ពីរ​ជៀសវាង​ការ​បោះ​សំដី​ជេរ​បន្ទោស​គ្នា តែ​និយាយ​នឹង​គ្នា​ដោយ​សប្បុរស​និង​ទន់ភ្លន់​វិញ​នោះ!​—⁠ម៉ាថាយ ៧:⁠១២; កូល៉ុស ៤:៦; ពេត្រុសទី១ ៣:​៣, ៤

១៤​. តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា ប្រសិន​បើ​គូ​របស់​អ្នក​មិន​មាន​ចិត្ត​អនុវត្ត​តាម​គោលការណ៍​ព្រះគម្ពីរ​ក្នុង​អាពាហ៍ពិពាហ៍?

១៤ ដូច​យើង​បាន​ឃើញ​មក​ហើយ គោលការណ៍​ព្រះគម្ពីរ​អាច​ជួយ​អ្នក​កសាង​អាពាហ៍ពិពាហ៍​ដ៏​សប្បាយ​មួយ។ ប៉ុន្តែ យ៉ាង​ណា​វិញ បើ​គូ​របស់​អ្នក​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី⁠ៗ ដែល​ព្រះគម្ពីរ​បាន​ចែង​មក​នោះ? អ្នក​ក៏​នៅ​តែ​អាច​សម្រេច​បាន​ច្រើន​ដែរ បើ​អ្នក​យក​ចំណេះ​អំពី​ព្រះ​មក​ប្រើ​ក្នុង​ការ​បំពេញ​មុខ​នាទី​របស់​អ្នក។ ពេត្រុស​បាន​សរសេរ​ថា⁠៖ «ពួក​ស្រី⁠⁠ៗត្រូវ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន​បែប​ដូច្នោះ​ដែរ​ដើម្បី​បើ​មាន​អ្នក​ណា​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​តាម​ព្រះ​បន្ទូល នោះ​ប្រពន្ធ​នឹង​ទាញ​ចិត្ត​មក​បាន​ដោយសារ​កិរិយា​ល្អ​ក្រៅ​ពី​ព្រះ​បន្ទូល ដោយ​អ្នក​នោះ​ឃើញ​កិរិយា​បរិសុទ្ធ​ដែល​ប្រពន្ធ​ប្រព្រឹត្ត​យ៉ាង​កោត​ខ្លាច​ដល់​ព្រះ»។ (ពេត្រុសទី១ ៣:​១, ២) ត្រូវ​ហើយ ឱវាទ​នេះ​ក៏​ទាក់ទង​នឹង​ប្ដី​ដែល​មាន​ប្រពន្ធ​មិន​អើពើ​ព្រះគម្ពីរ​ដែរ។ ទោះ​ជា​គូ​របស់​អ្នក​សម្រេច​ចិត្ត​ធ្វើ​អ្វី​ក៏​ដោយ សូម​ឲ្យ​គោលការណ៍​ព្រះគម្ពីរ​ធ្វើ​ឲ្យ​អ្នក បាន​ទៅ​ជា​គូ​ដ៏​ប្រសើរ​ឡើង។ ចំណេះ​អំពី​ព្រះ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ជា​មាតា​បិតា​ដ៏​ប្រសើរ​ឡើង​ដែរ។

ចិញ្ចឹម​អប់រំ​កូន​តាម​ចំណេះ​អំពី​ព្រះ

១៥​. តើ​វិធី​អប់រំ​ដ៏​មាន​គុណ​វិបត្ដិ​ជួន​កាល​ត្រូវ​ឆ្លង​ត⁠ៗមក​យ៉ាង​ដូច​ម្ដេច ប៉ុន្តែ​គេ​អាច​ជ្រើសរើស​យក​វិធី​ផ្សេង​វិញ​តាម​របៀប​ណា?

១៥ គ្រាន់​តែ​មាន​រណារ​ឬ​ញញួរ​មួយ មិន​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ក្លាយ​ទៅ​ជាជាង​ឈើ​ដ៏​ប្រសប់​នោះ​ឡើយ។ គឺ​ដូច​គ្នា​ដែរ គ្រាន់​តែ​មាន​កូន​មិន​មែន​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ក្លាយ​ជា​មាតា​ឬ​បិតា​ដ៏​ប្រសប់​នោះ​ដែរ។ ដោយ​ដឹង​ខ្លួន​ឬ​ក៏​មិន​ដឹង​ខ្លួន ឪពុក​ម្ដាយ​តែង​តែ​អប់រំ​កូន​ដូច​ដែល​គេ​បាន​ត្រូវ​អប់រំ​មក​អញ្ចឹង។ ដូច្នេះ វិធី​អប់រំ​កូន​ដ៏​មាន​គុណ​វិបត្ដិ ជួន​កាល​បាន​ឆ្លង​បន្ត​ពី​តំណ​មួយ​ទៅ​តំណ​មួយ។ សុភាសិត​ហេព្រើរ​ពី​បុរាណ​បាន​ថ្លែង​ថា⁠៖ «ឪពុក​បាន​ស៊ី​ផ្លែ​ជូរ ហើយ​កូន​ត្រូវ​សង្កៀរ​ធ្មេញ​ទៅ»។ ប៉ុន្តែ បទ​គម្ពីរ​បង្ហាញ​ឲ្យ​ឃើញ​ថា បុគ្គល​ម្នាក់​មិន​ចាំបាច់​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដែល​ឪពុក​ម្ដាយ​គេ​បាន​តាំង​ទុក​មក​នោះ​ឡើយ។ គេ​អាច​ជ្រើសរើស​ផ្លូវ​ផ្សេង​វិញ ផ្លូវ​ដែល​ទទួល​អនុភាព​ពី​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា។​—⁠អេសេគាល ១៨:​២, ១៤, ១៧

១៦​. ហេតុ​អ្វី​បាន​ជា​សំខាន់​ម្ល៉េះ​ក្នុង​ការ​ផ្គត់ផ្គង់​ឲ្យ​គ្រួសារ​របស់​អ្នក ហើយ​នេះ​មាន​រួម​បញ្ចូល​អ្វី​ខ្លះ?

១៦ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ឪពុក​ម្ដាយ​គ្រីស្ទាន​ណែនាំ​និង​ថែរក្សា​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ។ ប៉ុល​បាន​សរសេរ​ថា⁠៖ «បើ​មាន​អ្នក​ណា ដែល​មិន​ផ្គត់ផ្គង់​ឲ្យ​ពួក​ញាតិ​សន្ដាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះបង់​ចោល​សេចក្ដី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត»។ (ធីម៉ូថេទី១ ៥:⁠៨) ជា​ពាក្យ​ដ៏​ខ្លាំង​មែន​ហ្ន៎! ការ​បំពេញ​មុខ​នាទី​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​ផ្គត់ផ្គង់ ដែល​រួម​បញ្ចូល​ការ​ថែរក្សា​កូន​ខាង​រូប​កាយ វិញ្ញាណ និង​ផ្លូវ​ចិត្ត គឺ​ជា​ឯក​សិទ្ធ​និង​ភារកិច្ច​របស់​បុគ្គល​ដែល​កោត​ខ្លាច​ព្រះ។ ព្រះ​គម្ពីរ​ផ្ដល់​គោលការណ៍​ដែល​អាច​ជួយ​ឪពុក​ម្ដាយ ឲ្យ​កសាង​បរិយាកាស​ដ៏​សប្បាយ​មួយ​សំរាប់​កូន​របស់​គេ។ សូម​ពិចារណា​មើល​គោលការណ៍​ខ្លះ⁠ៗនេះ។

១៧​. តើ​នឹង​ត្រូវ​ការ​អ្វី​ជា​ចាំបាច់ បើ​ចង់​ឲ្យ​កូន​របស់​អ្នក​មាន​ក្រិត្យ​វិន័យ​របស់​ព្រះ​ចារ​ជាប់​ក្នុង​ចិត្ត​របស់​វា?

១៧ ទុក​គំរូ​ដ៏​ល្អ។ ឪពុក​ម្ដាយ​អ៊ីស្រាអែល​បាន​ត្រូវ​បញ្ជា​ប្រាប់​ថា⁠៖ «ប្រិតប្រៀន​[បន្ទូល​របស់​ព្រះ]​ដល់​កូន​ចៅ​ឯង ព្រម​ទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង»។ ឪពុក​ម្ដាយ​គឺ​ត្រូវ​បង្រៀន​ក្បួន​តម្រា​របស់​ព្រះ​ដល់​កូន​របស់​គេ។ ប៉ុន្តែ ដំបូន្មាន​នេះ​មាន​សេចក្ដី​បន្ថែម​ពី​មុខ ដូច​នេះ​ថា⁠៖ «សេចក្ដី​ទាំង​នេះ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ»។ (ចោទិយកថា ៦:​៦, ៧) ត្រូវ​ហើយ ឪពុក​ម្ដាយ​មិន​អាច​ផ្ដល់​អ្វី​មួយ​ដែល​គេ​មិន​មាន​នោះ​ឡើយ។ ក្រិត្យ​វិន័យ​របស់​ព្រះ​គឺ​ត្រូវ​តែ​ចារ​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ជា​មុន​សិន បើ​អ្នក​ចង់​ឲ្យ​ក្រិត្យ​វិន័យ​ទាំង​នេះ​ចារ​ជាប់​ក្នុង​ចិត្ត​កូន​របស់​អ្នក​ដែរ។​—⁠សុភាសិត ២០:៧; ប្រៀបធៀប លូកា ៦:⁠៤០

១៨​. ក្នុង​ការ​សម្ដែង​សេចក្ដី​ស្រឡាញ់ តើ​ព្រះ​យេហូវ៉ា​បាន​ទុក​គំរូ​ដ៏​ប្រសើរ​ក្រៃលែង​សំរាប់​ឪពុក​ម្ដាយ​យ៉ាង​ដូច​ម្ដេច?

១៨ ផ្ដល់​ការ​រ៉ាប់​រង​នៃ​សេចក្ដី​ស្រឡាញ់។ ក្នុង​គ្រា​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា⁠៖ «ឯង​ជា​កូន​ស្ងួនភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់»។ (លូកា ៣:⁠២២) ដូច្នេះ ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​បុត្រា​របស់​ព្រះ​អង្គ សម្ដែង​ការ​ពេញ​ព្រះទ័យ​ចំពោះ​ទ្រង់ ហើយ​ផ្ដល់​នូវ​ការ​រ៉ាប់​រង​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​អង្គ​ផង។ ក្រោយ​មក ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​បិតា​ទ្រង់​ថា⁠៖ «ទ្រង់​បាន​ស្រឡាញ់​ទូល​បង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ៍​រៀង​មក»។ (យ៉ូហាន ១៧:⁠២៤) ដូច្នេះ ជា​ឪពុក​ម្ដាយ​ដែល​កោត​ខ្លាច​ព្រះ សូម​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​កូន​ដោយ​ពាក្យ​សំដី​និង​អាកប្បកិរិយា ហើយ​ធ្វើ​បែប​នេះ​ជា​ញឹកញយ​កុំ​ឲ្យ​ខាន​ឡើយ។ សូម​ចង​ចាំ​ថា​«សេចក្ដី​ស្រឡាញ់​ស្អាង​ចិត្ត​ឡើង​វិញ»។​—⁠កូរិនថូសទី១ ៨:១

១៩, ២០​. តើ​មាន​អ្វី​ជាប់​ទាក់ទង​ក្នុង​ការ​ទូន្មាន​ប្រដៅ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​តាម​របៀប​ណា​ដែល​ឪពុក​ម្ដាយ​អាច​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​ព្រះ​យេហូវ៉ា?

១៩ ទូន្មាន​ប្រដៅ។ ព្រះ​គម្ពីរ​បាន​បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​ការ​ទូន្មាន​ប្រដៅ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ (សុភាសិត ១:⁠៨) ឪពុក​ម្ដាយ​ដែល​គេច​វាង​ភារកិច្ច​ណែនាំ​កូន​ក្នុង​គ្រា​ឥឡូវ​នេះ ច្បាស់​ជា​នឹង​ជួបប្រទះ​ការ​ឈឺ​ចាប់​នៅ​ថ្ងៃ​មុខ​ហើយ។ ម្យ៉ាង​ទៀត ឪពុក​ម្ដាយ​ក៏​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​បំពត់​ប្រដៅ​កូន​ហួស​ហេតុ​ពេក​ដែរ។ ប៉ុល​បាន​សរសេរ​ថា⁠៖ «ឱ​ឪពុក​រាល់​គ្នា កុំ​ឌុកដាន់​កូន​ចៅ​ឡើយ ក្រែង​វា​រសាយ​ចិត្ត​ចេញ»។ (កូល៉ុស ៣:⁠២១) ឪពុក​ម្ដាយ​ត្រូវ​តែ​ជៀសវាង​ការ​កែ​ប្រដៅ​ហួស​ហេតុ ឬ​និយាយ​ច្រំដែល⁠ៗពី​ការ​ខុស​ឆ្គង​របស់​កូន ហើយ​រិះគន់​ការ​ខំ​ប្រឹង​របស់​វា។

២០ ព្រះ​យេហូវ៉ា ជា​ព្រះ​វរបិតា​របស់​យើង បាន​ទុក​គំរូ​ក្នុង​ការ​ទូន្មាន​ប្រដៅ។ ការ​កែ​ប្រដៅ​របស់​ទ្រង់​គឺ​មិន​ដែល​ជ្រុល​ហួស​ហេតុ​ឡើយ។ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​រាស្ត្រ​របស់​ទ្រង់​ថា⁠៖ «អញ​គ្រាន់​តែ​វាយ​ផ្ចាល​ឯង​តាម​ខ្នាត​ប៉ុណ្ណោះ»។ (យេរេមា ៤៦:⁠២៨) ឪពុក​ម្ដាយ​គួរ​តែ​ត្រាប់​តាម​ព្រះ​យេហូវ៉ា​ក្នុង​រឿង​នេះ។ ការ​ទូន្មាន​ប្រដៅ​ដែល​ខ្លាំង​ហួស​កំរិត ឬ​លើស​ពី​គោល​បំណង​នៃ​ការ​កែ​ប្រដៅ​និង​ការ​បង្រៀន នោះ​ពិត​ជា​ធ្វើ​ឲ្យ​ឌុកដាន់​មែន។

២១​. តើ​ឪពុក​ម្ដាយ​អាច​ដឹង​យ៉ាង​ណា​បាន ថា​ការ​ទូន្មាន​ប្រដៅ​របស់​គេ​គឺ​មាន​ប្រសិទ្ធ​ភាព​នោះ?

២១ តើ​ឪពុក​ម្ដាយ​អាច​ដឹង​យ៉ាង​ណា​បាន ថា​ការ​ទូន្មាន​ប្រដៅ​របស់​គេ​គឺ​មាន​ប្រសិទ្ធ​ភាព​នោះ? ពួក​គេ​អាច​សួរ​ខ្លួន​ឯង​ថា ‹តើ​ការ​ទូន្មាន​ប្រដៅ​របស់​ខ្ញុំ​បាន​សម្រេច​អ្វី›? ការ​ទូន្មាន​ប្រដៅ​ត្រូវ​តែ​បង្រៀន​អំពី​អ្វី​មួយ។ កូន​របស់​អ្នក​ត្រូវ​ដឹង​នូវ​មូលហេតុ​នៃ​ការ​ឲ្យ​ទូន្មាន​ប្រដៅ។ ឪពុក​ម្ដាយ​ត្រូវ​គិត​អំពី​លទ្ធផល​ក្រោយ​ពី​ការ​កែ​ប្រដៅ​ដែរ។ ពិត​មែន​ហើយ កូន​ក្មេង​សឹង​តែ​គ្រប់​គ្នា​មុន​ដំបូង​មិន​ចូល​ចិត្ត​ការ​ទូន្មាន​ប្រដៅ​ទេ។ (ហេព្រើរ ១២:⁠១១) ប៉ុន្តែ ការ​ទូន្មាន​ប្រដៅ​មិន​ត្រូវ​ធ្វើ​ឲ្យ​ក្មេង​ខ្លាច ឬ​ស្មាន​ថា​ឪពុក​ម្ដាយ​បោះបង់​វា​ចោល ឬ​ក៏​ធ្វើ​ឲ្យ​វា​គិត​ថា​វា​ជា​ក្មេង​អាក្រក់​ពី​កំណើត​នោះ​ឡើយ។ មុន​កែ​ប្រដៅ​រាស្ត្រ​របស់​ទ្រង់ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា⁠៖ «កុំ​ឲ្យ​ខ្លាច​ឲ្យ​សោះ . . . ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង»។ (យេរេមា ៤៦:⁠២៨) ត្រូវ​ហើយ ការ​កែ​ប្រដៅ​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​របស់​អ្នក​ដឹង​ថា អ្នក​ជា​ឪពុក​ម្ដាយ​ដែល​ចេះ​ទំនុកបំរុង​ជា​ទី​ស្រឡាញ់​របស់​វា។

ទទួល​‹សេចក្ដី​ណែនាំ​ដ៏​ប្រសប់›

២២, ២៣​. តើ​តាម​របៀប​ណា​ដែល​អ្នក​អាច​ទទួល​សេចក្ដី​ណែនាំ ដែល​ត្រូវ​ការ​ដើម្បី​កសាង​គ្រួសារ​ដ៏​សប្បាយ​មួយ?

២២ យើង​អរ​ព្រះ​គុណ​ណាស់ ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឧបករណ៍ ដែល​យើង​ត្រូវ​ការ ដើម្បី​កសាង​គ្រួសារ​ដ៏​សប្បាយ​មួយ។ ប៉ុន្តែ គ្រាន់​តែ​មាន​ឧបករណ៍​គឺ​មិន​គ្រប់គ្រាន់​ទេ។ យើង​ត្រូវ​តែ​ហាត់​រៀន​ប្រើ​វា​ឲ្យ​បាន​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ ជាង​ម្នាក់​ប្រហែល​មាន​ទម្លាប់​អាក្រក់​ក្នុង​ការ​ប្រើ​ប្រដាប់ប្រដា​របស់​គាត់។ គាត់​ប្រហែល​ប្រើ​ប្រដាប់ប្រដា​ខ្លះ​ខុស​ទាំង​ស្រុង​តែ​ម្ដង។ ក្រោម​កាលៈទេសៈ​នេះ របៀប​ប្រើ​របស់​គាត់ គឺ​ច្បាស់​ជា​បង្កើត​បាន​ផល​អន់​ហើយ។ ស្រដៀង​គ្នា​ដែរ ឥឡូវ​នេះ​អ្នក​ប្រហែល​ជា​ដឹង​នូវ​ទម្លាប់​មិន​ល្អ ដែល​បាន​ជ្រាប​ចូល​ក្នុង​គ្រួសារ​របស់​អ្នក។ ទម្លាប់​ខ្លះ​ប្រហែល​បាន​ចាក់​ឫស​ជាប់​យ៉ាង​មាំមួន​ហើយ​ពិបាក​ផ្លាស់ប្ដូរ​ណាស់។ យ៉ាង​ណា​ក៏​ដោយ សូម​ធ្វើ​តាម​ឱវាទ​ព្រះគម្ពីរ​ដែល​ប្រាប់​ថា⁠៖ «ឲ្យ​មនុស្ស​ប្រាជ្ញា​បាន​ស្ដាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន[ទទួល​សេចក្ដី​ណែនាំ​ដ៏​ប្រសប់]»។​—⁠សុភាសិត ១:៥

២៣ អ្នក​អាច​ទទួល​សេចក្ដី​ណែនាំ​ដ៏​ប្រសប់ ដោយ​បន្ត​ការ​ក្រេប​ជញ្ជក់​ចំណេះ​អំពី​ព្រះ។ សូម​ប្រុង​ប្រយ័ត្ន​នឹង​គោលការណ៍​ព្រះគម្ពីរ ដែល​ទាក់ទង​នឹង​ការ​រស់​នៅ​ក្នុង​គ្រួសារ ហើយ​សូម​កែ​តម្រូវ​តាម​ត្រូវ​ការ។ សូម​គន់​មើល​គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ ដែល​ទុក​គំរូ​ល្អ​ជា​ប្ដី​ប្រពន្ធ ជា​ឪពុក​ម្ដាយ។ សូម​ពិគ្រោះ​ជា​មួយ​គេ។ សំខាន់​ជាង​គេ​បំផុត សូម​ទូល​ប្រាប់​សេចក្ដី​ខ្វល់ខ្វាយ​របស់​អ្នក​ដល់​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​អធិស្ឋាន។ (ទំនុកដំកើង ៥៥:⁠២២; ភីលីព ៤:​៦, ៧) ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​មាន​ការ​រស់​នៅ​យ៉ាង​សប្បាយ​ក្នុង​គ្រួសារ ដែល​ផ្ដល់​កិត្ដិយស​ដល់​ទ្រង់។

[កំណត់​សម្គាល់]

a  មូលដ្ឋាន​តែ​មួយ​គត់​ក្នុង​បទ​គម្ពីរ​សំរាប់​ការ​លែង​លះ​គ្នា ដែល​អនុញ្ញាត​ឲ្យ​រៀប​ការ​ម្ដង​ទៀត​គឺ «សេចក្ដី​កំផិត» ដែល​ជា​ការ​រួម​ដំណេក​ក្រៅ​អាពាហ៍ពិពាហ៍។​—⁠ម៉ាថាយ ១៩:៩

សាកល្បង​ចំណេះ​របស់​អ្នក

តើ​តាម​របៀប​ណា​ដែល​សេចក្ដី​ស្មោះ​ត្រង់ ការ​ប្រស្រ័យ​ទាក់ទង​គ្នា កិត្ដិយស និង​សេចក្ដី​គោរព ជួយ​ឲ្យ​មាន​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍?

តើ​តាម​របៀប​ណា​ដែល​ឪពុក​ម្ដាយ​អាច​រ៉ាប់​រង​ដល់​កូន​នូវ​សេចក្ដី​ស្រឡាញ់​របស់​គេ?

តើ​មាន​កត្ដា​អ្វី​ខ្លះ​ដែល​ជាប់​ទាក់ទង​ក្នុង​ការ​ទូន្មាន​ប្រដៅ​ត្រឹម​ត្រូវ?

[រូបភាព​ពេញ​មួយ​ទំព័រ​នៅ​ទំព័រ​១៤៧]

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក