បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៧ ទំ. ២-៦
  • តើសេចក្ដីពិតខាងសាសនាអាចទទួលបានទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើសេចក្ដីពិតខាងសាសនាអាចទទួលបានទេ?
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទស្សនវិជ្ជា និង​សេចក្ដី​ពិត
  • តើ​សេចក្ដី​ពិត​ត្រូវ​ការ​បញ្ចេញ​ឲ្យ​ដឹង​ទេ?
  • សាសនា និង​សេចក្ដី​ពិត
  • ‹ស្រូវសាលី និង​ស្រងែ›
  • ជនគ្រីស្ទានថ្វាយបង្គំដោយវិញ្ញាណនិងសេចក្ដីពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ហេតុអ្វីក៏ស្វែងរកសេចក្ដីពិត?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការយកតម្រាប់តាមព្រះនៃសេចក្ដីពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • «សេចក្ដីពិត . . . នឹងប្រោសឲ្យអ្នករាល់គ្នារួច»
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៧ ទំ. ២-៦

តើ​សេចក្ដី​ពិត​ខាង​សាសនា​អាច​ទទួល​បាន​ទេ?

នៅ​ក្នុង​ប្រទេស​ស៊្វីដិន នៅ​ឯ​សកល​វិទ្យាល័យ​នៃ​ទី​ក្រុង​អាប់​សា​ឡា មាន​បុរស​ម្នាក់​ដែល​មាន​ចិត្ត​ចង់​ដឹង​ខាង​វិញ្ញាណ ហើយ​បាន​សម្រេច​ចិត្ត​នឹង​សិក្សា​ជំនឿ​នៃ​សាសនា​ផ្សេងៗនៅ​ក្នុង​ទី​ក្រុង​របស់​គាត់ ហើយ​ព្រម​ទាំង​បាន​ទៅ​មើល​ដល់​ទី​កន្លែង​ថ្វាយ​បង្គំ​របស់​គេ​ផង។ គាត់​បាន​ស្ដាប់​នូវ​អ្វីៗដែល​បព្វជិត​បាន​ប្រកាស​ផ្សាយ ហើយ​គាត់​បាន​ធ្វើ​សម្ភាសន៍​សមាជិក​ខ្លះៗដែរ។ គាត់​បាន​ឃើញ​ថា មាន​តែ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ ដែល​ជឿជាក់​ថា​ពួក​គេ​«បាន​រក​ឃើញ​សេចក្ដី​ពិត​នោះ»។ គាត់​បាន​ងឿង​ឆ្ងល់​នូវ​ហេតុ​ដែល​គេ​អាច​អះអាង​បែប​នេះ ពីព្រោះ​គឺ​មាន​មតិ​ខាង​សាសនា​ជា​ច្រើន​ប្រភេទ​ណាស់។

តើ​អ្នក​គិត​ថា​អ្នក​អាច​ទទួល​សេចក្ដី​ពិត​ខាង​សាសនា​បាន​ទេ? តើ​អាច​ប្ដេជ្ញា​នូវ​អ្វី​ដែល​ហៅ​ថា​សេចក្ដី​ពិត​ផ្ដាច់​ព្រាត់​បាន​ទេ?

ទស្សនវិជ្ជា និង​សេចក្ដី​ពិត

ពួក​អ្នក​ដែល​បាន​សិក្សា​អំពី​ទស្សនវិជ្ជា​បាន​ស្ថាបនា​ទស្សនៈ​ថា មនុស្ស​លោក​មិន​អាច​ទទួល​សេចក្ដី​ពិត​ផ្ដាច់​ព្រាត់​បាន​ឡើយ។ អ្នក​ប្រហែល​ជា​ដឹង​ថា ទស្សនវិជ្ជា​ត្រូវ​បាន​គេ​ឲ្យ​អត្ថន័យ​ជា​«វិទ្យាសាស្ត្រ​ដែល​ខំ​ប្រឹង​ខ្នះខ្នែង ដើម្បី​ពន្យល់​អំពី​ដើម​កំណើត​នៃ​ការ​មាន​នៅ ហើយ​នឹង​ជីវិត»។ តែ​តាម​ការ​ពិត ទស្សនៈ​វិជ្ជា​កម្រ​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ណាស់។ នៅ​ក្នុង​ហ្វិល៉ូសូហ្វិន ហិស្ទរី​អា (ប្រវត្ដិសាស្ត្រ​នៃ​ទស្សនវិជ្ជា) អ្នក​និពន្ធ​នៃ​សាសន៍​ស៊្វីដិន​ម្នាក់​ឈ្មោះ អាល្ស អៃបឺ​គ​បាន​សរសេរ​ថា៖ «សំនួរ​ជា​ច្រើន​ខាង​ទស្សនវិជ្ជា​គឺ​មាន​ដល់​ថ្នាក់​ដែល​មិន​អាច​ផ្ដល់​ឲ្យ​ចម្លើយ​ច្បាស់​លាស់​បាន​ឡើយ . . . មនុស្ស​ជា​ច្រើន​មាន​មតិ​ថា​បញ្ហា​ខាង​បរ​ម​ត​វិជ្ជា​ទាំង​អស់ [ដែល​ទាក់ទង​នឹង​គោលការណ៍​ទី​មួយ​នៃ​វត្ថុ]​ជា​របស់ . . . ក្រុម​នេះ»។

ដោយ​ហេតុ​នេះ អស់​អ្នក​ដែល​ជឿ​ខាង​ទស្សនវិជ្ជា​បាន​ខំប្រឹង​ស្វែង​រក​ចម្លើយ​ចំពោះ​សំនួរ​ដ៏​សំខាន់ៗនៃ​ជីវិត ប៉ុន្តែ​ជា​លទ្ធផល ពួក​គេ​តែង​តែ​ទទួល​ការ​ខក​ចិត្ត ឬ​ការ​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​ទៅ​វិញ។ អ្នក​និពន្ធ​នៃ​សាសន៍​ស៊្វីដិន​ម្នាក់​ឈ្មោះ ហ្គុនណា អេសផីលិន ក្នុង​សៀវភៅ​របស់​គាត់​ដែល​មាន​ចំណង​ជើង ឋែងឃី​លីញ៉ា អុកត្រូហ្វូមើ (ដំណើរ​នៃ​អាកប្បកិរិយា និង​ជំនឿ​សាសនា) បាន​មាន​ប្រសាសន៍​ថា៖ «អ្វី​មួយ​ដែល​យើង​មើល​ឃើញ គឺ​ថា​ធម្មជាតិ​មិន​មាន​បុគ្គលិកលក្ខណៈ​ទេ ហើយ​មិន​ទាំង​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​លោក ឬ​មេអំបៅ ឬ​មូ​ស​ផង . . . យើង​គ្មាន​អំណាច​ទេ គឺ​គ្មាន​អំណាច​សោះ​ឡើយ នៅ​ពី​មុខ​កម្លាំង​នៃ​ធម្មជាតិ​ដែល​មាន​សកម្មភាព​នៅ​ក្នុង​លោក​ធាតុ និង​នៅ​ក្នុង​ពិភពលោក​របស់​យើង។ នេះ​ជា​មតិ​ស្តី​ចំពោះ​ជីវិត​ដែល​តែង​តែ​មាន​នៅ​ក្នុង​ប្រកាសនវត្ថុ មិន​យូរ​ប៉ុន្មាន​នៅ​ចុង​សតវត្ស​ដែល​មនុស្ស​មាន​ជំនឿ​ទៅ​លើ​ការ​ជឿនលឿន និង​ប្រាថ្នា​ចង់​បាន​អនាគត​ល្អ»។

តើ​សេចក្ដី​ពិត​ត្រូវ​ការ​បញ្ចេញ​ឲ្យ​ដឹង​ទេ?

ជា​ការ​ជាក់​ស្តែង​ណាស់ ដែល​ការ​ខិតខំ​របស់​មនុស្ស​ពុំ​បាន​សម្រេច​ក្នុង​ការ​ស្វែង​រក​សេចក្ដី​ពិត​អំពី​ជីវិត ហើយ​ទៅ​អនាគត​ក៏​គេ​នឹង​មិន​អាច​រក​ឃើញ​ដែរ។ ដូច្នេះ គឺ​មាន​មូលហេតុ​ដ៏​ល្អ ក្នុង​ការ​សន្និដ្ឋាន​ថា ការ​បញ្ចេញ​ឲ្យ​ដឹង​ពី​ព្រះ​គឺ​ត្រូវ​ការ​ជា​ចាំបាច់។ អ្វី​ដែល​មនុស្ស​ជា​ច្រើន​ហៅ​ថា​សៀវភៅ​ធម្មជាតិ​គឺ​បាន​បញ្ចេញ​ឲ្យ​ដឹង​ខ្លះ​ដែរ។ ទោះបី​មិន​បាន​ផ្ដល់​ការ​រៀប​រាប់​ដ៏​ល្អិតល្អន់​អំពី​កំណើត​នៃ​ជីវិត​ក្ដី ប៉ុន្តែ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​អ្វី​មួយ​ដែល​ជា​ទី​ពេញ​ចិត្ត​ជាង​ការ​ពន្យល់​តាម​រូប​ធាតុ​អំពី​ជីវិត។ ស្លឹក​ស្មៅ​មួយ​ដែល​ដុះ​នោះ តាម​ការ​ពិត​គឺ​ប្រព្រឹត្ត​តាម​ច្បាប់​ដែល​ខុស​ពី​ច្បាប់​ដែល​ទប់ទល់​គំនរ​ដុំ​ថ្ម​នៅ​ក្នុង​រូង​ស្រុត។ ភាវៈរស់​ក្នុង​ធម្មជាតិ​ចេះ​ស្ថាបនា​និង​រៀប​ចំ​ខ្លួន​គេ​តាម​របៀប ដែល​ភាវៈ​គ្មាន​ជីវិត​មិន​អាច​ធ្វើ​បាន​ឡើយ។ ដូច្នេះ និស្សិត​ដ៏​ល្បី​ល្បាញ​ខាង​ច្បាប់ និង​សាសនា​ម្នាក់​មាន​មូលដ្ឋាន​ក្នុង​ការ​សន្និដ្ឋាន​ថា៖ «ដ្បិត​អ្វីៗរបស់​ទ្រង់ ដែល​រក​មើល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ​មក . . . នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក»។—រ៉ូម ១:២០

ប៉ុន្តែ ដើម្បី​ឲ្យ​ដឹង​ថា​តើ​អ្នក​ណា​ជា​អ្នក​ទទួល​ការ​ខុសត្រូវ​ចំពោះ​ការ​ស្ថាបនា​និង​ការ​រៀប​ចំ​ទាំង​នេះ យើង​ត្រូវ​ការ​ការ​បញ្ចេញ​ឲ្យ​ដឹង​ថែម​ទៀត។ តើ​យើង​មិន​គួរ​គិត​ថា​ការ​បញ្ចេញ​ឲ្យ​ដឹង​បែប​នេះ​ត្រូវ​តែ​មាន​ទេ​ឬ? តើ​មិន​សម​ហេតុ​សម​ផល​ទេ​ឬ ដោយ​គិត​ថា​បុគ្គល​ដែល​បាន​បង្កើត​ជីវិត​នៅ​លើ​ផែនដី​នេះ គួរ​តែ​បង្ហាញ​អង្គ​ទ្រង់​ដល់​សត្តនិករ​ទាំង​ឡាយ​របស់​ទ្រង់​នោះ?

ព្រះ​គម្ពីរ​អះអាង​ថា​ជា​សៀវភៅ ដែល​បញ្ចេញ​ឲ្យ​ដឹង​អំពី​រឿង​នេះ។ នៅ​ក្នុង​ទស្សនាវដ្ដី​នេះ យើង​តែង​តែ​បាន​បង្ហាញ​នូវ​មូលហេតុ​ដ៏​ល្អ​ក្នុង​ការ​ទទួល​សេចក្ដី​អះអាង​នេះ ហើយ​មនុស្ស​ដែល​ចេះ​រិះ​គិត​ក៏​បាន​ជឿ​នឹង​សេចក្ដី​អះអាង​នេះ​ដែរ។ ហេតុ​ដែល​ពួក​បុរស​សរសេរ​ព្រះ​គម្ពីរ មាន​ចំណង់​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ពួក​គេ​មិន​មែន​ជា​អ្នក​និពន្ធ​នោះ នេះ​គឺ​ជា​ការ​ដ៏​អស្ចារ្យ​ណាស់។ ជាង​៣០០​ដង​យើង​រក​ឃើញ​ថា​ពួក​ព្យាការី​នៃ​ព្រះ​គម្ពីរ​ប្រើ​ឃ្លា​ដូច​ជា​«ហេតុ​នោះ​បាន​ជា​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល»។ (អេសាយ ៣៧:៣៣; យេរេមា ២:២; ណាហ៊ុម ១:១២) អ្នក​ប្រហែល​ជា​ដឹង​ថា បុរស​និង​ស្ត្រី​ជា​ច្រើន​ដែល​សរសេរ​សៀវភៅ ឬ​អត្ថបទ​ណា​មួយ ធម្មតា​តែង​តែ​មាន​ចំណង់​យ៉ាង​ខ្លាំង​ក្នុង​ការ​ចុះ​ហត្ថលេខា​ទៅ​លើ​កិច្ចការ​របស់​គេ។ ផ្ទុយ​ទៅ​វិញ ចំពោះ​អស់​អ្នក​ដែល​បាន​សរសេរ​ព្រះ​គម្ពីរ ពួក​គេ​លាក់​ខ្លួន​មិន​ចង់​ចេញ​មុខ​ទេ។ ក្នុង​ករណី​ខ្លះ ជា​ការ​ពិបាក​នឹង​ដឹង​ថា​តើ​អ្នក​ណា​បាន​សរសេរ​ផ្នែក​ណា​មួយ​នៃ​ព្រះ​គម្ពីរ​ណាស់។

ទិដ្ឋភាព​មួយ​ទៀត​របស់​ព្រះ​គម្ពីរ ដែល​អ្នក​ប្រហែល​ជា​ឃើញ​ថា​សំខាន់​នោះ គឺ​ភាព​ចុះ​សម្រុង​គ្នា​នៃ​សៀវភៅ​ទាំង​អស់។ នេះ​គួរ​ឲ្យ​អស្ចារ្យ​ណាស់ ពីព្រោះ​ព្រះ​គម្ពីរ​ដែល​មាន​សៀវភៅ​៦៦​ក្បាល ត្រូវ​បាន​សរសេរ​មក​ក្នុង​កំឡុង​ពេល​ជាង​១.៦០០​ឆ្នាំ។ ឧបមា​ថា អ្នក​បាន​ទៅ​បណ្ណាល័យ​សាធារណៈ​ណា​មួយ ហើយ​រើស​យក​សៀវភៅ​សាសនា​៦៦​ក្បាល​ដែល​បាន​សរសេរ​មក​អស់​រយៈ​ពេល​ជាង​១៦​សតវត្ស។ រួច​មក អ្នក​បាន​ចង​សៀវភៅ​ទាំង​នោះ​ចូល​មួយ​ក្បាល។ តើ​អ្នក​យល់​ថា​សៀវភៅ​មួយ​ក្បាល​នេះ​មាន​ផ្ទៃ​រឿង​ដូច​គ្នា និង​សារ​ដែល​ចុះ​សម្រុង​គ្នា​ទេ? ប្រាកដ​ជា​មិន​ដូច​គ្នា​ទេ។ នេះ​គឺ​ត្រូវ​ការ​អព្ភូតហេតុ​ជា​ចាំបាច់។ សូម​ពិចារណា​អំពី​រឿង​នេះ​មើល៖ សៀវភៅ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​មាន​ផ្ទៃ​រឿង​ដូច​គ្នា ហើយ​សៀវភៅ​ទាំង​នេះ​ក៏​បញ្ជាក់​ភាព​ពិត​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ច្បាស់​ជា​មាន​មេ​គំនិត ឬ​អ្នក​និពន្ធ​តែ​មួយ​គត់​ដែល​ជា​អ្នក​ដឹក​នាំ​ពួក​អ្នក​សរសេរ​ព្រះ​គម្ពីរ​ឲ្យ​កត់​ទុក។

យ៉ាង​ណា​ក៏​ដោយ អ្នក​នឹង​រក​ឃើញ​នូវ​ទិដ្ឋភាព​មួយ​ដែល​បញ្ជាក់​ថា​ព្រះ​គម្ពីរ គឺ​ពិត​ជា​មក​ពី​ព្រះ​ច្រើន​ជាង​អ្វី​ផ្សេងៗទៅ​ទៀត។ ពត៌មាន​អំពី​ទំនាយ​ត្រូវ​បាន​ទាយ​មក​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ជា​ប្រាកដ​នៅ​អនាគត។ ឃ្លា​ដូច​ជា «នៅ​គ្រា​នោះ»​និង​«នៅ​ជាន់​ក្រោយ​បង្អស់»​ជា​ការ​អស្ចារ្យ​ណាស់​ចំពោះ​ព្រះ​គម្ពីរ។ (អេសាយ ២:២; ១១:១០, ១១; ២៣:១៥; អេសេគាល ៣៨:១៨; ហូសេ ២:២១​-​២៣; សាការី ១៣:២​-​៤) ជា​ច្រើន​រយ​ឆ្នាំ​មុន​នឹង​ព្រះ​យេស៊ូ​គ្រីស្ទ​យាង​មក​ផែនដី​នេះ បទ​ទំនាយ​ជា​ច្រើន​នៅ​ក្នុង​បទ​គម្ពីរ​ហេព្រើរ បាន​ផ្ដល់​សេចក្ដី​រាយ​ការណ៍​អំពី​ព្រះ​ជន្ម​របស់​ទ្រង់​យ៉ាង​ល្អិតល្អន់—ចាប់​តាំង​ពី​ពេល​កំណើត​ទៅ​ដល់​ការ​ទទួល​មរណភាព​របស់​ទ្រង់។ គ្មាន​សេចក្ដី​សន្និដ្ឋាន​ណា​ដែល​សម​ហេតុ​សម​ផល​ជាង​នេះ​ទេ ដែល​ថា​ព្រះ​គម្ពីរ​ជា​ប្រភព​នៃ​សេចក្ដី​ពិត​អំពី​ជីវិត​នោះ។ ព្រះ​យេស៊ូ​ក៏​បាន​បញ្ជាក់​អំពី​រឿង​នេះ​ដែរ ដោយ​មាន​បន្ទូល​ថា៖ «សេចក្ដី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់»។—យ៉ូហាន ១៧:១៧

សាសនា និង​សេចក្ដី​ពិត

សូម្បី​តែ​មនុស្ស​ជា​ច្រើន​ដែល​អះអាង​ថា​គេ​មាន​ជំនឿ​ទៅ​លើ​ព្រះ​គម្ពីរ ក៏​ជឿ​ថា​យើង​មិន​អាច​ទទួល​សេចក្ដី​ពិត​ផ្ដាច់​ព្រាត់​បាន​ដែរ។ បព្វជិត​ម្នាក់​នៅ​ស.រ.អ.ឈ្មោះ ចន ស្ពញ​បាន​ពន្យល់​ថា៖ «យើង​ត្រូវ . . . ប្រែ​គំនិត​ដែល​គិត​ថា​យើង​មាន​សេចក្ដី​ពិត​ចេញ ហើយ​អ្នក​ឯ​ទៀត​ក៏​ត្រូវ​ទទួល​ទស្សនៈ​របស់​យើង​នេះ​ដែរ ដោយ​ដឹង​ថា​សេចក្ដី​ពិត​ផ្ដាច់​ព្រាត់​គឺ​មិន​អាច​ទទួល​បាន​ទេ»។ អ្នក​និពន្ធ​កាន់​សាសនា​កាតូលិក​រ៉ូម៉ាំង​ម្នាក់​ឈ្មោះ គ្រីស្ទើហ្វើ ឌឺរិក បាន​ផ្ដល់​ឲ្យ​មូលហេតុ​មួយ ចំពោះ​ទស្សនៈ​ជំទាស់​អំពី​ការ​រក​ឃើញ​សេចក្ដី​ពិត​នេះ​ថា៖ «ការ​និយាយ​ណា​មួយ​អំពី​‹សេចក្ដី​ពិត›​ខាង​សាសនា នោះ​ចង់​អះអាង​ថា​ខ្លួន​ដឹង . . . ហើយ​ផ្ដោះផ្ដង​ថា​អ្នក​ឯ​ទៀត​ប្រហែល​ជា​ខុស ការ​នេះ​មិន​គួរ​យល់​ព្រម​បាន​ឡើយ»។

ប៉ុន្តែ ជា​មនុស្ស​ដែល​ចេះ​រិះ​គិត ជា​ការ​ប្រសើរ​បើ​អ្នក​ពិចារណា​នូវ​សំនួរ​ខ្លះៗដែល​ទាក់ទង​នឹង​រឿង​នេះ។ បើសិន​ជា​មិន​អាច​ទទួល​សេចក្ដី​ពិត​មែន​នោះ ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច»? ហើយ​ហេតុ​អ្វី​បាន​ជា​សាវ័ក​របស់​ព្រះ​យេស៊ូ​ម្នាក់​មាន​ប្រសាសន៍​ថា ព្រះ​សព្វ​ព្រះ​ហឫទ័យ​«ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត»? ហេតុ​អ្វី​ក៏​ពាក្យ​«សេចក្ដី​ពិត»​មាន​ជាង​មួយ​រយ​ដង​នៅ​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិក ដែល​ទាក់ទង​នឹង​ជំនឿ​នោះ? មែន​ហើយ ហេតុ​អ្វី បើសិន​ជា​មិន​អាច​ទទួល​សេចក្ដី​ពិត​នោះ?—យ៉ូហាន ៨:៣២; ធីម៉ូថេទី១ ២:៣, ៤

តាម​ការ​ពិត ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​សេចក្ដី​ពិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ទ្រង់​បាន​បង្ហាញ​ថា​ការ​រក​ឃើញ​សេចក្ដី​ពិត​នេះ ជា​ការ​តម្រូវ​មួយ បើ​យើង​ចង់​ឲ្យ​ព្រះ​សព្វ​ព្រះហឫទ័យ​នឹង​ការ​ថ្វាយ​បង្គំ​របស់​យើង​នោះ។ នៅ​ពេល​ដែល​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​បាន​ចង់​ដឹង​ថា​តើ​ការ​ថ្វាយ​បង្គំ​ពិត​ជា​អ្វី​នោះ—ជា​ការ​ថ្វាយ​បង្គំ​ដោយ​ពួក​សាសន៍​យូដា​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម ឬ​ជា​ការ​ថ្វាយ​បង្គំ​ដោយ​សាសន៍​សាម៉ារី​នៅ​លើ​ភ្នំ​កេរិស៊ីម—ព្រះ​យេស៊ូ​មិន​បាន​ឆ្លើយ​ដោយ​មាន​បន្ទូល​ថា សេចក្ដី​ពិត​មិន​អាច​ទទួល​បាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត ពីព្រោះ​ព្រះ​វរបិតា​ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​បាន​ថ្វាយ​បង្គំ​ទ្រង់។ ឯ​ព្រះ​ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ និង​សេចក្ដី​ពិត​ដែរ»។—យ៉ូហាន ៤:២៣, ២៤

មនុស្ស​ជា​ច្រើន​អះអាង​ថា៖ ‹ព្រះ​គម្ពីរ​អាច​បកស្រាយ​តាម​របៀប​ជា​ច្រើន ដូច្នេះ​គ្មាន​អ្នក​ណា​អាច​ថា​សេចក្ដី​ពិត​ជា​អ្វី​ទេ›។ ប៉ុន្តែ តើ​ព្រះ​គម្ពីរ​ពិត​ជា​បាន​សរសេរ​មក​ដោយ​មិន​ច្បាស់ ដែល​ធ្វើ​មិន​ឲ្យ​អាច​យល់​បាន​ឬ? ពិត​មែន ទំនាយ​និង​ភាសា​ប្រើ​ជា​និមិត្តរូប​ខ្លះ​ប្រហែល​ជា​ពិបាក​នឹង​យល់​មែន។ ជា​ឧទាហរណ៍ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ព្យាការី​ដានីយ៉ែល​ថា​សៀវភៅ​របស់​ទ្រង់ មាន​ជា​ភាសា​ខាង​ទំនាយ​ជា​ច្រើន ដែល​មិន​អាច​យល់​បាន​ទាំង​អស់​រហូត​ដល់​«គ្រា​ចុង​បំផុត»។ (ដានីយ៉ែល ១២:៩) ហើយ​ជា​ការ​ជាក់​ស្តែង​ណាស់ រឿង​ប្រៀបប្រដូច​និង​និមិត្តរូប​ខ្លះ​ត្រូវ​ការ​បកស្រាយ​ជា​ចាំបាច់។

ប៉ុន្តែ​ចំពោះ​គោល​សំខាន់​នៃ​ការ​បង្រៀន​របស់​ជន​គ្រីស្ទាន​និង​បមាណីយ​ខាង​សីលធម៌ ដែល​ត្រូវ​ការ​ជា​ចាំបាច់​ដើម្បី​ថ្វាយ​បង្គំ​ក្នុង​សេចក្ដី​ពិត​នោះ ព្រះ​គម្ពីរ​គឺ​បង្រៀន​បាន​ច្បាស់​ណាស់។ ហើយ​គ្មាន​ការ​បកស្រាយ​ដែល​ប្រឆាំង​នឹង​គ្នា​ឡើយ។ នៅ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​អេភេសូរ ជំនឿ​របស់​ជន​គ្រីស្ទាន​ត្រូវ​បាន​និយាយ​ថា​តែ​«មួយ» នេះ​បង្ហាញ​ថា​គ្មាន​សេចក្ដី​ជំនឿ​បី​បួន​ទេ។ (អេភេសូរ ៤:៤​-​៦) អ្នក​ប្រហែល​ជា​ងឿង​ឆ្ងល់​ថា៖ ‹បើសិន​ជា​ព្រះ​គម្ពីរ​មិន​អាច​បកស្រាយ​ខុស​គ្នា​បាន​ទេ ហេតុ​អ្វី​ក៏​មាន​និកាយ​«គ្រីស្ទាន»​ខុស​គ្នា​ច្រើន​ម្ល៉េះ›? យើង​នឹង​រក​ឃើញ​ចម្លើយ បើសិន​ជា​យើង​មើល​នៅ​ពេល​ក្រោយ​ពី​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ​បាន​ស្លាប់​ទៅ​បន្ដិច ពីព្រោះ​ការ​បះបោរ​ជំនឿ​ពី​ជំនឿ​ជន​គ្រីស្ទាន​ពិត​បាន​កើត​ឡើង។

‹ស្រូវសាលី និង​ស្រងែ›

ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​អំពី​ការ​បះបោរ​ជំនឿ​នេះ​តាម​ពាក្យ​ប្រៀបប្រដូច​នៃ​ស្រូវសាលី និង​ស្រងែ។ ព្រះ​យេស៊ូ​បាន​ពន្យល់​ថា​«ស្រូវសាលី»​តំណាង​ជន​គ្រីស្ទាន​ពិត «ស្រងែ»​តំណាង​ជន​គ្រីស្ទាន​មិន​ពិត ឬ​ជា​អ្នក​បះបោរ​ជំនឿ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ដេក​លក់» នោះ​«សត្រូវ»​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រែ​ស្រូវសាលី។ ការ​ព្រោះ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ក្រោយ​ពី​ពួក​សាវ័ក​បាន​ស្លាប់​ទៅ។ ពាក្យ​ប្រៀបប្រដូច​នេះ​បង្ហាញ​ថា​ការ​ធ្វើ​ឲ្យ​ច្របូកច្របល់​នៃ​គ្រីស្ទាន​ពិត ជា​មួយ​នឹង​គ្រីស្ទាន​មិន​ពិត​នឹង​ត្រូវ​មាន​បន្ត​ដរាប​ដល់​‹ទីបញ្ចប់​នៃ​របប​សម័យ​នេះ›។ ដូច្នេះ នៅ​ក្នុង​សតវត្ស​ជា​ច្រើន​មក​នេះ អត្ថ​សញ្ញា​ណ​នៃ​ជន​គ្រីស្ទាន​ពិត​មិន​សូវ​ច្បាស់​ទេ ពីព្រោះ​ស្រែ​ខាង​សាសនា​បាន​មាន​លុប​លើ​ដោយ​ពួក​គ្រីស្ទាន​ដែល​មាន​តែ​ឈ្មោះ។ យ៉ាង​ណា​ក៏​ដោយ នៅ​‹ទីបញ្ចប់​នៃ​របប​សម័យ​នេះ›​នឹង​មាន​ការ​ផ្លាស់ប្ដូរ។ «កូន​មនុស្ស»​នឹង​‹ចាត់​ពួក​ទេវតា​របស់​ទ្រង់›​ឲ្យ​ទៅ​ញែក​ពួក​គ្រីស្ទាន​មិន​ពិត​ចេញ​ពី​ពួក​គ្រីស្ទាន​ពិត។ រួច​មក​នេះ​មាន​ន័យ​ថា​ក្រុមជំនុំ​ជន​គ្រីស្ទាន​អាច​សម្គាល់​បាន​យ៉ាង​ស្រួល ដោយ​មាន​ឋានៈ​ដូច​នៅ​កាល​ជំនាន់​ពួក​សាវ័ក។—ម៉ាថាយ ១៣:២៤​-​៣០; ៣៦​-​៤៣

ទំនាយ​របស់​ព្យាការី​អេសាយ​និង​មីកា​បាន​ទាយ​ប្រាប់​អំពី​ការ​ប្រមូល​ពួក​អ្នក​ថ្វាយ​បង្គំ​ពិត​ម្ដង​ទៀត នៅ​ថ្ងៃ«ជាន់​ក្រោយ​បង្អស់»។ អេសាយ​មាន​ប្រសាសន៍​ថា៖ «នៅ​ជាន់​ក្រោយ​បង្អស់ នោះ​ភ្នំ ជា​ទី​ស្អាង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា នឹង​បាន​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំ​ធំៗ ហើយ​នឹង​បាន​ដំកើង​ឡើង​ជា​ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗដែរ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរហែ​ទៅ​ក្នុង​ទី​នោះ។ ឯ​ប្រជាជាតិ​ជា​ច្រើន គេ​នឹង​ទៅ​ដោយ​ពោល​ថា៖ ‹ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា ដល់​ព្រះ​វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ› »។ ការ​មើល​ឲ្យ​ច្បាស់​នូវ​ហេតុ​ការណ៍​ពិត បង្ហាញ​ថា​ទំនាយ​របស់​លោក​អេសាយ​កំពុង​តែ​បំពេញ​នៅ​សម័យ​យើង​នេះ។—អេសាយ ២:២, ៣; មីកា ៤:១​-​៣

យ៉ាង​ណា​ក៏​ដោយ ការ​លូត​លាស់​ចំរើន​នៃ​ក្រុមជំនុំ​ជន​គ្រីស្ទាន មិន​មែន​កើត​ឡើង​តាម​រយៈ​ការ​ខំ​ប្រឹង​របស់​មនុស្ស​ណា​មួយ​ឡើយ។ ព្រះ​យេស៊ូ​បាន​ប្រាប់​ថា​ទ្រង់​នឹង​‹ចាត់​ពួក​ទេវតា​របស់​ទ្រង់›​ឲ្យ​ទៅ​សម្រេច​កិច្ចការ​នេះ។ ទ្រង់​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​គោល​បំណង​ដ៏​សំខាន់​នេះ​ដែរ៖ «គ្រា​នោះ ពួក​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​នគរ​របស់​ព្រះ​វរបិតា​នៃ​គេ»។ (ម៉ាថាយ ១៣:៤៣) នេះ​បង្ហាញ​ថា​ការ​បំភ្លឺ ឬ​កិច្ចការ​អប់រំ​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ពាស​ពេញ​ពិភពលោក​ដោយ​ក្រុមជំនុំ​ជន​គ្រីស្ទាន។

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឃើញ​នូវ​ការ​បំពេញ​នៃ​ទំនាយ​ទាំង​នេះ ក្នុង​កិច្ច​អប់រំ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​នៅ​សព្វ​ថ្ងៃ​ក្នុង​២៣២​ប្រទេស។ ចំពោះ​មនុស្ស​ដែល​មិន​ល្អៀង បើ​គេ​ប្រៀបធៀប​ជំនឿ​របស់​ស្មរបន្ទាល់ និង​បមាណីយ​នៃ​ចរិយា ព្រម​ទាំង​របៀប​រៀប​ចំ​ជា​មួយ​នឹង​ព្រះ​គម្ពីរ គេ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​នូវ​ភាព​ចុះ​សម្រុង​គ្នា​នឹង​ពួក​ក្រុមជំនុំ​ជន​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ដែរ។ ស្មរបន្ទាល់​និយាយ​អំពី​ជំនឿ​របស់​គេ​ជា​«សេចក្ដី​ពិត» ប៉ុន្តែ មិន​មែន​បាន​ជំរុញ​ដោយ​ភាព​អង់អាច​ក្លាហាន​នៃ​ឧត្តម​ភាព​ផ្ទាល់​ខ្លួន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​និយាយ​នេះ ពីព្រោះ​គេ​បាន​សិក្សា​ពាក្យ​បន្ទូល​របស់​ព្រះ​គឺ​ព្រះ​គម្ពីរ​យ៉ាង​ល្អិតល្អន់ ហើយ​ពួក​គេ​អនុវត្តន៍​តាម​ព្រះ​គម្ពីរ ដោយ​យល់​ថា​នេះ​ជា​បមាណីយ​តែ​មួយ​គត់​ដែល​សាសនា​អាច​វាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ។

ជន​គ្រីស្ទាន​នៅ​សម័យ​ពីដើម​បាន​ប្រាប់​ថា​ជំនឿ​របស់​ពួក​គេ​ជា​«សេចក្ដី​ពិត»។ (ធីម៉ូថេទី១ ៣:១៥; ពេត្រុសទី២ ២:២; យ៉ូហានទី២ ១) អ្វី​ដែល​ជា​សេចក្ដី​ពិត​ចំពោះ​ពួក​គេ​នៅ​ពេល​នោះ​ក៏​ជា​សេចក្ដី​ពិត​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សូម​អញ្ជើញ​លោក​អ្នក​គ្រប់​គ្នា ឲ្យ​ពិនិត្យ​មើល​អំពី​រឿង​នេះ​ឲ្យ​បាន​ប្រាកដ​ដោយ​ខ្លួន​ឯង តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ។ យើង​សង្ឃឹម​ថា​ដោយ​ធ្វើ​ដូច្នេះ នោះ​អ្នក​នឹង​បាន​ពិសោធន៍​នូវ​អំណរ មិន​មែន​គ្រាន់​តែ​ពី​ការ​រក​ឃើញ​សាសនា​ដែល​ល្អ​ហួស​ពី​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​មក​ពី​ការ​ស្វែង​រក​ឃើញ​សេចក្ដី​ពិត​ផង​ដែរ!

[ប្រអប់​នៅ​ទំព័រ​៥]

ទស្សនវិជ្ជា​ខ្លះ​ដែល​ប្រឆាំង​នឹង​សេចក្ដី​ពិត

វិជ្ជមាន​និយម៖ នេះ​ជា​ទស្សនៈ​ដែល​ថា​គំនិត​ទាំង​ប៉ុន្មាន​នៃ​សាសនា គឺ​មិន​សម​ហេតុ​ផល​ដែល​មិន​អាច​ស្ថាបនា​ការ​ពិត​បាន ហើយ​ថា​គោល​បំណង​នៃ​ទស្សនវិជ្ជា​គឺ​ដើម្បី​បង្រួម​វិទ្យាសាស្ត្រ​ទាំង​ឡាយ​ឲ្យ​មាន​ទូទៅ។

អ៊ិហ្សីស្ទីនឆិល្លី​សិម៖ ពួក​អ្នក​គាំទ្រ​លទ្ធិ​នេះ​ត្រូវ​បាន​អំពើ​អាក្រក់​នៅ​សង្គ្រាម​លោក​លើក​ទីពីរ​មាន​ឥទ្ធិពល​ទៅ​លើ​យ៉ាង​ខ្លាំង ដូច្នេះ​ហើយ​ក៏​ពួក​គេ​ប្រកប​ដោយ​ទុទិដ្ឋិ​និយម​អំពី​ជីវិត។ លទ្ធិ​នេះ​ដាក់​ទម្ងន់​ក្នុង​ការ​ពិនិត្យ​អំពី​ការ​ខ្វល់ខ្វាយ​របស់​មនុស្ស ដែល​ឈម​នឹង​សេចក្ដី​ស្លាប់ និង​នូវ​ភាព​ឥត​មាន​ន័យ​នៃ​ជីវិត។ អ្នក​និពន្ធ​ម្នាក់​ឈ្មោះ ចន ប៉ូល សា​ធ័រ ដែល​ជា​អ្នក​កាន់​លទ្ធិ​នេះ​បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​គ្មាន​ព្រះ មនុស្ស​ត្រូវ​បាន​បោះបង់​ចោល ហើយ​រស់​នៅ​ក្នុង​សកលលោក​ដែល​មិន​អើពើ​ទាំង​ស្រុង។

មជ្ឈ​ធាតុ​និយម៖ ជឿ​ថា​ការ​សង្កេត​មើល​និង​ការ​វែកញែក​មិន​អាច​ស្វែង​រក​ទិសដៅ ចំណេះវិជ្ជា​សកលលោក—សេចក្ដី​ពិត​ណា​អំពី​ការ​មាន​នៅ​បាន​ឡើយ។

ការណ៍​និយម៖ ការ​ស្ទង់​នូវ​តម្លៃ​ពិត​នៃ​ជំនឿ​ស៊ប់​របស់​យើង តាម​រយៈ​ការ​ប្រតិបត្ដិ​របស់​គេ ដែល​ទាក់ទង​ដល់​ប្រយោជន៍​មនុស្ស​លោក ដូច​ជា​ការ​រៀប​ចំការ​អប់រំ សីលធម៌ និង​នយោបាយ។ លទ្ធិ​នេះ​មិន​យល់​ថា​សេចក្ដី​ពិត​មាន​តម្លៃ​អ្វី​ទេ។

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​២]

Page 3: Second from left: Courtesy of The British Museum; Right: Sung Kyun Kwan University, Seoul, Korea

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក