បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៨ ទំ. ១២-១៦
  • គ្មានសន្ដិភាពសំរាប់ពួកអ្នកនាំសារក្លែងក្លាយ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គ្មានសន្ដិភាពសំរាប់ពួកអ្នកនាំសារក្លែងក្លាយ!
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពួក​អ្នក​ដែល​តាំង​ខ្លួន​ជា​ពួក​អ្នក​នាំ​សារ​នៃ​សន្ដិភាព
  • អង្គការ​សហប្រជាជាតិ​ជា​អ្នក​បង្កើត​សន្ដិភាព​ឬ?
  • ហេតុ​ជា​ច្រើន​ចំពោះ‹ការ​យំ​យ៉ាង​ឈឺ​ចាប់›
  • ការបំរើជាអ្នកនាំសារនៃសន្ដិភាពរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • សន្ដិភាពពិត—ពីប្រភពណា?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ការសម្គាល់អ្នកនាំសារត្រឹមត្រូវ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ពួកអ្នកនាំសារនៃសន្ដិភាពរបស់ព្រះឃើញច្បាស់ជាសប្បាយ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៨ ទំ. ១២-១៦

គ្មាន​សន្ដិភាព​សំរាប់​ពួក​អ្នក​នាំ​សារ​ក្លែង​ក្លាយ!

«ពី​ព្រោះ​ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ . . . ឯ​មនុស្ស​រាប​សា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ​ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ»។—ទំនុកដំកើង ៣៧:៩, ១១

១. ហេតុ​អ្វី​ក៏​យើង​គិត​ថា​នឹង​មាន​ពួក​អ្នក​នាំ​សារ​ពិត​និង​ក្លែង​ក្លាយ​ក្នុង«គ្រា​ចុង​បំផុត»?

ពួក​អ្នក​នាំ​សារ—ក្លែង​ក្លាយ​ឬ​ពិត? ក្នុង​សម័យ​ព្រះ​គម្ពីរ គឺ​មាន​ពួក​អ្នក​នាំ​សារ​ពីរ​ប្រភេទ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​សម័យ​យើង​នេះ? នៅ​ដានីយ៉ែល ១២:៩, ១០ យើង​អាន​អំពី​អ្នក​នាំ​សារ​នៅ​ស្ថាន​សួគ៌​បាន​ប្រាប់​ព្យាការី​របស់​ព្រះ​ថា៖ «សេចក្ដី​ទាំង​នេះ​ត្រូវ​បិទ​បាំង ហើយ​បិទ​ត្រា​ទុក ដរាប​ដល់​គ្រា​ចុង​បំផុត មនុស្ស​ជា​ច្រើន​នឹង​សំអាត ហើយ​ជំ​រះ​ខ្លួន​ឲ្យ​ស​ស្គុស រួច​នឹង​បាន​សំរង​ជា​ស្រេច ឯ​ពួក​មនុស្ស​អាក្រក់ គេ​នឹង​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ តែ​គ្មាន​មនុស្ស​អាក្រក់​ណា​មួយ​នឹង​បាន​យល់​ទេ ចំណែក​ឯ​ពួក​អ្នក​មាន​ប្រាជ្ញា គេ​នឹង​យល់​វិញ»។ ឥឡូវ​នេះ​យើង​កំពុង​តែ​រស់​ក្នុង​គ្រា​ចុង​បំផុត​នោះ។ តើ​យើង​ឃើញ​នូវ​ភាព​ខុស​គ្នា​ដ៏​ក្រឡែត​រវាង«ពួក​មនុស្ស​អាក្រក់» និង«ពួក​អ្នក​មាន​ប្រាជ្ញា»ទេ? យ៉ាង​ប្រាកដ​ណាស់ យើង​ឃើញ​មែន!

២. តើ​អេសាយ ៥៧:២០, ២១ កំពុង​តែ​សម្រេច​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ?

២ ក្នុង​ជំពូក​៥៧ ខ​២០​និង​២១ យើង​អាន​ពាក្យ​អេសាយ​ជា​អ្នក​នាំ​សារ​របស់​ព្រះ​ថា៖ «‹តែ​ឯ​ពួក​មនុស្ស​អាក្រក់ គេ​ប្រៀប​ដូច​ជា​សមុទ្រ​ដែល​ចេះ​តែ​កំរើក ឥត​មាន​ស្ងប់​ឡើយ ហើយ​ទឹក​នោះ​ចេះ​តែ​បារ​ល្បាប់​នឹង​ភក់​ឡើង› ព្រះ​នៃ​ខ្ញុំ ទ្រង់​មាន​បន្ទូល​ថា ‹គ្មាន​សេចក្ដី​សុខ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ›»។ ពាក្យ​ទាំង​នេះ​រៀប​រាប់​ពី​លោកីយ៍​នេះ​យ៉ាង​ចំ​ៗ​មែន កាល​ដែល​ឆ្ពោះ​ទៅ​សតវត្ស​ទី​២១! អ្នក​ខ្លះ​ប្រហែល​ជា​សួរ​ថា ‹តើ​យើង​នឹង​ទៅ​ដល់​សតវត្ស​នោះ​ទេ›? តើ​ពួក​អ្នក​នាំ​សារ​ដែល​មាន​ប្រាជ្ញា​មាន​អ្វី​ខ្លះ​នឹង​ប្រាប់​យើង?

៣. (ក) តើ​មាន​ការ​ប្រៀប​ធៀប​យ៉ាង​ណា​ក្នុង​យ៉ូហាន​ទី​១ ៥:១៩? (ខ) តើ«ពួក​អ្នក​មាន​ប្រាជ្ញា» ត្រូវ​បាន​រៀប​រាប់​មក​ក្នុង​វិវរណៈ​ជំពូក​៧ យ៉ាង​ណា​ខ្លះ?

៣ សាវ័ក​យ៉ូហាន​មាន​ការ​យល់​ធ្លុះ​ជ្រៅ​របស់​ព្រះ។ ក្នុង​យ៉ូហាន​ទី​១ ៥:១៩ ចែង​ថា៖ «យើង​ដឹង​ថា យើង​មក​ពី​ព្រះ​ពិត តែ​លោកីយ៍​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​វិញ»។ បើ​ប្រៀប​ធៀប​នឹង​លោកីយ៍​នេះ គឺ​មាន​ពួក​អ្នក​សំណល់​អ៊ីស្រាអែល​ខាង​វិញ្ញាណ​១៤៤.០០០​នាក់ ដែល​មាន​អាយុ​កាន់​តែ​ចាស់​នៅ​លើ​ផែនដី​នៅ​ឡើយ។ ចូល​រួម​ជា​មួយ​ពួក​ទាំង​នេះ​សព្វ​ថ្ងៃ​នេះ​គឺ​មាន «មនុស្ស​១​ហ្វូង​យ៉ាង​ធំ . . . ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា» ដែល​ឥឡូវ​នេះ​មាន​ចំនួន​កើន​ជាង​ប្រាំ​លាន​នាក់ ជា​អ្នក​ដែល​យល់​ធ្លុះ​ជ្រៅ​ដែរ។ «អ្នក​ទាំង​នោះ​ជា​ពួក​អ្នក ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក»។ ហើយ​ហេតុ​អ្វី​ក៏​ពួក​គេ​បាន​រង្វាន់​នេះ? ពី​ព្រោះ​ពួក​គេ«បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម» ដោយ​អនុវត្ត​ជំនឿ​លើ​ការ​លោះ​របស់​ព្រះ​យេស៊ូ។ ជា​ពួក​អ្នក​នាំ​សារ​នៃ​ពន្លឺ ពួក​គេ​ក៏«បំរើ​ទ្រង់ នៅ​ក្នុង​ព្រះ​វិហារ​ទាំង​យប់​ទាំង​ថ្ងៃ»ដែរ។—វិវរណៈ ៧:៤, ៩, ១៤, ១៥

ពួក​អ្នក​ដែល​តាំង​ខ្លួន​ជា​ពួក​អ្នក​នាំ​សារ​នៃ​សន្ដិភាព

៤. (ក) ហេតុ​អ្វី​ក៏​ពួក​អ្នក​ដែល​តាំង​ខ្លួន​ជា​អ្នក​នាំ​សារ​នៃ​សន្ដិភាព​ក្នុង​លោកីយ៍​សាតាំង នឹង​ទទួល​បរាជ័យ? (ខ) តើ​អេភេសូរ ៤:១៨, ១៩ មាន​ការ​ទាក់​ទង​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ?

៤ ចុះ​យ៉ាង​ណា​វិញ ចំពោះ​អស់​អ្នក​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ពួក​អ្នក​នាំ​សារ​នៃ​សន្ដិភាព​ក្នុង​របប​លោកីយ៍​សាតាំង? នៅ​អេសាយ​ជំពូក​៣៣ ខ​៧ យើង​អាន​ថា៖ «មើល​ពួក​ទាហាន​ស្ទាត់​ជំនាញ​របស់​គេ​ក៏​ស្រែក​នៅ​ខាង​ក្រៅ​ហើយ ឯ​ពួក​រាជទូត​ដែល​សូម​មេត្រី​ភាព គេ​យំ​អណ្ដឺតអណ្ដក»។ នេះ​ជា​ការ​ពិត​មែន​ចំពោះ​ពួក​អ្នក​ដែល​រត់​ឆ្លេឆ្លា​ពី​រដ្ឋធានី​មួយ​ទៅ​រដ្ឋធានី​មួយ​ក្នុង​ពិភព​លោក ដោយ​ខំ​ខ្នះ​ខ្នែង​រក​សន្ដិភាព! គឺ​ជា​ការ​ឥត​ប្រយោជន៍​មែន! ហេតុ​អ្វី​ក៏​ដូច្នេះ? ពី​ព្រោះ​ពួក​គេ​ដោះ​ស្រាយ​អាការរោគ​នៃ​ជម្ងឺលោក​នេះ ជា​ជាង​រក​មធ្យោបាយ​ដោះ​ស្រាយ​ដើម​ហេតុ​នៃ​បញ្ហា។ ជា​ដំបូង ពួក​គេ​មិន​ជឿ​ថា​មាន​សាតាំង ដែល​សាវ័ក​ប៉ុល​ហៅ​បុគ្គល​នេះ ជា«ព្រះ​របស់​លោកីយ​នេះ»។ (កូរិនថូស​ទី​២ ៤:៤) សាតាំង​បាន​សាប​ព្រោះ​ពូជ​នៃ​អំពើ​អាក្រក់​ក្នុង​ចំណោម​មនុស្សជាតិ ដែល​ជា​លទ្ធផល មនុស្ស​ភាគ​ច្រើន រួម​បញ្ចូល​ទាំង​ពួក​គ្រប់​គ្រង​ជា​ច្រើន ដែល​ឥឡូវ​នេះ​មាន​សភាព​ដូច​ការ​រៀប​រាប់​នៅ​អេភេសូរ ៤:១៨, ១៩៖ «គំនិត​គេ​ត្រូវ​បង្អាប់ ហើយ​គេ​ដាច់​ចេញ​ពី​ព្រះ​ជន្ម​ព្រះ ដោយ​សារ​សេចក្ដី​ខ្លៅ​ល្ងង់​ក្នុង​ខ្លួន​គេ ព្រោះ​ចិត្ត​គេ​រឹង​ទទឹង គេ​លែង​ខ្លាច​បាប បាន​ជា​គេ​ប្រគល់​ខ្លួន​ទៅ​ខាង​សេចក្ដី​អាសអាភាស ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្ដី​ស្មោក​គ្រោក​គ្រប់​យ៉ាង ដោយ​ចិត្ត​វក់​វិញ»។

៥. (ក) ហេតុ​អ្វី​ក៏​ភ្នាក់ងារ​មនុស្ស​ទទួល​បរាជ័យ​ជា​អ្នក​បង្កើត​សន្ដិភាព? (ខ) តើ​សារ​ដ៏​សម្រាល​ទុក្ខ​អ្វី​ដែល​ទំនុកដំកើង ៣៧ បង្ហាញ​ប្រាប់?

៥ គ្មាន​ភ្នាក់ងារ​របស់​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​ណា​មួយ ដែល​អាច​កំចាត់​ចោល​ពី​ចិត្ត​មនុស្ស​នូវ​ការ​លោភ អាត្មា​និយម និង​ការ​ស្អប់​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ឡើយ។ មាន​តែ​ព្រះ​អាទិទេព​របស់​យើង គឺ​ព្រះ​អម្ចាស់​មហា​ក្សត្រ ព្រះ​យេហូវ៉ា​ដែល​អាច​ធ្វើ​ការ​នេះ​បាន! ម្យ៉ាង​ទៀត មាន​តែ​ពួក​មនុស្ស​រាប​សា ដែល​មាន​មួយ​ភាគ​តូច​ក្នុង​ចំណោម​មនុស្សជាតិ នឹង​សុខ​ចិត្ត​ចុះ​ចូល​នឹង​ការ​ណែនាំ​របស់​ទ្រង់។ លទ្ធផល​ចំពោះ​ពួក​អ្នក​ទាំង​នេះ និង​ចំពោះ​មនុស្ស​អាក្រក់​នៃ​លោកីយ៍​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ខុស​គ្នា​ក្នុង​ទំនុកដំកើង ៣៧:៩​-​១១៖ «ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ តែ​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ​យេហូវ៉ា នោះ​នឹង​បាន​ផែនដី​ជា​មរដក ដល់​បន្ដិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ . . . ឯ​មនុស្ស​រាប​សា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ​ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ»។

៦, ៧. តើ​សាសនា​លោកីយ៍​មាន​ប្រវត្ដិរូប​យ៉ាង​ណា ដែល​បង្ហាញ​ថា​គេ​ទទួល​បរាជ័យ​ក្នុង​ការ​បំរើ​ជា​ពួក​អ្នក​នាំ​សារ​នៃ​សន្ដិភាព?

៦ បើ​អញ្ចឹង តើ​អាច​រក​ឃើញ​ពួក​អ្នក​នាំ​សារ​សន្ដិភាព​ក្នុង​ចំណោម​សាសនា​នៃ​លោកីយ៍​ដ៏​ឈឺ​នេះ​ទេ? តើ​ប្រវត្ដិសាស្ត្រ​នៃ​សាសនា​មក​ដល់​ឥឡូវ​នេះ​មាន​យ៉ាង​ណា​ដែរ? ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា សាសនា​បាន​ចូល​រួម ត្រូវ​ហើយ ព្រម​ទាំង​ជា​អ្នក​ផ្ដើម​ការ​បង្ហូរ​ឈាម​ជា​ច្រើន​ក្នុង​សតវត្ស​ទាំង​ឡាយ។ ឧទាហរណ៍ ទស្សនាវដ្ដី សតវត្ស​គ្រីស្ទាន (Christian Century) នៃ​សប្ដាហ៍​នៃ​ខែ​សីហា ទី​៣០ ១៩៩៥ ដែល​រាយ​ការណ៍​ពី​ការ​ជ្រួល​ច្របល់​ក្នុង​អតីត​យូកូស្លាវា ថ្លែង​ថា៖ «ក្នុង​តំបន់​ដែល​កាន់​កាប់​ដោយ​ជាតិ​ស៊ើប ប្រទេស​បុស​នា ពួក​បព្វជិត​បាន​តាំង​ខ្លួន​ឯង​អង្គុយ​នៅ​ជួរ​ខាង​មុខ​នៃ​សភា ហើយ​ក៏​នៅ​ជួរ​ខាង​មុខ ក្នុង​ការ​ឲ្យ​ពរ​ដល់​ពួក​កង​ទ័ព ព្រម​ទាំង​ឲ្យ​ពរ​ដល់​គ្រឿង​អាវុធ មុន​នឹង​ចូល​ធ្វើ​សង្គ្រាម​ម្ដង​ៗ»។

៧ កិច្ច​ការ​សាសនទូត​នៃ​ពិភព​គ្រីស្ទ​សាសនា​អស់​រយៈ​មួយ​សតវត្ស ក្នុង​ទ្វីប​អាហ្វ្រិក មិន​បាន​នាំ​ឲ្យ​មាន​ផល​ល្អ​ទេ ដូច​បាន​បង្ហាញ​មក​ក្នុង​ប្រទេស​រ្វ៉ាន់ដា ជា​ស្រុក​ដែល​ល្បី​ឈ្មោះ​ថា​មាន​ពួក​កាន់​សាសនា​កាតូលិក​៨០​ភាគ​រយ។ ទស្សនាវដ្ដី ញូវយ៉ក​ថែម្ស (New York Times) នៃ​ខែ​កក្កដា ទី​៧ ១៩៩៥ បាន​រាយ​ការណ៍​ថា៖ «ហ្គូយ៉ា​ជា​ទស្សនាវដ្ដី​កាតូលិក​ដែល​កាន់​សេរីនិយម បាន​បោះ​ពុម្ព​ក្នុង​ក្រុង​លីយូន [ប្រទេស​បារាំង] មាន​គម្រោងការណ៍​នឹង​បញ្ចេញ​មុខ​បព្វជិត​ជាង​២៧​នាក់​និង​ដូន​ជី​បួន​នាក់ ដែល​គេ​និយាយ​ថា ជា​អ្នក​ដែល​សម្លាប់​ឬ​គាំទ្រ​ការ​សម្លាប់​ក្នុង​ប្រទេស​រ្វ៉ាន់ដា​ឆ្នាំ​មុន»។ សិទ្ធិ​អាហ្វ្រិក ជា​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ក្រុង​ឡុនដុន បាន​ថ្លែង​ដូច​នេះ​ថា៖ «ក្រៅ​ពី​កំហុស​នៃ​នៅ​ស្ងៀម សាសនា​នោះ​ក៏​ទទួល​កំហុស​ចំពោះ​ការ​ចូល​រួម​ដ៏​សកម្ម​នៃ​ពួក​បព្វជិត និង​ដូន​ជី​ខ្លះ​ក្នុង​ការ​សម្លាប់​រង្គាល​ដែរ»។ នេះ​គឺ​មាន​សភាព​ដូច​នៅ​អ៊ីស្រាអែល កាល​ដែល​យេរេមា ជា​អ្នក​នាំ​សារ​ពិត​របស់​ព្រះ​យេហូវ៉ា បាន​រៀប​រាប់​អំពី«សេចក្ដី​ខ្មាស»នៃ​អ៊ីស្រាអែល ព្រម​ទាំង​ពួក​អ្នក​គ្រប់​គ្រង ពួក​សង្ឃ និង​ពួក​ព្យាការី ដោយ​ចែង​ទៀត​ថា៖ «នៅ​ជាយ​អាវ​ឯង នោះ​ឃើញ​មាន​ឈាម​របស់​មនុស្ស​ក្រី​ក្រ ជា​អ្នក​ដែល​ឥត​មាន​ទោស​ផង»។—យេរេមា ២:២៦, ៣៤

៨. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា​យេរេមា​ជា​អ្នក​នាំ​សារ​នៃ​សន្ដិភាព​ម្នាក់?

៨ យេរេមា​ត្រូវ​បាន​គេ​ហៅ​ជា​ព្យាការី​នៃ​សេចក្ដី​វិនាស ប៉ុន្តែ​គាត់​ក៏​មាន​ឈ្មោះ​ជា​អ្នក​នាំ​សារ​នៃ​សន្ដិភាព​របស់​ព្រះ​ដែរ។ គាត់​បាន​និយាយ​អំពី​សន្ដិភាព​ជា​ញឹក​ញាប់​ដូច​អេសាយ​បាន​និយាយ​មុន​គាត់​ដែរ។ ព្រះ​យេហូវ៉ា​បាន​ប្រើ​យេរេមា​ឲ្យ​ប្រកាស​សេចក្ដី​ជំនុំ​ជំរះ​លើ​ក្រុង​យេរូសាឡិម ដោយ​ប្រកាស​ថា៖ «ទី​ក្រុង​នេះ​ជា​ទី​អុចអាល ឲ្យ​អញ​មាន​សេចក្ដី​កំហឹង នឹង​ឃោរ​ឃៅ ចាប់​តាំង​ពី​គ្រា​ដែល​គេ​សង់​ឡើង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ បាន​ជា​គួរ​ឲ្យ​អញ​បំបាត់​ចេញ​ពី​មុខ​អញ​ទៅ ដោយ​ព្រោះ​អស់​ទាំង​អំពើ​អាក្រក់ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត ជា​ហេតុ​បណ្ដាល​ឲ្យ​អញ​ខឹង គឺ​ទាំង​ខ្លួន​គេ ស្តេច​គេ ពួក​ចៅហ្វាយ ពួក​សង្ឃ​នឹង​ពួក​ហោរា​របស់​គេ អស់​ទាំង​ពួក​ស្រុក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំង​អស់​គ្នា​ផង»។ (យេរេមា ៣២:៣១, ៣២) នេះ​ជា​ការ​បង្ហាញ​ទុក​ជា​មុន​ពី​ការ​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា​លើ​ពួក​អ្នក​គ្រប់​គ្រង និង​គណៈ​បព្វជិត​ក្នុង​ពិភព​គ្រីស្ទ​សាសនា​សព្វ​ថ្ងៃ​នេះ។ ដើម្បី​ឲ្យ​មាន​សន្ដិភាព​ពិត គឺ​ត្រូវ​តែ​កំចាត់​ចោល​ពួក​អ្នក​ផ្ដើម​នៃ​សេចក្ដី​អាក្រក់​និង​អំពើ​ឃោរឃៅ​ទាំង​នេះ! ពួក​គេ​ប្រាកដ​ជា​មិន​មែន​ពួក​អ្នក​នាំ​សារ​នៃ​សន្ដិភាព​ឡើយ។

អង្គការ​សហប្រជាជាតិ​ជា​អ្នក​បង្កើត​សន្ដិភាព​ឬ?

៩. តើ​អង្គការ​សហប្រជាជាតិ​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​នាំ​សារ​នៃ​សន្ដិភាព​យ៉ាង​ដូច​ម្ដេច?

៩ តើ​អង្គការ​សហប្រជាជាតិ​មិន​អាច​ធ្វើ​ជា​អ្នក​នាំ​សារ​ពិត​នៃ​សន្ដិភាព​ទេ​ឬ? ដ្បិត​ក្នុង​បុព្វកថា​នៃ​ធម្មនុញ្ញ​របស់​គេ ដែល​បាន​ដាក់​ឲ្យ​ពិនិត្យ​ក្នុង​ខែ​មិថុនា ១៩៤៥ គ្រាន់​តែ​៤១​ថ្ងៃ​មុន​គ្រាប់​បែក​បរមាណូ​បាន​ធ្វើ​ឲ្យ​ខ្ទេច​ខ្ទី​ក្រុង​ហ៊ីរ៉ូស្សីម៉ា បាន​ថ្លែង​ប្រាប់​ពី​គោល​បំណង​នៃ​អង្គការ​នេះ គឺ«ដើម្បី​សង្គ្រោះ​ៗ​ជំនាន់​ក្រោយ​ពី​ការ​ទុក្ខ​ទោស​នៃ​សង្គ្រាម»។ សមាជិក​៥០​ប្រទេស​នៃ​អង្គការ​សហប្រជាជាតិ នឹង«រួម​កម្លាំង[របស់​គេ]ដើម្បី​រក្សា​សន្ដិភាព​និង​សន្ដិសុខ​អន្តរជាតិ»។ សព្វ​ថ្ងៃ​នេះ អង្គការ​សហប្រជាជាតិ​មាន​សមាជិក​១៨៥​ប្រទេស ដែល​គ្រប់​គ្នា​បាន​ប្ដេជ្ញា​សម្រេច​គោល​ដៅ​តែ​មួយ។

១០, ១១. (ក) តើ​តាម​របៀប​ណា​ដែល​ពួក​មេ​ដឹក​នាំ​សាសនា​និយាយ​គាំទ្រ​អង្គការ​សហប្រជាជាតិ? (ខ) តាម​របៀប​ណា​ដែល​ពួក​សម្ដេច​ប៉ាប​បាន​តំណាង​មិន​ត្រឹម​ត្រូវ​ចំពោះ‹ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ›?

១០ ជា​ច្រើន​ឆ្នាំ​មក​ហើយ អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​អបអរសាទរ​យ៉ាង​ខ្លាំង ជា​ពិសេស​ដោយ​ពួក​មេ​ដឹក​នាំ​សាសនា។ នៅ​ខែ​មេសា ទី​១១ ១៩៦៣ សម្ដេច​ប៉ាប ចន ទី​២៣ បាន​ចុះ​ហត្ថលេខា​ក្នុង​លិខិត​របស់​លោក​មួយ​ដែល​មាន​ចំណង​ជើង​ថា «សន្ដិភាព​លើ​ផែនដី» ដែល​លោក​បាន​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​សេចក្ដី​ប្រាថ្នា​របស់​យើង ដែល​អង្គការ​សហប្រជាជាតិ—តាម​រចនា​សម្ព័ន្ធ​និង​មធ្យោបាយ​ផ្សេង​ៗ—អាច​មាន​សមត្ថភាព​បំពេញ​ភារកិច្ច​ដ៏​ធំ​សម្បើម​និង​ដ៏​ខ្ពង់​ខ្ពស់​របស់​ខ្លួន»។ ក្រោយ​មក ក្នុង​ខែ​មិថុនា ១៩៦៥ ពួក​មេ​ដឹក​នាំ​សាសនា បាន​តាំង​ខ្លួន​ថា​តំណាង​មួយ​ភាគ​កន្លះ​នៃ​ប្រជាជន​ក្នុង​លោក បាន​ធ្វើ​បុណ្យ​ខួប​២០​ឆ្នាំ​នៃ​កំណើត​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​សានហ្វ្រានស៊ីស្គូ។ ហើយ​ក្នុង​ឆ្នាំ​១៩៦៥ សម្ដេច​ប៉ាប ប៉ុល ទី​៦ ក្នុង​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​មន្ទីរ​អង្គការ​សហប្រជាជាតិ បាន​រៀប​រាប់​ថា​នេះ​ជា«សេចក្ដី​សង្ឃឹម​ចុង​ក្រោយ​បង្អស់​នៃ​សន្ដិសុខ​និង​សន្ដិភាព»។ ក្នុង​ឆ្នាំ​១៩៨៦​សម្ដេច​ប៉ាប ចន ប៉ុល ទី​២ បាន​ធ្វើ​សហប្រតិបត្ដិការ​ក្នុង​ការ​លើក​ផ្សព្វ​ផ្សាយ​សម័យ​សន្ដិភាព​អន្តរជាតិ​នៃ​អ​.ស.ប.។

១១ ម្ដង​នេះ​ទៀត ក្នុង​កំឡុង​ទស្សនកិច្ច​របស់​លោក ក្នុង​ខែ​តុលា ១៩៩៥ សម្ដេច​ប៉ាប​ប្រកាស​ថា៖ «សព្វ​ថ្ងៃ​នេះ យើង​ធ្វើ​ពិធី​បុណ្យ​ដល់​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ»។ ប៉ុន្តែ តើ​លោក​ពិត​ជា​អ្នក​នាំ​សារ​នៃ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មែន​ឬ? ស្តី​អំពី​បញ្ហា​ក្នុង​លោកីយ៍ លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «កាល​ដែល​យើង​ប្រឈម​មុខ​នឹង​សេចក្ដី​លំបាក​យ៉ាង​សម្បើម​នេះ តើ​ឲ្យ​យើង​មិន​ទទួល​ស្គាល់​មុខ​នាទី​នៃ​អង្គការ​សហប្រជាជាតិ​យ៉ាង​ណា​បាន»? សម្ដេច​ប៉ាប​ជ្រើស​រើស​យក​អ​.ស.ប. ជា​ជាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

ហេតុ​ជា​ច្រើន​ចំពោះ‹ការ​យំ​យ៉ាង​ឈឺ​ចាប់›

១២, ១៣. (ក) តើ​តាម​របៀប​ណា​ដែល​អ​.ស.ប.បាន​ប្រព្រឹត្ត ដូច​បាន​រៀប​រាប់​មក​ក្នុង​យេរេមា ៦:១៤? (ខ) ហេតុ​អ្វី​ក៏​ការ​ដឹក​នាំ​នៃ​អ​.ស.ប. បាន​រួម​បញ្ចូល​នឹង​ការ​រៀប​រាប់​នៅ​អេសាយ ៣៣:៧?

១២ ការ​ធ្វើ​ពិធី​បុណ្យ​ខួប​ទី​៥០​នៃ​អង្គការ​សហប្រជាជាតិ មិន​បាន​សម្ដែង​នូវ​សេចក្ដី​សង្ឃឹម​នៃ«សន្ដិភាព​លើ​ផែនដី»ទេ។ មូលហេតុ​មួយ ត្រូវ​បាន​បង្ហាញ​ដោយ​អ្នក​និពន្ធ​ម្នាក់​ក្នុង កាសែត​តូរ៉ុនតូ ស្ដា (The Toronto Star) នៅ​ប្រទេស​កាណាដា ដែល​បាន​សរសេរ​ថា៖ «អង្គការ​សហប្រជាជាតិ​ជា​សិង្ហ​ដែល​ឥត​ធ្មេញ ដែល​គ្រហឹម​នៅ​ពេល​ជួប​នឹង​ភាព​សាហាវ​របស់​មនុស្ស ប៉ុន្តែ​ត្រូវ​តែ​រង់​ចាំ​ឲ្យ​សមាជិក​ខ្លួន​ដាក់​ពាក់​ក្រាស​ធ្មេញ​សិន មុន​នឹង​អាច​ខាំ​បាន»។ ធម្មតា​ការ​ខាំ​នេះ​គឺ​មិន​ខ្លាំង​ទេ ហើយ​តែង​តែ​យឺត​ពេល​ក្នុង​ការ​ឲ្យ​មាន​ប្រសិទ្ធិភាព។ ពួក​អ្នក​នាំ​សារ​នៃ​សន្ដិភាព​ក្នុង​របប​សម័យ​លោកីយ៍​នេះ ជា​ពិសេស​ក្នុង​ពួក​ពិភព​គ្រីស្ទ​សាសនា បាន​បន្លឺ​ពាក្យ​យេរេមា ៦:១៤៖ «គេ​បាន​មើល​របួស​របស់​រាស្ត្រ​អញ ឲ្យ​សះ​តែ​បន្ដិច​បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា ‹សុខ​ៗ​ប៉ុណ្ណោះ›! ក្នុង​កាល​ដែល​ឥត​មាន​សេចក្ដី​សុខ​ឡើយ»។

១៣ អគ្គលេខាធិការ​នៃ​អ​.ស.ប.ជា​បន្ត​បន្ទាប់ បាន​ខំ​ប្រឹង​ដោយ​ចិត្ត​យ៉ាង​ស្មោះ ដើម្បី​ឲ្យ​អង្គការ​សហប្រជាជាតិ​បាន​ជោគ​ជ័យ។ ប៉ុន្តែ​ការ​ឈ្លោះ​ប្រកែក​នៃ​ពួក​សមាជិក​១៨៥​ប្រទេស​ដែល​មាន​គោល​បំណង​ខុស​ៗ​គ្នា អំពី​របៀប​ដោះ​ស្រាយ​សង្គ្រាម គម្រោង​ការ​នយោបាយ ហើយ​ការ​កាន់​កាប់​លុយ​កាក់ បាន​ទៅ​ជា​ឧបសគ្គ​ដល់​ការ​ជោគ​ជ័យ។ ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​១៩៩៥ អគ្គលេខាធិការ​នៅ​ពេល​នោះ បាន​សរសេរ​អំពី​ការ​ដក​ថយ«មហា​វិនាស​នៃ​នុយក្លេអែ​ក្នុង​លោក» ជា​ការ​បើក​ផ្លូវ​សំរាប់​ឲ្យ«សាសន៍​ទាំង​ឡាយ​ធ្វើ​សហប្រតិបត្ដិការ​សំរាប់​ការ​រីក​ចំរើន​ខាង​សេដ្ឋកិច្ច​និង​សង្គម​ដល់​មនុស្សជាតិ​ទាំង​មូល»។ ប៉ុន្តែ គាត់​មាន​ប្រសាសន៍​ទៀត​ថា៖ «គួរ​ឲ្យ​ស្ដាយ​ណាស់ ប្រវត្ដិសាស្ត្រ​នៃ​បញ្ហា​លោក​បី​បួន​ឆ្នាំ​កន្លង​មក​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ផ្ទុយ​ពី​សេចក្ដី​សង្ឃឹម​ទាំង​នោះ​ទៅ​វិញ»។ យ៉ាង​ប្រាកដ​ហើយ ពួក​អ្នក​នាំ​សារ​នៃ​សន្ដិភាព​គឺ‹កំពុង​តែ​យំ​យ៉ាង​ឈឺ​ចាប់›។

១៤. (ក) ហេតុ​អ្វី​ក៏​អាច​និយាយ​ថា អង្គការ​សហប្រជាជាតិ​បាន​រលំ​ដួល​ខាង​លុយ​កាក់​និង​ខាង​សីលធម៌? (ខ) តើ​យេរេមា ៨:១៥ បាន​សម្រេច​ដោយ​យ៉ាង​ណា?

១៤ ចំណង​ជើង​ក្នុង​កាសែត ឌី អូរេញ ខោនធី រ៉ីជីស្ទើរ៍ (The Orange County Register) នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា អាន​ថា៖ «អង្គការ​សហប្រជាជាតិ​រលំ​ដួល​ខាង​លុយ​កាក់​និង​ខាង​សីលធម៌»។ អត្ថបទ​នេះ​ថ្លែង​ថា​រវាង​ឆ្នាំ​១៩៤៥​និង​១៩៩០​គឺ​មាន​ជាង​៨០​សង្គ្រាម ដែល​បាន​សម្លាប់​មនុស្ស​ជាង​៣០​លាន​នាក់។ កាសែត​នេះ​បាន​សម្រង់​ពាក្យ​របស់​អ្នក​និពន្ធ​ទស្សនាវដ្ដី រីឌើរ ដៃចែស (Reader’s Digest) នៃ​ខែ​តុលា​១៩៩៥ ដែល«រៀប​រាប់​ពី​ប្រតិបត្ដិ​ការ​នៃ​ទាហាន​របស់​អង្គការ​សហប្រជាជាតិ ថា​ជា‹មេ​បញ្ជាការ​ដែល​គ្មាន​សមត្ថភាព ពួក​ទាហាន​ដែល​ឥត​វិន័យ ចង​សម្ព័ន្ធភាព​ជា​មួយ​ពួក​ឈ្លានពាន មិន​បាន​បង្ការ​អំពើ​ឃោរឃៅ​ទាំង​ឡាយ ហើយ​នៅ​ពេល​ខ្លះ​បណ្ដាល​ឲ្យ​មាន​អំពើ​អាក្រក់​ផង›។ ម្យ៉ាង​ទៀត ‹កំរិត​នៃ​ការ​ខ្ជះ​ខ្ជាយ ការ​ក្លែង​បន្លំ និង​រំលោភ​គឺ​មាន​លើស​លប់›»។ ក្នុង​ផ្នែក​មួយ​ដែល​មាន​ចំណង​ជើង«អ​.ស.ប.អាយុ​៥០​ឆ្នាំ» ទស្សនាវដ្ដី ញូវយ៉ក ថែម្ស មាន​ចំណង​ជើង «ការ​ចាត់​ចែង​មិន​ត្រឹម​ត្រូវ​និង​ការ​ប្រើ​ខ្ជះ​ខ្ជាយ​រំលាយ​គោល​បំណង​ល្អ​របស់​អ​.ស.ប.»។ ទស្សនាវដ្ដី ថែម្ស នៃ​ក្រុង​ឡុនដុន ប្រទេស​អង់គ្លេស មាន​ចំណង​ជើង​អត្ថបទ​មួយ «ទន់​ខ្សោយ​នៅ​ឆ្នាំ​ហាសិប—អ​.ស.ប. ត្រូវ​ការ​កម្ម​វិធី​ហាត់​ប្រាណ​ឲ្យ​មាន​រូប​រាង​ឡើង​វិញ»។ តាម​ការ​ពិត នេះ​គឺ​ដូច​អ្វី​ដែល​យើង​អាន​នៅ​យេរេមា​ជំពូក​៨ ខ​១៥ ថា៖ «យើង​បាន​ទន្ទឹង​ចាំ​សេចក្ដី​សុខ ប៉ុន្តែ​ឥត​មាន​អ្វី​ល្អ​មក​សោះ ក៏​សង្ឃឹម​នឹង​មាន​ពេល​ប្រោស​ឲ្យ​ជា តែ​មើល បាន​តែ​សេចក្ដី​វេទនា​ទទេ»! ហើយ​នៅ​មាន​ការ​គំរាម​កំហែង​នៃ​ហាយនភាព​នុយក្លេអែ​រលើ​មនុស្សជាតិ​ដដែល។ យ៉ាង​ច្បាស់​ណាស់ អ​.ស.ប. គឺ​មិន​មែន​ជា​អ្នក​នាំ​សារ​នៃ​សន្ដិភាព​ដែល​មនុស្សជាតិ​ត្រូវ​ការ​នោះ​ឡើយ។

១៥. តើ​តាម​របៀប​ណា​ដែល​បាប៊ីឡូន​ពី​បុរាណ​និង​កូន​ចៅ​សាសនា​របស់​វា បាន​ក្លាយ​ទៅ​ជា​ហិនហោច​និង​ធេង​ធោង?

១៥ តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា​ពី​ព្រឹត្ដិការណ៍​ទាំង​នេះ? ពាក្យ​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ប្រាប់​យ៉ាង​ច្បាស់។ មុន​ដំបូង តើ​មាន​អ្វី​នៅ​ពី​មុខ​ពួក​មេ​ដឹក​នាំ​សាសនា​ក្លែង​ក្លាយ ដែល​តែង​តែ​មាន​ចិត្ត​យ៉ាង​រាក់​ទាក់​ជា​មួយ​អ​.ស.ប.នោះ? សាសនា​ក្លែង​ក្លាយ​ជា​កូន​ចៅ​នៃ​ក្បាល​ទឹក​មួយ គឺ​បាប៊ីឡូន​ពី​បុរាណ។ យ៉ាង​សម​ហេតុ​ផល​ណាស់ ដែល​វិវរណៈ ១៧:៥ រៀប​រាប់​ពួក​គេ​ជា«ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ ជា​ម្ដាយ​នៃ​ពួក​ស្រី​សំផឹង នឹង​អស់​ទាំង​សេចក្ដី​គួរ​ខ្ពើម​នៅ​ផែនដី»។ យេរេមា​បាន​រៀប​រាប់​ពី​សេចក្ដី​វិនាស​នៃ​ពួក​លាក់​ពុត​ជា​ច្រើន​នេះ។ ដោយ​មាន​លក្ខណៈ​ដូច​ស្ត្រី​សំផឹង ពួក​គេ​បាន​ទាក់​ចិត្ត​ពួក​នយោបាយ​នៃ​ផែនដី ដោយ​និយាយ​បញ្ជោរ​អ​.ស.ប. ហើយ​បង្កើត​ទំនាក់​ទំនង​ខុស​ច្បាប់​ជា​មួយ​សមាជិក​នៃ​មេ​អំណាច​ខាង​នយោបាយ។ គេ​បាន​ចូល​រួម​យ៉ាង​ញឹក​ញាប់ក្នុង​សង្គ្រាម​នៃ​ប្រវត្ដិសាស្ត្រ។ អ្នក​អធិប្បាយ​ម្នាក់​បាន​ថ្លែង​ដោយ​សំដៅ​ទៅ​សង្គ្រាម​សាសនា ក្នុង​ប្រទេស​ឥណ្ឌា​ថា៖ «ខាល ម៉ាក្ស​បាន​ចាត់​ទុក​សាសនា​ជា​អាភៀន​នៃ​ប្រជាករ។ ប៉ុន្តែ សេចក្ដី​ថ្លែង​នោះ​មិន​មែន​ជា​ត្រឹម​ត្រូវ​ទេ ពី​ព្រោះ​អាភៀន​ជា​ថ្នាំ​ធ្វើ​ឲ្យ​ថយ​កម្លាំង​ចិត្ត វា​បណ្ដាល​ឲ្យ​មនុស្ស​ទៅ​ជា​ធេង​ធោង។ ផ្ទុយ​ទៅ​វិញ សាសនា​គឺ​ដូច​ជា​គ្រឿង​កូកាអ៊ីន​សំរាប់​ជក់។ វា​បញ្ចេញ​អំពើ​ឃោរឃៅ​យ៉ាង​សម្បើម ហើយ​នេះ​ជា​ឥទ្ធិពល​ដ៏​ហិនហោច​មែន​ទែន»។ អ្នក​និពន្ធ​នេះ​ក៏​មិន​សូវ​ជា​និយាយ​ត្រូវ​ប៉ុន្មាន​ដែរ។ សាសនា​ក្លែង​ក្លាយ​គឺ​ធ្វើ​ឲ្យ​ធេង​ធោង​និង​ធ្វើ​ឲ្យ​ហិនហោច​ផង។

១៦. ហេតុ​អ្វី​ក៏​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ត្រូវ​គេច​ចេញ​ពី​បាប៊ីឡូន​ដ៏​ធំ​ឥឡូវ​នេះ? (សូម​មើល​វិវរណៈ ១៨:៤, ៥)

១៦ បើ​អញ្ចឹង តើ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ត្រូវ​ធ្វើ​អ្វី? យេរេមា ជា​អ្នក​នាំ​សារ​របស់​ព្រះ ឲ្យ​ចម្លើយ​យើង​ថា៖ «ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​រត់​ចេញ​ពី​កណ្ដាល​ក្រុង​បាប៊ីឡូន ដើម្បី​ឲ្យ​រួច​ជីវិត​ចុះ។ . . . ដ្បិត​នេះ​គឺ​វេលា​កំណត់​នៃ​សេចក្ដី​សង​សឹក​របស់​ព្រះ​យេហូវ៉ា»។ យើង​មាន​ចិត្ត​រីករាយ​ណាស់ ដែល​មនុស្ស​រាប់​លាន​នាក់​បាន​ចេញ​ពី​ការ​ជាប់​ឃុំ​ឃាំង​នៃ​បាប៊ីឡូន​ដ៏​ធំ ជា​ចក្រភព​ទូទៅ​នៃ​សាសនា​មិន​ពិត។ តើ​អ្នក​ក្នុង​ចំណោម​ពួក​ទាំង​នេះ​ទេ? បើ​ដូច្នេះ អ្នក​អាច​យល់​ច្បាស់​នូវ​របៀប​ដែល​បាប៊ីឡូន​ដ៏​ធំ​មាន​ឥទ្ធិពល​លើ​សាសន៍​ទាំង​ឡាយ​នៃ​ផែនដី៖ «សាសន៍​ទាំង​ប៉ុន្មាន​បាន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​របស់​គេ ហេតុ​នោះ​បាន​ជា​សាសន៍​ទាំង​អស់​បាន​ត្រឡប់​ជា​រវើ​រវាយ​ទៅ»។—យេរេមា ៥១:៦, ៧

១៧. តើ​ការ​ជំនុំ​ជំរះ​អ្វី​ដែល​ជិត​នឹង​ប្រតិបត្ដិ​លើ​បាប៊ីឡូន​ដ៏​ធំ ហើយ​អ្វី​ដែល​មាន​បន្ទាប់​ពី​សកម្មភាព​នោះ?

១៧ មិន​យូរ​ប៉ុន្មាន​ទៀត សមាជិក​នៃ​អ​.ស.ប.ដែល«រវើ​រវាយ» នឹង​ចាត់​វិធានការ​ដោយ​ព្រះ​យេហូវ៉ា​ឲ្យ​ប្រហារ​សាសនា​មិន​ពិត ដូច​បាន​ចែង​មក​ក្នុង​វិវរណៈ ១៧:១៦៖ «នោះ​នឹង​ស្អប់​ដល់​ស្រី​សំផឹង ហើយ​នឹង​បំផ្លាញ​វា​ទៅ ទាំង​ធ្វើ​ឲ្យ​វា​នៅ​អាក្រាត រួច​នឹង​ស៊ី​សាច់​វា ហើយ​ដុត​វា​នៅ​ក្នុង​ភ្លើង»។ នេះ​ជា​ការ​ចាប់​ផ្ដើម​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង ដែល​បាន​សំដៅ​ប្រាប់​នៅ​ម៉ាថាយ ២៤:២១ ហើយ​នោះ​នឹង​មក​ដល់​កំពូល​ខ្ពស់​បំផុត​នៅ​ឯ​អើម៉ាគេដូន ជា​សង្គ្រាម​នៃ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត។ ដូច​បាប៊ីឡូន​នៅ​ពី​បុរាណ បាប៊ីឡូន​ដ៏​ធំ​នឹង​ទទួល​ការ​ជំនុំ​ជំរះ ដែល​បាន​ប្រកាស​ប្រាប់​ក្នុង​យេរេមា ៥១:១៣, ២៥៖ «‹ឱ​ក្រុង​ដែល​តាំង​នៅ​លើ​ទី​ទឹក​ជា​ច្រើន ហើយ​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​បរិបូរ​អើយ ចុង​បំផុត​របស់​ឯង​បាន​មក​ដល់​ហើយ សេចក្ដី​លោភ​របស់​ឯង​ក៏​ដល់​កំណត់​ផង›។ ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ‹ឱ​ភ្នំ​ដែល​បំផ្លាញ​គឺ​ដែល​បំផ្លាញ​ផែនដី​ទាំង​មូល​អើយ មើល អញ​ទាស់​នឹង​ឯង អញ​នឹង​លូក​ដៃ​ទៅ​លើ​ឯង ហើយ​ប្រមៀល​ឯង​ទំលាក់​ពី​លើ​ថ្ម​ដា ព្រម​ទាំង​ឲ្យ​ឯង​ឆេះ​អស់​ទៅ›»។ ពួក​សាសន៍​សង្គ្រាម​និយម​ដ៏​ពុក​រលួយ​នឹង​ទទួល​សេចក្ដី​ហិន​វិនាស​ដូច​សាសនា​មិន​ពិត​ដែរ នៅ​ពេល​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​កើត​ឡើង​ដល់​សាសន៍​ទាំង​នោះ។

១៨. នៅ​ពេល​ណា និង​របៀប​ណា​ដែល​អេសាយ ៤៨:២២ នឹង​បាន​សម្រេច​ទៀត?

១៨ នៅ​ថែស្សាឡូនីច​ទី​១ ៥:៣ ព្រះ​គម្ពីរ​ចែង​អំពី​ពួក​មនុស្ស​អាក្រក់​ថា៖ «ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា‹មាន​សេចក្ដី​សុខ​សាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ› នោះ​លោ​តែ​មាន​សេចក្ដី​ហិន​វិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី មាន​គភ៌​ឈឺ​នឹង​សំ​រាល ហើយ​គេច​មិន​រួច​ឡើយ»។ ពួក​ទាំង​នេះ​ជា​ពួក​ដែល​អេសាយ​បាន​មាន​ប្រសាសន៍​ថា៖ «ពួក​រាជទូត​ដែល​សូម​មេត្រី​ភាព គេ​យំ​អណ្ដឺតអណ្ដក»។ (អេសាយ ៣៣:៧) ប្រាកដ​ហើយ ដូច​យើង​អាន​នៅ​អេសាយ ៤៨:២២ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ‹គ្មាន​សេចក្ដី​សុខ​សោះ ដល់​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់›»។ ប៉ុន្តែ តើ​មាន​អនាគត​យ៉ាង​ណា​សំរាប់​ពួក​អ្នក​នាំ​សារ​នៃ​សន្ដិភាព​របស់​ព្រះ? អត្ថបទ​ជា​បន្ទាប់​របស់​យើង​នឹង​ប្រាប់​អំពី​រឿង​នេះ។

សំនួរ​សំរាប់​ពិនិត្យ​សា​ឡើង​វិញ

◻ តើ​ពួក​ព្យាការី​របស់​ព្រះ​ប្រើ​ពាក្យ​ដ៏​ខ្លាំង​យ៉ាង​ណា​ក្នុង​ការ​លាត​ត្រដាង​ពួក​អ្នក​នាំ​សារ​ក្លែង​ក្លាយ?

◻ ហេតុ​អ្វី​ក៏​ទី​ភ្នាក់ងារ​មនុស្ស​មាន​បរាជ័យ​ក្នុង​ការ​ផ្ដល់​ឲ្យ​មាន​សន្ដិភាព​ជា​ស្ថាពរ?

◻ តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​នាំ​សារ​ពិត​មាន​ភាព​ខុស​គ្នា​នឹង​ពួក​គាំទ្រ​អ​.ស.ប.?

◻ តើ​មនុស្ស​រាប​សា​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​បាន​សន្ដិភាព​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា?

[រូប​ភាព​នៅ​ទំព័រ​១៣]

អេសាយ យេរេមា និង​ដានីយ៉ែល បាន​ទាយ​ប្រាប់​អំពី​បរាជ័យ​នៃ​ការ​ខំ​ខ្នះ​ខ្នែង​រក​សន្ដិភាព​របស់​មនុស្សជាតិ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក