បន្តដើរតាមផ្លូវរបស់ព្រះយេហូវ៉ា
«ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ។ នោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដក»។—ទំនុកដំកើង ៣៧:៣៤
១, ២. តើការដើរតាមផ្លូវរបស់ព្រះយេហូវ៉ាបានរួមបញ្ចូលអ្វីចំពោះស្តេចដាវីឌ ហើយតើនោះតម្រូវអ្វីពីយើងសព្វថ្ងៃនេះ?
«សូមឲ្យទូលបង្គំបានស្គាល់ផ្លូវដែលគួរដើរ ពីព្រោះទូលបង្គំបានលើកព្រលឹងទៅរកទ្រង់»។ (ទំនុកដំកើង ១៤៣:៨) សព្វថ្ងៃ ពួកគ្រីស្ទាននិយាយអស់ពីចិត្តតាមបន្ទូលរបស់ស្តេចដាវីឌ។ ពួកគេពិតជាចង់ផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា ហើយដើរតាមផ្លូវទ្រង់។ តើនេះរួមបញ្ចូលអ្វីខ្លះ? ចំពោះដាវីឌ នោះរួមបញ្ចូលការប្រព្រឹត្តតាមច្បាប់ទាំងឡាយរបស់ព្រះ។ ហើយក៏រួមបញ្ចូលការទុកចិត្តលើទ្រង់ ជាជាងចងសម្ព័ន្ធភាពជាមួយនឹងសាសន៍ផ្សេងៗ។ ត្រូវហើយ ហើយនេះបានសេចក្ដីថាបំរើទ្រង់ដោយភាពស្មោះត្រង់ មិនមែនថ្វាយបង្គំព្រះរបស់សាសន៍ជិតខាងទាំងនោះឡើយ។ ចំពោះពួកគ្រីស្ទានវិញ ការដើរតាមផ្លូវរបស់ព្រះយេហូវ៉ារួមបញ្ចូលច្រើនទៀត។
២ ហេតុមួយគឺថា សព្វថ្ងៃនេះ ការដើរតាមផ្លូវរបស់ព្រះយេហូវ៉ារួមបញ្ចូលការអនុវត្តន៍សេចក្ដីជំនឿលើយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទ ទាំងទទួលស្គាល់ទ្រង់ជា «ផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត»។ (យ៉ូហាន ៣:១៦; ១៤:៦; ហេព្រើរ ៥:៩) នោះក៏រួមបញ្ចូលការសម្រេចនូវ«ក្រិត្យវិន័យនៃព្រះគ្រីស្ទ» ដែលរួមបញ្ចូលការបង្ហាញសេចក្ដីស្រឡាញ់គ្នាទៅវិញទៅមក ជាពិសេសចំពោះបងប្អូនចាក់ប្រេងតាំងរបស់ព្រះយេស៊ូ។ (កាឡាទី ៦:២; ម៉ាថាយ ២៥:៣៤-៤០) ពួកអ្នកដែលដើរតាមផ្លូវរបស់ព្រះយេហូវ៉ា គេនោះស្រឡាញ់គោលការណ៍និងបញ្ញត្ដិរបស់ទ្រង់។ (ទំនុកដំកើង ១១៩:៩៧; សុភាសិត ៤:៥, ៦) ពួកគេរាប់ជាមានតម្លៃនូវឯកសិទ្ធិដ៏ពិសិដ្ឋរបស់គេ ក្នុងការចូលរួមក្នុងកិច្ចបំរើគ្រីស្ទាន។ (កូល៉ុស ៤:១៧; ធីម៉ូថេទី២ ៤:៥) សេចក្ដីអធិស្ឋានជាផ្នែកធម្មតានៃជីវិតគេ។ (រ៉ូម ១២:១២) ហើយពួកគេ‹ប្រុងប្រយ័ត្ននូវរបៀបដែលគេដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ›។ (អេភេសូរ ៥:១៥) ពួកគេប្រាកដជាមិនលះបង់ទ្រព្យជាវិញ្ញាណ ដើម្បីប្រយោជន៍បានដ៏បណ្ដោះអាសន្នជាវត្ថុទ្រព្យឬក៏ការសប្បាយដ៏ខុសសីលធម៌ខាងសាច់ឈាមទេ។ (ម៉ាថាយ ៦:១៩, ២០; យ៉ូហានទី១ ២:១៥-១៧) ម្យ៉ាងវិញទៀត សេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ានិងការទុកចិត្តដល់ទ្រង់ នោះគឺជាចាំបាច់។ (កូរិនថូសទី២ ១:៩; ១០:៥; អេភេសូរ ៤:២៤) ហេតុអ្វី? ពីព្រោះស្ថានភាពរបស់យើងគឺស្រដៀងនឹងស្ថានភាពរបស់ពួកអ៊ីស្រាអែលពីបុរាណ។
ភាពចាំបាច់នៃទំនុកចិត្តនិងសេចក្ដីស្មោះត្រង់
៣. ហេតុអ្វីបានជាសេចក្ដីស្មោះត្រង់ សេចក្ដីជំនឿ និងទំនុកចិត្ត ជួយយើងឲ្យបន្តដើរតាមផ្លូវរបស់ព្រះយេហូវ៉ា?
៣ អ៊ីស្រាអែលធ្លាប់ជាប្រទេសដ៏តូចមួយ ចោមព័ទ្ធដោយសាសន៍ដ៏មិនរាក់ទាក់ ហើយដែលចូលរួមក្នុងពិធីដ៏អាសអាភាសខុសសីលធម៌ ក្នុងការថ្វាយបង្គំព្រះរូបបដិមាករ។ (របាក្សត្រទី១ ១៦:២៦) មានតែសាសន៍អ៊ីស្រាអែលប៉ុណ្ណោះ ដែលថ្វាយបង្គំព្រះពិតតែមួយ ព្រះយេហូវ៉ា ហើយទ្រង់តម្រូវឲ្យពួកគេរក្សាខ្នាតគំរូសីលធម៌ដ៏ខ្ពង់ខ្ពស់។ (ចោទិយកថា ៦:៤) សព្វថ្ងៃនេះគឺស្រដៀងគ្នាដែរ មានតែមនុស្សប៉ុន្មានលាននាក់ប៉ុណ្ណោះដែលថ្វាយបង្គំព្រះយេហូវ៉ា ហើយពួកគេរស់ក្នុងពិភពលោកដែលមានមនុស្សជិតប្រាំមួយពាន់លាននាក់ ដែលខ្នាតគំរូនិងទស្សនៈខាងសាសនា គឺខុសពីពួកគេ។ បើសិនជាយើងនៅក្នុងចំណោមមនុស្សប៉ុន្មានលាននាក់នោះ យើងត្រូវតែប្រុងប្រយ័ត្នឲ្យមិនទទួលអនុភាពអាក្រក់។ តើយ៉ាងដូចម្ដេច? អ្វីដែលនឹងជួយ គឺដោយមានសេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ា សេចក្ដីជំនឿលើទ្រង់ ហើយទំនុកចិត្តដ៏ខ្លាំងថា ទ្រង់នឹងសម្រេចតាមសេចក្ដីសន្យារបស់ទ្រង់។ (ហេព្រើរ ១១:៦) នេះនឹងបង្ការយើងពីការទុកចិត្តនឹងអ្វីដែលលោកីយ៍នេះសង្ឃឹមលើ។—សុភាសិត ២០:២២; ធីម៉ូថេទី១ ៦:១៧
៤. ហេតុអ្វីបានជាសាសន៍ទាំងឡាយ‹ត្រូវគំនិតគេបង្អាប់›?
៤ សាវ័កប៉ុលបានបង្ហាញភាពខុសគ្នាស្រឡះ ដែលពួកគ្រីស្ទានត្រូវតែមានពីលោកីយ៍ ពេលដែលគាត់សរសេរថា៖ «ដូច្នេះ ខ្ញុំនិយាយសេចក្ដីនេះ ហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថា កុំបីឲ្យអ្នករាល់គ្នាដើរដូចជាសាសន៍ដទៃឯទៀត ដែលគេដើរតាមគំនិតឥតប្រយោជន៍របស់គេទៀតឡើយ គំនិតគេត្រូវបង្អាប់ ហើយគេដាច់ចេញពីព្រះជន្មព្រះ ដោយសារសេចក្ដីខ្លៅល្ងង់ក្នុងខ្លួនគេ ព្រោះចិត្តគេរឹងទទឹង»។ (អេភេសូរ ៤:១៧, ១៨) ព្រះយេស៊ូគឺជា«ពន្លឺដ៏ពិត»។ (យ៉ូហាន ១:៩) អ្នកណាក៏ដោយដែលបដិសេធទ្រង់ឬក៏អះអាងថាគេជឿ ក៏ប៉ុន្តែគេមិនស្ដាប់តាម«ក្រិត្យវិន័យនៃព្រះគ្រីស្ទ» នោះ«គំនិតគេត្រូវបង្អាប់»។ ដោយព្រោះនៅឆ្ងាយពីការដើរតាមផ្លូវរបស់ព្រះយេហូវ៉ា នោះគេគឺ«ដាច់ចេញពីព្រះជន្មព្រះ»។ ទោះបីគេប្រហែលជាគិតថាគេមានប្រាជ្ញាខាងលោកីយ៍នេះ គេនៅមាន‹សេចក្ដីខ្លៅល្ងង់ក្នុងខ្លួនគេ›ចំពោះចំណេះតែមួយគត់ដែលនាំទៅដល់ជីវិត ជាចំណេះអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ។—យ៉ូហាន ១៧:៣; កូរិនថូសទី១ ៣:១៩
៥. ទោះបីពន្លឺនៃសេចក្ដីពិតកំពុងតែភ្លឺឡើងក្នុងលោកីយ៍ក៏ដោយ ហេតុអ្វីក៏ចិត្តរបស់មនុស្សជាច្រើនគ្មានការតបឆ្លើយ?
៥ ក៏ប៉ុន្តែ ពន្លឺនៃសេចក្ដីពិត កំពុងតែភ្លឺឡើងក្នុងលោកីយ៍! (ទំនុកដំកើង ៤៣:៣; ភីលីព ២:១៥) «ប្រាជ្ញាតែងបន្លឺឡើងនៅក្នុងផ្លូវ»។ (សុភាសិត ១:២០) ឆ្នាំមុននេះ ស្មរបន្ទាល់ព្រះយេហូវ៉ាបានចំណាយច្រើនជាងមួយលានពាន់ម៉ោង ក្នុងការប្រាប់អ្នកជិតខាងរបស់គេអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ។ ហើយមនុស្សរាប់រយពាន់នាក់បានតបឆ្លើយ។ ក៏ប៉ុន្តែ តើយើងគួរភ្ញាក់ផ្អើលទេ ដែលមនុស្សជាច្រើនឯទៀតមិនបានតបឆ្លើយនោះ? មិនភ្ញាក់ផ្អើលទេ។ ប៉ុលបាននិយាយពី‹ភាពរឹងទទឹងនៃចិត្តគេ›។ អ្នកខ្លះមានចិត្តដែលមិនតបឆ្លើយ ដោយព្រោះអត្តទត្ថភាពឬក៏ការស្រឡាញ់ប្រាក់។ អ្នកឯទៀតទទួលអនុភាពពីសាសនាក្លែងក្លាយឬទស្សនៈលោកីយ៍ដែលមានពាសពេញសព្វថ្ងៃនេះ។ ការពិសោធន៍នូវការលំបាកក្នុងជីវិតបាននាំឲ្យអ្នកខ្លះបែរខ្នងចេញពីព្រះ។ អ្នកដទៃបដិសេធមិនព្រមប្រព្រឹត្តតាមក្បួនខ្នាតសីលធម៌ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា។ (យ៉ូហាន ៣:២០) តើចិត្តរបស់បុគ្គលម្នាក់ដែលដើរតាមផ្លូវរបស់ព្រះយេហូវ៉ាទៅជារឹងទទឹងដូច្នេះឬទេ?
៦, ៧. ទោះបីពួកអ៊ីស្រាអែលជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា តើនៅពេលណាខ្លះដែលពួកគេបានវង្វេងចេញ ហើយហេតុអ្វី?
៦ ដូចប៉ុលបានបង្ហាញនោះ នេះបានកើតឡើងចំពោះអ៊ីស្រាអែលពីបុរាណ។ គាត់បានសរសេរថា៖ «ការទាំងនោះបានត្រឡប់ជាគំរូដល់យើង ប្រយោជន៍កុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ ដូចជាគេឡើយ ឬថ្វាយបង្គំរូបព្រះ ដូចជាពួកគេខ្លះបានថ្វាយដែរ ដូចមានសេចក្ដីចែងទុកមកថា‹បណ្ដាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ› ឬប្រព្រឹត្តសេចក្ដីកំផិត ដូចជាពួកគេខ្លះបានប្រព្រឹត្ត ហើយមាន២ម៉ឺន៣ពាន់នាក់ បានត្រូវវិនាសក្នុង១ថ្ងៃនោះឯង»។—កូរិនថូសទី១ ១០:៦-៨
៧ មុនបង្អស់ប៉ុលបានសំដៅទៅពេលដែលពួកអ៊ីស្រាអែលបានថ្វាយបង្គំរូបកូនគោមាស នៅជើងភ្នំស៊ីណាយ។ (និក្ខមនំ ៣២:៥, ៦) នេះជាការបដិសេធមិនស្ដាប់បង្គាប់ដែលប្រឆាំងចំៗនឹងបង្គាប់ព្រះ ដែលពួកគេបានព្រមស្ដាប់តាមពីរបីអាទិត្យមុន។ (និក្ខមនំ ២០:៤-៦; ២៤:៣) បន្ទាប់មក ប៉ុលបានសំដៅទៅពេលពួកអ៊ីស្រាអែលបានលុតជង្គង់ថ្វាយបង្គំព្រះបាល ជាមួយនឹងពួកកូនស្រីសាសន៍ម៉ូអាប់។ (ជនគណនា ២៥:១-៩) ការថ្វាយបង្គំកូនគោ មានលក្ខណៈជាការភ្លើតភ្លើនហួសប្រមាណ ជាការ‹លេងសប្បាយ›។a ការថ្វាយបង្គំព្រះបាលគឺទន្ទឹមនឹងការប្រព្រឹត្តអសីលធម៌ខាងកាម។ (វិវរណៈ ២:១៤) ហេតុអ្វីបានជាពួកអ៊ីស្រាអែលបានប្រព្រឹត្តបាបទាំងនេះ? ពីព្រោះពួកគេបានអនុញ្ញាតឲ្យចិត្តរបស់ពួកគេ ចាប់ផ្ដើម‹ប្រាថ្នាចង់បានសេចក្ដីអាក្រក់› ទោះបើនោះជាការថ្វាយបង្គំរូបបដិមាករឬក៏ការប្រព្រឹត្តដ៏អាសអាភាសខុសសីលធម៌ក្ដី។
៨. តើអ្វីដែលយើងអាចរៀនពីបទពិសោធន៍របស់អ៊ីស្រាអែល?
៨ ប៉ុលបានបញ្ជាក់ថា យើងគួររៀនពីព្រឹត្ដិការណ៍ទាំងនេះ។ តើរៀនអ្វីទៅ? មិនគួរគប្បីដែលគ្រីស្ទានម្នាក់នឹងលុតជង្គង់ថ្វាយបង្គំកូនគោមាសឬក៏ព្រះមួយនៃសាសន៍ម៉ូអាប់ពីបុរាណនោះឡើយ។ ក៏ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះអំពើអសីលធម៌ឬការភ្លើតភ្លើនដ៏គ្មានការទប់នោះ? អ្វីទាំងនេះគឺជាធម្មតាសំរាប់សព្វថ្ងៃ ហើយបើសិនជាយើងអនុញ្ញាតសេចក្ដីប្រាថ្នាទាំងនេះ ឲ្យដុះដាលក្នុងចិត្តយើង នោះនឹងពង្រាត់យើងពីព្រះយេហូវ៉ា។ លទ្ធផលនឹងដូចជាយើងបានថ្វាយបង្គំរូបបដិមាករ គឺជាភាពដាច់ពីព្រះ។ (ប្រៀបមើល កូល៉ុស ៣:៥; ភីលីព ៣:១៩) មែនហើយ ប៉ុលបានបញ្ចប់ការពិគ្រោះរបស់គាត់ពីព្រឹត្ដិការណ៍ទាំងនោះ ដោយជំរុញចិត្តពួកអ្នកជឿឯទៀតថា៖ «ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ»។—កូរិនថូសទី១ ១០:១៤
ជំនួយក្នុងការដើរតាមផ្លូវរបស់ព្រះ
៩. (ក) តើយើងទទួលជំនួយអ្វី ដើម្បីជួយយើងបន្តដើរតាមផ្លូវរបស់ព្រះយេហូវ៉ា? (ខ) តើអ្វីជារបៀបទីមួយដែលយើងឮ‹ពាក្យពីក្រោយយើង›?
៩ បើសិនជាយើងប្ដេជ្ញាដើរតាមផ្លូវរបស់ព្រះយេហូវ៉ា នោះយើងធ្វើដោយគ្មានជំនួយទេ។ អេសាយបានទាយថា៖ «ហើយកាលណាឯងរាល់គ្នាបែរទៅខាងស្ដាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយឯងថា ‹គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ›»។ (អេសាយ ៣០:២១) តើយ៉ាងណាដែល‹ត្រចៀករបស់យើង›ឮ‹ពាក្យពីក្រោយយើង›នោះ? គ្មានអ្នកណាដែលឮសម្លេងមែនទែន ឬទទួលសារពីព្រះផ្ទាល់ឡើយ។ «ពាក្យ»ដែលត្រូវឮនោះ មកដល់យើងទាំងអស់គ្នាតាមរបៀបតែមួយ។ មុនបង្អស់ហើយសំខាន់បំផុត នោះមកតាមរយៈបទដែលបានត្រូវបណ្ដាលឲ្យសរសេរនោះ ជាព្រះគម្ពីរ។ នោះមាននូវគំនិតរបស់ព្រះ ហើយនិងឯកសារពីទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងមនុស្សលោក។ ដោយព្រោះយើងត្រូវទទួលអនុភាពជារៀងរាល់ថ្ងៃ ពីគំនិតពីប្រភពទាំងប៉ុន្មានដែល«ដាច់ចេញពីព្រះជន្មព្រះ» នោះយើងត្រូវតែអានព្រះគម្ពីរហើយរំពឹងគិតពីនោះជារឿយៗ ដើម្បីឲ្យមានសុខភាពល្អខាងវិញ្ញាណ។ នេះនឹងជួយយើងជៀសវាងពី«អស់ទាំងការ ដែលឥតប្រយោជន៍» ហើយធ្វើជា«មានគ្រប់ទាំងចំណេះសំរាប់ធ្វើការល្អគ្រប់មុខ»។ (កិច្ចការ ១៤:១៤, ១៥; ធីម៉ូថេទី២ ៣:១៦, ១៧) នោះនឹងពង្រឹងកម្លាំងរបស់យើង ធ្វើឲ្យយើងមាំមួន ហើយជួយយើង‹ឲ្យជោគជ័យនៅគ្រប់ទាំងផ្លូវយើង›។ (យ៉ូស្វេ ១:៧, ៨) ដូច្នេះ បន្ទូលរបស់ព្រះយេហូវ៉ាជំរុញឲ្យ៖ «ដូច្នេះ កូនទាំងឡាយអើយ ចូរស្ដាប់អញឥឡូវ ដ្បិតអ្នកណាដែលរក្សាអស់ទាំងផ្លូវរបស់អញ នោះមានពរហើយ ចូរស្ដាប់ដំបូន្មាន ហើយមានប្រាជ្ញាចុះ កុំឲ្យប្រកែកមិនព្រមទទួលឡើយ»។—សុភាសិត ៨:៣២, ៣៣
១០. តើអ្វីជារបៀបទីពីរដែលយើងឮ‹ពាក្យពីក្រោយយើង›?
១០ ‹ពាក្យពីក្រោយយើង› នោះក៏មកដល់តាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ដែលផ្ដល់នូវ‹អាហារតាមត្រូវពេល›។ (ម៉ាថាយ ២៤:៤៥-៤៧) របៀបមួយដែលអាហារនេះត្រូវផ្ដល់ គឺតាមរយៈប្រកាសនវត្ថុបោះពុម្ពដែលមានមូលដ្ឋានលើព្រះគម្ពីរ ហើយនៅពេលថ្មីៗនេះ អាហារនេះបានត្រូវផ្ដល់ជាបរិបូរ។ ឧទាហរណ៍ តាមរយៈទស្សនាវដ្ដីប៉មយាម ការយល់ដឹងរបស់យើងចំពោះបទទំនាយ នោះបានត្រូវធ្វើឲ្យប្រសើរឡើង។ ក្នុងទស្សនាវដ្ដីនេះ យើងបានត្រូវលើកទឹកចិត្តតស៊ូក្នុងកិច្ចផ្សព្វផ្សាយនិងការបញ្ចូលសិស្ស ទោះបីមានភាពកន្តើយកាន់តែច្រើនក៏ដោយ។ យើងក៏បានត្រូវជួយជៀសវាងអន្ទាក់ផ្សេងៗ ហើយយើងបានត្រូវជំរុញឲ្យបណ្ដុះបណ្ដាលគុណសម្បត្ដិគ្រីស្ទានដ៏ប្រសើរឡើង។ តើយើងរាប់ជាមានតម្លៃម្ល៉េះហ្ន៎ នូវការមានអាហារបែបនេះតាមត្រូវពេល!
១១. សូមពន្យល់វិធីទីបីដែលយើងអាចឮ‹ពាក្យពីក្រោយយើង›។
១១ អ្នកបំរើស្មោះត្រង់និងមានវិនិច្ឆ័យល្អ ក៏ផ្ដល់អាហារតាមរយៈកិច្ចប្រជុំជារឿយៗ។ នេះរួមបញ្ចូលប្រជុំក្រុមជំនុំតាមតំបន់ សន្និបាតតាមមណ្ឌលប្រាំមួយខែម្ដង ហើយសន្និបាតធំៗប្រចាំឆ្នាំ។ ពួកគ្រីស្ទានស្មោះត្រង់ទាំងអស់គ្នា រាប់ជាមានតម្លៃនូវការប្រជុំបែបនេះ។ ប្រជុំទាំងនោះគឺជាជំនួយចាំបាច់ ក្នុងការជួយគាំទ្រយើងឲ្យដើរតាមផ្លូវរបស់ព្រះយេហូវ៉ា។ ដោយព្រោះមនុស្សជាច្រើន ត្រូវតែចំណាយពេលជាច្រើននៅកន្លែងធ្វើការឬក៏នៅសាលាជាមួយអ្នកដែលគ្មានជំនឿដូចគេ នោះការរួបរួមគ្រីស្ទានជារឿយៗគឺជាអ្វីដែលតាមការពិតសង្គ្រោះជីវិត។ កិច្ចប្រជុំជួយឲ្យយើងមានឱកាសដ៏ល្អដើម្បី«ពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង»។ (ហេព្រើរ ១០:២៤) យើងស្រឡាញ់បងប្អូនរបស់យើង ហើយស្រឡាញ់ការសេពគប់ជាមួយនឹងគេ។—ទំនុកដំកើង ១៣៣:១
១២. តើស្មរបន្ទាល់ព្រះយេហូវ៉ាមានការប្ដេជ្ញាអ្វី ហើយនៅពេលថ្មីៗនេះ តើពួកគេបានសម្ដែងនេះតាមរបៀបណា?
១២ ដោយព្រោះបានពង្រឹងដោយអាហារខាងវិញ្ញាណបែបនេះ នោះសឹងតែមនុស្ស៦លាននាក់សព្វថ្ងៃនេះ កំពុងតែដើរតាមផ្លូវរបស់ព្រះយេហូវ៉ា ហើយរាប់លាននាក់ទៀត កំពុងតែសិក្សាព្រះគម្ពីរដើម្បីរៀនរបៀបដើរដូច្នោះដែរ។ តើពួកគេធ្លាក់ទឹកចិត្តឬក៏ទៅជាខ្សោយទេឬ ដោយដឹងហេតុការណ៍ថាពួកគេជាចំនួនតូច បើប្រៀបជាមួយនឹងមនុស្សនៅលើផែនដីដែលមានចំនួនរាប់រយកោដិ? មិនទាល់តែសោះ! ពួកគេប្ដេជ្ញាស្ដាប់តាម‹ពាក្យពីក្រោយគេ› ដោយធ្វើតាមព្រះហឫទ័យព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។ ជាការសម្ដែងសាធារណៈនៃការប្ដេជ្ញានេះ នោះនៅឯមហាសន្និបាតតាមតំបន់និងក្នុងអន្តរជាតិក្នុងកំឡុងឆ្នាំ១៩៩៨និង១៩៩៩ ដែលមានប្រធាន «ផ្លូវរបស់ព្រះខាងឯជីវិត» ពួកអ្នកចូលរួមបានមានឯកភាពនឹងសេចក្ដីសម្រេចមួយដែលសម្ដែងជំហរចិត្តរបស់ពួកគេ។ សេចក្ដីសម្រេចជាអក្សរនោះគឺមានដូចតទៅ។
សេចក្ដីសម្រេច
១៣, ១៤. តើពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានទស្សនៈដ៏ប្រាកដប្រជាអ្វី អំពីស្ថានការណ៍ក្នុងពិភពលោក?
១៣ «ពួកយើង ជាស្មរបន្ទាល់ព្រះយេហូវ៉ា នៅឯសន្និបាតដែលមានប្រធាន‹ផ្លូវរបស់ព្រះខាងឯជីវិត› យល់ព្រមទាំងស្រុងថាផ្លូវរបស់ព្រះ ជាផ្លូវនៃរបៀបរស់នៅដែលល្អបំផុត។ ក៏ប៉ុន្តែ យើងទទួលស្គាល់ថាមនុស្សភាគច្រើនមានអារម្មណ៍ផ្សេងទេ។ សង្គមមនុស្សលោកបានពិសោធន៍មតិ ទស្សនៈ និងគំនិតខាងសាសនាជាច្រើនអំពីអ្វីដែលប្រកបជារបៀបរស់នៅដែលល្អបំផុត។ ការសង្កេតដ៏គ្មានភាពលំអៀងនូវប្រវត្ដិសាស្ត្រមនុស្សលោកនិងស្ថានការណ៍ក្នុងពិភពលោកសព្វថ្ងៃនេះ នោះនឹងបញ្ជាក់នូវភាពពិតប្រាកដនៃសេចក្ដីចែងរបស់ព្រះនៅយេរេមា ១០:២៣ ដែលថា៖ ‹ដំរង់ជំហានរបស់ខ្លួន នោះមិនស្រេចនៅមនុស្សដែលដើរដែរ›។
១៤ «ជារៀងរាល់ថ្ងៃ យើងឃើញភស្តុតាងកាន់តែច្រើនទៀតដែលបញ្ជាក់ភាពពិតនៃបន្ទូលទាំងនោះ។ ជាទូទៅ សង្គមមនុស្សមិនអើពើនឹងផ្លូវរបស់ព្រះខាងឯជីវិត។ មនុស្សតាមរកអ្វីដែលហាក់ដូចជាល្អចំពោះពួកគេ។ លទ្ធផលពីនោះបានជាទីសោកស្ដាយ រួមបញ្ចូលការបែកបាក់នៃជីវភាពគ្រួសារ ដែលចោលកូនៗដោយគ្មានការណែនាំ។ ក៏មានការស្វះស្វែងយ៉ាងរវះរវាមនូវវត្ថុទ្រព្យ ដែលលទ្ធផលនូវទីបំផុតគឺជីវិតដ៏ឥតន័យនិងភាពតឹងតែងចិត្ត។ ក៏មានឧក្រិដ្ឋកម្មនិងអំពើហិង្សាដោយគ្មានហេតុ ដែលយកនូវជីវិតរងគ្រោះដ៏ឥតគណនា។ ក៏មានចលាចលក្នុងកុលសម្ព័ន្ធនិងសង្គ្រាម ដែលមានការបាត់បង់នូវជីវិតមនុស្សជាច្រើនក្រៃលែង។ ក៏មានអំពើអសីលធម៌ដ៏គ្មានការទប់ទល់ ដែលធ្វើឲ្យការឆ្លងនូវកាមរោគកំពុងតែរាតត្បាតច្រើនឡើង។ នេះជាបញ្ហាតែបន្ដិចបន្តួចទេ នៃបញ្ហាស្មុគស្មាញជាច្រើនដែលទើសទាល់នឹងការតាមរកសុភមង្គល សន្ដិភាព និងសន្ដិសុខ។
១៥, ១៦. ស្តីពីផ្លូវរបស់ព្រះខាងឯជីវិត តើការប្ដេជ្ញាអ្វី ដែលបានត្រូវចែងក្នុងសេចក្ដីសម្រេចនោះ?
១៥ «ដោយព្រោះស្ថានភាពដ៏គួរឲ្យសោកស្ដាយរបស់មនុស្ស ហើយនឹងភាពកាន់តែជិតនៃ‹សង្គ្រាមនៃថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត› ដែលត្រូវហៅជាអើម៉ាគេដូន (វិវរណៈ ១៦:១៤, ១៦) យើងក្នុងនាមជាស្មរបន្ទាល់ព្រះយេហូវ៉ាក៏សម្រេចថា៖
១៦ «ទីមួយ៖ យើងចាត់ទុកខ្លួនយើងជារបស់ផងព្រះយេហូវ៉ា ដោយយើងម្នាក់ៗបានថ្វាយខ្លួនចំពោះទ្រង់ដោយគ្មានល័ក្ខខ័ណ្ឌ។ យើងក៏នឹងរក្សាឲ្យមានសេចក្ដីជំនឿដែលរង្គើមិនបានលើសំវិធានការរបស់ព្រះយេហូវ៉ា ជាតម្លៃលោះតាមរយៈរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ។ យើងក៏ប្ដេជ្ញាដើរតាមផ្លូវរបស់ទ្រង់ខាងឯជីវិត ដោយបំរើជាស្មរបន្ទាល់របស់ទ្រង់ ហើយចុះចូលនឹងអធិបតេយ្យភាពរបស់ទ្រង់ ដែលត្រូវសម្ដែងតាមរយៈការគ្រប់គ្រងរបស់ព្រះយេស៊ូគ្រីស្ទ។
១៧, ១៨. តើពួកស្មរបន្ទាល់ព្រះយេហូវ៉ានឹងរក្សាទុកជំហរអ្វី ចំពោះគោលការណ៍សីលធម៌និងភាតរភាពគ្រីស្ទាន?
១៧ «ទីពីរ៖ យើងនឹងបន្តកាន់តាមគោលការណ៍សីលធម៌ដ៏ខ្ពង់ខ្ពស់ពីព្រះគម្ពីរ។ យើងប្ដេជ្ញាទប់ចិត្តមិនដើរតាមរបៀបសាសន៍ទាំងឡាយ ដែលដើរក្នុងភាពឥតប្រយោជន៍នៃគំនិតរបស់ពួកគេ។ (អេភេសូរ ៤:១៧-១៩) គឺជាការសម្រេចរបស់យើង ដើម្បីរក្សាខ្លួនទុកឲ្យស្អាតស្អំចំពោះព្រះយេហូវ៉ា ហើយមិនប្រឡាក់ពីលោកីយ៍។—យ៉ាកុប ១:២៧
១៨ «ទីបី៖ ពួកយើងនឹងកាន់យ៉ាងខ្លាំងនូវជំហររបស់យើងដែលមានមូលដ្ឋានលើព្រះគម្ពីរ ជាភាតរភាពគ្រីស្ទានទូទាំងពិភពលោក។ យើងនឹងរក្សាភាពអព្យាក្រឹតគ្រីស្ទាន ក្នុងចំណោមសាសន៍ទាំងឡាយ ដោយមិនអនុញ្ញាតឲ្យខ្លួនយើងទាញចូលក្នុងការទាស់ទែងពីពូជសាសន៍ ជាតិ ឬក៏សេចក្ដីសំអប់ពីកុលសម្ព័ន្ធ។
១៩, ២០. (ក) តើឪពុកម្ដាយគ្រីស្ទាននឹងធ្វើអ្វី? (ខ) តើពួកគ្រីស្ទានពិតទាំងអស់នឹងសម្គាល់ខ្លួនជាបន្តយ៉ាងដូចម្ដេច?
១៩ «ទីបួន៖ យើងដែលជាឪពុកម្ដាយ នឹងបណ្ដុះផ្លូវរបស់ព្រះក្នុងចិត្តពួកកូនៗរបស់យើង។ យើងនឹងធ្វើជាគំរូពីរបៀបរស់នៅជាគ្រីស្ទាន ដែលរួមបញ្ចូលការអានជារឿយៗនូវព្រះគម្ពីរ ការសិក្សាជាក្រុម ហើយការរួមចំណែកក្នុងក្រុមជំនុំគ្រីស្ទាន ហើយកិច្ចផ្សព្វផ្សាយ។
២០ «ទីប្រាំ៖ យើងទាំងអស់គ្នានឹងព្យាយាមបណ្ដុះបណ្ដាលឲ្យមានគុណសម្បត្ដិព្រះ ដែលអ្នកបង្កើតរបស់យើងសម្ដែង។ ហើយយើងក៏នឹងព្យាយាមធ្វើតម្រាប់តាមបុគ្គលិកលក្ខណៈនិងការប្រព្រឹត្តរបស់ទ្រង់ ដូចព្រះយេស៊ូបានប្រព្រឹត្តដែរ។ (អេភេសូរ ៥:១) យើងសម្រេចថាកិច្ចការទាំងអស់របស់យើង នឹងប្រកបដោយសេចក្ដីស្រឡាញ់ ហើយដោយអ៊ីចឹងសម្គាល់ខ្លួនយើងជាសិស្សរបស់ព្រះយេស៊ូ។—យ៉ូហាន ១៣:៣៥
២១-២៣. តើពួកស្មរបន្ទាល់ព្រះយេហូវ៉ានឹងបន្តធ្វើអ្វី ហើយតើពួកគេជឿជាក់លើអ្វី?
២១ «ទីប្រាំមួយ៖ យើងនឹងបន្តឥតឈប់ឈរនូវការផ្សព្វផ្សាយដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះ ទាំងបញ្ចុះបញ្ចូលឲ្យមានសិស្ស ហើយយើងនឹងណែនាំពួកគេពីផ្លូវរបស់ព្រះខាងឯជីវិតនិងលើកទឹកចិត្តគេឲ្យទទួលការបង្ហាត់បង្រៀននៅឯកិច្ចប្រជុំក្រុមជំនុំ។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; ហេព្រើរ ១០:២៤, ២៥
២២ ទីប្រាំពីរ៖ ជាបុគ្គលម្នាក់ៗហើយនិងជាអង្គការសាសនាមួយ យើងនឹងបន្តរក្សាទុកព្រះហឫទ័យរបស់ព្រះជាទីមួយក្នុងជីវិតរបស់យើង។ ដោយប្រើព្រះបន្ទូលរបស់ព្រះ ព្រះគម្ពីរ ជាសេចក្ដីណែនាំរបស់យើង នោះយើងនឹងមិនចាកចេញទៅខាងស្ដាំឬខាងឆ្វេង ហើយដោយធ្វើដូច្នេះ នោះយើងបញ្ជាក់ថា ផ្លូវរបស់ព្រះគឺប្រសើរឆ្ងាយជាងផ្លូវរបស់លោកីយ៍។ យើងក៏ប្ដេជ្ញាតាមរកផ្លូវរបស់ព្រះខាងឯជីវិត ដោយភាពមាំមួននិងភាពស្មោះត្រង់ នៅពេលឥឡូវនេះហើយជានិច្ចតទៅ!
២៣ «យើងធ្វើការសម្រេចនេះ ពីព្រោះយើងមានការទុកចិត្តទាំងស្រុងលើសេចក្ដីសន្យាដ៏ប្រកបដោយសេចក្ដីស្រឡាញ់ព្រះយេហូវ៉ាដែលថា អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ទ្រង់នោះនឹងនៅជាប់អស់កល្បជានិច្ច។ យើងក៏ធ្វើការសម្រេចនេះ ពីព្រោះយើងជឿជាក់ថា ការរស់នៅតាមគោលការណ៍ ឱវាទ និងសេចក្ដីដាស់តឿនព្រះគម្ពីរ នោះនាំឲ្យមានរបៀបរស់នៅដែលល្អបំផុតសព្វថ្ងៃ ហើយក៏ស្ថាបនាគ្រឹះមួយដ៏ល្អសំរាប់អនាគត ដើម្បីឲ្យយើងចាប់កាន់យ៉ាងខ្លាំងនូវជីវិតពិតប្រាកដ។ (ធីម៉ូថេទី១ ៦:១៩; ធីម៉ូថេទី២ ៤:៧ខ,៨) ជាសំខាន់បំផុត យើងធ្វើការសម្រេចនេះ ពីព្រោះយើងស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្ត ព្រលឹង គំនិត និងកម្លាំង!
២៤, ២៥. តើអ្វីជាចម្លើយចំពោះសេចក្ដីសម្រេចដែលបានត្រូវស្នើ ហើយតើពួកអ្នកដែលដើរតាមផ្លូវរបស់ព្រះយេហូវ៉ាប្ដេជ្ញាធ្វើអ្វី?
២៤ «អស់អ្នកនៅសន្និបាតនេះដែលពេញចិត្តនិងយល់ព្រមនឹងការសម្រេចនេះ សូមនិយាយថា ព្រម»!
២៥ រាប់រយសៃវៀននិងមណ្ឌលកីឡាទូទាំងពិភពលោកបានខ្ទរ ពេលអ្នកទាំងអស់ដែលមានវត្តមានបានឆ្លើយដោយសម្លេងដូចផ្គរថា «ព្រម»! ពួកស្មរបន្ទាល់ព្រះយេហូវ៉ាគ្មានការសង្ស័យ ថាគេនឹងដើរជាបន្តតាមផ្លូវរបស់ព្រះយេហូវ៉ា។ គេមានការទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា ហើយក៏មានសេចក្ដីជំនឿដែលទ្រង់នឹងសម្រេចតាមសេចក្ដីសន្យារបស់ទ្រង់។ ពួកគេនៅស្មោះត្រង់ចំពោះទ្រង់ ទោះជាអ្វីកើតមានឡើងក៏ដោយ។ ហើយគេប្ដេជ្ញាធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។
«ព្រះកាន់ខាងយើង»
២៦. តើអ្វីជាស្ថានការណ៍ដ៏សប្បាយរបស់អ្នកដែលដើរតាមផ្លូវរបស់ព្រះយេហូវ៉ា?
២៦ ពួកស្មរបន្ទាល់ព្រះយេហូវ៉ានឹកចាំពីសេចក្ដីដាស់តឿនរបស់អ្នកសរសេរបទទំនុកដំកើងថា៖ «ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ។ នោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដក»។ (ទំនុកដំកើង ៣៧:៣៤) ពួកគេក៏មិនភ្លេចពាក្យលើកទឹកចិត្តរបស់ប៉ុលដែលថា៖ «បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង»? (រ៉ូម ៨:៣១, ៣២) ត្រូវហើយ បើសិនជាយើងខំបន្តដើរតាមផ្លូវរបស់ព្រះយេហូវ៉ា ទ្រង់នឹងផ្ដល់ឲ្យ«គ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ»។ (ធីម៉ូថេទី១ ៦:១៧) តើកន្លែងណាដែលល្អជាងកន្លែងយើងនៅឥឡូវនេះ ជាដើរតាមផ្លូវព្រះយេហូវ៉ា នៅខាងបងប្អូនប្រុសស្រីស្ងួនភ្ងារបស់យើង។ ដោយមានព្រះយេហូវ៉ានៅខាងយើង ចូរឲ្យយើងប្ដេជ្ញានៅតែកន្លែងនោះ ហើយតស៊ូដល់អវសាន ទាំងជឿជាក់ថា នៅពេលកំណត់របស់ទ្រង់ យើងនឹងឃើញទ្រង់សម្រេចតាមសេចក្ដីសន្យាទាំងអស់របស់ទ្រង់។—ទីតុស ១:២
[កំណត់សម្គាល់]
a ដោយស្តីពីពាក្យក្រិកដែលបានត្រូវបកប្រែជា«លេងសប្បាយ» អ្នកអត្ថាធិប្បាយម្នាក់បានប្រាប់ថា នោះសំដៅទៅរបាំដែលត្រូវធ្វើឡើងក្នុងបុណ្យពាហិរជន ហើយគាត់ក៏និយាយបន្ថែមថា៖ «ដូចជាដឹងឮសុសសាយ ថារបាំនេះជាច្រើនបានត្រូវធ្វើយ៉ាងណា ដើម្បីបង្កើតឲ្យមានកាមប្រាថ្នាដ៏អាសអាភាសបំផុត»។
តើអ្នកចាំទេ?
◻ តើត្រូវការអ្វីជាចាំបាច់បើគ្រីស្ទានម្នាក់នឹងដើរតាមផ្លូវព្រះយេហូវ៉ា?
◻ ហេតុអ្វីក៏យើងត្រូវតែបណ្ដុះការទុកចិត្តដល់ព្រះយេហូវ៉ានិងសេចក្ដីស្មោះត្រង់ដល់ទ្រង់?
◻ តើយើងអាចទទួលជំនួយអ្វីក្នុងការដើរតាមផ្លូវរបស់ព្រះយេហូវ៉ា?
◻ សូមរៀបរាប់នូវចំណុចសំខាន់ខ្លះៗ ពីសេចក្ដីសម្រេចដែលបានទទួលឯកភាពនៅឯមហាសន្និបាត«ផ្លូវរបស់ព្រះខាងឯជីវិត»។