បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/១២ ទំ. ១៨-២២
  • ចូរដើរដោយជំនឿ មិនមែនដោយមើលឃើញទេ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរដើរដោយជំនឿ មិនមែនដោយមើលឃើញទេ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​បដិសេធ«សេចក្ដី​អំណរ​ខាង​អំពើ​បាប»
  • ការ​ចៀសវាង​កុំ​ឲ្យ​វត្ថុនិយម​ទាក់ចិត្ត​យើង
  • ការ​មិន​ភ្លេច​អំពី​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ
  • តើ​ការ​ដើរ​ដោយ​មើល​ឃើញ អាច​នា​ឲ្យ​មាន​គ្រោះថ្នាក់​ប៉ុនណា?
  • ចូរ​តាំងចិត្ត​ដើរ​ដោយ​ជំនឿ​ចុះ!
  • «ដើរដោយជំនឿ មិនមែនដោយមើលឃើញទេ»
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរធ្វើតាមជំនឿរបស់ម៉ូសេ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • សូមបន្តដើរជាមួយព្រះ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរ​បន្ត​រស់​នៅ​ស្រប​តាម​ជំនឿ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/១២ ទំ. ១៨-២២

ចូរ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ!

«យើង​ខ្ញុំ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើលឃើញ​ទេ»។—កូរិនថូសទី២ ៥:៧

១​. តើ​អ្វី​បង្ហាញ​ថា ប៉ុល​បាន​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ?

នៅ​ឆ្នាំ​៥៥ គ.ស. ប្រមាណ​២០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​តាំង​ពី​បុរស​ឈ្មោះ​សូល​ដែល​ជា​អ្នក​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​ពួក​គ្រីស្ទាន​បាន​ក្លាយ​ជា​ជន​គ្រីស្ទាន​ម្នាក់។ គាត់​មិន​បាន​អនុញ្ញាត​ឲ្យ​ពេល​វេលា​ដែល​បាន​កន្លង​ទៅ​នោះ ធ្វើ​ឲ្យ​ជំនឿ​លើ​ព្រះ​របស់​ខ្លួន​ចុះ​ខ្សោយ​ឡើយ។ ទោះបី​ជា​គាត់​មិន​អាច​ឃើញ​របស់​នៅ​ស្ថានសួគ៌​ដោយ​ភ្នែក​ផ្ទាល់​ក្ដី ក៏​គាត់​នៅ​តែ​មាន​ជំនឿ​រឹងមាំ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​សាវ័ក​ប៉ុល​អាច​មាន​ប្រសាសន៍​ដូច​ត​ទៅ​នេះ ពេល​ដែល​គាត់​សរសេរ​ជូន​ពួក​គ្រីស្ទាន​ចាក់ប្រេងតាំង​ដែល​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​នៅ​ស្ថានសួគ៌​ថា៖ «យើង​ខ្ញុំ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ»។—កូរិនថូសទី២ ៥:៧

២, ៣​. (ក) តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា យើង​កំពុង​តែ​ដើរ​ដោយ​ជំនឿ? (ខ) តើ​ការ​ដើរ​ដោយ​មើល​ឃើញ​មាន​ន័យ​អ្វី?

២ ការ​ដើរ​ដោយ​ជំនឿ​តម្រូវ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា ព្រះ​មាន​សមត្ថភាព​ដឹកនាំ​ជីវិត​យើង។ យើង​ត្រូវ​តែ​ជឿស៊ប់​ថា ទ្រង់​ជ្រាប​ពី​អ្វី​ដែល​នឹង​នាំ​ឲ្យ​យើង​មាន​ប្រយោជន៍​ច្រើន​បំផុត។ (ទំនុកដំកើង ១១៩:៦៦) ពេល​ដែល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ជីវិត​យើង ហើយ​ធ្វើ​តាម​ការ​សម្រេច​ទាំង​នោះ យើង​ក៏​គិត​អំពី«ការ​ដែល​[យើង]មើល​មិន​ឃើញ»ផង​ដែរ។ (ហេព្រើរ ១១:១) ការ​ដែល​យើង​មើល​មិន​ឃើញ​នេះ​រួមបញ្ចូល​នូវ«ផ្ទៃមេឃ​ថ្មី​និង​ផែនដី​ថ្មី»ដែល​បាន​សន្យា​មក។ (ពេត្រុសទី២ ៣:១៣) ផ្ទុយ​ទៅ​វិញ ការ​ដើរ​ដោយ​មើល​ឃើញ មានន័យ​ថា​យើង​កំពុង​តែ​ធ្វើ​តាម​វិថី​ជីវិត​ដែល​ដឹកនាំ​ទាំងស្រុង​ដោយ​ប្រសាទ​រូប​ទាំង​ប្រាំ​ប៉ុណ្ណោះ។ ផ្លូវ​នេះ​អាច​មាន​គ្រោះថ្នាក់​មែន ពីព្រោះ​អាច​នាំ​ឲ្យ​យើង​ធ្វើ​ព្រងើយ​កន្តើយ​នឹង​ព្រះហឫទ័យ​របស់​ព្រះ។—ទំនុកដំកើង ៨១:១២; សាស្ដា ១១:៩

៣ មិន​ថា​យើង​រួម​ចំណែក​ក្នុង​ចំណោម«ហ្វូងតូច»ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ ឬ​ក្នុង​ចំណោម​ពួក«ចៀម​ឯ​ទៀត»ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​លើ​ផែនដី​ក្ដី យើង​ម្នាក់ៗ​គួរ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ដាស់តឿន​នេះ​គឺ​ឲ្យ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ។ (លូកា ១២:៣២; យ៉ូហាន ១០:១៦) សូម​យើង​ពិនិត្យ​មើល​ថា ការ​ធ្វើ​តាម​យោបល់​ដែល​មក​ពី​ព្រះ​នេះ​នឹង​ការពារ​យើង​យ៉ាង​ណា កុំ​ឲ្យ​យើង​មាន​ចិត្ត​ចង់​បាន​នូវ​«សេចក្ដី​អំណរ​ខាង​អំពើ​បាប​ដែល​នៅ​តែ​១​ភ្លែត​នោះ» និង​កុំ​ឲ្យ​វត្ថុ​និយម​ទាក់​ចិត្ត ហើយ​កុំ​ឲ្យ​យើង​ភ្លេច​អំពី​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ​ឡើយ។ យើង​ក៏​នឹង​ពិចារណា​មើល​នូវ​គ្រោះថ្នាក់​ដែល​មក​ពី​ការ​ដើរ​ដោយ​មើល​ឃើញ។—ហេព្រើរ ១១:២៥

ការ​បដិសេធ«សេចក្ដី​អំណរ​ខាង​អំពើ​បាប»

៤​. តើ​ម៉ូសេ​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី? ហេតុអ្វី​បាន​ជា​គាត់​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ?

៤ សូម​ស្រមៃ​គិត​អំពី​របៀប​រស់​នៅ​ដែល​ម៉ូសេ​ជា​កូន​អាំរ៉ាម​អាច​មាន។ ម៉ូសេ​បាន​ធំ​ឡើង​ក្នុង​ចំណោម​រាជ​វង្សានុវង្ស​នៅ​ស្រុក​អេស៊ីប​ពី​បុរាណ ហើយ​លោក​អាច​ឈោង​ចាប់​អំណាច​និង​មុខ​មាត់​ធំដុំ​បាន ព្រមទាំង​ទ្រព្យ​សម្បត្ដិ​ច្រើន​ផង។ ម៉ូសេ​អាច​វែកញែក​ដោយ​លើក​ហេតុផល​ថា៖ ‹ខ្ញុំ​បាន​រៀន​សូត្រ​បាន​ដល់​ថ្នាក់​ខ្ពស់​តាម​អស់​ទាំង​ចំណេះ​ល្បីល្បាញ​នៃ​ពួក​សាសន៍​អេស៊ីប ហើយ​ខ្ញុំ​ក៏​ពូកែ​និយាយ​និង​ចេះ​ធ្វើ​ការ​យ៉ាង​ចំណាន​ផង។ បើ​ខ្ញុំ​នៅ​ជាប់​ជា​មួយ​រាជវង្ស​នេះ ខ្ញុំ​អាច​ប្រើ​ឋានៈ​របស់​ខ្ញុំ​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​បងប្អូន​សាសន៍​ហេព្រើរ​ដែល​កំពុង​ត្រូវ​គេ​ជិះជាន់!›។ (កិច្ចការ ៧:២២) ផ្ទុយ​ទៅ​វិញ ម៉ូសេ​បាន​សុខ​ចិត្ត​«រងទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ»។ ហេតុអ្វី? តើ​អ្វី​បាន​ជំរុញ​ឲ្យ​ម៉ូសេ​បដិសេធ​ចោល​របស់​ទាំង​អស់​ដែល​គាត់​អាច​ទទួល​បាន​ក្នុង​ស្រុក​អេស៊ីប? ព្រះ​គម្ពីរ​ឆ្លើយ​ថា៖ «ដោយសារ​សេចក្ដី​ជំនឿ នោះ​លោក[ម៉ូសេ]ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ឥត​កោតខ្លាច​ដល់​សេចក្ដី​កំហឹង​នៃ​ស្តេច​ឡើយ ដ្បិត​លោក​បាន​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ»។ (ហេព្រើរ ១១:២៤​-​២៧) ជំនឿ​របស់​ម៉ូសេ​ទៅ​លើ​រង្វាន់​ដែល​ព្រះ​យេហូវ៉ា​ពិត​ជា​នឹង​ផ្ដល់​លោក​ជា​ពុំ​ខាន ដោយសារ​គាត់​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ បាន​ជួយ​ទប់ទល់​ម៉ូសេ​កុំ​ឲ្យ​ធ្វើ​អំពើ​បាប​និង​បណ្ដោយ​ខ្លួន​ទៅ​តាម​ការ​សប្បាយ​ដែល​មាន​តែ​មួយ​រយៈ​ពេល​ខ្លី។

៥​. តើ​គំរូ​របស់​ម៉ូសេ​លើក​ទឹកចិត្ត​យើង​យ៉ាង​ដូច​ម្ដេច?

៥ យើង​ក៏​ត្រូវ​ធ្វើ​ការ​សម្រេច​ដ៏​ពិបាក​ម្ដងម្កាល​ដែរ ដែល​ប្រហែល​ជា​ទាក់ទង​រឿង​ដូច​ត​ទៅ​ថា៖ ‹តើ​ខ្ញុំ​គួរ​លះបង់​ការ​ប្រព្រឹត្ត​ឬ​ទម្លាប់​ណា​ខ្លះ​ដែល​មិន​សម​ស្រប​នឹង​គោលការណ៍​ព្រះ​គម្ពីរ​ឬ​ទេ? តើ​ខ្ញុំ​គួរ​ធ្វើ​ការ​ដែល​មើល​ទៅ​ដូច​ជា​មាន​ប្រាក់​ចំណូល​ច្រើន តែ​អាច​រារាំង​ជំនឿន​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ឬ​ទេ?›។ គំរូ​របស់​ម៉ូសេ​អាច​ជួយ​លើក​ទឹកចិត្ត​យើង​កុំ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​បង្ហាញ​នូវ​គំនិត​ដូច​លោកីយ៍​នេះ​ដែល​មិន​ចេះ​គិត​វែងឆ្ងាយ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ​អនុវត្ត​ជំនឿ​លើ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដែល​ជា«ព្រះ​ដ៏​មើល​មិន​ឃើញ»ដែល​ចេះ​មើល​វែងឆ្ងាយ​ទៅ​អនាគត​បាន។ ចូរ​ឲ្យ​យើង​ធ្វើ​ដូច​ម៉ូសេ​ដោយ​ចាត់​ទុក​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​ជាង​អ្វីៗ​ទាំង​អស់​ដែល​លោកីយ៍​នេះ​អាច​ផ្ដល់​ឲ្យ​យើង។

៦, ៧​. (ក) តើ​អេសាវ​បង្ហាញ​យ៉ាង​ណា​ថា​គាត់​ចូលចិត្ត​ដើរ​ដោយ​មើល​ឃើញ? (ខ) តើ​អេសាវ​បាន​តាំង​គំរូ​បែប​ណា ដែល​អាច​ទុក​ជា​ការ​ព្រមាន​ដល់​យើង?

៦ សូម​ប្រៀបធៀប​ភាព​ខុស​គ្នា​រវាង​ម៉ូសេ​និង​អេសាវ​ដែល​ជា​កូន​របស់​អ៊ីសាក។ អេសាវ​ចង់​បំពេញ​ចិត្ត​ប្រាថ្នា​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស។ (លោកុប្បត្តិ ២៥:៣០​-​៣៤) អេសាវ​ជា«មនុស្ស​ទមិល[ឬ«មាន​ចិត្ត​ប្រមាថ​អ្វីៗ​ដែល​សក្ការៈ», ខ.ស.]»ដោយ​លក់​ច្បាប់​បងច្បង​របស់​ខ្លួន«ឲ្យ​បាន​តែ​ម្ហូប​១​មុខ​ប៉ុណ្ណោះ»។ (ហេព្រើរ ១២:១៦) អេសាវ​មិន​បាន​គិត​វែងឆ្ងាយ​ថា ការ​សម្រេចចិត្ត​លក់​សិទ្ធិ​ជា​កូន​ច្បង​នោះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ឬ​ថា​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​កូន​ចៅ​របស់​គាត់​តទៅ​ទៀត។ អេសាវ​មិន​ចេះ​គិត​វែងឆ្ងាយ​ខាង​វិញ្ញាណ​ទេ។ គាត់​ធ្វើ​ហាក់​ដូច​ជា​បិទ​ភ្នែក​ដោយ​មិន​ចង់​ឮ​ចង់​ដឹង​អំពី​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​របស់​ព្រះ ហើយ​បាន​ចាត់​ទុក​សេចក្ដី​សន្យា​ទាំង​នោះ​ជា​អ្វី​ដែល​គ្មាន​តម្លៃ​សោះ។ អេសាវ​បាន​ដើរ​ដោយ​មើល​ឃើញ មិន​មែន​ដោយ​ជំនឿ​ទេ។

៧ អេសាវ​បាន​តាំង​គំរូ​មួយ​ទុក​ជា​ការ​ព្រមាន​ដល់​យើង​នៅ​សព្វថ្ងៃ​នេះ។ (កូរិនថូសទី១ ១០:១១) នៅ​ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេចចិត្ត មិន​ថា​ជា​ការ​សម្រេច​ដ៏​សំខាន់ៗ​ឬ​មិន​សូវ​សំខាន់​ក្ដី យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ព័ត៌មាន​ដែល​លោកីយ៍​របស់​សាតាំង​ឃោសនា​នោះ ទាក់ចិត្ត​ទាញអារម្មណ៍​របស់​យើង​ឲ្យ​បំពេញ​ចំណង់​ចំណូល​ចិត្ត​ភ្លាមៗ​ទេ។ យក​ល្អ​ឲ្យ​យើង​សួរ​ខ្លួន​ឯង​ថា៖ ‹តើ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ស​ឲ្យ​ឃើញ​នូវ​ទំនោរ​ចិត្ត​ដូច​អេសាវ​ឬ​ទេ? តើ​ការ​ដេញ​តាម​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ភ្លាមៗ​នោះ​តម្រូវ​ឲ្យ​ខ្ញុំ​ចាត់ទុក​រឿង​ខាង​វិញ្ញាណ​ជា​រឿង​បន្ទាប់បន្សំ​ឬ​ទេ? តើ​ការ​សម្រេច​របស់​ខ្ញុំ​កំពុង​តែ​បង្ខូច​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ ហើយ​បង្ហិន​នូវ​លទ្ធភាព​ទទួល​រង្វាន់​នៅ​ពេល​អនាគត​ឬ​ទេ? តើ​ខ្ញុំ​កំពុង​តែ​តាំង​គំរូ​បែប​ណា​ចំពោះ​មនុស្ស​ដទៃ?›។ ប្រសិន​បើ​ការ​សម្រេច​ចិត្ត​របស់​យើង​បង្ហាញ​នូវ​ការ​អបអរ​ចំពោះ​អ្វីៗ​ខាង​វិញ្ញាណ​នោះ ព្រះ​យេហូវ៉ា​នឹង​ប្រទាន​អំណោយ​ពរ​ដល់​យើង​ជា​មិន​ខាន។—សុភាសិត ១០:២២

ការ​ចៀសវាង​កុំ​ឲ្យ​វត្ថុនិយម​ទាក់ចិត្ត​យើង

៨​. តើ​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​ឡៅឌីសេ​បាន​ទទួល​ការ​ព្រមាន​អ្វី? ហេតុ​អ្វី​ក៏​យើង​គួរ​ចាប់​អារម្មណ៍​នឹង​ការ​ព្រមាន​នោះ​ដែរ?

៨ នៅ​ជិត​ដំណាច់​សតវត្សរ៍​ទី​មួយ​នោះ ពេល​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​មាន​សិរី​រុងរឿង​ហើយ ទ្រង់​បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​សាវ័ក​យ៉ូហាន​សរសេរ​ក្នុង​សៀវភៅ​វិវរណៈ ហើយ​ព័ត៌មាន​នោះ​រួម​បញ្ចូល​សារ​មួយ​ចំពោះ​ក្រុមជំនុំ​នៅ​ទី​ក្រុង​ឡៅឌីសេ នា​តំបន់​អាស៊ីមីន័រ។ សារ​នោះ​គឺ​ជា​ការ​ព្រមាន​ឲ្យ​ប្រយ័ត្ន​នឹង​វត្ថុ​និយម។ ទោះបី​ជា​បងប្អូន​គ្រីស្ទាន​នៅ​ទី​ក្រុង​ឡៅឌីសេ​ជា​អ្នក​មាន​ខាង​វត្ថុ​ទ្រព្យ​ក៏​ដោយ ពួក​គេ​ជា​មនុស្ស​ក្រខ្សត់​ខាង​វិញ្ញាណ​វិញ។ ជាជាង​បន្ត​ដើរ​ដោយ​ជំនឿ​នោះ ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​វត្ថុទ្រព្យ​នាំ​ឲ្យ​ពួក​គេ​លែង​មើល​ឃើញ​ខាង​វិញ្ញាណ​ទៅ​វិញ។ (វិវរណៈ ៣:១៤​-​១៨) វត្ថុ​និយម​ក៏​មាន​អានុភាព​ស្រដៀង​គ្នា​នៅ​សព្វថ្ងៃ​នេះ​ដែរ។ វត្ថុនិយម​ចេះ​តែ​បន្សាប​ជំនឿ​របស់​យើង​ហើយ​នាំ​ឲ្យ​យើង​ឈប់‹រត់​ដោយ​អំណត់​ក្នុង​ទី​ប្រណាំង›ដើម្បី​ឲ្យ​បាន​ជីវិត។ (ហេព្រើរ ១២:១) បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​នោះ «សេចក្ដី​ស្រើបស្រាល​នៅ​ជីវិត​នេះ»អាច​រារាំង​សកម្មភាព​ខាង​វិញ្ញាណ​របស់​យើង​ដល់​ម្ល៉េះ​បាន​ជា«ខ្ទប់​ជិត»ទាំង​ស្រុង​តែ​ម្ដង។—លូកា ៨:១៤

៩​. តើ​ចិត្ត​ស្កប់ស្កល់​និង​កតញ្ញុតា​ចំពោះ​អាហារ​ខាងវិញ្ញាណ​អាច​ការពារ​យើង​បាន​យ៉ាង​ណា?

៩ កត្ដា​សំខាន់​មួយ​ដែល​អាច​ការពារ​យើង​ខាង​វិញ្ញាណ​បាន គឺ​ការ​ចេះ​ស្កប់​ចិត្ត​ជាជាង​ប្រើ​ប្រាស់​លោកីយ៍​នេះ​យ៉ាង​ហួស​ប្រមាណ​ដោយ​ចង់​បង្កើន​ទ្រព្យធន​ភោគផល​យ៉ាង​ហួស​ហេតុ​ពេក។ (កូរិនថូសទី១ ៧:៣១; ធីម៉ូថេទី១ ៦:៦​-​៨) ពេល​ដែល​យើង​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​នោះ យើង​អាច​ទទួល​អំណរ​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ​បាន។ កាល​ដែល​យើង​ទទួលទាន​អាហារ​ខាង​វិញ្ញាណ​ដែល​ជួយ​បំប៉ន​យើង នេះ​ក៏​ជំរុញ​យើង​ឲ្យ​«ច្រៀង​ដោយ​មាន​ចិត្ត​អំណរ»ដែរ មែន​ទេ? (អេសាយ ៦៥:១៣, ១៤) ម្យ៉ាង​ទៀត យើង​មាន​ចិត្ត​រីករាយ​ដោយ​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បង្ហាញ​នូវ​ផលផ្លែ​នៃ​វិញ្ញាណ​របស់​ព្រះ។ (កាឡាទី ៥:២២, ២៣) បើ​ដូច្នេះ គឺ​ចាំបាច់​ណាស់​ដែល​យើង​មាន​ចិត្ត​ស្កប់ស្កល់​និង​កម្លាំង​ចិត្ត​ដោយសារ​អ្វីៗ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​ខាង​វិញ្ញាណ!

១០​. តើ​យើង​គួរ​សួរ​ខ្លួន​ឯង​សំណួរ​អ្វី​ខ្លះ?

១០ សំណួរ​ខ្លះៗ​ដែល​យើង​គួរ​សួរ​ខ្លួន​ឯង​គឺ​ថា៖ ‹តើ​ខ្ញុំ​ចាត់ទុក​វត្ថុ​ទ្រព្យ​ជា​របស់​សំខាន់​ប៉ុនណា? តើ​ខ្ញុំ​ប្រើ​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដើម្បី​ចំរើន​ការ​ថ្វាយបង្គំ​ពិត ឬ​ឲ្យ​បាន​ការ​កំសាន្ត​សប្បាយ​វិញ? តើ​មួយ​ណា​ពេញ​ចិត្ត​ជាង ការ​សិក្សា​ព្រះគម្ពីរ​និង​ការ​សេពគប់​បងប្អូន​នៅ​ឯ​កិច្ចប្រជុំ​គ្រីស្ទាន ឬ​ការ​ដើរ​លេង​និង​ការ​សំរាក​ពី​ភារកិច្ច​គ្រីស្ទាន​វិញ? នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ តើ​ខ្ញុំ​ច្រើន​តែ​ចំណាយ​ពេល​ក្នុង​ការ​ដើរ​កំសាន្ត​លំហែកាយ​ជាជាង​ប្រើ​ពេល​នោះ​ក្នុង​កិច្ចបំរើ​ផ្សាយ ឬ​ដើម្បី​បំពេញ​កិច្ចការ​ឯ​ទៀត​ខាង​ការ​ថ្វាយបង្គំ​ពិត​ឬ​ទេ?›។ ការ​ដើរ​ដោយ​ជំនឿ​តម្រូវ​ឲ្យ​យើង​មាន​ការ​រវល់​ជានិច្ច​ក្នុង​កិច្ចការ​ខាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដោយ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។—កូរិនថូសទី១ ១៥:៥៨

ការ​មិន​ភ្លេច​អំពី​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ

១១​. តើ​ការ​ដើរ​ដោយ​ជំនឿ​អាច​ជួយ​យើង​កុំ​ឲ្យ​ភ្លេច​អំពី​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ​យ៉ាង​ដូច​ម្ដេច?

១១ ការ​ដើរ​ដោយ​ជំនឿ​ក៏​ជួយ​យើង​បដិសេធ​ទស្សនៈ​ខាង​សាច់ឈាម​ដែល​បណ្ដាល​ឲ្យ​គិត​ថា របប​លោកីយ៍​នេះ​នឹង​មិន​មក​ដល់​ទីបញ្ចប់​ទេ ឬ​ក៏​នៅ​យូរ​ទៅ​មុខ​ទៀត​នៅ​ឡើយ។ យើង​មិន​ធ្វើ​ដូច​ពួក​អ្នក​ដែល​រិះគន់​ហើយ​មើលស្រាល​នូវ​ទំនាយ​ក្នុង​ព្រះគម្ពីរ​ទេ តែ​យើង​គ្នេរ​មើល​អំពី​ទំនាក់ទំនង​រវាង​ព្រឹត្ដិការណ៍​នា​បច្ចុប្បន្ន​នេះ​និង​អ្វី​ដែល​ព្រះគម្ពីរ​បាន​ទាយ​អំពី​សម័យ​យើង​នេះ។ (ពេត្រុសទី២ ៣:៣, ៤) ជា​ឧទាហរណ៍ អាកប្បកិរិយា​និង​ចិត្ត​គំនិត​របស់​មនុស្ស​ភាគ​ច្រើន​ក្នុង​លោកីយ៍​នេះ ជា​ភស្តុតាង​បញ្ជាក់​ថា​យើង​កំពុង​តែ​រស់នៅ​«ជាន់ក្រោយ​បង្អស់» មែនទេ? (ធីម៉ូថេទី២ ៣:១​-​៥) យើង​មើល​ឃើញ​ព្រឹត្ដិការណ៍​ទូទាំង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​ដោយ​ជំនឿ​ថា ការ​ទាំង​នេះ​មិន​មែន​ជា​ការ​ត្រឡប់ត្រឡិន​នៃ​ប្រវត្ដិ​មនុស្ស​លោក​ប៉ុន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រឹត្ដិការណ៍​ទាំង​នេះ​រួម​គ្នា​ជា‹ទីសំគាល់​ពី​ការ​យាង​មក[របស់​ព្រះគ្រីស្ទ] ហើយ​ពី​បំផុត​កល្ប›ឬ​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ។—ម៉ាថាយ ២៤:១​-​១៤

១២​. តើ​បន្ទូល​របស់​ព្រះយេស៊ូ​នៅ​លូកា ២១:២០, ២១ បាន​សម្រេច​យ៉ាង​ណា​នៅ​សតវត្សរ៍​ទី​មួយ?

១២ សូម​គិត​អំពី​ព្រឹត្ដិការណ៍​នៅ​សព្វថ្ងៃ​នេះ​ដែល​មាន​លក្ខណៈ​ដូច​នឹង​ព្រឹត្ដិការណ៍​ខ្លះ​ដែល​បាន​កើត​ឡើង​នៅ​សតវត្សរ៍​ទី​មួយ​ក្នុង​កំឡុង​គ្រីស្ទ​សករាជ​យើង​នេះ។ ពេល​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​មាន​ព្រះជន្ម​រស់​នៅ​លើ​ផែនដី ទ្រង់​បាន​ព្រមាន​ដល់​ពួក​អ្នក​ដែល​កាន់​តាម​ទ្រង់​ថា៖ «កាល​ណា​ឃើញ​ពលទ័ព​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម នោះ​ត្រូវ​ឲ្យ​ដឹង​ថា សេចក្ដី​ហិនវិនាស​នៃ​ក្រុង​នោះ​ជិត​ដល់​ហើយ។ គ្រា​នោះ ត្រូវ​ឲ្យ​អស់​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ ហើយ​ពួក​អ្នក​នៅ​កណ្ដាល​ទី​ក្រុង​ត្រូវ​រត់​ចេញ​ទៅ​ឲ្យ​ផុត ក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​ស្រែ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ឡើយ»។ (លូកា ២១:២០, ២១) ទំនាយ​នេះ​បាន​សម្រេច​ពេល​ដែល​ពួក​ទ័ព​រ៉ូម​ក្រោម​បញ្ជាការ​នៃ​លោក​ស៊ីស្ទាស ហ្កាឡាស បាន​ឡោមព័ទ្ធ​ទី​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦៦ គ.ស.។ ប៉ុន្តែ​មួយ​រំពេច​នោះ​ពួក​ទ័ព​រ៉ូម​បាន​ដក​ថយ​ចេញ ដូច្នេះ​នេះ​ជា​សញ្ញា​សម្គាល់​ផង​និង​ផ្ដល់​ឱកាស​ផង ឲ្យ​ពួក​គ្រីស្ទាន​នៅ​ក្នុង​ទី​ក្រុង​នោះ«រត់​ទៅ​ឯ​ភ្នំ»វិញ។ នៅ​ឆ្នាំ​៧០ គ.ស. ពួក​ទ័ព​រ៉ូម​បាន​វិល​ត្រឡប់​មក​វិញ​ហើយ​បាន​សម្រុក​ចូល​ទី​ក្រុង​យេរូសាឡិម​ទាំង​កំទេច​ចោល​ព្រះវិហារ​នៅ​ទី​នោះ​ផង។ លោក​យ៉ូសេហ្វឺស​រាយការណ៍​ថា ជនជាតិ​យូដា​ជាង​មួយ​លាន​នាក់​បាន​ស្លាប់ ហើយ​៩៧.០០០​នាក់​បាន​ត្រូវ​ចាប់​ជា​ឈ្លើយ​ទៀត។ ព្រះ​បាន​កាត់ទោស​លើ​របប​យូដា តែ​ពួក​អ្នក​ដែល​បាន​ដើរ​ដោយ​ជំនឿ​ហើយ​បាន​ធ្វើ​តាម​ការ​ព្រមាន​របស់​ព្រះ​យេស៊ូ បាន​រួច​ខ្លួន​ពី​មហន្តរាយ​នោះ។

១៣, ១៤​. (ក) តើ​ត្រូវ​មាន​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​នឹង​កើត​មាន​ឡើង​នៅ​ខាង​មុខ​យើង? (ខ) ហេតុ​អ្វី​ក៏​យើង​គួរ​ប្រុងប្រៀប​ខ្លួន​ជានិច្ច​ចំពោះ​ការ​សម្រេច​នៃ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ?

១៣ នៅ​សព្វថ្ងៃ​នេះ​ក៏​នឹង​មាន​ព្រឹត្ដិការណ៍​ស្រដៀង​គ្នា​ដែរ។ ផ្នែក​ខ្លះ​នៃ​អង្គការ​សហប្រជាជាតិ​នឹង​រួម​ចំណែក​ក្នុង​ការ​កាត់ទោស​លើ​លោកីយ៍​នេះ​ស្រប​ទៅ​តាម​ការ​ជំនុំជំរះ​របស់​ព្រះ។ ពួក​ទ័ព​រ៉ូម​នៅ​សតវត្សរ៍​ទី​មួយ​នោះ​មាន​មុខ​នាទី​រក្សា​ឲ្យ​មាន​ភាព​សុខសាន្ត​ក្នុង​ចក្រភព​រ៉ូម (ហៅថា ប៉ាក់រ៉ូម៉ាណា) ហើយ​ដូច​គ្នា​ដែរ​នៅ​សព្វថ្ងៃនេះ អង្គការ​សហប្រជាជាតិ​ក៏​មាន​មុខ​តំណែង​ជា​មធ្យោបាយ​ថែរក្សា​ឲ្យ​មាន​សន្ដិសុខ​ផង​ដែរ។ ទោះបី​ជា​ពួក​ទ័ព​រ៉ូម​បាន​ព្យាយាម​រក្សា​ឲ្យ​មាន​សុវត្ថិភាព​ទូទាំង​លោកីយ៍​សម័យ​នោះ​ក៏​ដោយ ពួក​គេ​ក៏​បាន​ក្លាយ​ជា​អ្នក​បំផ្លិចបំផ្លាញ​ទី​ក្រុង​យេរូសាឡិម​ផង។ ដូច​គ្នា​ដែរ​នៅ​សព្វថ្ងៃនេះ ទំនាយ​ក្នុង​ព្រះគម្ពីរ​បញ្ជាក់​ថា បក្ស​ពួក​កងកម្លាំង​ក្នុង​អង្គការ​សហប្រជាជាតិ​នឹង​ចាត់ទុក​សាសនា​នានា​ជា​ដើមហេតុ​នៃ​ភាព​ចលាចល ដូច្នេះ​ពួក​យោធា​នោះ​នឹង​ចាត់​វិធាន​ការណ៍​ដើម្បី​បំផ្លាញ​ចោល​ទី​ក្រុង​យេរូសាឡិម​នា​យុគសម័យ ពោល​គឺ​ពិភព​គ្រីស្ទ​សាសនា ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​បាប៊ីឡូន​ដ៏​ធំ​ទាំង​មូល​វិនាស​ទៅ​ដែរ។ (វិវរណៈ ១៧:១២​-​១៧) ពិត​មែន ចក្រភព​សាសនា​មិន​ពិត​ទូទៅ​ហៀប​នឹង​ទទួល​សេចក្ដី​ហិនវិនាស​ហើយ។

១៤ ការ​បំផ្លាញ​ចោល​សាសនា​មិន​ពិត​ទាំងឡាយ​នោះ​ជា​អ្វី​ដែល​សម្គាល់​នូវ​ការ​ចាប់ផ្ដើម​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង។ ផ្នែក​ផ្សេងៗ​ទៀត​នៃ​លោកីយ៍​នេះ​ដែល​នៅ​សល់​នៅ​ឡើយ​នោះ នឹង​ទទួល​សេចក្ដី​ហិនវិនាស​នៅ​ទីបញ្ចប់​នៃ​គ្រា​វេទនា​យ៉ាង​ធំ​នោះ។ (ម៉ាថាយ ២៤:២៩, ៣០; វិវរណៈ ១៦:១៤, ១៦) ការ​ដើរ​ដោយ​ជំនឿ​អាច​ជួយ​យើង​ប្រុងប្រៀប​ខ្លួន​ជានិច្ច​ចំពោះ​ការ​សម្រេច​នៃ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ។ យើង​មិន​ច្រឡំ​ថា ភ្នាក់ងារ​ដូច​ជា​អង្គការ​សហប្រជាជាតិ​នោះ ជា​អ្វី​ដែល​ព្រះ​នឹង​ប្រើ​ដើម្បី​នាំ​ឲ្យ​មាន​សន្ដិភាព​និង​សន្ដិសុខ​ពិត​បាន​ឡើយ។ ដូច្នេះ របៀប​រស់​នៅ​របស់​យើង​គួរ​បញ្ជាក់​ពី​ជំនឿ​ស៊ប់​ថា«ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់»ហើយ មែន​ទេ?—សេផានា ១:១៤

តើ​ការ​ដើរ​ដោយ​មើល​ឃើញ អាច​នា​ឲ្យ​មាន​គ្រោះថ្នាក់​ប៉ុនណា?

១៥​. ទោះ​ជា​សាសន៍​អ៊ីស្រាអែល​ធ្លាប់​ទទួល​ពរ​ពី​ព្រះ​ក្ដី តើ​អ្វី​បាន​ទាក់​ពួក​គេ​ជាប់?

១៥ អ្វីៗ​ដែល​បាន​កើត​ឡើង​ក្នុង​ចំណោម​សាសន៍​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​នោះ​ក៏​បញ្ជាក់​ពី​គ្រោះថ្នាក់​ដែល​មក​ពី​ការ​អនុញ្ញាត​ឲ្យ​ការ​ដើរ​ដោយ​មើល​ឃើញ​ធ្វើ​ឲ្យ​ជំនឿ​របស់​ខ្លួន​ចុះ​ខ្សោយ។ ទោះបី​ជា​ពួក​អ៊ីស្រាអែល​បាន​ឃើញ​សេចក្ដី​វេទនា​ទាំង​ដប់​ប្រការ​ដែល​បាន​បំបាក់​មុខ​ព្រះ​មិន​ពិត​ទាំង​ប៉ុន្មាន​របស់​សាសន៍​អេស៊ីប​ក្ដី ហើយ​បាន​ពិសោធ​នូវ​ការ​ប្រោសលោះ​ដ៏​អស្ចារ្យ​តាម​បាត​សមុទ្រ​ក្រហម​ក៏​ដោយ ពួក​គេ​ក៏​មិន​បាន​ស្ដាប់បង្គាប់​ព្រះ​ដោយ​ធ្វើ​និង​ក្រាប​ថ្វាយ​បង្គំ​ដល់​កូន​គោ​មាស​មួយ​រូប។ ប្រជាជន​អ៊ីស្រាអែល​មិន​ចេះ​អត់ធ្មត់​ហើយ​ក៏​ទ្រាន់​ចិត្ត​ផង​ក្នុង​ការ​រង់ចាំ​ម៉ូសេ​ដែល​«ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ»។ (និក្ខមនំ ៣២:១​-​៤) ការ​គ្មាន​ចិត្ត​អត់ធ្មត់​នោះ​បាន​ជំរុញ​ឲ្យ​ពួក​គេ​ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​គេ​អាច​មើល​ឃើញ​បាន។ ការ​ដើរ​ដោយ​មើល​ឃើញ​នោះ​ជា​ការ​ទាស់​ព្រះទ័យ​ព្រះ​យេហូវ៉ា​ដែល​បាន​នាំ​ឲ្យ​មាន​ការ​ប្រហារ​ជីវិត​បណ្ដាជន«ប្រហែល​ជា​៣ពាន់​នាក់»។ (និក្ខមនំ ៣២:២៥​-​២៩) គួរ​ឲ្យ​សោកស្ដាយ​មែន ពេល​ដែល​អ្នក​ថ្វាយបង្គំ​ព្រះ​យេហូវ៉ា​នៅ​សព្វថ្ងៃនេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ស​ឲ្យ​ឃើញ​នូវ​ការ​មិន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា និង​ការ​មិន​ទុក​ចិត្ត​ថា​ទ្រង់​មាន​សមត្ថភាព​សម្រេច​សេចក្ដី​សន្យា​របស់​ទ្រង់!

១៦​. តើ​ការ​មើល​តែ​សំបកក្រៅ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ប្រជាជន​អ៊ីស្រាអែល?

១៦ ការ​មើល​តែ​សំបក​ក្រៅ​ក៏​មាន​ឥទ្ធិពល​មិន​ល្អ​បន្ថែម​ទៀត​ទៅ​លើ​ប្រជាជន​អ៊ីស្រាអែល។ ការ​ដើរ​ដោយ​មើល​ឃើញ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ភ័យញ័រ​នៅ​មុខ​ខ្មាំងសត្រូវ។ (ជនគណនា ១៣:២៨, ៣២; ចោទិយកថា ១:២៨) ការ​ដើរ​ដោយ​មើល​ឃើញ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ប្រកួត​ប្រជែង​ដណ្ដើម​អំណាច​ដែល​ព្រះ​បាន​ឲ្យ​លោក​ម៉ូសេ ហើយ​បាន​នាំ​ឲ្យ​ពួក​គេ​រអ៊ូរទាំ​អំពី​ស្ថានភាព​នៃ​ជីវិត​ខ្លួន។ ការ​ខ្វះ​ជំនឿ​បែប​នេះ​បាន​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ចិត្ត​ចង់​រស់​នៅ​ស្រុក​អេស៊ីប​ដែល​ពេញ​ទៅ​ដោយ​អំណាច​ពួក​បិសាច ជាជាង​រស់​នៅ​ស្រុក​សន្យា។ (ជនគណនា ១៤:១​-​៤; ទំនុកដំកើង ១០៦:២៤) ព្រះ​យេហូវ៉ា​ច្បាស់​ជា​មាន​ព្រះទ័យ​ឈឺចាប់​ណាស់​ពេល​ដែល​ទ្រង់​ទត​ឃើញ​រាស្ត្រ​ទ្រង់​បង្ហាញ​នូវ​ការ​មិន​គោរព​យ៉ាង​អាក្រក់​ចំពោះ​ស្តេច​ខ្លួន​ដែល​គេ​មើល​មិន​ឃើញ!

១៧​. តើ​អ្វី​បាន​ជំរុញ​ឲ្យ​ពួក​អ៊ីស្រាអែល​បដិសេធ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​នៅ​សម័យ​សាំយូអែល?

១៧ នៅ​សម័យ​ព្យាការី​សាំយូអែល ការ​ដើរ​ដោយ​មើល​ឃើញ​បាន​ទាក់​សាសន៍​អ៊ីស្រាអែល​ដែល​ព្រះ​ស្រឡាញ់​នោះ​ម្ដង​ទៀត។ ប្រជាជន​អ៊ីស្រាអែល​ចាប់​ផ្ដើម​មាន​ចិត្ត​ប្រាថ្នា​ចង់​បាន​ស្តេច​មួយ​អង្គ​ដែល​ពួក​គេ​អាច​មើល​ឃើញ។ ទោះបី​ជា​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​ទ្រង់​ជា​ស្តេច​របស់​គេ​រួច​ហើយ​ក៏​ដោយ នេះ​មិន​ផ្ដល់​ហេតុ​គ្រប់គ្រាន់​ឲ្យ​ពួក​គេ​ដើរ​ដោយ​ជំនឿ​ទេ។ (សាំយូអែលទី១ ៨:៤​-​៩) ពួក​គេ​បាន​បង្ហាញ​នូវ​ភាព​ល្ងីល្ងើ​ដោយ​បដិសេធ​ការ​ណែនាំ​ដ៏​ល្អ​ឥតខ្ចោះ​ពី​ព្រះ​យេហូវ៉ា ហើយ​បាន​រង​ទុក្ខលំបាក​វិញ​ដោយ​មាន​ចិត្ត​ចង់​ធ្វើ​ដូច​សាសន៍​នានា​ជុំវិញ​ទឹក​ដី​អ៊ីស្រាអែល។—សាំយូអែលទី១ ៨:១៩, ២០

១៨​. តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​គ្រោះថ្នាក់​ដែល​មក​ពី​ការ​ដើរ​ដោយ​មើល​ឃើញ?

១៨ ក្នុង​នាម​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​នា​យុគសម័យ​នេះ យើង​ចាត់ទុក​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ​ជា​អ្វី​ដែល​ពិសេស​បំផុត។ យើង​ប្ដេជ្ញា​ចិត្ត​រៀន​និង​អនុវត្ត​តាម​មេរៀន​ល្អៗ​ពី​ព្រឹត្ដិការណ៍​នៅ​សម័យ​បុរាណ។ (រ៉ូម ១៥:៤) ពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​បាន​ដើរ​ដោយ​មើល​ឃើញ​នោះ ពួក​គេ​ក៏​ភ្លេច​ថា​ព្រះ​យេហូវ៉ា​កំពុង​តែ​ដឹក​នាំ​ពួក​គេ​តាម​រយៈ​លោក​ម៉ូសេ។ បើ​យើង​មិន​ប្រុងប្រយ័ត្ន យើង​ប្រហែល​ជា​នឹង​ភ្លេច​ថា​ព្រះយេហូវ៉ា​និង​ព្រះយេស៊ូ​គ្រីស្ទ​ក្នុង​នាម​ជា​ម៉ូសេ​ដ៏​ឧត្តម​ជាង កំពុង​តែ​ដឹក​នាំ​ក្រុមជំនុំ​គ្រីស្ទាន​នៅ​សម័យ​យើង​នេះ​ដែរ។ (វិវរណៈ ១:១២​-​១៦) យើង​ក៏​ត្រូវ​ប្រយ័ត្ន​ផង​ដែរ កុំ​ឲ្យ​មាន​គំនិត​គិត​ថា​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី​មាន​តែ​មនុស្ស​ដឹក​នាំ​នោះ។ គំនិត​បែប​នេះ​អាច​នាំ​ឲ្យ​យើង​ចាប់ផ្ដើម​ត្អូញត្អែរ​និង​លែង​ដឹង​គុណ​ចំពោះ​ពួក​អ្នក​តំណាង​ព្រះ​យេហូវ៉ា ព្រម​ទាំង​ចំពោះ​អាហារ​ខាង​វិញ្ញាណ​ដែល​‹អ្នកបំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›កំពុង​តែ​ប្រទាន​មក។—ម៉ាថាយ ២៤:៤៥

ចូរ​តាំងចិត្ត​ដើរ​ដោយ​ជំនឿ​ចុះ!

១៩, ២០​. តើ​អ្នក​បាន​តាំងចិត្ត​ធ្វើ​អ្វី? ហេតុអ្វី?

១៩ ព្រះ​គម្ពីរ​ចែង​ថា៖ «យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់គ្រង ពួក​មាន​អំណាច នឹង​ពួក​ម្ចាស់​នៃ​សេចក្ដី​ងងឹត​នៅ​លោកីយ​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ​នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ»។ (អេភេសូរ ៦:១២) អារក្ស​សាតាំង​ជា​មេសត្រូវ​របស់​យើង។ វា​មាន​បំណង​ចង់​បំផ្លាញ​ជំនឿ​របស់​យើង​លើ​ព្រះយេហូវ៉ា។ វា​ខំ​រាវរក​វិធី​ណា​ក៏​បាន​ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​ល្អៀង​ចេញ​ពី​ការ​បំពេញ​តាម​ការ​សម្រេច​បំរើ​ព្រះ។ (ពេត្រុសទី១ ៥:៨) តើ​អ្វី​នឹង​ជួយ​កុំ​ឲ្យ​យើង​ចាញ់បោក​នឹង​សំបក​ក្រៅ​នៃ​របប​លោកីយ៍​នេះ​របស់​សាតាំង? ការ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ នឹង​ជួយ​យើង​បាន! ការ​ទុក​ចិត្ត​ដោយ​ជឿ​ស៊ប់​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​នឹង​ការពារ​យើង​កុំ​ឲ្យ​«លិច​បាត់​ខាង​ឯ​សេចក្ដី​ជំនឿ»។ (ធីម៉ូថេទី១ ១:១៩) យ៉ាង​នេះ ចូរ​យើង​តាំងចិត្ត​ដើរ​ជា​បន្ត​ដោយ​ជំនឿ ហើយ​មាន​ទំនុកចិត្ត​ទាំង​ស្រុង​ថា​យើង​នឹង​បាន​ពរ​ពី​ព្រះ​យេហូវ៉ា​មែន។ ចូរ​ឲ្យ​យើង​បន្ត​អធិស្ឋាន​សុំ​ជំនួយ​ដើម្បី​រួច​រស់​ជីវិត​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​កើត​មាន​ឡើង​នា​អនាគត​កាល​ឆាប់ៗ​ខាងមុខ​នេះ។—លូកា ២១:៣៦

២០ ពេល​ដែល​យើង​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ យើង​ក៏​មាន​បុគ្គល​មួយ​អង្គ​ជា​គំរូ​ដ៏​អស្ចារ្យ​ផង​ដែរ។ ព្រះ​គម្ពីរ​ចែង​ថា៖ «ព្រះគ្រីស្ទ​ក៏​បាន​រងទុក្ខ​ជំនួស​យើង​ដែរ​ទាំង​ទុក​ដំរាប់​ឲ្យ​យើង​រាល់​គ្នា​ដើរតាម​លំអានដាន​នៃ​ទ្រង់»។ (ពេត្រុសទី១ ២:២១) អត្ថបទ​ជា​បន្ទាប់​នឹង​ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​បន្ត​ដើរ​ឬ​ប្រព្រឹត្ត​ដូច​ព្រះយេស៊ូ។

តើ​អ្នក​ចាំ​ទេ?

• ស្តី​អំពី​ការ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​នោះ តើ​អ្នក​បាន​ទាញយក​មេរៀន​អ្វី​ពី​គំរូ​របស់​ម៉ូសេ​និង​អេសាវ?

• តើ​អ្វី​ជា​កត្ដា​សំខាន់​ដើម្បី​ចៀសវាង​ពី​វត្ថុ​និយម?

• តើ​ការ​ដើរ​ដោយ​ជំនឿ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​បាន ឲ្យ​ចៀស​វាង​ពី​ទស្សនៈ​ថា​ទីបញ្ចប់​នៃ​លោកីយ៍​នេះ​មិន​ទាន់​មក​ជិត​ទេ?

• តើ​ការ​ដើរ​ដោយ​មើល​ឃើញ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​ខ្លះ?

[រូបភាព​នៅ​ទំព័រ​១៩]

លោក​ម៉ូសេ​បាន​ដើរ​ដោយ​ជំនឿ

[រូបភាព​នៅ​ទំព័រ​២០]

ជានិច្ចជាកាល​នោះ តើ​ការ​ដើរ​កំសាន្ត​លំហែកាយ​រារាំង​សកម្មភាព​ក្នុង​ការ​ថ្វាយបង្គំ​ព្រះ​ឬ​ទេ?

[រូបភាព​នៅ​ទំព័រ​២២]

តើ​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ កំពុង​តែ​ការពារ​អ្នក​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក