បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៤ ទំ. ២៦-៣១
  • សូមបន្តដើរជាមួយព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សូមបន្តដើរជាមួយព្រះ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ដំណើរ​ដ៏​ឥត​ប្រែ​ប្រួល​នៃ​ជីវិត
  • ចៀស​វាង​ពី​អន្ទាក់​នៃ​ការ​ទុក​ចិត្ត​លើ​ខ្លួន
  • សូម​កុំ​ឲ្យ​ការ​ខ្លាច​មនុស្ស​មក​កាន់​កាប់​អ្នក​ឡើយ
  • ជៀស​វាង​ការ​បន្ថយ​នូវ​សារៈ​សំខាន់​នៃ​ឱវាទ
  • ប្រឈម​ដោះ​ស្រាយ​ដ៏​ជោគ​ជ័យ​នឹង​សេចក្ដី​កង្វល់​នៃ​ជីវិត
  • ចូរដើរដោយជំនឿ មិនមែនដោយមើលឃើញទេ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ការទទួលប្រយោជន៍ពីការកោតខ្លាចព្រះពិត
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • បន្តដើរតាមផ្លូវរបស់ព្រះយេហូវ៉ា
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ការដើរជាមួយនឹងព្រះ—ជំហានដំបូង
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៤ ទំ. ២៦-៣១

សូម​បន្ត​ដើរ​ជា​មួយ​ព្រះ

«ចូរ​ដើរ​ក្នុង​ព្រះ​វិញ្ញាណ​នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម​ទេ»។—កាឡាទី ៥:១៦

១. (ក) ក្នុង​ស្ថានភាព​អ្វី​ហើយ​ជា​យូរ​ប៉ុន្មាន​ទៅ ដែល​អេណុក​ដើរ​ជា​មួយ​នឹង​ព្រះ? (ខ) តើ​លោក​ណូអេ​បាន​ដើរ​ជា​មួយ​ព្រះ​ប៉ុន្មាន​ឆ្នាំ ហើយ​តើ​ភារកិច្ច​ដ៏​ធ្ងន់​ណា​ខ្លះ​ដែល​លោក​មាន?

ព្រះ​គម្ពីរ​ប្រាប់​យើង​ថា​លោក​អេណុក«ដើរ​ជា​មួយ​នឹង​ព្រះ»។ ទោះ​ជា​មនុស្ស​មាន​ពាក្យ​សំដី​និង​ចរិយា​ដ៏​ល្មើស​នៅ​ជុំ​វិញ​ក៏​ដោយ ក៏​លោក​នៅ​តែ​ដើរ​ជា​មួយ​ព្រះ រហូត​ដល់​ស្លាប់ ដែល​មាន​អាយុ​៣៦៥​ឆ្នាំ។ (លោកុប្បត្តិ ៥:២៣, ២៤; យូដាស ១៤, ១៥) លោក​ណូអេ​ក៏‹បាន​ដើរ​ជា​មួយ​នឹង​ព្រះ​ពិត›ដែរ។ លោក​បាន​ដើរ​ជា​មួយ​នឹង​ព្រះ កាល​ដែល​ចិញ្ចឹម​គ្រួសារ ហើយ​ប្រឈម​នឹង​ឥទ្ធិពល​ពី​ពួក​ទេវតា​ដ៏​បះ​បោរ​និង​កូន​ចៅ​ដ៏​សាហាវ​របស់​វា ក្នុង​កាល​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដ៏​ល្អិត​ល្អន់ ក្នុង​ការ​សង់​ទូក​ដ៏​ធំ​មួយ ដែល​ធំ​ជាង​នាវា​ឯ​ណា​ទៅ​ទៀត​នៅ​ជំនាន់​បុរាណ។ លោក​បាន​បន្ត​ដើរ​ជា​មួយ​ព្រះ​ក្រោយ​ពី​ទឹក​ជំនន់ ក្នុង​កាល​មាន​ការ​បះ​បោរ​ប្រឆាំង​ព្រះ​យេហូវ៉ា​ម្ដង​ទៀត​នៅ​ស្រុក​បាបិល។ ប្រាកដ​ហើយ លោក​ណូអេ បាន​បន្ត​ដើរ​ជា​មួយ​ព្រះ​រហូត​ដល់​ស្លាប់ ដែល​មាន​អាយុ​៩៥០​ឆ្នាំ។—លោកុប្បត្តិ ៦:៩; ៩:២៩

២. តើ‹ការ​ដើរ​ជា​មួយ​នឹង​ព្រះ› មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

២ នៅ​ពេល​ដែល​និយាយ​ថា​បុរស​នៃ​ជំនឿ​ទាំង​នេះ «ដើរ»ជា​មួយ​ព្រះ ព្រះ​គម្ពីរ​គឺ​ប្រើ​ឃ្លា​ក្នុង​ន័យ​ជា​ពាក្យ​ប្រៀប​ធៀប។ នេះ​មាន​ន័យ​ថា លោក​អេណុក​និង​ណូអេ បាន​ដឹក​នាំ​ខ្លួន​គេ​តាម​របៀប​ដែល​ផ្ដល់​ទី​សំអាង​នៃ​ជំនឿ​ដ៏​មាំ​មួន​លើ​ព្រះ។ ពួក​គេ​បាន​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​គេ​ឲ្យ​ធ្វើ ហើយ​ប្រកប​ជីវិត​ស្រប​តាម​អ្វី​ដែល​គេ​បាន​ដឹង​អំពី​ទ្រង់ ពី​ការ​ទាក់​ទង​ជា​មួយ​មនុស្ស​លោក។ (ប្រៀប​ធៀប របាក្សត្រ​ទី​២ ៧:១៧) ពួក​គេ​មិន​មែន​គ្រាន់​តែ​បង្ហាញ​ការ​យល់​ស្រប​ពី​គំនិត ដល់​អ្វី​ៗ​ដែល​ព្រះ​មាន​បន្ទូល​និង​ធ្វើ​នោះ​ទេ ប៉ុន្តែ​គេ​បាន​ធ្វើ​តាម​អ្វី​ៗ​ដែល​ទ្រង់​តម្រូវ​ពី​គេ—មិន​គ្រាន់​តែ​លើ​របស់​ខ្លះ ប៉ុន្តែ​គឺ​ធ្វើ​តាម​អ្វី​ៗ​ទាំង​អស់​ដែល​អាច​ធ្វើ​ទៅ​បាន​ចំពោះ​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍។ ដូច្នេះ​លោក​ណូអេ ជា​ឧទាហរណ៍ បាន​ធ្វើ​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់។ (លោកុប្បត្តិ ៦:២២) លោក​ណូអេ​មិន​បាន​ធ្វើ​អ្វី​លើស​ហួស​ពី​សេចក្ដី​បង្គាប់​របស់​ព្រះ​ឡើយ ហើយ​លោក​ក៏​ឥត​ធ្វេស​ប្រហែស​នោះ​ដែរ។ ជា​បុគ្គល​ដែល​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​យេហូវ៉ា លោក​បាន​ដើរ​ជា​មួយ​ព្រះ ដោយ​មាន​ចិត្ត​សេរី​ក្នុង​ការ​អធិស្ឋាន​ទៅ​ព្រះ ហើយ​អបអរ​ដល់​សេចក្ដី​បង្គាប់​របស់​ព្រះ។ តើ​អ្នក​កំពុង​តែ​ធ្វើ​ការ​នេះ​ទេ?

ដំណើរ​ដ៏​ឥត​ប្រែ​ប្រួល​នៃ​ជីវិត

៣. តើ​អ្វី​ជា​ការ​សំខាន់​បំផុត​ចំពោះ​អស់​អ្នក​ដែល​បាន​ថ្វាយ​ខ្លួន និង​ជា​អ្នក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នៃ​ព្រះ?

៣ ជា​ការ​គួរ​ឲ្យ​កក់​ក្ដៅ​ណាស់ ដោយ​ឃើញ​មនុស្ស​ចាប់​ផ្ដើម​ដើរ​ជា​មួយ​ព្រះ។ កាល​ដែល​គេ​យក​ជំហាន​ដ៏​វិជ្ជមាន​ដែល​ស្រប​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​យេហូវ៉ា នោះ​គេ​ផ្ដល់​ទី​សំអាង​នៃ​ជំនឿ។ បើ​ឥត​មាន​ជំនឿ​ទេ គឺ​គ្មាន​អ្នក​ណា​មួយ​ដែល​អាច​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ។ (ហេព្រើរ ១១:៦) យើង​មាន​ចិត្ត​រីករាយ​ណាស់ ដែល​រៀង​រាល់​ឆ្នាំ ជា​មធ្យម​ក្នុង​ប្រាំ​ឆ្នាំ​កន្លង​ទៅ​នេះ មាន​មនុស្ស​ជាង​៣២០.០០០​នាក់ បាន​ថ្វាយ​ខ្លួន​គេ​ដល់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក! ប៉ុន្តែ ក៏​ជា​ការ​សំខាន់​ណាស់​ចំពោះ​គេ និង​យើង​គ្រប់​គ្នា​ដែរ ឲ្យ​ខំ​បន្ត​ដើរ​ជា​មួយ​ព្រះ។—ម៉ាថាយ ២៤:១៣; វិវរណៈ ២:១០

៤. ទោះ​ជា​គេ​មាន​ជំនឿ​ខ្លះ​ក៏​ដោយ ហេតុ​អ្វី​ក៏​ពួក​អ៊ីស្រាអែល​ជា​ច្រើន​ដែល​ចេញ​ពី​អេស៊ីប មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​បាន​សន្យា?

៤ ក្នុង​សម័យ​របស់​លោក​ម៉ូសេ គឺ​ត្រូវ​ការ​ជំនឿ​ចំពោះ​គ្រួសារ​អ៊ីស្រាអែល​ទាំង​ឡាយ ក្នុង​ការ​ធ្វើ​បុណ្យ​រំលង​ក្នុង​ប្រទេស​អេស៊ីប ហើយ​ឲ្យ​លាប​ឈាម​លើ​ទ្វារ​នៃ​ផ្ទះ​របស់​គេ។ (និក្ខមនំ ១២:១​-​២៨) ប៉ុន្តែ ជំនឿ​នៃ​មនុស្ស​ជា​ច្រើន​បាន​ឱនថយ ពេល​ដែល​គេ​ឃើញ​កង​ទ័ព​ផារ៉ោន ដេញ​តាម​ជិត​ទាន់​គេ​នៅ​ឯ​សមុទ្រ​ក្រហម។ (និក្ខមនំ ១៤:៩​-​១២) ទំនុកដំកើង ១០៦:១២ បង្ហាញ​ថា ពេល​ដែល​គេ​ឆ្លង​តាម​បាត​សមុទ្រ ហើយ​បាន​ឃើញ​ទឹក​បោក​សម្លាប់​កង​ទ័ព​អេស៊ីប គេ‹ក៏​មាន​ជំនឿ​លើ​បន្ទូល​របស់​ព្រះ​យេហូវ៉ា›ម្ដង​ទៀត។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​មក ក្នុង​ទី​រហោ​ស្ថាន ពួក​អ៊ីស្រាអែល​បាន​ចាប់​ផ្ដើម​ត្អូញត្អែរ​អំពី​ទឹក អាហារ និង​អំពី​ការ​ដឹក​នាំ។ របាយការណ៍​ដ៏​អវិជ្ជមាន​នៃ​ពួក​ឈ្លប​១០​ក្នុង​ចំណោម​១២​នាក់ ដែល​បាន​ត្រឡប់​ពី​ស្រុក​សន្យា បាន​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​ភ័យ​ខ្លាច​ឡើង។ ក្រោម​កាលៈទេសៈ​នោះ ទំនុកដំកើង ១០៦:២៤ ចែង​ថា «គេ​មិន​បាន​ជឿ​ព្រះ​បន្ទូល​ទ្រង់​ទេ»។ ពួក​គេ​ចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ (ជន​គណនា ១៤:១​-​៤) ជំនឿ​អ្វី​ក៏​ដោយ​ដែល​គេ​មាន គឺ​គ្រាន់​តែ​នៅ​ពេល​ដែល​គេ​ឃើញ​ការ​សម្ដែង​ព្រះ​ចេស្ដា​ដ៏​អស្ចារ្យ។ ពួក​គេ​មិន​បាន​បន្ត​ដើរ​ជា​មួយ​ព្រះ​ទេ។ ជា​លទ្ធផល ពួក​អ៊ីស្រាអែល​ទាំង​នោះ​មិន​បាន​ចូល​ក្នុង​ស្រុក​ដែល​បាន​សន្យា​ឡើយ។—ទំនុកដំកើង ៩៥:១០, ១១

៥. តើ​កូរិនថូស​ទី​២ ១៣:៥ និង​សុភាសិត ៣:៥, ៦ បាន​ទាក់​ទង​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​យ៉ាង​ណា?

៥ ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ»។ (កូរិនថូស​ទី​២ ១៣:៥) ការ«ស្ថិត​នៅ​ក្នុង​ជំនឿ» មាន​ន័យ​ថា កាន់​តាម​ជំនឿ​គ្រីស្ទាន​ទាំង​មូល។ នេះ​គឺ​សំខាន់​ណាស់ បើ​យើង​ចង់​បាន​ជោគ​ជ័យ​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​ក្នុង​មួយ​ជីវិត​របស់​យើង។ ដើម្បី​ដើរ​ជា​មួយ​ព្រះ យើង​ត្រូវ​អនុវត្ត​ជំនឿ ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា។ (សុភាសិត ៣:៥, ៦) គឺ​មាន​អន្ទាក់​និង​ឧបសគ្គ​ជា​ច្រើន ដែល​អាច​ទាក់​ទាញ​អស់​អ្នក​ដែល​មិន​ធ្វើ​ដូច​នេះ។ តើ​ឧបសគ្គ​ទាំង​នេះ​មាន​យ៉ាង​ណា​ខ្លះ?

ចៀស​វាង​ពី​អន្ទាក់​នៃ​ការ​ទុក​ចិត្ត​លើ​ខ្លួន

៦. តើ​គ្រីស្ទាន​ទាំង​អស់​ដឹង​អ្វី​អំពី​អំពើ​សហាយស្មន់​និង​ការ​ផិត​គ្នា ហើយ​តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អំពើ​បាប​ទាំង​នេះ?

៦ មនុស្ស​គ្រប់​គ្នា​ដែល​បាន​សិក្សា​ព្រះ​គម្ពីរ ថ្វាយ​ជីវិត​ដល់​ព្រះ​យេហូវ៉ា ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ដឹង​ថា បន្ទូល​របស់​ព្រះ​ផ្ដន្ទា​អំពើ​សហាយស្មន់​និង​ការ​ផិត​គ្នា។ (ថែស្សាឡូនីច​ទី​១ ៤:១​-​៣; ហេព្រើរ ១៣:៤) បុគ្គល​បែប​នេះ​យល់​ស្រប​ថា​នេះ​គឺ​ត្រឹម​ត្រូវ។ គេ​មាន​បំណង​ដើម្បី​រស់​នៅឲ្យ​បាន​ស្រប​តាម​ច្បាប់​នេះ។ ប៉ុន្តែ​អំពើ​ឥត​សីលធម៌​ខាង​កាម គឺ​នៅ​តែ​ជា​អន្ទាក់​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​របស់​សាតាំង។ ហេតុ​អ្វី?

៧. នៅ​ត្រង់​វាល​នៃ​ស្រុក​ម៉ូអាប់ តើ​តាម​របៀប​ណា​ដែល​ពួក​បុរស​អ៊ីស្រាអែល​បាន​ជាប់​ទាក់​ទង​នឹង​ចរិយា​ដែល​គេ​ដឹង​ថា​ខុស?

៧ មុន​ដំបូង ពួក​អ្នក​ដែល​បាន​ជាប់​ទាក់​ទង​នឹង​ចរិយា​ដ៏​ឥត​សីលធម៌ ប្រហែល​ជា​មិន​បាន​គ្រោង​ទុក​ការ​ប្រព្រឹត្ត​ដូច្នេះ​ទេ។ នេះ​ក៏​ប្រហែល​ជា​ការ​ពិត​នៃ​ពួក​អ៊ីស្រាអែល​នៅ​ត្រង់​វាល​នៃ​ស្រុក​ម៉ូអាប់។ ចំពោះ​ពួក​បុរស​អ៊ីស្រាអែល​ដែល​បាន​ធុញ​ទ្រាន់​នឹង​ជីវិត​ក្នុង​ទី​រហោ​ស្ថាន ពួក​ស្ត្រី​សាសន៍​ម៉ូអាប់​និង​ម៉ាឌាន​ដែល​បាន​ល្បួង​គេ មុន​ដំបូង ប្រហែល​ឃើញ​ដូច​ជា​យ៉ាង​រាក់​ទាក់។ ប៉ុន្តែ តើ​មាន​អ្វី​កើត​ឡើង ពេល​ដែល​ពួក​អ៊ីស្រាអែល​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ចង​មិត្តភាព​ជា​មួយ​មនុស្ស ដែល​បំរើ​ព្រះ​បាល ជា​ជាង​ព្រះ​យេហូវ៉ា ដែល​អនុញ្ញាត​ឲ្យ​កូន​ស្រី​របស់​គេ (ព្រម​ទាំង​ពី​គ្រួសារ​ដ៏​ធំ​ដុំ) ឲ្យ​រួម​ដំណេក​ជា​មួយ​នឹង​ពួក​បុរស ដែល​គេ​មិន​បាន​រៀប​ការ​នោះ? នៅ​ពេល​ដែល​ពួក​បុរស​ក្នុង​ជំរំ​អ៊ីស្រាអែល បាន​ចាប់​ផ្ដើម​ចាត់​ទុក​ការ​សេព​គប់​បែប​នេះ​ជា​ការ​ចង់​បាន នោះ​គេ​បាន​ល្បួង​ឲ្យ​ធ្វើ​អ្វី​ដែល​គេ​ដឹង​ថា​ជា​ខុស ហើយ​នេះ​បាន​ធ្វើ​ឲ្យ​គេ​បាត់​បង់​ជីវិត។—ជន​គណនា ២២:១; ២៥:១​-​១៥; ៣១:១៦; វិវរណៈ ២:១៤

៨. ក្នុង​សម័យ​យើង​នេះ តើ​អ្វី​ដែល​អាច​នាំ​ឲ្យ​គ្រីស្ទាន​ម្នាក់​ប្រព្រឹត្ត​អំពើ​ឥត​សីលធម៌​ខាង​កាម?

៨ តើ​អ្វី​ដែល​អាច​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ដូច​នេះ នៅ​សព្វ​ថ្ងៃ​នេះ? ទោះ​ជា​គាត់​អាច​ដឹង​នូវ​ភាព​ធ្ងន់​ធ្ងរ​នៃ​អំពើ​ឥត​សីលធម៌​ខាង​កាម​ក៏​ដោយ ប្រសិន​បើ​គាត់​មិន​យល់​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ទុក​ចិត្ត​ខ្លួន​ឯង នោះ​គាត់​ប្រហែល​ជា​អនុញ្ញាត​ខ្លួន​គាត់​ចូល​ក្នុង​ស្ថានការណ៍ ដែល​សេចក្ដី​ល្បួង​ទាក់​ទាញ​ឲ្យ​ធ្វើ​ខុស មក​សន្ធប់​លើ​ការ​វែក​ញែក​របស់​គាត់។—សុភាសិត ៧:៦​-​៩, ២១, ២២; ១៤:១៦

៩. តើ​ការ​ព្រមាន​អ្វី​ពី​ព្រះ​គម្ពីរ ដែល​អាច​ការ​ពារ​យើង​ពី​អំពើ​ឥត​សីលធម៌?

៩ បើ​និយាយ​ឲ្យ​ស្រួល​យល់​ទៅ បន្ទូល​របស់​ព្រះ​ព្រមាន​យើង កុំ​ឲ្យ​វង្វេង​ក្នុង​ការ​គិត​ថា យើង​មាន​ចិត្ត​មាំ​មួន​ដ៏​ម្ល៉េះ ដែល​ការ​សេព​គប់​អាក្រក់​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខូច​បង់។ នេះ​គឺ​រួម​បញ្ចូល​ការ​មើល​កម្ម​វិធី​ទូរទស្សន៍ ដែល​បង្ហាញ​មនុស្ស​ដ៏​ឥត​សីលធម៌ ហើយ​មើល​ទស្សនាវដ្ដី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ស្រើប​ស្រាល​ចេតនា​ដ៏​ឥត​សីលធម៌។ (កូរិនថូស​ទី​១ ១០:១១, ១២; ១៥:៣៣) សូម្បី​តែ​ចូល​រួម​ជា​មួយ​អ្នក​ជឿ​គ្នី​គ្នា​ក្នុង​កាលៈទេសៈ​ដ៏​ខុស ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ដែរ។ ការទាក់​ទាញ​រវាង​ភេទ​និង​ភេទ​គឺ​ខ្លាំង​ណាស់។ ដូច្នេះ ដោយ​មាន​សេចក្ដី​ខ្វល់​ខ្វាយ​ដ៏​ស្រឡាញ់ អង្គការ​របស់​ព្រះ​យេហូវ៉ា​ព្រមាន​ពី​ការ​នៅ​ម្នាក់​ឯង​ដ៏​ស្ងាត់​ជា​មួយ​បុគ្គល​ណា​ម្នាក់​នៃ​ភេទ​ស្រី​ឬ​ប្រុស ដែល​យើង​មិន​រៀប​ការ​ឬ​មិន​មែន​ជា​សមាជិក​គ្រួសារ។ ដើម្បី​រក្សា​ការ​ដើរ​ជា​មួយ​ព្រះ នោះ​យើង​ត្រូវ​តែ​ជៀស​វាង​អន្ទាក់​នៃ​ការ​ទុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​ធ្វើ​តាម​ឱវាទ​ដែល​ទ្រង់​ប្រទាន​ឲ្យ។—ទំនុកដំកើង ៨៥:៨

សូម​កុំ​ឲ្យ​ការ​ខ្លាច​មនុស្ស​មក​កាន់​កាប់​អ្នក​ឡើយ

១០. តើ‹ការ​ខ្លាច​មនុស្ស› អាច​ទៅ​ជា​អន្ទាក់​យ៉ាង​ដូច​ម្ដេច?

១០ គ្រោះ​ថ្នាក់​មួយ​ទៀត គឺ​ឃើញ​នៅ​ក្នុង​សុភាសិត ២៩:២៥ ដែល​ចែង​ថា៖ «ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់»។ អន្ទាក់​នៃ​ពួក​ព្រាន​តែង​ទាក់​ទង​នឹង​អន្ទាក់​រូត ដែល​រឹត​ជាប់​ក ឬ​ខ្សែ​ដែល​ប្រទាក់​ជើង​សត្វ​ណា​មួយ។ (យ៉ូប ១៨:៨​-​១១) ការ​ខ្លាច​មនុស្ស អាច​រឹត​ដល់​សមត្ថភាព​នៃ​បុគ្គល​ម្នាក់ ក្នុង​ការ​និយាយ​ដ៏​ឥត​លាក់​លាម ហើយ​ក្នុង​ការ​ប្រព្រឹត្ត​ខ្លួន​តាម​របៀប​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ។ សេចក្ដី​ប្រាថ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត​នឹង​ខ្លួន​គឺ​ជា​ការ​ធម្មតា ហើយ​ការ​មិន​គោរព​ដល់​អ្វី​ដែល​មនុស្ស​ដទៃ​គិត នោះ​គឺ​មិន​មែន​ជា​គ្រីស្ទាន​ទេ។ ប៉ុន្តែ​គឺ​ត្រូវ​ការ​ការ​ថ្លឹង​ថ្លែង។ ពេល​ដែល​ការ​ខ្វល់​ខ្វាយ​អំពី​ប្រតិកម្ម​នៃ​អ្នក​ដទៃ បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​ធ្វើ​អ្វី​ៗ​ដែល​ព្រះ​ហាម ឬ​ទប់​ពី​ការ​ធ្វើ​អ្វី​ដែល​បន្ទូល​របស់​ព្រះ​បង្គាប់ បុគ្គល​នោះ​គឺ​បាន​ជាប់​អន្ទាក់​ហើយ។

១១. (ក) តើ​អ្វី​ជា​ការ​ការ​ពារ​កុំ​ឲ្យ​ការ​ខ្លាច​មនុស្ស​មក​កាន់​កាប់​លើ​បុគ្គល​ម្នាក់? (ខ) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​អ្នក​បំរើ​ទ្រង់ ដែល​ត​ស៊ូ​នឹង​ការ​ខ្លាច​មនុស្ស?

១១ ការ​ការ​ពារ​ពី​អន្ទាក់​បែប​នេះ គឺ​ពឹង​លើ​ការ«ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា» មិន​លើ​លក្ខណៈ​ពី​កំណើត​នោះ​ទេ។ (សុភាសិត ២៩:២៥​ខ) ដោយ​ទុក​ចិត្ត​លើ​ព្រះ សូម្បី​តែ​បុគ្គល​ម្នាក់​ដែល​ជា​មនុស្ស​អៀន​ពី​កំណើត ក៏​អាច​បង្ហាញ​ចិត្ត​ដ៏​ក្លាហាន​និង​ខ្ជាប់​ខ្ជួន​ដែរ។ ដរាប​ណា​ដែល​យើង​នៅ​កណ្ដាល​នៃ​ការ​បង្ខិត​បង្ខំ​ពី​របប​លោកីយ៍​នៃ​សាតាំង នោះ​យើង​ក៏​ត្រូវ​ការ​ការ​ពារ​ពី​ការ​ខ្លាច​មនុស្ស។ ថ្វី​បើ​ព្យាការី​អេលីយ៉ា​មាន​ប្រវត្ដិ​ដ៏​ល្អ​នៃ​ការ​បំរើ​ដ៏​ក្លាហាន​ក្ដី នៅ​ពេល​ដែល​យេសិបិល​បាន​គំរាម​កំហែង​សម្លាប់​គាត់ គាត់​ក៏​បាន​រត់​គេច​យ៉ាង​ខ្លាច។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៩:២​-​១៨) ដោយ​មាន​ការ​បង្ខិត​បង្ខំ សាវ័ក​ពេត្រុស​ក៏​បាន​បដិសេធ​យ៉ាង​ខ្លាច​ថា​មិន​ស្គាល់​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ការ​ខ្លាច​មនុស្ស​បណ្ដាល​ឲ្យ​គាត់​ប្រព្រឹត្ត​តាម​របៀប​ដែល​ខុស​ផ្ទុយ​នឹង​ជំនឿ។ (ម៉ាកុស ១៤:៦៦​-​៧១; កាឡាទី ២:១១, ១២) ប៉ុន្តែ អេលីយ៉ា​និង​ពេត្រុស​បាន​សុខ​ចិត្ត​ទទួល​ជំនួយ​ខាង​វិញ្ញាណ ហើយ​ដោយ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា បាន​បន្ត​ការ​បំរើ​ព្រះ​ដ៏​ត្រឹម​ត្រូវ។

១២. តើ​ឧទាហរណ៍​នៃ​សម័យ​ទំនើប​នេះ​ណា​មួយ ដែល​បង្ហាញ​នូវ​របៀប​ដែល​បុគ្គល​ម្នាក់​បាន​ទទួល​ជំនួយ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ការ​ខ្លាច​បណ្ដាល​ឲ្យ​គេ​ឈប់​ពី​ការ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ?

១២ ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ ក៏​បាន​រៀន​អំពី​របៀប​ដើម្បី​ឲ្យ​មាន​ការ​ជោគ​ជ័យ​លើ​ការ​ខ្លាច។ ស្មរបន្ទាល់​ក្មេង​ជំទង់​ម្នាក់​ក្នុង​ប្រទេស​ហ្គាយ​ណា បាន​ទទួល​ស្គាល់​ថា៖ «នៅ​ឯ​សាលា​រៀន ការ​ត​យុទ្ធ​ទប់​ទល់​នឹង​ការ​បង្ខំ​ពី​ពួក​ម៉ាក​គឺ​ខ្លាំង​ណាស់»។ ប៉ុន្តែ នាង​និយាយ​ទៀត​ថា៖ «ជំនឿ​របស់​ខ្ញុំ​លើ​ព្រះ​យេហូវ៉ា​ក៏​ខ្លាំង​ដែរ»។ ពេល​ដែល​គ្រូ​របស់​នាង​បាន​ចំអក​ដាក់​នាង នៅ​ពី​មុខ​ថ្នាក់​ដោយ​សារ​ជំនឿ​របស់​នាង នាង​ក៏​បាន​អធិស្ឋាន​យ៉ាង​ស្ងាត់​ទៅ​ព្រះ​យេហូវ៉ា។ ក្រោយ​មក នៅ​ដាច់​ឡែក​ពី​គេ នាង​បាន​ធ្វើ​បន្ទាល់​ដ៏​ប៉ិន​ប្រសប់​ដល់​គ្រូ​របស់​នាង។ ពេល​ដែល​ទៅ​លេង​ភូមិ​របស់​គាត់​នៅ​ប្រទេស​បិនណិន យុវបុរស​ម្នាក់​ដែល​បាន​រៀន​អំពី​សេចក្ដី​តម្រូវ​របស់​ព្រះ​យេហូវ៉ា បាន​តាំង​ចិត្ត​នឹង​បោះ​ចោល​រូប​សំណាក ដែល​ឪពុក​បាន​ឆ្លាក់​ឲ្យ​គាត់។ យុវបុរស​នេះ​ដឹង​ថា រូប​សំណាក​នេះ​គឺ​ឥត​មាន​ជីវិត ហើយ​គាត់​មិន​ខ្លាច​វា​ទេ តែ​គាត់​ក៏​ដឹង​ថា​ពួក​អ្នក​ភូមិ​ដ៏​ខឹង ប្រហែល​ចង់​រក​ផ្លូវ​សម្លាប់​គាត់​ដែរ។ គាត់​បាន​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​រួច​មក​នៅ​ពេល​យប់ គាត់​ក៏​បាន​យក​រូប​សំណាក​បោះ​ចោល​ក្នុង​ព្រៃ​ទៅ។ (ប្រៀប​ធៀប ចៅហ្វាយ ៦:២៧​-​៣១) ពេល​ដែល​ស្ត្រី​ម្នាក់​ក្នុង​ប្រទេស​ដូមីនីកែន​រ៉េពុយប្លិក ចាប់​ផ្ដើម​បំរើ​ព្រះ​យេហូវ៉ា ប្ដី​របស់​នាង​បាន​ទាម​ទារ​ឲ្យ​នាង​ជ្រើស​រើស​យក​គាត់​ឬ​ក៏​ព្រះ​យេហូវ៉ា។ បុរស​នេះ​បាន​គំរាម​កំហែង​នឹង​លែង​លះ​គ្នា។ តើ​ការ​ខ្លាច​នឹង​ធ្វើ​ឲ្យ​នាង​បោះ​ចោល​ជំនឿ​របស់​នាង​ឬ? នាង​បាន​តប​ឆ្លើយ​ថា៖ «ប្រសិន​បើ​មាន​ការ​ទាក់​ទង​នឹង​អ​ស្វាមី​ភក្ដី នោះ​ខ្ញុំ​នឹង​អាម៉ាស់​មុខ​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​អាម៉ាស់​មុខ​នឹង​ការ​បំរើ​ព្រះ​យេហូវ៉ា​ទេ»! នាង​បាន​បន្ត​ដើរ​ជា​មួយ​ព្រះ ហើយ​ក្រោយ​មក ប្ដី​ក៏​បាន​ចូល​រួម​ជា​មួយ​នាង ក្នុង​ការ​ធ្វើ​តាម​បំណង​របស់​ព្រះ​យេហូវ៉ា។ ដោយ​មាន​ការ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ យើង​ក៏​អាច​ជៀស​វាង​កុំ​ឲ្យ​ការ​ខ្លាច​មនុស្ស បណ្ដាល​ឲ្យ​យើង​ឈប់​ពី​ការ​ធ្វើ​អ្វី ដែល​យើង​ដឹង​ថា​នឹង​ផ្គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​យេហូវ៉ា។

ជៀស​វាង​ការ​បន្ថយ​នូវ​សារៈ​សំខាន់​នៃ​ឱវាទ

១៣. តើ​អំពី​អន្ទាក់​អ្វី​ដែល​ធីម៉ូថេ​ទី​១ ៦:៩ ព្រមាន​ប្រាប់​យើង?

១៣ ថ្វី​បើ​អន្ទាក់​ខ្លះ​ដែល​បាន​ប្រើ​ដោយ​ពួក​ព្រាន ដើម្បី​ចាប់​សត្វ​ដែល​បាន​ដើរ​នៅ​កន្លែង​ណា​មួយ តែ​អន្ទាក់​ផ្សេង​ទៀត​បាន​ប្រើ​នុយ​ដ៏​ទាក់​ទាញ​ចិត្ត។ ចំពោះ​មនុស្ស​ជា​ច្រើន វត្ថុ​ទ្រព្យ​គឺ​ជា​នុយ​បែប​នេះ​មែន។ (ម៉ាថាយ ១៣:២២) នៅ​ធីម៉ូថេ​ទី​១ ៦:៨, ៩ លើក​ទឹក​ចិត្ត​យើង​ឲ្យ​ស្កប់​ចិត្ត​នឹង​អាហារ​ទទួល​ទាន​និង​សំលៀក​បំពាក់។ រួច​មក ក៏​ព្រមាន​ប្រាប់​ថា៖ «ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្ដេស​ផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន​វិនាស នឹង​សេចក្ដី​អន្តរធាន​វិញ»។

១៤. (ក) តើ​អ្វី​ដែល​អាច​បង្ការ​បុគ្គល​ម្នាក់​ពី​ការ​ធ្វើ​តាម​ឱវាទ​ឲ្យ​ស្កប់​ចិត្ត​នឹង​ការ​ទទួល​ទាន​និង​សំលៀក​បំពាក់? (ខ) តើ​ការ​យល់​ខុស​នៃ​វត្ថុ​ទ្រព្យ​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​បន្ថយ​នូវ​សារៈ​សំខាន់​នៃ​ការ​ព្រមាន​ក្នុង​ធីម៉ូថេ​ទី​១ ៦:៩ យ៉ាង​ដូច​ម្ដេច? (គ) ក្នុង​របៀប​ណា​ដែល‹សេចក្ដី​ប្រាថ្នា​នៃ​ភ្នែក› ធ្វើ​ឲ្យ​បុគ្គល​ខ្លះ​ខ្វាក់​នឹង​អន្ទាក់​ដែល​ចាំ​គេ?

១៤ ទោះ​ជា​មាន​ការ​ព្រមាន​នេះ​ក្ដី មនុស្ស​ជា​ច្រើន​បាន​ជាប់​អន្ទាក់ ពី​ព្រោះ​គេ​មិន​អនុវត្ត​ឱវាទ​នេះ។ ហេតុ​អ្វី? តើ​នេះ​អាច​ជា​ចិត្ត​មានះ ដែល​ជំរុញ​គេ​ឲ្យ​ទទូច​កាន់​តាម​បែប​លំនាំ​រស់​នៅ ដែល​តម្រូវ​ច្រើន​ជាង«អាហារ​ទទួល​ទាន​នឹង​សំលៀក​បំពាក់» ដែល​ព្រះ​គម្ពីរ​ដាស់​តឿន​ឲ្យ​យើង​ស្កប់​ចិត្ត​នោះ​ឬ? តើ​គេ​ប្រហែល​ជា​បន្ថយ​នូវ​សារៈ​សំខាន់​នៃ​ការ​ព្រមាន​របស់​ព្រះ​គម្ពីរ ពី​ព្រោះ​គេ​ចាត់​ទុក​ទ្រព្យ​សម្បត្ដិ​របស់​ពួក​អ្នក​មាន​ឬ? ព្រះ​គម្ពីរ​បាន​ប្រៀប​ធៀប​ការ​តាំង​ចិត្ត​ចង់​បាន​មាន ជា​មួយ​នឹង​ការ​ស្កប់​ចិត្ត​នឹង​ការ​ទទួល​ទាន​និង​សំលៀក​បំពាក់។ (ប្រៀប​ធៀប ហេព្រើរ ១៣:៥) តើ‹សេចក្ដី​ប្រាថ្នា​នៃ​ភ្នែក›—សេចក្ដី​ប្រាថ្នា​ចង់​បាន​របស់​ដែល​គេ​ឃើញ ថែម​ទាំង​បូជា​ការ​ស្វែង​រក​ខាង​វិញ្ញាណ—បណ្ដាល​ឲ្យ​គេ​បោះ​ចោល​ផល​ប្រយោជន៍​នៃ​ការ​ថ្វាយ​បង្គំ​ពិត​ជា​អ្វី​ដ៏​ឥត​សំខាន់​ឬ? (យ៉ូហាន​ទី​១ ២:១៥​-​១៧; ហាកាយ ១:២​-​៨) ពួក​អ្នក​ដែល​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​គម្ពីរ​ហើយ​ដើរ​ជា​មួយ​ព្រះ គឺ​មាន​ចិត្ត​សប្បាយ​ណាស់ ដោយ​យក​កិច្ច​បំរើ​នៃ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​គេ!

ប្រឈម​ដោះ​ស្រាយ​ដ៏​ជោគ​ជ័យ​នឹង​សេចក្ដី​កង្វល់​នៃ​ជីវិត

១៥. តើ​ស្ថានការណ៍​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​ខ្វល់​ខ្វាយ​ដល់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន ហើយ​តើ​ចំពោះ​អន្ទាក់​អ្វី​ដែល​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ពេល​ដែល​យើង​មាន​ការ​ពិបាក?

១៥ អ្វី​ដែល​មាន​ទូទៅ​ជាង​ការ​តាំង​ចិត្ត​ចង់​បាន​មាន គឺ​សេចក្ដី​ខ្វល់​ខ្វាយ​លើ​ការ​រក​របស់​ដែល​ត្រូវ​ការ​នៃ​ជីវិត។ ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​មាន​តែ​របស់​របរ​បន្ដិចបន្តួច​ទេ។ គេ​ខំ​ប្រឹង​ធ្វើ​ការ​ជា​ច្រើន​ម៉ោង ដើម្បី​ឲ្យ​មាន​សំលៀក​បំពាក់​គ្រប់​គ្រាន់ កន្លែង​សំរាប់​គ្រួសារ​សម្រាន្ត​នៅ​ពេល​យប់ ហើយ​យ៉ាង​ហោច​ណាស់​ចំពោះ​អាហារ​ប្រចាំ​ថ្ងៃ។ អ្នក​ដទៃ​មាន​បញ្ហា ពី​ព្រោះ​ជម្ងឺ​ឬ​អាយុ​ចាស់​ជរា​របស់​គេ ឬ​ពួក​សមាជិក​នៃ​គ្រួសារ។ ជា​ការ​ស្រួល​មែន ដោយ​អនុញ្ញាត​ឲ្យ​កាលៈទេសៈ​បែប​នេះ រឹត​ក​ផល​ប្រយោជន៍​ខាង​វិញ្ញាណ​នៃ​ជីវិត​របស់​គេ!—ម៉ាថាយ ១៣:២២

១៦. តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ប្រឈម​ដោះ​ស្រាយ​នឹង​សេចក្ដី​ពិបាក​ក្នុង​ជីវិត​យ៉ាង​ដូច​ម្ដេច?

១៦ ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​យើង​អំពី​ការ​ធូរ​ស្បើយ ដែល​នឹង​មាន​នៅ​ក្រោម​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី។ (ទំនុកដំកើង ៧២:១​-​៤, ១៦; អេសាយ ២៥:៧, ៨) ទ្រង់​ក៏​មាន​បន្ទូល​ប្រាប់​យើង​ឲ្យ​ប្រឈម​ដោះ​ស្រាយ​នឹង​សេចក្ដី​ពិបាក​នៃ​ជីវិត ដោយ​ប្រទាន​ឱវាទ​នូវ​របៀប​ដែល​យើង​អាច​ចាត់​ទុក​អាទិភាព​តាម​របៀប​រៀប​រយ។ (ម៉ាថាយ ៤:៤; ៦:២៥​-​៣៤) តាម​រយៈ​ប្រវត្ដិ​ដែល​ទ្រង់​បាន​ជួយ​ពួក​អ្នក​បំរើ​ទ្រង់​ក្នុង​គ្រា​មុន​ៗ ព្រះ​យេហូវ៉ា​ក៏​ធានា​រ៉ាប់​រង​យើង​ដែរ។ (យេរេមា ៣៧:២១; យ៉ាកុប ៥:១១) ទ្រង់​ពង្រឹង​យើង​ដោយ​ប្រទាន​ចំណេះ ដែល​ថា ទោះ​ជា​មាន​ស្ថានភាព​រា​រាំង​លើ​យ៉ាង​ណា​ក៏​ដោយ នោះ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ក៏​នឹង​នៅ​មាន​ជា​និច្ច​ចំពោះ​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​នៃ​ទ្រង់។ (រ៉ូម ៨:៣៥​-​៣៩) ចំពោះ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ទ្រង់​ប្រកាស​ថា៖ «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ»។—ហេព្រើរ ១៣:៥

១៧. សូម​ឲ្យ​ឧទាហរណ៍​នូវ​របៀប​ដែល​បុគ្គល​ដែល​មាន​ស្ថានការណ៍​ដ៏​អាក្រក់ អាច​នៅ​ដើរ​ជា​មួយ​ព្រះ។

១៧ ពង្រឹង​ដោយ​ចំណេះ​នេះ ពួក​គ្រីស្ទាន​ពិត​បន្ត​ដើរ​ជា​មួយ​ព្រះ ជា​ជាង​បែរ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​លោកីយ៍។ ទស្សនៈ​លោកីយ៍​ដ៏​ទូទៅ​មួយ​ក្នុង​ចំណោម​ពួក​អ្នក​ក្រ​ក្នុង​ស្រុក​ជា​ច្រើន គឺ​ថា ការ​យក​លុយ​ឬ​របស់​ពី​បុគ្គល​ដែល​មាន​វត្ថុ​ទ្រព្យ​ច្រើន គឺ​មិន​មែន​ជា​លួច​នោះ​ទេ។ ប៉ុន្តែ អស់​អ្នក​ដែល​ដើរ​ដោយ​ជំនឿ គឺ​បដិសេធ​ទស្សនៈ​នោះ។ គេ​ចាត់​ទុក​ការ​យល់​ព្រម​ពី​ព្រះ​ជា​អ្វី​ដ៏​សំខាន់ ហើយ​ទុក​ចិត្ត​លើ​ទ្រង់ ឲ្យ​ផ្ដល់​រង្វាន់​ចំពោះ​ចរិយា​ដ៏​ស្មោះ​ត្រង់​របស់​គេ។ (សុភាសិត ៣០:៨, ៩; កូរិនថូស​ទី​១ ១០:១៣; ហេព្រើរ ១៣:១៨) ស្ត្រី​មេម៉ាយ​ម្នាក់​ក្នុង​ប្រទេស​ឥណ្ឌា ឃើញ​ថា ការ​សុខ​ចិត្ត​ធ្វើ​ការ​ដោយ​ប្រសប់​លៃ​លក បាន​ជួយ​នាង​ឲ្យ​ប្រឈម​ដោះ​ស្រាយ។ ជា​ជាង​មាន​ការ​តូច​ចិត្ត​លើ​ស្ថានការណ៍​របស់​នាង នាង​ដឹង​ថា​បើ​នាង​ដាក់​ព្រះ​រាជាណាចក្រ​នៃ​ព្រះ និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ទី​មួយ​ក្នុង​ជីវិត នោះ​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ដល់​ការ​ខ្នះ​ខ្នែង​ឲ្យ​រក​របស់​ដែល​ត្រូវ​ការ​សំរាប់​នាង​និង​កូន​ប្រុស។ (ម៉ាថាយ ៦:៣៣, ៣៤) មនុស្ស​រាប់​ពាន់​នាក់​លើ​ផែនដី​បាន​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់​ជា​បន្ទាយ​របស់​គេ មិន​ថា​គេ​មាន​ស្ថានការណ៍​យ៉ាង​ណា​ក៏​ដោយ។ (ទំនុកដំកើង ៩១:២) តើ​នេះ​ជា​ការ​ពិត​ចំពោះ​អ្នក​ទេ?

១៨. តើ​អ្វី​ជា​កូន​សោ​ដើម្បី​ជៀស​វាង​អន្ទាក់​ទាំង​ឡាយ​ក្នុង​លោកីយ៍​សាតាំង?

១៨ ដរាប​ណា​ដែល​យើង​រស់​នៅ​ក្នុង​របប​លោកីយ៍​នេះ គឺ​នឹង​មាន​អន្ទាក់​ជា​ច្រើន​ដែល​យើង​ត្រូវ​ជៀស​វាង។ (យ៉ូហាន​ទី​១ ៥:១៩) ព្រះ​គម្ពីរ​ប្រាប់​យើង​អំពី​អន្ទាក់​ទាំង​នេះ ហើយ​បង្ហាញ​នូវ​របៀប​ដែល​យើង​ត្រូវ​ជៀស​វាង។ ពួក​អ្នក​ដែល​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​មាន​ការ​ខ្លាច​ត្រឹម​ត្រូវ​នៃ​ការ​ធ្វើ​ឲ្យ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ អាច​ដោះ​ស្រាយ​ដ៏​ជោគ​ជ័យ​នឹង​អន្ទាក់​បែប​នេះ។ ប្រសិន​បើ​គេ«ដើរ​ក្នុង​ព្រះ​វិញ្ញាណ» នោះ​គេ​នឹង​មិន​ចុះ​ចូល​ធ្វើ​តាម​ផ្លូវ​នៃ​លោកីយ៍​នេះ​ឡើយ។ (កាឡាទី ៥:១៦​-​២៥) ចំពោះ​អស់​អ្នក​ដែល​កសាង​ជីវិត​របស់​គេ​ដោយ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​យេហូវ៉ា នោះ​នឹង​មាន​ការ​ទន្ទឹង​ចាំ​ដ៏​អស្ចារ្យ​នៃ​ការ​ដើរ​ជា​មួយ​ព្រះ ដែល​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ទ្រង់​ជា​និរន្តរ៍។—ទំនុកដំកើង ២៥:១៤

តើ​អ្វី​ជា​ចម្លើយ​របស់​អ្នក?

◻ តើ​ការ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ជា​អន្ទាក់​យ៉ាង​ណា?

◻ តើ​អ្វី​ដែល​អាច​ការ​ពារ​យើង​ពី​ការ​នៅ​ក្រោម​ការ​ខ្លាច​មនុស្ស?

◻ តើ​អ្វី​ដែល​អាច​បណ្ដាល​យើង​កុំ​ឲ្យ​ធ្វើ​តាម​ឱវាទ​លើ​ការ​មាន​គ្រោះ​ថ្នាក់ នៃ​ការ​សង្វាត​រក​ទ្រព្យ​សម្បត្ដិ?

◻ តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​ជាប់​អន្ទាក់​នៃ​សេចក្ដី​ខ្វល់​ខ្វាយ​នៃ​ជីវិត?

[រូប​ភាព​នៅ​ទំព័រ​២៨, ២៩]

មនុស្ស​ជា​ច្រើន​បន្ត​ដើរ​ជា​មួយ​ព្រះ​ក្នុង​មួយ​ជីវិត​របស់​គេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក