របាយការណ៍ពីពួកអ្នកប្រកាសព្រះរាជាណាចក្រ
ពួកស្មរបន្ទាល់ទៅឯសាធារណជននៅក្នុងប្រទេសបារាំង
ពីព្រឹកព្រលឹមនៅថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ១៩៩៩ ហើយបន្តនៅចុងអាទិត្យនោះ ស្មរបន្ទាល់ព្រះយេហូវ៉ានៅក្នុងប្រទេសបារាំង បានចែកចាយតាមផ្លូវ ហើយក្រោយមក ពីផ្ទះមួយទៅផ្ទះមួយយ៉ាងខ្នះខ្នែងនូវខិត្តប័ណ្ណអស់១២លានសន្លឹក ដែលមានចំណងជើង ប្រជាជននៅក្នុងប្រទេសបារាំង អ្នកកំពុងបានត្រូវគេបញ្ឆោត! ហេតុអ្វីក៏មានប្រតិបត្ដិការផ្សាយប្រកាសបែបនេះ?
នៅក្នុងការសម្ភាសន៍ជូនសារពត៌មានក្នុងប្រទេសបារាំងនៅព្រឹកថ្ងៃសុក្រនោះ មូលហេតុនៃការប្រតិបត្ដិការផ្សាយប្រកាសបានត្រូវប្រាប់ឲ្យដឹង។ អ្នកនាំពាក្យជាស្មរបន្ទាល់ម្នាក់បានពន្យល់ថា៖ «អ្វីដែលយើងចង់ធ្វើនៅថ្ងៃនេះ គឺដើម្បីឲ្យគេស្គាល់ថាយើងជាអ្នកណា ហើយធ្វើឲ្យស្ងាត់នូវពាក្យដែលធ្វើឲ្យខូចកេរ្ដិ៍ឈ្មោះដែលផ្សាយអំពីយើងនោះ។ យើងសុខចិត្តទទួលការរិះគន់ ក៏ប៉ុន្តែយើងនឹងមិនសុខចិត្តស្ដាប់ទៀតទេនូវពាក្យភូតភរនិងការនិយាយ ដែលធ្វើឲ្យខូចដល់កិត្ដិយសរបស់យើងនោះ»។
ទោះជាស្មរបន្ទាល់ព្រះយេហូវ៉ា ជាសាសនាគ្រីស្ទានដ៏ធំទីបីនៅក្នុងប្រទេសបារាំងក៏ដោយ ក៏កូនរបស់ស្មរបន្ទាល់ជាច្រើននាក់ បានត្រូវគេជេរប្រមាថនិងបានត្រូវបៀតបៀនរឿយៗនៅឯសាលារៀន។ មនុស្សពេញវ័យបានត្រូវបណ្ដេញចេញពីកន្លែងធ្វើការ ហើយបានត្រូវគេគំរាមកំហែង ដោយព្រោះសាសនារបស់គេ។ គួរឲ្យមិនជឿមែន សូម្បីតែវិភាគទានខាងសាសនាដែលគេបានទទួល នោះបានត្រូវកំណត់ឲ្យបង់ពន្ធ៦០ភាគរយឯណោះ។ តើប្រតិបត្ដិការផ្សាយប្រកាសនេះ ប្រឈមដោះស្រាយនឹងការប្រកាន់នេះយ៉ាងដូចម្ដេចទៅ?
ខិត្តប័ណ្ណនេះប្រកាសថា៖ «ស្មរបន្ទាល់ព្រះយេហូវ៉ា២៥០.០០០នាក់ និងពួកគូកនរបស់គេដែលរស់នៅក្នុងប្រទេសបារាំង តវ៉ាជំទាស់នឹងរបៀបដ៏ឥតទៀងត្រង់ ដែលសាសនាគ្រីស្ទានរបស់គេ ដែលមានអត្ថិភាពនៅក្នុងប្រទេសបារាំងតាំងពីឆ្នាំ១៩០០មកម្ល៉េះ បានត្រូវរាប់ទុកតាំងពីឆ្នាំ១៩៩៥ថាដូចនឹងនិកាយដែលមានគ្រោះថ្នាក់។ . . . តវ៉ាជំទាស់នឹងការបៀតបៀនឥតឈប់ឈរ ដែលគេបានត្រូវដាក់ឲ្យរងនោះ»។ ការចោទដែលបង្កាច់បង្ខូចនេះ ដែលបានសំដៅលើស្មរបន្ទាល់នៅក្នុងប្រទេសបារាំង និងរបៀបដ៏វៀចវេរ ដែលពួកនិយាយបង្ខូចបានខំប្រឹងធ្វើឲ្យមានការផ្សាយជាសាធារណៈដ៏អវិជ្ជមាននេះ គឺបានត្រូវលាតត្រដាងផងដែរ។ ខិត្តប័ណ្ណនេះសន្និដ្ឋានដោយចែងថា៖ «សព្វថ្ងៃនេះមានស្មរបន្ទាល់ព្រះយេហូវ៉ានិងពួកគូកនរបស់គេ ជាងពីរលាននាក់រស់នៅក្នុងអឺរ៉ុប។ ពួកគេគោរពដល់ច្បាប់របស់រដ្ឋាភិបាល ដែលពួកគេជាប្រជាពលរដ្ឋនោះ ដោយគាំទ្រតម្លៃនៃសៀវភៅដំណឹងល្អ។ ឱប្រជារាស្ត្រនៅប្រទេសបារាំងអើយ ទាំងនេះហើយជាហេតុការណ៍ពិតនោះ។ នេះគឺជាភារកិច្ចរបស់យើងក្នុងការសម្ដែងឲ្យឃើញថាវាពិតជាអ៊ីចឹងមែននោះ»។
ការតបឆ្លើយដ៏វិជ្ជមានដែលមានយ៉ាងលឿន
នៅថ្ងៃទី១ គឺបានត្រូវប្រគល់ឲ្យនូវខិត្តប័ណ្ណជាច្រើនលានសន្លឹក។ គ្រាន់តែនៅក្នុងទីក្រុងប៉ារីស មកដល់ថ្ងៃត្រង់ នោះស្មរបន្ទាល់ជាង៧០០០នាក់ បានប្រគល់ឲ្យខិត្តប័ណ្ណ១លាន៣សែនសន្លឹកដល់ដៃមនុស្ស។ នេះប្រាកដជាលើកដំបូងដែលប្រជាជន បានឃើញស្មរបន្ទាល់ជាច្រើននាក់កំពុងតែផ្ដល់ឲ្យខិត្តប័ណ្ណនៅតាមផ្លូវ។ ពួកផ្សាយពត៌មាន រួមបញ្ចូលកាសែតប្រចាំជាតិនិងតំបន់ ព្រមទាំងទូរទស្សន៍ បានប្រតិកម្មយ៉ាងវិជ្ជមានដល់ប្រតិបត្ដិការផ្សាយប្រកាសនេះ។ កាសែតឈ្មោះ លឺ ប្រូហ្គ្រេ ឌឺ លីយ៉ុន បានកត់សម្គាល់ថា៖ «ការធ្វើឡើងនេះ . . . នាំឲ្យឃើញនូវការយល់ខុសអំពីពាក្យមួយ។ នៅក្នុងដប់ឆ្នាំមុននេះ ពាក្យ‹និកាយ› . . . បានបែរទៅជាមានន័យថាជាកំណាច ប្រកបដោយគ្រោះថ្នាក់ និងដែលធ្វើឲ្យអន្តរាយ។ . . . ស្មរបន្ទាល់ព្រះយេហូវ៉ាមិនមានលក្ខណៈដែលប្រកបដោយគ្រោះថ្នាក់ ដែលប្រហែលជាធ្វើឲ្យមានអស្ថេរភាពដល់សង្គមនោះទេ»។
អស់អ្នកដែលស្គាល់ស្មរបន្ទាល់ព្រះយេហូវ៉ាអបអរនូវលក្ខណៈដ៏សុខសាន្តរបស់គេ និងការគោរពដ៏ជ្រាលជ្រៅរបស់គេចំពោះសណ្ដាប់ធ្នាប់ក្នុងសង្គម ដែលបានស្ថាបនាឡើងហើយនោះ។ ដូច្នេះហើយ មនុស្សជាច្រើននៅតាមផ្លូវបានសម្ដែងនូវការអបអរនិងគាំទ្ររបស់គេ ដល់ស្មរបន្ទាល់រាប់ពាន់នាក់ ដែលបានចូលរួមនឹងប្រតិបត្ដិការផ្សាយប្រកាសនេះ។ ការហៅតាមរយៈទូរស័ព្ទ ទូរសារ និងតាមសំបុត្រពីបណ្ដាមនុស្ស ដែលសម្ដែងអំណរគុណចំពោះខិត្តប័ណ្ណនេះ គឺបានទទួលភ្លាមនោះ។ អ្វីដែលសំខាន់បំផុត នោះពួកអ្នកស្មោះត្រង់បានទទួលនូវឱកាស ដើម្បីឮនូវហេតុការណ៍ពិតអំពីស្មរបន្ទាល់ តទល់នឹងពាក្យដែលប្រឌិតឡើងនិងគ្មានន័យ។ ហើយអស់អ្នកដែលជំនឿរបស់ខ្លួនបានត្រូវនិយាយបង្កាច់ នោះអាចបានសម្ដែងអារម្មណ៍របស់គេចំពោះអ្វីដែលចាត់ទុកជាទីស្រឡាញ់បំផុត។