កត្ដាសំខាន់បំផុតដែលនាំឲ្យពិភពលោកមានសុភមង្គល
ទស្សនាវដ្ដីថែម្សបានចែងថា៖ «បុគ្គលម្នាក់គត់ដែលមានអំណាចខ្លាំងជាងគេ មិនគ្រាន់តែក្នុងកំឡុងពីរសហស្សវត្សកន្លងទៅនេះប៉ុណ្ណោះទេ តែក្នុងប្រវត្ដិសាស្ត្រទាំងមូលរបស់មនុស្សជាតិ គឺព្រះយេស៊ូពីភូមិណាសារ៉ែត»។ ពេលដែលព្រះយេស៊ូនៅលើផែនដីនៅឡើយ មនុស្សរាប់ពាន់នាក់ដែលមានចិត្តស្មោះសនោះ បានទទួលស្គាល់នូវភាពឧត្តុង្គឧត្តមរបស់ទ្រង់ ព្រមទាំងសម្គាល់ការយកព្រះហឫទ័យទុកដាក់របស់ទ្រង់ចំពោះអ្នកដទៃផងដែរ។ ហេតុដូច្នេះហើយបានជាយើងមិនគួរភ្ញាក់ផ្អើលទេ ថាគេចង់លើកទ្រង់ជាស្តេច។ (យ៉ូហាន ៦:១០, ១៤, ១៥) ប៉ុន្តែដូចបានបញ្ជាក់ក្នុងអត្ថបទមុននេះ ព្រះយេស៊ូមិនបានយល់ព្រមចូលរួមខាងនយោបាយឡើយ។
ការតបឆ្លើយរបស់ព្រះយេស៊ូមានមូលដ្ឋានយ៉ាងហោចណាស់លើកត្ដាបីយ៉ាងគឺ៖ ទស្សនៈរបស់ព្រះវរបិតាទ្រង់អំពីមតិរបស់មនុស្សដែលសម្ដែងថា គេមានសិទ្ធិសម្រេចចិត្តខ្លួនឯង ដែលរួមបញ្ចូលការគ្រប់គ្រងដោយមនុស្សលោក។ កត្ដាមួយទៀតគឺ ព្រះយេស៊ូជ្រាបថាមានឥទ្ធិពលដ៏ខ្លាំងក្លាដែលមើលមិនឃើញ កំពុងតែប្រឆាំងទាស់នឹងការខំគ្រប់គ្រងដ៏ល្អណាក៏ដោយរបស់មនុស្ស។ មួយទៀតគឺជាគោលបំណងរបស់ព្រះដើម្បីស្ថាបនារដ្ឋាភិបាលមួយនៅស្ថានសួគ៌ ដើម្បីគ្រប់គ្រងលើផែនដីទាំងមូល។ នៅពេលដែលយើងពិចារណាមើលចំណុចទាំងបីនេះឲ្យបានល្អិតល្អន់ជាង នោះយើងនឹងឃើញមូលហេតុដែលការព្យាយាមរបស់មនុស្ស ក្នុងការជួយធ្វើឲ្យពិភពលោកអាចប្រសើរជាងនេះ បានបរាជ័យ។ យើងថែមទាំងនឹងសម្គាល់នូវរបៀបទទួលបានជោគជ័យផងដែរ។
តើមនុស្សលោកអាចគ្រប់គ្រងខ្លួនឯងបានទេ?
នៅពេលដែលព្រះបានបង្កើតមនុស្សលោក ទ្រង់បានបើកឲ្យគេមានអំណាចលើសត្វទាំងឡាយ។ (លោកុប្បត្តិ ១:២៦) ប៉ុន្តែដោយឡែក មនុស្សជាតិទាំងឡាយនៅក្រោមអធិបតេយ្យរបស់ព្រះវិញ។ បុរសនិងស្ត្រីដំបូងនោះត្រូវតែបង្ហាញនូវការចុះចូលរបស់ខ្លួនចំពោះព្រះ ដោយស្ដាប់តាមបង្គាប់ដែលឲ្យគេជៀសវាងមិនបរិភោគផ្លែពីដើមឈើតែមួយគត់ គឺ«ដើមដឹងខុសត្រូវ»។ (លោកុប្បត្តិ ២:១៧) គួរឲ្យសោកស្ដាយណាស់ អ័ដាមនិងអេវ៉ាបានបំពានលើចិត្តសេរីរបស់ខ្លួន ដោយមិនស្ដាប់បង្គាប់ព្រះទេ។ ការបេះផ្លែឈើនោះមិនមែនជាការលួចប៉ុណ្ណោះទេ។ អំពើនោះជាការបះបោរប្រឆាំងនឹងអធិបតេយ្យរបស់ព្រះវិញ។ មានហេតុមួយដែលត្រូវសម្គាល់ក្នុងព្រះគម្ពីរយេរូសាឡិមថ្មី អំពីលោកុប្បត្តិ ២:១៧ ដែលថា អ័ដាមនិងអេវ៉ាបានអាងលើ«ភាពម្ចាស់ការទាំងស្រុងខាងសីលធម៌ ដោយបដិសេធមិនព្រមទទួលស្គាល់ថា ខ្លួនមានឋានៈជាបុគ្គលដែលត្រូវបានបង្កើតមក . . . អំពើបាបដំបូងបង្អស់នោះជាការជំទាស់នឹងអធិបតេយ្យរបស់ព្រះ»។
ដោយព្រោះការនេះទាក់ទងរឿងចំណោទសំខាន់ៗដែរ ព្រះបានអនុញ្ញាតឲ្យអ័ដាមនិងអេវ៉ា ព្រមទាំងកូនចៅរបស់គេ ជ្រើសរើសផ្លូវជីវិតរបស់ខ្លួន និងគេបានស្ថាបនាខ្នាតតម្រារបស់ខ្លួនផ្ទាល់ អំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ (ទំនុកដំកើង ១៤៧:១៩, ២០; រ៉ូម ២:១៤) បើនិយាយជារួមទៅ ការសាករស់នៅតាមមតិរបស់មនុស្សដែលថា គេមានសិទ្ធិសម្រេចចិត្តខ្លួនឯង គឺបានចាប់ផ្ដើមនៅពេលនោះឯង។ តើការរស់នៅបែបនោះបានជោគជ័យឬទេ? ដោយពិនិត្យមើលប្រវត្ដិសាស្ត្រអស់រាប់ពាន់ឆ្នាំមកហើយ យើងអាចនិយាយថា៖ ឥតបានការទេ! សាស្ដា ៨:៩ ចែងថា៖ «មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។ កំណត់ហេតុដ៏គួរឲ្យសោកស្ដាយ ស្តីអំពីមនុស្សដែលគ្រប់គ្រងខ្លួនគេ នោះបញ្ជាក់ពីភាពពិតប្រាកដនៃយេរេមា ១០:២៣ ដែលចែងថា៖ «ឱព្រះយេហូវ៉ាអើយ! ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះមិនស្រេចនៅមនុស្សដែលដើរដែរ»។ ប្រវត្ដិសាស្ត្រមនុស្សបានបញ្ជាក់ថា មនុស្សគ្មានសមត្ថភាពគ្រប់គ្រងដោយជោគជ័យ ដោយមិនពឹងពាក់លើអ្នកបង្កើតរបស់គេឡើយ។
ព្រះយេស៊ូបានយល់ស្របគំនិតនេះដែរ។ ទ្រង់បានចាត់ទុកភាពម្ចាស់ការដោយគ្មានពឹងព្រះ ជាទីស្អប់ខ្ពើមបំផុត។ ទ្រង់បានមានបន្ទូលថា៖ «ខ្ញុំមិនធ្វើការអ្វីដោយអាងខ្លួនខ្ញុំ . . . ខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យ[ព្រះ]ជាដរាប»។ (យ៉ូហាន ៤:៣៤; ៨:២៨, ២៩) ហេតុដូច្នេះហើយ បើគ្មានការអនុញ្ញាតពីព្រះ នោះព្រះយេស៊ូមិនដែលគិតសោះ អំពីការទទួលអំណាចជាស្តេចលើមនុស្សលោកនោះ។ ក៏ប៉ុន្តែ នេះមិនបានសេចក្ដីថា ទ្រង់ទើសទាស់នឹងការជួយមនុស្សនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយមនុស្សរកសុភមង្គលនៅសម័យនោះផង និងនៅពេលអនាគតផងដែរ។ ទ្រង់ក៏បានថ្វាយព្រះជន្មទ្រង់ប្រយោជន៍ឲ្យមនុស្សលោក។ (ម៉ាថាយ ៥:៣-១១; ៧:២៤-២៧; យ៉ូហាន ៣:១៦) តែព្រះយេស៊ូជ្រាបថា «មានពេលសំរាប់គ្រប់ទាំងអស់» រួមទាំងកំណត់ពេលរបស់ព្រះដើម្បីបង្ហាញអធិបតេយ្យរបស់ទ្រង់លើមនុស្សជាតិ។ (សាស្ដា ៣:១; ម៉ាថាយ ២៤:១៤, ២១, ២២, ៣៦-៣៩) ប៉ុន្តែ សូមនឹកចាំថា នៅស្រុកអេដែននោះ មាតាបិតាដំបូងរបស់យើងបានចុះចូលតាមឆន្ទៈនៃសត្តនិករវិញ្ញាណកំណាចមួយរូបដ៏មើលមិនឃើញ ដែលបាននិយាយតាមរយៈសត្វពស់មួយ។ ចំណុចនេះនាំឲ្យយើងគិតអំពីមូលហេតុទីពីរដែលព្រះយេស៊ូមិនបានចូលរួមក្នុងរឿងនយោបាយ។
អ្នកគ្រប់គ្រងលោកីយ៍នេះដែលមនុស្សមិនស្គាល់
ព្រះគម្ពីរប្រាប់យើងថា សាតាំងបានសុំប្រគល់«អស់ទាំងនគរក្នុងលោកីយ នឹងសិរីលំអរបស់នគរទាំងនោះ» ថ្វាយព្រះយេស៊ូ ដូរនឹងការថ្វាយបង្គំដល់វាវិញ។ (ម៉ាថាយ ៤:៨-១០) ជាខ្លឹមសារនោះ សាតាំងបានសុំប្រគល់អំណាចគ្រប់គ្រងទៅឲ្យព្រះយេស៊ូ ប៉ុន្តែត្រូវធ្វើតាមល័ក្ខខ័ណ្ឌរបស់វាវិញ។ ព្រះយេស៊ូមិនបានចុះចាញ់នឹងការល្បួងនោះទេ។ ក៏ប៉ុន្តែ តើការអញ្ជើញនោះពិតជាការល្បួងមែនឬ? តើសាតាំងពិតជាអាចស្នើផ្ដល់នូវអ្វីៗដ៏គួរឲ្យស្ញប់ស្ញែងបែបនេះបានទេ? គឺពិតជាអាចមែន! ដោយព្រោះព្រះយេស៊ូទ្រង់ផ្ទាល់បានហៅអារក្សជា«ចៅហ្វាយរបស់លោកីយនេះ» និងសាវ័កប៉ុលបានពិពណ៌នាអំពីវាជា«ព្រះរបស់លោកីយនេះ»។—យ៉ូហាន ១៤:៣០; កូរិនថូសទី២ ៤:៤; អេភេសូរ ៦:១២
ព្រះយេស៊ូប្រាកដជាជ្រាបថា អារក្សមិនយកចិត្តទុកដាក់ផ្ដល់ប្រយោជន៍ឲ្យមនុស្សជាតិទេ។ ព្រះយេស៊ូបានពិពណ៌នាអំពីវា ជា«ឃាតករ»ផង ក៏ជា«មេកុហកផង និងមេលើអ្វីៗទាំងអស់ដែលមិនពិតផងដែរ»។ (យ៉ូហាន ៨:៤៤, ព្រះគម្ពីរអាមភ្លីហ្វែដ) យ៉ាងច្បាស់ណាស់ លោកីយ៍ដែល«ស្ថិតនៅក្រោមអំណាច»នៃវិញ្ញាណកំណាចមួយរូបបែបនោះ មិនអាចមានសុភមង្គលពិតបានឡើយ។ (យ៉ូហានទី១ ៥:១៩, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ប៉ុន្តែអារក្សនឹងមិនមានអំណាចនេះជាដរាបទេ។ ឥឡូវនេះព្រះយេស៊ូជាសត្តនិករវិញ្ញាណដ៏មានព្រះចេស្ដាខ្លាំងក្លា ហើយទ្រង់នឹងដកសាតាំងចោលឆាប់ៗខាងមុខនេះ និងបំបាត់ចោលឥទ្ធិពលរបស់វាចេញទាំងស្រុង។—ហេព្រើរ ២:១៤; វិវរណៈ ២០:១-៣
សាតាំងដឹងស្រាប់ហើយថា សម័យដែលវាធ្វើជាចៅហ្វាយរបស់លោកីយ៍នេះ គឺជិតផុតកំណត់ហើយ។ ហេតុនោះហើយបានជាវាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបង្ខូចមនុស្សលោកឲ្យទៅជាអាក្រក់ហួសនិស្ស័យនឹងកែប្រែឡើងវិញ ដូចជាវាធ្លាប់បានធ្វើមុននឹងទឹកជំនន់នៅជំនាន់លោកណូអេដែរ។ (លោកុប្បត្តិ ៦:១-៥; យូដាស ៦) វិវរណៈ ១២:១២ ចែងថា៖ «វេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។ បទទំនាយក្នុងព្រះគម្ពីរ និងព្រឹត្ដិការណ៍នានាទូទាំងពិភពលោកបង្ហាញថា យើងកំពុងតែរស់ជិតដល់ទីបញ្ចប់នៃ‹ពេលវេលាខ្លី›នោះ។ (ធីម៉ូថេទី២ ៣:១-៥) ការស្រាកស្រាន្តពីនោះកាន់តែកៀកណាស់ហើយ។
រដ្ឋាភិបាលមួយដែលអាចនាំមកនូវសុភមង្គល
មូលហេតុទីបីដែលព្រះយេស៊ូបានជៀសចេញពីរឿងនយោបាយនោះ គឺដោយព្រោះទ្រង់ជ្រាបថា នៅពេលកំណត់នាអនាគត ព្រះនឹងស្ថាបនារដ្ឋាភិបាលមួយនៅស្ថានសួគ៌ ដើម្បីគ្រប់គ្រងទៅលើផែនដី។ ព្រះគម្ពីរហៅរដ្ឋាភិបាលនោះ ជាព្រះរាជាណាចក្ររបស់ព្រះ ហើយក៏ជាផ្ទៃរឿងនៃការបង្រៀនរបស់ព្រះយេស៊ូដែរ។ (លូកា ៤:៤៣; វិវរណៈ ១១:១៥) ព្រះយេស៊ូបានបង្រៀនឲ្យសិស្សទ្រង់អធិស្ឋានសុំព្រះរាជាណាចក្រនោះមកដល់ ព្រោះមានតែនៅក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលនោះទេ ដែល‹ព្រះហឫទ័យទ្រង់អាចសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ›។ (ម៉ាថាយ ៦:៩, ១០) លោកអ្នកប្រហែលជាឆ្ងល់ថា៖ ‹ប្រសិនបើព្រះរាជាណាចក្រនោះនឹងគ្រប់គ្រងលើផែនដីទាំងមូល តើរដ្ឋាភិបាលនានារបស់មនុស្សនឹងទៅជាយ៉ាងណាវិញ?›។
មានចំលើយនៅក្នុងសៀវភៅដានីយ៉ែល ២:៤៤ដែលចែងថា «រីឯនៅគ្រានៃស្តេចទាំងនោះ[ដែលគ្រប់គ្រងនៅគ្រាចុងបញ្ចប់នៃរបបលោកីយ៍នាបច្ចុប្បន្នកាលនេះ] ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ។ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះ[របស់មនុស្ស]វិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ ហេតុដូចម្ដេចបានជាព្រះរាជាណាចក្ររបស់ព្រះត្រូវ«បំបាក់បំបែក»ការគ្រប់គ្រងនានារបស់មនុស្សដូច្នេះ? ពីព្រោះការគ្រប់គ្រងទាំងឡាយនោះបង្កឲ្យមានចិត្តគំនិតបដិសេធព្រះ ទាំងប្រកាន់ថាយើងមានសិទ្ធិសម្រេចចិត្តខ្លួនឯង នេះជាចិត្តគំនិតដែលសាតាំងបានលើកឡើងនៅឯសួនច្បារអេដែនពីបុរាណ។ អស់អ្នកដែលបណ្ដុះឲ្យមានចិត្តគំនិតបែបនោះ គឺនាំឲ្យមនុស្សលោកបង់ប្រយោជន៍ ព្រមទាំងរើសផ្លូវជំទាស់នឹងព្រះអាទិទេព។ (ទំនុកដំកើង ២:៦-១២; វិវរណៈ ១៦:១៤, ១៦) ហេតុនោះហើយបានជាយើងត្រូវសួរខ្លួនឯងថា៖ ‹តើយើងគាំទ្រនូវការគ្រប់គ្រងដោយព្រះ ឬក៏ចង់ប្រឆាំងនឹងទ្រង់?›។
តើអ្នកនឹងជ្រើសរើសអធិបតេយ្យរបស់អ្នកណា?
ដើម្បីជួយមនុស្សធ្វើការសម្រេចចិត្តអំពីការគ្រប់គ្រងតាមចំណេះត្រឹមត្រូវ ព្រះយេស៊ូបានបញ្ជាឲ្យសិស្សទ្រង់ផ្សព្វផ្សាយ«ដំណឹងល្អនេះ ដែលសំដែងពីនគរ . . . ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍» មុននឹងទីបញ្ចប់នៃរបបបច្ចុប្បន្ននេះមកដល់។ (ម៉ាថាយ ២៤:១៤) តើអ្នកណាសព្វថ្ងៃនេះត្រូវគេស្គាល់ទូទាំងផែនដី ដោយព្រោះការផ្សព្វផ្សាយអំពីព្រះរាជាណាចក្ររបស់ព្រះ? គឺស្មរបន្ទាល់ព្រះយេហូវ៉ា។ តាមការពិត ជាយូរយារមកហើយ ឯកសារនេះមានពាក្យ «ប្រកាសព្រះរាជាណាចក្រនៃព្រះយេហូវ៉ា» នៅលើក្របទស្សនាវដ្ដី។ សព្វថ្ងៃនេះស្មរបន្ទាល់ប្រមាណប្រាំមួយលាននាក់ នៅជាង២៣០ប្រទេស កំពុងតែជួយមនុស្សឲ្យទទួលចំណេះត្រឹមត្រូវអំពីព្រះរាជាណាចក្រនោះ។a
ពរដែលរាស្ត្រ នៃព្រះរាជាណាចក្រអាចទទួល
ព្រះយេស៊ូតែងតែបានធ្វើតាមព្រះហឫទ័យរបស់ព្រះ។ ហេតុដូច្នេះហើយ បានជាទ្រង់ប្រឹងប្រែងពង្រីកនូវប្រយោជន៍ខាងព្រះរាជាណាចក្ររបស់ព្រះ ដែលជាដំណោះស្រាយតែមួយគត់សំរាប់ការពិបាកក្នុងលោកីយ៍នេះ ជាជាងខំរកផ្លូវដោះស្រាយដោយអង្គទ្រង់ផ្ទាល់ ឬខំទ្រទ្រង់និងខំធ្វើឲ្យរបបលោកីយ៍មួយបានប្រសើរជាងតាមរយៈប្រព័ន្ធនយោបាយនោះ។ ដោយព្រោះទ្រង់ស្មោះត្រង់ដូច្នោះ ទ្រង់បានទទួលរង្វាន់នូវរាជបល្ល័ង្កដ៏រុងរឿងនៅស្ថានសួគ៌ ឲ្យទ្រង់ធ្វើជាស្តេចនៃព្រះរាជាណាចក្រនោះ។ នេះប្រាកដជារង្វាន់ដ៏អស្ចារ្យមែន ដោយព្រោះទ្រង់ចុះចូលចំពោះព្រះ!—ដានីយ៉ែល ៧:១៣, ១៤
មនុស្សរាប់លាននាក់សព្វថ្ងៃនេះដែលធ្វើតម្រាប់តាមព្រះយេស៊ូ ដោយចាត់ទុកព្រះរាជាណាចក្ររបស់ព្រះជាអ្វីដ៏សំខាន់បំផុត ព្រមទាំងចុះចូលចំពោះព្រះហឫទ័យរបស់ព្រះផង នឹងទទួលរង្វាន់ដ៏ល្អអស្ចារ្យដែរ គឺជាឯកសិទ្ធិធ្វើជាអនុរាស្ត្រនៅលើផែនដី នៃព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ៦:៣៣) ក្រោមការគ្រប់គ្រងនោះដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ គេនឹងត្រូវប្រោសឲ្យមានភាពជាមនុស្សគ្រប់ល័ក្ខណ៍ឡើងវិញ ទាំងមានសេចក្ដីសង្ឃឹមរស់ជានិច្ចនិរន្តរ៍។ (វិវរណៈ ២១:៣, ៤) យ៉ូហានទី១ ២:១៧ ចែងថា៖ «លោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ ពិតជាសប្បាយណាស់ហ្ន៎! យើងរស់នៅទីនោះជារៀងរហូត ដោយសាតាំងនិងគ្នីគ្នាវាត្រូវកំចាត់ចេញ ថែមទាំងផែនដីកែប្រែទៅជាទីមនោរម្យលែងមានជាតិនិយម ប្រព័ន្ធពាណិជ្ជកម្មដ៏ថោកទាប និងសាសនាក្លែងក្លាយដែរ។—ទំនុកដំកើង ៣៧:២៩; ៧២:១៦
មែនហើយ ព្រះរាជាណាចក្ររបស់ព្រះពិតជាកត្ដាសំខាន់បំផុត ដែលនាំឲ្យពិភពលោកមានសុភមង្គល ហើយសារដែលប្រកាសប្រាប់ពីព្រះរាជាណាចក្រនោះ ក៏សមនឹងពណ៌នាជាដំណឹងល្អមែន។ បើលោកអ្នកមិនទាន់ទទួលដំណឹងល្អនេះនៅឡើយទេ សូមទទួលស្ដាប់ដោយចិត្តរីករាយ នៅពេលដែលស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ទៅលេងផ្ទះរបស់អ្នកលើកក្រោយ។
[កំណត់សម្គាល់]
a កាលដែលស្មរបន្ទាល់ព្រះយេហូវ៉ាផ្សាយព្រះរាជាណាចក្ររបស់ព្រះ គេមិនចូលរួមខាងរឿងនយោបាយ ឬបណ្ដុះឲ្យមានការបះបោរប្រឆាំងនឹងរដ្ឋាភិបាលលោកីយ៍សោះឡើយ សូម្បីតែនៅក្នុងប្រទេសណាដែលដាក់បំរាម ឬធ្វើទុក្ខបៀតបៀនដល់ស្មរបន្ទាល់ក្ដី។ (ទីតុស ៣:១) ផ្ទុយទៅវិញ គេខំជួយខាងវិញ្ញាណ តាមរបៀបល្អៗដែលលើកទឹកចិត្ត និងដោយមិនទាក់ទងរឿងនយោបាយ ដូចព្រះយេស៊ូនិងសិស្សទ្រង់នៅសតវត្សទីមួយធ្លាប់បានធ្វើដែរ។ បណ្ដាស្មរបន្ទាល់ព្យាយាមជួយមនុស្សតាមសហគមន៍និមួយៗ ជាមនុស្សដែលមានចិត្តគំនិតសុចរិត ឲ្យទទួលធ្វើតាមគោលការណ៍ដ៏ល្អពីព្រះគម្ពីរ ដូចជាសេចក្ដីស្រឡាញ់រវាងសមាជិកគ្រួសារ ភាពទៀងត្រង់ ការស្អាតស្អំខាងសីលធម៌ និងមារយាទល្អៗតាមការងារធ្វើជាដើម។ សំខាន់បំផុតនោះ គេខំបង្រៀនមនុស្សនូវរបៀបធ្វើតាមគោលការណ៍ព្រះគម្ពីរ និងការពឹងពាក់ព្រះរាជាណាចក្ររបស់ព្រះជាសេចក្ដីសង្ឃឹមពិតរបស់មនុស្សលោក។
[រូបភាពនៅទំព័រ៥]
ប្រវត្ដិសាស្ត្រតែងបញ្ជាក់ថា មនុស្សមិនពឹងពាក់ព្រះគ្មានសមត្ថភាពគ្រប់គ្រងខ្លួនឯងបានដោយជោគជ័យឡើយ
[រូបភាពនៅទំព័រ៥]
សាតាំងអាចប្រគល់«អស់ទាំងនគរក្នុងលោកីយ» ទៅឲ្យព្រះយេស៊ូបាន ពីព្រោះវាកំពុងតែ គ្រប់គ្រង«លោកីយនេះ»
[រូបភាពនៅទំព័រ៧]
ព្រះយេស៊ូបានបង្រៀនថា ក្រោមការគ្រប់គ្រងដោយព្រះរាជាណាចក្ររបស់ព្រះ ផែនដីនឹងទៅជាកន្លែងដ៏ស្រស់បំព្រងមួយ