ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅចោទិយកថា
នៅឆ្នាំ១៤៧៣ មុនស.យ. ៤០ឆ្នាំបានកន្លងទៅតាំងពីព្រះយេហូវ៉ាបានរំដោះសាសន៍អ៊ីស្រាអែលពីសេវកភាពនៅស្រុកអេស៊ីបនោះ។ ក្រោយពីបានដើរវិលវល់អស់ច្រើនឆ្នាំក្នុងទីរហោស្ថាន ពួកអ៊ីស្រាអែលនៅតែជាសាសន៍ដែលគ្មានកន្លែងនៅជាប់លាប់ឡើយ។ ប៉ុន្តែ នៅទីបំផុត ពួកអ៊ីស្រាអែលបានទៅដល់ព្រំដែននៃស្រុកសន្យាហើយ។ តើនឹងមានអ្វីកើតឡើងដល់ពួកគេក្នុងកាលដែលវាយយកស្រុកនោះ? តើពួកគេនឹងជួបប្រទះបញ្ហាអ្វីខ្លះ? តើពួកគេត្រូវដោះស្រាយបញ្ហាទាំងនោះយ៉ាងដូចម្ដេច?
មុននឹងពួកអ៊ីស្រាអែលបានឆ្លងកាត់ទន្លេយ័រដាន់ឲ្យចូលទៅក្នុងស្រុកសន្យា ម៉ូសេបានរៀបចំឲ្យពួកអ៊ីស្រាអែលប្រុងប្រៀបខ្លួនជាស្រេចចំពោះកិច្ចការដ៏ពិបាកនៅខាងមុខ។ តើតាមរបៀបណា? គាត់បានថ្លែងសុន្ទរកថាមួយចំនួនដែលលើកទឹកចិត្ត ដាស់តឿននិងព្រមានពួកគេ។ ម៉ូសេបានរំឭកពួកអ៊ីស្រាអែលថា ព្រះយេហូវ៉ាសមទទួលភក្ដីភាពដាច់មុខ ហើយពួកគេមិនត្រូវធ្វើតាមសាសន៍ផ្សេងៗដែលនៅជិតៗនោះទេ។ សុន្ទរកថាទាំងប៉ុន្មាននោះគឺជាផ្នែកដ៏សំខាន់នៃសៀវភៅចោទិយកថា។ ឱវាទដែលមានក្នុងសុន្ទរកថារបស់ម៉ូសេគឺជាអ្វីដែលយើងត្រូវការនៅសព្វថ្ងៃនេះដែរ ដ្បិតយើងរស់នៅក្នុងពិភពលោកដែលមានមនុស្សបង្កហេតុជាច្រើនធ្វើឲ្យយើងពិបាករក្សាភក្ដីភាពដាច់មុខថ្វាយព្រះយេហូវ៉ា។—ហេព្រើរ ៤:១២
លោកម៉ូសេបានសរសេរសៀវភៅចោទិយកថាទាំងមូលលើកលែងតែជំពូកចុងក្រោយ ហើយសៀវភៅចោទិយកថារៀបរាប់អំពីព្រឹត្ដិការណ៍ដែលកើតឡើងក្នុងរយៈពេលពីរខែជាងបន្ដិច។a (ចោទិយកថា ១:៣; យ៉ូស្វេ ៤:១៩) សូមឲ្យយើងពិនិត្យមើលនូវឱវាទដែលចែងក្នុងចោទិយកថា ដែលអាចជួយយើងឲ្យស្រឡាញ់ព្រះយេហូវ៉ាអស់អំពីចិត្តនិងបំរើទ្រង់ដោយស្មោះត្រង់។
‹កុំភ្លេចអស់ទាំងការដែលភ្នែកឯងបានឃើញ›
ក្នុងសុន្ទរកថាដំបូង ម៉ូសេរៀបរាប់នូវពត៌មានល្អិតល្អន់ទាក់ទងនឹងបទពិសោធន៍ខ្លះៗក្នុងទីរហោស្ថាន ជាពិសេសអំពីអ្វីដែលនឹងជួយពួកអ៊ីស្រាអែលកាលដែលរៀបចំខ្លួនទទួលយកស្រុកសន្យានោះ។ កំណត់ហេតុអំពីការរើសតាំងពួកចៅហ្វាយរំឭកពួកគេថា ព្រះយេហូវ៉ារៀបចំរាស្ត្រទ្រង់ដើម្បីឲ្យពួកគេទទួលការមើលថែរក្សាដោយក្ដីស្រឡាញ់។ ម៉ូសេក៏រៀបរាប់ពីសេចក្ដីរាយការណ៍មិនល្អនៃឈ្លបដប់នាក់ដែលបានធ្វើឲ្យមនុស្សតំណក្រោយពុំបានចូលទៅក្នុងស្រុកសន្យា។ សូមគិតទៅមើល គំរូដែលជាការព្រមាននេះ ពិតជាមានឥទ្ធិពលយ៉ាងណាទៅលើអ្នកស្ដាប់ ក្នុងកាលដែលពួកគេកំពុងតែឃើញស្រុកសន្យានោះផ្ទាល់នឹងភ្នែក។
ដោយនឹកចាំពីជ័យជំនះដែលព្រះយេហូវ៉ាប្រទានឲ្យកូនចៅអ៊ីស្រាអែលមុននឹងឆ្លងទន្លេយ័រដាន់ នេះច្បាស់ជាផ្ដល់ឲ្យពួកគេមានសេចក្ដីក្លាហាន កាលដែលពួកគេប្រុងវាយលុកស្រុកនៅត្រើយម្ខាងនៃទន្លេ។ ស្រុកដែលពួកគេនឹងដណ្ដើមយកនោះ មានពេញដោយការថ្វាយបង្គំរូបព្រះ។ ប្រាកដជាត្រឹមត្រូវមែនដែលម៉ូសេផ្ដល់នូវការព្រមានស្តីអំពីការថ្វាយបង្គំរូបព្រះ។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
២:៤-៦, ៩, ១៩, ២៤, ៣១-៣៥; ៣:១-៦—ហេតុអ្វីបានជាពួកអ៊ីស្រាអែលសម្លាប់មនុស្សខ្លះដែលរស់នៅខាងកើតទន្លេយ័រដាន់ ប៉ុន្តែមិនសម្លាប់មនុស្សឯទៀតដែលរស់នៅកន្លែងនោះ? ព្រះយេហូវ៉ាបានបង្គាប់សាសន៍អ៊ីស្រាអែលកុំឲ្យធ្វើសង្គ្រាមទាស់នឹងកូនចៅអេសាវ។ ហេតុអ្វី? ពីព្រោះពួកគេជាកូនចៅនៃបងប្រុសរបស់យ៉ាកុប។ ពួកអ៊ីស្រាអែលមិនត្រូវធ្វើបាបឬធ្វើសង្គ្រាមប្រឆាំងសាសន៍ម៉ូអាប់និងសាសន៍អាំម៉ូន ពីព្រោះពួកគេជាកូនចៅឡុតដែលជាក្មួយរបស់អ័ប្រាហាំ។ យ៉ាងណាក៏ដោយ ស្តេចស៊ីហុននិងស្តេចអុកនៃសាសន៍អាម៉ូរីមិនជាប់សាច់ញាតិសាសន៍អ៊ីស្រាអែលទេ ហើយគ្មានសិទ្ធិកាន់កាប់ទឹកដីនោះឡើយ។ ហេតុដូច្នេះហើយ នៅពេលដែលស្តេចស៊ីហុនមិនអនុញ្ញាតឲ្យពួកអ៊ីស្រាអែលឆ្លងកាត់ទឹកដីទ្រង់ ហើយស្តេចអុកមកធ្វើសង្គ្រាមនឹងពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាក៏បញ្ជាឲ្យពួកអ៊ីស្រាអែលបំផ្លាញទីក្រុងទាំងប៉ុន្មាននោះចោល និងប្រហារជីវិតប្រជាជនទាំងអស់។
៤:១៥-២០, ២៣, ២៤—តើការហាមមិនឲ្យឆ្លាក់រូប មានន័យថាការឆ្លាក់រូបក្នុងផ្នែកសិល្បៈក៏ជាការខុសដែរឬ? អត់ទេ! នេះជាការហាមឆ្លាក់រូបព្រះដែលប្រើក្នុងការថ្វាយបង្គំ គឺបំរាមទៅលើ‹ការថ្វាយបង្គំនិងការគោរពប្រតិបត្ដិដល់រូបចម្លាក់ទាំងនោះ›។ បទគម្ពីរមិនហាមការឆ្លាក់រូបឬគូរគំនូរក្នុងផ្នែកសិល្បៈនោះទេ។—ពង្សាវតារក្សត្រទី១ ៧:១៨, ២៥
មេរៀនសំរាប់យើង:
១:២, ១៩: កូនចៅអ៊ីស្រាអែលបានដើរវិលវល់ក្នុងទីរហោស្ថានអស់៣៨ឆ្នាំ ទោះជាធ្វើដំណើរ«ពីភ្នំហោរែប[ដែលជាតំបន់ភ្នំនៅជិតភ្នំស៊ីណាយជាទីកន្លែងទទួលក្រិត្យវិន័យដប់ប្រការ] តាមផ្លូវភ្នំសៀរ . . . ទាំងអស់មានចំនួនដើរផ្លូវអស់១១ថ្ងៃ»ប៉ុណ្ណោះ។ ពួកគេបានរងទុក្ខយ៉ាងខ្លាំងណាស់ ដោយសារការមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា!—ជនគណនា ១៤:២៦-៣៤
១:១៦, ១៧: ខ្នាតតម្រារបស់ព្រះក្នុងការវិនិច្ឆ័យគឺនៅតែដដែលនៅសព្វថ្ងៃនេះ។ អស់អ្នកដែលមានភារកិច្ចបំរើជាគណៈកម្មាធិការវិនិច្ឆ័យមិនត្រូវអនុញ្ញាតឲ្យការទោរទន់ទៅរកការលំអៀងឬការខ្លាចមនុស្សមានអានុភាពលើរបៀបដែលគេវិនិច្ឆ័យឡើយ។
៤:៩: ការមិន‹ភ្លេចអស់ទាំងការដែលភ្នែកគេបានឃើញ› គឺសំខាន់ចាំបាច់ចំពោះជ័យជំនះរបស់សាសន៍អ៊ីស្រាអែល។ កាលដែលពិភពលោកថ្មីដែលបានសន្យាជិតឈានចូលមកដល់ គឺសំខាន់ចាំបាច់ឲ្យយើងប្រមូលអារម្មណ៍លើការប្រព្រឹត្តដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា ដោយធ្វើជាសិស្សដែលព្យាយាមសិក្សាព្រះបន្ទូលរបស់ទ្រង់។
ចូរស្រឡាញ់ព្រះយេហូវ៉ា និងស្ដាប់តាមបញ្ញត្ដិរបស់ទ្រង់
ក្នុងសុន្ទរកថាទីពីរ ម៉ូសេរៀបរាប់អំពីការប្រទានក្រិត្យវិន័យនៅភ្នំស៊ីណាយ និងរៀបរាប់ម្ដងទៀតអំពីក្រិត្យវិន័យដប់ប្រការ។ លោកបានរៀបរាប់យ៉ាងច្បាស់ថា មានសាសន៍ប្រាំពីរនឹងត្រូវកំទេចចោលទាំងស្រុង។ កូនចៅអ៊ីស្រាអែលបានត្រូវរំឭកពីមេរៀនដ៏សំខាន់ដែលពួកគេបានរៀនកាលដែលនៅក្នុងទីរហោស្ថាន ពោលគឺ៖ «មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ»។ ពួកគេត្រូវតែ‹កាន់តាមបញ្ញត្តគ្រប់ជំពូក›ក្នុងស្ថានភាពរស់នៅថ្មីរបស់ពួកគេ។—ចោទិយកថា ៨:៣; ១១:៨
កាលដែលពួកអ៊ីស្រាអែលចូលទៅរស់នៅក្នុងស្រុកសន្យា នោះពួកគេត្រូវការក្រិត្យវិន័យស្តីអំពីការថ្វាយបង្គំ ហើយក៏ត្រូវការក្រិត្យវិន័យស្តីអំពីការវិនិច្ឆ័យ រដ្ឋបាល សង្គ្រាម និងការរស់នៅប្រចាំថ្ងៃក្នុងសហគមន៍ហើយចំពោះរឿងរបស់ពួកគេផ្ទាល់ផងដែរ។ ម៉ូសេបានសើរើឡើងវិញនូវក្រិត្យវិន័យទាំងនេះ ហើយបញ្ជាក់ចំពោះការស្រឡាញ់ព្រះយេហូវ៉ានិងការកាន់តាមបញ្ញត្ដិរបស់ទ្រង់។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
៨:៣, ៤—តើតាមរបៀបណាដែលសំលៀកបំពាក់របស់ពួកអ៊ីស្រាអែលមិនបានសឹក ហើយជើងរបស់ពួកគេមិនបានពុរពងនៅកំឡុងពេលធ្វើដំណើរក្នុងទីរហោស្ថាន? នេះជាសំវិធានការដែលព្រះយេហូវ៉ាបានធ្វើដោយអព្ភូតហេតុ ក៏ដូចជាការផ្ដល់នូវនំម៉ាន៉ាជាទៀងទាត់នោះដែរ។ ក្នុងកំឡុងការដើរវិលវល់ក្នុងទីរហោស្ថាន ពួកអ៊ីស្រាអែលបានប្រើសំលៀកបំពាក់និងស្បែកជើងដែលខ្លួនមានពីមុន ហើយប្រហែលជាទុកសំលៀកបំពាក់និងស្បែកជើងនោះឲ្យកូនៗកាលដែលខ្លួនស្លាប់ទៅ។ ពេលធ្វើជំរឿននៅលើកដំបូងនិងនៅចុងបញ្ចប់នៃការធ្វើដំណើរក្នុងទីរហោស្ថាន ទាំងពីរដងបង្ហាញថាចំនួនប្រជាជនមិនបានកើនទេ ដូច្នេះសំលៀកបំពាក់និងស្បែកជើងដែលមាននៅដើមដំបូងគឺគ្រប់គ្រាន់សំរាប់មនុស្សទាំងអស់គ្នា។—ជនគណនា ២:៣២; ២៦:៥១
១៤:២១—រីឯសត្វដែលស្លាប់ដោយមិនបានសម្រក់ឈាមចេញនោះ ហេតុអ្វីក៏ពួកអ៊ីស្រាអែលអាចឲ្យឬលក់ដល់អ្នកដទៃទោះជាខ្លួនគេពុំអាចបរិភោគក៏ដោយ? នៅក្នុងព្រះគម្ពីរ ពាក្យថា«អ្នកដទៃ»អាចសំដៅទៅមនុស្សពីសាសន៍ដទៃដែលបានចូលសាសនាយូដា ឬសំដៅទៅអ្នកដែលទៅរស់នៅក្នុងប្រទេសអ៊ីស្រាអែលទាំងបានកាន់តាមបញ្ញត្ដិសំខាន់ៗ ប៉ុន្តែមិនបានក្លាយជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាឡើយ។ សាសន៍ដទៃឬអ្នកដទៃដែលមិនបានចូលសាសនាយូដា ពួកគេមិននៅក្រោមក្រិត្យវិន័យទេ ដូច្នេះអាចប្រើសត្វដែលស្លាប់ដោយមិនបានសម្រក់ឈាមតាមរបៀបផ្សេងៗ។ ពួកអ៊ីស្រាអែលមានសិទ្ធិឲ្យឬលក់សត្វទាំងនេះដល់ពួកគេ។ ផ្ទុយទៅវិញ ពួកអ្នកដែលចូលសាសនាយូដាត្រូវកាន់តាមកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ។ ដូចបានបញ្ជាក់នៅលេវីវិន័យ ១៧:១០ មនុស្សទាំងនេះបានត្រូវហាមបរិភោគឈាមរបស់សត្វដែរ។
២៤:៦—ហេតុអ្វីក៏ការទទួល«បញ្ចាំថ្មត្បាល់កិន ទោះគ្របឬតួក្ដី»ប្រៀបដូចជាទទួល«បញ្ចាំទាំងជីវិតគេ»នោះ? ថ្មត្បាល់កិន មិនថាគ្របឬតួក្ដីតំណាងនូវ«ជីវិត»ឬមធ្យោបាយដើម្បីចិញ្ចឹមជីវិតរបស់មនុស្ស។ ការយករបស់មួយណាក៏ដោយ ជាការបង្អត់ម្ហូបអាហារប្រចាំថ្ងៃនៃក្រុមគ្រួសារទាំងមូល។
២៥:៩—តើការដោះស្បែកជើងនិងស្ដោះទឹកមាត់ដាក់មុខបុរសដែលបដិសេធមិនព្រមរៀបអាពាហ៍ពិពាហ៍បងឬប្អូនថ្លៃ មានសារៈសំខាន់យ៉ាងណា? សមស្របតាមទំនៀមទំលាប់នៅ«ស្រុកអ៊ីស្រាអែល កាលពីដើមចំណែកខាងឯការលោះ . . . នោះត្រូវឲ្យម្នាក់ដោះស្បែកជើងឲ្យដល់ម្នាក់ទៀត»។ (នាងរស់ ៤:៧) បុរសដែលបដិសេធមិនព្រមរៀបការជាមួយបងឬប្អូនថ្លៃ នោះត្រូវដោះស្បែកជើងឲ្យគេ ដែលនេះបញ្ជាក់ថាគាត់លះបង់សិទ្ធិក្នុងការបន្តពូជជំនួសបងឬប្អូនប្រុសដែលស្លាប់។ នេះជាទង្វើដែលធ្វើឲ្យអបយស។ (ចោទិយកថា ២៥:១០) ការស្ដោះទឹកមាត់ដាក់មុខជាការប្រព្រឹត្តដែលធ្វើឲ្យគាត់ខ្មាសគេឬអាម៉ាស់មុខ។—ជនគណនា ១២:១៤
មេរៀនសំរាប់យើង:
៦:៦-៩: ដូចជាពួកអ៊ីស្រាអែលត្រូវតែស្គាល់ក្រិត្យវិន័យ នោះយើងក៏ត្រូវស្គាល់សេចក្ដីបង្គាប់របស់ព្រះ ហើយត្រូវចងចាំក្រិត្យវិន័យនោះជានិច្ច និងបង្ហាត់បង្រៀនកូនៗឲ្យស្គាល់ក្រិត្យវិន័យដែរ។ យើងត្រូវតែ‹ចងសេចក្ដីទាំងនេះជាប់នៅដៃយើង›។ ដៃតំណាងនូវការប្រព្រឹត្តរបស់យើងដែលត្រូវតែបង្ហាញថា យើងជាអ្នកស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ហើយដូចជា‹ស្លាកនៅកណ្ដាលថ្ងាសយើង› នោះយើងត្រូវសម្ដែងឲ្យឃើញនូវការស្ដាប់បង្គាប់។
៦:១៦: សូមកុំឲ្យយើងល្បងព្រះយេហូវ៉ាដូចពួកអ៊ីស្រាអែលដែលគ្មានជំនឿបានធ្វើនៅម៉ាសា ដែលពួកគេបានត្អូញត្អែរដោយសារគ្មានទឹក។—និក្ខមនំ ១៧:១-៧
៨:១១-១៨: វត្ថុនិយមអាចធ្វើឲ្យយើងភ្លេចព្រះយេហូវ៉ា។
៩:៤-៦: យើងមិនត្រូវមានគំនិតដែលថាខ្លួនជាមនុស្សសុចរិត។
១៣:៦: យើងមិនត្រូវអនុញ្ញាតឲ្យអ្នកណាម្នាក់ទាញយើងចេញពីការថ្វាយបង្គំព្រះយេហូវ៉ាឡើយ។
១៤:១: ការអារសាច់បង្ហាញនូវការមិនគោរពចំពោះរូបកាយមនុស្ស នេះអាចទាក់ទងនឹងសាសនាក្លែងក្លាយ និងយើងត្រូវតែជៀសវាងជាដាច់ខាត។ (ពង្សាវតារក្សត្រទី១ ១៨:២៥-២៨) សេចក្ដីសង្ឃឹមរបស់យើងលើដំណើររស់ឡើងវិញ ធ្វើឲ្យការកាន់ទុក្ខចំពោះមនុស្សស្លាប់ដោយប្រព្រឹត្តបែបនេះជាការឥតត្រឹមត្រូវ។
២០:៥-៧; ២៤:៥: គប្បីយកចិត្តទុកដាក់នឹងអស់អ្នកដែលមានកាលៈទេសៈលើកលែង សូម្បីតែពេលធ្វើកិច្ចការដែលសំខាន់យ៉ាងណាក៏ដោយ។
២២:២៣-២៧: ពេលស្ត្រីជួបប្រទះកាលៈទេសៈដែលមានគេចង់ចាប់រំលោភនោះ ការស្រែកឲ្យជួយជារបៀបការពារខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត។
«ចូររើសយកជីវិតចុះ!»
ក្នុងសុន្ទរកថាទីបី ម៉ូសេបានរៀបរាប់ថាក្រោយពីឆ្លងទន្លេយ័រដាន់ នោះពួកអ៊ីស្រាអែលត្រូវតែសរសេរក្រិត្យវិន័យលើថ្មធំ ហើយត្រូវប្រកាសប្រាប់អំពីទោសសំរាប់ពួកអ្នកដែលមិនស្ដាប់បង្គាប់ និងពរសំរាប់ពួកអ្នកដែលស្ដាប់បង្គាប់វិញ។ សុន្ទរកថាទីបួនចាប់ផ្ដើមដោយការធ្វើកិច្ចព្រមព្រៀងសាជាថ្មីរវាងព្រះយេហូវ៉ានិងពួកអ៊ីស្រាអែល។ ម្ដងនេះទៀត ម៉ូសេព្រមានអំពីការមិនស្ដាប់បង្គាប់ និងដាស់តឿនប្រជាជនឲ្យ«រើសយកជីវិតចុះ!»។—ចោទិយកថា ៣០:១៩
ក្រៅពីការថ្លែងសុន្ទរកថាទាំងបួននោះ ម៉ូសេបានពិគ្រោះអំពីការផ្លាស់ប្ដូរមេដឹកនាំ ហើយបានបង្រៀនពួកអ៊ីស្រាអែលឲ្យច្រៀងនូវចំរៀងដ៏ពីរោះដែលលើកសរសើរព្រះយេហូវ៉ា និងព្រមានអំពីសេចក្ដីវេទនាដែលមកពីភាពមិនស្មោះត្រង់។ ក្រោយពីបានឲ្យពរដល់កុលសម្ព័ន្ធនានា ម៉ូសេទទួលមរណភាពក្នុងពេលដែលមានអាយុ១២០ឆ្នាំ ហើយគេក៏បានបញ្ចុះសពគាត់។ ប្រជាជនបានកាន់ទុក្ខអស់៣០ថ្ងៃ ដែលជារយៈពេលជិតពាក់កណ្ដាលចំនួនថ្ងៃដែលរៀបរាប់ក្នុងសៀវភៅចោទិយកថា។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
៣២:១៣, ១៤—ដោយព្រោះពួកអ៊ីស្រាអែលស្ថិតក្រោមបំរាមដែលហាមបរិភោគខ្លាញ់ តើការបរិភោគ«ខ្លាញ់កូនចៀម»មានអត្ថន័យយ៉ាងណា? ពាក្យនៅខនេះត្រូវប្រើជាតំណាងនូវសត្វដ៏ល្អបំផុតក្នុងហ្វូងសត្វ។ ក្នុងខនោះក៏មានពាក្យ«ឈាមទំពាំងបាយជូរ»ដែរ ដែលបង្ហាញទៀតថា នេះជាពាក្យតំណាងប៉ុណ្ណោះ។
៣៣:១-២៩—ហេតុអ្វីក៏ម៉ូសេមិនបានប្រាប់ចំៗអំពីស៊ីម្មាន ពេលដែលគាត់ប្រទានពរលើកូនចៅអ៊ីស្រាអែល? នេះគឺពីព្រោះស៊ីម្មាននិងលេវីបានប្រព្រឹត្តយ៉ាង«សាហាវក្រៃលែង» និងកំហឹងរបស់គេគឺ«ខ្លាំងលើសលុប»។ (លោកុប្បត្តិ ៣៤:១៣-៣១; ៤៩:៥-៧) ពួកគេពុំបានទទួលមរតកស្មើនឹងកុលសម្ព័ន្ធឯទៀតទេ។ លេវីបានទទួល៤៨ក្រុង ហើយស៊ីម្មានទទួលចំណែកគឺតំបន់ក្នុងស្រុកយូដា។ (យ៉ូស្វេ ១៩:៩; ២១:៤១, ៤២) ហេតុដូច្នេះហើយបានជាម៉ូសេមិនជូនពរចំៗចំពោះស៊ីម្មានទេ។ យ៉ាងណាក៏ដោយ ស៊ីម្មានបានទទួលពរដោយរួមចំណែកក្នុងពរដែលជូនចំពោះសាសន៍អ៊ីស្រាអែល។
មេរៀនសំរាប់យើង:
៣១:១២: ក្មេងៗគួរអង្គុយជាមួយនឹងមនុស្សចាស់នៅឯកិច្ចប្រជុំក្នុងក្រុមជំនុំ ហើយខំស្ដាប់និងរៀន។
៣២:៤: ការប្រព្រឹត្តទាំងអស់របស់ព្រះយេហូវ៉ាគឺគ្រប់ល័ក្ខណ៍ ដោយព្រោះទ្រង់បង្ហាញយ៉ាងត្រឹមត្រូវនូវគុណសម្បត្ដិដែលលេចធ្លោរបស់ទ្រង់ ពោលគឺ ភាពយុត្ដិធម៌ ប្រាជ្ញា សេចក្ដីស្រឡាញ់និងតេជានុភាព។
សៀវភៅចោទិយកថាមានតម្លៃច្រើនក្រៃលែងចំពោះយើង
សៀវភៅចោទិយកថាបង្ហាញថាទ្រង់ជា«ព្រះយេហូវ៉ាតែ១អង្គ»។ (ចោទិយកថា ៦:៤) ចោទិយកថាជាសៀវភៅដែលប្រាប់អំពីមនុស្សដែលមានចំណងមេត្រីភាពដ៏ល្អឯកជាមួយនឹងព្រះ។ សៀវភៅចោទិយកថាក៏ព្រមានអំពីការថ្វាយបង្គំរូបព្រះ និងបញ្ជាក់ពីសារៈសំខាន់នៃការផ្ដល់នូវភក្ដីភាពដាច់មុខថ្វាយព្រះពិត។
ពិតប្រាកដណាស់ សៀវភៅចោទិយកថាគឺមានតម្លៃច្រើនដល់យើងម្នាក់ៗ! ទោះជាយើងមិននៅក្រោមក្រិត្យវិន័យក៏ដោយ ក៏យើងអាចរៀនបានយ៉ាងច្រើនដែលនេះនឹងជួយយើងឲ្យ‹ស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំង›។—ចោទិយកថា ៦:៥
[កំណត់សម្គាល់]
a ជំពូកចុងក្រោយមានកំណត់ហេតុអំពីមរណភាពរបស់ម៉ូសេ ដែលប្រហែលជាយ៉ូស្វេឬសម្ដេចសង្ឃអេលាសារបានសរសេរបញ្ចប់នោះ។
[ផែនទីនៅទំព័រ២៩]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
ភ្នំសៀរ
តំបន់កាដេសបារនា
ភ្នំស៊ីណាយ (ហូរែប)
សមុទ្រក្រហម
[អ្នកផ្ដល់សិទ្ធិ]
Based on maps copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel
[រូបភាពនៅទំព័រ២៩]
សៀវភៅចោទិយកថា ភាគច្រើនជាសុន្ទរកថា របស់ម៉ូសេ
[រូបភាពនៅទំព័រ៣១]
ព្រះយេហូវ៉ា បានប្រទាននំម៉ាន៉ា តើនេះបង្រៀនយើងអំពីអ្វី?
[រូបភាពនៅទំព័រ៣១]
ការយកត្បាល់កិនជាបញ្ចាំ មិនថាគ្របឬតួក្ដី ប្រៀបដូចជាការចាប់«ជីវិតគេ»