បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៥ ទំ. ៤-៧
  • តើជីវិតរបស់អ្នកមានតម្លៃវិសេសឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើជីវិតរបស់អ្នកមានតម្លៃវិសេសឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«គ្មាន​ណា​មួយ​ខាន​ឡើយ»
  • ​«សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ»
  • ​«ផលិតផល​ដែល​មក​ពី​ការ​ប្រព្រឹត្ត​ដោយ​បញ្ញា»
  • ​«ទ្រង់​នឹង​ជួយ​ពួក​ក្រីក្រ​ឲ្យ​រួច​ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ»
  • ព្រះយេហូវ៉ាបានរាប់អស់ទាំង«សក់ក្បាលរបស់អ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ២ ក្រេបយកចំណេះត្រឹមត្រូវអំពីព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • គ្មានអ្វីអាច«ពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • មូលហេតុដែលអាចធ្វើឲ្យអ្នកចង់បន្តរស់នៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៥ ទំ. ៤-៧

តើ​ជីវិត​របស់​អ្នក​មាន​តម្លៃ​វិសេស​ឬ​ទេ?

ពេល​ដែល​កំពុង​តែ​បូជា​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​ក្នុង​សង្គ្រាម​លោក​លើក​ទី១​នា​ទ្វីប​អឺរ៉ុប​នោះ ក៏​មាន​ការ​ព្យាយាម​សង្គ្រោះ​ជីវិត​វិញ នៅ​ជិត​ទ្វីប​អង់តាកទិច។ លោក​អឺនិស សាកិលតន់ (Ernest Shackleton) ជនជាតិ​អៀឡង់​ម្នាក់​ដែល​ស្រាវជ្រាវ​រុករក​សំរាប់​ប្រទេស​អង់គ្លេស បាន​រង​គ្រោះថ្នាក់​ជា​មួយ​នឹង​គូកន​របស់​គាត់ ពេល​នាវា​របស់​ពួក​គេ​ដែល​មាន​ឈ្មោះ​បកប្រែ​ថា ការ​ស៊ូទ្រាំ (Endurance) បាន​ត្រូវ​ទឹក​សមុទ្រ​កក​គាប​ឲ្យ​ខ្ទេច​ទាំង​លិច​បាត់​ផង។ លោក​សាកិលតន់​បាន​នាំ​បុគ្គលិក​របស់​គាត់​ឲ្យ​រួច​ពី​គ្រោះថ្នាក់​នោះ​ទៅ​ជ្រកកោន​នៅ​លើ​កោះ​ដំរី​នៅ​ឯ​មហា​សមុទ្រ​អាត្លង់ទិច​ខាង​ត្បូង។ ប៉ុន្តែ ពួក​គេ​មិន​ទាន់​រួច​ពី​គ្រោះថ្នាក់​ទាំង​ស្រុង​នៅ​ឡើយ។

លោក​សាកិលតន់​បាន​ទទួល​ស្គាល់​ថា ការ​សង្ឃឹម​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​រួច​ផុត​ពី​កោះ​ដ៏​សោះ​កក្រោះ​នោះ គឺ​ផ្អែក​លើ​ការ​ចាត់​នាវិក​ប៉ុន្មាន​នាក់​ឲ្យ​ទៅ​រក​ជំនួយ​ពី​កន្លែង​នេសាទ​ត្រី​បាឡែន​នៅ​កោះ​ហ្សកហ្សី​ខាង​ត្បូង (South Georgia)។ កោះ​ហ្សកហ្សី​នោះ​មាន​ចម្ងាយ​១.១០០​គីឡូម៉ែត្រ​ពី​កោះ​ដំរី ហើយ​លោក​សាកិលតន់​មាន​តែ​ទូក​ប្រវែង​៦,៧​ម៉ែត្រ​ប៉ុណ្ណោះ ដែល​គេ​បាន​ជិះ​រួច​ខ្លួន​ពេល​នាវា​ការ​ស៊ូទ្រាំ បាន​លិច​បាត់​នោះ។ ដូច្នេះ សឹង​តែ​គ្មាន​លទ្ធភាព​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​នោះ​ដោយ​សុវត្ថិភាព​បាន​ឡើយ។

យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​១៩១៦ ក្រោយ​ពី​បាន​ជិះ​ទូក​យ៉ាង​គួរ​ឲ្យ​រន្ធត់​អស់​១៧​ថ្ងៃ លោក​សាកិលតន់​និង​នាវិក​ប៉ុន្មាន​នាក់​ដែល​បាន​ជិះ​ជា​មួយ​គាត់​បាន​មក​ដល់​កោះ​ហ្សកហ្សី​ខាង​ត្បូង។ ប៉ុន្តែ រលក​សមុទ្រ​ធំៗ​បាន​ជំរុញ​ឲ្យ​គេ​ឡើង​ពី​ទូក​នៅ​ត្រើយ​នាយ​កោះ​នោះ។ នេះ​បាន​ន័យ​ថា ពួក​គេ​ត្រូវ​ដើរ​អស់​៣០​គីឡូម៉ែត្រ​ឡើង​ចុះ​ភ្នំ​ដែល​សុទ្ធតែ​មាន​ទឹកកក​ពេញ ទើប​អាច​ទៅ​ដល់​ទិសដៅ ហើយ​គេ​ក៏​អត់​មាន​ផែនទី​ទេ។ ទោះ​ជា​មើល​ទៅ​ដូច​ជា​គ្មាន​លទ្ធភាព​ក្ដី ដោយ​ព្រោះ​សីតុណ្ហភាព​បាន​ចុះ​ក្រោម​សូន និង​ពួក​គេ​អត់​មាន​ប្រដាប់ប្រដា​សំរាប់​ការ​ឡើង​ចុះ​ភ្នំ​ខ្ពស់​ទេ នោះ​លោក​សាកិលតន់​និង​គូកន​របស់​គាត់​បាន​ទៅ​ដល់​ទិសដៅ ហើយ​ក្រោយ​មក​បាន​ត្រឡប់​ទៅ​សង្គ្រោះ​បុគ្គលិក​នាវា​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​កោះ​ដំរី​នៅ​ឡើយ។ ហេតុ​អ្វី​បាន​ជា​លោក​សាកិលតន់​ព្យាយាម​ខ្នះខ្នែង​ដូច្នេះ? អ្នក​និពន្ធ​ជីវប្រវត្ដិ​ម្នាក់​ឈ្មោះ​រ៉ូឡាន់ ហាន់ហ្វដ​បាន​សរសេរ​ថា​៖ «គោល​ដៅ​ចំ​បង​របស់[លោក​សាកិលតន់] គឺ​ដើម្បី​សង្គ្រោះ​បុគ្គលិក​ទាំង​ឡាយ​របស់​គាត់»។

​«គ្មាន​ណា​មួយ​ខាន​ឡើយ»

នៅ​ពេល​ដែល​បុគ្គលិក​របស់​លោក​សាកិលតន់​បាន​ផ្ដុំ​គ្នា​រង់ចាំ​នៅ​លើ​«កោះ​ដែល​មាន​ប្រវែង​៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ហើយ​សុទ្ធតែ​ជា​ថ្ម​និង​ទឹកកក​ដាច់​ស្រយាល​ពី​មនុស្ស​លោក​ឯ​ទៀត»​នោះ តើ​អ្វី​បាន​ជួយ​ពួក​គេ​កុំ​ឲ្យ​អស់​សង្ឃឹម? ពួក​គេ​មាន​ទំនុក​ចិត្ត​ថា មេ​របស់​ពួក​គេ គឺ​លោក​សាកិលតន់ នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​ឲ្យ​មក​សង្គ្រោះ​ពួក​គេ។

មនុស្ស​ជាតិ​សព្វ​ថ្ងៃ​នេះ​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ស្រដៀង​នឹង​បុរស​ទាំង​ប៉ុន្មាន​នោះ​ដែល​រង់ចាំ​នៅ​លើ​កោះ​ដំរី។ មនុស្ស​ជា​ច្រើន​ចេះ​តែ​ខំ​ពុះពារ​រស់​នៅ​ទោះ​ជា​មាន​លំបាក។ ប៉ុន្តែ ពួក​គេ​អាច​ទុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​នឹង​«ជួយ​អ្នក​ដែល​មាន​សេចក្ដី​ទុក្ខ»​ឲ្យ​រួច​ពី​ការ​សង្កត់​សង្កិន​និង​លំបាក​ផ្សេងៗ។ (យ៉ូប ៣៦:១៥) ចូរ​ឲ្យ​ដឹង​ថា ព្រះ​ចាត់​ទុក​ជីវិត​របស់​មនុស្ស​ទាំង​ឡាយ​ជា​អ្វី​ដែល​មាន​តម្លៃ​វិសេស។ ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត ទ្រង់​មាន​បន្ទូល​ថា​៖ «ចូរ​អំពាវនាវ​ដល់​អញ​នៅ​ថ្ងៃ​មាន​សេចក្ដី​ទុក្ខ​លំបាក នោះ​អញ​នឹង​ជួយ​ឲ្យ​រួច»។—ទំនុកដំកើង ៥០:១៥

តើ​ពិបាក​ជឿ​ថា ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​សព្វសារពើ ទ្រង់​ចាត់​ទុក​អ្នក​ជា​មនុស្ស​ដែល​មាន​តម្លៃ​វិសេស​ឬ​ទេ? នេះ​ប្រហែល​ជា​ពិបាក​ជឿ​ពីព្រោះ​អ្នក​ជា​មនុស្ស​ម្នាក់​គត់​ក្នុង​ចំណោម​មនុស្ស​រាប់​លាន​នាក់​នៅ​លើ​ផែនដី មែន​ទេ? បើ​ដូច្នេះ សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​ព្យាការី​អេសាយ​បាន​សរសេរ​អំពី​ផ្កាយ​រាប់​សិប​កោដិ​តួ​ក្នុង​កាឡាក់ស៊ី​រាប់​លាន​ក្រុម​ក្នុង​សកលលោក​ដ៏​ធំធេង​របស់​យើង​នេះ។ យើង​អាន​ថា​៖ «ចូរ​ងើយ​ភ្នែក​ឯង​មើល​ទៅ​លើ ហើយ​ពិចារណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ ដែល​នាំ​ពួក​ពលបរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ។ ទ្រង់​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ ដោយ​ព្រះ​ចេស្ដា​ដ៏​ធំ​របស់​ទ្រង់ ហើយ​គ្មាន​ណា​មួយ​ខាន​ឡើយ ដោយ​ព្រោះ​តេជានុភាព​ដ៏​ខ្លាំង​ក្លា​ដែរ»។—អេសាយ ៤០:២៦, កំណែ​ជា​អក្សរ​ទ្រេត

តើ​អ្នក​យល់​អត្ថន័យ​ឃ្លា​នោះ​ឬ​ទេ? កាឡាក់ស៊ី​មីលគីវ៉េ​ដែល​ប្រព័ន្ធ​សុរិយា​របស់​យើង​ស្ថិត​នៅ​នេះ មាន​ផ្កាយ​យ៉ាង​តិច​មួយ​សែន​លាន​តួ។ ហើយ​តើ​មាន​កាឡាក់ស៊ី​ផ្សេងៗ​ទៀត​ប៉ុន្មាន? គ្មាន​អ្នក​ណា​អាច​កំណត់​ឲ្យ​បាន​ច្បាស់​ទេ តែ​អ្នក​ខ្លះ​ប៉ាន់​ស្មាន​ថា​ប្រហែល​ជា​មាន​មួយ​សែន​ពីរ​ម៉ឺន​ប្រាំ​ពាន់​លាន​កាឡាក់ស៊ី។ បើ​ដូច្នេះ គឺ​ពិត​ជា​មាន​ចំនួន​ផ្កាយ​យ៉ាង​អស្ចារ្យ​ក្រៃលែង! ប៉ុន្តែ ព្រះ​គម្ពីរ​ប្រាប់​យើង​ថា ព្រះ​ដែល​ជា​អ្នក​បង្កើត​សកលលោក​ទ្រង់​ស្គាល់​ឈ្មោះ​របស់​ផ្កាយ​និមួយៗ។

​«សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ»

ប៉ុន្តែ​ប្រហែល​ជា​មាន​នរណា​ម្នាក់​ប្រកែក​ថា​៖ ‹បើ​ព្រះ​គ្រាន់​តែ​ស្គាល់​ឈ្មោះ​នៃ​ផ្កាយ​រាប់​សិប​លាន​តួ ឬ​ស្គាល់​មនុស្ស​រាប់​លាន​នាក់​នោះ នេះ​មិន​បាន​ន័យ​ថា​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ​ម្នាក់ៗ​ឡើយ› ដ្បិត​យើង​អាច​បញ្ចូល​ឈ្មោះ​របស់​មនុស្ស​រាប់​សិប​លាន​នាក់​ទៅ​ក្នុង​កុំព្យូទ័រ​ល្អ​មួយ ប៉ុន្តែ​គ្មាន​អ្នក​ណា​នឹង​គិត​ថា​កុំព្យូទ័រ​នោះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ទាំង​នោះ​ទេ។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ស្គាល់​ឈ្មោះ​នៃ​មនុស្ស​រាប់​លាន​នាក់​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ​ម្នាក់ៗ​ដែរ។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ «ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា»។—ពេត្រុសទី១ ៥:៧

ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី? តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ។ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ។ យ៉ាង​នោះ មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន»។ (ម៉ាថាយ ១០:២៩​-​៣១) សូម​កត់​សម្គាល់​ថា ព្រះ​យេស៊ូ​មិន​បាន​មាន​បន្ទូល​ថា​ព្រះ​នឹង​គ្រាន់​តែ​ជ្រាប​អំពី​អ្វី​ដែល​កើត​ឡើង​ដល់​ចាប​និង​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​មាន​បន្ទូល​ថា​៖ «អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន»។ ហេតុ​អ្វី​បាន​ជា​អ្នក​មាន​តម្លៃ​លើស​ជាង​ចាប? គឺ​ពីព្រោះ​អ្នក​បាន​ត្រូវ​បង្កើត​មក​«ឲ្យ​មាន​ភាព​ដូច[ព្រះ]» ពោល​គឺ មាន​លទ្ធភាព​បណ្ដុះ​ឲ្យ​មាន​និង​បង្ហាញ​នូវ​គុណសម្បត្ដិ​ខាង​សីលធម៌ ខាង​សតិ​បញ្ញា និង​ខាង​វិញ្ញាណ ដែល​មាន​ភាព​ដូច​គុណសម្បត្ដិ​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ។—លោកុប្បត្តិ ១:២៦, ២៧

​«ផលិតផល​ដែល​មក​ពី​ការ​ប្រព្រឹត្ត​ដោយ​បញ្ញា»

កុំ​ច្រឡំ​ដោយ​ស្ដាប់​តាម​អំណះអំណាង​របស់​មនុស្ស​ដែល​បដិសេធ​ជំនឿ​ថា​មាន​ព្រះ។ យោង​ទៅ​តាម​ទស្សនៈ​របស់​អ្នក​ទាំង​នោះ ធម្មជាតិ​ដែល​គ្មាន​សតិ​បញ្ញា​ឬ​បុគ្គលិកលក្ខណៈ​បាន​បង្កើត​រូប​អ្នក​មក។ អ្នក​ទាំង​នោះ​អះអាង​ថា ខុស​ផ្ទុយ​ពី​ការ​«មាន​ភាព​ដូច[ព្រះ]»​នោះ អ្នក​គឺ​មិន​ខុស​ពី​សត្វលោក​ផ្សេងៗ​នៅ​លើ​ផែនដី​នេះ រួម​ទាំង​ចាប​ផង។

តើ​សម​ហេតុ​សម​ផល​មែន​ឬ ឲ្យ​ជឿ​ថា​អ្នក​បាន​ទទួល​ជីវិត​ដោយ​ចៃដន្យ​ឬ​ដោយ​ថាមពល​មួយ​ដែល​គ្មាន​បុគ្គលិកលក្ខណៈ​ឬ​ទេ? យោង​ទៅ​តាម​ជីវវិទូ​ផ្នែក​អណូ​ម្នាក់ ឈ្មោះ​មីកែល ប៊ីហ៊ី នោះ​«ដំណើរ​ចលនា​គីមី​ដ៏​មហា​ស្មុគស្មាញ»​ដែល​មាន​ក្នុង​ជីវិត ត្រូវ​ស​ឲ្យ​ឃើញ​ថា ការ​គិត​ថា​ជីវិត​កើត​មក​ដោយ​ចៃដន្យ​នោះ​គឺ​មិន​សម​ហេតុ​សម​ផល​សោះ។ លោក​មីកែល​មាន​ប្រសាសន៍​ថា ទី​សំអាង​ពី​គីមី​ជីវវិជ្ជា​នាំ​ឲ្យ​យល់​ស្រប​ទាំង​ស្រុង​ថា «ជីវិត​នៅ​លើ​ផែនដី សូម្បី​តែ​ស្រទាប់​បឋមៗ​ក៏​ដោយ . . . ជា​ផលិតផល​ដែល​មក​ពី​ការ​ប្រព្រឹត្ត​ដោយ​បញ្ញា»។—Darwin’s Black Box—The Biochemical Challenge to Evolution

ព្រះ​គម្ពីរ​ក៏​រៀប​រាប់​ថា ជីវិត​នៅ​លើ​ផែនដី​ជា​ផលិតផល​ដែល​មក​ពី​ការ​ប្រព្រឹត្ត​ដោយ​បញ្ញា។ ហើយ​ព្រះ​គម្ពីរ​ក៏​ប្រាប់​ថា​ប្រភព​នៃ​ការ​ប្រព្រឹត្ត​ដោយ​បញ្ញា​នោះ គឺ​ជា​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​សកល​លោក។—ទំនុក​តម្កើង ៣៦:១០ ខ.ស. [ទំនុកដំកើង ៣៦:​៩]; វិវរណៈ ៤:១១

ទោះ​ជា​យើង​ត្រូវ​ស៊ូទ្រាំ​ក្នុង​លោកីយ៍​នេះ​ដែល​ពេញ​ទៅ​ដោយ​ការ​ឈឺចាប់​និង​ការ​រង​ទុក្ខ​ក្ដី កុំ​ឲ្យ​ស្ថានការណ៍​ទាំង​នេះ​ធ្វើ​ជា​ហេតុ​នាំ​ឲ្យ​ជឿ​ថា គ្មាន​ព្រះ​ណា​ជា​អ្នក​គ្រោង​ការណ៍​ដែល​បាន​បង្កើត​ផែនដី​និង​ជីវិត​ទាំង​ឡាយ​នៅ​ទី​នេះ​ឲ្យ​សោះ។ សូម​ចង​ចាំ​នូវ​ចំណុច​ពិត​ពីរ​ដ៏​សំខាន់។ ចំណុច​មួយ​គឺ ភាព​មិន​គ្រប់​ល័ក្ខណ៍​ដែល​នៅ​ជុំវិញ​យើង​នេះ​មិន​បាន​រៀបចំ​ដោយ​ព្រះ​ទេ។ ចំណុច​មួយ​ទៀត​គឺ ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ភាព​មិន​គ្រប់​ល័ក្ខណ៍​នេះ​មួយ​រយៈ។ ដូច​បាន​ពិគ្រោះ​ក្នុង​ទស្សនាវដ្ដី​នេះ​ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​សំរាប់​មួយ​រយៈ​ខ្លី ដើម្បី​ដោះស្រាយ​មួយ​ដង​ជា​សម្រេច​នូវ​រឿង​ចំណោទ​ទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​ចោទ​ឡើង​នៅ​ពេល​ដែល​មនុស្ស​ជាតិ​បាន​បដិសេធ​ការ​គ្រប់គ្រង​របស់​ព្រះ។a—លោកុប្បត្តិ ៣:១​-​៧; ចោទិយកថា ៣២:៤, ៥; សាស្ដា ៧:២៩; ពេត្រុសទី២ ៣:៨, ៩

​«ទ្រង់​នឹង​ជួយ​ពួក​ក្រីក្រ​ឲ្យ​រួច​ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ»

តាម​ពិត មិន​ថា​មនុស្ស​ជា​ច្រើន​ត្រូវ​រង​ទុក្ខ​លំបាក​ណា​ក្ដី​សព្វ​ថ្ងៃ​នេះ នោះ​ជីវិត​នៅ​តែ​ជា​អំណោយ​មួយ​ដ៏​អស្ចារ្យ។ ហើយ​យើង​តែង​តែ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​ការពារ​ជីវិត​យើង​ដែរ។ ជីវិត​នៅ​ពេល​អនាគត​ដែល​ព្រះ​សន្យា​ឲ្យ​យើង មិន​មែន​ជា​ការ​ពុះពារ​រស់​នៅ​ដោយ​មាន​ការ​ឈឺចាប់​និង​ទុក្ខ​លំបាក ដូច​បុគ្គលិក​របស់​លោក​សាកិលតន់​ត្រូវ​ស៊ូទ្រាំ​នៅ​កោះ​ដំរី​នោះ​ទេ។ ព្រះ​មាន​បំណង​ប្រោស​យើង​ឲ្យ​រួច​ពី​ទុក្ខ​វេទនា​ដ៏​អសា​ឥត​ការ​សព្វ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​យើង​«ចាប់​បាន​ជីវិត​អស់​កល្ប​ជានិច្ច»​ឬ​ជា​រៀង​រហូត ដែល​សម​ស្រប​ទៅ​តាម​បំណង​ព្រះ​ហឫទ័យ​ដើម​របស់​ព្រះ​សំរាប់​មនុស្ស​ជាតិ​ដែល​ទ្រង់​បាន​បង្កើត​មក។—ធីម៉ូថេទី១ ៦:១៩

ព្រះ​នឹង​សម្រេច​ការ​ទាំង​អស់​នេះ​មែន ពីព្រោះ​ទ្រង់​ចាត់​ទុក​យើង​ម្នាក់ៗ​ជា​មនុស្ស​មាន​តម្លៃ​វិសេស។ ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​រាជបុត្រា​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ ផ្ដល់​នូវ​តម្លៃ​លោះ​ដែល​ជា​ចាំបាច់​ដើម្បី​ប្រោស​យើង​ឲ្យ​រួច​ពី​បាប ភាព​មិន​គ្រប់​ល័ក្ខណ៍​និង​សេចក្ដី​ស្លាប់​ដែល​យើង​បាន​ទទួល​ជា​មរតក​ពី​មាតា​បិតា​ដំបូង​របស់​យើង ឈ្មោះ​អ័ដាម​និង​អេវ៉ា។ (ម៉ាថាយ ២០:២៨) ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ . . . [អាច]មាន​ជីវិត​អស់កល្ប​ជានិច្ច»។—យ៉ូហាន ៣:១៦

តើ​ព្រះ​នឹង​ធ្វើ​អ្វី​សំរាប់​មនុស្ស​សព្វ​ថ្ងៃ​នេះ​ដែល​មាន​ជីវិត​ពេញ​ទៅ​ដោយ​ការ​ឈឺចាប់​និង​ទុក្ខ​លំបាក? បន្ទូល​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ​នោះ ចែង​អំពី​រាជបុត្រា​ទ្រង់​ថា​៖ «ទ្រង់​នឹង​ជួយ​ពួក​ក្រីក្រ​ឲ្យ​រួច​ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ ព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង។ ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​មេត្ដា ដល់​មនុស្ស​រហេមរហាម​នឹង​មនុស្ស​ទុគ៌ត ក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​មនុស្ស​ក្រីក្រ​ផង។ ទ្រង់​នឹង​លោះ​ជីវិត​គេ ឲ្យ​រួច​ពី​ការ​សង្កត់​សង្កិន​នឹង​ការ​ច្រឡោត»។ ហេតុ​អ្វី​បាន​ជា​ព្រះ​មាន​បំណង​ធ្វើ​ដូច្នេះ? គឺ​ពីព្រោះ​«ឈាម[ឬ​ជីវិត​របស់​ពួក]គេ​នឹង​បាន​វិសេស​នៅ​ព្រះ​នេត្រ​ទ្រង់»។—ទំនុកដំកើង ៧២:១២​-​១៤, កំណែ​ជា​អក្សរ​ទ្រេត

អស់​រាប់​រយ​ឆ្នាំ​ហើយ មនុស្ស​លោក​បាន​រង​ទុក្ខ​ដោយ​មាន​បាប​និង​ភាព​មិន​គ្រប់​ល័ក្ខណ៍​ធ្វើ​ជា​បន្ទុក​ធ្ងន់ ដែល​បង្ក​ហេតុ​ឲ្យ​«ថ្ងូរ»​ដោយសារ​ការ​ឈឺចាប់​និង​ទុក្ខ​វេទនា។ ព្រះ​បាន​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​លំបាក​នេះ​ពីព្រោះ​ទ្រង់​ព្រះ​តម្រិះ​ថា ទ្រង់​អាច​កែ​ប្រែ​នូវ​ការ​ខ្វះ​ខាត​ណា​ដែល​ជា​លទ្ធផល​ពី​ការ​អនុញ្ញាត​នោះ។ (រ៉ូម ៨:១៨​-​២២) ឆាប់ៗ​ខាង​មុខ​នេះ ព្រះ​នឹង​«រៀបចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ» តាម​រយៈ​រាជ​រដ្ឋាភិបាល​របស់​ទ្រង់​ក្រោម​អំណាច​នៃ​រាជ​បុត្រ​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ។—កិច្ចការ ៣:២១, ខ.ស.; ម៉ាថាយ ៦:៩,១០

នេះ​នឹង​រួម​បញ្ចូល​ការ​ប្រោស​មនុស្ស​ដែល​បាន​រង​ទុក្ខ​ហើយ​បាន​ស្លាប់​តាំង​ពី​មុន​មក​ឲ្យ​រស់​ឡើង​វិញ។ ពួក​គេ​ស្ថិត​ក្នុង​ការ​នឹក​ចាំ​របស់​ព្រះ​ជានិច្ច។ (យ៉ូហាន ៥:២៨, ២៩; កិច្ចការ ២៤:១៥) មិន​យូរ​ប៉ុន្មាន​ទៀត ពួក​គេ​នឹង​ទទួល​ជីវិត​«ពេញ​បរិបូរ» គឺ​ជីវិត​ជា​រៀង​រហូត​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​ដែល​នឹង​លែង​មាន​ការ​ឈឺចាប់​និង​ការ​រង​ទុក្ខ​ទៀត។ (យ៉ូហាន ១០:១០; វិវរណៈ ២១:៣​-​៥) មនុស្ស​ទាំង​ឡាយ​ដែល​រស់​នៅ​ទី​នោះ​នឹង​អាច​រស់​ដោយ​រីករាយ​យ៉ាង​ពេញលេញ ហើយ​អាច​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​និង​សមត្ថភាព​ដ៏​អស្ចារ្យ​ដែល​សម្គាល់​មនុស្ស​ដែល​បាន​ត្រូវ​បង្កើត​មក​«ឲ្យ​មាន​ភាព​ដូច[ព្រះ]»។

តើ​អ្នក​នឹង​មាន​វត្តមាន​ក្នុង​ចំណោម​មនុស្ស​ដែល​នឹង​មាន​ជីវិត​អរ​សប្បាយ​ស្រប​ទៅ​តាម​សេចក្ដី​សន្យា​របស់​ព្រះ​ឬ​ទេ? នេះ​គឺ​អាស្រ័យ​លើ​អ្នក​ផ្ទាល់។ យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ពី​សំវិធានការ​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​សម្រេច​ការ​ទាំង​អស់​នេះ។ អ្នក​បោះ​ពុម្ព​ផ្សាយ​ទស្សនាវដ្ដី​នេះ​មាន​ចិត្ត​រីករាយ​ជួយ​អ្នក​ឲ្យ​ធ្វើ​ដូច្នេះ។

[កំណត់​សម្គាល់]

a ដើម្បី​អាន​ពត៌មាន​ល្អិតល្អន់​អំពី​រឿង​នេះ សូម​មើល​ជំពូក​៨ ដែល​មាន​ចំណង​ជើង​ថា​«ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ការ​ឈឺចាប់​កើត​ឡើង?» ក្នុង​សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

[រូបភាព​នៅ​ទំព័រ​៤, ៥]

បុគ្គលិក​របស់​លោក​សាកិលតន់​ដែល​បាន​រង់ចាំ​ជំនួយ​នោះ មាន​ទំនុក​ចិត្ត​ថា លោក​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា ឲ្យ​មក​សង្គ្រោះ​ពួក​គេ

[អ្នក​ផ្ដល់​សិទ្ធិ]

© CORBIS

[រូបភាព​នៅ​ទំព័រ​៦]

​«អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក