ចូរស្ដាប់តាមវិចារណញ្ញាណរបស់ខ្លួនចុះ!
«គ្រប់ទាំងអស់ជាស្អាតដល់អ្នកណាដែលស្អាត តែគ្មានអ្វីស្អាតសោះ ដល់ពួកអ្នកដែលស្មោកគ្រោក»។—ទីតុស ១:១៥
១. តើប៉ុលមានទំនាក់ទំនងយ៉ាងណាជាមួយនឹងក្រុមជំនុំនានានៅឯកោះក្រេត?
ក្រោយសាវ័កប៉ុលបានធ្វើដំណើរជាសាសនទូតអស់បីដងនោះ គេបានចាប់ខ្លួនគាត់ ហើយនៅទីបំផុតគេក៏បញ្ជូនគាត់ទៅឯទីក្រុងរ៉ូម។ នៅទីនោះ ប៉ុលបានជាប់គុកអស់ពីរឆ្នាំ។ ពេលគេដោះលែងប៉ុល តើគាត់បានធ្វើអ្វី? យើងដឹងថាប៉ុលបានទៅលេងកោះក្រេតជាមួយលោកទីតុស តែមិនដឹងពេលណាដែលពួកគាត់បានទៅទេ។ ក្រោយមកទៀត ប៉ុលបានសរសេរទៅកាន់ទីតុសថា៖ «ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីនឹងរៀបចំការដែលនៅខ្វះឲ្យស្រួលបួលឡើង ហើយនឹងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង»។ (ទីតុស ១:៥) ដើម្បីសម្រេចកិច្ចការនោះ ទីតុសត្រូវតែមានទំនាក់ទំនងជាមួយបងប្អូនខ្លះដែលមានបញ្ហាក្នុងការវិនិច្ឆ័យខ្លួនឲ្យបានត្រឹមត្រូវ។
២. នៅកោះក្រេត តើទីតុសត្រូវជួយដោះស្រាយបញ្ហាអ្វី?
២ មុនដំបូង ប៉ុលបានសរសេរចំពោះទីតុសអំពីលក្ខណៈដែលពួកប្រុសៗត្រូវតែមាន ទើបពួកគេអាចទទួលភារកិច្ចជាអ្នកចាស់ទុំ។ ក្រោយមក គាត់បានបញ្ជាក់ថា អ្នកខ្លះនៅទីនោះជាមនុស្ស«រឹងរូស . . . ដែលពោលពាក្យឥតប្រយោជន៍ហើយបង្ខូចគំនិត»របស់អ្នកដទៃ។ អ្នកទាំងនោះបាន«ផ្ដួលពួកអ្នកផ្ទះទាំងមូល[ឬ«ធ្វើអោយកើតវឹកវរក្នុងក្រុមគ្រួសារជាច្រើន»] ដោយបង្រៀនសេចក្ដីដែលមិនគួរគប្បី»។ ដូច្នេះ ទីតុសមានភារកិច្ច«រំឭកឲ្យគេដឹងខ្លួន[ឬ«ស្តីបន្ទោសគេយ៉ាង»]តឹងរ៉ឹង»។ (ទីតុស ១:១០-១៤; ខ.ស.; ធីម៉ូថេទី១ ៤:៧) ប៉ុលសរសេរថា អ្នកទាំងនោះមានបញ្ញាចិត្ត«ស្មោកគ្រោក»។ ពាក្យ«ស្មោកគ្រោក»ដែលប៉ុលប្រើនោះ បង្កប់អត្ថន័យសំដៅទៅលើស្នាម ដូចជាស្នាមទឹកប៊ិចនៅលើអាវសស្អាតមួយ។ (ទីតុស ១:១៥) ប្រហែលជាអ្នកទាំងនោះ ខ្លះជាជនជាតិយូដាពីព្រោះប៉ុលហៅពួកគេថា ជា«ពួកអ្នកកាត់ស្បែក»។ នៅសព្វថ្ងៃនេះ ទោះជាយើងមិនមានមនុស្សបែបនោះកំពុងបង្ខូចជំនឿរបស់បងប្អូនគ្រិស្តសាសនិកក្នុងក្រុមជំនុំនានាក្ដី យើងនៅតែអាចទាញយកមេរៀនល្អៗអំពីសមត្ថភាពវិនិច្ឆ័យខ្លួន ដោយពិនិត្យមើលយោបល់ដែលប៉ុលជូនចំពោះទីតុស។
អ្នកដែលស្មោកគ្រោកទាំងបញ្ញាចិត្ត
៣. តើប៉ុលបានសរសេរអ្វីខ្លះជូនចំពោះទីតុសស្តីអំពីបញ្ញាចិត្ត?
៣ សូមគិតម្ដងទៀតអំពីហេតុដែលប៉ុលបានសរសេរអំពីបញ្ញាចិត្ត។ គាត់សរសេរថា៖ «គ្រប់ទាំងអស់ជាស្អាតដល់អ្នកណាដែលស្អាត តែគ្មានអ្វីស្អាតសោះ ដល់ពួកអ្នកដែលស្មោកគ្រោកហើយមិនជឿវិញនោះឡើយ។ គេស្មោកគ្រោកទាំងគំនិត ទាំងបញ្ញាចិត្តដែរ។ គេប្រកាន់ថាគេស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ»។ គឺច្បាស់ហើយថា មនុស្សខ្លះក្នុងក្រុមជំនុំនោះត្រូវតែកែប្រែបន្ដិច ទើបអាច«មានសេចក្ដីជំនឿត្រឹមត្រូវវិញ»។ (ទីតុស ១:១៣, ១៥, ១៦) ពួកគេមិនសូវចេះត្រិះរិះរាវរកហេតុផលស្តីអំពីអ្វីដែលស្អាតនិងមិនស្អាត ដូច្នេះ នេះទាក់ទងនឹងបញ្ញាចិត្ត មនសិការ វិចារណញ្ញាណ ដែលជាសមត្ថភាពវិនិច្ឆ័យខ្លួន។
៤, ៥. តើអ្នកខ្លះក្នុងក្រុមជំនុំពីបុរាណធ្លាប់មានគំនិតខុសឆ្គងបែបណា? តើគំនិតខុសឆ្គងនោះមានឥទ្ធិពលយ៉ាងណាទៅលើពួកគេ?
៤ ជាង១០ឆ្នាំមុននោះ គណៈអភិបាលនៃពួកគ្រិស្តសាសនិកបានសម្រេចចិត្តថា អ្នកថ្វាយបង្គំព្រះយេហូវ៉ាមិនចាំបាច់កាត់ស្បែកតាមទម្លាប់ពួកយូដាទេ ហើយគណៈអភិបាលបានជូនដំណឹងនោះដល់ក្រុមជំនុំទាំងឡាយ។ (កិច្ចការ ១៥:១, ២, ១៩-២៩) ក៏ប៉ុន្តែ អ្នកខ្លះនៅកោះក្រេតនៅតែប្រកាន់ឲ្យបងប្អូនក្នុងក្រុមជំនុំធ្វើតាមទម្លាប់របស់«ពួកអ្នកកាត់ស្បែក»។ ពួកគេជំទាស់ដោយចំហនឹងគណៈអភិបាល ហើយបាន«បង្រៀនសេចក្ដីដែលមិនគួរគប្បី»។ (ទីតុស ១:១០, ១១) ពួកគេមានគំនិតខុសឆ្គង ហើយតាមមើលទៅ បានបង្ខំឲ្យគ្រិស្តសាសនិកគ្នីគ្នាធ្វើតាមតម្រូវការក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ស្តីអំពីអាហារដែលគួរនិងមិនគួរបរិភោគ ព្រមទាំងទម្លាប់លាងសម្អាតខ្លួនមុនបរិភោគអាហារផង។ ពួកគេប្រហែលជាបានបន្ថែមច្បាប់ខ្លះ លើសពីអ្វីដែលកត់ទុកក្នុងក្រឹត្យវិន័យរបស់ម៉ូសេទៅទៀត ដូចពួកយូដាខ្លះបានធ្វើនៅសម័យព្រះយេស៊ូដែរ។ ណាមួយទៀត អ្នករឹងរូសទាំងនោះប្រហែលជាបានផ្សាយរឿងទំនៀមឬរឿងព្រេងតាមទម្លាប់ពួកយូដា ព្រមទាំងបង្ខំឲ្យក្រុមជំនុំធ្វើតាមបញ្ញត្ដិរបស់មនុស្សផង។—ម៉ាកុស ៧:២, ៣, ៥, ១៥; ធីម៉ូថេទី១ ៤:៣
៥ ទស្សនៈរបស់អ្នកទាំងនោះមានឥទ្ធិពលអាក្រក់ទៅលើបញ្ញាចិត្ត មនសិការ វិចារណញ្ញាណរបស់ពួកគេ ដល់ម្ល៉េះបានជាពួកគេលែងចេះវិនិច្ឆ័យថា ខ្លួនធ្វើខុសឬត្រូវ។ ប៉ុលបានសរសេរថា ចំពោះ«ពួកអ្នកដែលស្មោកគ្រោកហើយមិនជឿ»នោះ «គ្មានអ្វីស្អាតសោះ»ឡើយ។ អ្នកទាំងនោះលែងចេះរាវរកហេតុផល ដល់ម្ល៉េះបានជាពួកគេលែងមានសមត្ថភាពវិនិច្ឆ័យឲ្យស្គាល់ខុសនិងត្រូវស្តីអំពីគំនិតនិងទង្វើរបស់ខ្លួន។ ម្យ៉ាងទៀត អ្នកស្មោកគ្រោកទាំងនោះបានវិនិច្ឆ័យគ្រិស្តសាសនិកគ្នីគ្នា ស្តីពីរឿងដែលបងប្អូនទាំងនោះមានសិទ្ធិសម្រេចតាមតែចិត្តពួកគេរៀងៗខ្លួន។ អាស្រ័យហេតុនេះ គ្រិស្តសាសនិកខ្លះនៅកោះក្រេតបានយកអ្វីដែលមិនមែនស្មោកគ្រោកនោះ ថាជាស្មោកគ្រោកទៅវិញ។ (រ៉ូម ១៤:១៧; កូល៉ុស ២:១៦) អ្នកទាំងនោះប្រកាន់ថា ពួកគេស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់ពួកគេបង្ហាញថា ពួកគេមិនស្គាល់ទ្រង់សោះ។—ទីតុស ១:១៦
«ស្អាតដល់អ្នកណាដែលស្អាត»
៦. តើប៉ុលរៀបរាប់អំពីមនុស្សពីរប្រភេទដែលមានលក្ខណៈផ្ទុយគ្នាបែបណា?
៦ តើយើងអាចទទួលប្រយោជន៍អ្វីខ្លះពីសំបុត្រដែលប៉ុលសរសេរចំពោះទីតុស? សូមកត់សម្គាល់លក្ខណៈខ្លះដែលគាត់បញ្ជាក់ថា មានលក្ខណៈផ្ទុយពីគ្នា។ ប៉ុលសរសេរថា៖ «គ្រប់ទាំងអស់ជាស្អាតដល់អ្នកណាដែលស្អាត តែគ្មានអ្វីស្អាតសោះ ដល់ពួកអ្នកដែលស្មោកគ្រោកហើយមិនជឿវិញនោះឡើយ។ គេស្មោកគ្រោកទាំងគំនិត ទាំងបញ្ញាចិត្តដែរ»។ (ទីតុស ១:១៥) នេះមិនបានសេចក្ដីថា គ្រិស្តសាសនិកដែលមានសីលធម៌ស្អាតស្អំនោះ អាចធ្វើអ្វីៗក៏ដោយតាមតែចិត្តទេ។ យើងដឹងថាពាក្យរបស់ប៉ុលមិនមានន័យដូច្នេះទេ ពីព្រោះក្នុងសំបុត្រមួយទៀតដែលគាត់បានសរសេរដែរ គាត់បញ្ជាក់ថា មនុស្សដែលមានទម្លាប់ធ្វើអំពើដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ ព្រមទាំងថ្វាយបង្គំរូបព្រះនិងរួមចំណែកក្នុងរឿងមន្តអាគមជាដើម អ្នកទាំងនោះ‹មិនអាចគ្រងនគរព្រះ›ឬ‹ទទួលរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ›។ (កាឡាទី ៥:១៩-២១; ខ.ស.) ដូច្នេះ យើងអាចសន្និដ្ឋានថា ប៉ុលបានលើកហេតុផលអំពីមនុស្សពីរប្រភេទ ពោលគឺ មនុស្សដែលមានលក្ខណៈស្អាតស្អំពីព្រោះមានសីលធម៌ក្នុងជីវិត និងរក្សាឲ្យមានចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ា ហើយមនុស្សដែលមិនស្អាតស្អំវិញ ដោយព្រោះមិនមានសីលធម៌និងមិត្តភាពជាមួយនឹងព្រះ។
៧. តើបទគម្ពីរក្នុងសៀវភៅហេព្រើរ ១៣:៤ ហាមមិនឲ្យស្វាមីភរិយាធ្វើអ្វី? ប៉ុន្តែ តើនៅមានសំណួរអ្វីទៀត?
៧ នេះមិនបានសេចក្ដីថា គ្រិស្តសាសនិកស្មោះត្រង់ត្រូវតែជៀសវាងពីអ្វីដែលបានបញ្ជាក់យ៉ាងជាក់លាក់ក្នុងគម្ពីរប៉ុណ្ណោះទេ។ ជាឧទាហរណ៍ សូមគិតអំពីបទគម្ពីរមួយនេះដែលសរសេរចំៗថា៖ «វិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយដែលរួមដំណេក នោះក៏ជាការឥតសៅហ្មងដែរ។ តែព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិតហើយនឹងមនុស្សសហាយស្មន់គ្នា»ឬ«អ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌»។ (ហេព្រើរ ១៣:៤; ខ.ស.) សូម្បីតែមនុស្សដែលមិនមែនជាគ្រិស្តសាសនិក ហើយមនុស្សដែលមិនធ្លាប់រៀនគម្ពីរក្ដី ក៏អាចយល់អត្ថន័យនៃវគ្គនេះថា ព្រះយេហូវ៉ាហាមមិនឲ្យស្វាមីភរិយាផិតក្បត់គូរបស់ខ្លួន។ ការពិនិត្យមើលបទគម្ពីរនេះនិងបទគម្ពីរឯទៀត បង្ហាញយ៉ាងច្បាស់ថា ព្រះយេហូវ៉ាស្អប់ណាស់ នូវការប្រព្រឹត្តរបស់បុរសនិងស្ត្រីដែលរួមដំណេកជាមួយម្នាក់ទៀតដែលមិនមែនជាស្វាមីឬភរិយារបស់ខ្លួន។ ប៉ុន្តែ ចុះយ៉ាងណាបើមនុស្សពីរនាក់ដែលមិនមែនជាស្វាមីភរិយាគ្រាន់តែរួមភេទតាមមាត់ប៉ុណ្ណោះ? ក្មេងជំទង់ជាច្រើនដោះសាថា ការរួមភេទបែបនេះគ្មានអ្វីខុសឡើយ ពីព្រោះមិនមែនជាការរួមដំណេកទេ។ បើដូច្នេះ តើគ្រិស្តសាសនិកអាចចាត់ទុកការរួមភេទតាមមាត់ជាអំពើដែលមិនស្មោកគ្រោកឬ?
៨. ស្តីអំពីការរួមភេទតាមមាត់ តើគ្រិស្តសាសនិកពិតមានទស្សនៈខុសគ្នាយ៉ាងណាពីមនុស្សក្នុងពិភពលោកនេះ?
៨ បទគម្ពីរក្នុងសៀវភៅហេព្រើរ ១៣:៤ និងកូរិនថូសទី១ ៦:៩ បង្ហាញយ៉ាងច្បាស់ថា ព្រះយេហូវ៉ាស្អប់នូវការផិតក្បត់និងអំពើដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ (ភាសាក្រិច ភនៀរ)។ ប៉ុន្តែ តើអំពើដែលប្រាសចាកសីលធម៌ខាងផ្លូវភេទរួមបញ្ចូលអ្វីខ្លះ? ពាក្យភាសាក្រិចនោះ អាចសំដៅទៅលើការប្រព្រឹត្តដែលទាក់ទងនឹងសរីរាង្គបន្តពូជតាមធម្មតា ឬយកទៅប្រព្រឹត្តខុសពីប្រក្រតី ដោយមានបំណងធ្វើអំពើអាសអាភាស។ នេះរួមបញ្ចូលការរួមភេទគ្រប់បែបយ៉ាងរវាងមនុស្សដែលមិនបានរៀបការស្របតាមគោលការណ៍ក្នុងគម្ពីរ។ ដូច្នេះ នេះក៏សំដៅទៅលើការរួមភេទតាមមាត់ដែរ ទោះបីជាក្មេងជំទង់ច្រើននាក់នៅទូទាំងពិភពលោកបានឮគេថា ឬបានសន្និដ្ឋានដោយខ្លួនឯងថា ការរួមភេទតាមមាត់គ្មានអ្វីខុសក៏ដោយ។ គ្រិស្តសាសនិកពិតមិនព្រមប្រព្រឹត្តឬមានគំនិតស្របទៅតាមទស្សនៈរបស់អស់អ្នកដែលចេះតែពោល«ពាក្យឥតប្រយោជន៍ ហើយបង្ខូចគំនិតមនុស្ស»ទេ។ (ទីតុស ១:១០) គ្រិស្តសាសនិកពិតធ្វើតាមគោលការណ៍សីលធម៌ខ្ពង់ខ្ពស់ក្នុងគម្ពីរបរិសុទ្ធវិញ។ ជាជាងរកលេសថា ការរួមភេទតាមមាត់មិនមែនជាការស្មោកគ្រោកនោះ គ្រិស្តសាសនិកពិតយល់ថា អំពើនោះជាការដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ ដែលភាសាដើមហៅថា ភនៀរ។ ដូច្នេះ ពួកគេក៏អប់រំបញ្ញាចិត្តរបស់ខ្លួនដើម្បីឲ្យមានទស្សនៈដូចនេះដែរ ដែលបង្ហាញថា ពួកគេក៏មានវិចារណញ្ញាណនិងសមត្ថភាពវិនិច្ឆ័យខ្លួនយ៉ាងត្រឹមត្រូវ។a—កិច្ចការ ២១:២៥; កូរិនថូសទី១ ៦:១៨; អេភេសូរ ៥:៣
គួរឬមិនគួរស្រេចទៅលើវិចារណញ្ញាណ
៩. បើ«គ្រប់ទាំងអស់ជាស្អាត»នោះ ម្ដេចក៏យើងត្រូវការបញ្ញាចិត្តនិងវិចារណញ្ញាណ?
៩ ពេលប៉ុលសរសេរថា៖ «គ្រប់ទាំងអស់ជាស្អាតដល់អ្នកណាដែលស្អាត» តើគាត់ចង់បញ្ជាក់ន័យអ្វី? ប៉ុលសំដៅទៅលើគ្រិស្តសាសនិកដែលបានអប់រំខ្លួនដើម្បីឲ្យមានបញ្ញាចិត្តសមស្របនឹងគោលការណ៍សីលធម៌របស់ព្រះយេហូវ៉ា។ នេះមានន័យថា ពួកគេចេះគិតគូរនិងរាវរកហេតុផលឲ្យស្គាល់ខុសនិងត្រូវស្របទៅតាមគោលការណ៍នានាក្នុងគម្ពីរដែលជាបណ្ដាំរបស់ព្រះ។ គ្រិស្តសាសនិកដែលចេះវិនិច្ឆ័យខ្លួនយ៉ាងនេះក៏ទទួលស្គាល់ថា ក្នុងករណីដែលបណ្ដាំរបស់ព្រះយេហូវ៉ាមិនហាមឃាត់យ៉ាងចំៗទៅលើការប្រព្រឹត្តផ្សេងៗនោះ ពួកអ្នកថ្វាយបង្គំទ្រង់អាចធ្វើការសម្រេចចិត្តផ្សេងពីគ្នាបន្ដិចដែរ។ ជាជាងវិនិច្ឆ័យបងប្អូនរួមជំនឿ ពួកគេរាប់ការប្រព្រឹត្តផ្សេងៗដែលព្រះយេហូវ៉ាមិនហាមចំៗនោះ ថាជាការដ៏«ស្អាត»ដែរ។ ពេលគ្មានការណែនាំជាក់លាក់ក្នុងគម្ពីរស្តីអំពីរឿងណាមួយ គ្រិស្តសាសនិកល្អមិនតម្រូវឲ្យអ្នកដទៃមានទស្សនៈដូចពួកគេទេ។ សូមពិនិត្យមើលឧទាហរណ៍មួយនេះ។
១០. តើពិធីអាពាហ៍ពិពាហ៍ (ឬបុណ្យសពក៏បាន) អាចនាំឲ្យមានរឿងពិបាកអ្វី?
១០ ក្នុងក្រុមគ្រួសារជាច្រើន ស្វាមីឬភរិយាបានក្លាយទៅជាគ្រិស្តសាសនិកម្នាក់ តែគូរបស់ខ្លួនមិនរួមជំនឿទេ។ (ពេត្រុសទី១ ៣:១; ៤:៣) ស្ថានការណ៍នេះអាចនាំឲ្យមានការពិបាកខ្លះៗដែរ ដូចជាពេលបងប្អូនញាតិសន្ដានរៀបចំឲ្យមានពិធីអាពាហ៍ពិពាហ៍និងបុណ្យសពជាដើម។ សូមគិតអំពីកាលៈទេសៈរបស់ភរិយាដែលជាគ្រិស្តសាសនិក តែស្វាមីមិនទាន់រួមជំនឿជាមួយនាងទេ។ ប្រហែលជាបងប្អូនញាតិសន្ដានរបស់ស្វាមីនាងនឹងរៀបអាពាហ៍ពិពាហ៍ ហើយពួកគេនឹងធ្វើពិធីស្របទៅតាមទំនៀមទម្លាប់ប្រពៃណី (ឬមួយក៏មាតាឬបិតារបស់ស្វាមីនាងបានស្លាប់ ហើយបងប្អូនញាតិសន្ដានរៀបធ្វើបុណ្យសពតាមប្រពៃណី)។ បងប្អូនញាតិសន្ដានអញ្ជើញទាំងពីរនាក់ស្វាមីនិងភរិយារបស់គាត់ដែលជាគ្រិស្តសាសនិកឲ្យចូលរួម ហើយស្វាមីចង់ឲ្យនាងចូលរួមជាមួយគាត់ដែរ។ តើបញ្ញាចិត្តនិងវិចារណញ្ញាណនាំឲ្យនាងគិតយ៉ាងណា? តើនាងនឹងសម្រេចចិត្តធ្វើអ្វី? សូមពិនិត្យមើលការសម្រេចចិត្តខុសគ្នារបស់បងស្រីពីរនាក់ដូចតទៅនេះ។
១១. សូមរៀបរាប់អំពីរបៀបដែលភរិយាគ្រិស្តសាសនិកម្នាក់ អាចត្រិះរិះរាវរកហេតុផលស្តីអំពីការចូលរួមពិធីអាពាហ៍ពិពាហ៍តាមប្រពៃណី។ តើនាងសម្រេចចិត្តធ្វើដូចម្ដេច?
១១ ឧបមាថា នាងចរិយាបានគិតវែងឆ្ងាយអំពីច្បាប់ដែលបង្គាប់ឲ្យ‹ចេញពីបាប៊ីឡូនដ៏ធំ› ដែលតំណាងសាសនាមិនពិតទាំងឡាយដែលប្រៀបដូចជាចក្រភពមួយ។ (វិវរណៈ ១៨:២, ៤) ចរិយាធ្លាប់កាន់សាសនារបស់បងប្អូនញាតិសន្ដានទាំងនោះ ហើយនាងធ្លាប់ធ្វើតាមប្រពៃណីក្នុងពិធីអាពាហ៍ពិពាហ៍ដែរ។ ដូច្នេះ នាងដឹងថា គេនឹងបបួលនាងឲ្យធ្វើតាមទំនៀមទម្លាប់ផ្សេងៗតាមសាសនានោះ ដូចជាសែនដូនតានិងសូត្រមន្តជាដើម។ ចរិយាសម្រេចចិត្តមិនព្រមរួមចំណែកទាល់តែសោះ ហើយមិនទាំងចង់មានវត្តមាននៅទីនោះតែម្ដង ដោយព្រោះនាងដឹងថា ច្បាស់ជានឹងមានការបង្ខិតបង្ខំយ៉ាងខ្លាំងឲ្យនាងធ្វើខុសច្បាប់ព្រះយេហូវ៉ា។ ចរិយាតែងតែគោរពស្វាមី ហើយនាងក៏ចង់ចុះចូលចំពោះគាត់ជាមេគ្រួសារ ដែលសមស្របនឹងគោលការណ៍ក្នុងគម្ពីរដែរ។ ប៉ុន្តែ ចរិយាមិនចង់ធ្វើអ្វីដែលប្រាសចាកគោលការណ៍ឯទៀតក្នុងគម្ពីរ។ (កិច្ចការ ៥:២៩) អាស្រ័យហេតុនេះ ចរិយានិយាយយ៉ាងទន់ភ្លន់ជាមួយស្វាមីនាង ហើយពន្យល់ថា ទោះបើស្វាមីនាងសម្រេចចិត្តទៅក៏ដោយ នាងមិនអាចទៅជាមួយគាត់ទេ។ នាងប្រហែលជាអាចបន្ថែមចំណុចថា បើនាងមានវត្តមានទៅទីនោះ ហើយមិនព្រមធ្វើតាមទំនៀមទម្លាប់ប្រពៃណី នេះប្រហែលជាផ្ដល់ហេតុឲ្យស្វាមីនាងខ្មាសគេ។ យ៉ាងនេះ បើនាងអវត្តមានវិញ គឺប្រហែលជាស្រួលជាងសម្រាប់ស្វាមីនាង។ ក្នុងករណីនេះ ចិត្តនាងមិនធ្វើទុក្ខឬវិនិច្ឆ័យថានាងមានទោសអ្វីឡើយ។
១២. តើបងប្អូនខ្លះប្រហែលជាត្រិះរិះរាវរកហេតុផលយ៉ាងណា ស្តីអំពីការចូលរួមពិធីអាពាហ៍ពិពាហ៍តាមប្រពៃណី?
១២ ចុះយ៉ាងណាចំពោះនាងចន្ថាវិញ? គាត់ជួបប្រទះកាលៈទេសៈដូចចរិយា ហើយត្រូវតែធ្វើការសម្រេចចិត្តដែរ។ ចន្ថាក៏តែងតែគោរពស្វាមី ហើយក៏បានតាំងចិត្តរក្សាឲ្យមានចិត្តស្មោះភក្ដីចំពោះព្រះយេហូវ៉ាដែរ ដែលបង្ហាញថានាងមានបញ្ញាចិត្តនិងវិចារណញ្ញាណស្របទៅតាមគម្ពីរ។ ចន្ថាក៏គិតវែងឆ្ងាយអំពីចំណុចនីមួយៗដូចចរិយាដែរ ហើយក្រោយមកនាងក៏អធិស្ឋានផង និងពិនិត្យមើលអត្ថបទដែលជា«សំនួរពីអ្នកអាន» ក្នុងទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។ ចន្ថានឹកចាំកំណត់ហេតុអំពីបុរសជនជាតិហេព្រើរបីនាក់ដែលសុខចិត្តធ្វើតាមបង្គាប់ឲ្យទៅកន្លែងដែលបណ្ដាជនឯទៀតរួមគ្នាថ្វាយបង្គំរូបព្រះ។ យ៉ាងណាក៏ដោយ បុរសបីនាក់នោះក៏មានបំណងរក្សាឲ្យមានចិត្តស្មោះចំពោះព្រះយេហូវ៉ា ដោយមិនចូលរួមការថ្វាយបង្គំមិនពិតជាមួយបណ្ដាជនទាំងនោះទេ។ (ដានីយ៉ែល ៣:១៥-១៨) ដូច្នេះ ចន្ថាសម្រេចចិត្តទៅជាមួយស្វាមីនាង តែមិនព្រមរួមចំណែកក្នុងទំនៀមទម្លាប់ប្រពៃណី ហើយចិត្តនាងក៏មិនធ្វើទុក្ខឬវិនិច្ឆ័យថានាងមានទោសអ្វីឡើយ។ ចន្ថាពន្យល់ដោយទន់ភ្លន់ដល់ស្វាមីពីអ្វីដែលនាងយល់ព្រមធ្វើ និងអ្វីដែលនាងមិនព្រមធ្វើ ដោយផ្អែកទៅលើបញ្ញាចិត្តនិងវិចារណញ្ញាណរបស់នាង។ យ៉ាងនេះ ចន្ថាសង្ឃឹមថា ស្វាមីនាងអាចសម្គាល់លក្ខណៈខុសគ្នារវាងការថ្វាយបង្គំពិត និងការថ្វាយបង្គំមិនពិត។—កិច្ចការ ២៤:១៦
១៣. ហេតុអ្វីក៏មិនជាការចម្លែកអ្វីឡើយ ដែលគ្រិស្តសាសនិកពីរនាក់សម្រេចចិត្តខុសពីគ្នា?
១៣ ដោយសារគ្រិស្តសាសនិកទាំងពីរនាក់នេះត្រិះរិះរាវរកហេតុផលនិងសម្រេចចិត្តខុសពីគ្នានោះ តើនេះមានន័យថា ការសម្រេចចិត្តរបស់ពួកគេមិនជាការសំខាន់ឬ? ឬមួយក៏ តើទស្សនៈខុសគ្នារបស់ពីរនាក់នេះមានន័យថា ម្នាក់មិនសូវចេះរាវរកហេតុផលឲ្យស្គាល់ខុសនិងត្រូវ ហើយខ្វះសមត្ថភាពវិនិច្ឆ័យខ្លួនឬទេ? មិនមែនទេ។ ដោយសារចរិយាធ្លាប់ធ្វើតាមប្រពៃណីនិងទំនៀមទម្លាប់ផ្សេងៗរបស់សាសនានោះ គាត់ប្រហែលជាដឹងជាក់ថា វត្តមាននៅទីនោះអាចផ្សងគ្រោះថ្នាក់មែន ចំពោះគាត់។ ណាមួយទៀត ចរិយាប្រហែលជាធ្លាប់ឆ្លងកាត់រឿងផ្សេងៗពីមុន ដែលប៉ះពាល់នឹងទស្សនៈរបស់ស្វាមីនាងចំពោះរឿងសាសនា ដូច្នេះនេះអាចមានឥទ្ធិពលទៅលើវិចារណញ្ញាណរបស់នាងដែរ។ អាស្រ័យហេតុនេះ ចរិយាមិនសង្ស័យឡើយ ថាការសម្រេចចិត្តមិនព្រមមានវត្តមាននៅទីនោះ គឺជាការសម្រេចចិត្តល្អបំផុតសម្រាប់នាងផ្ទាល់។
១៤. តើគ្រិស្តសាសនិកទាំងឡាយគួរចងចាំចំណុចអ្វីស្តីអំពីរឿងដែលស្រេចទៅលើចិត្តរបស់ខ្លួន?
១៤ ប៉ុន្តែ តើការសម្រេចចិត្តរបស់ចន្ថាដើម្បីមានវត្តមាននៅទីនោះ ជាការសម្រេចមិនល្អឬ? តាមពិត អ្នកដទៃគ្មានសិទ្ធិវិនិច្ឆ័យទេ។ បើចន្ថាសម្រេចចិត្តមានវត្តមាននៅទីនោះ តែមិនរួមចំណែកសោះក្នុងទំនៀមទម្លាប់សាសនា អ្នកដទៃមិនគួរវិនិច្ឆ័យនិងរិះគន់គាត់ឡើយ។ សូមចាំឱវាទរបស់ប៉ុលស្តីអំពីការសម្រេចចិត្តដោយខ្លួនឯង ដែលទាក់ទងនឹងការបរិភោគឬមិនបរិភោគអាហារផ្សេងៗ។ គាត់សរសេរថា៖ «កុំឲ្យអ្នកដែលបរិភោគ មើលងាយដល់អ្នកដែលមិនបរិភោគឡើយ ក៏កុំឲ្យអ្នកដែលមិនបរិភោគ និន្ទាចំពោះអ្នកដែលបរិភោគដែរ . . . អ្នកនោះឈរឬដួលក្ដី នោះស្រេចនឹងចៅហ្វាយទេតើ ហើយគេនឹងបានឈរមែន ដ្បិតព្រះទ្រង់អាចនឹងតាំងឲ្យឈរបាន»។ (រ៉ូម ១៤:៣, ៤) គឺច្បាស់ហើយ គ្រិស្តសាសនិកពិតមិនបង្ខំអ្នកដទៃដែលបានបណ្ដុះឲ្យមានសមត្ថភាពវិនិច្ឆ័យខ្លួន ឲ្យធ្វើព្រងើយនឹងវិចារណញ្ញាណរបស់ខ្លួនឡើយ។ បើពួកគេមិនយកចិត្តទុកដាក់នឹងបញ្ញាចិត្ត ព្រមទាំងមិនស្ដាប់តាមវិចារណញ្ញាណរបស់ខ្លួន នេះអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត។
១៥. ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងគិតអំពីមនសិការនិងទស្សនៈរបស់អ្នកដទៃ?
១៥ សូមគិតតទៅទៀតអំពីការសម្រេចចិត្តរបស់ចរិយានិងចន្ថា។ ពួកគេទាំងពីរនាក់ក៏គួរយកកត្ដាឯទៀតមកពិចារណាដែរ ដូចជាទស្សនៈរបស់អ្នកដទៃចំពោះទង្វើរបស់ពួកគេជាដើម។ ប៉ុលបានទូន្មានយើងថា៖ ‹ចូរឲ្យយើងសំរេចចិត្តមិនធ្វើឲ្យបងប្អូនជំពប់ដួលឬរវាតចិត្តឡើយ›។ (រ៉ូម ១៤:១៣) ប្រហែលជាចរិយាជ្រាបថា កាលពីមុន ពេលបងប្អូនខ្លះមានវត្តមាននៅឯពិធីបុណ្យផ្សេងៗបែបនោះ នេះបានបង្កើតឲ្យមានរឿងរ៉ាវក្នុងក្រុមគ្រួសាររបស់នាង ឬក្នុងក្រុមជំនុំ។ ដូច្នេះ ចរិយាដឹងថា ទង្វើរបស់នាងអាចមានឥទ្ធិពលខ្លាំងទៅលើកូននាងផង។ ផ្ទុយទៅវិញ ប្រហែលជាចន្ថាយល់ថា ពេលបងប្អូនឯទៀតមានវត្តមាននៅឯពិធីបុណ្យផ្សេងៗពីមុន នោះគ្មាននរណាចាប់អារម្មណ៍សោះ មិនថានៅក្នុងក្រុមជំនុំឬអ្នកក្រៅក្ដី។ បងស្រីទាំងពីរនាក់ ព្រមទាំងយើងរាល់គ្នាផងដែរ គួរទទួលស្គាល់ថា ការបណ្ដុះឲ្យមានសមត្ថភាពវិនិច្ឆ័យខ្លួនយ៉ាងត្រឹមត្រូវនោះ ត្រូវតែរួមបញ្ចូលការយកចិត្តទុកដាក់ចំពោះឥទ្ធិពលដែលយើងអាចមានទៅលើអ្នកដទៃ ពេលធ្វើការសម្រេចចិត្ត។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «បើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះដែលជឿដល់ខ្ញុំ រវាតចិត្តចេញ នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំចងកអ្នកនោះ ហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញ ធ្វើយ៉ាងនោះនឹងមានប្រយោជន៍ដល់អ្នកនោះជាជាង»។ (ម៉ាថាយ ១៨:៦) អស់អ្នកដែលមិនប្រុងប្រយ័ត្នកុំឲ្យអ្នកដទៃរវាតចិត្តនោះ អាចក្លាយទៅជាមនុស្សដែលមានបញ្ញាចិត្តស្មោកគ្រោក ដូចគ្រិស្តសាសនិកខ្លះនៅកោះក្រេតពីបុរាណ។
១៦. តើគ្រិស្តសាសនិកទាំងឡាយគួរធ្វើអ្វីខ្លះឲ្យបានកាន់តែច្រើនឡើងៗ?
១៦ ជានិច្ចជាកាលនោះ គ្រិស្តសាសនិកទាំងឡាយគួរព្យាយាមបណ្ដុះឲ្យមានមិត្តភាពកាន់តែជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ ដំណាលគ្នានោះ ពួកគេគួរយកចិត្តទុកដាក់និងស្ដាប់តាមវិចារណញ្ញាណរបស់ខ្លួនកាន់តែច្រើនឡើងៗដែរ។ ឧបមាថា ប្អូនប្រុសឈ្មោះវិចិត្រទើបតែបានទទួលការជ្រមុជទឹក។ គាត់រាវរកហេតុផលតាមវិចារណញ្ញាណរបស់គាត់ថា គាត់គួរតែជៀសយ៉ាងឆ្ងាយពីការប្រព្រឹត្តដែលគាត់ធ្លាប់មានពីមុន ជាការប្រព្រឹត្តដែលខុសនឹងច្បាប់ក្នុងគម្ពីរ មិនថាទាក់ទងនឹងរូបព្រះឬឈាមជាដើម។ (កិច្ចការ ២១:២៥) តាមការពិត វិចិត្រជៀសវាងទាំងស្រុងនូវអ្វីដែលព្រះយេហូវ៉ាហាមនោះ រួមទាំងអ្វីដែលគាត់មិនដឹងច្បាស់ថា បំពានច្បាប់ព្រះឬមិនបំពាន។ យ៉ាងណាក៏ដោយ វិចិត្រក៏ងឿងឆ្ងល់អំពីមូលហេតុដែលបងប្អូនគ្រិស្តសាសនិកខ្លះបដិសេធនឹងអ្វីដែលគាត់គិតថា គ្មានអ្វីខុសទេ ដូចជាកម្មវិធីទូរទស្សន៍ផ្សេងៗជាដើម។
១៧. សូមរៀបរាប់ឧទាហរណ៍មួយដែលបង្ហាញថា ការចូលទៅជិតព្រះជានិច្ចអាចមានឥទ្ធិពលបន្ដិចម្ដងៗទៅលើការសម្រេចចិត្តនិងសមត្ថភាពវិនិច្ឆ័យខ្លួន។
១៧ បន្ដិចម្ដងៗ វិចិត្រទទួលចំណេះកាន់តែច្រើនអំពីព្រះ ហើយក៏ចូលកាន់តែជិតនឹងទ្រង់ផង។ (កូល៉ុស ១:៩, ១០) តើមានលទ្ធផលអ្វី? វិចិត្របណ្ដុះឲ្យមានសមត្ថភាពវិនិច្ឆ័យខ្លួនកាន់តែប្រសើរឡើងៗ ហើយគាត់ក៏យកចិត្តទុកដាក់នឹងបញ្ញាចិត្ត ព្រមទាំងស្ដាប់តាមវិចារណញ្ញាណរបស់ខ្លួនដោយត្រិះរិះរាវរកហេតុផលឲ្យស្គាល់ខុសនិងត្រូវតាមគោលការណ៍ក្នុងគម្ពីរ។ ឥឡូវវិចិត្រទទួលស្គាល់ថា អ្វីៗដែលគាត់បានជៀសវាងទាំងស្រុងពីមុន ពីព្រោះគាត់មិនដឹងច្បាស់ថា បំពានច្បាប់ព្រះឬមិនបំពាននោះ តាមការពិតមិនមែនជាអ្វីដែលព្រះយេហូវ៉ាស្អប់ទេ។ ម្យ៉ាងទៀត ដោយសារវិចិត្រយល់គោលការណ៍ក្នុងគម្ពីរកាន់តែច្បាស់ ហើយគាត់យកចិត្តទុកដាក់នឹងសមត្ថភាពវិនិច្ឆ័យខ្លួនដោយស្ដាប់តាមវិចារណញ្ញាណដែលគាត់បានបណ្ដុះឲ្យមាននោះ នេះក៏ជំរុញគាត់ឲ្យឈប់មើលកម្មវិធីទូរទស្សន៍ដែលគាត់ចូលចិត្តពីមុន។ ត្រូវមែន វិចិត្របានបង្កើនសមត្ថភាពវិនិច្ឆ័យខ្លួនឲ្យបានច្បាស់ឡើង។—ទំនុកដំកើង ៣៧:៣១
១៨. តើយើងមានអំណរដោយព្រោះអ្វី?
១៨ ចំណងមិត្តភាពជាមួយព្រះយេហូវ៉ាដែលបងប្អូនគ្រិស្តសាសនិកក្នុងក្រុមជំនុំភាគច្រើនមាន មិនដូចៗគ្នាទាំងអស់ទេ។ បងប្អូនខ្លះទើបតែមានជំនឿទៅលើព្រះយេហូវ៉ា ហើយពួកគេមិនទាន់ចេះត្រិះរិះរាវរកហេតុផលឲ្យស្គាល់ខុសនិងត្រូវអំពីរឿងខ្លះទេ។ ក៏ប៉ុន្តែ ពួកគេប្រហែលជាពូកែវិនិច្ឆ័យខ្លួនក្នុងករណីឯទៀត។ បងប្អូនទាំងនេះទំនងជាត្រូវការជំនួយដើម្បីរៀនឲ្យស្គាល់ទស្សនៈរបស់ព្រះយេហូវ៉ាបន្ដិចម្ដងៗ ហើយជាយថាហេតុ ពួកគេក៏នឹងចេះស្ដាប់តាមវិចារណញ្ញាណដែលបណ្ដុះមកនោះ។ (អេភេសូរ ៤:១៤, ១៥) ប៉ុន្តែ គួរឲ្យរីករាយណាស់ដែលក្រុមជំនុំទាំងឡាយក៏មានបងប្អូនច្រើននាក់ដែលមានចំណេះច្រើន ហើយបានធ្វើតាមគោលការណ៍ក្នុងគម្ពីរយូរយារមកហើយដែរ ដូច្នេះពួកគាត់ចេះវិនិច្ឆ័យខ្លួននិងរាវរកហេតុផលឲ្យបានស្របទៅតាមទស្សនៈរបស់ព្រះយេហូវ៉ា។ យើងពិតជាមានអំណរមែន! ក្នុងការសំណេះសំណាលជាមួយ‹អ្នកដែលស្អាត› ពោលគឺ បងប្អូនដែលមានទស្សនៈដូចលោកម្ចាស់របស់យើង ស្តីអំពីគោលការណ៍សីលធម៌ដែល‹ស្អាតស្អំ› និងការថ្វាយបង្គំដែលគាប់ចិត្តទ្រង់។ (អេភេសូរ ៥:១០) ចូរឲ្យយើងរាល់គ្នាមានគោលដៅបណ្ដុះឲ្យមានសមត្ថភាពវិនិច្ឆ័យខ្លួនកាន់តែល្អឡើងៗ និងរក្សាឲ្យមានវិចារណញ្ញាណជានិច្ច ដែលបង្ហាញថាយើងមានចំណេះដឹងពិត ព្រមទាំងគោរពថ្វាយបង្គំព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត។—ទីតុស ១:១
[កំណត់សម្គាល់]
a ទស្សនាវដ្ដីប៉មយាម ជាភាសាអង់គ្លេស ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៨៣ នៅទំព័រទី៣០-៣១ មានចំណុចខ្លះៗដែលស្វាមីភរិយាគួរចង់យកមកពិចារណាស្តីអំពីរឿងនេះ។ អត្ថបទនោះជូនយោបល់ចំពោះស្វាមីភរិយាទាំងឡាយថា៖ «យកល្អឲ្យពួកគាត់បង្កើតឲ្យមានចិត្តដែលស្អប់អ្វីៗដែលព្រះយេហូវ៉ាចាត់ទុកថា ជាការស្មោកគ្រោក រួមទាំងការរួមភេទដែលច្បាស់ជាខុសពីប្រក្រតី។ គូស្វាមីភរិយាគួរប្រព្រឹត្តសមស្របនឹងវិចារណញ្ញាណដែលវិនិច្ឆ័យខ្លួនថា មិនបានធ្វើខុសអ្វីឡើយ។ . . . ពួកគាត់ក៏គួរចងចាំថា ការរួមដំណេកគួរមានលក្ខណៈល្អប្រសើរដោយលើកកិត្ដិយសចំពោះគ្នាទៅវិញទៅមក ហើយក៏គួរបង្ហាញសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅផង។ នេះមានន័យថា ស្វាមីភរិយាមិនបង្ខំឲ្យគូរបស់ខ្លួនធ្វើអ្វីដែលទាស់ចិត្តឬនាំឲ្យមានគ្រោះថ្នាក់ឡើយ។—អេភេសូរ ៥:២៨-៣០; ពេត្រុសទី១ ៣:១, ៧»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអ្វីបណ្ដាលឲ្យគ្រិស្តសាសនិកខ្លះនៅកោះក្រេតមានបញ្ញាចិត្តស្មោកគ្រោក?
• ទោះបើមានវិចារណញ្ញាណល្អក្ដី ហេតុអ្វីក៏គ្រិស្តសាសនិកពីរនាក់អាចសម្រេចចិត្តខុសពីគ្នា?
• បន្ដិចម្ដងៗ តើយើងគួរមានបញ្ញាចិត្ត វិចារណញ្ញាណនិងសមត្ថភាពវិនិច្ឆ័យខ្លួនយ៉ាងណា?