បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៩ ទំ. ១៧-២១
  • តើអ្នកបានទទួលការកែប្រែទាំងស្រុងឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកបានទទួលការកែប្រែទាំងស្រុងឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​យើង​ត្រូវ​ទទួល​ការ​កែប្រែ​ទាំង​ស្រុង?
  • តើ​មាន​អ្វី​ខ្លះ​ដែល​ត្រូវ​ទទួល​ការ​កែប្រែ​ទាំង​ស្រុង?
  • របៀប​ដែល​យើង​អាច​កែប្រែ​ទាំង​ស្រុង
  • ចូររំលំរំលើងការវែកញែកទាំងអស់ដែលប្រឆាំងចំណេះអំពីព្រះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • «ចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • តើអ្នកណាកំពុងមានឥទ្ធិពលលើរបៀបគិតគូររបស់អ្នក?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចូរមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាដែលជាជាងស្មូនរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៩ ទំ. ១៧-២១

តើ​អ្នក​បាន​ទទួល​ការ​កែប្រែ​ទាំង​ស្រុង​ឬ​ទេ?

​«​ចូរ​ទទួល​ការ​កែប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា​វិញ​»។—រ៉ូម ១២:២

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

  • ហេតុ​អ្វី​គ្រិស្ត​សាសនិក​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​កែប្រែ​ទាំង​ស្រុង?

  • តើ​ការ​កែប្រែ​ទាំង​ស្រុង​អ្វី ដែល​គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​ធ្វើ?

  • តើ​យើង​អាច​ទទួល​ជោគជ័យ​ក្នុង​ការ​កែប្រែ​ទាំង​ស្រុង​ដ៏​សំខាន់​ចាំ​បាច់​នេះ​យ៉ាង​ដូច​ម្ដេច?

១, ២​. តើ​របៀប​ដែល​យើង​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​និង​មជ្ឈដ្ឋាន​​យើង​រស់​នៅ​មាន​ឥទ្ធិពល​លើ​យើង​យ៉ាង​ដូច​ម្ដេច?

យើង​ទាំង​អស់​គ្នា​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​របៀប​ដែល​យើង​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​និង​ពី​មជ្ឈដ្ឋាន​ដែល​យើង​រស់​នៅ។ យើង​ទាំង​អស់​គ្នា​មាន​របៀប​ស្លៀក​ពាក់​របស់​យើង មាន​ម្ហូប​អាហារ​ដែល​យើង​ចូល​ចិត្ត និង​របៀប​ដែល​យើង​ប្រព្រឹត្ត។ ហេតុ​អ្វី? មូលហេតុ​មួយ គឺ​ដោយ​សារ​ឥទ្ធិពល​របស់​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង និង​ស្ថានភាព​ក្នុង​ជីវិត​របស់​យើង។

២ ប៉ុន្តែ មាន​អ្វី​ៗ​ដែល​សំខាន់​ជាង​ជម្រើស​របស់​យើង​ស្តី​អំពី​ម្ហូប​អាហារ និង​របៀប​ដែល​យើង​ស្លៀក​ពាក់​ឆ្ងាយ​ណាស់។ ជា​ឧទាហរណ៍ យើង​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ឲ្យ​ចាត់​ទុក​ថា​រឿង​ខ្លះ​គឺ​ត្រឹម​ត្រូវ​និង​អាច​ទទួល​យក​បាន តែ​រឿង​ខ្លះ​ទៀត​គឺជា​អ្វី​ដែល​ខុស​និង​មិន​អាច​ទទួល​យក​បាន​ទេ។ ប៉ុន្តែ​មនុស្ស​មាន​គំនិត​ផ្សេង​ៗ​គ្នា​ស្តី​អំពី​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស។ សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ក៏​អាច​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​យើង​ដែរ។ គម្ពីរ​ទទួល​ស្គាល់​ថា ជា​រឿយ​ៗ​«​ជន​ជាតិ​ដទៃ​ដែល​មិន​មាន​ច្បាប់ នៅ​តែ​ធ្វើ​អ្វី​ៗ​ក្នុង​ច្បាប់​ដោយ​សារ​ជា​លក្ខណៈ​ធម្មជាតិ​របស់​ពួក​គេ​»។ (​រ៉ូម ២:១៤​) ប៉ុន្តែ​តើ​នេះ​មាន​ន័យ​ថា​ដរាប​ណា​គ្មាន​ច្បាប់​ជាក់​លាក់​ដែល​មក​ពី​ព្រះ ដរាប​នោះ​យើង​អាច​ធ្វើ​តាម​របៀប និង​ខ្នាត​តម្រា​ដែល​យើង​បាន​ត្រូវ​ចិញ្ចឹម​អប់រំ ហើយ​ធ្វើ​តាម​មនុស្ស​ទូទៅ​ក្នុង​តំបន់​ដែល​យើង​រស់​នៅ​ឬ?

៣​. តើ​មាន​មូលហេតុ​ពីរ​យ៉ាង​អ្វី ដែល​គ្រិស្ត​សាសនិក​មិន​ធ្វើ​តាម​ការ​ប្រព្រឹត្ត​និង​ខ្នាត​តម្រា​ដែល​មនុស្ស​ទូទៅ​គិត​ថា​ត្រឹម​ត្រូវ?

៣ យ៉ាង​ហោច​ណាស់​មាន​មូលហេតុ​សំខាន់​ពីរ​យ៉ាង​ដែល​គ្រិស្ត​សាសនិក​មិន​ធ្វើ​ដូច្នេះ​ឡើយ។ ទី​១ គម្ពីរ​រំលឹក​យើង​ថា​៖ ​«​មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ​ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺជា​សេចក្ដី​ស្លាប់​»។ (​សុភ. ១៦:២៥​) ដោយ​សារ​តែ​ភាព​មិន​ល្អ​ឥត​ខ្ចោះ យើង​មិន​មាន​សមត្ថភាព​ពេញ​លេញ​ដើម្បី​ដឹង​ថា​អ្វី​ណា​មួយ​ដែល​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​យើង ដើម្បី​ដឹក​នាំ​យើង​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ឡើយ។ (​សុភ. ២៨:២៦; យេ. ១០:២៣​) ទី​២ គម្ពីរ​បង្ហាញ​ថា​អ្វី​ដែល​មនុស្ស​ចូល​ចិត្ត​និង​ខ្នាត​តម្រា​របស់​ពិភព​លោក​នេះ​គឺ​បាន​ទទួល​ឥទ្ធិពល​ពី​សាថាន ហើយ​នៅ​ក្រោម​អំណាច​របស់​វា​ដែល​ជា​«​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​»។ (​២កូ. ៤:៤; ១យ៉ូន. ៥:១៩​) ដូច្នេះ ប្រសិនបើ​យើង​ចង់​បាន​ពរ​និង​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា យើង​ត្រូវ​ធ្វើ​តាម​ការ​ដាស់​តឿន​នៅ​រ៉ូម ១២:២ (​សូម​អាន​)។

៤​. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

៤ មាន​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​រ៉ូម ១២:២​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិត​ដល់។ (​១​) ហេតុ​អ្វី​យើង​ត្រូវ​ទទួល​«​ការ​កែប្រែ​ទាំង​ស្រុង​»​? (​២​) តើ​ការ​កែប្រែ​ទាំង​ស្រុង​ជាប់​ទាក់​ទង​នឹង​អ្វី? ហើយ (​៣​) តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ការ​កែប្រែ​ទាំង​ស្រុង? សូម​យើង​ពិចារណា​សំណួរ​ទាំង​នេះ។

ហេតុ​អ្វី​យើង​ត្រូវ​ទទួល​ការ​កែប្រែ​ទាំង​ស្រុង?

៥​. តើ​ពាក្យ​របស់​ប៉ូល​នៅ​រ៉ូម ១២:២​មាន​អត្ថន័យ​ពិសេស​សម្រាប់​អ្នក​ណា?

៥ ពាក្យ​របស់​សាវ័ក​ប៉ូល​ដែល​បាន​កត់​ទុក​ក្នុង​សំបុត្រ​ទៅ​កាន់​មនុស្ស​នៅ​ក្រុង​រ៉ូម មិន​មែន​សំដៅ​ទៅ​អ្នក​មិន​ជឿ​ឬ​មនុស្ស​ជា​ទូទៅ​ទេ ប៉ុន្តែ​សំដៅ​ទៅ​បង​ប្អូន​ដែល​ជា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។ (​រ៉ូម ១:៧​) ប៉ូល​បាន​ដាស់​តឿន​ពួក​គាត់​ឲ្យ​ទទួល​ការ​កែប្រែ​ទាំង​ស្រុង ហើយ​«​ឈប់​យក​តម្រាប់​តាម​របៀប​របប​ពិភព​លោក​នេះ​»។ សម្រាប់​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម​នៅ​សម័យ​នោះ ប្រហែលជា​នៅ​ឆ្នាំ​៥៦ គ.ស. ​«​របៀប​របប​ពិភព​លោក​»​ជាប់​ទាក់​ទង​នឹង​ខ្នាត​តម្រា ទំនៀម​ទម្លាប់ សុជីវធម៌ និង​របៀប​ស្លៀក​ពាក់ ដែល​ជា​លក្ខណៈ​សម្គាល់​របស់​ចក្រភព​រ៉ូម។ ពេល​ប៉ូល​ប្រើ​ពាក្យ​«​ឈប់​»​ នេះ​បង្ហើប​ឲ្យ​ដឹង​ថា​គ្រិស្ត​សាសនិក​ខ្លះ​នៅ​តែ​ទទួល​ឥទ្ធិពល​ពី​របៀប​របប​ពិភព​លោក​នោះ។ តើ​របៀប​របប​ពិភព​លោក​នៅ​សម័យ​នោះ​ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បង​ប្អូន​យើង?

៦, ៧​. នៅ​សម័យ​របស់​ប៉ូល តើ​តាម​របៀប​ណា​ជីវភាព​នៃ​សង្គម​និង​សាសនា​នៅ​ក្រុង​រ៉ូម​នាំ​ឲ្យ​គ្រិស្ត​សាសនិក​មាន​ការ​ពិបាក?

៦ សព្វ​ថ្ងៃ​នេះ ភ្ញៀវ​ទេសចរ​នៅ​ក្រុង​រ៉ូម​ច្រើន​តែ​ឃើញ​ប្រាសាទ ទី​បញ្ចុះ​សព វិមាន កីឡាដ្ឋាន រោង​ល្ខោន និង​អ្វី​ៗ​ផ្សេង​ទៀត​ដែល​នៅ​សេស​សល់។ របស់​ខ្លះ​ទាំង​នេះ​មាន​តាំង​ពី​សតវត្សរ៍​ទី​១។ អ្វី​ដែល​នៅ​សេស​សល់​ទាំង​នេះ​បង្ហាញ​អំពី​ជីវភាព​នៃ​សង្គម​និង​សាសនា​របស់​រ៉ូម​នៅ​សម័យ​បុរាណ។ យើង​ក៏​អាច​អាន​ក្នុង​សៀវភៅ​ប្រវត្ដិសាស្ត្រ​អំពី​កីឡា​ដែល​មាន​ការ​ប្រកួតប្រជែង​ដោយ​បង្ហូរ​ឈាម ការ​ប្រណាំង​រទេះ​ចម្បាំង និង​ការ​លេង​ល្ខោន ហើយ​ល្ខោន​ខ្លះ​មាន​អម​ជា​មួយ​បទ​ភ្លេង​ដែល​លេង​រឿង​ផ្សេង​ៗ រឿង​ខ្លះ​ក្នុង​ចំណោម​រឿង​ទាំង​នោះ​ជា​រឿង​ថោក​ទាប។ ក្រុង​រ៉ូម​ក៏​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​រីក​ចម្រើន​ដែរ ដូច្នេះ​មនុស្ស​មាន​ឱកាស​ជា​ច្រើន​ដើម្បី​មាន​ទ្រព្យ​សម្បត្ដិ។—រ៉ូម ៦:២១; ១ពេ. ៤:៣, ៤

៧ ទោះ​ជា​ជន​ជាតិ​រ៉ូម​មាន​វិហារ​ដែល​មាន​ព្រះ​ជា​ច្រើន​ក៏​ដោយ ជា​ទូទៅ​ពួក​គេ​មិន​មាន​ឈ្មោះ​ជា​មនុស្ស​ដែល​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​ដែល​ពួក​គេ​គោរព​បូជា​ទេ។ សាសនា​របស់​ពួក​គេ​ច្រើន​តែ​ជា​ទម្លាប់​ផ្សេង​ៗ​ដែល​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដូច​ជា​ពេល​កើត​កូន ពេល​មាន​ពិធី​អាពាហ៍​ពិពាហ៍ និង​ពេល​ធ្វើ​ពិធី​បុណ្យ​សព។ អ្នក​អាច​ស្រមៃ​គិត​ថា​សកម្មភាព​ទាំង​នោះ នាំ​ឲ្យ​មាន​ការ​ពិបាក​យ៉ាង​ណា​ដល់​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម។ គ្រិស្ត​សាសនិក​ជា​ច្រើន​បាន​មក​ពី​មជ្ឈដ្ឋាន​បែប​នោះ ដូច្នេះ​ពួក​គេ​ប្រាកដជា​ត្រូវ​កែប្រែ​ទាំង​ស្រុង​ដើម្បី​ក្លាយ​ជា​គ្រិស្ត​សាសនិក​ពិត ហើយ​ការ​កែប្រែ​ទាំង​ស្រុង​នោះ​មិន​បាន​បញ្ចប់​នៅ​ថ្ងៃ​ដែល​ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។

៨​. តើ​ពិភព​លោក​នេះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

៨ ដូច​ចក្រភព​រ៉ូម ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ក៏​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​គ្រិស្ត​សាសនិក​ដែរ។ ហេតុ​អ្វី​ក៏​ដូច្នេះ? ដោយ​សារ​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​បង្ហាញ​ឲ្យ​ឃើញ​តាម​របៀប​ជា​ច្រើន។ (​សូម​អាន អេភេសូរ ២:២, ៣; យ៉ូហានទី១ ២:១៦​) ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​ត្រូវ​ប្រឈម​មុខ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា របៀប​គិត​គូរ ខ្នាតតម្រា និង​សីលធម៌​របស់​ពិភព​លោក​នេះ ហើយ​នេះ​អាច​នាំ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​ជា​និច្ច​ពី​ការ​ទទួល​យក​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ។ ដូច្នេះ យើង​មាន​មូលហេតុ​ជា​ច្រើន​ដើម្បី​ធ្វើ​តាម​ការ​ដាស់​តឿន​ដែល​មក​ពី​ព្រះ​ឲ្យ​«​ឈប់​យក​តម្រាប់​តាម​របៀប​របប​ពិភព​លោក​នេះ​»​ ហើយ​«​ទទួល​ការ​កែប្រែ​ទាំង​ស្រុង​»។ តើ​យើង​ត្រូវ​ធ្វើ​អ្វី?

តើ​មាន​អ្វី​ខ្លះ​ដែល​ត្រូវ​ទទួល​ការ​កែប្រែ​ទាំង​ស្រុង?

៩​. មុន​នឹង​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក តើ​មនុស្ស​ជា​ច្រើន​បាន​កែប្រែ​អ្វី​ខ្លះ?

៩ កាល​ដែល​បុគ្គល​ម្នាក់​សិក្សា ហើយ​ធ្វើ​តាម​សេចក្ដី​ពិត​ក្នុង​គម្ពីរ គាត់​ចាប់​ផ្ដើម​ជឿន​ទៅ​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ដោយ​បង្ហាញ​ជំនឿន​បែប​នេះ គាត់​ធ្វើ​ការ​កែប្រែ​ក្នុង​ជីវិត​ស្រប​តាម​អ្វី​ដែល​គាត់​បាន​រៀន។ គាត់​បោះបង់​ចោល​ទំនៀម​ទម្លាប់​របស់​សាសនា​មិន​ពិត និង​លក្ខណៈ​មិន​ល្អ​នៃ​ជីវិត​របស់​គាត់​ពី​មុន ហើយ​អប់រំ​ខ្លួន​ឲ្យ​មាន​បុគ្គលិក​លក្ខណៈ​ដូច​គ្រិស្ត។ (​អេភ. ៤:២២​-​២៤​) យើង​សប្បាយ​ចិត្ត​ពេល​ឃើញ​មនុស្ស​រាប់​សែន​នាក់​មាន​ជំនឿន​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ ហើយ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក ដែល​ជា​តំណាង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ។ (​សុភ. ២៧:១១​) ប៉ុន្តែ​យើង​គួរ​ពិចារណា​សំណួរ​ដែល​ថា: តើ​ការ​កែប្រែ​ទាំង​អស់​នេះ​គឺ​គ្រប់​គ្រាន់​ហើយ​ឬ?

១០​. តើ​ការ​កែប្រែ​ទាំង​ស្រុង​ខុស​គ្នា​យ៉ាង​ណា​ពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ជាង?

១០ តាម​ការ​ពិត ការ​កែប្រែ​ទាំង​ស្រុង​ជាប់​ទាក់​ទង​នឹង​អ្វី​ៗ​ច្រើន​ជាង​ការ​ជឿន​ទៅ​មុខ ឬ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ជាង។ ផលិតផល​មួយ​ប្រហែលជា​បាន​បិទ​ស្លាក​ឬ​បាន​ផ្សាយ​ថា​«​ថ្មី​»​ ប៉ុន្តែ​នៅ​តែ​ជា​ផលិតផល​ដដែល។ គេ​ប្រហែលជា​គ្រាន់តែ​បន្ថែម​គ្រឿង​ផ្សំ​ណា​មួយ ឬ​គ្រាន់តែ​បាន​តុបតែង​កញ្ចប់​ខាង​ក្រៅ​ឲ្យ​មើល​ទៅ​ទាក់​ទាញ​ជាង​មុន​ប៉ុណ្ណោះ។ កំណត់​ពី​វចនានុក្រម​គម្ពីរ​មួយ​ពន្យល់​ពាក្យ​«​ការ​ទទួល​ការ​កែប្រែ​ទាំង​ស្រុង​»​ថា​៖ ​«​នៅ​រ៉ូម​១២:២ ការ​ទទួល​ការ​កែប្រែ​សម្បក​ក្រៅ​ឲ្យ​ស្រប​តាម . . . របៀប​របប​ពិភព​លោក​នេះ គឺ​ផ្ទុយ​គ្នា​ពី​ការ​ទទួល​ការ​កែប្រែ​ទាំង​ស្រុង . . . នូវ​បុគ្គលិក​លក្ខណៈ​ឲ្យ​មាន​របៀប​គិត​គូរ​ថ្មី ដោយ​មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​»​ (​Vine’s Expository Dictionary​)។ ដូច្នេះ ការ​កែប្រែ​ទាំង​ស្រុង​ដែល​គ្រិស្ត​សាសនិក​ត្រូវ​ធ្វើ​មិន​គ្រាន់តែ​ជា​ការ​លះ​បង់​ចោល​ទម្លាប់​អាក្រក់ ពាក្យ​សម្ដី​មិន​ល្អ និង​ការ​ប្រព្រឹត្ត​ដែល​ប្រាសចាក​សីលធម៌​ប៉ុណ្ណោះ​ទេ។ មនុស្ស​ខ្លះ​ដែល​មិន​មាន​ចំណេះ​ពី​គម្ពីរ នៅ​តែ​ព្យាយាម​រក្សា​ឲ្យ​មាន​របៀប​រស់​នៅ​ដោយ​មិន​សូវ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ឡើយ។ ដូច្នេះ តើ​ការ​កែប្រែ​ទាំង​ស្រុង​ដែល​គ្រិស្ត​សាសនិក​ត្រូវ​ធ្វើ​ទាក់​ទង​នឹង​អ្វី​ខ្លះ?

១១​. តើ​ប៉ូល​បាន​បង្ហាញ​ថា​ការ​កែប្រែ​ទាំង​ស្រុង​ត្រូវ​ធ្វើ​ឡើង​តាម​របៀប​ណា?

១១ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​ទទួល​ការ​កែប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា​វិញ​»។ ពាក្យ​«​របៀប​គិត​គូរ​»​ជាប់​ទាក់​ទង​នឹង​សមត្ថភាព​រិះ​គិត​របស់​យើង។ ប៉ុន្តែ​ក្នុង​គម្ពីរ ពាក្យ​នេះ​រួម​បញ្ចូល បំណង​ចិត្ត ចិត្ត​គំនិត និង​សមត្ថភាព​វែក​ញែក​របស់​យើង។ នៅ​ដើម​សំបុត្រ​របស់​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម គាត់​បាន​រៀប​រាប់​អំពី​មនុស្ស​ដែល​បង្ហាញ​«​របៀប​គិត​គូរ​ដែល​លោក​មិន​ពេញ​ចិត្ត​»។ មនុស្ស​ទាំង​នោះ​ច្រើន​តែ​មាន​«​ភាព​មិន​សុចរិត ភាព​ទុច្ចរិត ចិត្ត​លោភ​លន់ និង​ភាព​អាក្រក់​សព្វ​បែប​យ៉ាង ក៏​ពេញ​ទៅ​ដោយ​សេចក្ដី​ច្រណែន ឃាតកម្ម ការ​ឈ្លោះ​ប្រកែក​គ្នា ការ​បោក​បញ្ឆោត​»​និង​អ្វី​ៗ​ឯ​ទៀត​ដែល​អាក្រក់។ (​រ៉ូម ១:២៨​-​៣១​) យើង​អាច​យល់​អំពី​មូលហេតុ​ដែល​ប៉ូល​បាន​ដាស់​តឿន​ពួក​អ្នក​ដែល​បាន​ធំ​ឡើង​ក្នុង​មជ្ឈដ្ឋាន​បែប​នេះ ហើយ​បាន​ក្លាយ​ជា​អ្នក​បម្រើ​របស់​ព្រះ ឲ្យ​«​ទទួល​ការ​កែប្រែ​ទាំង​ស្រុង​»​ ព្រម​ទាំង‹ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​ពួក​គេ›។

‹ចូរ​អ្នក​រាល់​គ្នា​បោះបង់​ចោល​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ការ​ស្រែក​គំហក និង​ពាក្យ​ប្រមាថ​មើល​ងាយ›។—អេភ. ៤:៣១

១២​. តើ​មនុស្ស​ជា​ទូទៅ​នៅ​សព្វ​ថ្ងៃ​នេះ​មាន​ចិត្ត​គំនិត​បែប​ណា ហើយ​តើ​ចិត្ត​គំនិត​បែប​នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​គ្រិស្ត​សាសនិក​យ៉ាង​ដូច​ម្ដេច?

១២ គួរ​ឲ្យ​ស្ដាយ​ណាស់ នៅ​ជុំ​វិញ​យើង​មាន​មនុស្ស​ដូច​ប៉ូល​បាន​រៀប​រាប់។ ពួក​គេ​ទំនង​ជា​គិត​ថា​ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​និង​គោល​ការណ៍​ផ្សេង​ៗ​គឺជា​អ្វី​ដែល​ហួស​សម័យ ឬ​ជា​គំនិត​ចង្អៀតចង្អល់។ គ្រូ​បង្រៀន​និង​ឪពុក​ម្ដាយ​ជា​ច្រើន​បណ្ដែត​បណ្ដោយ​កូន​ក្មេង​ឲ្យ​ធ្វើ​អ្វី​ៗ​ក៏​ដោយ​តាម​ចិត្ត​របស់​ពួក​គេ។ ពួក​គេ​ថែម​ទាំង​បង្រៀន​ថា មនុស្ស​ម្នាក់​ៗ​មាន​សេរីភាព​ដើម្បី​សម្រេច​ថា​អ្វី​គឺ​ត្រូវ ឬ​អ្វី​គឺ​ខុស។ ចំពោះ​ពួក​គេ អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​គឺ​អាស្រ័យ​ទៅ​លើ​ទស្សនៈ​របស់​មនុស្ស​ម្នាក់​ៗ។ សូម្បី​តែ​មនុស្ស​ជា​ច្រើន​ដែល​អះអាង​ថា​ជឿ​លើ​សាសនា​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏​គិត​ថា​ពួក​គេ​មាន​សេរីភាព​ដើម្បី​ធ្វើ​អ្វី​ដែល​ពួក​គេ​គិត​ថា​ត្រូវ ដោយ​មិន​ចាំ​បាច់​ស្ដាប់​បង្គាប់​ព្រះ​និង​បញ្ញត្ដិ​របស់​លោក​ឡើយ។ (​ទំនុក. ១៤:១​) ចិត្ត​គំនិត​បែប​នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​គ្រិស្ត​សាសនិក​ពិត។ គ្រិស្ត​សាសនិក​ដែល​មិន​ប្រុង​ប្រយ័ត្ន​អាច​មាន​ចិត្ត​គំនិត​ដូច​នេះ​ចំពោះ​ការ​រៀបចំ​របស់​ព្រះ។ ពួក​គេ​ប្រហែលជា​មិន​សុខ​ចិត្ត​ធ្វើ​តាម​ការ​រៀបចំ​ក្នុង​ក្រុម​ជំនុំ ហើយ​ថែម​ទាំង​ត្អូញត្អែរ​អំពី​អ្វី​ដែល​ពួក​គេ​មិន​ចូល​ចិត្ត​ទៀត​ផង ឬ​ពួក​គេ​ប្រហែលជា​មិន​ប្រាកដ​ថា ឱវាទ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ស្តី​អំពី​ការ​កម្សាន្ត ការ​ប្រើ​អ៊ីនធឺណិត​និង​ការ​រៀន​នៅ​សកលវិទ្យាល័យ ជា​អ្វី​ដែល​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ។

១៣​. ហេតុ​អ្វី​យើង​គួរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​យើង​យ៉ាង​ស្មោះ?

១៣ ម្ល៉ោះ​ហើយ ដើម្បី​កុំ​ឲ្យ​យើង​យក​តម្រាប់ ឬ​ទទួល​ឥទ្ធិពល​ពី​ពិភព​លោក​នេះ​ទៀត យើង​ត្រូវ​ពិនិត្យ​ពិចារណា​យ៉ាង​ស្មោះ​អំពី​ចិត្ត​គំនិត​និង​អារម្មណ៍​ដែល​កប់​ជ្រៅ​នៅ​ក្នុង​ចិត្ត គោល​ដៅ និង​ខ្នាត​តម្រា​សីលធម៌​របស់​យើង។ មនុស្ស​ឯ​ទៀត​ប្រហែលជា​មិន​អាច​មើល​ឃើញ​អ្វី​ៗ​ទាំង​នេះ​ទេ។ ពួក​គេ​ប្រហែលជា​ប្រាប់​យើង​ថា​យើង​កំពុង​បម្រើ​ព្រះ​យ៉ាង​ល្អ។ ប៉ុន្តែ​មាន​តែ​ខ្លួន​យើង​ទេ​ដែល​អាច​ដឹង​ថា យើង​បាន​ឲ្យ​អ្វី​ដែល​យើង​បាន​រៀន​ពី​គម្ពីរ​កែប្រែ​យើង​ទាំង​ស្រុង​ក្នុង​រឿង​សំខាន់​ៗ​ទាំង​នេះ ហើយ​ឲ្យ​បន្ត​កែប្រែ​យើង។—សូម​អាន យ៉ាកុប ១:២៣​-​២៥

របៀប​ដែល​យើង​អាច​កែប្រែ​ទាំង​ស្រុង

១៤​. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​កែប្រែ​ដែល​ចាំ​បាច់?

១៤ ការ​កែប្រែ​ទាំង​ស្រុង​ជាប់​ទាក់​ទង​នឹង​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​យើង ដូច្នេះ​ដើម្បី​កែប្រែ​ទាំង​ស្រុង យើង​ត្រូវ​ការ​អ្វី​មួយ​ដែល​អាច​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ចិត្ត​របស់​យើង។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ? ពេល​យើង​រៀន​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង ស្រប​តាម​គោល​បំណង​របស់​លោក​ដែល​បាន​ចែង​ក្នុង​គម្ពីរ ប្រតិកម្ម​របស់​យើង​ចំពោះ​អ្វី​ដែល​យើង​បាន​អាន​បង្ហាញ​ឲ្យ​ឃើញ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​យើង និង​អ្វី​ដែល​យើង​ត្រូវ​កែ​តម្រូវ​ដើម្បី​ប្រព្រឹត្ត​សម​ស្រប​តាម​«​បំណង​ប្រាថ្នា​ដ៏ . . . ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​»។—រ៉ូម ១២:២; ហេ. ៤:១២

១៥​. តើ​ការ​អប់រំ​របស់​ព្រះ​យេហូវ៉ា​អាច​នាំ​ឲ្យ​មាន​ការ​កែប្រែ​ទាំង​ស្រុង​បែប​ណា?

១៥ សូម​អាន អេសាយ ៦៤:៨។ ឧទាហរណ៍​ដែល​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រើ បង្រៀន​យើង​នូវ​មេរៀន​ដ៏​សំខាន់​មួយ។ ដូច​ជាង​ស្មូន​ដែល​សូន​ដី​ឥដ្ឋ តើ​ព្រះ​យេហូវ៉ា​អប់រំ​យើង​យ៉ាង​ដូច​ម្ដេច? លោក​ច្បាស់​ជា​មិន​កែប្រែ​សម្បក​ក្រៅ​របស់​យើង ប្រហែលជា​ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្អាត​ជាង​មុន​នោះ​ទេ។ ព្រះ​យេហូវ៉ា​មិន​ផ្ដល់​នូវ​ការ​ហ្វឹកហាត់​ខាង​ខ្លួន​ប្រាណ​ទេ តែ​ផ្ដល់​ការ​អប់រំ​ខាង​ចិត្ត​គំនិត​វិញ។ កាល​ណា​យើង​ធ្វើ​តាម​ការ​អប់រំ​របស់​លោក យើង​ឲ្យ​លោក​កែប្រែ​យើង​ទាំង​ស្រុង​ពី​ខាង​ក្នុង ពោល​គឺ​លោក​ជួយ​យើង​ឲ្យ​កែប្រែ​ចិត្ត​និង​របៀប​គិត​គូរ​របស់​យើង។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​របស់​ពិភព​លោក​នេះ។ តើ​ការ​អប់រំ​នោះ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច?

១៦, ១៧​. (​ក​) សូម​រៀប​រាប់​អំពី​អ្វី​ដែល​ជាង​ស្មូន​ធ្វើ​ចំពោះ​ដី​ឥដ្ឋ ដើម្បី​ធ្វើ​ភាជនៈ​ដែល​មាន​គុណ​ភាព​ល្អ។ (​ខ​) តើ​តាម​របៀប​ណា​បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​កែប្រែ​ទាំង​ស្រុង​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា?

១៦ ដើម្បី​ធ្វើ​ភាជនៈ​ដែល​មាន​គុណ​ភាព​ល្អ ជាង​ស្មូន​ប្រើ​ដី​ឥដ្ឋ​ដែល​មាន​គុណ​ភាព​ខ្ពស់។ ប៉ុន្តែ​មាន​អ្វី​ពីរ​យ៉ាង​ដែល​ជាង​ស្មូន​ត្រូវ​ធ្វើ។ មុន​ដំបូង​គាត់​ត្រូវ​តែ​លាង​ជម្រះ​អ្វី​ផ្សេង​ៗ ឬ​ធាតុ​ដែល​ជាប់​នឹង​ដី​ឥដ្ឋ​សិន។ បន្ទាប់​មក​គាត់​ត្រូវ​លាយ​ដី​ឥដ្ឋ​ជា​មួយ​ចំណុះ​ទឹក​ត្រឹម​ត្រូវ ហើយ​ច្របាច់​វា ដើម្បី​កាល​ណា​គេ​បាន​សូន​វា​ជា​ភាជនៈ នោះ​វា​នឹង​រក្សា​រូបរាង។

១៧ សូម​កត់​សម្គាល់​ថា​ជាង​ស្មូន​ប្រើ​ទឹក​ដើម្បី​លាង​ជម្រះ​អ្វី​ដែល​មិន​ស្អាត​ដែល​ជាប់​នឹង​ដី​ឥដ្ឋ ហើយ​លាយ​ចំណុះ​ទឹក​ត្រឹម​ត្រូវ​ជា​មួយ​នឹង​ដី​ឥដ្ឋ​ដើម្បី​ឲ្យ​ដី​ឥដ្ឋ​ទន់​ងាយ​នឹង​សូន​ធ្វើ​ជា​ភាជនៈ ឬ​ជា​ភាជនៈ​ដ៏​មាន​តម្លៃ​មួយ។ តើ​អ្នក​អាច​ឃើញ​ថា​បណ្ដាំ​របស់​ព្រះ​អាច​មាន​តួនាទីស្រដៀង​គ្នា​នេះ​ក្នុង​ជីវិត​របស់​យើង​ឬ​ទេ? បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​បោះបង់​ចោល​របៀប​គិត​គូរ​ចាស់ តាំង​ពី​ពេល​ដែល​យើង​មិន​ទាន់​ស្គាល់​ព្រះ ហើយ​អាច​ជួយ​យើង​ឲ្យ​កែប្រែ​ទាំង​ស្រុង​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​មាន​តម្លៃ​ចំពោះ​លោក។ (​អេភ. ៥:២៦​) សូម​គិត​ថា​យើង​បាន​ត្រូវ​ដាស់​តឿន​ជា​ច្រើន​លើក​ច្រើន​សា​ឲ្យ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ និង​ឲ្យ​ចូល​រួម​ជា​ទៀង​ទាត់​ក្នុង​កិច្ច​ប្រជុំ​ដែល​មាន​ការ​ពិចារណា​បណ្ដាំ​របស់​ព្រះ។ ហេតុ​អ្វី​យើង​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​អ្វី​ៗ​ទាំង​នេះ? ដោយ​ធ្វើ​ដូច្នេះ យើង​សុខ​ចិត្ត​ឲ្យ​ព្រះ​យេហូវ៉ា​អប់រំ​យើង។—ទំនុក. ១:២; សកម្ម. ១៧:១១; ហេ. ១០:២៤, ២៥

១៨​. (​ក​) ហេតុ​អ្វី​ការ​រំពឹង​គិត​ជា​អ្វី​ដែល​សំខាន់​ចាំ​បាច់ បើ​យើង​ចង់​ឲ្យ​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល​មក​លើ​យើង ហើយ​កែប្រែ​យើង​ទាំង​ស្រុង? (​ខ​) តើ​សំណួរ​អ្វី​ខ្លះ​ដែល​អាច​ជួយ​យើង?

១៨ ដើម្បី​ឲ្យ​បណ្ដាំ​របស់​ព្រះ​កែប្រែ​យើង​ទាំង​ស្រុង យើង​មិន​គ្រាន់តែ​អាន​និង​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់​ប៉ុណ្ណោះ​ទេ។ មនុស្ស​ជា​ច្រើន​អាន​គម្ពីរ​ម្ដង​ម្កាល ហេតុ​នេះ​ហើយ​ពួក​គេ​ស្គាល់​បទ​គម្ពីរ​ខ្លះ​ដែរ។ ប្រហែលជា​អ្នក​បាន​ជួប​មនុស្ស​បែប​នោះ​ពេល​អ្នក​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ អ្នក​ខ្លះ​ប្រហែលជា​ទន្ទេញ​ចាំ​បទ​គម្ពីរ​ទៀត​ផង។ ប៉ុន្តែ នេះ​ប្រហែលជា​មាន​ឥទ្ធិពល​បន្ដិច​បន្តួច​លើ​ចិត្ត​គំនិត​និង​របៀប​រស់​នៅ​របស់​ពួក​គេ។ តើ​ពួក​គេ​ត្រូវ​ធ្វើ​អ្វី​ទៀត? ដើម្បី​ឲ្យ​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល ហើយ​កែប្រែ​បុគ្គល​ម្នាក់​ទាំង​ស្រុង គាត់​ត្រូវ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ចូល​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​របស់​គាត់។ ដូច្នេះ​យើង​ត្រូវ​ចំណាយ​ពេល​ដើម្បី​គិត​អំពី​អ្វី​ដែល​យើង​កំពុង​សិក្សា។ ជា​ការ​ល្អ​ដែល​យើង​គួរ​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ជឿ​ជាក់​ថា នេះ​មិន​គ្រាន់តែ​ជា​សេចក្ដី​បង្រៀន​ខ្លះ​របស់​សាសនា​ប៉ុណ្ណោះ​ឬ? តើ​ខ្ញុំ​ដឹង​ថា នេះ​ជា​សេចក្ដី​ពិត​ឬ​ទេ? ម្យ៉ាង​ទៀត តើ​ខ្ញុំ​ដឹង​អំពី​របៀប​អនុវត្ត​ក្នុង​ជីវិត​របស់​ខ្ញុំ​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​រៀន ហើយ​មិន​ចាត់​ទុក​អ្វី​នោះ​ថា​គ្រាន់តែ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​អាច​បង្រៀន​អ្នក​ឯ​ទៀត​ប៉ុណ្ណោះ​ឬ? តើ​ខ្ញុំ​គិត​ថា​ព្រះ​យេហូវ៉ា​កំពុង​និយាយ​មក​ខ្ញុំ​ផ្ទាល់​ឬ​ទេ?›។ បើ​យើង​រំពឹង​គិត​អំពី​សំណួរ​បែប​នេះ យើង​នឹង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​លោក​នឹង​មាន​កាន់​តែ​ខ្លាំង​ឡើង។ ពេល​ដែល​អ្វី​ដែល​យើង​រៀន​មាន​ឥទ្ធិពល​មក​លើ​ចិត្ត​របស់​យើង នេះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​កែប្រែ​ជីវិត​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​រីករាយ។—សុភ. ៤:២៣; លូក. ៦:៤៥

១៩, ២០​. តើ​ការ​ធ្វើ​តាម​ឱវាទ​អ្វី​ខ្លះ​ក្នុង​គម្ពីរ ដែល​អាច​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​ពិត​ប្រាកដ?

១៩ ការ​អាន​បណ្ដាំ​របស់​ព្រះ​និង​ការ​រំពឹង​គិត​ជា​ទៀង​ទាត់​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​បន្ត​ធ្វើ​អ្វី​ដែល​យើង​ទំនង​ជា​បាន​ធ្វើ​រួច​ហើយ​មួយ​កម្រិត គឺ​«​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់​និង​ការ​ប្រព្រឹត្ត​របស់​វា រួច​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី ដែល​កំពុង​ត្រូវ​កែប្រែ​ឲ្យ​ថ្មី​ឡើង​តាម​រយៈ​ចំណេះ​ត្រឹម​ត្រូវ​»។ (​កូឡ. ៣:៩, ១០​) យើង​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ជោគជ័យ​ជា​និច្ច បើ​យើង​យល់​បណ្ដាំ​របស់​ព្រះ​ច្បាស់ ហើយ​ឲ្យ​បណ្ដាំ​នោះ​មាន​ឥទ្ធិពល​មក​លើ​យើង។ ជា​លទ្ធផល បុគ្គលិក​លក្ខណៈ​ថ្មី​ជា​គ្រិស្ត​សាសនិក​នោះ​នឹង​ជួយ​ការពារ​យើង​ពី​កលល្បិច​ទាំង​ប៉ុន្មាន​របស់​សាថាន។

២០ សាវ័ក​ពេត្រុស​រំលឹក​យើង​ថា​៖ ​«​ក្នុង​នាម​ជា​កូន​ដែល​ស្ដាប់​បង្គាប់ ចូរ​ឈប់​បណ្ដោយ​ខ្លួន​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​មាន . . . ប៉ុន្តែ​ចូរ​ក្លាយ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់​»។ (​១ពេ. ១:១៤, ១៥​) ដោយ​ខំ​អស់ពី​សមត្ថភាព​របស់​យើង​ដើម្បី​លះ​ចោល​របៀប​គិត​គូរ​និង​ចិត្ត​គំនិត​ដែល​យើង​ធ្លាប់​មាន ហើយ​ទទួល​ការ​កែប្រែ​ទាំង​ស្រុង នោះ​យើង​នឹង​ទទួល​ពរ ដូច​យើង​នឹង​ឃើញ​នៅ​អត្ថបទ​បន្ទាប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក