អត្ថបទសិក្សា ២៤
ចូររំលំរំលើងការវែកញែកទាំងអស់ដែលប្រឆាំងចំណេះអំពីព្រះ!
«យើងកំពុងរំលំរំលើងការវែកញែក និងអ្វីៗទាំងអស់ដែលឆ្មើងកន្ត្រើង ហើយប្រឆាំងចំណេះអំពីព្រះ»។—២កូ. ១០:៥
ចម្រៀងលេខ១២៤ ចូរមានភក្ដីភាពជានិច្ច
សេចក្ដីសង្ខេបa
១. តើសាវ័កប៉ូលបានសរសេរការព្រមានអ្វីដល់គ្រិស្តសាសនិកដែលបានត្រូវរើសតាំង?
សាវ័កប៉ូលបានព្រមានថា៖ «ឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ»។ (រ៉ូម ១២:២) ប៉ូលបានសរសេរពាក្យទាំងនេះទៅកាន់គ្រិស្តសាសនិកនៅសតវត្សរ៍ទី១។ ហេតុអ្វីគាត់បានផ្ដល់ការព្រមានចំៗនេះដល់បុរសស្ត្រីដែលបានប្រគល់ខ្លួនជូនព្រះនិងដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ?—រ៉ូម ១:៧
២-៣. តើសាថានព្យាយាមធ្វើឲ្យយើងប្រឆាំងព្រះយេហូវ៉ាយ៉ាងដូចម្ដេច ប៉ុន្តែតើតាមរបៀបណាយើងអាចរំលំរំលើងអ្វីៗដែលបានចាក់ឫសជ្រៅក្នុងគំនិតរបស់យើង?
២ ប៉ូលបានព្រួយបារម្ភ ដោយសារតាមមើលទៅគ្រិស្តសាសនិកខ្លះបានឲ្យការវែកញែកមិនល្អនិងទស្សនវិជ្ជាដែលពិភពលោកសាថានលើកស្ទួយមានឥទ្ធិពលលើពួកគេ។ (អេភ. ៤:១៧-១៩) នេះអាចកើតឡើងចំពោះយើងម្នាក់ៗ។ សាថានដែលជាព្រះនៃរបៀបរបបពិភពលោកនេះប្រើកលល្បិចផ្សេងៗ ដើម្បីឲ្យយើងចាកចេញពីព្រះយេហូវ៉ា។ ជាឧទាហរណ៍ បើយើងចង់ធ្វើជាមនុស្សល្បីឈ្មោះឬចង់ធ្វើជាមនុស្សពិសេស វានឹងប្រើនោះដើម្បីឲ្យយើងចាកចេញពីព្រះយេហូវ៉ា។ វាក៏ប្រហែលជាថែមទាំងទាញប្រយោជន៍ពីវប្បធម៌ ការអប់រំ ឬបទពិសោធន៍របស់យើងដើម្បីឲ្យយើងគិតដូចវា។
៣ តើយើងអាចបំបាត់ចោល«អ្វីៗដែលចាក់ឫសជ្រៅ»ក្នុងគំនិតរបស់យើងបានឬទេ? (២កូ. ១០:៤) សូមកត់សម្គាល់ចម្លើយរបស់ប៉ូល។ គាត់និយាយថា៖ «យើងកំពុងរំលំរំលើងការវែកញែក និងអ្វីៗទាំងអស់ដែលឆ្មើងកន្ត្រើង ហើយប្រឆាំងចំណេះអំពីព្រះ ហើយយើងកំពុងកាន់កាប់គំនិតទាំងអស់ បង្ខំឲ្យស្ដាប់បង្គាប់គ្រិស្ត»។ (២កូ. ១០:៥) មែនហើយ ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចបំបាត់ចោលចិត្តគំនិតមិនត្រឹមត្រូវ។ ដូចដែលថ្នាំអាចបំបាត់ឥទ្ធិពលដែលជាតិពុលមានលើមនុស្ស បណ្ដាំរបស់ព្រះអាចលុបបំបាត់ឥទ្ធិពលអាក្រក់ដែលពិភពលោកសាថានមានលើយើង។
‹ការផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នក›
៤. តើយើងជាច្រើននាក់ត្រូវធ្វើការផ្លាស់ប្ដូរអ្វីខ្លះពេលយើងទទួលសេចក្ដីពិត?
៤ សូមគិតអំពីការផ្លាស់ប្ដូរដែលអ្នកត្រូវធ្វើពេលអ្នកបានរៀនអំពីសេចក្ដីពិតក្នុងគម្ពីរ ហើយបានសម្រេចចិត្តបម្រើព្រះយេហូវ៉ា។ យើងជាច្រើននាក់បានលះចោលការប្រព្រឹត្តផ្សេងៗដែលខុស។ (១កូ. ៦:៩-១១) យើងសប្បាយចិត្តណាស់ដែលព្រះយេហូវ៉ាបានជួយយើងឲ្យយកឈ្នះអំពើខុសឆ្គងទាំងនោះ!
៥. យោងទៅតាមរ៉ូម ១២:២តើយើងត្រូវធ្វើអ្វីពីរយ៉ាង?
៥ ប៉ុន្តែ យើងមិនគួរគិតថាយើងមិនចាំបាច់កែប្រែអ្វីទៀតទេ។ ទោះជាយើងបានឈប់ធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរដែលយើងធ្លាប់ធ្វើមុនទទួលការជ្រមុជទឹកក្ដី យើងនៅតែត្រូវបន្តខំព្យាយាមដើម្បីជៀសវាងពីអ្វីណាដែលអាចធ្វើឲ្យយើងចង់ប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរទាំងនោះម្ដងទៀត។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? ប៉ូលឆ្លើយថា៖ «ឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ តែចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នាវិញ»។ (រ៉ូម ១២:២) ដូច្នេះ យើងត្រូវធ្វើអ្វីពីរយ៉ាង។ ទី១ យើងត្រូវ«ឈប់យកតម្រាប់តាម»ពិភពលោក ឬមិនឲ្យពិភពលោកនេះមានឥទ្ធិពលមកលើយើង។ ទី២ យើងត្រូវ«ទទួលការកែប្រែទាំងស្រុង»ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់យើង។
៦. តើយើងរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូដែលបានត្រូវកត់ទុកនៅម៉ាថាយ ១២:៤៣-៤៥?
៦ ពាក្យរបស់ប៉ូលអំពីការកែប្រែទាំងស្រុងមិនគ្រាន់តែរួមបញ្ចូលការកែប្រែអាការក្រៅប៉ុណ្ណោះទេ តែក៏រួមបញ្ចូលការផ្លាស់ប្ដូររបៀបគិតគូររបស់យើង ពោលគឺកែប្រែទាំងស្រុងនូវចិត្តគំនិត អារម្មណ៍ និងសេចក្ដីប៉ងប្រាថ្នារបស់យើង។ (សូមមើលប្រអប់ដែលមានចំណងជើងថា «តើយើងបានធ្វើការកែប្រែទាំងស្រុង ឬគ្រាន់តែក្លែងខ្លួន?») ដូច្នេះយើងទាំងអស់គ្នាត្រូវសួរខ្លួនឯងថា ‹តើការផ្លាស់ប្ដូរដែលខ្ញុំកំពុងធ្វើដើម្បីយកតម្រាប់គ្រិស្តគឺតែសម្បកក្រៅប៉ុណ្ណោះ ឬតើខ្ញុំពិតជាកែប្រែពីខាងក្នុងចិត្តនិងគំនិតរបស់ខ្ញុំ?›។ ភាពខុសគ្នារវាងការកែប្រែទាំងពីរនេះគឺសំខាន់។ ក្នុងប្រសាសន៍របស់លោកយេស៊ូដែលបានត្រូវកត់ទុកនៅម៉ាថាយ ១២:៤៣-៤៥ លោកបានលើកបញ្ជាក់អំពីអ្វីដែលត្រូវធ្វើ។ (សូមអាន) យើងរៀនមេរៀនដ៏សំខាន់ពីខគម្ពីរទាំងនោះថា ការគ្រាន់តែលះចោលគំនិតមិនត្រឹមត្រូវគឺមិនគ្រប់គ្រាន់ទេ តែយើងត្រូវជំនួសគំនិតទាំងនោះដោយគំនិតដែលព្រះពេញចិត្ត។
‹ចូរឲ្យឥទ្ធិពលថ្មីកាន់កាប់គំនិតរបស់អ្នក›
៧. តើយើងអាចកែប្រែទាំងស្រុងនូវរបៀបគិតគូររបស់យើងតាមរបៀបណា?
៧ តើយើងអាចកែប្រែទាំងស្រុងនូវទំនោរចិត្តឬរបៀបគិតគូររបស់យើងបានឬទេ? បណ្ដាំរបស់ព្រះចែងថា៖ ‹ត្រូវឲ្យឥទ្ធិពលថ្មីកាន់កាប់គំនិតរបស់អ្នករាល់គ្នា ហើយត្រូវពាក់បុគ្គលិកលក្ខណៈថ្មី ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដ›។ (អេភ. ៤:២៣, ២៤) មែនហើយ យើងអាចកែប្រែរបៀបគិតគូររបស់យើងបាន ប៉ុន្តែនេះមិនស្រួលទេ។ យើងមិនគ្រាន់តែត្រូវទប់ទល់នឹងសេចក្ដីប៉ងប្រាថ្នានិងអំពើខុសឆ្គងប៉ុណ្ណោះទេ តែយើងក៏ត្រូវផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងដើម្បីឲ្យ«ឥទ្ធិពលថ្មីកាន់កាប់គំនិត»របស់យើង។ នេះរួមបញ្ចូលការផ្លាស់ប្ដូរសេចក្ដីប៉ងប្រាថ្នា និងទំនោរចិត្តរបស់យើង។ នេះតម្រូវឲ្យយើងបន្តខំព្យាយាម។
៨-៩. តើបទពិសោធន៍របស់បងប្រុសម្នាក់បានបង្ហាញយ៉ាងណាថាគឺសំខាន់ឲ្យយើងផ្លាស់ប្ដូររបៀបគិតគូររបស់យើង?
៨ សូមយើងពិចារណាអំពីគំរូរបស់បងប្រុសម្នាក់ដែលធ្លាប់ប្រើអំពើហិង្សា។ ក្រោយពីគាត់ឈប់ផឹកស្រាហួសប្រមាណនិងវាយតប់គ្នា គាត់មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក ហើយនេះនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរក្នុងសហគមន៍ដែលគាត់រស់នៅ។ ប៉ុន្តែនៅល្ងាចមួយ មិនយូរក្រោយពីគាត់បានទទួលការជ្រមុជទឹក គាត់បានប្រឈមមុខនឹងការសាកល្បងមួយដែលគាត់មិនបានរំពឹងទុក។ បុរសម្នាក់ដែលស្រវឹងស្រាបានមកផ្ទះរបស់គាត់ ហើយរករឿងចង់វាយគាត់។ ដំបូងបងប្រុសយើងបានទប់ទល់នឹងសេចក្ដីប៉ងប្រាថ្នារបស់គាត់ដែលចង់វាយបុរសនោះ។ ប៉ុន្តែក្រោយមក ពេលដែលបុរសនោះប្រមាថព្រះ បងប្រុសយើងខឹងយ៉ាងខ្លាំងរហូតដល់គាត់លែងអាចទប់កំហឹងរបស់គាត់បានទៀត។ គាត់បានវាយបុរសនោះ។ ហេតុអ្វីគាត់ធ្វើដូច្នេះ? ទោះជាការសិក្សាគម្ពីរបានជួយគាត់ឲ្យទប់ទល់នឹងទំនោរចិត្តឃោរឃៅរបស់គាត់ក៏ដោយ គាត់មិនទាន់ឲ្យឥទ្ធិពលថ្មីកាន់កាប់គំនិតរបស់គាត់នៅឡើយទេ។
៩ ប៉ុន្តែ បងប្រុសនេះមិនបានឈប់ព្យាយាមទេ។ (សុភ. ២៤:១៦) ដោយមានជំនួយពីពួកអ្នកចាស់ទុំ គាត់បានបន្តរីកចម្រើន។ យូរៗទៅ គាត់មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកចាស់ទុំ។ ក្រោយមកនៅល្ងាចមួយខាងក្រៅសាលប្រជុំ គាត់ប្រឈមមុខនឹងការសាកល្បងមួយដែលស្រដៀងនឹងការសាកល្បងប៉ុន្មានឆ្នាំមុន។ បុរសម្នាក់ដែលស្រវឹងស្រាហៀបនឹងវាយអ្នកចាស់ទុំម្នាក់។ តើបងប្រុសយើងបានធ្វើអ្វី? គាត់បាននិយាយទៅកាន់បុរសដែលស្រវឹងស្រានោះដោយចិត្តស្ងប់និងចិត្តរាបទាប បានជួយគាត់ឲ្យត្រជាក់ចិត្ត ហើយថែមទាំងជួយគាត់ឲ្យត្រឡប់ទៅផ្ទះវិញទៀតផង។ ហេតុអ្វីបងប្រុសយើងប្រព្រឹត្តខុសពីលើកមុន? បងប្រុសយើងបានផ្លាស់ប្ដូរផ្នត់គំនិតរបស់គាត់ ហើយបានក្លាយទៅជាបុគ្គលដែលធ្វើឲ្យមានសន្ដិភាព និងដែលមានចិត្តរាបទាប។ នេះនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង។
១០. តើការផ្លាស់ប្ដូររបៀបគិតគូររបស់យើងរួមបញ្ចូលអ្វីខ្លះ?
១០ ការផ្លាស់ប្ដូរទាំងនេះមិនកើតឡើងភ្លាមៗទេ ហើយវាក៏មិនកើតឡើងដោយស្វ័យប្រវត្ដិដែរ។ យើងប្រហែលជាត្រូវ«ខំប្រឹងយ៉ាងស្មោះអស់ពីចិត្ត»អស់ជាច្រើនឆ្នាំ។ (២ពេ. ១:៥) ការផ្លាស់ប្ដូរទាំងនេះមិនកើតឡើងដោយសារតែយើងបានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំនោះទេ តែដើម្បីផ្លាស់ប្ដូររបៀបគិតគូររបស់យើង យើងត្រូវខំប្រឹងអស់ពីសមត្ថភាព។ សូមយើងពិចារណាអំពីអ្វីមួយចំនួនដែលនឹងជួយយើងឲ្យធ្វើការកែប្រែទាំងនេះ។
របៀបផ្លាស់ប្ដូរផ្នត់គំនិតរបស់យើង
១១. តើសេចក្ដីអធិដ្ឋានជួយយើងឲ្យផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងយ៉ាងដូចម្ដេច?
១១ អ្វីដែលសំខាន់ទី១គឺការអធិដ្ឋាន។ យើងត្រូវអធិដ្ឋានដូចអ្នកតែងទំនុកតម្កើងដែលបានអធិដ្ឋានថា៖ «ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង»។ (ទំនុក. ៥១:១០) យើងត្រូវទទួលស្គាល់ថាយើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតរបស់យើង ហើយសុំជំនួយពីព្រះយេហូវ៉ាដើម្បីយើងអាចធ្វើដូច្នេះ។ ហេតុអ្វីយើងអាចជឿជាក់ថាព្រះយេហូវ៉ានឹងជួយយើងឲ្យធ្វើការផ្លាស់ប្ដូរបែបនេះ? សេចក្ដីសន្យារបស់ព្រះយេហូវ៉ាស្តីអំពីជនជាតិអ៊ីស្រាអែលដែលមានចិត្តរឹងចចេសដែលរស់នៅសម័យអេសេគាល នឹងលើកទឹកចិត្តយើង។ លោកបានសន្យាថា៖ «អញនឹងឲ្យគេមានចិត្តតែ១ ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងរាល់គ្នា . . . ហើយនឹងឲ្យមានចិត្តជាសាច់វិញ» ពោលគឺចិត្តដែលទទួលស្គាល់និងឆាប់ធ្វើតាមការណែនាំពីព្រះ។ (អេស. ១១:១៩) ព្រះយេហូវ៉ាពេញចិត្តជួយជនជាតិអ៊ីស្រាអែលឲ្យធ្វើការផ្លាស់ប្ដូរ ហើយលោកក៏ពេញចិត្តជួយយើងឲ្យធ្វើការផ្លាស់ប្ដូរដែរ។
១២-១៣. (ក) យោងទៅតាមទំនុកតម្កើង ១១៩:៥៩ តើយើងត្រូវរំពឹងគិតអំពីអ្វី? (ខ) តើអ្នកគួរសួរខ្លួនឯងនូវសំណួរអ្វីខ្លះ?
១២ អ្វីដ៏សំខាន់ទី២គឺការរំពឹងគិត។ កាលដែលយើងអានបណ្ដាំរបស់ព្រះដោយយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ យើងត្រូវលៃទុកពេលដើម្បីរំពឹងគិត ឬគិតយ៉ាងជ្រាលជ្រៅអំពីគំនិតនិងអារម្មណ៍ខ្លះដែលយើងត្រូវផ្លាស់ប្ដូរ។ (សូមអាន ទំនុកតម្កើង ១១៩:៥៩; ហេ. ៤:១២; យ៉ា. ១:២៥) យើងត្រូវចេះកត់សម្គាល់គំនិតនិងអារម្មណ៍ណាដែលយើងបានទទួលឥទ្ធិពលពីពិភពលោកនេះ។ យើងត្រូវទទួលស្គាល់យ៉ាងស្មោះនូវចំណុចខ្សោយរបស់យើង និងខំប្រឹងលះចោលចំណុចខ្សោយទាំងនោះ។
១៣ ជាឧទាហរណ៍ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំមានចិត្តច្រណែនសូម្បីតែបន្ដិចឬទេ?›។ (១ពេ. ២:១) ‹តើខ្ញុំគិតថាខ្ញុំប្រសើរជាងអ្នកឯទៀតដោយសារជីវប្រវត្ដិ ការអប់រំ ឬដោយសារខ្ញុំជាអ្នកមានឬទេ?›។ (សុភ. ១៦:៥) ‹តើខ្ញុំមើលងាយអ្នកដែលមិនមានអ្វីដូចខ្ញុំ ឬអ្នកដែលមានពូជសាសន៍ផ្សេងពីខ្ញុំឬទេ?›។ (យ៉ា. ២:២-៤) ‹តើអ្វីៗដែលពិភពលោករបស់សាថានផ្ដល់ឲ្យទាក់ទាញចិត្តខ្ញុំឬទេ?›។ (១យ៉ូន. ២:១៥-១៧) ‹តើខ្ញុំចូលចិត្តការកម្សាន្តដែលប្រាសចាកសីលធម៌និងឃោរឃៅឬទេ?›។ (ទំនុក. ៩៧:១០; ១០១:៣; អេម. ៥:១៥) ចម្លើយចំពោះសំណួរទាំងនេះប្រហែលជានឹងជួយអ្នកឲ្យដឹងអំពីអ្វីដែលអ្នកត្រូវកែប្រែ។ ការរំលើង«អ្វីៗដែលចាក់ឫសជ្រៅ»ក្នុងចិត្តរបស់យើង នឹងធ្វើឲ្យបិតារបស់យើងដែលនៅស្ថានសួគ៌ពេញចិត្ត។—ទំនុក. ១៩:១៤
១៤. ហេតុអ្វីការជ្រើសរើសការសេពគប់ល្អគឺសំខាន់ចាំបាច់?
១៤ ការជ្រើសរើសការសេពគប់ល្អជាអ្វីដ៏សំខាន់ទី៣។ មិនថាយើងដឹងខ្លួនឬមិនដឹងខ្លួនក៏ដោយ យើងទទួលឥទ្ធិពលយ៉ាងខ្លាំងពីពួកអ្នកដែលយើងសេពគប់។ (សុភ. ១៣:២០) មនុស្សនៅជុំវិញយើងនៅកន្លែងធ្វើការឬនៅសាលារៀន នឹងមិនជួយយើងឲ្យមានចិត្តគំនិតដូចព្រះទេ។ ផ្ទុយទៅវិញ ការសេពគប់ដ៏ល្អបំផុតគឺមាននៅកិច្ចប្រជុំគ្រិស្តសាសនិក។ នៅទីនោះយើងអាចទទួលការលើកទឹកចិត្ត ឬការបំផុសទឹកចិត្តឲ្យ«មានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ»។—ហេ. ១០:២៤, ២៥
‹ចូរតាំងខ្លួនឲ្យមាំមួនឡើងក្នុងជំនឿ›
១៥-១៦. តើសាថានព្យាយាមផ្លាស់ប្ដូររបៀបគិតគូររបស់យើងតាមរបៀបណា?
១៥ ប៉ុន្តែ សូមចាំថាសាថានបានតាំងចិត្តធ្វើឲ្យយើងផ្លាស់ប្ដូររបៀបគិតគូររបស់យើង។ វាប្រើសេចក្ដីបង្រៀននិងទស្សនៈគ្រប់បែបយ៉ាងដើម្បីមិនឲ្យបណ្ដាំរបស់ព្រះមានឥទ្ធិពលមកលើរបៀបគិតគូររបស់យើង។
១៦ សាថានបន្តប្រើសំណួរដូចដែលវាបានសួរអេវ៉ានៅសួនអេដែនដែលថា៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា . . . មែនឬ?»។ (កណ. [លោ.] ៣:១, ខ.ស. យើងកែជាអក្សរដិតនិងទ្រេត) ក្នុងពិភពលោកដែលនៅក្រោមការគ្រប់គ្រងរបស់សាថាន យើងច្រើនតែឮគេសួរសំណួរដែលអាចធ្វើឲ្យយើងសង្ស័យលើអ្វីដែលយើងជឿ។ សំណួរទាំងនោះមានដូចជា៖ ‹តើព្រះពិតជាមិនពេញចិត្តនឹងការរៀបអាពាហ៍ពិពាហ៍រវាងបុគ្គលដែលមានភេទដូចគ្នាមែនឬ? តើព្រះពិតជាមិនចង់ឲ្យអ្នកធ្វើបុណ្យណូអែលនិងពិធីខួបកំណើតឬ? តើព្រះរបស់អ្នកពិតជាតម្រូវឲ្យអ្នកមិនចាក់បញ្ចូលឈាមឬទេ? តើព្រះដែលពោរពេញដោយសេចក្ដីស្រឡាញ់ពិតជាតម្រូវឲ្យអ្នកមិនសេពគប់នឹងបុគ្គលជាទីស្រឡាញ់ដែលបានត្រូវបណ្ដាច់មិត្តភាពមែនឬ?›។
១៧. តើយើងគួរធ្វើអ្វីពេលគេសួរសំណួរដែលអាចធ្វើឲ្យយើងសង្ស័យអំពីជំនឿរបស់យើង? តាមកូឡុស ២:៦, ៧ តើនេះអាចនាំឲ្យមានលទ្ធផលអ្វី?
១៧ យើងត្រូវដឹងប្រាកដថាអ្វីដែលយើងជឿគឺជាការពិត។ បើយើងមិនស្វែងរកចម្លើយចំពោះសំណួរដែលអាចធ្វើឲ្យយើងសង្ស័យអំពីជំនឿរបស់យើង យូរៗទៅការសង្ស័យទាំងនេះអាចបង្ខូចចិត្តគំនិតរបស់យើង និងធ្វើឲ្យយើងលែងមានជំនឿ។ ដូច្នេះ តើយើងត្រូវធ្វើអ្វី? បណ្ដាំរបស់ព្រះប្រាប់យើងឲ្យកែប្រែរបៀបគិតគូររបស់យើងទាំងស្រុងដើម្បីយើងអាចពិសោធមើលដោយខ្លួនឯង«ឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ»។ (រ៉ូម ១២:២) ដោយសិក្សាជាទៀងទាត់ យើងអាចរកឃើញទីសំអាងដែលធ្វើឲ្យយើងជឿជាក់លើសេចក្ដីពិតដែលយើងបានរៀនពីគម្ពីរ។ យើងនឹងជឿជាក់ទាំងស្រុងថាខ្នាតតម្រារបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ។ យ៉ាងនេះ ដូចដើមឈើដែលចាក់ឫសរឹងមាំ យើងក៏នឹងចាក់ឫស«មាំមួនឡើងក្នុងជំនឿ»។—សូមអាន កូឡុស ២:៦, ៧
១៨. តើអ្វីនឹងជួយយើងឲ្យលះចោលនិងការពារខ្លួនពីឥទ្ធិពលអាក្រក់របស់ពិភពលោកសាថាន?
១៨ គ្មានអ្នកណាម្នាក់អាចធ្វើឲ្យជំនឿរបស់អ្នកមាំមួនឡើងជំនួសអ្នកបានទេ។ ដូច្នេះ សូមបន្តឲ្យឥទ្ធិពលថ្មីកាន់កាប់គំនិតរបស់អ្នក។ ចូរអធិដ្ឋានឥតឈប់ ហើយអង្វរសុំព្រះយេហូវ៉ាផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដើម្បីជួយអ្នក។ ចូររំពឹងគិតយ៉ាងជ្រាលជ្រៅ ហើយបន្តពិនិត្យពិចារណាអំពីគំនិតនិងបំណងចិត្តរបស់អ្នក។ ចូរស្វែងរកការសេពគប់ល្អ ដោយជ្រើសរើសមិត្តភក្ដិដែលនឹងជួយអ្នកឲ្យកែប្រែរបៀបគិតគូររបស់អ្នកទាំងស្រុង។ ដោយធ្វើដូច្នេះ អ្នកអាចលះចោលនិងការពារខ្លួនពីឥទ្ធិពលអាក្រក់របស់ពិភពលោកសាថាន ហើយអ្នកអាច«រំលំរំលើងការវែកញែក និងអ្វីៗទាំងអស់ដែលឆ្មើងកន្ត្រើង ហើយប្រឆាំងចំណេះអំពីព្រះ»។—២កូ. ១០:៥
ចម្រៀងលេខ៥០ ខ្ញុំអធិដ្ឋានប្រគល់ខ្លួនជូនព្រះ
a វប្បធម៌ ការអប់រំ និងបទពិសោធន៍របស់យើងតែងតែមានឥទ្ធិពលលើចិត្តគំនិតរបស់យើង។ យើងប្រហែលជាឃើញថាចិត្តគំនិតមិនត្រឹមត្រូវបានចាក់ឫសជ្រៅ ហើយបានទៅជាបុគ្គលិកលក្ខណៈរបស់យើង។ ក្នុងអត្ថបទនេះ យើងនឹងយល់អំពីរបៀបដែលយើងអាចបំបាត់ចោលនូវទំនោរចិត្តមិនត្រឹមត្រូវណាក៏ដោយដែលយើងមាន។