បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/២ ទំ. ២៦-២៧
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • អត្ថបទស្រដៀងគ្នា
  • ពួកគេបានរង់ចាំទទួលមេស្ស៊ី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ទំនាយរបស់ដានីយ៉ែលអំពីការមកដល់របស់មេស្ស៊ី
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • របៀបបទទំនាយដានីយ៉ែលទាយពីការយាងមករបស់ព្រះមេស្ស៊ី
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ទេវតាប្រកាសអំពីកំណើតលោកយេស៊ូ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/២ ទំ. ២៦-២៧

សំណួរ​ពី​អ្នក​អាន

តើ​ជន​ជាតិ​យូដា​នៅ​សតវត្សរ៍​ទី​១ មាន​ទី​សំ​អាង​អ្វី​ខ្លះ​ដើម្បី​«​រង់​ចាំ​មើល​»​មេស្ស៊ី?

នៅ​សម័យ​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក ​«​បណ្ដា​ជន​កំពុង​រង់​ចាំ​មើល ហើយ​ពួក​គេ​ទាំង​អស់​គ្នា​កំពុង​រិះ​គិត​ក្នុង​ចិត្ត​អំពី​យ៉ូហាន​ថា​៖ ‹ប្រហែលជា​គាត់​ជា​គ្រិស្ត​ទេ​ដឹង?›​»។ (​លូក. ៣:១៥​) ហេតុ​អ្វី​ជន​ជាតិ​យូដា​ប្រហែលជា​បាន​ជឿ​ជាក់​ថា មេស្ស៊ី​នឹង​លេច​មក​នៅ​ពេល​នោះ? គឺ​មាន​មូលហេតុ​ជា​ច្រើន។

ក្រោយ​ពី​លោក​យេស៊ូ​បាន​កើត​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​គង្វាល ដែល​កំពុង​មើល​ថែ​ហ្វូង​ចៀម​នៅ​វាល​ជិត​ក្រុង​បេថ្លេហិម។ ទេវតា​នោះ​បាន​ប្រកាស​ថា​៖ ​«​ថ្ងៃ​នេះ​អ្នក​ដែល​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា គឺ​គ្រិស្ត​ដ៏​ជា​ម្ចាស់ បាន​កើត​មក​នៅ​ក្រុង​របស់​ដាវីឌ​»។ (​លូក. ២:៨​-​១១​) បន្ទាប់​មក ​«​ទេវតា​ជា​ច្រើន​រួម​ជា​មួយ​នឹង​ទេវតា​មួយ​រូប​នោះ ដូច​ជា​កង​ទ័ព​មួយ​យ៉ាង​ធំ ក៏​បាន​សរសើរ​ព្រះ​ថា​៖a ‹យើង​សូម​សរសើរ​តម្កើង​ព្រះ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ហើយ​នៅ​ផែន​ដី សូម​ឲ្យ​មនុស្ស​ជា​ទី​គាប់​ចិត្ត​លោក​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត›​»។—លូក. ២:១៣, ១៤

ការ​ប្រកាស​នោះ​ប្រាកដជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​គង្វាល​ដែល​មាន​ចិត្ត​រាប​ទាប​ទាំង​នោះ។ ភ្លាម​ៗ​នោះ​ពួក​គេ​បាន​ចេញ​ដំណើរ​ទៅ​ក្រុង​បេថ្លេហិម ហើយ​ពេល​ដែល​ពួក​គេ​រក​ឃើញ​យ៉ូសែប​និង​ម៉ារៀ ព្រម​ទាំង​ទារក​យេស៊ូ ​«​ពួក​គង្វាល​ក៏​រៀប​រាប់​អំពី​អ្វី​ដែល​ទេវតា​បាន​ប្រាប់​ពួក​គេ​ស្តី​អំពី​បុត្រ​តូច​នោះ​»។ ជា​លទ្ធផល ​«​អស់​អ្នក​ដែល​បាន​ឮ​អ្វី​ដែល​ពួក​គង្វាល​និយាយ ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​»។ (​លូក. ២:១៧, ១៨​) ពាក្យ​ដែល​ថា​«​អស់​អ្នក​ដែល​បាន​ឮ​»​បង្កប់​អត្ថ​ន័យ​ថា គង្វាល​ទាំង​នោះ​បាន​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​ក្រៅ​ពី​យ៉ូសែប​និង​ម៉ារៀ។ បន្ទាប់​មក កាល​ដែល​គង្វាល​ទាំង​នោះ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​គេ​បន្ត​«​សរសើរ​តម្កើង​ព្រះ​ដោយ​សារ​អ្វី​ដែល​ពួក​គេ​បាន​ឮ​និង​ឃើញ ដូច​អ្វី​ដែល​បាន​ត្រូវ​ប្រាប់​ដល់​ពួក​គេ​»។ (​លូក. ២:២០​) គង្វាល​ទាំង​នោះ​ប្រាកដជា​មិន​បាន​លាក់​ទុក​ដំណឹង​ល្អ​ដែល​ពួក​គេ​បាន​ឮ​អំពី​គ្រិស្ត​ឡើយ!

ពេល​ដែល​ម៉ារៀ​នាំ​យក​កូន​ប្រុស​ទី​១​របស់​នាង​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​បង្ហាញ​ដល់​ព្រះ​យេហូវ៉ា ដូច​ច្បាប់​ម៉ូសេ​បាន​តម្រូវ ស្ត្រី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឈ្មោះ​អាណា​បាន​«​ចាប់​ផ្ដើម​អរគុណ​ព្រះ ក៏​បាន​និយាយ​អំពី​បុត្រ​តូច​នោះ​ប្រាប់​អស់​អ្នក​ដែល​កំពុង​រង់​ចាំ​ព្រះ​សង្គ្រោះ​ក្រុង​យេរូសាឡិម​»។ (​លូក. ២:៣៦​-​៣៨; និក្ខ. ១៣:១២​) ដូច្នេះ ដំណឹង​អំពី​ការ​លេច​មក​របស់​មេស្ស៊ី​បាន​ឮ​សុសសាយ​ត​ទៅ​ទៀត។

ក្រោយ​មក​«​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​ពី​តំបន់​ខាង​កើត​បាន​មក​ដល់​ក្រុង​យេរូសាឡិម ហើយ​សួរ​ថា​៖ ‹តើ​ស្តេច​នៃ​ជន​ជាតិ​យូដា​ដែល​ទើប​តែ​កើត​មក​នោះ​នៅ​ឯ​ណា? ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​លោក​ពេល​ដែល​យើង​នៅ​តំបន់​ខាង​កើត ហើយ​យើង​បាន​មក​ទី​នេះ​ដើម្បី​លំឱន​កាយ​គោរព​លោក›​»។ (​ម៉ាថ. ២:១, ២​) ក្រោយ​ពី​បាន​ឮ​ពាក្យ​ទាំង​នេះ ​«​ស្តេច​ហេរ៉ូឌ​ព្រម​ទាំង​អ្នក​ក្រុង​យេរូសាឡិម​ទាំង​ឡាយ​ចាប់​ផ្ដើម​ជ្រួល​ច្របល់​ក្នុង​ចិត្ត។ ក្រោយ​មក ស្តេច​ហេរ៉ូឌ​ហៅ​ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​គ្រប់​រូប​ឲ្យ​មក​ជួប​ជុំ​គ្នា រួច​គាត់​ចាប់​ផ្ដើម​សួរ​ពួក​គេ​ដើម្បី​ឲ្យ​ដឹង​អំពី​កន្លែង​ដែល​គ្រិស្ត​ត្រូវ​កើត​»។ (​ម៉ាថ. ២:៣, ៤​) ដូច្នេះ​មនុស្ស​ជា​ច្រើន​បាន​ទទួល​ដំណឹង​ថា បុគ្គល​ដែល​នឹង​ក្លាយ​ជា​មេស្ស៊ី​បាន​មក​ដល់​ហើយ!b

សៀវភៅ​លូកា ៣:១៥​ដែល​បាន​ត្រូវ​ដក​ស្រង់​ខាង​លើ​បញ្ជាក់​ថា ជន​ជាតិ​យូដា​ខ្លះ​បាន​គិត​ថា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ប្រហែលជា​គ្រិស្ត។ ប៉ុន្តែ យ៉ូហាន​បាន​ធ្វើ​ឲ្យ​ពួក​គេ​លែង​សង្ស័យ​ទៀត​ដោយ​ថា​៖ ​«​លោក​ដែល​នឹង​មក​ក្រោយ​ខ្ញុំ គឺ​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មិន​សម​នឹង​ដោះ​ស្បែក​ជើង​ជូន​លោក​ឡើយ។ លោក​នឹង​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​សកម្មពល​បរិសុទ្ធ​របស់​ព្រះ និង​ក្នុង​ភ្លើង​»។ (​ម៉ាថ. ៣:១១​) ពាក្យ​របស់​យ៉ូហាន​ដែល​បង្ហាញ​ចិត្ត​រាប​ទាប​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​យូដា​កាន់​តែ​ទន្ទឹង​រង់​ចាំ​ដោយ​ចិត្ត​រំភើប​នូវ​ការ​មក​ដល់​របស់​មេស្ស៊ី។

តើ​ជន​ជាតិ​យូដា​នៅ​សតវត្សរ៍​ទី​១ បាន​គណនា​ពេល​វេលា​ដែល​មេស្ស៊ី​នឹង​មក​ដល់​ដោយ​ផ្អែក​លើ​ទំនាយ​ស្តី​អំពី​៧០​អាទិត្យ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ដានីយ៉ែល ៩:២៤​-​២៧​ឬ? ដោយ​សារ​យើង​មិន​បាន​ដឹង នោះ​យើង​មិន​អាច​បញ្ជាក់​អំពី​រឿង​នេះ​បាន​ឡើយ។ តាម​ការ​ពិត នៅ​សម័យ​លោក​យេស៊ូ​មាន​ការ​បក​ស្រាយ​ខុស​គ្នា​ជា​ច្រើន​អំពី​របៀប​គណនា​៧០​អាទិត្យ ហើយ​គ្មាន​ការ​បក​ស្រាយ​ណា​មួយ​ដែល​ស្រដៀង​គ្នា​នឹង​ការ​យល់​ដឹង​របស់​យើង​នា​ពេល​សព្វ​ថ្ងៃ​នេះ​ឡើយ។c

ពួក​អ៊ីសិន្ស​ដែល​មនុស្ស​ជា​ទូទៅ​គិត​ថា​ជា​និកាយ​មួយ​នៃ​សាសនាយូដា​ដែល​រស់​នៅ​ដោយ​ឡែក​ពី​គេ បាន​បង្រៀន​ថា មេស្ស៊ី​ពីរ​រូប​នឹង​លេច​មក​នៅ​ជិត​ចុង​បញ្ចប់​នៃ​៤៩០​ឆ្នាំ ប៉ុន្តែ​យើង​មិន​អាច​ដឹង​ប្រាកដ​ថា​ពួក​អ៊ីសិន្ស​បាន​ធ្វើ​ការ​គណនា​នេះ​ដោយ​ផ្អែក​លើ​ទំនាយ​ដានីយ៉ែល​ទេ។ ទោះ​ជា​ពួក​គេ​បាន​ផ្អែក​លើ​ទំនាយ​នេះ​ក៏​ដោយ គឺ​ពិបាក​ជឿ​ថា​ជន​ជាតិ​យូដា​ជា​ទូទៅ​បាន​ទទួល​ឥទ្ធិពល​ពី​ការ​គណនា​របស់​ក្រុម​នេះ​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ឡើយ។

នៅ​សត​វត្ស​ទី​២ គ.ស. ជន​ជាតិ​យូដា​ខ្លះ​បាន​ជឿ​ថា ៧០​អាទិត្យ​នោះ​គឺ​ជា​ចន្លោះ​ពេល​ពី​ការ​បំផ្លាញ​វិហារ​ទី​១​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. រហូត​ដល់​ការ​បំផ្លាញ​វិហារ​ទី​២​នៅ​ឆ្នាំ​៧០ គ.ស.។ ជន​ជាតិ​យូដា​ខ្លះ​ទៀត​គិត​ថា​ការ​សម្រេច​ទំនាយ​នោះ​ទាក់​ទង​នឹង​សម័យ​ពួក​ម៉ាខាប៊ី​នៅ​សត​វត្ស​ទី​២ មុន​គ.ស.។ ដូច្នេះ​គ្មាន​មតិ​ស្រប​គ្នា​ណា​មួយ​ស្តី​អំពី​របៀប​គណនា​៧០​អាទិត្យ​ឡើយ។

ប្រសិនបើ​មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ​អំពី​ពេល​កំណត់​នៃ​៧០​អាទិត្យ​នៅ​សតវត្សរ៍​ទី​១ គ.ស. នោះ​ពួក​សាវ័ក​និង​គ្រិស្ត​សាសនិក​ឯ​ទៀត​នៅ​សតវត្សរ៍​ទី​១ ទំនង​ជា​នឹង​លើក​ចំណុច​នេះ​ឡើង​ដើម្បី​ជា​ភ័ស្តុតាង​បង្ហាញ​ថា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា ដែល​បាន​លេច​មក​ចំ​ពេល គឺ​លោក​យេស៊ូ​គ្រិស្ត។ ប៉ុន្តែ​គ្មាន​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​ធ្វើ​ដូច្នេះ​ឡើយ។

មាន​កត្ដា​ផ្សេង​ទៀត​ដែល​គួរ​ពិចារណា​ដែរ។ អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​ច្រើន​តែ​បញ្ជាក់​ថា​លោក​យេស៊ូ​គ្រិស្ត​បាន​សម្រេច​ទំនាយ​ខ្លះ​នៅ​បទ​គម្ពីរ​ហេប្រឺ។ (​ម៉ាថ. ១:២២, ២៣; ២:១៣​-​១៥; ៤:១៣​-​១៦​) ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​បាន​បញ្ជាក់​ថា​ការ​លេច​មក​របស់​លោក​យេស៊ូ​នៅ​ផែន​ដី​គឺ​ជាប់​ទាក់​ទង​នឹង​ទំនាយ​អំពី​៧០​អាទិត្យ​ឡើយ។

សរុប​សេចក្ដី​មក: យើង​មិន​អាច​បញ្ជាក់​ថា​មនុស្ស​នៅ​សម័យ​លោក​យេស៊ូ​យល់​ដឹង​យ៉ាង​ត្រឹម​ត្រូវ​អំពី​ទំនាយ​ស្តី​អំពី​៧០​អាទិត្យ​ឡើយ។ ប៉ុន្តែ សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​ផ្ដល់​នូវ​មូលហេតុ​ត្រឹម​ត្រូវ​ផ្សេង​ទៀត​ដែល​មនុស្ស​បាន​«​រង់​ចាំ​មើល​»​មេស្ស៊ី។

a គម្ពីរ​មិន​បាន​ប្រាប់​ថា​ទេវតា​បាន​«​ច្រៀង​»​នៅ​ពេល​ដែល​លោក​យេស៊ូ​កើត​ឡើយ។

b យើង​ប្រហែលជា​ឆ្ងល់​ថា តើ​តាម​របៀប​ណា​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​ដឹង​ថា​«​ផ្កាយ​»​នៅ​ទិស​ខាង​កើត​ជាប់​ទាក់​ទង​នឹង​កំណើត​របស់​«​ស្តេច​នៃ​ជន​ជាតិ​យូដា​»​? តើ​នេះ​គឺ​ដោយ​សារ​ពួក​គេ​បាន​ឮ​ដំណឹង​អំពី​កំណើត​របស់​លោក​យេស៊ូ ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​អ៊ីស្រាអែល​ឬ?

c ស្តី​អំពី​ការ​យល់​ដឹង​របស់​យើង​នា​ពេល​សព្វ​ថ្ងៃ​នេះ ចំពោះ​ទំនាយ​អំពី​៧០​អាទិត្យ សូម​មើល​សៀវភៅ តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ទំព័រ​២២៨​-​២២៩។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក