បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៧ ទំ. ២៨-៣២
  • «អ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «អ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំ»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «ការ​ដ៏​រុងរឿង​របស់​ព្រះ»
  • «ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន»
  • យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដោយ​ចិត្ត​ក្លាហាន
  • ព្រះយេស៊ូវគ្រីស្ទ—បានបញ្ជូនមកពីព្រះឬ?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចូរប្រព្រឹត្តស្របតាមសេចក្ដីអធិដ្ឋានដែលប្រកបដោយសេចក្ដីស្រឡាញ់របស់លោកយេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ត្រូវបានអប់រំឲ្យធ្វើបន្ទាល់យ៉ាងសព្វគ្រប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ហេតុអ្វីយើងគួរធ្វើតាម«គ្រិស្ដ»?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៧ ទំ. ២៨-៣២

«អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ»

«លោក[យេស៊ូ]មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ . . . ‹អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី បញ្ជាក់​អំពី​ខ្ញុំ . . . រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី›»។—សកម្ម. ១:៧, ៨

តើ​អ្នក​អាច​ឆ្លើយ​បាន​ឬ​ទេ?

  • តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​បញ្ជាក់​ថា«ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្គ្រោះ»?

  • តើ​លោក​យេស៊ូ​ចង់​មាន​ប្រសាសន៍​យ៉ាង​ណា​ពេល​លោក​ថា៖ «អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ»?

  • ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​យើង​នឹង​ទទួល​ជោគ​ជ័យ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ?

១, ២​. (ក) តើ​អ្នក​ណា​ជា​សាក្សី​ប្រសើរ​បំផុត​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​នាម​យេស៊ូ​មាន​អត្ថ​ន័យ​យ៉ាង​ណា ហើយ​តើ​លោក​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​ជន​ជាតិ​យូដា​ឲ្យ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​ឡើង​វិញ?

ពេល​លោក​យេស៊ូ​បាន​ត្រូវ​គេ​កាត់​ទោស លោក​បាន​ប្រាប់​អភិបាល​តំបន់​យូឌា​ដែល​ជា​ជន​ជាតិ​រ៉ូម ឈ្មោះ​ប៉ុនទាស​ពីឡាត​ថា៖ «ខ្ញុំ​បាន​កើត​មក ក៏​បាន​ចូល​ក្នុង​ពិភព​លោក​ដើម្បី​ការ​នោះ​ឯង ពោល​គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​សេចក្ដី​ពិត»។ (សូម​អាន យ៉ូហាន ១៨:៣៣​-​៣៧) ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក សាវ័ក​ប៉ូល​បាន​ហៅ​លោក​យេស៊ូ​ជា​សាក្សី​ដែល«ប្រកាស​យ៉ាង​ប្រសើរ​នៅ​មុខ​ប៉ុនទាស​ពីឡាត»។ (១ធី. ៦:១៣) យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​នៅ​ក្រោម​អំណាច​របស់​សាថាន ហើយ​ដែល​ពោរ​ពេញ​ដោយ​មនុស្ស​ស្អប់​គ្នា។ ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​យ៉ាង​ខ្លាំង​ដូច​លោក​យេស៊ូ​ដែល​ជា«សាក្សី​ស្មោះ​ត្រង់​និង​ពិត​ត្រង់»។—បប. ៣:១៤

២ ជន​ជាតិ​យូដា​ទាំង​អស់​បាន​ត្រូវ​ហៅ​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា ប៉ុន្តែ​លោក​យេស៊ូ​នឹង​ទៅ​ជា​សាក្សី​ដែល​ប្រសើរ​បំផុត។ (អេ. ៤៣:១០) មុន​លោក​យេស៊ូ​បាន​កើត​មក ទេវតា​មួយ​រូប​បាន​ប្រាប់​យ៉ូសែប​ដែល​ជា​ឪពុក​ចិញ្ចឹម​របស់​លោក​ថា៖ «អ្នក​ត្រូវ​ឲ្យ​នាម​បុត្រ​នោះ​ថា​យេស៊ូ ព្រោះ​លោក​នឹង​សង្គ្រោះ​មនុស្ស​ឲ្យ​រួច​ពី​ការ​ខុស​ឆ្គង​របស់​ពួក​គេ»។ (ម៉ាថ. ១:២០, ២១ កំណត់​សម្គាល់) នាម​យេស៊ូ​ជា​ភាសា​ហេប្រឺ​មាន​អត្ថ​ន័យ​ថា«ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្គ្រោះ»។ ព្រះ​យេហូវ៉ា​នឹង​ប្រើ​លោក​យេស៊ូ​ដើម្បី​សង្គ្រោះ​មនុស្សជាតិ​ពី​ភាព​ខុស​ឆ្គង​និងសេចក្ដី​ស្លាប់។ លោក​យេស៊ូ​បាន​ប្រាប់​ជន​ជាតិ​យូដា​ថា​ពួក​គេ​ត្រូវ​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ដើម្បី​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​ឡើង​វិញ។ (ម៉ាថ. ១០:៦; ១៥:២៤; លូក. ១៩:១០) លោក​បាន​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ។ ម៉ាកុស​បាន​សរសេរ​ថា៖ «លោក​យេស៊ូ​បាន​ទៅ​ស្រុក​កាលីឡេ ហើយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ ដោយ​ពោល​ថា៖ ‹គ្រា​កំណត់​បាន​មក​ដល់​ហើយ រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ។ ចូរ​ប្រែ​ចិត្ត ហើយ​មាន​ជំនឿ​លើ​ដំណឹង​ល្អ​ចុះ›»។ (ម៉ាក. ១:១៤, ១៥) លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ខ្នះ​ខ្នែង​និង​ចិត្ត​ក្លាហាន។ ដោយ​ចិត្ត​ក្លាហាន លោក​ថែម​ទាំង​ផ្ដន្ទា​ទោស​មេ​ដឹក​នាំ​សាសនាយូដា​ដែល​មាន​អំណាច​ទៀត​ផង នេះ​ជា​មូលហេតុ​មួយ​ដែល​មេ​ដឹក​នាំ​សាសនាយូដា​សម្លាប់​លោក។—ម៉ាក. ១១:១៧, ១៨; ១៥:១​-​១៥

«ការ​ដ៏​រុងរឿង​របស់​ព្រះ»

៣​. បី​ថ្ងៃ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ តើ​មាន​អ្វី​បាន​កើត​ឡើង?

៣ បី​ថ្ងៃ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់​ដោយ​ឈឺ​ចាប់​យ៉ាង​ខ្លាំង អ្វី​មួយ​ដ៏​អស្ចារ្យ​បាន​កើត​ឡើង។ ព្រះ​យេហូវ៉ា​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ មិន​មែន​ដោយ​មាន​រូប​កាយ​ដូច​មនុស្ស​ទេ ប៉ុន្តែ​ដោយ​មាន​រូប​កាយ​ជា​វិញ្ញាណ​វិញ។ (១ពេ. ៣:១៨) លោក​យេស៊ូ​បាន​បង្ហាញ​ឲ្យ​អ្នក​កាន់​តាម​លោក​ឃើញ​ថា​លោក​មាន​ជីវិត​ឡើង​វិញ ពេល​លោក​លេច​មក​ឲ្យ​ពួក​គេ​ឃើញ​ជា​មនុស្ស។ នៅ​ថ្ងៃ​ដដែល កាល​ដែល​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​លេច​មក​ឲ្យ​អ្នក​កាន់​តាម​លោក​ឃើញ យ៉ាង​ហោច​ណាស់​ប្រាំ​ដង។—ម៉ាថ. ២៨:៨​-​១០; លូក. ២៤:១៣​-​១៦, ៣០​-​៣៦; យ៉ូន. ២០:១១​-​១៨

៤​. តើ​អ្វី​បាន​កើត​ឡើង នៅ​ពេល​លោក​យេស៊ូ​បាន​លេច​មក​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​ឃើញ ហើយ​តើ​លោក​បាន​បង្គាប់​ពួក​គេ​ឲ្យ​ធ្វើ​អ្វី?

៤ កាល​លោក​យេស៊ូ​បាន​លេច​មក​ជា​លើក​ទី​៥ ពួក​សាវ័ក​របស់​លោក​និង​អ្នក​ឯ​ទៀត​បាន​ជួប​ជុំ​គ្នា។ បន្ទាប់​មក លោក​បាន​ជួយ​ពួក​គេ​ឲ្យ​យល់​ថា​មរណភាព​និង​ការ​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​បាន​ត្រូវ​ទាយ​ទុក​ក្នុង​បទ​គម្ពីរ។ នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​ដ៏​សំខាន់​នោះ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «ក្នុង​គ្រប់​ប្រជាជាតិ​នឹង​មាន​ការ​ផ្សព្វ​ផ្សាយ​ថា ពួក​គេ​ត្រូវ​ប្រែ​ចិត្ត​ដើម្បី​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង ដោយ​សារ​នាម​របស់​លោក។ ដោយ​ចាប់​ផ្ដើម​នៅ​ក្រុង​យេរូសាឡិម»។ ក្រោយ​មក លោក​យេស៊ូ​បាន​បង្គាប់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​សាក្សី ពី​ការ​ទាំង​នេះ»។—លូក. ២៤:៤៤​-​៤៨

៥, ៦​. (ក) តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​អ្នក​ណា? (ខ) តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​អ្វី?

៥ ដូច្នេះ​៤០​ថ្ងៃ​ក្រោយ​មក ពេល​លោក​យេស៊ូ​បាន​លេច​មក​ជា​លើក​ចុង​ក្រោយ ពួក​សាវ័ក​បាន​យល់​យ៉ាង​ច្បាស់​នូវ​បង្គាប់​មួយ​ទៀត​របស់​លោក​ដែល​ថា៖ «អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី»។ (សកម្ម. ១:៨) ដោយ​សារ​ពួក​អ្នក​កាន់​តាម​លោក​គឺ​ជា​ជន​ជាតិ​អ៊ីស្រាអែល ពួក​គេ​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា​រួច​ហើយ។ ឥឡូវ ពួក​គេ​ក៏​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ​ដែរ។ តើ​នេះ​មាន​អត្ថ​ន័យ​យ៉ាង​ណា?

៦ ពួក​គេ​នឹង​ចាប់​ផ្ដើម​ប្រកាស​ផ្សាយ​ថា​ឥឡូវ​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​លោក​យេស៊ូ​ដើម្បី​សង្គ្រោះ​មនុស្សជាតិ។ របៀប​សង្គ្រោះ​នេះ​គឺ​អស្ចារ្យ​ជាង​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​មុន។ មរណភាព​និង​ការ​ប្រោស​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ​អាច​រំដោះ​មនុស្ស​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ពេល​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ពួក​គេ​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី«ការ​ដ៏​រុងរឿង​របស់​ព្រះ»។ មនុស្ស​ជា​ច្រើន​ដែល​បាន​ឮ​ដំណឹង​នេះ​បាន​ប្រែ​ចិត្ត បាន​ជឿ​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ទទួល​អំណាច​ថ្មី​នៅ​ស្ថាន​សួគ៌ ហើយ​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​លោក​ឲ្យ​សង្គ្រោះ​មនុស្ស​រាប់​ពាន់​នាក់​នៅ​ផែន​ដី។—សកម្ម. ២:៥, ១១, ៣៧​-​៤១

«ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន»

៧​. តើ​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.​បាន​បញ្ជាក់​អំពី​អ្វី?

៧ ព្រឹត្ដិការណ៍​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.​បាន​បញ្ជាក់ថា​ព្រះ​យេហូវ៉ា​បាន​ទទួល​យក​គ្រឿង​បូជា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​យេស៊ូ​ជា​ថ្លៃ​លោះ​ដែល​ចាំ​បាច់​សម្រាប់​រំដោះ​មនុស្ស​ពី​ភាព​ខុស​ឆ្គង។ (ហេ. ៩:១១, ១២, ២៤) លោក​យេស៊ូ​បាន​ពន្យល់​ថា​លោក​បាន​មក​ដើម្បី«ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន»។ (ម៉ាថ. ២០:២៨) តើ​មាន​តែ​ជន​ជាតិ​យូដា​ប៉ុណ្ណោះ​ដែល​នឹង​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​ឬ? មិន​មែន​ទេ ថ្លៃ​លោះ«ដក​យក​ភាព​ខុស​ឆ្គង​របស់​ពិភព​លោក​ចេញ»។ គឺ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​ដែល​ឲ្យ«មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ»។—១ធី. ២:៤​-​៦; យ៉ូន. ១:២៩

៨​. តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សម័យ​ដើម​អាច​បន្ត​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​ដោយ​សារ​អ្វី ហើយ​តើ​ពួក​គេ​បាន​សម្រេច​អ្វី?

៨ អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សម័យ​ដើម​បាន​បន្ត​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​ដោយ​ចិត្ត​ក្លាហាន។ តើ​នេះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? គឺ​មិន​មែន​ដោយ​សារ​កម្លាំង​របស់​ពួក​គេ​ទេ។ ពួក​គេ​បាន​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ពួក​គេ​អាច​មាន​ចិត្ត​ក្លាហាន​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ។ (សូម​អាន សកម្មភាព ៥:៣០​-​៣២) ប្រហែល​ជា​២៧​ឆ្នាំ​ក្រោយ​ពី​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ ពួក​គេ​បាន​ផ្សព្វ​ផ្សាយ«អំពី​សេចក្ដី​ពិត ពោល​គឺ​ដំណឹង​ល្អ» ដល់​ជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ«ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​នៅ​ក្រោម​មេឃ»។—កូឡ. ១:៥, ២៣

៩​. ដូច​បាន​ប្រកាស​ទុក​ជា​មុន តើ​អ្វី​បាន​កើត​ឡើង​ដល់​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក?

៩ គួរ​ឲ្យ​ស្ដាយ​ណាស់ កាល​ដែល​ពេល​វេលា​កន្លង​ទៅ សមាជិក​ក្រុម​ជំនុំ​បាន​ចាប់​ផ្ដើម​បង្រៀន​អ្វី​ដែល​មិន​ពិត។ (សកម្ម. ២០:២៩, ៣០; ២ពេ. ២:២, ៣; យូ. ៣, ៤) ក្រោយ​មក អ្នក​បង្រៀន​សេចក្ដី​មិន​ពិត​ទាំង​នេះ​បាន​បង្ខូច​ក្រុម​ជំនុំ​ទាំង​មូល។ លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា​ការ​ក្បត់​ជំនឿ​នេះ​នឹង​បន្ត​រហូត​ដល់«ទី​បញ្ចប់​របៀប​របប​ពិភព​លោក​នេះ»។ (ម៉ាថ. ១៣:៣៧​-​៤៣) នៅ​ខែ​តុលា ឆ្នាំ​១៩១៤ ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​យេស៊ូ​ជា​ស្តេច​លើ​មនុស្សជាតិ។ នៅ​ពេល​នោះ ទី​បញ្ចប់ ឬ«គ្រា​ចុង​ក្រោយ​បង្អស់»នៃ​ពិភព​លោក​របស់​សាថាន​បាន​ចាប់​ផ្ដើម។—២ធី. ៣:១

១០​. (ក) តើ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​បាន​ផ្សព្វ​ផ្សាយ​អំពី​ខែ​ឆ្នាំ​ណា? (ខ) តើ​អ្វី​បាន​កើត​ឡើង​នៅ​ខែ​តុលា ឆ្នាំ​១៩១៤ ហើយ​តើ​តាម​របៀប​ណា​យើង​ដឹង​ថា​អ្វី​នោះ​បាន​កើត​ឡើង​មែន?

១០ ជាង​៣០​ឆ្នាំ​មុន​ខែ​តុលា ឆ្នាំ​១៩១៤ គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ថា​រាជាណាចក្រ​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ខែ​ឆ្នាំ​ដ៏​សំខាន់​នោះ ពោល​គឺ​ខែ​តុលា ឆ្នាំ​១៩១៤។ ការ​យល់​ដឹង​របស់​ពួក​គាត់​គឺ​ផ្អែក​ទៅ​លើ​ទំនាយ​របស់​ដានីយ៉ែល​ស្តី​អំពី​ដើម​ឈើ​ដ៏​ធំ​មួយ​ដែល​បាន​ត្រូវ​កាប់​រំលំ ហើយ​នឹង​ដុះ​ឡើង​វិញ​ក្រោយ​មួយ​រយៈ​ពេល។ (ដាន. ៤:១៦) លោក​យេស៊ូ​បាន​រៀប​រាប់​អំពី​សញ្ញា​សម្គាល់​ដែល​នឹង​ជួយ​អ្នក​កាន់តាម​លោក​ឲ្យ​ដឹង​ថា​លោក​បាន​ក្លាយ​ទៅ​ជា​ស្តេច ហើយ​ថា​គ្រា​ចុង​ក្រោយ​បង្អស់​បាន​ចាប់​ផ្ដើម។ ព្រឹត្ដិការណ៍​ពិភព​លោក​ចាប់​តាំង​ពី​ឆ្នាំ​១៩១៤​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​យេស៊ូ​ជា​ស្តេច។ (ម៉ាថ. ២៤:៣, ៧, ១៤; លូក. ២១:២៤) សព្វ​ថ្ងៃ​នេះ «ការ​ដ៏​រុងរឿង​របស់​ព្រះ»ដែល​យើង​ផ្សព្វ​ផ្សាយ​រួម​បញ្ចូល​ហេតុ​ការណ៍​ពិត​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​យេស៊ូ​ជា​ស្តេច​នៃ​រាជាណាចក្រ​នៅ​ឆ្នាំ​១៩១៤។

១១, ១២​. (ក) តើ​អ្វី​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៩? (ខ) នៅ​ឆ្នាំ​១៩៣៥ តើ​យើង​បាន​ដឹង​ច្បាស់​អំពី​អ្វី? (សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ)។

១១ នៅ​ឆ្នាំ​១៩១៤ ពេល​លោក​យេស៊ូ​គ្រិស្ត​បាន​ក្លាយ​ទៅ​ជា​ស្តេច លោក​បាន​ចាប់​ផ្ដើម​រំដោះ​អ្នក​កាន់​តាម​លោក ដែល​បាន​ត្រូវ​រើស​តាំង​ពី«បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា» ពោល​គឺ​សាសនា​មិន​ពិត។ (បប. ១៨:២, ៤) នៅ​ឆ្នាំ​១៩១៩ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី១​បាន​ចប់​ទៅ អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​មាន​សេរីភាព​ច្រើន​ជាង​ដើម្បី​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក។ ពួក​គាត់​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​ព្រះ ហើយ​ថា​ថ្លៃ​លោះ​មាន​អំណាច​សង្គ្រោះ​ជីវិត។ ជា​លទ្ធផល មនុស្ស​រាប់​ពាន់​នាក់​ទៀត​បាន​រៀន​អំពី​សេចក្ដី​ពិត ហើយ​បាន​ត្រូវ​រើស​តាំង​ឲ្យ​ធ្វើ​ជា​ស្តេច​ជា​មួយ​នឹង​គ្រិស្ត​នៅ​ស្ថាន​សួគ៌។

១២ នៅ​ឆ្នាំ​១៩៣៥ គឺ​ច្បាស់​ណាស់​ថា​គ្រិស្ត​បាន​ចាប់​ផ្ដើម​ប្រមូល«ចៀម​ឯ​ទៀត»របស់​លោក​រួច​ហើយ។ សព្វ​ថ្ងៃ​នេះ ចៀម​ឯ​ទៀត​ទាំង​នេះ​មាន​ចំនួន​រាប់​លាន​នាក់​ដែល​មក​ពី​ទូ​ទាំង​ពិភព​លោក។ ចៀម​ឯ​ទៀត​ទាំង​នេះ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ធ្វើ​តាម​គំរូ​របស់​គ្រិស្ត​ស្តី​អំពី​ចិត្ត​ក្លាហាន ហើយ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត។ ចៀម​ឯ​ទៀត​ក៏​មាន​ជំនឿ​ដែរ​ថា​គ្រឿង​បូជា​របស់​លោក​យេស៊ូ​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​ពួក​គេ​អាច​ទទួល​សេចក្ដី​សង្គ្រោះ។ ពួក​គេ​ដឹង​ថា បើ​ពួក​គេ​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​ប្រើ​ជីវិត​របស់​ពួក​គេ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត នោះ​ពួក​គេ​អាច​រួច​ជីវិត​នៅ«គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង» ហើយ​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។—យ៉ូន. ១០:១៦; បប. ៧:៩, ១០, ១៤

យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដោយ​ចិត្ត​ក្លាហាន

១៣​. ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា តើ​យើង​តាំង​ចិត្ត​ធ្វើ​អ្វី? ហើយ​តើ​តាម​របៀប​ណា​យើង​អាច​យក​តម្រាប់​គ្រិស្ត​សាសនិក​ដែល​បាន​រស់​នៅ​សតវត្សរ៍​ទី១?

១៣ គឺ​ជា​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​ដោយ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត​អំពី«ការ​ដ៏​រុងរឿង»ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​និង​អំពី​សេចក្ដី​សន្យា​របស់​លោក​សម្រាប់​ពេល​អនាគត។ មែន​ហើយ គឺ​មិន​តែង​តែ​ស្រួល​ឲ្យ​បន្ត​ធ្វើ​កិច្ច​ការ​នេះ​ទេ។ មនុស្ស​ប្រហែល​ជា​មិន​ព្រម​ទទួល​យក​ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ​ទេ ឬ​ថែម​ទាំង​បៀតបៀន​យើង​ទៀត​ផង។ ប្រសិនបើ​ដូច្នេះ យើង​អាច​យក​តម្រាប់​សាវ័ក​ប៉ូល​និង​ដៃ​គូ​របស់​គាត់។ ប៉ូល​បាន​និយាយ​ថា៖ «យើង​បាន​តាំង​ចិត្ត​ក្លាហាន​ដោយ​សារ​ព្រះ​របស់​យើង ដើម្បី​ប្រាប់​ដំណឹង​ល្អ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា ដោយ​ខំ​តស៊ូ​យ៉ាង​ខ្លាំង»។ (១ថែ. ២:២) យើង​ត្រូវ​រក្សា​ពាក្យ​ដែល​យើង​បាន​សន្យា​នៅ​ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ។ យើង​ចង់​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​ពេល​ពិភព​លោក​របស់​សាថាន«វិនាស​ហិនហោច​អស់»នៅ​ថ្ងៃ​មុខ។ (អេ. ៦:១១; ខ.ស.) យើង​មិន​អាច​ធ្វើ​ដូច្នេះ​ដោយ​ពឹង​លើ​កម្លាំង​របស់​យើង​ទេ។ ដូច​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១ យើង​ត្រូវ​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​យើង​អាច​មាន«ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា»។—សូម​អាន កូរិនថូស​ទី២ ៤:១, ៧; លូក. ១១:១៣

១៤, ១៥​. (ក) នៅ​សតវត្សរ៍​ទី១ តើ​គេ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​គ្រិស្ត​សាសនិក ហើយ​តើ​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​យ៉ាង​ដូច​ម្ដេច? (ខ) បើ​គេ​បៀតបៀន​យើង​ដោយ​សារ​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា តើ​យើង​គួរ​ចាំ​អំពី​អ្វី?

១៤ សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​និយាយ​ថា​ពួក​គេ​ជា​គ្រិស្ត​សាសនិក ប៉ុន្តែ​ពួក​គេ​ធ្វើ​អ្វី​ដែល​ព្រះ​ស្អប់ ហើយ​មិន​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក​ឡើយ។ (ទីត. ១:១៦) នៅ​សតវត្សរ៍​ទី១ មនុស្ស​ភាគ​ច្រើន​មិន​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត​ទេ។ តាម​ពិត គ្រិស្ត​សាសនិក​ពិត​នៅ​ពេល​នោះ​បាន​ត្រូវ​មនុស្ស​ជា​ច្រើន​ដែល​នៅ​ជុំ​វិញ​ពួក​គេ​ស្អប់។ ដើម្បី​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ទាំង​នោះ សាវ័ក​ពេត្រុស​បាន​និយាយ​ថា៖ «ប្រសិនបើ​គេ​ជេរ​ប្រមាថ​អ្នក​រាល់​គ្នា​ដោយ​សារ​នាម​របស់​គ្រិស្ត នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ»។ ហេតុ​អ្វី​ពួក​គេ​អាច​មាន​សុភមង្គល? ពីព្រោះ​ពួក​គេ​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ ហើយ​មាន​សកម្មពល​បរិសុទ្ធ​របស់​លោក។—១ពេ. ៤:១៤

១៥ តើ​សព្វ​ថ្ងៃ​នេះ សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ«ជេរ​ប្រមាថ . . . ដោយ​សារ​នាម​របស់​គ្រិស្ត»ឬ​ទេ? មែន យើង​បាន​ត្រូវ​គេ​ជេរ​ប្រមាថ ពីព្រោះ​យើង​មិន​ត្រឹម​តែ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ យើង​ក៏​និយាយ​អំពី​លោក​យេស៊ូ​ដែរ ហើយ​ផ្សព្វ​ផ្សាយ​ថា​លោក​ជា​ស្តេច​នៃ​រាជាណាចក្រ​ព្រះ។ លោក​យេស៊ូ​ក៏​បាន​ត្រូវ​គេ​បៀតបៀន​ដែរ​ដោយ​សារ​លោក​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា។ លោក​បាន​ប្រាប់​ពួក​អ្នក​ប្រឆាំង​លោក​ថា៖ «ខ្ញុំ​បាន​មក​ក្នុង​នាម​បិតា​របស់​ខ្ញុំ ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ»។ (យ៉ូន. ៥:៤៣) ដូច្នេះ លើក​ក្រោយ​ពេល​មនុស្ស​បៀតបៀន​អ្នក​ដោយ​សារ​អ្នក​កំពុង​ផ្សព្វ​ផ្សាយ សូម​ចាំ​ថា​ព្រះ​ពេញ​ចិត្ត​នឹង​អ្នក ហើយ​ថា​អ្នក​មាន​សកម្មពល​បរិសុទ្ធ​របស់​លោក។

១៦, ១៧​. (ក) តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទូ​ទាំង​ពិភព​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ច​ការ​ផ្សព្វ​ផ្សាយ? (ខ) តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៦ សូម​ចាំ​ដែរ​ថា​នៅ​ទូ​ទាំង​ពិភព​លោក មនុស្ស​ជា​ច្រើន​កំពុង​ចូល​មក​ក្នុង​សេចក្ដី​ពិត។ ទោះ​ជា​យើង​រស់​នៅ​ទី​ណា​ក៏​ដោយ សូម្បី​តែ​នៅ​តំបន់​ដែល​យើង​ផ្សព្វ​ផ្សាយ​ជា​ញឹក​ញាប់​ក្ដី មាន​មនុស្ស​ដែល​សុខ​ចិត្ត​ស្ដាប់​ដំណឹង​ដ៏​អស្ចារ្យ​របស់​យើង។ ដូច្នេះ ពេល​យើង​រក​ឃើញ​មនុស្ស​ដែល​ចាប់​អារម្មណ៍ ចូរ​យើង​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ត្រឡប់​ទៅ​ជួប​ពួក​គេ ហើយ​ព្យាយាម​សិក្សា​គម្ពីរ​ជា​មួយ​នឹង​ពួក​គេ។ ពេល​នោះ យើង​អាច​ជួយ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា ដើម្បី​ពួក​គេ​អាច​ប្រគល់​ជីវិត​របស់​ពួក​គេ​ជូន​លោក ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​អ្នក​ធ្វើ​កិច្ច​ការ​នេះ? បង​ស្រី​សារី​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែល​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា​អស់​ជាង​៦០​ឆ្នាំ​ហើយ និយាយ​ថា៖ «ខ្ញុំ​មាន​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដែល​តាម​រយៈ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ ខ្ញុំ​អាច​មាន​ចំណង​មិត្តភាព​ដ៏​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដែល​ជា​មហា​ក្សត្រ​សកលលោក ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​អាច​ប្រកាស​ផ្សាយ​អំពី​នាម​ដ៏​រុងរឿង​របស់​លោក»។ គាត់​និង​ប្ដី​របស់​គាត់​ឈ្មោះ​ម៉ាទីនឺស​បាន​ជួយ​កូន​បី​នាក់​របស់​ពួក​គាត់​និង​មនុស្ស​ជា​ច្រើន​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ គាត់​បន្ថែម​ថា៖ «គ្មាន​កិច្ច​ការ​ឯ​ទៀត​ណា​ដែល​នាំ​ឲ្យ​មាន​ការ​ស្កប់​ចិត្ត​ច្រើន​ជាង​នេះ​ទេ ហើយ​តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​លោក ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​ទាំង​អស់​គ្នា​នូវ​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​បន្ត​ធ្វើ​កិច្ច​ការ​នេះ​ដែល​សង្គ្រោះ​ជីវិត»។

១៧ ទោះ​ជា​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ ឬ​មិន​ទាន់​ក៏​ដោយ យើង​គួរ​ដឹង​គុណ​ចំពោះ​ឯកសិទ្ធិ​ដែល​យើង​អាច​ចូល​រួម​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ ដូច្នេះ ចូរ​បន្ត​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក​ទូ​ទាំង​ពិភព​លោក ហើយ​រក្សា​ខ្លួន​អ្នក​ឲ្យ​ស្អាត​ស្អំ​ពី​ពិភព​លោក​របស់​សាថាន។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​នាំ​ឲ្យ​បិតា​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​នៅ​ស្ថាន​សួគ៌ ពោល​គឺ​ព្រះ​យេហូវ៉ា​ដែល​យើង​ជា​តំណាង ទទួល​ការ​សរសើរ​តម្កើង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក