អត្ថបទអំពីក្របទស្សនាវដ្ដី | វិធីបំបាត់ទុក្ខកង្វល់
កង្វល់អំពីក្រុមគ្រួសារ
ស្ត្រីម្នាក់ឈ្មោះជេនណិតបានរៀបរាប់ថា៖ «មិនយូរក្រោយពីឪពុកខ្ញុំបានស្លាប់ ប្ដីរបស់ខ្ញុំបានប្រាប់ខ្ញុំថាគាត់មានស្រីថ្មី។ ក្រោយមកទៀត ដោយមិនឲ្យដឹងមុន គាត់ប្រមូលខោអាវពីទូ ចុះចោលខ្ញុំនិងកូនទាំងពីរទាំងគ្មានពាក្យលាមួយម៉ាត់សោះ»។ ជេនណិតរកបានការងារមួយ ប៉ុន្តែប្រាក់ខែដែលបានពីការងារនោះ មិនគ្រប់គ្រាន់ល្មមឲ្យគាត់បង់ថ្លៃផ្ទះរបស់គាត់ឡើយ។ គាត់មិនត្រឹមតែខ្វល់ចិត្តអំពីបញ្ហាខាងលុយកាក់ប៉ុណ្ណោះទេ តែគាត់ក៏មានបញ្ហាផ្សេងទៀតដែលត្រូវខ្វល់ដែរ។ គាត់បាននិយាយថា៖ «ខ្ញុំមានកង្វល់គ្រប់ជំពូក ដោយសារឥឡូវខ្ញុំត្រូវទទួលខុសត្រូវក្នុងរឿងគ្រួសារទាំងអស់តែម្នាក់ឯង ហើយនោះធ្វើឲ្យខ្ញុំពិបាកចិត្តណាស់។ ខ្ញុំបានខឹងខ្លួនឯងដែលមិនអាចផ្ដល់អ្វីៗជាច្រើនដល់កូនៗរបស់ខ្ញុំ ដូចឪពុកម្ដាយឯទៀត។ ម្យ៉ាងទៀត រហូតមកដល់ពេលនេះ ខ្ញុំនៅតែបារម្ភថា តើអ្នកឯទៀតគិតយ៉ាងណាអំពីខ្ញុំនិងកូនៗ ហើយតើពួកគេនឹងស្មានថា ខ្ញុំមិនបានខំអស់ពីសមត្ថភាពដើម្បីស្រោចស្រង់អាពាហ៍ពិពាហ៍របស់ខ្ញុំឬទេ?»។
ការអធិដ្ឋានជារឿយៗ បានជួយជេនណិតឲ្យមានចិត្តស្ងប់ ព្រមទាំងជួយគាត់ឲ្យបណ្ដុះចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះ។ គាត់បានរៀបរាប់ថា៖ «នៅពេលយប់គឺជាពេលដែលពិបាកជាងគេបំផុត ដោយសារពេលនោះស្ងាត់ ហើយជាពេលដែលខ្ញុំមានកង្វល់ចាក់ស្រែះរកផ្លូវចេញមិនរួច។ ការអធិដ្ឋាននិងការអានគម្ពីរជួយខ្ញុំឲ្យគេងលក់ស្រួល។ បទគម្ពីរដែលខ្ញុំចូលចិត្តជាងគេគឺភីលីព ៤:៦, ៧ ដែលថា‹កុំខ្វល់ចិត្តអំពីអ្វីឡើយ តែដោយអធិដ្ឋាន អង្វរសុំ ព្រមទាំងថ្លែងអំណរគុណ ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់។ ហើយសេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា›។ ខ្ញុំបានចំណាយពេលជាច្រើនយប់ដើម្បីអធិដ្ឋាន ហើយខ្ញុំមានអារម្មណ៍ថាសេចក្ដីសុខសាន្តរបស់ព្រះយេហូវ៉ាធ្វើឲ្យខ្ញុំធូរស្រាលក្នុងចិត្ត»។
ក្នុងសុន្ទរកថារបស់លោកយេស៊ូដែលបានត្រូវថ្លែងនៅលើភ្នំ ក៏មានសេចក្ដីអធិដ្ឋានដែរ។ ពាក្យក្នុងសេចក្ដីអធិដ្ឋាននោះពង្រឹងទំនុកចិត្តយើងថា ទោះជាយើងមានទុក្ខកង្វល់ណាក៏ដោយ ព្រះអាចជួយយើងបាន។ សេចក្ដីអធិដ្ឋាននោះគឺ«ព្រះដែលជាបិតារបស់អ្នករាល់គ្នាជ្រាបពីអ្វីដែលអ្នកត្រូវការ មុនអ្នកសុំទៅទៀត»។ (ម៉ាថាយ ៦:៨) យើងពិតជាត្រូវសុំជំនួយពីលោក។ ដូច្នេះ សេចក្ដីអធិដ្ឋានជាវិធីដ៏សំខាន់បំផុត ដើម្បីយើងអាច«ចូលទៅជិតព្រះ»។ បើយើងអធិដ្ឋាន តើនាំឲ្យមានលទ្ធផលយ៉ាងណា? ‹លោកនឹងចូលមកជិតយើង›។—យ៉ាកុប ៤:៨
ដូច្នេះ សេចក្ដីអធិដ្ឋានមិនគ្រាន់តែជាការប្រាប់កង្វល់អស់ពីចិត្ត ដើម្បីឲ្យយើងមានអារម្មណ៍ធូរស្រាលប៉ុណ្ណោះទេ តែសេចក្ដីអធិដ្ឋានក៏ជាវិធីដែលយើងចូលទៅជិតព្រះដែរ។ ព្រះយេហូវ៉ាជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន» ហើយលោកក៏ចាត់វិធានការដែរ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកដែលស្វែងរកលោកដោយមានជំនឿលើលោក។ (ទំនុកតម្កើង ៦៥:២) នេះជាមូលហេតុដែលលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យ«អធិដ្ឋានជានិច្ច ហើយមិនរសាយចិត្ត»។ (លូកា ១៨:១) យើងត្រូវបន្តសុំឥតឈប់នូវការណែនាំនិងជំនួយពីព្រះ ដោយមានទំនុកចិត្តថាលោកនឹងផ្ដល់រង្វាន់ដល់យើង ព្រោះយើងបង្ហាញជំនឿលើលោក។ យើងជឿជាក់ថាលោកពិតជាចង់ជួយយើង ហើយលោកពិតជាមានសមត្ថភាពជួយយើង។ ដោយ«អធិដ្ឋានឥតឈប់» យើងបង្ហាញថាយើងមានជំនឿពិតប្រាកដ។—ថែស្សាឡូនិចទី១ ៥:១៧
តើការជឿលើព្រះមានន័យដូចម្ដេច?
តើការជឿលើព្រះមានន័យដូចម្ដេច? នោះគឺទាក់ទងនឹងការរៀនឲ្យ«ស្គាល់»ថា តើព្រះជាបុគ្គលបែបណា។ (យ៉ូហាន ១៧:៣) ដំបូង យើងទទួលយកគំនិតរបស់ព្រះតាមរយៈគម្ពីរបរិសុទ្ធ។ ពេលយើងរៀនគម្ពីរ យើងដឹងថាលោកឃើញយើងម្នាក់ៗ ហើយលោកចង់ជួយយើង។ ប៉ុន្តែ ជំនឿទៅលើព្រះមិនគ្រាន់តែជាការស្គាល់អ្វីៗអំពីព្រះប៉ុណ្ណោះទេ។ នេះក៏ទាក់ទងនឹងការមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងលោកដែរ។ ដូចចំណងមិត្តភាពជាមួយនឹងមនុស្សដែរ យើងមិនអាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងនរណាម្នាក់ក្នុងរយៈពេលមួយយប់បានទេ។ ជំនឿរបស់យើងនឹង«ចម្រើនឡើង» កាលដែលយើងរៀនកាន់តែច្រើនអំពីលោក «ធ្វើអ្វីដែលលោកពេញចិត្ត» ហើយទទួលជំនួយពីលោក។ (កូរិនថូសទី២ ១០:១៥; យ៉ូហាន ៨:២៩) ជំនឿបែបនេះជួយជេនណិត ពេលគាត់មានកង្វល់។
ជេនណិតបាននិយាយបន្តថា៖ «អ្វីដែលបានពង្រឹងជំនឿរបស់ខ្ញុំ គឺខ្ញុំបានឃើញថាព្រះយេហូវ៉ាតែងតែជួយខ្ញុំរហូត។ ច្រើនដងខ្ញុំនិងកូនៗបានរងភាពអយុត្ដិធម៌ដែលមើលទៅដូចជាមិនអាចស៊ូទ្រាំបានទេ។ ប៉ុន្តែ ដោយអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាម្ដងហើយម្ដងទៀត ខ្ញុំបានឃើញថា លោកតែងតែរៀបចំផ្លូវចេញឲ្យខ្ញុំនិងកូនៗ។ នោះជាផ្លូវចេញដែលខ្ញុំមិនអាចគិតឃើញដោយខ្លួនឯងបានឡើយ។ ពេលខ្ញុំអធិដ្ឋានអរគុណលោក នោះរំលឹកខ្ញុំអំពីអ្វីជាច្រើនដែលលោកបានធ្វើសម្រាប់ខ្ញុំ។ លោកតែងតែជួយយើងនៅពេលត្រឹមត្រូវ ហើយជាច្រើនដង លោកបានជួយយើងនៅចំពេលតែម្ដង។ បន្ថែមទៅទៀត លោកបានឲ្យខ្ញុំនូវមិត្តភក្ដិល្អៗដែលជាគ្រិស្តសាសនិកពិត។ ពួកគាត់បានជួយខ្ញុំគ្រប់ពេលដែលខ្ញុំត្រូវការជំនួយ ហើយពួកគាត់ជាគំរូល្អដល់កូនៗខ្ញុំ»។a
ជេនណិតប្រាប់បន្តទៀតថា៖ «ខ្ញុំដឹងមូលហេតុព្រះមានប្រសាសន៍ក្នុងម៉ាឡាគី ២:១៦ ដែលថា លោក‹ស្អប់ការលះលែងគ្នាណាស់›។ សម្រាប់គូអាពាហ៍ពិពាហ៍ដែលគ្មានកំហុស ការក្បត់នោះពិតជាធ្វើឲ្យឈឺចាប់បំផុត។ ច្រើនឆ្នាំកន្លងទៅហើយតាំងពីប្ដីខ្ញុំបានចុះចោលខ្ញុំ ទោះជាយ៉ាងនោះក៏ដោយ ពេលខ្លះខ្ញុំមានអារម្មណ៍កណ្ដោចកណ្ដែង។ ពេលខ្ញុំមានអារម្មណ៍ដូចនោះ ខ្ញុំខំធ្វើអ្វីមួយដើម្បីជួយអ្នកឯទៀត ហើយការធ្វើដូច្នោះតែងតែជួយខ្ញុំឲ្យសប្បាយចិត្ត»។ ដោយសារជេនណិតបានធ្វើតាមគោលការណ៍គម្ពីរដែលបញ្ជាក់ថា កុំឲ្យញែកខ្លួនចេញពីអ្នកដទៃ នោះបានជួយកាត់បន្ថយកង្វល់របស់គាត់។—សុភាសិត ១៨:១
ព្រះជា«ឪពុកដល់ពួកកំព្រា នឹងជាចៅក្រមដល់ពួកមេម៉ាយ»។—ទំនុកតម្កើង ៦៨:៥
ជេនណិតបានរៀបរាប់ថា៖ «អ្វីដែលសម្រាលទុក្ខខ្ញុំខ្លាំងបំផុត គឺការដឹងថាព្រះជា‹ឪពុកដល់ពួកកំព្រា នឹងជាចៅក្រមដល់ពួកមេម៉ាយ›។ ដូច្នេះ លោកនឹងមិនបោះបង់ចោលខ្ញុំនិងកូនៗ ដូចដែលប្ដីរបស់ខ្ញុំបានធ្វើនោះទេ»។ (ទំនុកតម្កើង ៦៨:៥) ជេនណិតដឹងថាព្រះមិនល្បងលយើង«ដោយសេចក្ដីអាក្រក់»ឡើយ។ ផ្ទុយទៅវិញ លោកផ្ដល់ប្រាជ្ញា«ដោយចិត្តទូលាយដល់មនុស្សទាំងអស់» ព្រមទាំងឲ្យយើងនូវ«ឫទ្ធានុភាពដែលលើសពីធម្មតា» ពេលយើងមានកង្វល់។—យ៉ាកុប ១:៥, ១៣; កូរិនថូសទី២ ៤:៧
ចុះបើយើងមានកង្វល់ដោយសារជីវិតយើងជួបនឹងគ្រោះថ្នាក់នោះ?
a សូមមើលកូរិនថូសទី១ ១០:១៣; ហេប្រឺ ៤:១៦។