ចូរចែកឲ្យអ្នកឯទៀត តាមសេចក្ដីត្រូវការរបស់ពួកគេ
១ យើងស្រេកឃ្លានចំពោះការណែនាំពីព្រះ។ ដើម្បីបំពេញសេចក្ដីត្រូវការនោះ ព្រះយេហូវ៉ាផ្ដល់អ្វីៗជាច្រើនសម្រាប់យើង តាមរយៈ«ខ្ញុំបម្រើ»ដ៏ស្មោះត្រង់។ (ម៉ាថ. ២៤:៤៥-៤៧) របស់ទាំងនោះមានដូចជា គម្ពីរ សៀវភៅផ្សេងៗ និងស៊ីឌីជាដើម។ អ្វីៗដែលព្រះយេហូវ៉ាផ្ដល់ឲ្យគឺតែងល្មមគ្រប់គ្រាន់ មិនដែលខាតបង់ទេ។ លោកតម្រូវឲ្យយើងចេះចែកគ្នាទៅវិញទៅមក ដើម្បីឲ្យគ្រប់គ្នាបានទទួលប្រយោជន៍ស្មើគ្នា។
២ អ្វីៗទាំងនោះត្រូវបានរៀបចំឡើង ដោយចំណាយថវិកាច្រើនណាស់។ បងប្អូននៅទូទាំងពិភពលោកជាអ្នកផ្ដល់ឲ្យថវិកាទាំងអស់នេះ។ ជាពិសេសតាំងពីអង្គការរបស់ព្រះចាប់ផ្ដើមចែកចាយសៀវភៅផ្សេងៗដោយឥតគិតថ្លៃនោះ ចំណាយដែលត្រូវទូទាត់គឺពឹងទៅលើវិភាគទានរបស់បងប្អូនទាំងស្រុង។
៣ របៀបដែលយើងអាចជួយ: យើងអាចធ្វើតាមការដាស់តឿនរបស់ប៉ូលដោយចែកឲ្យអ្នកឯទៀត«តាមសេចក្ដីត្រូវការរបស់ពួកគាត់»។ (រ៉ូម ១២:១៣) ពេលដែលយើងដាក់វិភាគទានសម្រាប់កិច្ចការទូទាំងពិភពលោក យើងកំពុងចែកអ្វីដែលយើងមានជាមួយនឹងបងប្អូននៅជុំវិញផែនដី។ ដោយដឹងអំពីនេះ បងប្អូនខ្លះបានសម្រេចចិត្តលៃទុកលុយមួយចំនួនរៀងរាល់ខែ ដើម្បីផ្ដល់ជាវិភាគទានសម្រាប់កិច្ចការទូទាំងពិភពលោក ដូចអ្វីដែលពួកគាត់ធ្វើសម្រាប់ចំណាយទៅលើសាលប្រជុំដែរ។ ពួកគេទទួលស្គាល់ថាលុយទាំងអស់នេះគឺមិនគ្រាន់តែដើម្បីបោះពុម្ពសៀវភៅផ្សេងៗប៉ុណ្ណោះទេ តែគឺសម្រាប់គ្រប់ផ្នែកទាំងអស់នៃកិច្ចបម្រើព្រះ។ ចូរគិតអំពីប្រយោជន៍ជាច្រើនដែលបងប្អូនយើងទូទាំងផែនដីនឹងទទួល បើច្រើននាក់ទៀតចូលរួមផ្ដល់ជាវិភាគទានជាទៀងទាត់នោះ។
៤ របៀបមួយទៀតដែលយើងអាចចែកឲ្យអ្នកឯទៀតគឺ យើងមិនកុម្ម៉ង់សៀវភៅដែលយើងមានហើយនោះទេ។ បើយើងកុម្ម៉ង់តែអ្វីដែលយើងពិតជាត្រូវការ នេះអនុញ្ញាតឲ្យបងប្អូនយើងនៅកន្លែងផ្សេងៗទទួលសៀវភៅដែលពួកគាត់ត្រូវការ ដើម្បីរក្សាភាពមាំមួន និងដើម្បីពង្រីកកិច្ចការផ្សព្វផ្សាយដំណឹងល្អនៅតំបន់ដែលពួកគាត់រស់នៅ។—ហេ. ១៣:១៦
៥ យើងគួរចងចាំអំពីចំណុចនេះ មុនពេលដែលយើងកុម្ម៉ង់របស់អ្វីដែលអង្គការយើងត្រូវចំណាយថវិកាច្រើនដើម្បីផលិត ដូចជាស៊ីឌីជាដើម។ ជាជាងកុម្ម៉ង់របស់ទាំងនេះសម្រាប់សមាជិកម្នាក់ៗក្នុងគ្រួសារ តើយើងអាចកុម្ម៉ង់តែមួយសម្រាប់ក្រុមគ្រួសារទាំងមូលបានទេ? ប្រសិនបើយើងកាត់បន្ថយនូវអ្វីដែលយើងកុម្ម៉ង់ នេះនឹងអនុញ្ញាតឲ្យអ្នកឯទៀតទទួលបានរបស់ល្អៗនេះដូចយើងដែរ។—ភី. ២:៤
៦ តម្លៃសៀវភៅដែលយើងចែកក្នុងកិច្ចបម្រើផ្សាយ អាចទូទាត់ដោយវិភាគទានដែលយើងដាក់នៅសាលប្រជុំសម្រាប់កិច្ចការទូទាំងពិភពលោក ហើយដោយវិភាគទានពីពួកអ្នកចាប់អារម្មណ៍ដែលទទួលសៀវភៅនោះ។ ប៉ុន្តែ ចំណែកតម្លៃនៃអ្វីៗដែលយើងកុម្ម៉ង់សម្រាប់ខ្លួនយើង គឺទូទាត់ដោយវិភាគទានរបស់យើងផ្ទាល់។ ដោយយល់ចំណុចនោះ អ្នកផ្សាយជាច្រើនប៉ាន់ប្រមាណថា អ្វីៗដែលពួកគាត់កុម្ម៉ង់នោះប្រហែលជាថ្លៃប៉ុន្មាន ប្រសិនបើទិញខាងក្រៅវិញ រួចមកពួកគាត់ដាក់ជាវិភាគទានតាមលទ្ធភាពរបស់ពួកគាត់។ ទោះជាយើងដាក់វិភាគទានតិចឬច្រើនប៉ុណ្ណាក្ដី គឺគប្បីឲ្យយើងដាក់វិភាគទាន ដើម្បីបង្ហាញការដឹងគុណព្រះយេហូវ៉ាដោយសារលោកមានចិត្តទូលាយ ផ្គត់ផ្គង់នូវអ្វីៗជាច្រើនសម្រាប់យើង។
៧ លោកយេស៊ូបានប្រកាសថាពួកអ្នកដែលកាន់តាមលោកពិតប្រាកដ នឹងបានត្រូវសម្គាល់យ៉ាងច្បាស់ដោយពួកគេស្រឡាញ់គ្នាទៅវិញទៅមក។ (យ៉ូន. ១៣:៣៤, ៣៥) បើយើងចេះឲ្យដោយចិត្តទូលាយ ហើយចេះចែកឲ្យអ្នកឯទៀតតាមសេចក្ដីត្រូវការរបស់ពួកគេ ដោយមិនគិតប្រយោជន៍ខ្លួន នោះជាវិធីល្អប្រសើរដែលយើងបញ្ជាក់ថា យើងជាគ្រិស្តសាសនិកពិត។