បង្រៀនអ្នកដទៃពីអ្វីដែលព្រះតម្រូវ
១ នៅមានមនុស្សជាច្រើនដែលមិនទាន់បាន«ឮព្រះបន្ទូលនៃព្រះយេហូវ៉ា»នៅឡើយ។ (អេម៉ុស ៨:១១) មនុស្សខ្លះជឿថាមានព្រះ តែគេមិនដឹងពីគោលបំណងនិងសេចក្ដីតម្រូវទាំងឡាយរបស់ទ្រង់ទេ។ ដូច្នេះហើយ មានការចាំបាច់ឲ្យយើងបង្រៀនពួកគេអំពីសេចក្ដីពិតនៃព្រះរាជាណាចក្រដែលសង្គ្រោះជីវិត។ ដោយប្រដាប់ខ្លួនយ៉ាងត្រឹមត្រូវ ហើយដោយសុខចិត្តធ្វើបន្ទាល់ក្នុងគ្រប់ឱកាស យើងអាចរកឃើញអស់អ្នកដែលចង់រៀនពីអ្វីដែលព្រះយេហូវ៉ាតម្រូវ។
២ ក្នុងកំឡុងខែមេសានិងឧសភា យើងនឹងមានទស្សនាវដ្ដី ប៉មយាម និង ភ្ញាក់រឭក ដែលផ្សាយចេញត្រឹមត្រូវពេលវេលា សំរាប់ចែកចាយ។ ក្រៅពីនេះទៀត ជាលើកទីមួយ យើងនឹងមានសៀវភៅស្តើងមួយ តើព្រះតម្រូវអ្វីពីយើង? សៀវភៅស្តើងនេះនឹងទាក់ទាញចាប់អារម្មណ៍ជាងគេ ពីព្រោះវាមានរូបភាពដ៏គួរគយគន់និងសំនួរដែលធ្វើឲ្យគិត។ នៅខាងក្រោមនេះជាយោបល់ខ្លះៗសំរាប់ជួយយើងក្នុងការប្រើប្រកាសនវត្ថុដ៏ប្រសើរនេះ ដើម្បីឲ្យបានលទ្ធផលល្អ។
៣ ការស្វែងរកមនុស្ស៖ ក្នុងតំបន់ដែលមនុស្សជាច្រើនមិននៅផ្ទះ ក្នុងពេលយើងផ្សាយពីផ្ទះមួយទៅផ្ទះមួយ នេះសឲ្យឃើញថាមានប្រយោជន៍បើរកមនុស្សនិងនិយាយជាមួយពួកគេនៅទីណាដែលរកគេឃើញ។ ទំព័របន្ថែមនៃកិច្ចបំរើព្រះរាជាណាចក្រយើង ខែកញ្ញា ១៩៩៦ បានលើកទឹកចិត្តយើងឲ្យផ្សាយដំណឹងល្អគ្រប់កន្លែង—គឺនៅតាមផ្លូវ តាមយានសាធារណៈ តាមសួនច្បារ តាមចំណតឡាន និងតាមទីពាណិជ្ជកម្ម។ ហើយក៏ធ្វើឲ្យយើងដឹងនូវសេចក្ដីត្រូវការបង្កើតឱកាសផ្សេងៗសំរាប់ផ្សាយក្រៅផ្លូវការដែរ។ ឧទាហរណ៍អំពីរឿងនេះ បងស្រីត្រួសត្រាយម្នាក់បានទៅសួនសត្វ ហើយក៏បានយកទស្សនាវដ្ដីភ្ញាក់រឭក! ៨ សីហា ១៩៩៦ ជាច្រើនទៅជាមួយដែរ។ ទស្សនាវដ្ដីទាំងនេះមានចំណងជើងថា «សត្វជិតផុតពូជ—ហេតុអ្វីក៏ត្រូវខ្វល់ខ្វាយ»? ក្នុងរវាងមួយម៉ោង នាងបានចែកអស់៤០ក្បាលដល់ពួកអ្នកស្រឡាញ់សត្វ! តើអ្នកមានបានទទួលការជោគជ័យណាខ្លះហើយចំពោះការផ្សាយដំណឹងល្អគ្រប់កន្លែង។ ទស្សនាវដ្ដីប៉មយាម ភ្ញាក់រឭក! និងសៀវភៅតម្រូវ ជាឧបករណ៍ល្អពិសេសសំរាប់ការធ្វើបន្ទាល់គ្រប់ប្រភេទ ពីព្រោះក្នុងនោះមានពត៌មានដែលមានឥទ្ធិពលលើជីវិតមនុស្ស ហើយដែលរំជើបរំជួលគំនិត។
៤ ការចាប់ផ្ដើមសន្ទនា៖ នៅទំព័រចុងក្រោយបង្អស់នៃកិច្ចបំរើព្រះរាជាណាចក្រយើង ខែតុលា ១៩៩៦ ពន្យល់ប្រាប់ពីរបៀបរៀបចំការសម្ដែងរបស់អ្នកសំរាប់ទស្សនាវដ្ដីប៉មយាម និង ភ្ញាក់រឭក! យោបល់ដដែលនេះក៏អាចប្រើបានល្អដែរនៅពេលរៀបចំការសម្ដែងរបស់អ្នកសំរាប់សៀវភៅតម្រូវ។ យើងគួរតែនិយាយតែពីរបីប្រយោគ ឬខ្លីល្មមនឹងអានបទគម្ពីរខ្លះ។ ការរើសពាក្យផ្ដើមឲ្យបានត្រឹមត្រូវជាការសំខាន់ណាស់ ពីព្រោះនេះអាចឲ្យដឹងថាតើបុគ្គលដែលយើងនិយាយជាមួយ នឹងបន្តស្ដាប់យើងទៀតឬយ៉ាងណា។ អ្នកខ្លះបានទទួលការជោគជ័យច្រើនដោយបានប្រើពាក្យផ្ដើមដូចនេះ៖ «ខ្ញុំបានអានអត្ថបទមួយដែលកំឡារចិត្តខ្ញុំណាស់ ហើយខ្ញុំចង់ជំរាបប្រាប់អ្នកអំពីអត្ថបទនេះដែរ»។ ឬ យើងអាចប្រើសំនួរទាក់អារម្មណ៍ ដើម្បីទាក់ទាញអ្នកឯទៀតឲ្យធ្វើសន្ទនាជាមួយយើង។
៥ បើសិនជាសមត្រឹមត្រូវក្នុងតំបន់របស់អ្នក អ្នកអាចសាកសួរសំនួរដូចតទៅនេះក្នុងការសម្ដែងរបស់អ្នកក្នុងខែនេះ៖
◼ «នៅសព្វថ្ងៃនេះ យើងឃើញមានការគូសតាពិសតាពាសលើជញ្ជាំង សំរាម និងការកខ្វក់ជាច្រើន។ តើយើងត្រូវធ្វើអ្វីដើម្បីសំអាតផែនដីឲ្យបានល្អស្អាតសំរាប់រស់នៅ»? ទុកឲ្យឆ្លើយសិន រួចពន្យល់ថាអ្នកមានពត៌មានដែលឲ្យដឹងពីរបៀបនិងពីពេលវេលា ដែលផែនដីនឹងក្លាយទៅជាសួនពេញពិភពលោក។ សូមបញ្ចេញវាចាចំៗ ប្រើខគម្ពីរណាមួយ ហើយបង្ហាញរូបដែលមានពណ៌ឆើតឆាយពីទស្សនាវដ្ដីថ្មីៗ បន្ទាប់មក សូមប្រគល់ទៅបុគ្គលនោះឲ្យគាត់ទុកអាន។ សូមប្រាប់គាត់ពីវិភាគទានសំរាប់ជួយទប់ទល់តម្លៃបោះពុម្ពនិងក្រដាស។ មុនអ្នកបញ្ចប់ការសន្ទនា សូមចាត់ចែងបន្តការសន្ទនានេះនៅពេលក្រោយទៀត។
◼ «តើអ្នកគិតថាព្រះចង់ឲ្យមនុស្សយើងរស់នៅក្នុងលោកដែលពោរពេញទៅដោយបញ្ហាជាច្រើន ដែលយើងជួបប្រទះនៅសព្វថ្ងៃនេះទេ»? បន្ទាប់ពីបុគ្គលនោះឆ្លើយហើយ អ្នកអាចនិយាយថា៖ «អ្នកប្រហែលជាដឹងពីការអធិស្ឋានដែលព្រះយេស៊ូបង្រៀនសិស្សទ្រង់ឲ្យអធិស្ឋាន សូមឲ្យព្រះរាជាណាចក្ររបស់ព្រះមកដល់។ តើអ្នកដឹងថាព្រះរាជាណាចក្ររបស់ព្រះជាអ្វីទេ»? សូមបើកទៅមេរៀនទី៦ ក្នុងសៀវភៅតម្រូវ រួចអានសំនួរដែលដាក់នៅពីដើមមេរៀន។ បន្ទាប់ពីអ្នកអានវគ្គទីមួយហើយ សូមចង្អុលប្រាប់ចម្លើយសំរាប់សំនួរទីមួយ។ សូមពន្យល់ថាសំនួរទាំងប៉ុន្មានត្រូវបានឆ្លើយយ៉ាងចំៗដែរ។ សូមប្រគល់សៀវភៅស្តើងនេះទៅគេ ប្រាប់ពីវិភាគទានសំរាប់តម្លៃបោះពុម្ពនិងក្រដាស ហើយសូមណាត់ជួបម្ដងទៀតដើម្បីចែកចាយពត៌មានថែមទៀត។
◼ «មនុស្សជាច្រើនចាប់ផ្ដើមគិតថាសាសនានៃពិភពលោក ជាអ្នកបង្កបង្កើតបញ្ហាមនុស្សជាជាងដំណោះស្រាយ។ តើអ្នកគិតយ៉ាងណាដែរអំពីរឿងនេះ»? បន្ទាប់ពីបានស្ដាប់មតិរបស់អ្នកនោះហើយ សូមបង្ហាញអ្វីមួយពីទស្សនាវដ្ដីថ្មីៗដែលអាចចាប់អារម្មណ៍គាត់ ដែលស្តីអំពីបរាជ័យនៃសាសនាមិនពិត ឬ សេចក្ដីហិនវិនាសរបស់វាជិតមកដល់។ សួរគាត់ក្រែងលោគាត់ចង់អាន។ សូមកត់ឈ្មោះគាត់ទុក ហើយសូមសុំជួបម្ដងទៀត ដើម្បីឲ្យអ្នកអាចពន្យល់ពីរបៀបដែលសាសនាពិតបានជួយមនុស្សលោក។
◼ «ដោយឃើញមានបញ្ហាជាច្រើនក្នុងគ្រួសារនៅសព្វថ្ងៃនេះ តើអ្នកមានដែលឆ្ងល់ថាអ្វីទៅជាកូនសោបើកឲ្យមានការសប្បាយក្នុងគ្រួសារទេ»? ចាំគេឆ្លើយសិន រួចសូមពន្យល់ថាក្នុងព្រះគម្ពីរ ព្រះសម្ដែងឲ្យឃើញកូនសោពិតដែលបើកឲ្យមានការសប្បាយក្នុងគ្រួសារ។ ប្រហែលអ្នកអាចអានអេសាយ ៤៨:១៧។ រួចសូមបើកទៅមេរៀនទី៨ ក្នុងសៀវភៅតម្រូវ ហើយសូមពន្យល់អំពីខគម្ពីរខ្លះៗកត់នៅទីនោះ ដែលផ្ដល់ឲ្យសេចក្ដីណែនាំដ៏អាចទុកចិត្តបាន សំរាប់សមាជិកម្នាក់ៗក្នុងគ្រួសារ។ សូមអានសំនួរទាំងប៉ុន្មាននៅពីដើមមេរៀននោះ។ សួរបើសិនជាអ្នកនោះចង់ដឹងអំពីចម្លើយ។ បើចង់ សូមប្រគល់សៀវភៅនោះឲ្យគាត់ ហើយសូមពន្យល់ប្រាប់ថាយើងទទួលយកវិភាគទានសំរាប់បង់ថ្លៃបោះពុម្ពនិងក្រដាស។ សូមសុំមកជួបពេលក្រោយទៀត ដើម្បីប្រាប់ពីសេចក្ដីណែនាំដ៏មានប្រយោជន៍ច្រើនទៀតក្នុងព្រះគម្ពីរ សំរាប់ឲ្យមានការសប្បាយក្នុងជីវភាពគ្រួសារ។
៦ ទំព័របន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែមីនា ១៩៩៧ បានលើកទឹកចិត្តយើងឲ្យខំក្លាហានឡើងក្នុងការទៅជួបគេម្ដងទៀត។ នេះបានអនុសាសន៍ឲ្យប្រើសៀវភៅស្តើងថ្មីៗសំរាប់ចាប់ផ្ដើមការសិក្សាព្រះគម្ពីរ បើមិនលើកទីមួយទេ ប្រហែលនៅពេលយើងត្រឡប់ទៅជួបគេវិញ។ សេចក្ដីត្រូវការធំបំផុតនៃមនុស្សលោកគឺត្រូវរៀនពីអ្វីដែលព្រះតម្រូវ រួចមកត្រូវធ្វើតាមសេចក្ដីនោះ។ (កូល៉ុស ១:៩, ១០) យើងនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់អ្នកដទៃក្នុងកំឡុងខែមេសានិងខែឧសភា បើសិនជាយើងអាចចាប់ផ្ដើមបង្រៀនពួកគេពីអ្វីៗដែលយើងដឹងអំពីសេចក្ដីតម្រូវរបស់ព្រះយេហូវ៉ាសំរាប់ជីវិត។—កូរិនថូសទី១ ៩:២៣