តើអ្នកមាន‹បន្លាមួយក្នុងសាច់ឈាម›ទេ?
១ យើងមានចិត្តយ៉ាងខ្នះខ្នែងក្នុងការបំពេញកិច្ចការរបស់យើង ដើម្បីផ្សាយដំណឹងល្អឲ្យអស់ពីសមត្ថភាព។ យ៉ាងណាក៏ដោយ មានបងប្រុសស្រីដ៏ជាទីស្រឡាញ់ជាច្រើន ដែលមានការពិបាកខាងផ្សាយឲ្យអស់ពីសមត្ថភាព ដោយព្រោះមានជម្ងឺធ្ងន់ ដែលធ្វើឲ្យមានការពិបាក ក្នុងការចង់ធ្វើឲ្យបានច្រើននោះ។ ពួកគេប្រហែលជាពិបាក ក្នុងការប្រឈមដោះស្រាយអារម្មណ៍នៃការធ្លាក់ទឹកចិត្ត ជាពិសេសពេលដែលគេឃើញអ្នកដទៃ អាចទៅផ្សាយយ៉ាងសកម្ម។—កូរិនថូសទី១ ៩:១៦
២ គំរូសំរាប់ធ្វើតាម: សាវ័កប៉ុលមានការប្រជែងជាមួយ ‹បន្លាមួយក្នុងសាច់ឈាម›។ គាត់បានអង្វរព្រះយេហូវ៉ាបីដង ដើម្បីឲ្យទ្រង់ដកយកឧបសគ្គដ៏ពិបាកចេញ ដែលគាត់បានចែងថា «ទេវតារបស់អារក្សសាតាំង» នោះឯងដែលតែងតែធ្វើឲ្យគាត់រងទុក្ខវេទនា។ ប៉ុន្តែ ប៉ុលខំតស៊ូទៅមុខក្នុងកិច្ចបំរើរបស់គាត់ជានិច្ច។ គាត់មិនអាណិតដល់ខ្លួនឯងទេ ឬក៏មិនក្លាយជាអ្នករអ៊ូរទាំដ៏មិនចេះឈប់នោះទេ។ គាត់បានផ្សាយអស់ពីសមត្ថភាពរបស់គាត់។ កូនសោនៃការជោគជ័យក្នុងការប្រឈមដោះស្រាយ គឺជាសេចក្ដីធានារ៉ាប់រងពីព្រះ៖ «ព្រះគុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាតដោយសេចក្ដីកំសោយ»។ សេចក្ដីទន់ខ្សោយរបស់ប៉ុលបានក្លាយទៅជាកម្លាំងវិញ ពេលដែលគាត់បានទទួលស្គាល់នូវស្ថានការណ៍របស់គាត់ ហើយទុកចិត្តលើព្រះយេហូវ៉ានិងវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យស៊ូទ្រាំ។—កូរិនថូសទី២ ១២:៧-១០
៣ របៀបដែលអ្នកអាចស៊ូទ្រាំបាន: តើគុណវិបត្ដិរបស់មនុស្សបង្អាក់យើងពីការបំរើព្រះឬ? ប្រសិនជាពិតមែននោះ សូមយកគំរូតាមប៉ុល។ សូម្បីតែជម្ងឺឬក៏ភាពពិការគ្មានថ្នាំព្យាបាលនៅក្នុងរបបលោកីយនេះក៏ដោយ អ្នកអាចទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា ដែលយល់នូវសេចក្ដីត្រូវការរបស់អ្នក ហើយនឹងផ្ដល់ឲ្យ«ឥទ្ធិឫទ្ធិដ៏លើសលប់»។ (កូរិនថូសទី២ ៤:៧) សូមឆ្លៀតយកប្រយោជន៍នូវជំនួយ ដែលមានតាមក្រុមជំនុំ ហើយមិនត្រូវញែកខ្លួនចេញពីអ្នកដទៃឡើយ។ (សុភាសិត ១៨:១) ប្រសិនបើអ្នកមានការពិបាកក្នុងការផ្សាយតាមផ្ទះ នោះសូមស្វែងរកផ្លូវដ៏មានប្រយោជន៍ ដើម្បីធ្វើបន្ទាល់ក្រៅវិធី ឬការធ្វើបន្ទាល់តាមទូរស័ព្ទ។
៤ ថ្វីបើមានបន្លាមួយក្នុងសាច់ឈាម ប្រហែលអាចបន្ថយអ្វីៗដែលអ្នកអាចធ្វើក្នុងកិច្ចបំរើ អ្នកមិនគួរគិតថា អ្នកគ្មានចំណែកក្នុងការផ្សាយនោះឲ្យសោះ។ ស្រដៀងនឹងប៉ុល អ្នកក៏អាច «ធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះ» ហើយធ្វើតាមតែកម្លាំងនិងកាលៈទេសៈដែលអាចធ្វើទៅបាន។ (កិច្ចការ ២០:២៤) កាលដែលអ្នកខំប្រឹងដ៏អស់ពីសមត្ថភាព ដើម្បីបំពេញមុខនាទីកិច្ចបំរើរបស់អ្នក សូមត្រូវដឹងថា ព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ។—ហេព្រើរ ៦:១០